-
ហេតុអ្វីពិបាកស្រឡាញ់ព្រះ?ទស្សនាវដ្ដីប៉មយាម: ពាក្យកុហកដែលធ្វើឲ្យមនុស្សពិបាកស្រឡាញ់ព្រះ
-
-
អត្ថបទអំពីក្របទស្សនាវដ្ដី | ពាក្យកុហកដែលធ្វើឲ្យមនុស្សពិបាកស្រឡាញ់ព្រះ
ហេតុអ្វីពិបាកស្រឡាញ់ព្រះ?
នៅឆ្នាំ៣៣ គ.ស.a លោកយេស៊ូគ្រិស្តបានមានប្រសាសន៍ថា៖«‹អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ហើយអស់ពីសមត្ថភាពរិះគិត›។ នេះជាបញ្ញត្ដិទីមួយ ហើយជាបញ្ញត្ដិសំខាន់ជាងគេ»។
មនុស្សខ្លះពិបាកស្រឡាញ់ព្រះ។ សម្រាប់ពួកគេ ព្រះហាក់ដូចជានៅឆ្ងាយពេក ឬមិនអាចយល់បាន ថែមទាំងជាព្រះឃោរឃៅទៀតផង។ សូមពិចារណាពាក្យសម្ដីខ្លះដូចតទៅ៖
ម៉ាកូពីអ៊ីតាលី រៀបរាប់ថា៖«ខ្ញុំបានអធិដ្ឋានសុំព្រះឲ្យជួយខ្ញុំ តែដំណាលគ្នានោះ ខ្ញុំមានអារម្មណ៍ថាលោកនៅឆ្ងាយពេក ហួសពីការដែលខ្ញុំអាចចូលទៅជិតបាន។ ដូច្នេះសម្រាប់ខ្ញុំ ព្រះមិនមែនជាបុគ្គលពិតទេ ហើយលោកគ្មានអារម្មណ៍ទាល់តែសោះ»។
រ៉ូសាពីក្វាតេម៉ាឡា រៀបរាប់ថា៖«ទោះជាខ្ញុំចង់បម្រើព្រះយ៉ាងស្មោះអស់ពីចិត្តក៏ដោយ តែលោកហាក់ដូចជានៅឆ្ងាយពេក។ ខ្ញុំគិតថាលោកជាព្រះឃោរឃៅ ដែលចាំតែដាក់ទណ្ឌកម្មយើងប៉ុណ្ណោះ។ ខ្ញុំមិនជឿថាលោកជាព្រះដែលមានអារម្មណ៍កក់ក្ដៅនោះទេ»។
រេម៉ុនពីកាណាដា រៀបរាប់ថា៖«ពេលនៅក្មេង ខ្ញុំគិតថាព្រះកំពុងរកមើលកំហុសរបស់មនុស្ស ហើយចាំតែដាក់ទោសឲ្យសមនឹងកំហុសយើង។ ពេលខ្ញុំធំឡើង ខ្ញុំយល់ឃើញថាព្រះនៅខ្ពស់ឆ្ងាយពេក។ ព្រះគឺប្រៀបដូចជានាយករដ្ឋមន្ត្រីដែលមើលខុសត្រូវកិច្ចការផ្សេងៗឲ្យប្រជាជន តែមិនយកចិត្តទុកដាក់យ៉ាងស្មោះចំពោះពួកគេទេ»។
ចុះអ្នកវិញគិតយ៉ាងណាដែរ? តើពិបាកឲ្យស្រឡាញ់ព្រះមែនឬ? គ្រិស្តសាសនិកបានសួរសំណួរនោះអស់ជាច្រើនសតវត្សរ៍មកហើយ។ តាមពិត នៅអំឡុងរវាងឆ្នាំ៥០០និង១៥០០ គ.ស. សមាជិកភាគច្រើននៃពិភពគ្រិស្តសាសនាបានឈប់អធិដ្ឋានទៅព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត។ ហេតុអ្វីដូច្នេះ? ដោយសារពួកគេភ័យខ្លាចលោកខ្លាំងពេក។ ប្រវត្តិវិទូម្នាក់ឈ្មោះវីល ដូរេន បាននិយាយថា៖«តើមនុស្សម្នាក់ដែលធ្វើអំពើខុសឆ្គង អាចហ៊ានអធិដ្ឋានទៅព្រះដែលគួរឲ្យភ័យខ្លាច និងដែលនៅឆ្ងាយពីមនុស្សជាតិយ៉ាងដូចម្ដេចបាន?»។
ហេតុអ្វីមនុស្សខ្លះមានទស្សនៈថាព្រះ«គួរឲ្យភ័យខ្លាចនិងនៅឆ្ងាយពេក»? តើគម្ពីរបង្រៀនយ៉ាងណាអំពីព្រះ? តើការដឹងសេចក្ដីពិតអំពីព្រះអាចជួយអ្នកឲ្យស្រឡាញ់លោកឬទេ?
-
-
ពាក្យកុហកថាព្រះគ្មានឈ្មោះទស្សនាវដ្ដីប៉មយាម: ពាក្យកុហកដែលធ្វើឲ្យមនុស្សពិបាកស្រឡាញ់ព្រះ
-
-
អត្ថបទអំពីក្របទស្សនាវដ្ដី | ពាក្យកុហកដែលធ្វើឲ្យមនុស្សពិបាកស្រឡាញ់ព្រះ
ពាក្យកុហកថាព្រះគ្មានឈ្មោះ
តើមនុស្សជាច្រើនជឿយ៉ាងណា?
សាស្ត្រាចារ្យម្នាក់ឈ្មោះដាវីឌ ខាន់នីងហេម ដែលជាអ្នកសិក្សាទ្រឹស្ដីខាងសាសនា បានប្រាប់ថា៖ «យើងមិនអាចនិយាយដាច់ខាតថាព្រះមានឈ្មោះឬមិនមានទេ បើមានមែន តើព្រះឈ្មោះអ្វី?»។
តើគម្ពីរមានសេចក្ដីពិតអ្វី?
ព្រះបានមានប្រសាសន៍ថា៖«ខ្ញុំជាយេហូវ៉ា នេះហើយជានាមរបស់ខ្ញុំ»។ (អេសាយ ៤២:៨) យេហូវ៉ាជាឈ្មោះភាសាហេប្រឺ មានន័យថា«លោកដែលធ្វើឲ្យក្លាយជា» ឬ«លោកដែលធ្វើឲ្យកើតមក»។—លោកុប្បត្តិ ២:៤
ព្រះយេហូវ៉ាចង់ឲ្យយើងប្រើឈ្មោះរបស់លោក។ គម្ពីរចែងថា៖«ចូរសរសើរពីកិច្ចការ ទាំងប៉ុន្មានរបស់ទ្រង់ចុះ នៅកណ្ដាលប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមទ្រង់ខ្ពស់វិសេស»។—អេសាយ ១២:៤
លោកយេស៊ូបានប្រើនាមរបស់ព្រះ។ លោកយេស៊ូអធិដ្ឋានទៅព្រះយេហូវ៉ាថា៖«ខ្ញុំបានសម្ដែងឲ្យពួកគាត់[សំដៅលើអ្នកកាន់តាមលោកយេស៊ូ]ស្គាល់នាមរបស់លោក ក៏នឹងសម្ដែងឲ្យស្គាល់តទៅទៀត»។ ហេតុអ្វីបានជាលោកយេស៊ូបង្ហាញនាមរបស់ព្រះដល់ពួកអ្នកកាន់តាមលោក? លោកយេស៊ូមានប្រសាសន៍បន្តទៀតថា៖«ដើម្បីឲ្យពួកគាត់បង្ហាញសេចក្ដីស្រឡាញ់ដូចសេចក្ដីស្រឡាញ់ដែល[ព្រះ]មានចំពោះខ្ញុំ ហើយដើម្បីឲ្យខ្ញុំរួបរួមជាមួយនឹងពួកគាត់»។—យ៉ូហាន ១៧:២៦
មូលហេតុត្រូវដឹង
សាសនវិទូម្នាក់ឈ្មោះវ៉ុលធើ ឡោរី បានសរសេរថា៖«អ្នកណាដែលមិនស្គាល់ឈ្មោះរបស់ព្រះ អ្នកនោះមិនស្គាល់អំពីគុណសម្បត្តិរបស់លោកទេ ហើយគាត់ក៏មិនអាចស្រឡាញ់ព្រះបានដែរ បើគាត់ដឹងត្រឹមតែថាលោកជាកម្លាំងមួយប៉ុណ្ណោះ»។
ការបិទបាំងឬប្រើពាក្យផ្សេងជំនួសនាមរបស់ព្រះ គឺប្រៀបដូចជាការកាត់ឈ្មោះរបស់លោកចេញពីគម្ពីរ
បុរសម្នាក់ឈ្មោះវីកទ័រ បានទៅវិហាររាល់សប្ដាហ៍។ ទោះជាយ៉ាងនោះក៏ដោយ គាត់មានអារម្មណ៍ថាគាត់មិនបានស្គាល់ព្រះទាល់តែសោះ។ គាត់និយាយថា៖«ក្រោយពីខ្ញុំបានរៀនដឹងថាព្រះមាននាមយេហូវ៉ា ពេលនោះខ្ញុំហាក់ដូចជាបានត្រូវណែនាំជាផ្លូវការឲ្យស្គាល់លោក។ ខ្ញុំមានអារម្មណ៍ថា ទីបំផុតខ្ញុំបានជួបបុគ្គលដែលខ្ញុំធ្លាប់ឮយ៉ាងច្រើនជាយូរមកហើយ។ សម្រាប់ខ្ញុំ ព្រះជាបុគ្គលពិត និងជាបុគ្គលដែលយើងអាចមានភាពជិតស្និទ្ធបាន»។
ព្រះយេហូវ៉ាក៏មានអារម្មណ៍ជិតស្និទ្ធជាមួយនឹងអស់អ្នកដែលហៅឈ្មោះរបស់លោកដែរ។ ស្ដីអំពី«ពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់» ព្រះបានសន្យាថា៖«អញនឹងប្រណី[មេត្តា]ដល់គេ ដូចជាមនុស្សប្រណី[មេត្តា]ដល់កូនខ្លួនដែរ។ គឺជាកូនដែលគោរពដល់ខ្លួនពិត»។ (ម៉ាឡាគី ៣:១៦, ១៧) ម្យ៉ាងទៀត ព្រះផ្ដល់រង្វាន់ដល់អស់អ្នកដែលហៅរកនាមរបស់លោក។ គម្ពីរចែងថា៖«អស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ានឹងត្រូវសង្គ្រោះ»។—រ៉ូម ១០:១៣
-
-
ពាក្យកុហកដែលធ្វើឲ្យមនុស្សជឿថាព្រះគឺអាថ៌កំបាំងទស្សនាវដ្ដីប៉មយាម: ពាក្យកុហកដែលធ្វើឲ្យមនុស្សពិបាកស្រឡាញ់ព្រះ
-
-
អត្ថបទអំពីក្របទស្សនាវដ្ដី | ពាក្យកុហកដែលធ្វើឲ្យមនុស្សពិបាកស្រឡាញ់ព្រះ
ពាក្យកុហកដែលធ្វើឲ្យមនុស្សជឿថាព្រះគឺអាថ៌កំបាំង
តើមនុស្សជាច្រើនជឿយ៉ាងណា?
គ្រិស្តសាសនា«និកាយធំៗបីគឺ រ៉ូម៉ាំងកាតូលិក អូធូដុក្សខាងកើត និងប្រូតេស្តង់ ជឿថាព្រះមួយនៅក្នុងបុគ្គលបីរូបគឺ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ យោងតាមទ្រឹស្ដីគ្រិស្តសាសនា ជំនឿនេះបង្ហាញថាពួកគេមិនបានទទួលស្គាល់ថាមានព្រះបីអង្គទេ តែទទួលស្គាល់ថាបុគ្គលទាំងបីនោះគឺជាព្រះតែមួយ» (The New Encyclopædia Britannica)។
សេចក្ដីពិតពីគម្ពីរ
លោកយេស៊ូជាបុត្ររបស់ព្រះ មិនដែលអះអាងថាលោកនិងព្រះជាបុគ្គលតែមួយ ឬថាលោកមានភាពស្មើនឹងព្រះដែលជាបិតាឡើយ។ ផ្ទុយទៅវិញ លោកបានមានប្រសាសន៍ថា៖«ខ្ញុំទៅឯបិតាដែលនៅស្ថានសួគ៌ ពីព្រោះបិតានៅស្ថានសួគ៌គឺធំជាងខ្ញុំ»។ (យ៉ូហាន ១៤:២៨) លោកក៏បានប្រាប់អ្នកកាន់តាមម្នាក់ដែរថា៖«ខ្ញុំនឹងឡើងទៅឯបិតារបស់ខ្ញុំនិងបិតារបស់អ្នករាល់គ្នា ហើយទៅឯព្រះរបស់ខ្ញុំនិងព្រះរបស់អ្នករាល់គ្នា»។—យ៉ូហាន ២០:១៧
សកម្មពលបរិសុទ្ធមិនមែនជាព្រះមួយរូបទេ។ គ្រិស្តសាសនិកនៅសម័យមុន«បានពេញទៅដោយសកម្មពលបរិសុទ្ធ» ហើយព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖«ខ្ញុំនឹងចាក់សកម្មពលខ្លះរបស់ខ្ញុំទៅលើមនុស្សគ្រប់ប្រភេទ»។ (សកម្មភាព ២:១-៤, ១៧) ដូច្នេះ សកម្មពលបរិសុទ្ធមិនមែនជាផ្នែកមួយនៃព្រះបីរួមគ្នាជាព្រះតែមួយទេ តែជាឫទ្ធានុភាពរបស់ព្រះ។
មូលហេតុត្រូវដឹង
បណ្ឌិតខាងគោលលទ្ធិកាតូលិកឈ្មោះខាល រ៉ាណឺ និងហឺបឺត ហ្វូគ្រីមឡឺ បានពន្យល់ថា ព្រះបីរួមគ្នាជាព្រះតែមួយ«មិនអាចយល់បានទេ បើគ្មានការបកស្រាយ ហើយទោះជាក្រោយពីបកស្រាយហើយក៏ដោយ ក៏មិនអាចយល់បានទាំងអស់ដែរ»។ តើអ្នកពិតជាអាចស្រឡាញ់នរណាម្នាក់ដែលអ្នកមិនអាចស្គាល់ឬមិនអាចយល់បានទេ? ច្បាស់ហើយថា ទ្រឹស្ដីនៃព្រះបីរួមគ្នាជាព្រះតែមួយ គឺជាឧបសគ្គរារាំងមនុស្សមិនឲ្យស្គាល់និងស្រឡាញ់ព្រះ។
ម៉ាកូដែលបានរៀបរាប់ក្នុងអត្ថបទមុន ក៏បានយល់ឃើញថាសេចក្ដីបង្រៀនអំពីព្រះបីរួមគ្នាជាព្រះតែមួយគឺជាការរារាំងមួយមែន។ គាត់និយាយថា៖«ខ្ញុំធ្លាប់គិតថាព្រះព្យាយាមលាក់បាំងមិនឲ្យខ្ញុំស្គាល់លោក ហើយនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាលោកនៅឆ្ងាយណាស់មិនអាចចូលទៅជិតបាន និងជាបុគ្គលអាថ៌កំបាំង»។ ក៏ប៉ុន្តែ គម្ពីរប្រាប់ថា៖‹ព្រះមិននៅឆ្ងាយពីយើងម្នាក់ៗទេ›។ (សកម្មភាព ១៧:២៧) ព្រះមិនបានលាក់អត្តសញ្ញាណរបស់លោកទេ។ ផ្ទុយទៅវិញ លោកចង់ឲ្យយើងស្គាល់លោក។ លោកយេស៊ូបានមានប្រសាសន៍ថា៖«យើងគោរពប្រណិប័តន៍ដោយមានចំណេះ»។—យ៉ូហាន ៤:២២
ម៉ាកូបាននិយាយទៀតថា៖«ពេលខ្ញុំបានរៀនដឹងថាព្រះមិនមែនជាផ្នែកមួយនៃព្រះបីរួមគ្នាជាព្រះតែមួយទេ នោះបន្តិចម្ដងៗ ខ្ញុំអាចមានចំណងមិត្តភាពដោយផ្ទាល់ជាមួយនឹងលោក»។ ប្រសិនបើយើងចាត់ទុកព្រះយេហូវ៉ាថាជាបុគ្គលមួយដាច់ដោយឡែក និងមិនមែនជាបុគ្គលអាថ៌កំបាំងទេ នោះយើងកាន់តែងាយស្រួលក្នុងការស្រឡាញ់លោក។ គម្ពីរចែងថា៖«អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ ពីព្រោះព្រះគឺជាសេចក្ដីស្រឡាញ់»។—យ៉ូហានទី១ ៤:៨
-
-
សេចក្ដីភូតភរដែលធ្វើឲ្យមនុស្សគិតថាព្រះគ្មានមេត្តាទស្សនាវដ្ដីប៉មយាម: ពាក្យកុហកដែលធ្វើឲ្យមនុស្សពិបាកស្រឡាញ់ព្រះ
-
-
អត្ថបទអំពីក្របទស្សនាវដ្ដី | ពាក្យកុហកដែលធ្វើឲ្យមនុស្សពិបាកស្រឡាញ់ព្រះ
សេចក្ដីភូតភរដែលធ្វើឲ្យមនុស្សគិតថាព្រះគ្មានមេត្តា
អ្វីដែលមនុស្សជាច្រើនជឿ
សៀវភៅមួយរបស់សាសនាកាតូលិកបានសរសេរថា«ពេលមនុស្សដែលបានធ្វើអំពើអាក្រក់ស្លាប់ ភ្លាមៗនោះព្រលឹងរបស់ពួកគេចុះទៅស្ថាននរក ជាកន្លែងដែលពួកគេទទួលទារុណកម្មក្នុង‹ភ្លើងឆេះជារៀងរហូត›»។ (Catechism of the Catholic Church) អ្នកដឹកនាំសាសនាខ្លះនិយាយថា ស្ថាននរកជាស្ថានភាពមួយដែលមនុស្សនៅដាច់ឆ្ងាយពីព្រះ។
សេចក្ដីពិតក្នុងគម្ពីរ
គម្ពីរចែងថា៖«ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញ»។ (អេសេគាល ១៨:៤) មនុស្សស្លាប់«ឥតដឹងអ្វីឡើយ»។ (សាស្ដា ៩:៥) បើព្រលឹងស្លាប់ ហើយឥតដឹងអ្វីសោះឡើយ តើព្រលឹងនោះអាចរងទុក្ខក្នុង«ភ្លើងឆេះជារៀងរហូត» ឬនៅដាច់ឆ្ងាយពីព្រះយ៉ាងដូចម្ដេចបាន?
ក្នុងគម្ពីរ ពាក្យភាសាហេប្រឺនិងភាសាក្រិចដែលបានត្រូវបកប្រែថា«ស្ថាននរក» តាមពិតសំដៅទៅលើផ្នូរ។ ជាឧទាហរណ៍ គម្ពីរបានរៀបរាប់អំពីទំនាយដែលទាក់ទងនឹងលោកយេស៊ូថា៖«លោក[ព្រះ]នឹងមិនទុកឲ្យព្រលឹងខ្ញុំនៅក្នុងផ្នូរ»។ (សកម្មភាព ២:២៧) ច្បាស់ណាស់ លោកយេស៊ូមិនស្ថិតក្នុងកន្លែងទទួលទារុណកម្មឬនៅដាច់ឆ្ងាយពីព្រះទេ តែនៅក្នុងផ្នូរវិញ។
ហេតុអ្វីការដឹងសេចក្ដីពិតអំពីរឿងនេះគឺសំខាន់?
ការគិតថាព្រះគ្មានមេត្តាមិនធ្វើឲ្យយើងចង់ចូលទៅចិត្តលោកទេ តែធ្វើឲ្យយើងចង់នៅឆ្ងាយពីលោកវិញ។ រ៉ូស៊ីអូដែលរស់នៅប្រទេសម៉ិកស៊ិកបាននិយាយថា៖«ខ្ញុំបានរៀនអំពីភ្លើងនរកតាំងពីក្មេង។ ខ្ញុំភ័យខ្លាច ហើយគិតថាព្រះមិនមានគុណសម្បត្តិល្អទេ។ ខ្ញុំគិតថាលោកតែងតែខឹង ហើយមិនចេះអត់ធ្មត់ឡើយ»។
សេចក្ដីបង្រៀនដ៏ច្បាស់លាស់អំពីការវិនិច្ឆ័យរបស់ព្រះនិងស្ថានភាពរបស់មនុស្សស្លាប់ បានផ្លាស់ប្ដូរទស្សនៈដែលរ៉ូស៊ីអូមានចំពោះព្រះ។ រ៉ូស៊ីអូប្រាប់ថា៖«ខ្ញុំមានអារម្មណ៍ធូរស្រាលខ្លាំងណាស់ គឺដូចជាបានត្រូវលើកបន្ទុកដ៏ធ្ងន់មួយចេញពីខ្ញុំ។ ខ្ញុំចាប់ផ្ដើមមានទំនុកចិត្តថាព្រះចង់ឲ្យយើងទទួលប្រយោជន៍ច្រើនបំផុត លោកស្រឡាញ់យើង ហើយខ្ញុំក៏អាចស្រឡាញ់លោកបានដែរ។ លោកប្រៀបដូចជាឪពុកដែលកាន់ដៃកូនរបស់គាត់ ហើយចង់ផ្ដល់អ្វីដែលល្អបំផុតដល់កូន»។—អេសាយ ៤១:១៣
មនុស្សជាច្រើនព្យាយាមបម្រើព្រះដោយសារពួកគេខ្លាចទទួលទារុណកម្មក្នុងភ្លើងនរក ប៉ុន្តែព្រះមិនចង់ឲ្យយើងបម្រើលោកដោយសារតែភ័យខ្លាចលោកនោះទេ។ ផ្ទុយទៅវិញ លោកយេស៊ូមានប្រសាសន៍ថា៖«អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។ (ម៉ាកុស ១២:២៩, ៣០) បន្ថែមទៅទៀត ពេលដែលយើងទទួលស្គាល់ថាព្រះមិនប្រព្រឹត្តដោយអយុត្តិធម៌នៅសព្វថ្ងៃនេះ យើងក៏អាចទុកចិត្តទៅលើការវិនិច្ឆ័យរបស់លោកនៅថ្ងៃអនាគតផងដែរ។ ដូចអេលីហ៊ូវដែលជាមិត្តភក្ដិរបស់យ៉ូប យើងក៏អាចនិយាយថា៖«កុំឲ្យយើងថាព្រះទ្រង់ធ្វើអាក្រក់ ឬថាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់ប្រព្រឹត្តសេចក្ដីទុច្ចរិតនោះឡើយ»។—យ៉ូប ៣៤:១០
-
-
សេចក្ដីពិតអាចរំដោះអ្នកឲ្យមានសេរីភាពទស្សនាវដ្ដីប៉មយាម: ពាក្យកុហកដែលធ្វើឲ្យមនុស្សពិបាកស្រឡាញ់ព្រះ
-
-
អត្ថបទអំពីក្របទស្សនាវដ្ដី | ពាក្យកុហកដែលធ្វើឲ្យមនុស្សពិបាកស្រឡាញ់ព្រះ
សេចក្ដីពិតអាចរំដោះអ្នកឲ្យមានសេរីភាព
នៅថ្ងៃមួយក្នុងក្រុងយេរូសាឡិម ពេលដែលលោកយេស៊ូកំពុងមានប្រសាសន៍អំពីបិតារបស់លោកគឺព្រះយេហូវ៉ា លោកក៏បានបកអាក្រាតមុខមាត់របស់ពួកអ្នកដឹកនាំសាសនាមិនពិតផងដែរ។ (យ៉ូហាន ៨:១២-៣០) អ្វីដែលលោកបានមានប្រសាសន៍នៅពេលនោះ បង្រៀនយើងអំពីរបៀបដែលយើងអាចពិនិត្យមើលជំនឿដែលមនុស្សនៅសព្វថ្ងៃនេះមានជាទូទៅចំពោះព្រះ។ លោកយេស៊ូមានប្រសាសន៍ថា៖«ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ អ្នករាល់គ្នាពិតជាអ្នកកាន់តាមខ្ញុំមែន ហើយអ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។—យ៉ូហាន ៨:៣១, ៣២
ចូរ«នៅជាប់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ»។ ដោយមានប្រសាសន៍ដូច្នេះ លោកយេស៊ូបានរៀបចំខ្នាតតម្រាដើម្បីដឹងថា សេចក្ដីបង្រៀនខាងសាសនាផ្សេងៗគឺជា«សេចក្ដីពិត»ឬយ៉ាងណា។ ពេលដែលអ្នកឮអ្វីមួយអំពីព្រះ សូមសួរខ្លួនអ្នកថា ‹តើនេះស្របគ្នាជាមួយនឹងពាក្យសម្ដីរបស់លោកយេស៊ូ និងបទគម្ពីរទាំងមូលដែរឬទេ?›។ សូមយកតម្រាប់តាមអស់អ្នកដែលបានឮពាក្យសម្ដីរបស់សាវ័កប៉ូល ហើយ«ក៏បានពិនិត្យមើលបទគម្ពីររាល់ថ្ងៃដើម្បីឲ្យដឹងថាការទាំងនោះ[អ្វីដែលពួកគេកំពុងរៀន]ជាការពិតឬមិនពិត»។—សកម្មភាព ១៧:១១
ម៉ាកូ រ៉ូសា និងរេម៉ុន ទាំងបីនាក់បានត្រូវដកស្រង់ពីអត្ថបទដើម ពួកគេបានពិចារណាយ៉ាងយកចិត្តទុកដាក់ពីជំនឿរបស់ពួកគេដោយសិក្សាគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា។ តើពួកគេបានរៀនអ្វី?
ម៉ាកូ: «អ្នកបង្រៀនគម្ពីររបស់យើងបានប្រើបទគម្ពីរដើម្បីឆ្លើយរាល់សំណួររបស់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំ។ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាបានចាប់ផ្ដើមលូតលាស់ ហើយចំណងមិត្តភាពរវាងយើងជាប្ដីប្រពន្ធក៏កាន់តែជិតស្និទ្ធ!»។
រ៉ូសា: «ដំបូង ខ្ញុំបានគិតថាគម្ពីរគឺគ្រាន់តែជាសៀភៅទស្សនវិជ្ជាមួយក្បាលប៉ុណ្ណោះ ដែលពន្យល់អំពីព្រះតាមរបៀបស្រួលយល់តាមគំនិតរបស់មនុស្ស។ ប៉ុន្តែ បន្តិចម្ដងៗ ខ្ញុំបានឃើញថាគម្ពីរមានចម្លើយចំពោះសំណួររបស់ខ្ញុំ។ ឥឡូវព្រះយេហូវ៉ាគឺជាបុគ្គលពិតប្រាកដចំពោះខ្ញុំ។ លោកគឺជាបុគ្គលដែលខ្ញុំអាចទុកចិត្តបាន»។
រេម៉ុន: «ខ្ញុំបានអធិដ្ឋានទៅព្រះដើម្បីជួយខ្ញុំឲ្យរៀនអំពីលោក។ មិនយូរក្រោយមក ខ្ញុំនិងប្ដីរបស់ខ្ញុំបានចាប់ផ្ដើមរៀនគម្ពីរ។ នៅទីបំផុតយើងបានរៀនសេចក្ដីពិតអំពីព្រះយេហូវ៉ា! ពួកយើងពិតជាមានអំណរខ្លាំងណាស់ ដោយរៀនអំពីគុណសម្បត្តិរបស់លោកដែលជាព្រះ»។
គម្ពីរមិនគ្រាន់តែបកអាក្រាតសេចក្ដីភូតភរអំពីព្រះប៉ុណ្ណោះទេ ប៉ុន្តែគម្ពីរក៏បង្ហាញអំពីគុណសម្បត្តិដ៏ល្អប្រសើររបស់លោកដែរ។ បណ្ដាំរបស់លោកជួយយើងឲ្យ«ដឹងអ្វីដែលព្រះបានមេត្តាផ្ដល់ឲ្យយើង»។ (កូរិនថូសទី១ ២:១២) សូមស្វែងយល់ដោយខ្លួនអ្នកផ្ទាល់នូវរបៀបដែលគម្ពីរអាចផ្ដល់ចម្លើយចំពោះសំណួរសំខាន់ៗអំពីព្រះ គោលបំណងរបស់លោក និងអនាគតរបស់យើង។ សូមមើលចម្លើយចំពោះសំណួរទាំងនេះដោយចូលគេហទំព័រwww.pr2711.com/km ហើយចុច«សេចក្ដីបង្រៀនក្នុងគម្ពីរ > សំណួរនិងចម្លើយពីគម្ពីរ»។ អ្នកក៏អាចស្នើសុំរៀនគម្ពីរក្នុងគេហទំព័រនេះឬពីសាក្សីព្រះយេហូវ៉ាណាម្នាក់។ យើងមានទំនុកចិត្តថាបើអ្នកធ្វើដូច្នេះ អ្នកនឹងឃើញថាព្រះមានគុណសម្បត្តិដ៏អស្ចារ្យជាច្រើនដែលមិនអាចនឹកស្មាន។
-