ថ្ងៃអង្គារ ទី៩ ខែកញ្ញា
ស្ត្រីល្ងីល្ងើនិយាយឮៗ។ នាងគឺល្ងង់ខ្លៅ។—សុភ. ៩:១៣
ពួកអ្នកដែលឮការអញ្ជើញពី«ស្ត្រីល្ងីល្ងើ»ត្រូវធ្វើការសម្រេចចិត្តមួយថា តើពួកគេនឹងព្រមទទួលយកឬបដិសេធការអញ្ជើញនោះ? មានមូលហេតុល្អដែលយើងគួរជៀសវាងពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ «ស្ត្រីល្ងីល្ងើ»និយាយថា៖ «ទឹកដែលលួចពីគេ មានរសជាតិផ្អែមឆ្ងាញ់»។ (សុភ. ៩:១៧) តើអ្វីជា«ទឹកដែលលួចពីគេ»? គម្ពីរបានប្រដូចការរួមដំណេករវាងប្ដីនិងប្រពន្ធទៅនឹងទឹកដ៏ស្រស់ស្រាយ។ (សុភ. ៥:១៥-១៨) បុរសស្ត្រីដែលរៀបការស្របច្បាប់អាចអរសប្បាយក្នុងការរួមដំណេកជាមួយគ្នា។ ប៉ុន្តែ នេះគឺខុសគ្នាស្រឡះពី«ទឹកដែលលួចពីគេ»។ នេះប្រហែលជាសំដៅទៅលើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដែលជាអំពើដែលបានត្រូវហាមឃាត់។ ទង្វើបែបនេះច្រើនតែកើតឡើងក្នុងទីសម្ងាត់ ដូចជាចោរលួចក្នុងទីកំបាំង។ «ទឹកដែលលួចពីគេ»ប្រហែលជាមើលទៅមានរសជាតិផ្អែមឆ្ងាញ់ ជាពិសេសបើអ្នកប្រព្រឹត្តបែបនោះគិតថាគ្មានអ្នកណាដឹងអ្វីដែលពួកគេធ្វើ។ នេះជាការបញ្ឆោតដ៏សោកសៅមែន! ពីព្រោះព្រះយេហូវ៉ាឃើញអ្វីៗទាំងអស់។ គ្មានអ្វីណាល្វីងជូរចត់ជាងការបាត់បង់ការពេញចិត្តពីលោកទេ ដូច្នេះនេះមិន«ផ្អែម»ឡើយ។—១កូ. ៦:៩, ១០ w២៣.០៦ ទំ.២២ វ.៧-៩
ថ្ងៃពុធ ទី១០ ខែកញ្ញា
ប្រសិនបើខ្ញុំធ្វើដោយមិនស្ម័គ្រពីចិត្ត ខ្ញុំនៅតែត្រូវបំពេញភារកិច្ចនេះដែលព្រះបានផ្ញើនឹងខ្ញុំ។—១កូ. ៩:១៧
ចុះយ៉ាងណាបើអស់មួយរយៈពេល អ្នកមានអារម្មណ៍ថាការអធិដ្ឋានរបស់អ្នកគ្រាន់តែនិយាយរត់មាត់ ឬថាអ្នកមិនសូវមានអារម្មណ៍ក្នុងកិច្ចបម្រើផ្សាយ? សូមកុំសន្និដ្ឋានថាអ្នកបាត់បង់ឫទ្ធានុភាពពីព្រះយេហូវ៉ាឡើយ។ អ្នកជាមនុស្សមិនល្អឥតខ្ចោះ ហើយអារម្មណ៍របស់អ្នកអាចឡើងចុះ។ បើចិត្តខ្នះខ្នែងរបស់អ្នកចាប់ផ្ដើមរសាយទៅ សូមរំពឹងគិតអំពីគំរូរបស់សាវ័កប៉ូល។ ទោះជាគាត់ខំព្យាយាមយកតម្រាប់លោកយេស៊ូក្ដី គាត់ដឹងថាមានពេលខ្លះដែលគាត់មិនសូវមានចិត្តខ្នះខ្នែងធ្វើអ្វីដែលគាត់ត្រូវធ្វើ។ ប៉ូលតាំងចិត្តបំពេញកិច្ចបម្រើផ្សាយរបស់គាត់ ទោះជានៅពេលនោះគាត់មានអារម្មណ៍យ៉ាងណាក្ដី។ ស្រដៀងគ្នាដែរ សូមកុំធ្វើការសម្រេចចិត្តដោយផ្អែកតែទៅលើអារម្មណ៍របស់អ្នកប៉ុណ្ណោះឡើយ។ សូមតាំងចិត្តថាអ្នកនឹងធ្វើអ្វីដែលត្រឹមត្រូវ ទោះជាអ្នកមានអារម្មណ៍យ៉ាងណាក្ដី។ បើអ្នកបន្តធ្វើអ្វីដែលត្រឹមត្រូវ យូរៗទៅអារម្មណ៍របស់អ្នកប្រហែលជាផ្លាស់ប្ដូរ។—១កូ. ៩:១៦ w២៤.០៣ ទំ.១១-១២ វ.១២-១៣
ថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា
ចូរបង្ហាញឲ្យឃើញថាអ្នករាល់គ្នាស្រឡាញ់ពួកគាត់។—២កូ. ៨:២៤
យើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរបស់យើង ដោយទទួលស្វាគមន៍ពួកគេឲ្យចូលក្នុងក្រុមមិត្តភក្តិរបស់យើង។ (២កូ. ៦:១១-១៣) ក្នុងក្រុមជំនុំរបស់យើងជាច្រើននាក់មានបងប្អូនដែលមានប្រវត្តិខុសពីយើង និងដែលមានបុគ្គលិកលក្ខណៈផ្សេងៗ។ យើងអាចពង្រឹងសេចក្ដីស្រឡាញ់របស់យើងចំពោះពួកគេទាំងអស់គ្នា ដោយផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិរបស់ពួកគេ។ ពេលយើងរៀនឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះអ្នកឯទៀត យើងបង្ហាញថាយើងស្រឡាញ់ពួកគេ។ សេចក្ដីស្រឡាញ់នឹងសំខាន់ចាំបាច់ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ ពេលគ្រាទុក្ខវេទនានោះចាប់ផ្ដើម តើយើងនឹងទទួលការការពារនៅឯណា? សូមគិតអំពីអ្វីដែលព្រះយេហូវ៉ាបានណែនាំរាស្ត្រលោកឲ្យធ្វើ ពេលបាប៊ីឡូននៅសម័យបុរាណបានវាយប្រហារពួកគេ គឺថា៖ «ឱរាស្ត្រខ្ញុំអើយ! ចូរចូលទៅបន្ទប់ខាងក្នុង ហើយបិទទ្វារឲ្យជិតទៅ។ ចូរលាក់ខ្លួនមួយរយៈរហូតដល់កំហឹងខ្ញុំកន្លងផុតទៅ»។ (អេ. ២៦:២០) តាមមើលទៅយើងប្រហែលជានឹងត្រូវធ្វើតាមការណែនាំនេះក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ w២៣.០៧ ទំ.៦-៧ វ.១៤-១៦