បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើអស់អ្នកដែលថាខ្លួនជា«គ្រិស្ដសាសនិក»ពិតជាអ្នកកាន់តាមគ្រិស្ដឬទេ?
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ តុលា
    • តើ​អស់​អ្នក​ដែល​ថា​ខ្លួន​ជា​«​គ្រិស្ត​សាសនិក​»​ពិត​ជា​អ្នក​កាន់​តាម​គ្រិស្ត​ឬ​ទេ?

      តើ​មាន​គ្រិស្ត​សាសនិក​ប៉ុន្មាន​នាក់? យោង​ទៅ​តាម​សៀវភៅ​មួយ ក្នុង​ឆ្នាំ​២០១០ នៅ​ទូ​ទាំង​ពិភព​លោក មាន​ជិត​២.៣០០.០០០.០០០​នាក់។ (​Atlas of Global Christianity​) ប៉ុន្តែ សៀវភៅ​ដដែល​នោះ​ក៏​ប្រាប់​ថា គ្រិស្ត​សាសនិក​ទាំង​នោះ​នៅ​ក្នុង​និកាយ​ជាង​៤១​.​០០០ ពោល​គឺ​និកាយ​នីមួយ​ៗ​មាន​សេចក្ដី​បង្រៀន និង​គោលការណ៍​សីលធម៌​ផ្ទាល់​ខ្លួន។ ដោយ​សារ​មាន​សាសនា​«​គ្រិស្ត​»​ច្រើន​ដល់​ម្ល៉េះ យើង​យល់​ពី​មូលហេតុ​ដែល​អ្នក​ខ្លះ​ពិបាក​យល់ ឬ​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង។ ពួក​គេ​ប្រហែលជា​ឆ្ងល់​ថា ‹តើ​មនុស្ស​ទាំង​អស់​ដែល​អះអាង​ថា​ជា​គ្រិស្ត​សាសនិក​ពិត​ជា​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រិស្ត​ឬ​ទេ?›។

      សូម​ឲ្យ​យើង​ពិចារណា​បញ្ហា​នេះ​តាម​ទស្សនៈ​មួយ​ទៀត។ ធម្មតា​អ្នក​ធ្វើ​ដំណើរ​ម្នាក់​ត្រូវ​បញ្ជាក់​នូវ​សញ្ជាតិ​របស់​គាត់​ទៅ​មន្ត្រី​អន្ដោប្រវេសន៍។ គាត់​ក៏​ត្រូវ​បញ្ជាក់​នូវ​អត្តសញ្ញាណ​របស់​គាត់​ដោយ​បង្ហាញ លិខិត​ឆ្លង​ដែន​ជា​ដើម។ ស្រដៀង​គ្នា​ដែរ គ្រិស្ត​សាសនិក​ពិត​ម្នាក់​មិន​គ្រាន់តែ​និយាយ​ថា គាត់​ជឿ​ទៅ​លើ​គ្រិស្ត​ប៉ុណ្ណោះ​ទេ តែ​គាត់​ត្រូវ​បង្ហាញ​អ្វី​ផ្សេង​ទៀត​ដែល​សម្គាល់​ថា​គាត់​ជា​គ្រិស្ត​សាសនិក។ តើ​នោះ​គឺជា​អ្វី?

      ពាក្យ​«​គ្រិស្ត​សាសនិក​»​ បាន​ត្រូវ​ប្រើ​ជា​លើក​ដំបូង​ក្រោយ​ឆ្នាំ​៤៤ គ.ស.។ ប្រវត្ដិវិទូ​លូកា​បាន​រៀប​រាប់​ក្នុង​គម្ពីរ​ថា​៖ ​«​គឺ​នៅ​ក្រុង​អាន់ទីយ៉ូក​ដែល​ពួក​អ្នក​កាន់​តាម​បាន​ត្រូវ​ហៅ​ថា គ្រិស្ត​សាសនិក ជា​លើក​ដំបូង តាម​ការ​ណែនាំ​របស់​ព្រះ​»។ (​សកម្មភាព ១១:២៦​) សូម​កត់​សម្គាល់​ថា អ្នក​ដែល​បាន​ត្រូវ​ហៅ​ថា​ជា​គ្រិស្ត​សាសនិក គឺជា​អ្នក​កាន់​តាម​គ្រិស្ត។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត? វចនានុក្រម​មួយ​បាន​ពន្យល់​ថា​៖ ​«​ការ​ធ្វើ​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក​យេស៊ូ​មាន​ន័យ​ថា លះ​បង់​ជីវិត​ទាំង​មូល​[​របស់​ខ្លួន​]ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ . . . ពេញ​មួយ​ជីវិត​»។ (​The New International Dictionary of New Testament Theology​) ដូច្នេះ គ្រិស្ត​សាសនិក​ពិត​ម្នាក់​គឺជា​អ្នក​ដែល​ធ្វើ​តាម​សេចក្ដី​បង្រៀន​និង​ការ​ណែនាំ​របស់​លោក​យេស៊ូ​ទាំង​ស្រុង​និង​គ្មាន​ល័ក្ខខ័ណ្ឌ ព្រោះ​លោក​ជា​ស្ថាបនិក​នៃ​គ្រិស្ត​សាសនា។

      នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​រក​ឃើញ​មនុស្ស​បែប​នេះ​ក្នុង​ចំណោម​អ្នក​ដែល​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក​ឬ​ទេ? តើ​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​នឹង​សម្គាល់​អ្នក​កាន់​តាម​ពិត​របស់​លោក​ឬ​ទេ? យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​ពិចារណា​របៀប​ដែល​គម្ពីរ​ប្រាប់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។ នៅ​អត្ថបទ​បន្ត​បន្ទាប់​នេះ យើង​នឹង​ពិនិត្យ​មើល​លក្ខណៈ​សម្គាល់​ប្រាំ​យ៉ាង​ដែល​លោក​យេស៊ូ​បាន​បញ្ជាក់ ដែល​ជួយ​យើង​ឲ្យ​សម្គាល់​អ្នក​កាន់​តាម​ពិត​ប្រាកដ​របស់​លោក​យេស៊ូ។ យើង​នឹង​ពិចារណា​របៀប​ដែល​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​បំពេញ​លក្ខណៈ​សម្គាល់​ទាំង​នោះ ហើយ​យើង​នឹង​ខំ​ស្វែង​យល់​ថា អ្នក​ណា​មាន​លក្ខណៈ​សម្គាល់​ទាំង​នេះ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ។

  • «នៅជាប់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ»
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ តុលា
    • ​​«​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​»​

      ​«​ប្រសិនបើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​អ្នក​កាន់​តាម​ខ្ញុំ​មែន ហើយ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរីភាព​»។—យ៉ូហាន ៨:៣១, ៣២

      អត្ថន័យ​នៃ​ខ​គម្ពីរ​នេះ: ​«​សេចក្ដី​បង្រៀន​»​របស់​លោក​យេស៊ូ​គឺ​មក​ពី​បុគ្គល​ដែល​មាន​ប្រាជ្ញា​ខ្ពង់​ខ្ពស់​ជាង​លោក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក បាន​ឲ្យ​បញ្ញត្ដិ​មួយ​មក​ខ្ញុំ​ដោយ​ផ្ទាល់ ស្តី​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ប្រាប់ និង​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ​»។ (​យ៉ូហាន ១២:៤៩​) នៅ​ក្នុង​សេចក្ដី​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​បិតា​នៅ​ស្ថាន​សួគ៌ នោះ​លោក​យេស៊ូ​បាន​និយាយ​ថា​៖ ​«​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​»។ លោក​តែង​តែ​ដក​ស្រង់​បណ្ដាំ​របស់​ព្រះ​ដើម្បី​បញ្ជាក់​ថា​សេចក្ដី​បង្រៀន​របស់​លោក​គឺជា​សេចក្ដី​ពិត។ (​យ៉ូហាន ១៧:១៧; ម៉ាថាយ ៤:៤, ៧, ១០​) ដូច្នេះ គ្រិស្ត​សាសនិក​ពិត​‹នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​លោក› ឬ​ទទួល​យក​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ទុក​ជា​«​សេចក្ដី​ពិត​»​ និង​ជា​ប្រភព​ដ៏​ល្អ​បំផុត​សម្រាប់​ជំនឿ​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។

      របៀប​ដែល​គ្រិស្ត​សាសនិក​ដំបូង​មាន​លក្ខណៈ​សម្គាល់​នេះ: សាវ័ក​ប៉ូល​ជា​អ្នក​ដែល​សរសេរ​គម្ពីរ​គ្រិស្ត​សាសនិក​ច្រើន​ជាង​គេ គាត់​បាន​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ​ដូច​លោក​យេស៊ូ​ដែរ។ គាត់​បាន​សរសេរ​ថា​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​មាន​ប្រយោជន៍​»។ (​ធីម៉ូថេទី២ ៣:១៦​) បុរស​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​បង្រៀន​គ្រិស្ត​សាសនិក​ដែល​ជា​បង​ប្អូន​រួម​ជំនឿ​ត្រូវ​«​កាន់​ខ្ជាប់​តាម​បណ្ដាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត[​«​របស់​ព្រះ​»​]​»។ (​ទីតុស ១:៧, ៩; The Amplified Bible​) គ្រិស្ត​សាសនិក​ដំបូង​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​បដិសេធ​«​ទស្សនវិជ្ជា​និង​ការ​បោក​បញ្ឆោត​អសារ​ឥត​ការ ដែល​មាន​មូលដ្ឋាន​លើ​ទំនៀម​ទម្លាប់​របស់​មនុស្ស និង​បឋម​សេចក្ដី​របស់​ពិភព​លោក​នេះ មិន​មែន​មាន​មូលដ្ឋាន​លើ​គ្រិស្ត​ឡើយ​»។—កូឡុស ២:៨

      សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​មាន​លក្ខណៈ​សម្គាល់​នេះ? យោង​ទៅ​តាម​ឯកសារ​មួយ​នៃ​ទី​ស្នាក់​ការ​ធំ​បំផុត​របស់​សាសនា​កាតូលិក(​Vatican’s Dogmatic Constitution on Divine Revelation​) ដែល​បាន​ត្រូវ​អនុម័ត​នៅ​ឆ្នាំ​១៩៦៥ ហើយ​សៀវភៅ​សាសនា​កាតូលិក​បាន​ដក​ស្រង់​ថា​៖ ​«​ជំនឿ​របស់​វិហារ​[​កាតូលិក​]​មិន​មែន​មាន​មូលដ្ឋាន​ទៅ​លើ​គម្ពីរ​បរិសុទ្ធ​តែ​ប៉ុណ្ណោះ​ទេ តែ​ផ្អែក​លើ​អ្វី​ទាំង​អស់​ដែល​ត្រូវ​បាន​បើក​បង្ហាញ។ ដូច្នេះ សាសនា​កាតូលិក​យល់​ថា ទំនៀម​ទម្លាប់​របស់​ពួក​គេ​គឺ​សំខាន់​ដូច​គម្ពីរ​បរិសុទ្ធ​ដែរ​»។ (​Catechism of the Catholic Church​) អត្ថបទ​ក្នុង​ទស្សនាវដ្ដី​មួយ​បាន​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​ម្នាក់​នៅ​ទី​ក្រុង​តូរ៉ុនតូ ដែល​បាន​សួរ​ថា​៖ ​«​ហេតុ​អ្វី​យើង​ត្រូវ​ការ​ទស្សនៈ​តាំង​ពី​ពីរ​ពាន់​ឆ្នាំ​មុន​ដែល​គេ​អះអាង​ថា​ធ្វើ​ឲ្យ​មាន​‹ការ​ផ្លាស់​ប្ដូរ›​នោះ​មក​ដឹក​នាំ​ផ្លូវ​យើង​ទៅ​វិញ? តាម​ពិត​យើង​មាន​គំនិត​ដ៏​ល្អ​ប្រសើរ ប៉ុន្តែ ដោយ​សារ​យើង​យក​បទ​គម្ពីរ​និង​លោក​យេស៊ូ​មក​គាំទ្រ​គំនិត​របស់​យើង នោះ​នាំ​ឲ្យ​គំនិត​យើង​ទៅ​ជា​លែង​សំខាន់​វិញ​»​ (​Maclean’s magazine​)។

      ស្តី​អំពី​សាក្សី​ព្រះ​យេហូវ៉ា សព្វវចនាធិប្បាយ​មួយ​សរសេរ​ថា​៖ ​«​ពួក​គេ​ចាត់​ទុក​គម្ពីរ​ជា​ប្រភព​តែ​មួយ​គត់​នៃ​ជំនឿ​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​»។ (​New Catholic Encyclopedia​) ថ្មី​ៗ​នេះ នៅ​ប្រទេស​កាណាដា ពេល​ដែល​ស្ត្រី​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​កំពុង​ណែនាំ​ខ្លួន នោះ​បុរស​ម្នាក់​បាន​និយាយ​កាត់​ដោយ​ចង្អុល​ទៅ​គម្ពីរ​របស់​គាត់​ថា​៖ ​«​ខ្ញុំ​ស្គាល់​ថា​អ្នក​ជា​អ្នក​ណា​ហើយ តាម​រយៈ​សញ្ញា​សម្គាល់​របស់​អ្នក​»។

  • ‹មិនរួមចំណែកពិភពលោក›
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ តុលា
    • ​‹មិន​រួម​ចំណែក​ពិភព​លោក›

      ​«​ពិភព​លោក​បាន​ស្អប់​ពួក​គាត់ ពីព្រោះ​ពួក​គាត់​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ​»។—យ៉ូហាន ១៧:១៤

      អត្ថន័យ​នៃ​ខ​គម្ពីរ​នេះ: ដោយ​សារ​លោក​យេស៊ូ​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​នេះ លោក​កាន់​ជំហរ​អព្យាក្រឹត​ក្នុង​ជម្លោះ​នយោបាយ​និង​សង្គម​នៅ​សម័យ​នោះ។ លោក​បាន​ពន្យល់​ថា​៖ ​«​ប្រសិនបើ​រាជាណាចក្រ​របស់​ខ្ញុំ​ជា​របស់​ផង​ពិភព​លោក​នេះ ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​បាន​តយុទ្ធ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​ប្រគល់​ឲ្យ​ជន​ជាតិ​យូដា។ ប៉ុន្តែ​រាជាណាចក្រ​របស់​ខ្ញុំ​មិន​មែន​មក​ពី​ពិភព​លោក​នេះ​ទេ​»។ (​យ៉ូហាន ១៨:​៣៦​) លោក​ក៏​បាន​ដាស់​តឿន​អ្នក​កាន់​តាម​លោក​កុំ​ឲ្យ​មាន​ចិត្ត​គំនិត ពាក្យ​សម្ដី ការ​ប្រព្រឹត្ត​ដែល​បណ្ដាំ​របស់​ព្រះ​ផ្ដន្ទា​ទោស។—ម៉ាថាយ ២០:​២៥​-​២៧

      របៀប​ដែល​គ្រិស្ត​សាសនិក​ដំបូង​មាន​លក្ខណៈ​សម្គាល់​នេះ: យោង​ទៅ​តាម​អ្នក​និពន្ធ​ម្នាក់​ខាង​សាសនា​ឈ្មោះ​យ៉ូណាថាន ដាយម៉ូន បាន​សរសេរ​ថា គ្រិស្ត​សាសនិក​ដំបូង​«​មិន​ព្រម​ចូល​រួម​ក្នុង​សង្គ្រាម ទោះ​ជា​ត្រូវ​ទទួល​ផល​វិបាក​អ្វី​ក៏​ដោយ ទោះ​បី​ត្រូវ​គេ​ដៀល​ត្មះ ដាក់​គុក ឬ​សម្លាប់​ក្ដី​»។ ពួក​គេ​សុខ​ចិត្ត​រង​ការ​ឈឺ​ចាប់​ជា​ជាង​បោះបង់​គោល​ជំហរ​អព្យាក្រឹត​របស់​ពួក​គេ។ គោលការណ៍​សីលធម៌​របស់​ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ពី​អ្នក​ឯ​ទៀត។ គ្រិស្ត​សាសនិក​បាន​ទទួល​បង្គាប់​ថា​៖ ​«​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ឈប់​រត់​តាម​ពួក​គេ​ទៅ​ននៀល​ក្នុង​ភក់​ជ្រាំ​នៃ​អបាយមុខ នោះ​ពួក​គេ​ងឿង​ឆ្ងល់ ហើយ​ចេះ​តែ​និយាយ​ប្រមាថ​អ្នក​រាល់​គ្នា​»។ (​ពេត្រុសទី១ ៤:៤​) ប្រវត្ដិវិទូ​ម្នាក់​ឈ្មោះ​វិល ឌូរ៉ាន​បាន​សរសេរ​ថា​៖ ​«​ដោយ​សារ​ពួក​គ្រិស្ត​សាសនិក​ស្រឡាញ់​ព្រះ​អស់ពី​ចិត្ត ហើយ​មាន​សុជីវធម៌ នោះ​ពួក​គេ​បាន​ធ្វើ​ទុក្ខ​ដល់​សមត្ថភាព​វិនិច្ឆ័យ​របស់​ពិភព​លោក​ដែល​មិន​កាន់​គ្រិស្ត​សាសនា ដែល​និយម​ការ​កម្សាន្ត​ហួស​ហេតុ​»។

      សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​មាន​លក្ខណៈ​សម្គាល់​នេះ? ស្តី​អំពី​ជំហរ​អព្យាក្រឹត​របស់​គ្រិស្ត​សាសនិក សព្វ​វចនាធិប្បាយ​មួយ​ប្រកាស​ថា​៖ ​«​ការ​មិន​ព្រម​កាន់​អាវុធ​ដោយ​សារ​ជំនឿ​សាសនា​គឺ​ខុស​សីលធម៌​»។ (​New Catholic Encyclopedia​) អត្ថបទ​ក្នុង​កាសែត​មួយ​សរសេរ​អំពី​របាយ​ការណ៍​មួយ​របស់​អង្គការ​សិទ្ធិ​មនុស្ស​របស់​ជន​ជាតិ​អាហ្វ្រិក​ថា ស្តី​អំពី​ការ​ប្រល័យពូជសាសន៍​នៅ​ប្រទេស​រ្វ៉ាន់ដា​នៅ​ឆ្នាំ​១៩៩៤ បាន​បង្ហាញ​ភ័ស្តុតាង​ថា មាន​ការ​ចូល​រួម​ពី​សាសនា​គ្រិស្ត​ទាំង​អស់​«​លើក​លែង​តែ​សាក្សី​ព្រះ​យេហូវ៉ា​»​ (​Reformierte Presse​)។

      ពេល​ពិភាក្សា​អំពី​ការ​សម្លាប់​រង្គាល​របស់​ពួក​ណាត្ស៊ី គ្រូ​បង្រៀន​ម្នាក់​នៅ​វិទ្យាល័យ​បាន​ត្អូញត្អែរ​ថា ​«​គ្មាន​ក្រុម​មនុស្ស​ឬ​អង្គការ​របស់​ពល​រដ្ឋ​ធម្មតា​ណា​មួយ​និយាយ​ប្រឆាំង​ចំពោះ​ពាក្យ​មិន​ពិត​ច្រើន​សន្ធឹក អំពើ​អមនុស្សធម៌ និង​អំពើ​ឃោរឃៅ​ព្រៃផ្សៃ​បំផុត​ឡើយ​»។ បន្ទាប់​ពី​បាន​ពិភាក្សា​ជា​មួយ​នឹង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​សារមន្ទីរ​សហរដ្ឋអាម៉េរិក​សម្រាប់​រំលឹក​ការ​សម្លាប់​រង្គាល គាត់​បាន​សរសេរ​ថា​៖ ​«​ឥឡូវ​ខ្ញុំ​ដឹង​ហើយ​»។ គាត់​បាន​ដឹង​ថា សាក្សី​ព្រះ​យេហូវ៉ា​កាន់​ខ្ជាប់​តាម​ជំនឿ​របស់​ពួក​គេ ទោះ​ជា​ពួក​គេ​ត្រូវ​គេ​ធ្វើ​បាប​យ៉ាង​សាហាវ​ក៏​ដោយ។

      ចុះ​គោលការណ៍​សីលធម៌​របស់​ពួក​គេ​វិញ? ទស្សនាវដ្ដី​មួយ​បាន​សរសេរ​ថា​៖ ​«​សព្វ​ថ្ងៃ​នេះ យុវជន​យុវនារី​ភាគ​ច្រើន​មិន​យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​របស់​សាសនា​កាតូលិក​ស្តី​អំពី​ការ​រួម​រស់​ជា​មួយ​គ្នា​ដោយ​ឥត​រៀប​ការ[​និង​]ការ​រួម​ភេទ​មុន​រៀប​ការ​ទេ​»។ (​U.S. Catholic magazine​) ទស្សនាវដ្ដី​នោះ​ដក​ស្រង់​សម្ដី​របស់​បព្វជិត​ម្នាក់​នៃ​វិហារ​ដែល​ថា​៖ ​«​ពួក​គេ​មួយ​ភាគ​ធំ តាម​ការ​ប៉ាន់ស្មាន​របស់​ខ្ញុំ ជាង​៥០​ភាគ​រយ​បាន​រស់​នៅ​ជា​មួយ​គ្នា​រួច​ហើយ ពេល​ពួក​គេ​មក​រៀប​ការ​នៅ​វិហារ​»។ សព្វវចនាធិប្បាយ​មួយ​បាន​សរសេរ​ថា​សាក្សី​ព្រះ​យេហូវ៉ា​«​ប្រកាន់​ខ្ជាប់​គោលការណ៍​សីលធម៌​ខ្ពង់​ខ្ពស់​ក្នុង​ការ​ប្រព្រឹត្ត​របស់​ខ្លួន​»​ (​The New Encyclopædia Britannica​)។

  • ‹អ្នករាល់គ្នាត្រូវស្រឡាញ់គ្នា›
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ តុលា
    • ​‹អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា›

      ​«​ខ្ញុំ​ឲ្យ​បញ្ញត្ដិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។—យ៉ូហាន ១៣:៣៤, ៣៥

      អត្ថន័យ​នៃ​ខ​គម្ពីរ​នេះ: គ្រិស្ត​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​លោក​បាន​ស្រឡាញ់​ពួក​គាត់។ តើ​លោក​យេស៊ូ​ស្រឡាញ់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? លោក​បាន​ស្រឡាញ់​មនុស្ស​ទាំង​អស់ ទោះ​ជា​នៅ​សម័យ​លោក មនុស្ស​មាន​ទស្សនៈ​ប្រកាន់​ពូជ​សាសន៍​ឬ​មិន​ឲ្យ​តម្លៃ​ស្ត្រីភេទ​ក៏​ដោយ។ (​យ៉ូហាន ៤:៧​-​១០​) សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​លោក​យេស៊ូ​ឲ្យ​លះ​បង់​ពេល​វេលា កម្លាំង និង​ជីវភាព​សុខ​ស្រួល​របស់​លោក​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ (​ម៉ាកុស ៦:​៣០​-​៣៤​) នៅ​ទី​បំផុត គ្រិស្ត​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ដ៏​ប្រសើរ​បំផុត។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​គង្វាល​ដ៏​ល្អ​ប្រសើរ។ គង្វាល​ល្អ​ប្រសើរ​លះ​បង់​ជីវិត​ដើម្បី​ចៀម​»។—យ៉ូហាន ១០:១១

      របៀប​ដែល​គ្រិស្ត​សាសនិក​ដំបូង​មាន​លក្ខណៈ​សម្គាល់​នេះ: នៅ​សតវត្សរ៍​ទី​១ គ្រិស្ត​សាសនិក​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បង​ប្រុស​ឬ​«​ប្អូន​ប្រុស​»​និង​«​បង​ស្រី​»​ឬ​ប្អូន​ស្រី។ (​ភីលេម៉ូន ១, ២​) មនុស្ស​ពី​គ្រប់​ជាតិ​សាសន៍​អាច​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ពីព្រោះ​ពួក​គេ​បាន​ជឿ​ថា ​«​ពួក​យូដា​និង​ពួក​ក្រិច​គឺ​មិន​ខុស​ពី​គ្នា​ទេ ដោយ​សារ​មាន​ម្ចាស់​តែ​មួយ​លើ​ពួក​គេ​ទាំង​អស់​គ្នា​»។ (​រ៉ូម ១០:​១១, ១២​) ក្រោយ​បុណ្យ​ថ្ងៃ​ទី​៥០ នា​ឆ្នាំ​៣៣ គ.ស. អ្នក​កាន់​តាម​នៅ​ក្រុង​យេរូសាឡិម​«​ក៏​លក់​ដី​និង​របស់​របរ​ដែល​ខ្លួន​មាន រួច​យក​ប្រាក់​មក​ចែក​ដល់​គ្រប់​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ទាំង​នោះ​»។ ពួក​គេ​ធ្វើ​ដូច្នេះ​ដើម្បី​អ្វី? ដើម្បី​អ្នក​ដែល​ទើប​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​អាច​នៅ​ក្រុង​យេរូសាឡិម ហើយ​បន្ត​«​ប្រុង​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក​»។ (​សកម្មភាព ២:៤១​-​៤៥​) តើ​អ្វី​ជំរុញ​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ? ជិត​២០០​ឆ្នាំ​បន្ទាប់​ពី​ពួក​សាវ័ក​ស្លាប់​អស់​ទៅ លោក​ធើធូលាន​បាន​ដក​ស្រង់​ពាក្យ​ដែល​អ្នក​ឯ​ទៀត​និយាយ​អំពី​ពួក​គ្រិស្ត​សាសនិក​ថា​៖ ​«​ពួក​គេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក . . . ហើយ​ពួក​គេ​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​ស្លាប់​ជំនួស​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង​»។

      សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​មាន​លក្ខណៈ​សម្គាល់​នេះ? សៀវភៅ​មួយ​ដែល​បាន​ចេញ​នៅ​ឆ្នាំ​១៨៣៧ បាន​សរសេរ​ថា អស់​រាប់​រយ​ឆ្នាំ​មក​ហើយ ពួក​អ្នក​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក​«​បាន​ប្រព្រឹត្ត​អំពើ​សាហាវ​ព្រៃផ្សៃ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំង​ជាង​ពួក​គេ​ធ្លាប់​ទទួល​ពី​អ្នក​ដែល[​មិន​មែន​ជា​គ្រិស្ត​សាសនិក​]​»។ (​The History of the Decline and Fall of the Roman Empire​) ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ​នៅ​សហរដ្ឋអាម៉េរិក​បាន​ឃើញ​ថា មនុស្ស​ជា​ច្រើន​ដែល​អះអាង​ថា​ខ្លួន​ជា​អ្នក​កាន់​សាសនា​ដែល​ភាគ​ច្រើន​ជា​គ្រិស្ត​សាសនិក​នោះ​ក៏​មាន​ការ​ប្រកាន់​ពូជ​សាសន៍​ដែរ។ ពួក​អ្នក​ដែល​ទៅ​វិហារ​គ្រិស្ត​សាសនា​នៅ​ប្រទេស​មួយ​ច្រើន​តែ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​កាន់​គ្រិស្ត​សាសនា​ដូច​គ្នា​នៅ​ប្រទេស​មួយ​ទៀត អាស្រ័យ​ហេតុ​នេះ​ពួក​គេ​មិន​អាច​ជួយ ឬ​មិន​ព្រម​ជួយ​បង​ប្អូន​រួម​ជំនឿ​ទេ ពេល​ដែល​ពួក​គេ​ត្រូវ​ការ​ជំនួយ។

      នៅ​ឆ្នាំ​២០០៤ បន្ទាប់​ពី​មាន​ព្យុះ​សង្ឃរា​បួន​បន្ត​បន្ទាប់​គ្នា​អស់​រយៈ​ពេល​ពីរ​ខែ​នៅ​រដ្ឋ​ហ្ល័ររីដា ប្រធាន​នៃ​គណៈកម្មាធិការ​ខាង​ប្រតិបត្ដិការ​សង្គ្រោះ​បន្ទាន់​ប្រចាំ​រដ្ឋ​ហ្ល័ររីដា បាន​ពិនិត្យ​មើល​ដើម្បី​ប្រាកដ​ថា ជំនួយ​របស់​ពួក​គេ​បាន​ត្រូវ​ប្រើ​យ៉ាង​ត្រឹម​ត្រូវ។ គាត់​បាន​និយាយ​ថា គ្មាន​ក្រុម​ណា​ទៀត​ដែល​មាន​ការ​រៀបចំ​យ៉ាង​ល្អ​ដូច​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឡើយ ហើយ​គាត់​បាន​ស្នើ​ផ្ដល់​ជំនួយ​ទាំង​អស់​ដែល​ពួក​សាក្សី​ត្រូវ​ការ។ នៅ​ដើម​ឆ្នាំ​១៩៩៧ ក្រុម​ផ្ដល់​ជំនួយ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​បាន​យក​ថ្នាំ​ពេទ្យ ស្បៀងអាហារ និង​សម្លៀក​បំពាក់ ទៅ​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ដើម្បី​ជួយ​បង​ប្អូន​គ្រិស្ត​សាសនិក​របស់​ពួក​គេ និង​អ្នក​ឯ​ទៀត​ដែល​ត្រូវ​ការ​ជំនួយ។ សាក្សី​ព្រះ​យេហូវ៉ា​ជា​បង​ប្អូន​នៅ​ទ្វីប​អឺរ៉ុប​បាន​ផ្ដល់​អំណោយ​ដែល​មាន​តម្លៃ​សរុប​មួយ​លាន​ដុល្លារ​អាម៉េរិក។

  • ‹ខ្ញុំបានសម្ដែងឲ្យស្គាល់នាមរបស់លោក›
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ តុលា
    • ​‹ខ្ញុំ​បាន​សម្ដែង​ឲ្យ​ស្គាល់​នាម​របស់​លោក›​

      ​«​ខ្ញុំ​បាន​សម្ដែង​នាម​របស់​លោក​ឲ្យ​ពួក​បុរស​ដែល​លោក​បាន​យក​ចេញ​ពី​ពិភព​លោក . . . ខ្ញុំ​បាន​សម្ដែង​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក ក៏​នឹង​សម្ដែង​ឲ្យ​ស្គាល់​ត​ទៅ​ទៀត​»។—យ៉ូហាន ១៧:៦, ២៦

      អត្ថន័យ​នៃ​ខ​គម្ពីរ​នេះ: លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​នាម​របស់​ព្រះ​ដោយ​ប្រើ​នាម​នោះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ពេល​លោក​យេស៊ូ​អាន​បទ​គម្ពីរ ដូច​លោក​ធ្លាប់​ធ្វើ​ជា​ច្រើន​ដង លោក​បាន​និយាយ​នាម​របស់​ព្រះ។ (​លូកា ៤:១៦​-​២១​) លោក​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​បិតា​អើយ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។—លូកា ១១:២

      របៀប​ដែល​គ្រិស្ត​សាសនិក​ដំបូង​មាន​លក្ខណៈ​សម្គាល់​នេះ: សាវ័ក​ពេត្រុស​បាន​ប្រាប់​បុរស​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​ថា ព្រះ​បាន​រើស​យក​ពី​ប្រជាជាតិ​នានា​នូវ​«​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក​»។ (​សកម្មភាព ១៥:១៤​) ពួក​សាវ័ក និង​អ្នក​ឯ​ទៀត​បាន​ផ្សព្វ​ផ្សាយ​ថា​៖ ​«​អស់​អ្នក​ណា​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ​»។ (​សកម្មភាព ២:២១; រ៉ូម ១០:​១៣​) ពួក​គេ​ក៏​បាន​ប្រើ​នាម​របស់​ព្រះ​នៅ​ក្នុង​សំណេរ​របស់​ពួក​គេ​ផង​ដែរ។ ស្តី​អំពី​ការ​ដុត​ចោល​សំណេរ​របស់​គ្រិស្ត​សាសនិក​ដោយ​ពួក​អ្នក​ប្រឆាំង កម្រង​ច្បាប់​ជន​ជាតិ​យូដា​មួយ​ដែល​បាន​ចង​ក្រង​រួច​រាល់​ប្រហែលជា​នៅ​ឆ្នាំ​៣០០ គ​.​ស​បាន​ចែង​ថា​៖ ​«​សៀវភៅ​របស់​អ្នក​សរសេរ​គម្ពីរ​អំពី​លោក​យេស៊ូ​គ្រិស្ត​និង​សៀវភៅ​របស់​ពួក​មិនិម[​ដែល​គេ​គិត​ថា​ជា​គ្រិស្ត​សាសនិកជន​ជាតិ​យូដា​] បាន​ត្រូវ​ដុត​ចោល។ ប៉ុន្តែ​សៀវភៅ​ទាំង​នោះ​បាន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ដុត​ចោល​នៅ​កន្លែង​ណា​ដែល​ឃើញ​មាន . . . សៀវភៅ​ទាំង​នោះ​និង​ឯកសារ​នានា​ដែល​មាន​នាម​របស់​ព្រះ​»​ (​The Tosefta​)។

      សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​មាន​លក្ខណៈ​សម្គាល់​នេះ? បុព្វកថា​នៃ​សេចក្ដី​បក​ប្រែ​មួយ​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​ជាតិ​នៃ​វិហារ​របស់​គ្រិស្ត​នៅ​សហរដ្ឋអាម៉េរិក​ចែង​ថា​៖ ​«​ការ​ប្រើ​ឈ្មោះ​ទាំង​អស់​ណា​សម្រាប់​ព្រះ​តែ​មួយ ហើយ​មាន​តែ​មួយ ដែល​ហាក់​ដូច​ជា​មាន​ព្រះ​ឯ​ទៀត​ដើម្បី​ឲ្យ​លោក​ខុស​ពី​ព្រះ​ឯ​ទៀត បាន​ឈប់​ធ្វើ​នៅ​ក្នុង​សាសនាយូដា​មុន​សម័យ​គ្រិស្ត​សាសនិក ហើយ​គឺ​មិន​សម​ត្រឹម​ត្រូវ​សោះ​សម្រាប់​ជំនឿ​របស់​វិហារ​គ្រិស្ត​សាសនិក​»។ (​Revised Standard Version​) អាស្រ័យ​ហេតុ​នេះ សេចក្ដី​បក​ប្រែ​នោះ​បាន​ប្រើ​ឋានៈ​មួយ ពោល​គឺ​«​លោក​ម្ចាស់​»​ដើម្បី​ជំនួស​នាម​របស់​ព្រះ។ នៅ​ពេល​ថ្មី​ៗ​នេះ ពួក​អភិបាល​នៃ​សាសនា​កាតូលិក​បាន​ទទួល​បង្គាប់​ពី​សម្ដេច​ប៉ាប​ថា ​«​មិន​ត្រូវ​ប្រើ​ឬ​និយាយ​នាម​របស់​ព្រះ​ដែល​មាន​ក្នុង​តេត្រាក្រាម ដែល​តំណាង​ដោយ​អក្សរ​បួន​តួ​គឺ​យហវហaនៅ​ក្នុង​ចម្រៀង​និង​សេចក្ដី​អធិដ្ឋាន​ឡើយ​»។

      សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​ប្រើ​នាម​របស់​ព្រះ ហើយ​ធ្វើ​ឲ្យ​គេ​ស្គាល់​នាម​នោះ? នៅ​ប្រទេស​គៀហ្គីស្ថាន ពេល​ដែល​ស៊ែកហ្គេ​នៅ​ជា​ក្មេង​ជំទង់ គាត់​បាន​មើល​កុន​មួយ​ដែល​ប្រាប់​ថា​នាម​របស់​ព្រះ​គឺ​យេហូវ៉ា។ អស់​រយៈ​ពេល​ប្រហែលជា​១០​ឆ្នាំ គាត់​មិន​បាន​ឮ​នាម​របស់​ព្រះ​ទៀត​ទេ។ ក្រោយ​មក បន្ទាប់​ពី​ស៊ែកហ្គេ​បាន​ទៅ​រស់​នៅ​សហរដ្ឋអាម៉េរិក មាន​ស្ត្រី​ពីរ​នាក់​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​មក​ផ្សាយ​នៅ​ផ្ទះ​គាត់ ហើយ​បង្ហាញ​គាត់​អំពី​នាម​របស់​ព្រះ​ក្នុង​គម្ពីរ។ ស៊ែកហ្គេ​មាន​ចិត្ត​រំភើប​ដែល​រក​ឃើញ​ក្រុម​មួយ​ដែល​បាន​ប្រើ​នាម​យេហូវ៉ា។ គួរ​ឲ្យ​ចាប់​អារម្មណ៍ វចនានុក្រម​មួយ​ឲ្យ​និយម​ន័យ​នៃ​ពាក្យ​«​ព្រះ​យេហូវ៉ា​»​ថា ​«​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​តែ​មួយ​អង្គ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​និង​គោរព​ប្រណិប័តន៍​»​ (​Webster’s Third New International Dictionary​)។

      [​កំណត់​សម្គាល់​]

      a ក្នុង​ភាសា​ខ្មែរ ជា​ធម្មតា នាម​របស់​ព្រះ​បាន​ត្រូវ​បក​ប្រែ​ថា​«​យេហូវ៉ា​»។

  • «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយ»
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ តុលា
    • ​​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​»​

      ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។—ម៉ាថាយ ២៤:១៤

      អត្ថន័យ​នៃ​ខ​គម្ពីរ​នេះ: លូកា​ជា​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​បាន​រៀប​រាប់​ថា លោក​យេស៊ូ​«​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ហើយ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដោយ​ផ្សព្វ​ផ្សាយ​និង​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​»។ (​លូកា ៨:១​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្រុង​ផ្សេង​ទៀត​ដែរ ពីព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​»។ (​លូកា ៤:៤៣​) លោក​បាន​ចាត់​អ្នក​កាន់​តាម​លោក​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ក្នុង​ក្រុង​និង​ភូមិ ហើយ​ក្រោយ​មក​លោក​បាន​បង្គាប់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ . . . រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»។—សកម្មភាព ១:៨; លូកា ១០:១

      របៀប​ដែល​គ្រិស្ត​សាសនិក​ដំបូង​មាន​សញ្ញា​សម្គាល់​នេះ: អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ធ្វើ​តាម​ភ្លាម​នូវ​អ្វី​ដែល​លោក​បាន​ប្រាប់​ពួក​គេ។ ​«​ជា​រៀង​រាល់​ថ្ងៃ ក្នុង​វិហារ​និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ពួក​គាត់​បន្ត​បង្រៀន​និង​ប្រកាស​ដំណឹង​ល្អ​ឥត​ឈប់ អំពី​លោក​យេស៊ូ ដែល​ជា​គ្រិស្ត​»។ (​សកម្មភាព ៥:៤២​) ការ​ផ្សព្វ​ផ្សាយ​មិន​មែន​សម្រាប់​តែ​ក្រុម​តូច​ពិសេស​ណា​មួយ​ទេ គឺ​ទាំង​អស់​គ្នា​ក្នុង​ក្រុម​ជំនុំ​បាន​ផ្សព្វ​ផ្សាយ។ នីនដឺ​ដែល​ជា​ប្រវត្ដិវិទូ​ម្នាក់​បាន​សង្កេត​ឃើញ​ថា ​«​សេល​សឺស​គឺជា​មនុស្ស​ម្នាក់​ដំបូង​ដែល​បាន​សរសេរ​ប្រឆាំង​នឹង​គ្រិស្ត​សាសនា អ្នក​កាត់​និង​ត្របាញ់​រោម​ចៀម អ្នក​ធ្វើ​ស្បែក​ជើង អ្នក​សម្លាប់​ស្បែក មនុស្ស​មិន​ចេះ​អក្សរ​និង​មនុស្ស​សាមញ្ញ​បំផុត​ដែល​ជា​អ្នក​ខ្នះខ្នែង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​»។ លោក​ហ្សង់ ប៊ែណាឌី​បាន​សរសេរ​ក្នុង​សៀវភៅ​របស់​គាត់​ថា​៖ ​«​[​គ្រិស្ត​សាសនិក​]ចេញ​ទៅ​និយាយ​ប្រាប់​មនុស្ស​គ្រប់​រូប​នៅ​គ្រប់​ទី​កន្លែង។ តាម​ផ្លូវ​ធំ​ៗ និង​នៅ​ក្នុង​ក្រុង នៅ​កន្លែង​សាធារណៈ​និង​នៅ​ក្នុង​ផ្ទះ​អ្នក​ឯ​ទៀត។ ទោះ​ជា​មនុស្ស​ស្ដាប់​ឬ​មិន​ស្ដាប់​ក៏​ដោយ ពួក​គេ​ផ្សព្វ​ផ្សាយ . . . រហូត​ដល់​ចុង​ផែនដី​»​ (​The Early Centuries of the Church​)។

      សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​មាន​លក្ខណៈ​សម្គាល់​នេះ? បព្វជិត​នៃ​វិហារ​អាន​គ្លីគិន​ម្នាក់​ឈ្មោះ​ដាវីឌ វ៉ាត់សុន​បាន​សរសេរ​ថា​៖ ​«​មូលហេតុ​មួយ​ដែល​សព្វ​ថ្ងៃ​នេះ មនុស្ស​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​បម្រើ​ព្រះ គឺ​ដោយ​សារ​វិហារ​គ្រិស្ត​សាសនា​មិន​ចាត់​ទុក​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​គម្ពីរ​ថា​សំខាន់​ទេ​»។ ហូសា លូអេ ប៉េរ៉េស គ័រដាលូ​ពី​បាន​សរសេរ​ក្នុង​សៀវភៅ​របស់​គាត់​ស្តី​អំពី​សកម្មភាព​របស់​ពួក​អ៊ីវ៉ាន់ជីលិកខល ពួក​អែដវិនធីស្ត​និង​អ្នក​ឯ​ទៀត ហើយ​បាន​សង្កេត​ឃើញ​ថា ​«​ពួក​គេ​មិន​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទេ​»។ (​Why Are the Catholics Leaving?​) ប៉ុន្តែ ស្តី​អំពី​សាក្សី​ព្រះ​យេហូវ៉ា គាត់​បាន​សរសេរ​ថា​៖ ​«​ពួក​គេ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​តាម​ការ​រៀបចំ​យ៉ាង​ត្រឹម​ត្រូវ​»។

      លោក​យ៉ូណាថិន ធើឡេ​បាន​សរសេរ​អំពី​ការ​សង្កេត​ឃើញ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ពិត​ត្រង់​របស់​គាត់​ក្នុង​សៀវភៅ​មួយ​ថា​៖ ​«​បើ​គេ​និយាយ​អំពី​សាក្សី​ព្រះ​យេហូវ៉ា មនុស្ស​ភាគ​ច្រើន​គិត​ភ្លាម​អំពី​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មក​ផ្ទះ​យើង​នៅ​ម៉ោង​ដែល​យើង​រវល់។ ចំពោះ​សាក្សី​ព្រះ​យេហូវ៉ា ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​មិន​ត្រឹម​តែ​ពង្រឹង​ជំនឿ​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​គឺ​សំខាន់​ចាំ​បាច់​សម្រាប់​ជំនឿ​របស់​ពួក​គេ​ផ្ទាល់​»​ (​Cato Supreme Court Review, 2001-2002​)។

      [​ប្រអប់​នៅ​ទំព័រ​៩​]

      តើ​លោក​អ្នក​ទទួល​ស្គាល់​សញ្ញា​សម្គាល់​ទាំង​នេះ​ឬ​ទេ?

      ដោយ​ផ្អែក​លើ​ខ្នាត​តម្រា​គម្ពីរ​ដែល​បាន​ត្រូវ​ពិចារណា​ក្នុង​អត្ថបទ​បន្ត​បន្ទាប់​គ្នា​នេះ តើ​លោក​អ្នក​គិត​ថា សព្វ​ថ្ងៃ​នេះ​អ្នក​ណា​មាន​សញ្ញា​សម្គាល់​ជា​គ្រិស្ត​សាសនិក​ពិត? ក៏​ប៉ុន្តែ មាន​រាប់​ម៉ឺន​និកាយ​ដែល​អះអាង​ថា​ជា​គ្រិស្ត​សាសនិក។ ដូច្នេះ សូម​ចាំ​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​មិន​មែន​អស់​អ្នក​ដែល​និយាយ​មក​ខ្ញុំ​ថា​៖ ‹លោក​ម្ចាស់! លោក​ម្ចាស់!› នឹង​ចូល​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ តែ​គឺ​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​នៃ​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​វិញ​»។ (​ម៉ាថាយ ៧:២១​) ការ​សម្គាល់​អ្នក​ដែល​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​នៃ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ពោល​គឺ​អ្នក​ដែល​មាន​សញ្ញា​សម្គាល់​ជា​គ្រិស្ត​សាសនិក ហើយ​ចូល​រួម​ជា​មួយ​ពួក​គេ អាច​នាំ​ឲ្យ​ទទួល​ពរ​ជា​រៀង​រហូត​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ។ ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​រាជាណាចក្រ​ព្រះ ហើយ​ទទួល​ពរ​ដែល​រាជាណាចក្រ​នោះ​នឹង​នាំ​មក យើង​សូម​អញ្ជើញ​លោក​អ្នក​សួរ​សាក្សី​ព្រះ​យេហូវ៉ា​ដែល​បាន​ជូន​ទស្សនាវដ្ដី​នេះ​ដល់​លោក​អ្នក។—លូកា ៤:៤៣

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក