-
«ព្រះពេញចិត្ត»អំណោយរបស់ពួកគេការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
-
-
អេបិលទុកគំរូសម្រាប់ការគោរពប្រណិប័តន៍ពិត
១០. តើតាមរបៀបណាអេបិលបានទុកគំរូសម្រាប់ការគោរពប្រណិប័តន៍ពិត?
១០ អេបិលបានជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា ដោយដឹងថាមានតែលោកប៉ុណ្ណោះសមនឹងទទួល។ គ្រឿងបូជារបស់គាត់មានគុណភាពល្អបំផុត ព្រោះគាត់បានយក«កូនសត្វដំបូងមួយចំនួនពីហ្វូងសត្វរបស់គាត់»។ គម្ពីរមិនបានចែងថាគាត់បានជូនគ្រឿងបូជានៅលើទីបូជាឬនៅកន្លែងណាមួយទេ។ ទោះជាយ៉ាងនោះក្ដី យើងដឹងថារបៀបដែលគាត់ជូនគ្រឿងបូជាច្បាស់ជាធ្វើឲ្យព្រះពេញចិត្ត។ ប៉ុន្តែ អ្វីដែលធ្វើឲ្យគ្រឿងបូជារបស់គាត់ពិសេស គឺបំណងចិត្តរបស់គាត់ ហើយសូម្បីតែជាង៦.០០០ឆ្នាំក្រោយមក ក៏គំរូរបស់គាត់នៅតែផ្ដល់មេរៀនដល់យើងនៅសព្វថ្ងៃដែរ។ អ្វីដែលជំរុញចិត្តគាត់ គឺជំនឿលើព្រះយេហូវ៉ានិងសេចក្ដីស្រឡាញ់ចំពោះខ្នាតតម្រាដ៏សុចរិតរបស់លោក។ ហេតុអ្វីយើងដឹង?
អេបិលបានទុកគំរូល្អអំពីតម្រូវការបួនយ៉ាងស្ដីអំពីការគោរពប្រណិប័តន៍ពិត (សូមមើលវគ្គ១០)
១១. ហេតុអ្វីលោកយេស៊ូរៀបរាប់ថាអេបិលជាមនុស្សសុចរិត?
១១ ដំបូង សូមពិចារណាអ្វីដែលលោកយេស៊ូបានមានប្រសាសន៍អំពីអេបិលជាបុរសដែលលោកស្គាល់យ៉ាងច្បាស់។ ពេលអេបិលនៅរស់ លោកយេស៊ូនៅស្ថានសួគ៌។ លោកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកូនប្រុសម្នាក់នេះរបស់អាដាម។ (សុភ. ៨:២២, ៣០, ៣១; យ៉ូន. ៨:៥៨; កូឡ. ១:១៥, ១៦) ដូច្នេះ លោកយេស៊ូអាចនិយាយថាអេបិលជាមនុស្សសុចរិត ដោយសារលោកជាសាក្សីដែលបានឃើញផ្ទាល់ភ្នែក។ (ម៉ាថ. ២៣:៣៥) មនុស្សសុចរិតគឺជាអ្នកដែលទទួលស្គាល់ថា ព្រះយេហូវ៉ាមានសិទ្ធិកំណត់ខ្នាតតម្រាស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បង្ហាញដោយពាក្យសម្ដីនិងការប្រព្រឹត្តដែលថាគាត់យល់ស្របនឹងខ្នាតតម្រាទាំងនោះ។ (សូមពិនិត្យបន្ថែម លូកា ១:៥, ៦) ដើម្បីមានកេរ្តិ៍ឈ្មោះជាមនុស្សសុចរិត គឺត្រូវការពេលវេលា។ ដូច្នេះ មុនអេបិលជូនគ្រឿងបូជាដល់ព្រះ គាត់មានទម្លាប់រួចហើយក្នុងការរស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។ ការធ្វើដូច្នោះមិនមែនស្រួលទេ។ គាត់ប្រហែលជាមិនបានទទួលឥទ្ធិពលល្អពីកាអ៊ីនដែលជាបងប្រុសរបស់គាត់ទេ ព្រោះចិត្តរបស់កាអ៊ីនបានទៅជាអាក្រក់។ (១យ៉ូន. ៣:១២) ឯម្ដាយរបស់គាត់វិញ មិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ាទេ ហើយឪពុកគាត់ក៏បានបះបោរប្រឆាំងនឹងលោកដែរ ព្រោះគាត់ចង់ធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ (ដក. ២:១៦,១៧; ៣:៦) អេបិលពិតជាក្លាហានមែន ដែលបានជ្រើសរើសគន្លងជីវិតខុសពីក្រុមគ្រួសាររបស់គាត់ទាំងស្រុង!
១២. តើកាអ៊ីននិងអេបិលខុសគ្នាត្រង់ណា?
១២ បន្ទាប់មក សូមកត់សម្គាល់នូវរបៀបដែលសាវ័កប៉ូល បញ្ជាក់អំពីទំនាក់ទំនងរវាងជំនឿនិងសេចក្ដីសុចរិត។ ប៉ូលសរសេរថា៖ «ដោយសារជំនឿអេបិលបានជូនគ្រឿងបូជាដែលមានតម្លៃខ្ពស់ជាងគ្រឿងបូជារបស់កាអ៊ីន ហើយដោយសារជំនឿ ព្រះបានបញ្ជាក់ថាគាត់ជាមនុស្សសុចរិត»។ (ហេ. ១១:៤) ពាក្យរបស់ប៉ូលបញ្ជាក់ថាអេបិលខុសពីកាអ៊ីន គឺដោយសារគាត់មានជំនឿដ៏ស្មោះចំពោះព្រះយេហូវ៉ា និងស្រឡាញ់របៀបដែលលោកប្រព្រឹត្តតាំងពីយូរមកហើយ។ អ្វីទាំងនោះបានជំរុញចិត្តរបស់គាត់។
១៣. តើគំរូរបស់អេបិលបង្រៀនយើងអ្វីខ្លះ?
១៣ គំរូរបស់អេបិលបង្រៀនយើងថាការគោរពប្រណិប័តន៍ពិត អាចមានលុះត្រាតែផុសចេញពីបំណងចិត្តបរិសុទ្ធ គឺចិត្តដែលពេញទៅដោយជំនឿទៅលើព្រះយេហូវ៉ា និងការយល់ស្របទាំងស្រុងនឹងខ្នាតតម្រាសុចរិតរបស់លោក។ បន្ថែមទៅទៀត យើងរៀនថាការគោរពប្រណិប័តន៍ពិត មិនគ្រាន់តែជាការបង្ហាញភក្ដីភាពតែម្ដងប៉ុណ្ណោះទេ តែមានច្រើនជាងនោះទៅទៀត ពោលគឺទាក់ទងនឹងការប្រព្រឹត្តនិងជីវិតរបស់យើង។
-