តើអ្នកអាចរកឃើញសេចក្ដីបង្រៀនពិតខាងសាសនាបានទេ?
បុរសម្នាក់នៅប្រទេសទីបេបង្វិលឧបករណ៍មួយ(prayer wheel)ដែលមានធម៌បន់ស្រន់ជាលាយល័ក្ខណ៍អក្សរនៅក្នុងនោះ។ គាត់ជឿជាក់ថាសំណូមពររបស់គាត់ត្រូវធ្វើឡើងម្ដងទៀតរាល់ៗដង ពេលដែលឧបករណ៍នោះត្រូវបង្វិល។ នៅក្នុងផ្ទះដ៏ធំមួយនៅប្រទេសឥណ្ឌា គេមានបន្ទប់មួយសំរាប់ធ្វើបុណ្យហៅថាភូយ៉ា ពោលគឺការថ្វាយបង្គំដែលរួមបញ្ចូលការដុតធូប ផ្កា និងរបស់ផ្សេងសំរាប់ថ្វាយដល់រូបព្រះដទៃទៀត។ នៅប្រទេសអ៊ីតាលីដែលឆ្ងាយរាប់ពាន់គីឡូម៉ែត្រ ស្ត្រីម្នាក់លុតជង្គង់ក្នុងព្រះវិហារដ៏ប្រណីតនៅពីមុខរូបម៉ារា ម្ដាយរបស់ព្រះយេស៊ូ ព្រមទាំងអធិស្ឋាន ដោយកាន់ចង្វាយគ្រាប់ផ្គាំ។
ប្រហែលជាអ្នកធ្លាប់ឃើញអានុភាពដែលសាសនាមានលើជីវិតរបស់មនុស្សគ្រប់រូប។ សៀវភៅមួយចែងថា៖ «សាសនា . . . តាំងពីមុនមករហូតដល់ឥឡូវនេះបន្តមានមុខនាទីដ៏សំខាន់ក្នុងសង្គមមនុស្សទូទាំងពិភពលោក»។ (The World’s Religions—Understanding the Living Faiths) នៅក្នុងសៀវភៅមួយនិពន្ធដោយចន បូកឺ ចែងថា៖ «នៅក្នុងសង្គមមនុស្ស គឺមិនដែលធ្លាប់មានសង្គមណាដែលមិនជឿលើព្រះឡើយ ហើយជាធម្មតាមានជំនឿថាទ្រង់ជាអ្នកកាន់កាប់និងអ្នកបង្កើត។ សូម្បីតែសង្គមទាំងនោះដែលមិនកាន់សាសនាក៏ដោយ»។ —God—A Brief History
ប្រាកដហើយ សាសនាមានអានុភាពលើជីវិតមនុស្សរាប់លាននាក់។ តើនេះពិតជាភស្តុតាងដ៏មាំមួនដែលថាមនុស្សត្រូវការរបស់អ្វីៗខាងវិញ្ញាណមែនឬទេ? បណ្ឌិតខាងចិត្តវិជ្ជាដ៏ល្បីឈ្មោះ លោកខាល ជុង ក្នុងសៀវភៅមួយរបស់គាត់បានសំដៅទៅលើសេចក្ដីត្រូវការរបស់មនុស្សក្នុងការថ្វាយបង្គំព្រះ ហើយបានមានប្រសាសន៍ថា«សេចក្ដីត្រូវការក្នុងការថ្វាយបង្គំព្រះគឺអាចឃើញនៅគ្រប់ប្រវត្ដិសាស្ត្រមនុស្ស»។—The Undiscovered Self
ប៉ុន្តែ មនុស្សជាច្រើនមិនជឿលើព្រះ ឬចាប់អារម្មណ៍នឹងសាសនាទេ។ អ្នកខ្លះសង្ស័យឬបដិសេធថាមានព្រះ ជាពិសេសដោយសារតែសាសនាដែលគេស្គាល់មិនបានបំពេញសេចក្ដីត្រូវការខាងវិញ្ញាណដល់ពួកគេសោះ។ ពាក្យសាសនាត្រូវបានបកស្រាយថា«ការគោរពតាមគោលការណ៍ណាមួយ ភាពស្មោះត្រង់ឬភក្ដីភាព ការព្យាយាម មនោសញ្ចេតនាដែលប្រកបដោយការគោរព»។ តាមការបកស្រាយនេះ មនុស្សសឹងតែទាំងអស់បង្ហាញនូវការគោរពសាសនាក្នុងជីវិតរបស់ពួកគេ។ នេះគឺរួមបញ្ចូលទាំងអ្នកមិនជឿថាមានព្រះ។
ក្នុងកំឡុងរាប់ពាន់ឆ្នាំនៃប្រវត្ដិសាស្ត្រមនុស្ស មនុស្សបានខំរកបំពេញសេចក្ដីត្រូវការខាងវិញ្ញាណ ដែលនាំឲ្យគេរកវិធីថ្វាយបង្គំផ្សេងៗ។ ជាលទ្ធផល នៅទូទាំងពិភពលោកពួកគេមានទស្សនៈខុសៗគ្នាអំពីរឿងសាសនា។ ជាឧទាហរណ៍ ទោះជាស្ទើរតែគ្រប់សាសនាទាំងអស់មានជំនឿលើព្រះក៏ដោយ ពួកគេនៅតែមានមតិខុសៗគ្នាចំពោះអ្នកណាជាព្រះឬទ្រង់ជាអ្វីដែរ។ សាសនាភាគច្រើនក៏បញ្ជាក់លើសារៈសំខាន់នៃសេចក្ដីសង្គ្រោះឬការរំដោះ។ ប៉ុន្តែ ការបង្រៀនរបស់គេខុសគ្នាចំពោះអ្វីដែលជាសេចក្ដីសង្គ្រោះ និងរបៀបដែលអាចទទួលបាន។ ដោយសារមានសាសនាច្រើនដល់ម្ល៉េះ តើដូចម្ដេចដែលយើងអាចសម្គាល់សេចក្ដីបង្រៀនពិតដែលព្រះសព្វព្រះហឫទ័យ?