‹ទ្រង់បង្កើតគេឡើងជាប្រុសជាស្រី›
«ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី»។—លោកុប្បត្តិ ១:២៧
១. តើតាមរបៀបណាដែលសេចក្ដីពិតជាពរដល់គ្រីស្ទានប្រុសស្រី?
ជាការដ៏រីករាយណាស់ ដោយបានចូលរួមក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ា ចូលរួមជាមួយបុរសនិងស្ត្រី ក្មេងប្រុសនិងក្មេងស្រី ដែលអាទិភាពសំខាន់ក្នុងជីវិតរបស់គេ គឺការស្រឡាញ់និងគោរពតាមព្រះ! សេចក្ដីពិតដោះលែងយើងពីអាកប្បកិរិយានិងមារយាទ ដែលធ្វើឲ្យព្រះយេហូវ៉ាមិនគាប់ព្រះហឫទ័យ ហើយនេះបង្រៀនយើងឲ្យរស់នៅតាមរបៀបដែលពួកគ្រីស្ទានត្រូវរស់នៅ។ (យ៉ូហាន ៨:៣២; កូល៉ុស ៣:៨-១០) ឧទាហរណ៍ មនុស្សនៅគ្រប់កន្លែងមានទំនៀមទំលាប់ឬគំនិតផ្សេងៗអំពីរបៀបដែលបុរសត្រូវសម្ដែងលក្ខណៈ:ប្រុស និងស្ត្រីត្រូវសម្ដែងលក្ខណៈស្រី។ តើនេះដោយសារតែមនុស្សប្រុសកើតមកជាប្រុស ហើយមនុស្សស្រីកើតមកជាស្រីឬ? ឬក៏មានកត្ដាឯទៀតដែលត្រូវយកមកពិចារណាមើល?
២. (ក) តើអ្វីកំណត់ទស្សនៈរបស់យើងនៃលក្ខណៈប្រុសនិងអំពីលក្ខណៈស្រី? (ខ) តើអ្វីបានកើតឡើងដល់ទស្សនៈនៃភេទទាំងពីរ?
២ ចំពោះពួកគ្រីស្ទាន បន្ទូលរបស់ព្រះជាប្រភពដែលយើងត្រូវតែធ្វើតាម ទោះជាយើងមានទស្សនៈផ្ទាល់ខ្លួន វប្បធម៌ ឬទំនៀមទំលាប់យ៉ាងណាក៏ដោយ។ (ម៉ាថាយ ១៥:១-៩) ព្រះគម្ពីរមិនបានបរិយាយយ៉ាងល្អិតល្អន់លើគ្រប់ទិដ្ឋភាពនៃលក្ខណៈប្រុសនិងលក្ខណៈស្រីនោះឡើយ។ ផ្ទុយទៅវិញ ព្រះគម្ពីរទុកឲ្យមានលក្ខណៈច្រើន ដូចជាយើងឃើញក្នុងវប្បធម៌ផ្សេងៗ។ ដើម្បីឲ្យបានដូចអ្វីដែលព្រះបានបង្កើតពួកគេ ពួកបុរសត្រូវមានលក្ខណៈប្រុស និងស្ត្រីត្រូវមានលក្ខណៈស្រី។ ហេតុអ្វី? ពីព្រោះបុរសនិងស្ត្រី មិនមែនបង្កើតមកឲ្យទូទាត់គ្នាខាងរូបកាយប៉ុណ្ណោះទេ តែឲ្យទូទាត់គ្នាទៅវិញទៅមក តាមរយៈគុណសម្បត្ដិជាប្រុសនិងជាស្រីដែរ។ (លោកុប្បត្តិ ២:១៨, ២៣, ២៤; ម៉ាថាយ ១៩:៤, ៥) ប៉ុន្តែ ទស្សនៈអំពីភេទនេះបានក្លាយទៅជាខុសឆ្ងាយពីសភាពដើម។ មនុស្សជាច្រើនចាត់ទុកលក្ខណៈប្រុសជាការជិះជាន់ដ៏សាហាវ ភាពកំណាច ឬអំនួតជាប្រុស។ ក្នុងវប្បធម៌ខ្លះ គឺកម្រមានហើយជាអ្វីដ៏ខូចកិត្ដិយសទៀត ចំពោះបុរសក្នុងការយំក្នុងទីសាធារណៈឬទីសម្ងាត់។ ប៉ុន្តែ ក្នុងបណ្ដាមនុស្សនៅខាងក្រៅផ្នូររបស់ឡាសារ «ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង»។ (យ៉ូហាន ១១:៣៥) មិនមែនជាអ្វីដែលឥតសមហេតុផលទេចំពោះព្រះយេស៊ូ ដែលភាពជាប្រុសរបស់ទ្រង់គឺល្អគ្រប់ល័ក្ខណ៍។ សព្វថ្ងៃនេះ មនុស្សជាច្រើនពុំមានគំនិតថ្លឹងថ្លែងទេអំពីលក្ខណៈស្រី ដោយគិតថានេះសំរាប់តែទាក់ទាញចិត្តខាងកាយនិងកាមប៉ុណ្ណោះ។
លក្ខណៈប្រុសនិងលក្ខណៈស្រីដ៏ពិត
៣. តើពួកបុរសនិងស្ត្រីខុសគ្នាយ៉ាងណា?
៣ តើអ្វីទៅជាលក្ខណៈប្រុសដ៏ពិត ហើយអ្វីជាលក្ខណៈស្រីដ៏ពិត? សព្វវចនាធិប្បាយសៀវភៅពិភពលោក ថ្លែងថា៖ «ពួកបុរសនិងស្ត្រីភាគច្រើនមានភាពខុសគ្នាមិនគ្រាន់តែខាងកាយ ប៉ុន្តែខុសគ្នាខាងមារយាទ និងការចាប់អារម្មណ៍ដែរ។ ភាពខុសគ្នាទាំងនេះខ្លះគឺត្រូវកំណត់មកដោយជីវសាស្ត្រ។ . . . ប៉ុន្តែ ភាពខុសគ្នាជាច្រើនដែលមិនមែនខាងកាយ មានមូលដ្ឋានលើមុខនាទីខាងភេទដែលគ្រប់គ្នាបានរៀនមក។ មនុស្សកើតមកជាប្រុសឬជាស្រី ប៉ុន្តែគេរៀនឲ្យមានលក្ខណៈជាប្រុសឬជាស្រី»។ ពន្ធុវិជ្ជារបស់យើងអាចផ្ដល់ឲ្យមានលក្ខណៈជាច្រើន ប៉ុន្តែការលូតលាស់ឡើងលក្ខណៈប្រុសនិងស្រីដ៏ត្រឹមត្រូវ នោះគឺស្រេចទៅលើការរៀនរបស់យើងពីអ្វីដែលព្រះតម្រូវ ហើយស្រេចលើអ្វីដែលយើងជ្រើសរើសជាគោលដៅក្នុងជីវិត។
៤. តើព្រះគម្ពីរសម្ដែងប្រាប់អ្វីអំពីមុខនាទីនៃបុរសនិងស្ត្រី?
៤ ប្រវត្ដិសាស្ត្រព្រះគម្ពីរសម្ដែងថាមុខនាទីរបស់អ័ដាម គឺដើម្បីនាំមុខ ជាមេគ្រួសារលើប្រពន្ធនិងកូនចៅរបស់គាត់។ ហើយគាត់ក៏ត្រូវធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះដើម្បីបំពេញផែនដី ត្រួតត្រាលើវា ហើយសត្វដ៏ទាបទាំងអស់នៅលើផែនដីបង្ក្រាប។ (លោកុប្បត្តិ ១:២៨) មុខនាទីគ្រួសារដែលមានលក្ខណៈស្រីចំពោះនាងអេវ៉ា គឺជា«អ្នកជំនួយ» និង«អ្នកបង្គ្រប់» ដល់អ័ដាម ចុះចូលនឹងប្រមុខភាពរបស់គាត់ រួមដៃជាមួយគាត់ក្នុងការសម្រេចគោលបំណងរបស់ព្រះសំរាប់ពួកគេ។—លោកុប្បត្តិ ២:១៨; កូរិនថូសទី១ ១១:៣
៥. តើតាមរបៀបណាដែលទំនាក់ទំនងរវាងបុរសនិងស្ត្រីបានត្រូវបាក់បែក?
៥ ប៉ុន្តែអ័ដាមមិនបានធ្វើតាមភារកិច្ចរបស់គាត់ទេ ហើយនាងអេវ៉ាបានប្រើលក្ខណៈស្រីរបស់នាងតាមរបៀបដ៏អន្ទង ដើម្បីល្បួងអ័ដាមឲ្យចូលរួមជាមួយនាងក្នុងការមិនគោរពតាមព្រះ។ (លោកុប្បត្តិ ៣:៦) ដោយបណ្ដោយខ្លួនគាត់ធ្វើអ្វីដែលគាត់គិតថាជាខុស នោះអ័ដាមមិនបានសម្ដែងលក្ខណៈប្រុសដ៏ពិតទេ។ គាត់បានជ្រើសរើសធ្វើតាមពាក្យរបស់គូដែលបានល្បួងគាត់ ជាជាងធ្វើតាមអ្វីដែលព្រះវរបិតានិងព្រះអាទិទេពបានមានបន្ទូលមក។ (លោកុប្បត្តិ ២:១៦, ១៧) មិនយូរប៉ុន្មានមក គូដំបូងបានចាប់ផ្ដើមពិសោធនូវអ្វីដែលព្រះបានប្រមើលឃើញថាជាផលកម្មនៃការមិនគោរព។ អ័ដាម ដែលបានរៀបរាប់ពីប្រពន្ធរបស់គាត់ដោយពាក្យដ៏ត្រេកត្រអាលនិងដូចកំណាព្យ តែឥឡូវនេះ បាននិយាយអំពីនាងដ៏សោះកក្រោះ ថាជា‹ស្ត្រីដែលទ្រង់បានប្រទានឲ្យទូលបង្គំ›។ ឥឡូវនេះ ភាពមិនល្អគ្រប់ល័ក្ខណ៍របស់គាត់ បានធ្វើឲ្យសៅហ្មង ហើយបានបំបែរលក្ខណៈប្រុស ធ្វើឲ្យគាត់‹ត្រួតត្រាលើប្រពន្ធរបស់គាត់›។ ឯនាងអេវ៉ាវិញ គាត់‹ប្រាថ្នាចង់បានខ្លាំង›នូវប្ដីរបស់គាត់ ប្រហែលជាតាមរបៀបហួសហេតុនិងដ៏ឥតចេះថ្លឹងថ្លែង។—លោកុប្បត្តិ ៣:១២, ១៦
៦, ៧. (ក) តើភាពឥតត្រឹមត្រូវនៃលក្ខណៈប្រុសបានលូតលាស់យ៉ាងណាមុនទឹកជំនន់? (ខ) តើយើងអាចរៀនអ្វីពីស្ថានការណ៍មុនទឹកជំនន់?
៦ ការប្រើដ៏ខុសនៃលក្ខណៈប្រុសនិងស្រី បានក្លាយទៅជារីកធំមុននឹងទឹកជំនន់។ ពួកទេវតាបានលះបង់លំនៅដើមរបស់គេក្នុងស្ថានសួគ៌ ហើយបានប្រែក្រឡាជារូបរាងមនុស្ស ដើម្បីកំសាន្តនឹងការរួមដំណេកជាមួយពួកស្ត្រី។ (លោកុប្បត្តិ ៦:១, ២) ព្រះគម្ពីរបានបរិយាយថា មានតែកូនប្រុសទេដែលបានកើតមកពីការរួមដំណេកដ៏ចម្លែកនេះ។ នេះតាមមើលទៅ កូនកាត់ ដែលមិនអាចបន្តពូជបាន។ ពួកគេបានក្លាយទៅជាពួកខ្លាំងក្លា ដែលមានឈ្មោះថានីហ្វីលិម ពីព្រោះពួកគេបណ្ដាលឲ្យអ្នកដទៃដួល។ (លោកុប្បត្តិ ៦:៤) យ៉ាងជាក់ស្តែងណាស់ ពួកគេជាមនុស្សឃោរឃៅ គឃ្លើន ដែលឥតមានសេចក្ដីមេត្ដាករុណាសោះឡើយ។
៧ យ៉ាងច្បាស់ណាស់ សោភ័ណភាពខាងកាយ រូបរាង មាឌ ឬកម្លាំងមិនផ្ដល់នូវលក្ខណៈប្រុសនិងស្រីដ៏សមរម្យនោះទេ។ ពួកទេវតាដែលបានប្រែក្រឡា នោះប្រហែលជាល្អស្អាតណាស់។ ហើយពួកនីហ្វីលិមមានមាឌដ៏ធំនិងមានសាច់ដុំច្រើន ប៉ុន្តែចិត្តមារយាទរបស់គេ បាននាំគេទៅផ្លូវអាក្រក់។ ពួកទេវតាដ៏មិនចេះគោរព និងកូនចៅរបស់គេបានបំពេញផែនដីដោយអំពើឥតសីលធម៌និងអំពើឃោរឃៅ។ ដូច្នេះ ព្រះយេហូវ៉ាបានកំទេចចោលមនុស្សសម័យនោះ។ (លោកុប្បត្តិ ៦:៥-៧) ប៉ុន្តែ ទឹកជំនន់មិនបានកំទេចចោលឥទ្ធិពលបិសាចនោះទេ ហើយក៏មិនបានបំបាត់ផលកម្មនៃអំពើបាបអ័ដាមនោះដែរ។ លក្ខណៈប្រុសនិងស្រីដ៏មិនត្រឹមត្រូវក៏បានបង្ហាញឲ្យឃើញទៀត ក្រោយពីទឹកជំនន់ ហើយមានឧទាហរណ៍ជាច្រើនក្នុងព្រះគម្ពីរ ទាំងល្អនិងអាក្រក់ ដែលយើងអាចយកធ្វើជាមេរៀន។
៨. តើអ្វីជាគំរូដ៏ល្អនៃលក្ខណៈប្រុសដ៏ត្រឹមត្រូវដែលយ៉ូសែបបានកាន់នោះ?
៨ ដំណើររឿងអំពីយ៉ូសែបនិងប្រពន្ធរបស់ប៉ូទីផាររ បង្ហាញឲ្យភាពខុសគ្នាច្រើន រវាងលក្ខណៈប្រុសដ៏ត្រឹមត្រូវ និងលក្ខណៈស្រីខាងលោកីយ៍នេះ។ ប្រពន្ធរបស់ប៉ូទីផារ ក្រោយពីបានឈ្លក់ជាប់ចិត្តនឹងយ៉ូសែបដ៏ល្អស្អាត ក៏បានខំប្រឹងប្រលោមគាត់។ នៅគ្រានោះ គឺឥតមានច្បាប់ដែលបានសរសេរហាមឃាត់អំពើសហាយស្មន់និងការផិតគ្នាឡើយ។ ប៉ុន្តែ យ៉ូសែបបានរត់ចេញពីស្ត្រីដ៏ឥតសីលធម៌នេះ ហើយបានបង្ហាញថាខ្លួនជាបុរសដ៏ពិតរបស់ព្រះ ជាបុគ្គលដែលបង្ហាញលក្ខណៈប្រុស ដែលព្រះយល់ព្រម។—លោកុប្បត្តិ ៣៩:៧-៩, ១២
៩, ១០. (ក) តើតាមរបៀបណាដែលមហាក្សត្រីវ៉ាសធីរំលោភលើលក្ខណៈស្រីរបស់នាង? (ខ) តើអ្វីជាគំរូដ៏ល្អនៃលក្ខណៈស្រីដែលនាងអេសធើរផ្ដល់ឲ្យយើង?
៩ នាងអេសធើរនិងមហាក្សត្រីវ៉ាសធី បានផ្ដល់ភាពផ្ទុយគ្នាដ៏អស្ចារ្យសំរាប់ពួកស្ត្រី។ យ៉ាងជាក់ស្តែងមែន ព្រះនាងវ៉ាសធីបានគិតថានាងមានរូបឆោមឆាយណាស់ ហើយថាស្តេចអ័ហាស៊ូរុស នឹងតែងតែធ្វើតាមសេចក្ដីប្រាថ្នារបស់នាង។ ប៉ុន្តែសោភ័ណភាពរបស់នាងគ្រាន់តែរាក់កំផែលប៉ុណ្ណោះ។ នាងឥតមានសុភាពនិងលក្ខណៈស្រីទេ ពីព្រោះនាងមិនបានបង្ហាញការចុះចូលដល់ស្វាមីនិងស្តេចរបស់នាង។ ស្តេចបានបដិសេធចោលនាង ហើយបានជ្រើសរើសយកស្ត្រីដែលមានលក្ខណៈស្រីពិតប្រាកដ មកធ្វើជាមហាក្សត្រីរបស់ទ្រង់ ដែលតាមការពិត ជាបុគ្គលដែលកោតខ្លាចព្រះយេហូវ៉ា។—នាងអេសធើរ ១:១០-១២; ២:១៥-១៧
១០ នាងអេសធើរជាគំរូដ៏ល្អសំរាប់ពួកស្ត្រីគ្រីស្ទាន។ នាង«មានរូបឆោមឆាយ ហើយមុខស្រស់ល្អ»។ ប៉ុន្តែនាងបានសម្ដែងគ្រឿងលំអនៃ«មនុស្សលាក់កំបាំងក្នុងចិត្តវិញ ដោយគ្រឿងមិនចេះពុករលួយរបស់វិញ្ញាណសំឡូត ហើយរម្យទម»។ (នាងអេសធើរ ២:៧; ពេត្រុសទី១ ៣:៤) នាងមិនបានគិតថាគ្រឿងលំអជាអ្វីដ៏សំខាន់នោះទេ។ នាងអេសធើរបានបង្ហាញការសមរម្យនិងការចេះទប់ចិត្តខ្លួនឯង ដោយចុះចូលដល់ស្វាមីខ្លួន ស្តេចអ័ហាស៊ូរុស ទោះជានៅពេលដែលជីវិតនៃរាស្ត្ររបស់នាងបានជួបគ្រោះថ្នាក់ក៏ដោយ។ ពេលដែលមិនគួរនិយាយនោះ នាងអេសធើរក៏បាននៅស្ងៀម ប៉ុន្តែពេលដែលចាំបាច់និងពេលដែលត្រូវធ្វើ នោះនាងនិយាយដោយចិត្តក្លាហានវិញ។ (នាងអេសធើរ ២:១០; ៧:៣-៦) នាងព្រមទទួលឱវាទពីបងជីដូនមួយរបស់នាង ឈ្មោះម៉ាដេកាយ។ (នាងអេសធើរ ៤:១២-១៦) នាងបានសម្ដែងសេចក្ដីស្រឡាញ់និងសេចក្ដីស្មោះត្រង់ដល់រាស្ត្ររបស់នាង។
អាការក្រៅ
១១. តើយើងត្រូវចងចាំអ្វីអំពីអាការក្រៅ?
១១ តើអ្វីទៅជាកូនសោនៃលក្ខណៈស្រីដ៏ត្រឹមត្រូវនោះ? ម្ដាយម្នាក់បានមានប្រសាសន៍ថា៖ «រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ»។ (សុភាសិត ៣១:៣០) ដូច្នេះការកោតខ្លាចដ៏គោរពដល់ព្រះគឺសំខាន់ចាំបាច់ ហើយសេចក្ដីសប្បុរសដ៏ស្មោះ ភាពរួសរាយ សុភាព និងអណ្ដាតដែលចេះទប់ នឹងបណ្ដាលឲ្យមានលក្ខណៈស្រីជាងរូបរាងឆោមឆាយទៅទៀត។—សុភាសិត ៣១:២៦
១២, ១៣. (ក) គួរឲ្យស្ដាយណាស់ តើអ្វីជាពាក្យសំដីរបស់មនុស្សជាច្រើន? (ខ) តើអ្វីជាន័យនៃសុភាសិត ១១:២២?
១២ គួរឲ្យស្ដាយណាស់ មនុស្សប្រុសស្រីជាច្រើនមិនបានបើកមាត់គេដោយប្រាជ្ញា ឬដោយសេចក្ដីសប្បុរសដ៏ស្មោះនោះទេ។ ពាក្យសំដីរបស់គេគឺដ៏ប្រមាថ ដែលចំអកបញ្ឈឺចិត្ត ថោកទាប និងដ៏ឥតចេះគិត។ ពួកបុរសខ្លះគិតថា ការនិយាយដ៏អាក្រក់របស់គេ ជាសញ្ញានៃលក្ខណៈប្រុស និងពួកស្ត្រីខ្លះបានធ្វើតាមពួកគេដោយល្ងីល្ងើ។ ប៉ុន្តែ បើសិនជាស្រីមានរូបឆោមឆាយ ប៉ុន្តែឥតមានគំនិតមារយាទ ហើយចេះតែចូលចិត្តប្រកែក ចំអកបញ្ឈឺចិត្ត ឬដ៏ក្រអឺតក្រអោង តើនាងអាចពិតជាស្អាតក្នុងន័យដ៏ពេញលេញ ដែលពិតជាមានលក្ខណៈស្រីបានទេ? «ស្ត្រីមានរូបស្រស់ល្អ ដែលឥតមានគំនិតមារយាទ នោះប្រៀបដូចជាក្រវិលមាសដែលពាក់នៅច្រមុះជ្រូក»។—សុភាសិត ១១:២២
១៣ ភាពឆោមឆាយជាមួយនឹងពាក្យសំដីដ៏អាក្រក់ ដ៏ចំអកបញ្ឈឺចិត្ត ឬឥតមានគំនិតមារយាទ គឺនឹងឥតសមស្របនឹងលក្ខណៈស្រីដែលបុគ្គលណាម្នាក់អាចបង្ហាញនោះ។ តាមការពិត ចរិយាដ៏ឥតកោតខ្លាចព្រះនេះ ក៏អាចធ្វើឲ្យបុគ្គលដែលមានរូបឆោមឆាយទៅជាអាក្រក់ផង។ យើងអាចវិនិច្ឆ័យយ៉ាងស្រួលថា រូបអាការក្រៅនៃបុរសនិងស្ត្រី មិនអាចយកមកទូទាត់គ្នាឬដោះសាបានដោយការផ្ទុះនៃកំហឹង ការស្រែក ឬនិយាយពាក្យអាក្រក់នោះឡើយ។ គ្រីស្ទានទាំងអស់អាចហើយត្រូវតែធ្វើខ្លួនឲ្យស្អាតចំពោះព្រះនិងចំពោះមនុស្សគ្នាឯង ដោយពាក្យសំដីនិងចរិយាដែលមានមូលដ្ឋានលើព្រះគម្ពីរ។—អេភេសូរ ៤:៣១
១៤. តើគ្រឿងលំអប្រភេទណាដែលបានសរសេរក្នុងពេត្រុសទី១ ៣:៣-៥ ហើយតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះ?
១៤ កាលដែលលក្ខណៈប្រុសនិងស្រីដ៏ត្រឹមត្រូវ មានមូលដ្ឋានលើគុណសម្បត្ដិខាងវិញ្ញាណ រូបអាការក្រៅ រួមទាំងសំលៀកបំពាក់ដែលយើងច្រើន ហើយរបៀបដែលយើងស្លៀក នោះក៏បង្ហាញប្រាប់អំពីយើងដែរ។ សាវ័កពេត្រុសច្បាស់ជាចង់និយាយអំពីសំលៀកបំពាក់ក្នុងសតវត្សទីមួយ ពេលដែលគាត់ឲ្យឱវាទដល់ពួកស្ត្រីគ្រីស្ទានថា៖ «ទាំងតែងខ្លួនមិនមែនដោយបែបខាងក្រៅ ដូចជាក្រងសក់ ពាក់មាស ឬសំលៀកបំពាក់ផ្សេងៗឡើយ គឺតែងចំពោះមនុស្សលាក់កំបាំងក្នុងចិត្តវិញ ដោយគ្រឿងមិនចេះពុករលួយរបស់វិញ្ញាណសំឡូតហើយរម្យទម នោះឯងជាសេចក្ដីដែលមានដំឡៃវិសេសនៅចំពោះព្រះ ដ្បិតពីដើម ពួកស្រីៗបរិសុទ្ធដែលសង្ឃឹមដល់ព្រះ ក៏បានតែងខ្លួនយ៉ាងដូច្នេះ ទាំងចុះចូលចំពោះប្ដីខ្លួនដែរ»។—ពេត្រុសទី១ ៣:៣-៥
១៥. តើពួកស្ត្រីគ្រីស្ទានត្រូវតែខំបង្ហាញតាមរយៈសំលៀកបំពាក់របស់គេ?
១៥ ក្នុងធីម៉ូថេទី១ ២:៩, ១០ យើងរកឃើញពាក្យរបស់ប៉ុលអំពីសំលៀកបំពាក់របស់ស្ត្រី៖ «ខ្ញុំក៏ចង់ឲ្យគេតែងខ្លួនតាមបែបគួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួន . . . តែឲ្យសំណំនឹងពួកស្ត្រី ដែលរាប់ខ្លួនជាអ្នកកោតខ្លាចដល់ព្រះ គឺដោយការប្រព្រឹត្តល្អវិញ»។ នៅទីនោះ គាត់បានបញ្ជាក់ពីសេចក្ដីត្រូវការសេចក្ដីសុភាព តែងខ្លួនតាមបែបគួរសម ដែលសម្ដែងឲ្យឃើញការដឹងប្រមាណខ្លួន។
១៦, ១៧. (ក) តើតាមរបៀបណាដែលសំលៀកបំពាក់បានត្រូវប្រើដ៏ខុស ដោយមនុស្សប្រុសស្រីជាច្រើនសព្វថ្ងៃនេះ? (ខ) តើយើងត្រូវតែសន្និដ្ឋានយ៉ាងណាពីឱវាទក្នុងចោទិយកថា ២២:៥?
១៦ ចំពោះបុរសនិងស្ត្រី ក្មេងប្រុសនិងស្រី ឲ្យប្រព្រឹត្តឬស្លៀកតាមបែបបទដ៏សំរើបសំរាល នោះនឹងមិនបង្កើនលក្ខណៈប្រុសឬស្រីដ៏ពិតទេ ហើយនេះច្បាស់ជាមិនឲ្យកិត្ដិយសដល់ព្រះដែរ។ មនុស្សជាច្រើនក្នុងលោកនេះ នឹងធ្វើដោយហួសហេតុ ដើម្បីសំញែងភេទជាប្រុសឬស្រី តាមរយៈសំលៀកបំពាក់និងចរិយារបស់គេ។ អ្នកខ្លះទៀតធ្វើឲ្យស្រពិលនូវភាពខុសគ្នារវាងភេទទាំងពីរ ដោយសារគោលបំណងដ៏ឥតសីលធម៌។ ជាគ្រីស្ទាន យើងមានអំណរគុណណាស់ ដែលព្រះគម្ពីរបើកសម្ដែងគំនិតរបស់ព្រះ! ព្រះយេហូវ៉ាបានប្រកាសទៅអ៊ីស្រាអែលពីសម័យបុរាណថា៖ «រីឯពួកស្ត្រី មិនត្រូវឲ្យគេស្លៀកពាក់ប្រដាប់របស់បុរសឡើយ ហើយបុរសក៏មិនត្រូវស្លៀកបំពាក់ប្រដាប់របស់ស្ត្រីដែរ ដ្បិតអ្នកណាដែលប្រព្រឹត្តដូច្នោះ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ជាព្រះនៃឯងណាស់»។—ចោទិយកថា ២២:៥
១៧ ចំពោះរឿងនេះ អ្នកនឹងសប្បាយចិត្តដោយពិនិត្យមើលសាឡើងវិញ ក្នុងប៉មយាម ១៥ សីហា ១៩៨៨ ក្នុងទំព័រ ១៧ ដែលចែងថា៖ «ចំពោះបញ្ហានេះ នោះមិនថាម៉ូដណាមួយហ៊ឺហារហួសហេតុនោះទេ តែថាតើម៉ូដនោះសមត្រឹមត្រូវឬទេចំពោះអ្នកដែលអះអាងជាអ្នកបំរើព្រះ។ (រ៉ូម ១២:២; កូរិនថូសទី២ ៦:៣) សំលៀកបំពាក់មិនសមរម្យឬដ៏តឹងចង្អៀត អាចបង្វែរមនុស្សពីសាររបស់យើង។ ម៉ូដដែលឥតលាក់លាមហើយធ្វើឲ្យបុរសដូចជាស្រីឬធ្វើឲ្យស្ត្រីដូចជាបុរស នោះច្បាស់ជាឥតសមរម្យឡើយ។ (ប្រៀបធៀប ចោទិយកថា ២២:៥) ប្រាកដហើយ ទំនាមទំលាប់ក្នុងតំបន់គឺមានខុសៗគ្នា ស្របទៅតាមធាតុអាកាស និងសេចក្ដីត្រូវការខាងអាជីពជាដើម ដើម្បីកុំឲ្យក្រុមជំនុំគ្រីស្ទានបង្កើតវិន័យដ៏តឹងរឹងដែលត្រូវអនុវត្តលើភាតរភាពនៅពាសពេញពិភពលោក»។
១៨. តើមានជំហានអ្វីខ្លះដែលយើងអាចយកមកអនុវត្ត តាមឱវាទព្រះគម្ពីរអំពីសំលៀកបំពាក់?
១៨ នេះជាឱវាទដ៏ថ្លឹងថ្លែងហើយសមហេតុផលមែន! គួរឲ្យស្ដាយណាស់ ពួកគ្រីស្ទានខ្លះ ប្រុសនិងស្រី ធ្វើតាមដ៏ខ្វាក់នូវអ្វីដែលលោកីយ៍ផ្សព្វផ្សាយអំពីសំលៀកបំពាក់ ដោយឥតចេះគិតថាតើនេះនឹងសម្ដែងឲ្យឃើញយ៉ាងណាលើព្រះយេហូវ៉ា និងក្រុមជំនុំគ្រីស្ទានសោះឡើយ។ យើងគ្រប់ៗគ្នាគួរពិនិត្យមើលខ្លួនឯង ថាតើយើងកាន់តាមគំនិតលោកីយ៍ឬយ៉ាងណា។ ឬយើងអាចទៅសួរបងប្រុសឬស្រីដែលគេគោរពនិងមានពិសោធន៍ច្រើន ហើយសូមយោបល់ពីគេ ថាតើយើងត្រូវផ្លាស់ម៉ូដសំលៀកបំពាក់យើងឬយ៉ាងណា ហើយយកយោបល់នោះមកវែកញែកដ៏ផ្ចិតផ្ចង់។
ពួកគ្រីស្ទានប្រុសស្រី—ជាពួកបុរសនិងស្ត្រីដ៏ពិត
១៩. តើអ្វីជាឥទ្ធិពលដ៏មិនចង់បានដែលយើងត្រូវតែប្រយុទ្ធ?
១៩ ព្រះរបស់លោកីយ៍នេះគឺអារក្សសាតាំង ហើយយើងអាចឃើញឥទ្ធិពលរបស់វាច្របូកច្របល់នៃភេទ ហើយនេះមិនគ្រាន់តែចំពោះសំលៀកបំពាក់ប៉ុណ្ណោះទេ។ (កូរិនថូសទី២ ៤:៤) ក្នុងប្រទេសខ្លះ មនុស្សស្រីជាច្រើនប្រជែងជាមួយមនុស្សប្រុសលើប្រមុខភាព ដោយមិនអើពើគោលការណ៍ព្រះគម្ពីរ។ ម្យ៉ាងវិញទៀត ពួកបុរសមួយចំនួនធំ គឺបោះបង់ការទទួលខុសត្រូវនៃប្រមុខភាពរបស់គេ ដូចអ័ដាមដែរ។ គឺមានពួកអ្នកដែលខំផ្លាស់ប្ដូរមុខនាទីនៃភេទក្នុងជីវិត ដោយក្លាយទៅជាអ្នករួមសង្វាសនឹងភេទដូចគ្នា។ (រ៉ូម ១:២៦, ២៧) ព្រះគម្ពីរមិនបានចែងថា ព្រះយល់ព្រមនឹងជីវិតបែបនេះឡើយ។ ហើយអ្នកណាម្នាក់ ដែលមុននឹងក្លាយជាគ្រីស្ទាន បានច្រឡំអំពីអត្តសញ្ញាណឬជម្រើសខាងកាមរបស់គេ អាចទុកចិត្តថា នេះនឹងជាផលប្រយោជន៍របស់គេក្នុងការរស់នៅតាមខ្នាតគំរូរបស់ព្រះ ជាខ្នាតគំរូដែលអបអរដោយមនុស្សគ្រប់រូបដែលទទួលភាពល្អគ្រប់ល័ក្ខណ៍។
២០. តើកាឡាទី ៥:២២, ២៣ ទាក់ទងយ៉ាងណាលើគំនិតនៃលក្ខណៈប្រុសនិងលក្ខណៈស្រី?
២០ បទគម្ពីរទាំងឡាយបង្ហាញថាពួកបុរសស្ត្រីគ្រីស្ទាន ត្រូវការបង្កើតនិងបង្ហាញផលផ្លែនៃព្រះវិញ្ញាណរបស់ព្រះ ដូចជា—សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ ជំនឿ ចិត្តសុភាព និងចេះទប់ចិត្តខ្លួនឯង។ (កាឡាទី ៥:២២, ២៣) ដោយមានប្រាជ្ញាដ៏ឧត្តម ព្រះបានឲ្យមនុស្សចំរើនលក្ខណៈប្រុសរបស់គេ ហើយស្ត្រីលក្ខណៈស្រី ដោយបណ្ដុះឲ្យមានគុណសម្បត្ដិទាំងនោះ។ បុរសម្នាក់ដែលបង្ហាញផលផ្លែនៃវិញ្ញាណគឺស្រួលគោរពណាស់ ហើយស្ត្រីម្នាក់ណាដែលធ្វើដូច្នេះដែរ ក៏ស្រួលនឹងស្រឡាញ់ដែរ។
២១, ២២. (ក) តើអ្វីជាគំរូដែលព្រះយេស៊ូបានទុកជាបែបលំនាំនៃការរស់នៅ? (ខ) តើតាមរបៀបណាដែលព្រះយេស៊ូសម្ដែងលក្ខណៈប្រុសរបស់ទ្រង់?
២១ បុរសដ៏ឧត្តមបំផុតម្នាក់ដែលធ្លាប់មានព្រះជន្មរស់នៅគឺព្រះយេស៊ូគ្រីស្ទ ហើយគឺដោយបែបលំនាំនៃការរស់នៅរបស់ទ្រង់ ដែលពួកគ្រីស្ទានត្រូវតែធ្វើតាម។ (ពេត្រុសទី១ ២:២១-២៣) ដូចព្រះយេស៊ូ ទាំងប្រុសនិងស្រីត្រូវតែបង្ហាញការស្មោះត្រង់ដល់ព្រះ និងគោរពតាមបន្ទូលរបស់ទ្រង់។ ព្រះយេស៊ូបានបង្ហាញគុណសម្បត្ដិដ៏អស្ចារ្យនៃសេចក្ដីស្រឡាញ់ ការថ្នាក់ថ្នម និងមេត្ដាករុណា។ ជាពួកគ្រីស្ទានពិត យើងបានតម្រូវឲ្យត្រាប់តាមទ្រង់ ដើម្បីបង្ហាញថាយើងជាពួកសិស្សរបស់ទ្រង់។—យ៉ូហាន ១៣:៣៥
២២ ព្រះយេស៊ូគ្រីស្ទជាបុរសដ៏ពិត ហើយយើងអាចឃើញគុណសម្បត្ដិខាងលក្ខណៈប្រុសរបស់ទ្រង់ កាលដែលយើងរៀនអំពីជីវិតរបស់ទ្រង់ ដែលកត់ទុកមកក្នុងបទគម្ពីរ។ ទ្រង់មិនដែលរៀបការទេ ប៉ុន្តែ ព្រះគម្ពីរបង្ហាញថាទ្រង់មានការចូលរួមដ៏ថ្លឹងថ្លែងជាមួយពួកស្ត្រី។ (លូកា ១០:៣៨, ៣៩) ទំនាក់ទំនងរបស់ទ្រង់ជាមួយពួកបុរសនិងស្ត្រី តែងតែមានលក្ខណៈពិសុទ្ធនិងដ៏ថ្លៃថ្នូរជានិច្ច។ ទ្រង់ជាគំរូដ៏ល្អគ្រប់ល័ក្ខណ៍នៃលក្ខណៈប្រុស។ ទ្រង់មិនអនុញ្ញាតឲ្យ—បុរស ស្ត្រី ឬទេវតាដ៏មិនគោរព—មកធ្វើឲ្យទ្រង់លែងមានលក្ខណៈប្រុស ហើយសេចក្ដីស្មោះទៅព្រះយេហូវ៉ាឡើយ។ ទ្រង់មិនមានចិត្តស្ទាក់ស្ទើរក្នុងការទទួលយកភារៈរបស់ទ្រង់ឡើយ ហើយទ្រង់ធ្វើដោយឥតមានចិត្តត្អូញត្អែរទៀត។—ម៉ាថាយ ២៦:៣៩
២៣. ចំពោះមុខនាទីនៃភេទទាំងពីរ តើតាមរបៀបណាដែលពួកគ្រីស្ទានពិតបានទទួលពរ?
២៣ ជាការដ៏រីករាយមែន ដោយបាននៅក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ា ហើយមកចូលរួមជាមួយពួកបុរសនិងស្ត្រី ព្រមទាំងក្មេងប្រុស ក្មេងស្រី ដែលអាទិភាពក្នុងជីវិតរបស់គេ គឺដើម្បីស្រឡាញ់និងគោរពតាមព្រះយេហូវ៉ា! យើងមិនបានត្រូវបង្ខាំងពីការគោរពតាមបន្ទូលរបស់ព្រះឡើយ។ ផ្ទុយទៅវិញ យើងបានដោះលែងពីលោកីយ៍នេះនិងផ្លូវរបស់វា ដែលធ្វើឲ្យថោកទាបដល់សោភ័ណភាព គោលបំណង និងមុខនាទីដ៏ច្បាស់នៃភេទ។ យើងអាចពិសោធសុភមង្គលដ៏ពិត ដែលមានមកពីការបំពេញភារៈក្នុងជីវិតដែលព្រះផ្ដល់ឲ្យយើង មិនថាយើងជាមនុស្សប្រុសឬស្រី។ ត្រូវហើយ យើងមានអំណរគុណណាស់ដល់ព្រះយេហូវ៉ា ជាព្រះអាទិទេព ចំពោះសំវិធានការទាំងឡាយដ៏ជាទីស្រឡាញ់របស់ទ្រង់ ដែលផ្ដល់មកសំរាប់យើងរាល់គ្នា ហើយដោយបង្កើតយើងឡើងជាប្រុសជាស្រី!
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើព្រះគម្ពីររៀបរាប់មុខនាទីដ៏ត្រឹមត្រូវយ៉ាងណាចំពោះមនុស្សប្រុសស្រី?
◻ តើតាមរបៀបណាដែលលក្ខណៈប្រុសបានទៅជាសៅហ្មងមុនទឹកជំនន់ ហើយតើតាមរបៀបណាដែលលក្ខណៈប្រុសនិងស្រីបានទៅជាសៅហ្មងក្នុងសម័យយើង?
◻ តើឱវាទព្រះគម្ពីរអ្វីអំពីអាការក្រៅដែលអ្នកចង់យកមកអនុវត្ត?
◻ តើតាមរបៀបណាដែលមនុស្សប្រុសស្រីគ្រីស្ទាន បង្ហាញថាខ្លួនគេជាពួកបុរសនិងស្ត្រីដ៏ពិត?
[រូបភាពនៅទំព័រ២៣]
ទោះជានាងមានរូបឆោមឆាយក៏ដោយ នាងអេសធើរបានត្រូវគេចាំយ៉ាងពិសេស ដោយសារចិត្តសុភាពនិងមារយាទទន់ភ្លន់របស់នាង
[រូបភាពនៅទំព័រ២៤]
សូមយកចិត្តទុកដាក់ឲ្យសមហេតុផលដល់ការសំអិតសំអាងខ្លួន កាលដែលដៅបញ្ជាក់លើរូបឆោមឆាយខាងក្នុង