តើព្រះជាបុគ្គលដ៏ពិតចំពោះអ្នកឬទេ?
នៅពេលដែលអ្នកពិសោធបញ្ហាដ៏ពិបាកមួយ តើអ្នកបែរទៅរកអធិស្ឋានដល់ព្រះឬទេ? បើសិនជាចូលមករកទ្រង់មែន តើអ្នកដឹងថា អ្នកកំពុងតែនិយាយជាមួយបុគ្គលដ៏ពិតឬទេ?
ក្នុងការសំដៅទៅព្រះវរបិតានៅស្ថានសួគ៌ នោះព្រះយេស៊ូគ្រីស្ទមានបន្ទូលថា៖ «ឯព្រះដែលចាត់ឲ្យខ្ញុំមក ទ្រង់ពិតត្រង់ហើយ»។ (យ៉ូហាន ៧:២៨) ត្រូវហើយ ព្រះយេហូវ៉ាគឺជាបុគ្គលដ៏ពិត ហើយអធិស្ឋានដល់ទ្រង់ គឺដូចបែរទៅរកជំនួយនិងយោបល់ពីមិត្តដ៏ស្និទ្ធម្នាក់ដែរ។ ប្រាកដហើយ ដើម្បីឲ្យព្រះសណ្ដាប់យើងនោះ ការអធិស្ឋានរបស់យើងត្រូវតែឲ្យស្របតាមសេចក្ដីតម្រូវពីព្រះគម្ពីរ។ ជាឧទាហរណ៍ យើងត្រូវចូលមក«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន» ដោយមានចិត្តរាបទាបតាមរយៈបុត្ររបស់ទ្រង់ គឺព្រះយេស៊ូគ្រីស្ទ។—ទំនុកដំកើង ៦៥:២; ១៣៨:៦; យ៉ូហាន ១៤:៦
អ្នកខ្លះប្រហែលជាមានអារម្មណ៍ថា ដោយព្រោះមើលព្រះមិនឃើញ នោះទ្រង់ជាបុគ្គលដែលមិនជិតស្និទ្ធ។ ចំពោះពួកគេ ព្រះហាក់ដូចជាមិនមែនជាបុគ្គលមួយអង្គនោះទេ។ សូម្បីតែពួកគ្រីស្ទានខ្លះ ដែលបានរៀនដឹងអំពីគុណសម្បត្ដិដ៏អស្ចារ្យរបស់ព្រះហើយ ក៏នៅពេលខ្លះមានការពិបាកយល់ដឹង ថាទ្រង់ជាបុគ្គលដ៏ពិតយ៉ាងណាដែរ។ តើអ្នកដែលមានពិសោធន៍បែបនេះឬទេ? បើអញ្ចឹង តើអ្វីដែលអាចជួយអ្នកឲ្យជឿថាព្រះយេហូវ៉ាជាព្រះដ៏ពិតមួយអង្គនោះ?
ការសិក្សាបទគម្ពីរ
តើអ្នកសិក្សាបទគម្ពីរបរិសុទ្ធជារឿយៗនោះទេ? ប្រសិនបើអ្នកសិក្សាព្រះគម្ពីរជាញឹកញាប់ហើយដ៏ល្អិតល្អន់ នោះអ្នកនឹងដឹងថា ព្រះយេហូវ៉ាជាបុគ្គលដ៏ពិតមួយអង្គចំពោះអ្នកជាពុំខាន។ ជំនឿរបស់អ្នកនឹងបានត្រូវពង្រឹង ដែលជាលទ្ធផលនឹងជួយអ្នកឲ្យ‹ឃើញព្រះដ៏មើលមិនឃើញដែរ›។ (ហេព្រើរ ១១:៦, ២៧) ផ្ទុយទៅវិញ ការសិក្សាព្រះគម្ពីរដែលមិនញឹកញាប់ឬក៏ដែលមានពេលចន្លោះ គឺច្បាស់ជាឥតមានឥទ្ធិពលលើជំនឿរបស់អ្នកឡើយ។
ដើម្បីពន្យល់៖ ឧបមាថាគ្រូពេទ្យរបស់អ្នកបានបង្គាប់អ្នកឲ្យលាបឱសថប្រេងណាមួយ ពីរដងរៀងរាល់ថ្ងៃ ដើម្បីបំបាត់រោលដ៏មិនព្រមសះស្បើយ។ តើរោលរបស់អ្នកនឹងបានសះស្បើយឬទេ បើអ្នកបានលាបឱសថប្រេងតែមួយដងឬពីរដងក្នុងមួយខែនោះ? គឺច្បាស់ជាមិនសះស្បើយឡើយ។ ស្រដៀងគ្នាដែរ អ្នកតែងបទទំនុកដំកើងផ្ដល់ឲ្យយើងនូវ«សំបុត្រទិញថ្នាំ» សំរាប់សុខភាពខាងវិញ្ញាណនិងសុភមង្គល។ ចូរអានបន្ទូលរបស់ព្រះ ហើយ«រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ»។ (ទំនុកដំកើង ១:១, ២) ដើម្បីឲ្យទទួលនូវផលប្រយោជន៍ថែមទៀត យើងត្រូវធ្វើតាម«សំបុត្រទិញថ្នាំ»—គឺពិចារណាមើលបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃ ដោយប្រើប្រកាសនវត្ថុគ្រីស្ទានជាជំនួយ។—យ៉ូស្វេ ១:៨
តើអ្នកចង់ឲ្យកំឡុងពេលសិក្សារបស់អ្នក ឲ្យបានពង្រឹងជំនឿកាន់តែច្រើនថែមទៀតទេ? នេះជាយោបល់មួយ៖ ក្រោយពីអានជំពូកមួយពីសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ ឬពីព្រះគម្ពីរផ្សេងទៀត ដែលមានឯកសារយោង ចូររើសយកខមួយដ៏ចាប់អារម្មណ៍ ហើយមើលបទគម្ពីរដែលមានឯកសារយោង។ នេះនឹងធ្វើឲ្យការសិក្សារបស់អ្នកមានខ្លឹមសារ ហើយអ្នកច្បាស់ជាមានចិត្តអស្ចារ្យនឹងសេចក្ដីសម្រុះគ្នាក្នុងព្រះគម្ពីរ។ ជាលទ្ធផល នេះនឹងធ្វើឲ្យអ្នកនិពន្ធព្រះគម្ពីរ ដែលជាព្រះយេហូវ៉ា ឲ្យបានទៅជាបុគ្គលដ៏ពិតចំពោះអ្នកដែរ។
ការប្រើឯកសារយោង ក៏អាចជួយអ្នកឲ្យដឹងច្បាស់លាស់អំពីទំនាយព្រះគម្ពីរនិងសេចក្ដីសម្រេចនៃទំនាយទាំងនោះ។ ប្រហែលជាអ្នកបានដឹងអំពីទំនាយដ៏សំខាន់ៗក្នុងព្រះគម្ពីរហើយ ដូចជាទំនាយដែលទាក់ទងនឹងការហិនវិនាសនៃក្រុងយេរូសាឡិម ដោយពួកបាប៊ីឡូន។ ប៉ុន្តែ ព្រះគម្ពីរមានបណ្ដាញនៃទំនាយដែលទាក់ទងគ្នាទៅវិញទៅមក ព្រមទាំងសេចក្ដីសម្រេចនៃទំនាយទាំងនោះទៀតផង។ ទំនាយខ្លះគឺមិនសូវដឹងជាទូទៅទេ។
ជាឧទាហរណ៍ ចូរអានទំនាយអំពីពិន័យនៃការសង់ក្រុងយេរីខូរឡើងវិញ ហើយរួចមកមើលនូវសេចក្ដីសម្រេចនេះ។ យ៉ូស្វេ ៦:២៦ ចែងថា៖ «នៅគ្រានោះ យ៉ូស្វេក៏ប្រកាសជាពាក្យបណ្ដាសាថា អ្នកណាដែលចាប់ផ្ដើមសង់ក្រុងយេរីខូរនេះឡើងវិញ នោះនឹងត្រូវបណ្ដាសាហើយ កាលណាអ្នកនោះដាក់ឫសកំផែង នោះកូនច្បងរបស់ខ្លួននឹងស្លាប់ទៅ ហើយកាលណាដាក់ទ្វារចុះ នោះកូនពៅនឹងស្លាប់ទៅ»។ សេចក្ដីសម្រេចនៃទំនាយនេះ បានកើតឡើងប្រមាណ៥០០ឆ្នាំក្រោយមក ពេលដែលយើងអាននៅពង្សាវតារក្សត្រទី១ ១៦:៣៤ ដែលចែងថា៖ «នៅក្នុងរាជ្យទ្រង់ នោះហ៊ីអែល ជាអ្នកក្រុងបេត-អែល ក៏សង់ក្រុងយេរីខូរឡើងវិញ កាលគាត់ដាក់ជើងកំផែងចុះ នោះអ័ប៊ីរ៉ាម ជាកូនច្បងក៏ស្លាប់ទៅ ហើយកាលរៀបចំទ្វារក្រុងឡើង នោះសេគូបជាកូនពៅក៏ស្លាប់ទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារយ៉ូស្វេជាកូននុន»។a មានតែព្រះមួយអង្គទេ ដែលអាចបណ្ដាលឲ្យមានទំនាយបែបនេះ ហើយធានារ៉ាប់រងចំពោះសេចក្ដីសម្រេចនៃទំនាយទាំងនោះ។
កាលដែលកំពុងអានព្រះគម្ពីរ អ្នកប្រហែលជាឆ្ងល់អំពីចំណុចណាមួយ។ ជាឧទាហរណ៍ អ្នកប្រហែលជាឆ្ងល់ថាតើមានប៉ុន្មានឆ្នាំរវាងទំនាយនិងសេចក្ដីសម្រេចរបស់វា។ ជាជាងគ្រាន់តែសួរបុគ្គលណាម្នាក់ ហេតុអ្វីក៏មិនខំប្រឹងរកចម្លើយខ្លួនឯងទៅ? ដោយមានផែនទីនិងឧបករណ៍ព្រះគម្ពីរ អ្នកអាចតាមដានរកចម្លើយដូចខំប្រឹងរកផែនទីរតនសម្បត្ដិ។ (សុភាសិត ២:៤, ៥) ការរកឃើញចម្លើយនឹងមានឥទ្ធិពលជ្រាលជ្រៅលើជំនឿរបស់អ្នក ហើយនេះនឹងធ្វើឲ្យព្រះយេហូវ៉ាបានកាន់តែពិតចំពោះអ្នកដែរ។
ការអធិស្ឋានជារឿយៗ ហើយដ៏ក្លៀវក្លាស្មោះអស់ពីចិត្ត
ចូរកុំភ្លេចនូវសារៈសំខាន់នៃការអធិស្ឋាននិងជំនឿ។ ពួកសិស្សរបស់ព្រះយេស៊ូបានទូលអង្វរដូចនេះថា៖ «សូមទ្រង់ចំរើនសេចក្ដីជំនឿដល់យើងខ្ញុំទៀតផង»។ (លូកា ១៧:៥) ប្រសិនបើព្រះយេហូវ៉ាមិនហាក់ដូចជាបុគ្គលដ៏ពិតចំពោះអ្នកទេ នោះហេតុអ្វីក៏មិនអធិស្ឋានសុំឲ្យទ្រង់ប្រទាននូវជំនឿថែមទៀតទៅ? ចូរសុំព្រះវរបិតាស្ថានសួគ៌ឲ្យទ្រង់ជួយ ក្នុងការធ្វើឲ្យអ្នកជឿថាទ្រង់ជាបុគ្គលដ៏ពិតមែន។
ប្រសិនបើអ្នកពិបាកចិត្តនឹងបញ្ហាណាមួយ ចូរយកពេលវេលាដើម្បីរៀបរាប់ប្រាប់ព្រះវរបិតានៅស្ថានសួគ៌ ដោយចិត្តស្មោះទៅ។ កាលដែលព្រះយេស៊ូជិតនឹងសោយទិវង្គតទៅ នោះទ្រង់បានអធិស្ឋានយ៉ាងខ្លាំង។ ទោះជាទ្រង់បានផ្ដន្ទាទោសខាងការអធិស្ឋានយ៉ាងយូរឲ្យពួកសាធារណៈឃើញក្ដី តែទ្រង់បានចំណាយពេលមួយយប់តែឯង ដើម្បីអធិស្ឋាន មុននឹងទ្រង់ជ្រើសរើសពួកសាវ័ក១២នាក់។ (ម៉ាកុស ១២:៣៨-៤០; លូកា ៦:១២-១៦) យើងក៏អាចរៀនមេរៀនពីនាងហាណាដែរ ដែលបានទៅជាម្ដាយរបស់ព្យាការីសាំយូអែល។ ដោយចង់បានកូនប្រុស នោះ«នាងនៅអធិស្ឋាន ចំពោះព្រះយេហូវ៉ា»។—សាំយូអែលទី១ ១:១២
តើអ្វីជាមេរៀនដ៏សំខាន់ក្នុងរឿងទាំងនេះ? ប្រសិនបើអ្នកសង្ឃឹមចង់បានចម្លើយពីការអធិស្ឋានរបស់អ្នក នោះអ្នកត្រូវតែអធិស្ឋានឲ្យរឹងតែច្រើនឡើង គឺខំប្រឹងប្រែង ដោយឥតឈប់ឈរ—ប្រាកដហើយ គឺអធិស្ឋានដែលស្របនឹងគោលបំណងព្រះហឫទ័យទ្រង់។ (លូកា ២២:៤៤; រ៉ូម ១២:១២; ថែស្សាឡូនីចទី១ ៥:១៧; យ៉ូហានទី១ ៥:១៣-១៥) ការធ្វើបែបនេះ នោះនឹងធ្វើឲ្យអ្នកប្រាកដក្នុងខ្លួនថាព្រះជាបុគ្គលដ៏ពិតមួយអង្គហើយ។
ការសង្កេតមើលរបស់សព្វសារពើ
យើងអាចដឹងនូវបុគ្គលិកលក្ខណៈរបស់ជាងគំនូរម្នាក់ ដោយគំនូររបស់គាត់។ ស្រដៀងគ្នាដែរ ‹គុណសម្បត្ដិដ៏មើលមិនឃើញ›របស់ព្រះយេហូវ៉ា ដែលជាអ្នកគូរប្លង់និងជាព្រះអាទិទេពនៃសកលលោកនេះ ក៏អាចឃើញយ៉ាងច្បាស់ពីរបស់សព្វសារពើដែរ។ (រ៉ូម ១:២០) នៅពេលដែលយើងពិចារណាមើលឲ្យបានដិតដល់នូវស្នាដៃរបស់ព្រះយេហូវ៉ា នោះយើងបានយល់ច្បាស់អំពីបុគ្គលិកលក្ខណៈរបស់ទ្រង់ ដូច្នេះទ្រង់ក៏បានទៅជាបុគ្គលដ៏ពិតចំពោះយើង។
ប្រសិនបើអ្នកពិនិត្យមើលឲ្យមែនទែននូវរបស់ដែលព្រះបានបង្កើតមក នោះអ្នកនឹងបានរំភើបចិត្តយ៉ាងជ្រាលជ្រៅ ចំពោះហេតុការណ៍ពិតនៃគុណសម្បត្ដិទាំងនេះរបស់ទ្រង់។ ជាឧទាហរណ៍ ពណ៌មានអំពីសមត្ថភាពរបស់បក្សាបក្សីខាងការស្ទង់មើលទិសទី នោះនឹងបង្កើនការអបអររបស់អ្នកចំពោះប្រាជ្ញារបស់ព្រះយេហូវ៉ា។ ក្នុងការអានអំពីសកលលោក នោះអ្នកប្រហែលជាដឹងអំពីជើងភ្នាយ ដែលមានប្រមាណ១០០.០០០ឆ្នាំនៃល្បឿនពន្លឺ ហើយនេះគ្រាន់តែជាតារាវលីមួយក្នុងតារាវលីដែលគេបានគិតស្មានថា មានមួយរយកោដិទៅទៀតក្នុងអវកាសនោះ។ តើនេះមិនធ្វើឲ្យអ្នកមានចិត្តស្ងើចនឹងប្រាជ្ញាដ៏ឧត្តមរបស់ព្រះអាទិទេពទេឬ?
មែនហើយ ប្រាជ្ញារបស់ព្រះយេហូវ៉ាគឺមានដ៏ពិតប្រាកដ! ប៉ុន្តែ តើនេះមានសេចក្ដីយ៉ាងណាដែរចំពោះអ្នកវិញនោះ? អញ្ចឹង ទ្រង់ច្បាស់ជាមិនទើសទាក់នឹងបញ្ហាទាំងឡាយ ដែលយើងម្នាក់ៗទូលប្រាប់ទ្រង់ក្នុងសេចក្ដីអធិស្ឋាននោះឡើយ។ ត្រូវហើយ សូម្បីតែមានចំណេះតិចតួចអំពីរបស់សព្វសារពើ ក៏អាចធ្វើឲ្យព្រះយេហូវ៉ាជាបុគ្គលដ៏ពិតថែមទៀតចំពោះអ្នកដែរ។
ដើរជាមួយព្រះយេហូវ៉ា
តើអ្នកអាចពិសោធផ្ទាល់ខ្លួនថាព្រះយេហូវ៉ាជាបុគ្គលដ៏ពិតយ៉ាងណានោះទេ? ត្រូវហើយ ប្រសិនបើអ្នកដូចជាលោកណូអេដ៏ស្មោះត្រង់នោះ។ លោកបានស្ដាប់បង្គាប់តាមព្រះយេហូវ៉ាជានិច្ច ដល់ម្ល៉េះដែលអាចនិយាយថា៖ «គាត់ក៏ដើរជាមួយនឹងព្រះ»។ (លោកុប្បត្តិ ៦:៩) លោកណូអេបានរស់នៅហាក់ដូចជាព្រះយេហូវ៉ាបានគង់នៅជិតលោកអញ្ចឹង។ ព្រះក៏អាចបានទៅជាបុគ្គលដ៏ពិតដូចនេះចំពោះអ្នកដែរ។
ប្រសិនបើអ្នកដើរជាមួយនឹងព្រះ នោះអ្នកទុកចិត្តលើសេចក្ដីសន្យាក្នុងបទគម្ពីរ ហើយនឹងប្រព្រឹត្តឲ្យស្របតាមនឹងសេចក្ដីនោះ។ ជាឧទាហរណ៍ អ្នកជឿលើពាក្យបន្ទូលរបស់ព្រះយេស៊ូ ដែលថា៖ «ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ (ម៉ាថាយ ៦:២៥-៣៣) ពិតមែន ដែលព្រះយេហូវ៉ាប្រហែលជាមិនផ្ដល់នូវអ្វីដែលយើងត្រូវការជានិច្ច តាមរបៀបដែលយើងសង្ឃឹមថានឹងកើតមានឡើងនោះ។ ប៉ុន្តែ នៅពេលដែលអ្នកអធិស្ឋាន ហើយរួចមកពិសោធនូវជំនួយរបស់ព្រះ នោះទ្រង់នឹងបានទៅជាបុគ្គលដ៏ពិតមួយអង្គចំពោះអ្នក ដូចជាមនុស្សណាម្នាក់នៅជិតអ្នកអញ្ចឹងដែរ។
ទំនាក់ទំនងដ៏ស្និទ្ធបែបនេះជាមួយនឹងព្រះយេហូវ៉ានឹងរីកចំរើនឡើង កាលដែលយើងខំព្យាយាមក្នុងការដើរជាមួយនឹងព្រះ។ សូមពិចារណាមើលអំពីស្មរបន្ទាល់ម្នាក់ដែលនិយាយភាសាអេស្ប៉ាញ គឺបងស្រី ម៉ានវ៉ាឡា ដែលបានអត់ទ្រាំនឹងសេចក្ដីទុក្ខលំបាកជាច្រើនមកហើយ។ នាងមានប្រសាសន៍ថា៖ «នៅពេលណាដែលខ្ញុំមានបញ្ហាឬការខ្វះខាត នោះខ្ញុំបានប្រើគោលការណ៍នៅសុភាសិត ១៨:១០។ ខ្ញុំរត់ចូលទៅព្រះយេហូវ៉ាឲ្យទ្រង់ជួយ។ ទ្រង់ជា‹ប៉មមាំមួន›ចំពោះខ្ញុំជានិច្ច»។ បងស្រីម៉ានវ៉ាឡា អាចនិយាយបែបនេះបាន ក្រោយពីបានទុកចិត្តលើព្រះយេហូវ៉ាហើយទទួលការគាំទ្រពីទ្រង់ អស់រយៈ៣៦ឆ្នាំមកហើយនេះ។
តើអ្នកទើបតែចាប់ផ្ដើមទុកចិត្តលើព្រះយេហូវ៉ាឬ? ចូរកុំឲ្យធ្លាក់ទឹកចិត្តឡើយ ប្រសិនបើទំនាក់ទំនងរបស់អ្នកជាមួយនឹងទ្រង់ មិនទាន់បានស្និទ្ធដូចចិត្តរបស់អ្នកនោះ។ ចូររស់នៅរៀងរាល់ថ្ងៃដូចជាបុគ្គលដែលកំពុងតែដើរជាមួយនឹងព្រះទៅ។ កាលដែលអ្នកកសាងលំនាំជីវិតនៃសេចក្ដីស្មោះត្រង់ នោះអ្នកនឹងបានស្និទ្ធស្នាលជាមួយនឹងព្រះយេហូវ៉ាកាន់តែខ្លាំងឡើងថែមទៀត។—ទំនុកដំកើង ២៥:១៤; សុភាសិត ៣:២៦, ៣២
ផ្លូវមួយទៀតក្នុងការដើរជាមួយនឹងព្រះ គឺត្រូវឲ្យជាប់រវល់នឹងកិច្ចបំរើរបស់ទ្រង់។ នៅពេលដែលអ្នកចូលរួមក្នុងសកម្មភាពនៃកិច្ចផ្សាយសារព្រះរាជាណាចក្រ នោះអ្នកធ្វើការរួមជាមួយនឹងព្រះយេហូវ៉ា។ (កូរិនថូសទី១ ៣:៩) ដោយដឹងអំពីរឿងនេះ នឹងជួយអ្នកធ្វើឲ្យព្រះបានទៅជាបុគ្គលដ៏ពិតយ៉ាងខ្លាំងចំពោះអ្នក។
អ្នកតែងបទទំនុកដំកើងដាស់តឿនថា៖ «ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច»។ (ទំនុកដំកើង ៣៧:៥) បន្ទុកឬក៏កង្វល់អ្វីដែលអ្នកមាន ចូរកុំខានបោះទុកឲ្យព្រះជួយឡើយ។ ចូរបែរទៅរកទ្រង់ចំពោះជំនួយនិងការណែនាំជានិច្ចផង។ ប្រសិនបើអ្នកទុកចិត្តលើព្រះយេហូវ៉ាដោយការអធិស្ឋាន ហើយទុកចិត្តលើទ្រង់ទាំងស្រុង នោះអ្នកនឹងមានសន្ដិសុខ ពីព្រោះអ្នកដឹងថា ទ្រង់នឹងជួយអ្នកជាពុំខាន។ តើអ្នកប្រាកដក្នុងខ្លួនឬទេ នៅពេលអធិស្ឋានទូលប្រាប់ព្រះយេហូវ៉ាអំពីសេចក្ដីខ្វល់ខ្វាយរបស់អ្នកនោះ? អ្នកនឹងប្រាកដក្នុងខ្លួន—ប្រសិនបើព្រះជាបុគ្គលដ៏ពិតចំពោះអ្នក។
[កំណត់សម្គាល់]
a ឧទាហរណ៍មួយទៀត ចូរអានពង្សាវតារក្សត្រទី១ ១៣:១-៣ ដែលរៀបរាប់អំពីការប្រមាថនៃអាសនារបស់យេរ៉ូបោម។ រួចមក ចូរសង្កេតមើលនូវសេចក្ដីសម្រេច ដែលបានកត់ទុកនៅពង្សាវតារក្សត្រទី២ ២៣:១៦-១៨។
[រូបភាពនៅទំព័រ៣០]
ចូរធ្វើឲ្យកំឡុងពេលសិក្សារបស់អ្នកជាពេលដែលពង្រឹងជំនឿ
[រូបភាពនៅទំព័រ៣១]
ចូរសង្កេតមើលនូវគុណសម្បត្ដិរបស់ព្រះ ដែលអាចឃើញបានក្នុងរបស់សព្វសារពើ
[អ្នកផ្ដល់សិទ្ធិ]
Hummingbird: U.S. Fish and Wildlife Service, Washington, D.C./Dean Biggins; stars: Photo: Copyright IAC/RGO 1991, Dr. D. Malin et al, Isaac Newton Telescope, Roque de los Muchachos Observatory, La Palma, Canary Islands