បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • រឿងដ៏សំខាន់មួយ
    ទស្សនាវដ្ដីប៉មយាម: របៀបគម្ពីរបរិសុទ្ធបានត្រូវការពារ
    • ប្រធានបទ​នៃ​ក្រប | របៀប​គម្ពីរ​បរិសុទ្ធ​បាន​ត្រូវ​ការពារ

      រឿង​ដ៏​សំខាន់​មួយ

      បុរសម្នាក់កាន់គម្ពីរដោយមានចិត្តសង្ស័យ

      គ្មាន​សៀវភៅ​សាសនា​ណា​ដែល​ដូច​គម្ពីរ​នោះ​ឡើយ។ គ្មាន​សៀវភៅ​ណា​ដែល​អាច​ផ្លាស់​ប្ដូរ​ជំនឿ​របស់​មនុស្ស​ជា​ច្រើន​នាក់​ក្នុង​អំឡុង​ពេល​យ៉ាង​យូរ​ដូច្នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គ្មាន​សៀវភៅ​ណា​ដែល​បាន​ត្រូវ​គេ​ពិនិត្យ​យ៉ាង​ដិត​ដល់​ហើយ​ត្រូវ​បាន​គេ​រិះ​គន់​ច្រើន​ដូច​គម្ពីរ​ទេ។

      ជា​ឧទាហរណ៍ បណ្ឌិត​ខ្លះ​សង្ស័យ​ថា​គម្ពីរ​ដែល​យើង​មាន​នៅ​សម័យ​នេះ​គឺ​ខុស​គ្នា​ពី​ឯកសារ​ដើម។ សាស្ត្រាចារ្យ​ខាង​សាសនា​ម្នាក់​បាន​និយាយ​ថា​៖​«​យើង​មិន​អាច​ដឹង​ប្រាកដ​ទេ​ថា​យើង​បាន​បក​ប្រែ​ឯកសារ​ដើម​ដោយ​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា​»។ គាត់​បាន​បន្ថែម​ទៀត​ថា​៖​«​យើង​មាន​តែ​ឯកសារ​ចម្លង​ដែល​ពោរ​ពេញ​ទៅ​ដោយ​កំហុស និង​បាន​ត្រូវ​ចម្លង​ច្រើន​សតវត្សរ៍​ក្រោយ​ឯកសារ​ដើម​ហើយ​ខុស​គ្នា​ខ្លាំង​ណាស់​»។

      មនុស្ស​ឯ​ទៀត​សង្ស័យ​ទៅ​លើ​ភាព​ត្រឹម​ត្រូវ​នៃ​គម្ពីរ ដោយ​សារ​ពួក​គេ​មាន​ជំនឿ​លើ​សាសនា​ផ្សេង។ ជា​ឧទាហរណ៍ បុរស​ម្នាក់​ឈ្មោះ​ហ្វាយ​សូល​មាន​ក្រុម​គ្រួសារ​ដែល​មិន​កាន់​តាម​គ្រិស្ត​សាសនា ហើយ​ពួក​គេ​បាន​បង្រៀន​គាត់​ថា​គម្ពីរ​ជា​សៀវភៅ​បរិសុទ្ធ​មែន តែ​គម្ពីរ​បាន​ត្រូវ​កែ​ច្នៃ។ គាត់​ថា​៖​«​ជា​លទ្ធផល ខ្ញុំ​សង្ស័យ​ខ្លាំង​ណាស់​ពេល​អ្នក​ឯ​ទៀត​ចង់​និយាយ​អំពី​គម្ពីរ​ជា​មួយ​ខ្ញុំ ព្រោះ​ពួក​គេ​មិន​មាន​គម្ពីរ​ដើម​ទេ។ គម្ពីរ​ដែល​គេ​មាន​បាន​ត្រូវ​កែ​ច្នៃ​រួច​ទៅ​ហើយ!​»។

      តើ​សំខាន់​ទេ​បើ​គម្ពីរ​បាន​ត្រូវ​កែ​ឬ​ក៏​អត់? សូម​ពិចារណា​សំណួរ​ទាំង​នេះ: តើ​អ្នក​អាច​ទុក​ចិត្ត​សេចក្ដី​សន្យា​ដែល​មាន​ក្នុង​គម្ពីរ​អំពី​អនាគត​ទេ បើ​អ្នក​មិន​ប្រាកដ​ថា​សេចក្ដី​សន្យា​ទាំង​នោះ​គឺ​មាន​ក្នុង​ឯកសារ​ដើម? (​រ៉ូម ១៥:៤​) តើ​អ្នក​នឹង​ប្រើ​គោល​ការណ៍​គម្ពីរ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗ​អំពី​ការងារ ក្រុម​គ្រួសារ ឬ​ការ​គោរព​ប្រណិប័តន៍​ព្រះ​ទេ បើ​គម្ពីរ​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​ជា​ឯកសារ​ចម្លង​ដែល​ពោរ​ពេញ​ទៅ​ដោយ​កំហុស?

      ទោះ​ជា​យើង​លែង​មាន​គម្ពីរ​ដើម​ក៏​ដោយ យើង​អាច​ពិនិត្យ​មើល​ឯកសារ​ចម្លង​ពី​សម័យ​បុរាណ រួម​ទាំង​គម្ពីរ​រាប់​ពាន់​ដែល​បាន​ត្រូវ​ចម្លង​ពី​ឯកសារ​ដើម​ដែរ។ តើ​តាម​របៀប​ណា​ឯកសារ​គម្ពីរ​សម័យ​បុរាណ​ទាំង​នោះ​បាន​នៅ​គង់​វង្ស ទោះ​ជា​មាន​ការ​ពុក ការ​ប្រឆាំង និង​ការ​ព្យាយាម​កែ​ច្នៃ ក៏​ដោយ? តើ​តាម​របៀប​ណា​ការ​រក្សា​ឯកសារ​ដើម ឲ្យ​នៅ​គង់​វង្ស​ជួយ​ពង្រឹង​ទំនុក​ចិត្ត​អ្នក​ថា​គម្ពីរ​ដែល​អ្នក​មាន​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​ត្រឹម​ត្រូវ? សូម​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ នៅ​អត្ថបទ​បន្ត​បន្ទាប់​អំពី​ការ​រក្សា​គម្ពីរ​ឲ្យ​នៅ​គង់​វង្ស។

  • គម្ពីរនៅតែគង់វង្សទោះជាពុកក៏ដោយ
    ទស្សនាវដ្ដីប៉មយាម: របៀបគម្ពីរបរិសុទ្ធបានត្រូវការពារ
    • ប្រធានបទ​នៃ​ក្រប | របៀប​គម្ពីរ​បរិសុទ្ធ​បាន​ត្រូវ​ការពារ

      គម្ពីរ​នៅ​តែ​គង់​វង្ស​ទោះ​ជា​ពុក​ក៏​ដោយ

      ការគំរាមកំហែង: អ្នក​សរសេរ​គម្ពីរ​និង​អ្នក​ចម្លង​គម្ពីរ​បាន​ប្រើ​ក្រដាស​ដែល​ធ្វើ​ពី​ដើម​កក់​ម្យ៉ាង​និង​ក្រាំង​ស្បែក​ដើម្បី​សរសេរ​ឯកសារ។ (​ធីម៉ូថេទី២ ៤:១៣​) តើ​អ្វី​ទាំង​នោះ​អាច​នាំ​ឲ្យ​គម្ពីរ​ងាយ​នឹង​បាត់​បង់​យ៉ា​ង​ដូច​ម្ដេច?

      ក្រដាស​ដែល​ធ្វើ​ពី​ដើម​កក់​ងាយ​រហែក ហើរ​ពណ៌ និង​ឆាប់​ខូច។ បណ្ឌិត​ដែល​សិក្សា​ប្រវត្តិ​នៃ​ប្រទេស​អេស៊ីប​ឈ្មោះ​រីឆឺដ ផា​ឃិន​សិន និង​ស្ទេផាន ខ្វើក បាន​និយាយ​ថា​៖​«​នៅ​ទី​បំផុត ក្រដាស​ដែល​គេ​ធ្វើ​ពី​ដើម​កក់​អាច​ពុក​ខូច​អស់​រលីង។ ពេល​គេ​យក​ទុក​នៅ​កន្លែង​ណា​មួយ រមូរ​អាច​ដុះ​ផ្សិត ឬ​រលួយ​ដោយ​សារ​សើម ហើយ​សត្វ​ល្អិត​ស៊ី ជា​ពិសេស​កណ្ដៀរ​អាច​ស៊ី​រមូរ​នោះ​បើ​រមូរ​បាន​ត្រូវ​កប់​ក្នុង​ដី​»។ ក្រោយ​គេ​រក​ឃើញ​រមូរ​ខ្លះ គេ​បាន​ដាក់​វា​ក្រោម​ពន្លឺ​ថ្ងៃ​ខ្លាំង​ឬ​កន្លែង​ដែល​មាន​សំណើម ហើយ​នេះ​បាន​នាំ​ឲ្យ​រមូរ​នោះ​ខូច​ខាត​កាន់​តែ​លឿន។

      ក្រាំង​ស្បែក​អាច​ទុក​នៅ​យូរ​ជាង​ក្រដាស​ដែល​ធ្វើ​ពី​ដើម​កក់ ប៉ុន្តែ​វា​ក៏​ពុក​ដែរ​បើ​កាន់​វា​ដោយ​របៀប​មិន​ត្រឹម​ត្រូវ​ឬ​ដាក់​វា​នៅ​កន្លែង​ដែល​មាន​ពន្លឺ​ថ្ងៃ​ខ្លាំង​ពេក ត្រជាក់​ឬ​ក្ដៅ​ពេក ឬ​សើម។a សត្វ​ល្អិត​ក៏​ចូល​ចិត្ត​ស៊ី​ក្រាំង​ស្បែក​ដែរ។ នេះ​ជា​មូលហេតុ​ដែល​ឯកសារ​បុរាណ​មិន​បាន​គង់​វង្ស​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ដូច្នេះ បើ​គម្ពីរ​បាន​ត្រូវ​ពុក ហើយ​បាត់​បង់ នោះ​ដំណឹង​ដែល​មាន​ក្នុង​គម្ពីរ​ក៏​បាត់​បង់​ផង​ដែរ។

      របៀប​ដែល​គម្ពីរ​បាន​នៅ​គង់​វង្ស: ច្បាប់​នៃ​សាសន៍​អ៊ីស្រាអែល​តម្រូវ​ឲ្យ​ស្ដេច​ម្នាក់​ៗ​«​ចំ​ឡង​ក្រិត្យ​វិន័យ​តាម​គម្ពីរ...ទុក​ក្នុង​សៀវភៅ​សំ​រាប់​ខ្លួន​»​ ពោល​គឺ​សៀវភៅ​ប្រាំ​ក្បាល​ដំបូង​ក្នុង​គម្ពីរ។ (​ចោទិយកថា ១៧:១៨​) ម្យ៉ាង​ទៀត អ្នក​ជំនាញ​ខាង​ការ​ចម្លង​បាន​ចម្លង​គម្ពីរ​ច្រើន​ដល់​ម្ល៉េះ បាន​ជា​នៅ​សតវត្សរ៍​ទី​១ គ.ស. មាន​គម្ពីរ​នៅ​សាលា​ប្រជុំ​នៅ​ទូទាំង​ប្រទេស​អ៊ីស្រាអែល ហើយ​សូម្បី​តែ​នៅ​ម៉ាសេដូន​ដែល​ជា​តំបន់​ឆ្ងាយ​ពី​ប្រទេស​អ៊ីស្រាអែល​ក៏​មាន​ផង​ដែរ! (​លូកា ៤:១៦, ១៧; សកម្មភាព ១៧:១១​) តើ​ឯកសារ​ដើម​នៃ​គម្ពីរ​ចាស់​ៗ​ខ្លះ​បាន​នៅ​គង់​វង្ស​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

      ១. ថូដីឥដ្ឋ ២. ផ្នែកមួយនៃរមូរនៅសមុទ្រស្លាប់

      ឯកសារ​ដើម​នៃ​គម្ពីរ​ដែល​គេ​ហៅ​ថា​រមូរ​នៅ​សមុទ្រ​ស្លាប់ បាន​គង់​វង្ស​ជា​ច្រើន​សតវត្សរ៍​ក្នុង​ថូ​ដី​ឥដ្ឋ​ដែល​គេ​ទុក​ក្នុង​រូង​ភ្នំ​នៅ​តំបន់​ហួត​ហែង

      រូងភ្នំដែលគេបានរកឃើញឯកសារដើមនៃគម្ពីរ

      ហ្វីលីព ខាំ​ហ្វត​ដែល​ជា​បណ្ឌិត​នៃ​សញ្ញា​ថ្មី​ពន្យល់​ថា​៖​«​ជនជាតិ​យូដា​មាន​ទម្លាប់​ដាក់​រមូរ​គម្ពីរ​ក្នុង​ថូ​ឬ​ពាង​ដី​ឥដ្ឋ​ដើម្បី​ទុក​កុំ​ឲ្យ​ឆាប់​ខូច​»។ តាម​មើល​ទៅ​គ្រិស្ត​សាសនិក​បន្ត​ធ្វើ​តាម​ទម្លាប់​នេះ ហើយ​ជា​លទ្ធផល គេ​បាន​រក​ឃើញ​ឯកសារ​ដើម​នៃ​គម្ពីរ​ខ្លះ​ក្នុង​ថូ​ដី​ឥដ្ឋ បន្ទប់​តូច​ៗ រូង​ភ្នំ និង​នៅ​តំបន់​ហួត​ហែង។

      លទ្ធផល: គម្ពីរ​រាប់​ពាន់​ដែល​បាន​ត្រូវ​ចម្លង​ពី​ឯកសារ​ដើម ខ្លះ​មាន​អាយុ​ច្រើន​ជាង​២.០០០​ឆ្នាំ បាន​នៅ​គង់​វង្ស​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ គ្មាន​ឯកសារ​សម័យ​បុរាណ​ណា​ដែល​មាន​ឯកសារ​ចម្លង​ច្រើន និង​មាន​អាយុ​ច្រើន​ឆ្នាំ​ដូច​គម្ពីរ​នោះ​ទេ។

      a ជា​ឧទាហរណ៍ សេចក្ដី​ចម្លង​ផ្លូវ​ការ​នៃ​ការ​ប្រកាស​ឯករាជ្យ​របស់​សហរដ្ឋ​អាម៉េរិក​បាន​ត្រូវ​សរសេរ​លើ​ក្រាំង​ស្បែក។ ប៉ុន្តែ​តិច​ជាង​២៥០​ឆ្នាំ​ក្រោយ​មក ក្រាំង​ស្បែក​នោះ​បាន​ហើរ​ពណ៌ ហើយ​ធ្វើ​ឲ្យ​អក្សរ​ពិបាក​អាន​ដាច់។

  • គម្ពីរនៅតែគង់វង្សទោះជាមានការប្រឆាំងក៏ដោយ
    ទស្សនាវដ្ដីប៉មយាម: របៀបគម្ពីរបរិសុទ្ធបានត្រូវការពារ
    • ប្រធានបទ​នៃ​ក្រប | របៀប​គម្ពីរ​បរិសុទ្ធ​បាន​ត្រូវ​ការពារ

      គម្ពីរ​នៅ​តែ​គង់​វង្ស​ទោះ​ជា​មាន​ការ​ប្រឆាំង​ក៏​ដោយ

      ការ​គំរាម​កំហែង: អ្នក​នាំ​មុខ​ខាង​នយោបាយ​និង​ខាង​សាសនា​មាន​គោល​ដៅ​ដែល​ខុស​ពី​ដំណឹង​នៅ​ក្នុង​គម្ពីរ។ ជា​ច្រើន​ដង ពួក​គេ​បាន​ប្រើ​អំណាច​របស់​ពួក​គេ​ដើម្បី​បញ្ឈប់​មនុស្ស​មិន​ឲ្យ​មាន​គម្ពីរ បោះ​ពុម្ព ឬ​បក​ប្រែ​គម្ពីរ​ឡើយ។ សូម​ពិចារណា​ឧទាហរណ៍​ពីរ​៖

      • ប្រហែល​ឆ្នាំ​១៦៧ មុនគ.ស.: ស្ដេច​អាន់ទីយ៉ូកឹស អេភីផាន បាន​បញ្ជា​ឲ្យ​គេ​បំផ្លាញ​ចោល​បទ​គម្ពីរ​ភាសា​ហេប្រឺ​ទាំង​អស់ ដោយ​សារ​គាត់​ព្យាយាម​បង្ខំ​ឲ្យ​ជនជាតិ​យូដា​កាន់​តាម​សាសនា​របស់​ប្រទេស​ក្រិច។ ហែនរិច ហ្ក្រេត្ស ដែល​ជា​ប្រវត្តិ​វិទូ​ម្នាក់​ពន្យល់​ឲ្យ​ដឹង​ថា មន្ត្រី​របស់​ស្ដេច​«​បាន​ហែក​និង​ដុត​រមូរ​នៃ​គម្ពីរ​ដែល​ពួក​គេ​បាន​រក​ឃើញ ហើយ​សម្លាប់​ពួក​អ្នក​ដែល​ខំ​អាន​គម្ពីរ​តែ​ម្ដង​»។

      • ប្រហែល​៨០០​ឆ្នាំ​មុន: អ្នក​ដឹក​នាំ​ខ្លះ​នៃ​សាសនា​កាតូលិក​ខឹង​សមាជិក​ដោយ​សារ​ពួក​គេ​បាន​បង្រៀន​អ្វី​ៗ​ដែល​គម្ពីរ​បង្រៀន​ជា​ជាង​តាម​ជំនឿ​សាសនា​កាតូលិក។ ដូច្នេះ​ពួក​គេ​បាន​ចាត់​ទុក​អ្នក​ណា​ដែល​មាន​គម្ពីរ​ក្រៅ​ពី​សៀវភៅ​ទំនុក​តម្កើង​ជា​ភាសា​ឡាតាំង ថា​ជា​អ្នក​ប្រឆាំង។ ក្រុម​ប្រឹក្សា​មួយ​របស់​សាសនា​កាតូលិក​បាន​អនុម័ត​តាម​បង្គាប់​នោះ​ដោយ​ណែនាំ​ឲ្យ​សមាជិក​របស់​ពួក​គេ​«​ស្វែង​រក​អ្នក​ប្រឆាំង​ដោយ​មាន​ចិត្ត​ខ្នះ​ខ្នែង ចិត្ត​ស្មោះ និង​ដោយ​ឥត​ឈប់​ឈរ...ហើយ​ស៊ើប​អង្កេត​កន្លែង​ទាំង​អស់​ដែល​មនុស្ស​រស់​នៅ​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​ដែល​មាន​គម្ពីរ...ផ្ទះ​ណា​ដែល​គេ​រក​ឃើញ​អ្នក​ប្រឆាំង ផ្ទះ​នោះ​ត្រូវ​បំផ្លាញ​ចោល​តែ​ម្ដង​»។

      ប្រសិន​បើ​ពួក​សត្រូវ​ជោគ​ជ័យ​ក្នុង​ការ​បំផ្លាញ​ចោល​គម្ពីរ នោះ​ដំណឹង​ដែល​មាន​ក្នុង​គម្ពីរ​ក៏​នឹង​បាត់​បង់ទៅ​ដែរ។

      ទំព័រមួយពីសេចក្ដីបកប្រែគម្ពីរជាភាសាអង់គ្លេសរបស់វីល្លាម ធីនដេល

      ការ​បក​ប្រែ​គម្ពីរ​ជា​ភាសា​អង់គ្លេស​របស់​វីល្លាម ធីនដេល​នៅ​តែ​គង់​វង្ស​ទោះ​ជា​មាន​គេ​ដាក់​បម្រាម មាន​គេ​ដុត​ចោល និង​មាន​គេ​ប្រហារ​ជីវិត​គាត់​នៅ​ឆ្នាំ​១៥៣៦​ក៏​ដោយ

      របៀប​ដែល​គម្ពីរ​បាន​នៅ​គង់​វង្ស: ស្ដេច​អាន់ទីយ៉ូកឹស​បាន​ប្រមូល​អារម្មណ៍​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល តែ​ជនជាតិ​យូដា​បាន​ទៅ​រស់​នៅ​ប្រទេស​ជា​ច្រើន​ឯ​ទៀត។ តាម​ពិត បណ្ឌិត​គម្ពីរ​បាន​ប៉ាន់​ស្មានថា នៅ​សតវត្សរ៍​ទី​១ គ.ស. ច្រើន​ជាង​៦០​ភាគ​រយ​នៃ​ជនជាតិ​យូដា​រស់​នៅ​ក្រៅ​ប្រទេស​អ៊ីស្រាអែល។ នៅ​ក្នុង​ប្រទេស​ទាំង​នោះ ជនជាតិ​យូដា​បាន​រក្សា​ទុក​សេចក្ដី​ចម្លង​នៃ​គម្ពីរ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​គេ ហើយ​សេចក្ដី​ចម្លង​ទាំង​នេះ​បាន​ត្រូវ​ប្រើ​ដោយ​មនុស្ស​ជំនាន់​ក្រោយ រួម​ទាំង​គ្រិស្ត​សាសនិក​ផង​ដែរ។—សកម្មភាព ១៥:២១

      ក្នុង​អំឡុង​យុគ​សម័យ​កណ្ដាល​ឬ​ប្រហែល​៨០០​ឆ្នាំ​មុន អ្នក​ដែល​ស្រឡាញ់​គម្ពីរ​មាន​ចិត្ត​ក្លាហាន​ជួប​ការ​បៀត​បៀន ហើយ​បន្ត​បក​ប្រែ​និង​ចម្លង​គម្ពីរ។ មុន​គេ​បង្កើត​ម៉ាស៊ីន​បោះ​ពុម្ព​ដែល​អាច​រៀប​អក្សរ​បាន​ប្រហែល​ជា​នៅ​ឆ្នាំ​១៤៥០ ផ្នែក​ខ្លះ​ៗ​នៃ​គម្ពីរ​ប្រហែល​ជា​មាន​ក្នុង​៣៣​ភាសា​រួច​ទៅ​ហើយ។ ក្រោយ​មក គម្ពីរ​បាន​ត្រូវ​បក​ប្រែ​និង​បោះ​ពុម្ព​យ៉ាង​លឿង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

      លទ្ធផល: ទោះ​ជា​មាន​ការ​គំរាម​ដ៏​សាហាវ​ពី​ស្ដេច និង​បព្វជិត​ដែល​យល់​ច្រឡំ​ក៏​ដោយ គម្ពីរ​ជា​សៀវភៅ​ដែល​បាន​ត្រូវ​ចែក​ចាយ​និង​បក​ប្រែ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិ​សាស្ត្រ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រទេស​ខ្លះ​បាន​បង្កើត​ច្បាប់​ដែល​មាន​ក្នុង​គម្ពីរ ហើយ​សេចក្ដី​បក​ប្រែ​គម្ពីរ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ភាសា​ខ្លះ​ៗ និង​ជីវិត​របស់​មនុស្ស​រាប់​លាន​នាក់​ផង​ដែរ។

  • គម្ពីរនៅតែគង់វង្សទោះជាមានគេព្យាយាមកែច្នៃក៏ដោយ
    ទស្សនាវដ្ដីប៉មយាម: របៀបគម្ពីរបរិសុទ្ធបានត្រូវការពារ
    • អ្នកចម្លងគម្ពីរកំពុងកត់ចម្លង

      ពួក​ម៉ាសូរីត​ចម្លង​បទ​គម្ពីរ​យ៉ាង​ដិត​ដល់

      ប្រធានបទ​នៃ​ក្រប | របៀប​គម្ពីរ​បរិសុទ្ធ​បាន​ត្រូវ​ការពារ

      គម្ពីរ​នៅ​តែ​គង់​វង្ស​ទោះ​ជា​មាន​គេ​ព្យាយាម​កែ​ច្នៃ​ក៏​ដោយ

      ការ​គំរាម​កំហែង: ការ​ពុក​រលួយ​ឬ​ការ​ប្រឆាំង​មិន​បាន​បំផ្លាញ​គម្ពីរ​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​ចម្លង​និង​អ្នក​បក​ប្រែ​ខ្លះ​ព្យាយាម​កែ​ច្នៃ​ព័ត៌មាន​ក្នុង​គម្ពីរ។ ជួន​កាល ពួក​គេ​ព្យាយាម​ធ្វើ​ឲ្យ​គម្ពីរ​យល់​ស្រប​តាម​សេចក្ដី​បង្រៀន​របស់​ពួក​គេ ជា​ជាង​ធ្វើ​ឲ្យ​សេចក្ដី​បង្រៀន​របស់​ពួក​គេ​ស្រប​តាម​គម្ពីរ​ទៅ​វិញ។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​៖

      • កន្លែង​គោរព​ប្រណិប័តន៍: រវាង​សតវត្សរ៍​ទី​៤​ដល់​សតវត្សរ៍​ទី​២ មុន​គ.ស អ្នក​បក​ប្រែ​សៀវភៅ​ប្រាំ​ក្បាល​ដំបូង​នៃ​គម្ពីរ​ជា​ភាសា​សាម៉ារី​បាន​បន្ថែម​ឃ្លា​៖​«​នៅ​លើ​ភ្នំ​កេរិស៊ីម​គឺ​ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សង់​ទី​បូជា​»​ ក្រោយ​និក្ខមនំ ២០:១៧។ ជន​ជាតិ​សាម៉ារី​សង្ឃឹម​ថា​បទ​គម្ពីរ​គាំទ្រ​ការ​សាង​សង់​វិហារ​របស់​ពួក​គេ​នៅ​លើ​ភ្នំ​កេរិស៊ីម។

      • សេចក្ដី​បង្រៀន​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ: ប្រមាណ​៣០០​ឆ្នាំ​ក្រោយ​គម្ពីរ​បាន​ត្រូវ​សរសេរ​ចប់ អ្នក​ជឿ​លើ​សេចក្ដី​បង្រៀន​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ​បាន​បញ្ចូល​ពាក្យ​បន្ថែម​ក្នុង​យ៉ូហាន​ទី​១ ៥:៧​ដូច​ត​ទៅ​៖​«​នៅ​ស្ថាន​សួគ៌ គឺ​ជា​ព្រះ​វរបិតា​១ ព្រះ​បន្ទូល​១ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ​»។ ពាក្យ​ទាំង​នេះ​មិន​មាន​ក្នុង​ឯកសារ​ដើម​ទេ។ បណ្ឌិត​ខាង​គម្ពីរ​ប៊្រូស មិសហ្គឺ​កត់​សម្គាល់​ថា​៖​«​ចាប់​តាំង​ពី​សតវត្សរ៍​ទី​ប្រាំ​មួយ​មក ពាក្យ​ទាំង​នេះ​បាន​ត្រូវ​រួម​បញ្ចូល​ក្នុង​ឯកសារ​ឡាតាំង​បុរាណ និង​ឯកសារ​វ៉ុលកេត[ជា​ភាសា​ឡាតាំង]។

      • នាម​របស់​ព្រះ: ដោយ​ទទួល​ឥទ្ធិពល​ពី​ទំនៀម​ទម្លាប់​ជន​ជាតិ​យ៉ូដា អ្នក​បក​ប្រែ​គម្ពីរ​ជា​ច្រើន​សម្រេច​ចិត្ត​ដក​នាម​របស់​ព្រះ​ចេញ​ពី​បទ​គម្ពីរ។ ពួក​គេ​ជំនួស​នាម​របស់​ព្រះ​ដោយ​ឋានៈ​«​ព្រះ​»​ ឬ​«​ព្រះ​អម្ចាស់​»​ទៅ​វិញ ហើយ​ពាក្យ​ទាំង​នេះ​មិន​គ្រាន់​តែ​អាច​ទាក់​ទង​ទៅ​នឹង​អ្នក​បង្កើត​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​សំដៅ​ទៅ​លើ​មនុស្ស អ្វី​ណា​មួយ​ដែល​គេ​យក​មក​គោរព​ប្រណិប័តន៍ និង​សាថាន​ផង​ដែរ។—យ៉ូហាន ១០:៣៤, ៣៥; កូរិនថូស​ទី​១ ៨:៥, ៦; កូរិនថូស​ទី​២ ៤:៤a

      របៀប​ដែល​គម្ពីរ​បាន​នៅ​គង់​វង្ស: ទី​១ ទោះ​ជា​អ្នក​ចម្លង​គម្ពីរ​ខ្លះ​មិន​សូវ​យក​ចិត្ត​ដាក់​ឬ​មិន​ស្មោះ​ត្រង់​ក្ដី ប៉ុន្តែ​អ្នក​ខ្លះ​វិញ​ហ្មត់​ចត់​ហើយ​កត់​ចម្លង​ដោយ​ប៉ិន​ប្រសប់។ រវាង​សតវត្សរ៍​ទី​៦​ដល់​១០ គ.ស ពួក​ម៉ាសូរីត​បាន​ចម្លង​បទ​គម្ពីរ​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​ហៅ​ថា​ឯកសារ​ម៉ាសុរិត។ ពួក​គេ​បាន​រាប់​ពាក្យ​និង​អក្សរ​ដើម្បី​បញ្ជាក់​ថា​គ្មាន​កំហុស។ ពេល​ចម្លង ពួក​គេ​កត់​ចំណាំ​ក្នុង​ឯកសារ​ដើម​កន្លែង​ណា​ដែល​ពួក​គេ​គិត​ថា​មាន​កំហុស។ ពួក​ម៉ាសូរីត​បដិសេធ​មិន​កែ​ច្នៃ​គម្ពីរ​នោះ​ឡើយ។ សាស្ត្រាចារ្យ​ម៉ូសឺ កូសែន​គត់​ស្ទេន​សរសេរ​ថា​៖​«​ការ​ផ្លាស់​ប្ដូរ​ឯកសារ​គម្ពីរ​ដោយ​ចេតនា​គឺ​ជា​បទ​ឧក្រិដ្ឋ​ដ៏​អាក្រក់​បំផុត​សម្រាប់​ពួក​គេ​»។

      ទី​ពីរ ឯកសារ​នៃ​គម្ពីរ​ដែល​យើង​មាន​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​បាន​ជួយ​បណ្ឌិត​គម្ពីរ​រក​ឃើញ​កំហុស​ផ្សេង​ៗ។ ជា​ឧទាហរណ៍ អស់​រាប់​សតវត្សរ៍ អ្នក​ដឹក​នាំ​សាសនា​បាន​បង្រៀន​ថា​គម្ពីរ​ភាសា​ឡាតាំង​របស់​ពួក​គេ​មាន​ឯកសារ​ដើម​នៃ​គម្ពីរ។ ប៉ុន្តែ​នៅ​យ៉ូហាន​ទី​១ ៥:៧ ពួក​គេ​បាន​រួម​បញ្ចូល​ឃ្លា​ដូច​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។ កំហុស​នេះ​ក៏​មាន​នៅ​ក្នុង​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​ក្នុង​ភាសា​អង់គ្លេស​ដែល​ពេញ​និយម​ជាង​គេ​ដែរ! ប៉ុន្តែ តើ​ការ​រក​ឃើញ​នៃ​ឯកសារ​ដើម​ផ្សេង​ៗ​បាន​បង្ហាញ​អ្វី? ប៊្រូស មិសហ្គឺ​បាន​សរសេរ​ថា​៖​«​ឃ្លា​ដែល​បាន​ត្រូវ​បញ្ចូល[នៅ​យ៉ូហាន​ទី​១ ៥:៧​] មិន​បាន​រក​ឃើញ​ក្នុង​គម្ពីរ​ភាសា​បុរាណ​ទាំង​អស់​នោះ​ទេ (ដូច​ជា​ភាសា​ស៊ីរីអាក កូបធិក អាមេនី អេត្យូពី អារ៉ាប់ ស្លាវ៉ូនិក​) លើក​លែង​តែ​ភាសា​ឡាតាំង​ប៉ុណ្ណោះ​»។ ជា​លទ្ធផល កំណែ​ថ្មី​នៃ​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​និង​គម្ពីរ​ឯ​ទៀត​បាន​ដក​ឃ្លា​នោះ​ចេញ។

      ឆេសធឺ ប៊ីធី P៤៦ ឯកសារនៃគម្ពីរដែលធ្វើពីដើមកក់ប្រហែលជាពីឆ្នាំ២០០គ.ស.មក.

      ឆេសធឺ ប៊ីធី P​៤៦ ឯកសារ​នៃ​គម្ពីរ​ដែល​ធ្វើ​ពី​ដើម​កក់​ប្រហែល​ជា​ពី​ឆ្នាំ​២០០ ​គ.ស.​មក។

      តើ​ឯកសារ​បុរាណ​ផ្សេង​ៗ​បញ្ជាក់​ថា​ដំណឹង​ក្នុង​គម្ពីរ​បាន​ត្រូវ​រក្សា​ទុក​ឬ​ទេ? ពេល​ដែល​រមូរ​នៅ​សមុទ្រ​ស្លាប់​បាន​ត្រូវ​រក​ឃើញ​នៅ​ឆ្នាំ​១៩៤៧ បណ្ឌិត​គម្ពីរ​ឥឡូវ​អាច​ប្រៀប​ធៀប​ឯកសារ​ម៉ាសុរិត​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ​ជា​មួយ​នឹង​រមូរ​គម្ពីរ​ដែល​មើល​ទៅ​បាន​សរសេរ​ទុក​ជាង​រាប់​ពាន់​ឆ្នាំ​មុន។ សមាជិក​នៃ​ក្រុម​ពិនិត្យ​មើល​រមូរ​នៅ​សមុទ្រ​ស្លាប់​បាន​ប្រាប់​ថា​រមូរ​មួយ​«​អាច​ផ្ដល់​ភ័ស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន​ថា​ការ​ចម្លង​ឯកសារ​នៃ​គម្ពីរ​ដោយ​ដៃ​របស់​ជន​ជាតិ​យ៉ូដា​អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​នេះ​គឺ​ពិត​ជា​ត្រឹម​ត្រូវ​និង​ហ្មត់​ចត់​មែន​»។

      បណ្ណាល័យ​ឆេសធឺ​ ប៊ីធី​នៅ​ក្រុង​ឌុយប្លាំង ប្រទេស​អៀរឡង់​មាន​បណ្ដុំ​ក្រ​ដាស់​ដែល​ធ្វើ​ពី​ដើម​កក់​ម្យ៉ាង​នៃ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​សឹង​តែ​ទាំង​អស់។ បណ្ណាល័យ​នោះ​ក៏​មាន​ឯកសារ​គម្ពីរ​ផ្សេង​ៗ​ពី​សតវត្សរ៍​ទី​២ គ.ស.​ដែល​ទើប​តែ​បាន​ត្រូវ​ចម្លង​ជាង​១០០​ឆ្នាំ​ក្រោយ​គម្ពីរ​បាន​ត្រូវ​សរសេរ​ចប់។ វិច​នា​នុក្រម​ខាង​គម្ពីរ​មួយ(The Anchor Bible Dictionary) កត់​សម្គាល់​ថា​៖​«​ឯកសារ​ដែល​ធ្វើ​ពី​ដើម​កក់​មិន​ត្រឹម​តែ​បាន​ផ្ដល់​ព័ត៌មាន​ថ្មី​ៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​បង្ហាញ​ដែរ​ថា​សេចក្ដី​ចម្លង​នៃ​គម្ពីរ​គឺ​តែង​តែ​ត្រឹម​ត្រូវ​»។

      ​«​យើង​អាច​និយាយ​ប្រាកដ​ថា​គ្មាន​សៀ​ភៅ​បុរាណ​ណា​ដែល​បាន​ត្រូវ​ចម្លង​យ៉ាង​ត្រឹម​ត្រូវ​ដូច​គម្ពីរ​នោះ​ទេ​»។

      លទ្ធផល: ជា​ជាង​ធ្វើ​ឲ្យ​បាត់​បង់​ដំណឹង​នៃ​គម្ពីរ ឯកសារ​គម្ពីរ​បុរាណ​ដ៏​សន្ធឹក​ដែល​បាន​ត្រូវ​រក​ឃើញ​បាន​ធ្វើ​ឲ្យ​ដំណឹង​នោះ​កាន់​តែ​ច្បាស់​ទៅ​វិញ។ លោក​ហ្វ្រេដេរិក ខេនយ៉ន់​បាន​សរសេរ​អំពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ថា​៖​«​គ្មាន​សៀ​ភៅ​បុរាណ​ណា​មួយ​ដែល​មាន​ឯកសារ​ជា​ច្រើន​ដែល​បាន​ត្រូវ​ចម្លង​តាំង​ពី​យូរ​ដូច្នេះ​ទេ។ គ្មាន​បណ្ឌិត​មិន​លម្អៀង​ណា​ម្នាក់​ដែល​នឹង​បដិសេធ​ថា​គម្ពីរ​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ​គឺ​ត្រឹម​ត្រូវ​ឡើយ​»។ បន្ថែម​ទៅ​ទៀត បណ្ឌិត​គម្ពីរ​វីល្លាម ហេនរី ហ្គ្រីន​បាន​និយាយ​អំពី​បទ​គម្ពីរ​ភាសា​ហេប្រឺ​ថា​៖​«​យើង​អាច​និយាយ​ប្រាកដ​ថា​គ្មាន​សៀ​ភៅ​បុរាណ​ណា​ដែល​បាន​ត្រូវ​ចម្លង​យ៉ាង​ត្រឹម​ត្រូវ​ដូច​គម្ពីរ​នោះ​ទេ​»។

      a សូម​មើល​ព័ត៌មាន​បន្ថែម​នៅ​សៀវភៅ​ជំនួយ​សិក្សា​បណ្ដាំ​របស់​ព្រះ លេខ​១​និង​២​នៅ​គេហទំព័រ www.pr2711.com/km

  • ហេតុអ្វីគម្ពីរនៅតែគង់វង្ស?
    ទស្សនាវដ្ដីប៉មយាម: របៀបគម្ពីរបរិសុទ្ធបានត្រូវការពារ
    • បុរសម្នាក់កំពុងអានគម្ពីរ

      ប្រធានបទ​នៃ​ក្រប | របៀប​គម្ពីរ​បរិសុទ្ធ​បាន​ត្រូវ​ការពារ

      ហេតុ​អ្វី​គម្ពីរ​នៅ​តែ​គង់​វង្ស?

      គម្ពីរ​នៅ​តែ​គង់​វង្ស ហើយ​ជា​លទ្ធផល​នៅ​សព្វ​ថ្ងៃ​នេះ​អ្នក​អាច​មាន​និង​អាន​គម្ពីរ​បាន។ ពេល​អ្នក​ជ្រើស​រើស​សេ​ច​ក្ដី​បក​ប្រែ​ដ៏​ល្អ​មួយ អ្នក​អាច​ប្រាកដ​ថា អ្នក​កំពុង​អាន​គម្ពីរ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ដូច​នៅ​ក្នុង​ឯកសារ​ដើម។ ប៉ុន្តែ ទោះ​ជា​ពុក មាន​ការ​ប្រឆាំង​ដ៏​សាហាវ និង​មាន​គេ​ព្យាយាម​កែ​ច្នៃ​ដោយ​ចេតនា​ក៏​ដោយ ហេតុ​អ្វី​បាន​ជា​គម្ពីរ​នៅ​តែ​គង់​វង្ស? ហេតុ​អ្វី​សៀវភៅ​នេះ​ពិសេស​ម្ល៉េះ?

      ​«​ឥឡូវ​ខ្ញុំ​ជឿ​ជាក់​ថា​គម្ពីរ​ដែល​ខ្ញុំ​មាន គឺ​ជា​អំណោយ​មក​ពី​ព្រះ​»​

      អ្នក​សិក្សា​គម្ពីរ​ជា​ច្រើន​នាក់​បាន​សន្និដ្ឋាន​ដូច​សាវ័ក​ប៉ូល​ដែល​បាន​សរសេរ​ថា​៖​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»។ (​ធីម៉ូថេ​ទី​២ ៣:១៦​) ពួក​គេ​ជឿ​ថា​គម្ពីរ​នៅ​តែ​គង់​វង្ស​ដោយ​សារ​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ ហើយ​ដោយ​សារ​ព្រះ​បាន​រក្សា​គម្ពីរ​ឲ្យ​នៅ​តែ​គង់​វង្ស​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ហ្វាយសូល​ដែល​នៅ​ដើម​អត្ថបទ​នេះ​ជឿ​ថា​គម្ពីរ​បាន​ត្រូវ​កែ​ច្នៃ ដូច្នេះ​គាត់​បាន​សម្រេច​ចិត្ត​ស្រាវ​ជ្រាវ​ចំណុច​នោះ​ដោយ​សិក្សា​គម្ពីរ។ អ្វី​ដែល​គាត់​បាន​រក​ឃើញ​ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ផ្អើល​ណាស់។ គាត់​បាន​រៀន​ថា​សេចក្ដី​បង្រៀន​ជា​ច្រើន​ក្នុង​ពិភព​គ្រិស្ត​សាសនា តាម​ពិត​មិន​មាន​ក្នុង​គម្ពីរ​ឡើយ។ ហើយ​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែនដី​ដែល​មាន​ក្នុង​គម្ពីរ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ចិត្ត​គាត់។

      គាត់​បាន​ប្រាប់​ថា​៖​«​ឥឡូវ​ខ្ញុំ​ជឿ​ជាក់​ថា​គម្ពីរ​ដែល​ខ្ញុំ​មាន គឺ​ជា​អំណោយ​មក​ពី​ព្រះ។ បើ​ព្រះ​អាច​បង្កើត​សកល​លោក​បាន លោក​ពិត​ជា​មាន​ឫទ្ធានុភាព​ដើម្បី​ផ្ដល់​និង​រក្សា​ទុក​សៀវភៅ​មួយ​ឲ្យ​យើង។ បើ​គិត​ថា​លោក​មិន​អាច​ធ្វើ​ដូច្នេះ នោះ​គឺ​ដូច​ជា​យើង​និយាយ​ថា ឫទ្ធានុភាព​របស់​លោក​មាន​កម្រិត។ ហើយ​តើ​ខ្ញុំ​ជា​អ្នក​ណា​ដែល​ដាក់​កម្រិត​ទៅ​លើ​ឫទ្ធានុភាព​របស់​ព្រះ ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត?​»។—អេសាយ ៤០:៨

      តើតាមរបៀបណាយើងអាចប្រាកដថាគម្ពីរគឺជាការពិត?

      អត្ថបទ​បន្ត​បន្ទាប់​នេះ​បាន​ពិចារណា​អំពី​ការ​រក្សា​ទុក​គម្ពីរ​បរិសុទ្ធ។ ប៉ុន្តែ​តើ​តាម​របៀប​ណា​អ្នក​អាច​ប្រាកដ​ថា​គម្ពីរ​ពិត​ជា​«​បណ្ដាំ​របស់​ព្រះ​»​ ហើយ​មិន​មែន​ជា​រឿង​ព្រេង? (​ថែស្សាឡូនិច​ទី១ ២:១៣​) សូម​មើល​វីដេអូ​ខ្លី ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​គម្ពីរ​បរិសុទ្ធ​គឺ​មក​ពី​ព្រះ? តាម​គេហទំព័រ www.pr2711.com/km (​សូម​សរសេរ​ចំណង​ជើង​នៃ​វីដេអូ​នេះ​ក្នុង​ប្រអប់​ស្វែង​រក​)

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក