បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwbr16 មិថុនា ទំ. ១-១៤
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • ចំណងជើងតូច
  • ថ្ងៃ​ទី​៦​-​១២ ខែ​មិថុនា
  • ថ្ងៃ​ទី​១៣​-​១៩ ខែ​មិថុនា
  • ថ្ងៃ​ទី​២០​-​២៦ ខែ​មិថុនា
  • ថ្ងៃ​ទី​២៧ ខែ​មិថុនា–ថ្ងៃ​ទី៣ ខែ​កក្កដា
ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
mwbr16 មិថុនា ទំ. ១-១៤

ឯកសារ​យោង​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក កំណត់​សម្រាប់​កិច្ច​ប្រជុំ

ថ្ងៃ​ទី​៦​-​១២ ខែ​មិថុនា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | ទំនុក​តម្កើង ៣៤​-​៣៧

​«​ចូរ​ទុក​ចិត្ត​នឹង​ព្រះ​យេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​»​

(​ទំនុក​តម្កើង ៣៧:១, ២​) កុំ​ឲ្យ​ក្ដៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ច្រណែន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​ទុច្ចរិត​ដែរ។ ២ ដ្បិត​នៅ​បន្ដិច​ទៀត គេ​នឹង​ត្រូវ​ច្រូត​កាត់​ដូច​ជា​ស្មៅ ហើយ​នឹង​ក្រៀម​ស្វិត​ទៅ ដូច​ជា​ស្មៅ​ខ្ចី​ដែរ។

w​០៤ ១/៣ ទំ. ៨​-​៩ វ. ៣​-​៦

​«​ចូរ​យក​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក​»​

​«​កុំ​ឲ្យ​ច្រណែន​»​

៣ យើង​កំពុង​តែ​រស់​នៅ​«​គ្រា​លំបាក​»​ដែល​មាន​អំពើ​អាក្រក់​សន្ធឹក​ណាស់។ យើង​ឃើញ​ថា​ពាក្យ​របស់​សាវ័ក​ប៉ុល​បាន​ក្លាយ​ជា​ការ​ពិត​មែន​គឺ​៖ ​«​ពួក​អាក្រក់ នឹង​ពួក​ឆបោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ត្រូវ​វង្វេង​ខ្លួន​ឯង​ផង​»។ (​ធីម៉ូថេ​ទី២ ៣:១, ១៣​) ដោយ​សារ​មនុស្ស​អាក្រក់​មើល​ទៅ​ហាក់​ដូច​ជា​កំពុង​តែ​រីក​ចំរើន​សម្បូរ​សប្បាយ​នោះ នេះ​អាច​មាន​អានុភាព​លើ​យើង​យ៉ាង​ងាយ​ស្រួល​ណាស់! នោះ​អាច​បំបែរ​អារម្មណ៍​យើង​ចេញ ហើយ​ធ្វើ​ឲ្យ​យើង​លែង​មើល​ឃើញ​ច្បាស់​ខាង​វិញ្ញាណ គឺ​មើល​ឃើញ​ព្រិល​ៗ​វិញ។ សូម​កត់​សម្គាល់​នូវ​បន្ទូល​ដំបូង​នៅ​ទំនុក​ដំ​កើង​៣៧​ដែល​បញ្ជាក់​ឲ្យ​ដឹង​ថា នេះ​អាច​ជា​គ្រោះ​ថ្នាក់​មួយ​មែន​៖ ​«​កុំ​ឲ្យ​ក្ដៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ច្រណែន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​ទុច្ចរិត​ដែរ​»។

៤ រាល់​ថ្ងៃ សេចក្ដី​រាយ​ការណ៍​ស្តី​អំពី​អំពើ​អយុត្ដិធម៌​ដែល​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​របស់​លោកីយ៍​នេះ​មាន​សន្ធឹក​ណាស់។ ពាណិជ្ជករ​មិន​ទៀង​ត្រង់​ប្រវ័ញ្ច​យក​លុយ​អ្នក​ដទៃ​ដោយ​ឥត​ជាប់​ទោស។ ជន​ល្មើស​ជញ្ជក់​ផល​ប្រយោជន៍​ពី​អ្នក​ងាយ​រង​គ្រោះ។ ឃាតករ​គេច​បាត់​ឬ​ក៏​រួច​ពី​ទោស។ ឧទាហរណ៍​ពី​ភាព​អយុត្ដិធម៌​ទាំង​អស់​នេះ​អាច​នាំ​ឲ្យ​យើង​ខឹង និង​ក៏​អាច​រំខាន​ដល់​ចិត្ត​ស្ងប់​របស់​យើង។ អ្វី​ដែល​មើល​ទៅ​ដូច​ជា​មនុស្ស​អាក្រក់​កំពុង​តែ​មាន​ភាព​រីក​ចំរើន​នោះ​អាច​រហូត​ដល់​ធ្វើ​ឲ្យ​យើង​ច្រណែន​ទៀត​ផង។ ប៉ុន្តែ តើ​ការ​ត្រឡប់​ជា​មាន​ចិត្ត​មួ​ម៉ៅ​ដោយ​ព្រោះ​ការ​ទាំង​នេះ​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ឬ​ទេ? ពេល​ដែល​យើង​ឃើញ​មនុស្ស​អាក្រក់​ហាក់​ដូច​ជា​កំពុង​តែ​ទទួល​ផល​ប្រយោជន៍​ហើយ​យើង​មាន​ចិត្ត​ច្រណែន​នោះ តើ​ចិត្ត​ច្រណែន​របស់​យើង​នាំ​ឲ្យ​លទ្ធផល​ចុង​ក្រោយ​ដែល​ពួក​គេ​នឹង​ទទួល​ក្លាយ​ជា​ល្អ​វិញ​ឬ​ទេ? ប្រាកដ​ជា​មិន​ដូច្នេះ​ទេ! ហើយ​ក៏​គ្មាន​ហេតុ​ឲ្យ​យើង​«​ក្ដៅ​ចិត្ត​»​ដែរ។ ហេតុ​អ្វី?

៥ អ្នក​តែង​ទំនុក​ដំ​កើង​ឆ្លើយ​ថា​៖ ​«​ដ្បិត​នៅ​បន្ដិច​ទៀត គេ​នឹង​ត្រូវ​ច្រូត​កាត់​ដូច​ជា​ស្មៅ ហើយ​នឹង​ក្រៀម​ស្វិត​ទៅ ដូច​ជា​ស្មៅ​ខ្ចី​ដែរ​»។ (​ទំនុក​ដំ​កើង ៣៧:២​) ស្មៅ​ខ្ចី​ប្រហែល​ជា​មើល​ទៅ​ឃើញ​ស្អាត​មែន ប៉ុន្តែ​វា​ឆាប់​ស្វិត​ស្រពោន​ទៅ​វិញ។ មនុស្ស​អាក្រក់​ក៏​ដូច្នេះ​ដែរ។ ទោះ​បី​មនុស្ស​អាក្រក់​មើល​ទៅ​ដូច​ជា​កំពុង​តែ​សម្បូរ​សប្បាយ​ក៏​ពិត​មែន តែ​ពួក​គេ​នឹង​មិន​សម្បូរ​សប្បាយ​ជា​រៀង​រហូត​នោះ​ទេ។ នៅ​ពេល​ពួក​គេ​ស្លាប់​ទៅ ផល​ប្រយោជន៍​ណា​ដែល​ពួក​គេ​បាន​ប្រមូល​យក​ដោយ​វិធី​អាក្រក់ នោះ​មិន​អាច​ជួយ​ពួក​គេ​បាន​ឡើយ។ នៅ​ទី​បំផុត មនុស្ស​ទាំង​អស់​ទទួល​អ្វី​ដែល​ហៅ​ថា​យុត្ដិធម៌។ ប៉ុល​បាន​សរសេរ​ថា​៖ ​«​ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់​»។ (​រ៉ូម ៦:២៣​) នៅ​ទី​បំផុត មនុស្ស​អាក្រក់​ហើយ​អស់​អ្នក​ណា​ដែល​មិន​សុចរិត​នឹង​ទទួល​«​ឈ្នួល​»​មិន​លើស​មិន​ខ្វះ។ គន្លង​ជីវិត​បែប​នោះ​ពិត​ជា​គ្មាន​ប្រយោជន៍​សោះ​ឡើយ!—ទំនុក​ដំ​កើង ៣៧:៣៥, ៣៦; ៤៩:១៦, ១៧

៦ ដូច្នេះ តើ​ភាព​សម្បូរ​សប្បាយ​ដែល​មាន​បណ្ដោះ​អាសន្ន​របស់​មនុស្ស​អាក្រក់​គួរ​នាំ​ឲ្យ​រំខាន​ចិត្ត​យើង​ទេ? មេ​រៀន​ដែល​យើង​ត្រូវ​ទាញ​យក​ពី​ខ​១​និង​ខ​២​នៃ​ទំនុក​ដំ​កើង​ទី​៣៧​គឺ​៖ កុំ​ឲ្យ​ភាព​រីក​ចំរើន​របស់​ពួក​គេ​នាំ​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ​វិថី​ជីវិត​ដែល​អ្នក​បាន​ជ្រើស​រើស គឺ​ជា​ការ​បំរើ​ព្រះ​យេហូវ៉ា​នោះ។ ចូរ​ផ្ដោត​ចិត្ត​ប្រមូល​អារម្មណ៍​ទៅ​លើ​ពរ​និង​គោល​ដៅ​ខាង​វិញ្ញាណ​វិញ។—សុភាសិត ២៣:១៧

(​ទំនុក​តម្កើង ៣៧:៣​-​៦​) ចូរ​ទុក​ចិត្ត​នឹង​ព្រះ​យេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ យ៉ាង​នោះ​អ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​ចំអែ​ត​ខ្លួន​ដោយ​សេចក្ដី​ពិត។ ៤ ចូរ​យក​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត។ ៥ ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះ​យេហូវ៉ា​ចុះ ថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផង នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំ​រេច។ ៦ ទ្រង់​នឹង​ឲ្យ​សេចក្ដី​សុចរិត​របស់​អ្នក​បាន​ផ្សាយ​ចេញ​ដូច​ជា​ពន្លឺ ហើយ​សេចក្ដី​យុត្ដិធម៌​របស់​អ្នក ដូច​ជា​វេលា​ថ្ងៃ​ត្រង់​ផង។

w​០៤ ១/៣ ទំ. ៩​-​១១ វ. ៧​-​១៥

​«​ចូរ​យក​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក​»​

​«​ចូរ​ទុក​ចិត្ត​នឹង​ព្រះ​យេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ!​»​

៧ អ្នក​តែង​ទំនុក​ដំ​កើង​ជំរុញ​ទឹក​ចិត្ត​ថា​៖ ​«​ចូរ​ទុក​ចិត្ត​នឹង​ព្រះ​យេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ!​»។ (​ទំនុក​ដំ​កើង ៣៧:៣​ក​) នៅ​ពេល​យើង​មាន​កង្វល់​ច្រើន​ឬ​មាន​ការ​សង្ស័យ​នោះ យើង​ត្រូវ​តែ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា។ គឺ​មាន​តែ​ទ្រង់​ទេ​ដែល​ផ្ដល់​សុវត្ថិភាព​ខាង​វិញ្ញាណ​យ៉ាង​ពេញ​លេញ។ ម៉ូសេ​បាន​សរសេរ​ថា​៖ ​«​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទី​កំបាំង​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នោះ​នឹង​បាន​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​»។ (​ទំនុក​ដំ​កើង ៩១:១​) នៅ​ពេល​ខ្វល់​ចិត្ត​ដោយ​សារ​ការ​ទទឹង​ច្បាប់​ក្នុង​របប​លោកីយ៍​នេះ យើង​ត្រូវ​តែ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​លើស​ពី​មុន។ បើ​យើង​គ្រេច​ក​ជើង យើង​សប្បាយ​ចិត្ត​ពេល​មិត្ត​ភក្ដិ​ម្នាក់​ឲ្យ​យើង​ផ្អែក​លើ​គាត់​និង​គាត់​ជួយ​គ្រាហ៍​យើង។ ដូច​គ្នា​ដែរ កាល​ដែល​យើង​ព្យាយាម​ដើរ​ជា​មួយ​នឹង​ព្រះ​ដោយ​ចិត្ត​ស្មោះ​ភក្ដី នោះ​យើង​ត្រូវ​តែ​ពឹង​ផ្អែក​ព្រះ​យេហូវ៉ា​ដែរ។—អេសាយ ៥០:១០

៨ វិធី​មួយ​ដែល​ជួយ​កុំ​ឲ្យ​ភាព​រីក​ចំរើន​របស់​មនុស្ស​អាក្រក់​នាំ​ឲ្យ​រំខាន​ចិត្ត​យើង​នោះ គឺ​យើង​ត្រូវ​ជាប់​រវល់​ក្នុង​ការ​រក​និង​ជួយ​មនុស្ស​ដែលមាន​លក្ខណៈ​ដូច​ចៀម​ឲ្យ​ទទួល​ចំណេះ​ពិត​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ នៅ​ចំពោះ​មុខ​ការ​ចំរើន​កើន​ឡើង​ខាង​អំពើ​អាក្រក់ យើង​ត្រូវ​តែ​ជាប់​រវល់​ជា​និច្ច​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ ​«​កុំ​ឲ្យ​ភ្លេច​នឹង​ធ្វើ​គុណ ហើយ​ចែក​ចាយ​ឡើយ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ​»។ ​«​គុណ​»​ប្រសើរ​បំផុត​ដែល​យើង​អាច​ធ្វើ​ដល់​អ្នក​ឯ​ទៀត គឺ​ចែក​ប្រាប់​ពួក​គេ​នូវ​ដំណឹង​ល្អ​ដ៏​រុង​រឿង​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ការ​ផ្សព្វ​ផ្សាយ​ជា​ការ​«​ថ្វាយ​ពាក្យ​សរសើរ​»​យ៉ាង​ពិត​ប្រាកដ។—ហេព្រើរ ១៣:១៥, ១៦; កាឡាទី ៦:១០

៩ ដាវីឌ​បន្ត​ដោយ​មាន​បន្ទូល​ថា​៖ ​«​ត្រូវ​ឲ្យ​រស់​នៅ​លើ​ផែន​ដី ហើយ​ប្រព្រឹត្ត​ដោយ​ភាព​ស្មោះ​ត្រង់​»។ (​ទំនុក​ដំ​កើង ៣៧:៣​ខ, ព.ថ.​) នៅ​សម័យ​ដាវីឌ ផែន​ដី​សំដៅ​លើ​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ដល់​ជន​ជាតិ​អ៊ីស្រាអែល គឺ​ស្រុក​សន្យា។ ក្នុង​កំឡុង​ការ​សោយ​រាជ្យ​របស់​ស្តេច​សាឡូម៉ូន ព្រំ​ដែន​ស្រុក​នោះ​លាត​សន្ធឹង​ពី​ដាន់​នៅ​ទិស​ខាង​ជើង​រហូត​ទៅ​ដល់​បៀរសេបា​នៅ​ទិស​ខាង​ត្បូង។ ស្រុក​នោះ​ជា​លំនៅ​របស់​អ៊ីស្រាអែល។ (​ពង្សាវតារ​ក្សត្រ​ទី១ ៤:២៥​) សព្វ​ថ្ងៃ​នេះ មិន​ថា​យើង​រស់​នៅ​កន្លែង​ណា​លើ​ផែន​ដី​នេះ​ក្ដី យើង​ទន្ទឹង​ចាំ​ថ្ងៃ​ដែល​ភព​ផែន​ដី​ទាំង​មូល​នឹង​ប្រែ​ក្លាយ​ទៅ​ជា​សួន​មនោ​រម្យ​មួយ ក្នុង​ពិភព​លោក​ថ្មី​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សុចរិត។ ទំ​រាំ​ដល់​ពេល​នោះ យើង​រស់​នៅ​ដោយ​មាន​សុវត្ថិភាព​ខាង​វិញ្ញាណ។—អេសាយ ៦៥:១៣, ១៤

១០ តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា​បើ​យើង​«​ប្រព្រឹត្ត​ដោយ​ភាព​ស្មោះ​ត្រង់​»​? សុភាសិត​មួយ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​រំឭក​យើង​ថា​៖ ​«​មនុស្ស​ស្មោះ​ត្រង់​នឹង​បាន​ពរ​ជា​បរិបូរ​»។ (​សុភាសិត ២៨:២០​) ពេល​យើង​តស៊ូ​យ៉ាង​ស្មោះ​ត្រង់​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ណា​ក៏​ដោយ មិន​ថា​យើង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ នោះ​យើង​ពិត​ជា​ទទួល​នូវ​ពរ​ពី​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ នៅ​ភូមិ​មួយ​នា​ប្រទេស​ស្កុតឡង់​ប៉ែក​ខាង​ជើង ហ្វ្រេង​និង​ភរិយា​របស់​គាត់​ឈ្មោះ​រ៉ូស​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ពេញ​ពេល​នៅ​ភូមិ​នោះ​៤០​ឆ្នាំ​មុន។ បុគ្គល​ប៉ុន្មាន​នាក់​ដែល​ធ្លាប់​មាន​ចំណាប់​អារម្មណ៍​លើ​សេចក្ដី​ពិត​នៅ​តំបន់​នោះ ពួក​គេ​បាន​រសាត់​ចេញ​ពី​សេចក្ដី​ពិត​មុន​ហ្វ្រេង​និង​ភរិយា​គាត់​បាន​ទៅ​ដល់។ ដោយ​មិន​ធ្លាក់​ទឹក​ចិត្ត​សោះ គូ​ស្វាមីភរិយា​ជា​អ្នក​ត្រួស​ត្រាយ​នេះ​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​និង​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស។ ឥឡូវ​មាន​ក្រុម​ជំនុំ​មួយ​កំពុង​តែ​រីក​ចំរើន​នៅ​ភូមិ​នោះ។ ភាព​ស្មោះ​ត្រង់​របស់​ស្វាមីភរិយា​មួយ​គូ​នេះ​ពិត​ជា​បាន​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​មែន។ ហ្វ្រេង​ពន្យល់​ដោយ​រាប​ទាប​ថា​៖ ​«​ពរ​ដ៏​វិសេស​បំផុត​គឺ​យើង​នៅ​ក្នុង​សេចក្ដី​ពិត​នៅ​ឡើយ ហើយ​យើង​មាន​ប្រយោជន៍​ចំពោះ​ព្រះ​យេហូវ៉ា​»។ ពិត​ណាស់​ថា​ពេល​យើង​«​ប្រព្រឹត្ត​ដោយ​ភាព​ស្មោះ​ត្រង់​»​ យើង​ទទួល​ពរ​ជា​ច្រើន​និង​មាន​ចិត្ត​អបអរ​ចំពោះ​ពរ​ដែល​យើង​បាន​ទទួល​នោះ។

​«​ចូរ​យក​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក​»​

១១ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ដែល​យើង​មាន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​ដើម្បី​រក្សា​ឲ្យ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ទ្រង់​ជា​និច្ច នោះ​យើង​ត្រូវ​តែ​«​យក​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​អំណរ​»​របស់​យើង។ (​ទំនុក​ដំ​កើង ៣៧:៤​ក​) តើ​យើង​ធ្វើ​ដូច្នេះ​ដោយ​ដូច​ម្ដេច? ជា​ជាង​រវល់​គិត​ថា​ខ្លួន​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា ថ្វី​ត្បិត​ស្ថានភាព​នោះ​ប្រហែល​ជា​ពិបាក​ក៏​ដោយ យក​ល្អ​ឲ្យ​យើង​ប្រមូល​អារម្មណ៍​គិត​អំពី​ព្រះ​យេហូវ៉ា​វិញ។ វិធី​មួយ​ដែល​យើង​អាច​ធ្វើ​ដូច្នេះ គឺ​ដោយ​ឆ្លៀត​ពេល​អាន​ព្រះ​បន្ទូល​របស់​ទ្រង់។ (​ទំនុក​ដំ​កើង ១:១, ២​) តើ​អ្នក​មាន​អំណរ​ពេល​ដែល​អាន​ព្រះ​គម្ពីរ​ឬ​ទេ? អ្នក​នឹង​មាន​អំណរ​ពិត​មែន​បើ​អាន​ដោយ​មាន​បំណង​ចង់​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា។ សូម​ផ្អាក​ក្រោយ​បាន​អាន​ខ​ខ្លះ​ៗ ហើយ​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​ខ​ទាំង​នោះ​ប្រាប់​ខ្ញុំ​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?› ប្រហែល​ជា​ការ​ល្អ​បើ​អ្នក​មាន​សៀវភៅ​សរសេរ​មួយ​ក្បាល​ឬ​ក៏​ក្រដាស​ខ្លះ​ៗ​នៅ​ជិត​ដៃ ពេល​អ្នក​កំពុង​តែ​អាន​ព្រះ​គម្ពីរ។ ជា​រៀង​រាល់​ដង​ដែល​អ្នក​ផ្អាក​ដើម្បី​រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​បាន​អាន ចូរ​កត់​សរសេរ​ឃ្លា​ដែល​រំឭក​អ្នក​អំពី​គុណ​សម្បត្ដិ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​របស់​ព្រះ។ ក្នុង​ទំនុក​ដំ​កើង​មួយ​ទៀត ដាវីឌ​បាន​ច្រៀង​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា ជា​ថ្ម​ដា ហើយ​ជា​អ្នក​ប្រោស​លោះ​នៃ​ទូល​បង្គំ​អើយ! សូម​ឲ្យ​ពាក្យ​សំ​ដី​ដែល​ចេញ​មក​ពី​មាត់​ទូល​បង្គំ នឹង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល​បង្គំ បាន​គួរ​គាប់​នៅ​ព្រះ​នេត្រ​ទ្រង់​»។ (​ទំនុក​ដំ​កើង ១៩:១៤​) ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​អ្វី​ដែល​«​គាប់​»​ចំពោះ​ព្រះ​ទ័យ​ព្រះ​យេហូវ៉ា ហើយ​ក៏​គាប់​ចិត្ត​យើង​ផង​ដែរ។

១២ ពេល​ដែល​សិក្សា​និង​រំពឹង​គិត​នោះ តើ​យើង​អាច​ទទួល​បាន​សុភមង្គល​ដោយ​ដូច​ម្ដេច? យើង​អាច​មាន​គោល​ដៅ​មួយ​គឺ​រៀន​ឲ្យ​បាន​ច្រើន​បំផុត​អំពី​ព្រះ​យេហូវ៉ា​និង​ការ​ប្រព្រឹត្ត​របស់​ទ្រង់។ ប្រកាសនវត្ថុ​ផ្សេង​ៗ​ដូច​ជា​សៀវភៅ​បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ ហើយ​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ផ្ដល់​ព័ត៌មាន​ជា​ច្រើន​ដែល​យើង​អាច​យក​មក​រំពឹង​គិត​ដោយ​ការ​អបអរ។ ដាវីឌ​ពង្រឹង​ទំនុក​ចិត្ត​មនុស្ស​សុចរិត​ថា ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ឲ្យ​«​បាន​ដូច​បំណង​ចិត្ត​»​ជា​លទ្ធផល។ (​ទំនុក​ដំ​កើង ៣៧:៤​ខ​) ទំនុក​ចិត្ត​បែប​នេះ​ច្បាស់​ជា​បាន​ជំរុញ​ចិត្ត​របស់​សាវ័ក​យ៉ូហាន​ឲ្យ​សរសេរ​ថា​៖ ​«​យើង​ក៏​មាន​សេចក្ដី​ក្លាហាន​ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ​គឺ​ថា បើ​យើង​នឹង​សូម​អ្វី​ដែល​ត្រូវ​តាម​ព្រះ​ហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម បើ​យើង​ដឹង​ថា ទ្រង់​ទទួល​ព្រម​តាម​យើង ក្នុង​ការ​អ្វី​ដែល​យើង​សូម​ដូច្នេះ នោះ​យើង​ក៏​ដឹង​ថា យើង​បាន​អ្វី​ដែល​យើង​សូម​ពី​ទ្រង់​ហើយ​ដែរ​»។—យ៉ូហាន​ទី១ ៥:១៤, ១៥

១៣ ក្នុង​នាម​ជា​អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍ ចិត្ត​ប្រាថ្នា​ខ្លាំង​បំផុត​របស់​យើង​គឺ​យើង​ចង់​ឃើញ​អធិបតីភាព​របស់​ព្រះ​យេហូវ៉ា​ដែល​ស​ឲ្យ​ឃើញ​ថា​ត្រឹម​ត្រូវ។ (​សុភាសិត ២៧:១១​) ពេល​យើង​ទទួល​ដំណឹង​អំពី​ការ​ផ្សព្វ​ផ្សាយ​របស់​បង​ប្អូន​យើង​នៅ​ប្រទេស​ដែល​ធ្លាប់​មាន​របប​ផ្ដាច់​ការ​នោះ ចិត្ត​របស់​យើង​ពិត​ជា​អរ​ណាស់ មែន​ទេ? យើង​រំភើប​ចិត្ត​ចង់​ឃើញ​ថា​បង​ប្អូន​នឹង​ទទួល​សេរី​ភាព​យ៉ាង​ណា​ទៀត​មុន​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ​មក​ដល់។ អ្នក​បំរើ​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា​ដែល​រស់​នៅ​ប្រទេស​ខាង​លិច ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ដល់​សិស្សានុសិស្ស ជន​ភៀស​ខ្លួន និង​អ្នក​ឯ​ទៀត​ដែល​រស់​នៅ​បណ្ដោះ​អាសន្ន​នៅ​ប្រទេស​ខាង​លិច​ហើយ​មាន​សេរី​ភាព​ដើម្បី​ថ្វាយ​បង្គំ។ យើង​ពិត​ជា​សង្ឃឹម​ថា ពេល​អ្នក​ទាំង​នេះ​ត្រឡប់​ទៅ​ស្រុក​វិញ ពួក​គាត់​នឹង​បន្ត​ឲ្យ​ពន្លឺ​នៃ​សេចក្ដី​ពិត​ភ្លឺ​ឡើង សូម្បី​តែ​មើលទៅ​ហាក់​ដូច​ជា​មាន​ភាព​ងងឹត​ចាក់​ស្រេះ​ក៏​ដោយ។—ម៉ាថាយ ៥:១៤​-​១៦

​«​ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះ​យេហូវ៉ា​ចុះ!​»​

១៤ នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​ណាស់! ពេល​ដឹង​ថា​ទុក្ខ​ព្រួយ​និង​អ្វី​ៗ​ដែល​ហាក់​ដូច​ជា​បន្ទុក​ធ្ងន់​ចំពោះ​យើង នឹង​ត្រូវ​ដក​ចេញ។ តើ​នឹង​ត្រូវ​ដក​ចេញ​យ៉ាង​ដូច​ម្ដេច? ដាវីឌ​មាន​បន្ទូល​ថា​៖ ​«​ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះ​យេហូវ៉ា​ចុះ! ថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផង នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំ​រេច​»។ (​ទំនុក​ដំ​កើង ៣៧:៥​) ក្នុង​ក្រុម​ជំនុំ​របស់​យើង​មាន​ភស្តុ​តាង​ច្រើន​ល្មម​ឲ្យ​ដឹង​ថា យើង​អាច​ពឹង​ពាក់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ការ​គាំ​ទ្រ​ពី​ទ្រង់។ (​ទំនុក​ដំ​កើង ៥៥:២២​) អស់​អ្នក​ក្នុង​កិច្ច​បំរើ​ពេញ​ពេល មិន​ថា​ជា​អ្នក​ត្រួស​ត្រាយ អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល សាសនទូត ឬ​ជន​ស្ម័គ្រ​ចិត្ត​ដែល​បំរើ​នៅ​បេតអែល​ក៏​ដោយ ពួក​គាត់​ទាំង​អស់​អាច​បញ្ជាក់​ថា ការ​ទំនុក​បំរុង​របស់​ព្រះ​យេហូវ៉ា​គឺ​គួរ​ឲ្យ​ទុក​ចិត្ត​ណាស់។ សូម​អញ្ជើញ​និយាយ​ជា​មួយ​នឹង​ពួក​គាត់​ដែល​អ្នក​ស្គាល់ និង​សួរ​អំពី​របៀប​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គាត់។ អ្នក​ប្រាកដ​ជា​នឹង​ស្ដាប់​នូវ​បទ​ពិសោធន៍​ជា​ច្រើន​ដែល​បង្ហាញ​ថា ព្រះ​ហស្ត​ព្រះ​យេហូវ៉ា​មិន​ដែល​រួញ​ខ្លី​ទេ សូម្បី​តែ​នៅ​គ្រា​លំបាក​ក៏​ដោយ។ ទ្រង់​តែង​តែ​ផ្គត់​ផ្គង់​អ្វី​ដែល​ចាំ​បាច់​ដើម្បី​ចិញ្ចឹម​ជីវិត។—ទំនុក​ដំ​កើង ៣៧:២៥; ម៉ាថាយ ៦:២៥​-​៣៤

១៥ នៅ​ពេល​យើង​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់ ហើយ​ទុក​ចិត្ត​ទ្រង់​ទាំង​ស្រុង នោះ​យើង​ឃើញ​បន្ទូល​របស់​អ្នក​តែង​ទំនុក​ដំ​កើង​ក្លាយ​ជា​ការ​ពិត​ដែល​ថា​៖ ​«​ទ្រង់​នឹង​ឲ្យ​សេចក្ដី​សុចរិត​របស់​អ្នក​បាន​ផ្សាយ​ចេញ​ដូច​ជា​ពន្លឺ ហើយ​សេចក្ដី​យុត្ដិធម៌​របស់​អ្នក ដូច​ជា​វេលា​ថ្ងៃ​ត្រង់​ផង​»។ (​ទំនុក​ដំ​កើង ៣៧:៦​) ក្នុង​នាម​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា យើង​ឃើញ​ថា​មនុស្ស​មួល​បង្កាច់​យើង​ជា​ញយ​ៗ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បំភ្លឺ​ភ្នែក​របស់​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់ ដើម្បី​ជួយ​ពួក​គាត់​ទទួល​ស្គាល់​ថា កិច្ច​បំរើ​របស់​យើង​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​អ្នក​ជិត​ខាង។ ព្រម​ជា​មួយ​គ្នា​នេះ កិរិយា​ប្រព្រឹត្ត​ដ៏​ល្អ​របស់​យើង​មិន​អាច​ត្រូវ​បិទ​បាំង​ទេ ទោះ​ជា​មាន​គេ​មួល​បង្កាច់​យើង​ក៏​ដោយ។ ព្រះ​យេហូវ៉ា​គាំ​ទ្រ​យើង​ពេល​ឆ្លង​កាត់​ការ​ប្រឆាំង​បៀត​បៀន​សព្វ​បែប​យ៉ាង។ ជា​លទ្ធផល សេចក្ដី​សុចរិត​របស់​រាស្ត្រ​នៃ​ព្រះ​ភ្លឺ​ឡើង​ដូច​ជា​ព្រះ​អាទិត្យ​នៅ​ថ្ងៃ​ត្រង់។—ពេត្រុស​ទី១ ២:១២

(​ទំនុក​តម្កើង ៣៧:៧​-​១១​) ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​រង់​ចាំ​ទ្រង់​ចុះ។ កុំ​ឲ្យ​ក្ដៅ​ចិត្ត ដោយ​ព្រោះ​អ្នក​ដែល​ចំរើន​ក្នុង​ផ្លូវ​គេ ឬ​មនុស្ស​ដែល​បង្កើត​ការ​អាក្រក់​សំ​រេច​បាន​នោះ​ឡើយ។ ៨ ចូរ​ឈប់​ពី​សេចក្ដី​កំហឹង ហើយ​បោះ​បង់​សេចក្ដី​ឃោរ​ឃៅ​ចោល​ចេញ កុំ​ឲ្យ​ក្ដៅ​ចិត្ត​ឡើយ ដ្បិត​នោះ​នឹង​នាំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​វិញ។ ៩ ពី​ព្រោះ​ពួក​អ្នក​ដែល​ធ្វើ​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ តែ​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ​យេហូវ៉ា នោះ​នឹង​បាន​ផែន​ដី​ជា​មរ​ដក។ ១០ ដល់​បន្ដិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ អើ អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ។ ១១ ឯ​មនុស្ស​រាប​សា គេ​នឹង​បាន​ផែន​ដី​ជា​មរ​ដក ហើយ​នឹង​បាន​ចិត្ត​រីក​រាយ ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ។

w​០៤ ១/៣ ទំ. ១១​-​១២ វ. ១៦​-​២០

​«​ចូរ​យក​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក​»​

​«​ចូរ​ស្ងៀម . . . ហើយ​រង់​ចាំ​»​

១៦ បន្ទូល​ជា​បន្ត​បន្ទាប់​នេះ​របស់​អ្នក​តែង​ទំនុក​ដំ​កើង​គឺ​៖ ​«​ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​រង់​ចាំ​ទ្រង់​ចុះ! កុំ​ឲ្យ​ក្ដៅ​ចិត្ត​ដោយ​ព្រោះ​អ្នក​ដែល​ចំរើន​ក្នុង​ផ្លូវ​គេ ឬ​មនុស្ស​ដែល​បង្កើត​ការ​អាក្រក់​សំ​រេច​បាន​នោះ​ឡើយ​»។ (​ទំនុក​ដំ​កើង ៣៧:៧​) ក្នុង​ខ​នេះ ដាវីឌ​សង្កត់​ធ្ងន់​ថា យើង​ត្រូវ​តែ​រង់​ចាំ​ដោយ​អត់​ធ្មត់​ទាល់​តែ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ។ ទោះ​ជា​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ​មិន​ទាន់​មក​ដល់​ក៏​ពិត​មែន ក៏​នេះ​មិន​មែន​ជា​ហេតុ​ឲ្យ​យើង​រអ៊ូ​រទាំ​នោះ​ទេ។ យើង​ពិត​ជា​បាន​ឃើញ​ថា សេចក្ដី​មេត្ដា​ករុណា​និង​ព្រះ​ទ័យ​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​មាន​ទំហំ​ធំ​ជាង​យើង​បាន​នឹក​ស្មាន​ពី​មុន មែន​ទេ? ពេល​យើង​ជាប់​រវល់​នឹង​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​មុន​ទី​បញ្ចប់​មក​ដល់ តើ​យើង​ក៏​អាច​បង្ហាញ​ថា​យើង​ក៏​កំពុង​តែ​រង់​ចាំ​ដោយ​អត់​ធ្មត់​ដែរ​ឬ​ទេ? (​ម៉ាកុស ១៣:១០​) ឥឡូវ​នេះ​ឯង​ជា​ពេល​យើង​ត្រូវ​ចៀស​ចេញ​ពី​ការ​ប្រព្រឹត្ត​មិន​គិត​មុខ​គិត​ក្រោយ​ដែល​អាច​បំផ្លាញ​នូវ​អំណរ​និង​សុវត្ថិភាព​ខាង​វិញ្ញាណ​របស់​យើង។ ឥឡូវ​នេះ​ឯង​ជា​ពេល​ដែល​យើង​ត្រូវ​ទប់​ទល់​ខ្លាំង​ជាង​មុន​នឹង​ឥទ្ធិពល​ពី​លោកីយ៍​របស់​សាតាំង​ដែល​នាំ​ឲ្យ​ខូច​អាក្រក់​នោះ។ ហើយ​ឥឡូវ​នេះ​ឯង​ជា​ពេល​ដែល​យើង​ត្រូវ​រក្សា​ភាព​បរិសុទ្ធ​ខាង​សីលធម៌​និង​មិន​ត្រូវ​ប្រថុយ​ធ្វើ​អ្វី​ដែល​អាច​នាំ​ឲ្យ​បាត់​បង់​នូវ​ភាព​សុចរិត​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ ចូរ​យើង​បន្ត​បំបាត់​ចោល​គំនិត​អសីលធម៌​និង​ចៀស​ចេញ​ពី​ការ​ប្រព្រឹត្ត​មិន​សម​រម្យ​ចំពោះ​បុគ្គល​ភេទ​ផ្ទុយ​ទាំង​បុគ្គល​ភេទ​ដូច​គ្នា​ផង​ដែរ។—កូល៉ុស ៣:៥

១៧ ដាវីឌ​ជូន​ឱវាទ​ថា​៖ ​«​ចូរ​ឈប់​ពី​សេចក្ដី​កំហឹង ហើយ​បោះ​បង់​សេចក្ដី​ឃោរ​ឃៅ​ចោល​ចេញ កុំ​ឲ្យ​ក្ដៅ​ចិត្ត​ឡើយ ដ្បិត​នោះ​នឹង​នាំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​វិញ ពី​ព្រោះ​ពួក​អ្នក​ដែល​ធ្វើ​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ តែ​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ​យេហូវ៉ា នោះ​នឹង​បាន​ផែន​ដី​ជា​មរ​ដក​»។ (​ទំនុក​ដំ​កើង ៣៧:៨, ៩​) ពិត​ណាស់​ថា ដោយ​មាន​ជំនឿ​ស៊ប់​យើង​អាច​រង់​ចាំ​ទំ​រាំ​ដល់​ពេល​ដែល​ជិត​ដល់​ហើយ​នោះ គឺ​ពេល​ព្រះ​យេហូវ៉ា​បំផ្លាញ​ចោល​នូវ​អំពើ​អាក្រក់​និង​អស់​អ្នក​ណា​ដែល​បណ្ដាល​ឲ្យ​មាន​អំពើ​អាក្រក់​ចេញ​ពី​ផែន​ដី​នេះ។

​«​បន្ដិច​ទៀត​»​

១៨ ​«​បន្ដិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ អើ! អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ​»។ (​ទំនុក​ដំ​កើង ៣៧:១០​) បន្ទូល​ទាំង​នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​យើង​ណាស់! កំឡុង​ដែល​យើង​ឈាន​ទៅ​ដល់​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ​និង​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​គ្រប់​គ្រង​ខ្លួន​ឯង​ដោយ​គ្មាន​ព្រះ​យេហូវ៉ា ជា​ការ​គ្រប់​គ្រង​ដែល​បាន​នាំ​ឲ្យ​អន្តរាយ។ មិន​ថា​មនុស្ស​បាន​ខំ​បង្កើត​រដ្ឋាភិបាល​ប្រភេទ​ណា​ក៏​ដោយ នោះ​បាន​ទទួល​បរាជ័យ​ទាំង​ស្រុង។ ហើយ​ឥឡូវ​នេះ យើង​ជិត​ដល់​ពេល​ដែល​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​វិញ គឺ​ជា​ព្រះ​ធិបតេយ្យ​ពិត​ប្រាកដ ដែល​គ្រប់​គ្រង​តាម​រយៈ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​មាន​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ស្តេច។ នោះ​នឹង​កាន់​កាប់​ទាំង​ស្រុង​ទៅ​លើ​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក​ហើយ​បំបាត់​ចោល​នូវ​អស់​អ្នក​ណា​ដែល​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​របស់​ព្រះ។—ដានីយ៉ែល ២:៤៤

១៩ ក្នុង​ពិភព​លោក​ថ្មី​ក្រោម​ព្រះ​រាជាណាចក្រ​របស់​ព្រះ មិន​ថា​អ្នក​ខំ​មើល​កន្លែង​ណា​ក៏​ដោយ អ្នក​នឹង​មិន​អាច​ឃើញ​«​មនុស្ស​អាក្រក់​»​ណា​ម្នាក់​សោះ​ឡើយ។ ច្បាស់​ហើយ អ្នក​ណា​ដែល​បះ​បោរ​នឹង​ព្រះ​យេហូវ៉ា​នៅ​ពេល​នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល​យ៉ាង​ឆាប់​រហ័ស។ អ្នក​ណា​ដែល​ចង់​ប្រឆាំង​ទាស់​នឹង​អធិបតីភាព​របស់​ទ្រង់​ឬ​ក៏​មិន​ព្រម​ចុះ​ចូល​នឹង​អំណាច​របស់​ព្រះ អ្នក​នោះ​នឹង​មិន​នៅ​ក្នុង​ពិភព​លោក​ថ្មី​ទេ។ អ្នក​ជិត​ខាង​ទាំង​អស់​របស់​អ្នក​នឹង​មាន​ចិត្ត​គំនិត​ដូច​គ្នា គឺ​ប្រាថ្នា​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា។ នេះ​នឹង​នាំ​ឲ្យ​មាន​សុវត្ថិភាព​ប្រសើរ​ក្រៃ​លែង! គ្មាន​សោ គ្មាន​ចម្រឹង​ដែក គ្មាន​អ្វី​សោះ​ដែល​ធ្វើ​ឲ្យ​កករ​ល្អក់​ដល់​សុភមង្គល​និង​ទំនុក​ចិត្ត​ទាំង​ស្រុង​ដែល​យើង​មាន!—អេសាយ ៦៥:២០; មីកា ៤:៤; ពេត្រុស​ទី២ ៣:១៣

២០ នៅ​ពេល​នោះ​«​មនុស្ស​រាប​សា គេ​នឹង​បាន​ផែន​ដី​ជា​មរ​ដក​»។ (​ទំនុក​ដំ​កើង ៣៧:១១​ក​) ប៉ុន្តែ តើ​«​មនុស្ស​រាប​សា​»​ទាំង​នេះ​ជា​អ្នក​ណា? ពាក្យ​ដែល​ត្រូវ​បក​ប្រែ​ថា​«​រាប​សា​»​មក​ពី​រឹស​ពាក្យ​ដែល​មាន​ន័យ​ថា​«​ធ្វើ​ទុក្ខ បន្ទាប នាំ​ឲ្យ​អាម៉ាស់​មុខ​»។ ពិត​ណាស់ ​«​មនុស្ស​រាប​សា​»​គឺ​ជា​អ្នក​ដែល​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រាប​ទាប​ឲ្យ​ទ្រង់​ជំ​រះ​អស់​ទាំង​ភាព​អយុត្ដិធម៌​ដែល​មនុស្ស​បាន​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ។ ​«​[​ពួក​គេ​]នឹង​បាន​ចិត្ត​រីក​រាយ ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ​»។ (​ទំនុក​ដំ​កើង ៣៧:១១​ខ​) សូម្បី​តែ​ឥឡូវ​នេះ យើង​ឃើញ​ថា​មាន​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ​ក្នុង​សួន​មនោ​រម្យ​ខាង​វិញ្ញាណ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​ពិត។

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

(​ទំនុក​តម្កើង ៣៤:១៨​) ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប។

w​១១​-​E ១/៦ ទំ. ១៩

ចូរ​ចូល​ទៅ​ជិត​ព្រះ

ការ​សម្រាល​ទុក្ខ​សម្រាប់​អ្នក​ដែល​មាន​ចិត្ត​សង្រេង

ស្ត្រី​គ្រិស្ត​សាសនិក​ម្នាក់​បាន​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​មិន​អាច​ស្រឡាញ់​ខ្ញុំ​ទេ›។ គាត់​និយាយ​ដូច្នេះ ដោយ​សារ​គាត់​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ គាត់​ប្រាប់​ខ្លួន​ឯង​ថា​៖ ‹ព្រះ​យេហូវ៉ា​ច្បាស់​ជា​នៅ​ឆ្ងាយ​ពី​ខ្ញុំ›។ ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​ពិត​ជា​នៅ​ឆ្ងាយ​ពី​អ្នក​គោរព​ប្រណិប័តន៍​លោក​ដែល​ធ្លាក់​ទឹក​ចិត្ត​មែន​ឬ? គឺ​មាន​ចម្លើយ​ដែល​ផ្ដល់​ការ​សម្រាល​ទុក្ខ ដែល​មាន​ក្នុង​ទំនុក​តម្កើង ៣៤:១៨ ដែល​ព្រះ​បាន​បណ្ដាល​ដាវីឌ​ឲ្យ​សរសេរ។

ដាវីឌ​ដឹង​ថា​ការ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​អាច​ធ្វើ​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា ពិបាក​យ៉ាង​ណា។ ពេល​ដាវីឌ​ជា​យុវជន គាត់​មាន​ជីវិត​ជា​ជន​ភៀស​ខ្លួន ដោយ​សារ​គាត់​ត្រូវ​រត់​គេច​ខ្លួន​ឥត​ឈប់​ឈរ​ពី​ស្តេច​សុល​ដែល​ច្រណែន​និង​ប៉ុន​ប៉ង​សម្លាប់​គាត់។ ដាវីឌ​បាន​រត់​ទៅ​គេច​ខ្លួន​នៅ​កន្លែង​ដែល​គាត់​គិត​ថា​ជា​កន្លែង​ចុង​ក្រោយ​ដែល​សុល​នឹង​តាម​រក​គាត់។ ទី​នោះ​ជា​ក្រុង​កាថ​ក្នុង​ទឹក​ដី​របស់​សាសន៍​ភីលីស្ទីន ដែល​ជា​សត្រូវ​របស់​សុល។ ប៉ុន្តែ​ក្រោយ​មក​ពួក​ភីលីស្ទីន​បាន​ដឹង​អំពី​ដាវីឌ។ ដូច្នេះ គាត់​បាន​ធ្វើ​ជា​ឆ្កួត​ដើម្បី​កុំ​ឲ្យ​ពួក​គេ​ចាប់​គាត់​បាន។ ដាវីឌ​ដឹង​គុណ​ព្រះ​ដែល​បាន​សង្គ្រោះ​គាត់ ហើយ​គាត់​បាន​សរសេរ​បទ​ពិសោធន៍​នេះ​ក្នុង​ទំនុក​តម្កើង ទំនុក​ទី​៣៤។

តើ​ដាវីឌ​ជឿ​ថា​ព្រះ​នៅ​សែន​ឆ្ងាយ​ពី​អស់​អ្នក​ជួប​ទុក្ខ​លំបាក​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​ឲ្យ​លោក​យក​ចិត្ត​ទុក​ដាក់​ឬ​ទេ? ដាវីឌ​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​មាន​វិញ្ញាណ​ទន់​ទាប​»។ (​ខ​១៨​) សូម​ឲ្យ​យើង​ពិចារណា​ថា តើ​ពាក្យ​ទាំង​នេះ​ផ្ដល់​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្ឃឹម​យ៉ាង​ណា​ដល់​យើង។

​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​»។ ឯកសារ​យោង​មួយ​បាន​បញ្ជាក់​ថា ឃ្លា​នេះ​«​មាន​អត្ថន័យ​ថា​លោក​ម្ចាស់​យក​ចិត្ត​ទុក​ដាក់​និង​សម្លឹង​មើល​ជា​និច្ច ដើម្បី​ត្រៀម​ខ្លួន​ជួយ​សង្គ្រោះ​រាស្ត្រ​លោក​»។ នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​យើង​ណាស់ ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​នឹង​រាស្ត្រ​លោក។ លោក​ឃើញ​ពួក​គេ​កំពុង​ជួប​នឹង​ទុក្ខ​លំបាក​បែប​ណា ក្នុង‹គ្រា​លំបាក›នេះ។—ធីម៉ូថេ​ទី២ ៣:១; សកម្មភាព ១៧:២៧

​«​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង​»។ នៅ​ប្រទេស​ខ្លះ ពាក្យ​«​ចិត្ត​សង្រេង​»​សំដៅ​ទៅ​លើ​អ្នក​ដែល​ស្រឡាញ់​គេ​តែ​គេ​មិន​ស្រឡាញ់​វិញ។ ប៉ុន្តែ បណ្ឌិត​ម្នាក់​និយាយ​ថា​ពាក្យ​របស់​អ្នក​តែង​បទ​ទំនុក​តម្កើង​ចង់​សំដៅ​ទៅ​លើ​«​ការ​ព្រួយ​ចិត្ត​និង​ការ​ពិបាក​ចិត្ត​»។ ពិត​មែន ពេល​ខ្លះ​សូម្បី​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ ក៏​ជួប​នឹង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​ចិត្ត​ដែរ។

​«​អស់​អ្នក​ដែល​មាន​វិញ្ញាណ​ទន់​ទាប​»។ អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត​អាច​នឹង​គិត​ថា​ពួក​គេ​គ្មាន​តម្លៃ​ទាល់​តែ​សោះ​ហើយ​បាត់​បង់​សេចក្ដី​សង្ឃឹម​ទាំង​អស់។ ក្នុង​សៀវភៅ​កំណត់​របស់​អ្នក​បក​ប្រែ​គម្ពីរ សរសេរ​អំពី​ឃ្លា​នេះ​ថា​អាច​សំដៅ​ទៅ​លើ​«​អ្នក​ដែល​គ្មាន​អ្វី​អាច​សង្ឃឹម​នឹង​ទទួល​នៅ​ថ្ងៃ​មុខ​»។

តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​មាន​«​ចិត្ត​សង្រេង​»​និង​«​វិញ្ញាណ​ទន់​ទាប​»​? តើ​លោក​នៅ​ឆ្ងាយ​ពី​ពួក​គេ ដោយ​គិត​ថា​ពួក​គេ​គ្មាន​តម្លៃ​ឲ្យ​លោក​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​ឬ? ពុំ​មែន​ដូច្នោះ​ឡើយ! ឪ​ពុក​ម្ដាយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ យក​ចិត្ត​ទុក​ដាក់​និង​សម្រាល​ទុក្ខ​កូន ពេល​កូន​ពិបាក​ចិត្ត។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​នៅ​ជិត​អ្នក​គោរព​ប្រណិប័តន៍​លោក​ដែល​សុំ​ជំនួយ​ពី​លោក។ លោក​ចង់​សម្រាល​ទុក្ខ​ពួក​គេ ហើយ​លោក​ចង់​ជួយ​ពួក​គេ​ឲ្យ​មាន​អារម្មណ៍​ស្រួល​ឡើង​វិញ។ លោក​អាច​ផ្ដល់​ប្រាជ្ញា​និង​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​ពួក​គេ​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ​ដែល​ពួក​គេ​មាន។—កូរិនថូស​ទី២ ៤:៧; យ៉ាកុប ១:៥

សូម​ស្វែង​យល់​អំពី​របៀប​ដែល​អ្នក​អាច​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​សេចក្ដី​មេត្ដា​ករុណា សន្យា​ថា​៖ ​«​អញ​នៅ . . . ជា​មួយ​នឹង​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទន់​ទាប ដើម្បី​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ហើយ​ឲ្យ​ចិត្ត​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ​»។—អេសាយ ៥៧:១៥

(​ទំនុក​តម្កើង ៣៤:២០​) ទ្រង់​រក្សា​អស់​ទាំង​ឆ្អឹង​របស់​អ្នក​នោះ មិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ។

w​១៣ ១៥/១២ ទំ. ២១ វ. ១៩

‹នេះ​ជា​សេចក្ដី​រំលឹក​ដល់​អ្នក​រាល់​គ្នា›

១៩ ពេល​កូន​ចៀម​បាន​ត្រូវ​សម្លាប់​សម្រាប់​ជា​អាហារ​បុណ្យ​រំលង ជន​ជាតិ​អ៊ីស្រាអែល​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​របស់​វា​ទេ។ (​និក្ខ. ១២:៤៦; ជន. ៩:១១, ១២​) ចុះ​យ៉ាង​ណា​«​កូន​ចៀម​របស់​ព្រះ​»​ដែល​បាន​មក​ដើម្បី​ផ្ដល់​ថ្លៃ​លោះ? (​យ៉ូន. ១:២៩​) លោក​បាន​ត្រូវ​ព្យួរ​ដោយ​មាន​ឧក្រិដ្ឋជន​នៅ​សង​ខាង​លោក។ ជន​ជាតិ​យូដា​បាន​សុំ​ពីឡាត​ឲ្យ​គេ​បំបាក់​ឆ្អឹង​បុរស​ដែល​បាន​ត្រូវ​ព្យួរ​ទាំង​នោះ។ នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្លាប់​លឿន​ជាង ដើម្បី​កុំ​ឲ្យ​ទុក​ពួក​គេ​នៅ​លើ​បង្គោល​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​ណែសាន ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ពីរ​នៅ​ចំ​ថ្ងៃ​តែ​មួយ។ ទាហាន​បាន​បំបាក់​ជើង​ឧក្រិដ្ឋជន​ទាំង​ពីរ​នាក់​ដែល​បាន​ត្រូវ​ព្យួរ ​«​ប៉ុន្តែ​ពេល​ដែល​មក​ដល់​លោក​យេស៊ូ ពួក​គេ​មិន​បាន​បំបាក់​ជើង​របស់​លោក​ទេ ព្រោះ​ឃើញ​ថា​លោក​ទទួល​មរណភាព​ហើយ​»។ (​យ៉ូន. ១៩:៣១​-​៣៤​) នេះ​ដូច​គ្នា​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ដល់​កូន​ចៀម​សម្រាប់​បុណ្យ​រំលង ដូច្នេះ​ក្នុង​ន័យ​នោះ កូន​ចៀម​នេះ​គឺ​ជា​«​ស្រមោល​»​នៃ​អ្វី​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស.។ (​ហេ. ១០:១​) ម្យ៉ាង​ទៀត អ្វី​ដែល​បាន​កើត​ឡើង​បាន​សម្រេច​ពាក្យ​នៅ​ទំនុក​តម្កើង ៣៤:២០ ហើយ​នេះ​គួរ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​លើ​ទំនាយ​ក្នុង​គម្ពីរ។

ថ្ងៃ​ទី​១៣​-​១៩ ខែ​មិថុនា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | ទំនុក​តម្កើង ៣៨​-​៤៤

​«​ព្រះ​យេហូវ៉ា​ទ្រ​ទ្រង់​អ្នក​ដែល​ឈឺ​»​

(​ទំនុក​តម្កើង ៤១:១, ២​) មាន​ពរ​ហើយ អ្នក​ណា​ដែល​មាន​អធ្យាស្រ័យ​ដល់​ពួក​មនុស្ស​ក្រី​ក្រ ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ជួយ​អ្នក​នោះ ឲ្យ​រួច​ក្នុង​ថ្ងៃ​អាក្រក់។ ២ ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ទំនុក​បំរុង ហើយ​ថែ​រក្សា​ជីវិត​អ្នក​នោះ គេ​នឹង​បាន​ពរ​នៅ​ផែន​ដី​នេះ ហើយ​ទ្រង់​នឹង​មិន​ប្រគល់​គេ ទៅ​ក្នុង​បំណង​ចិត្ត​នៃ​ពួក​ខ្មាំង​សត្រូវ​ឡើយ។

w​១៥ ១៥/១២ ទំ. ២៤ វ. ៧

ព្រះ​យេហូវ៉ា​នឹង​ទ្រ​ទ្រង់​អ្នក

៧ ប៉ុន្តែ​បើ​អ្នក​ឈឺ ព្រះ​យេហូវ៉ា​នឹង​សម្រាល​ទុក្ខ ព្រម​ទាំង​គាំ​ទ្រ​អ្នក ដូច​លោក​បាន​ធ្វើ​ចំពោះ​អ្នក​បម្រើ​លោក​នៅ​អតីតកាល។ ស្តេច​ដាវីឌ​បាន​សរសេរ​ថា​៖ ​«​មាន​ពរ​ហើយ អ្នក​ណា​ដែល​មាន​អធ្យាស្រ័យ​ដល់​ពួក​មនុស្ស​ក្រី​ក្រ ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ជួយ​អ្នក​នោះ​ឲ្យ​រួច​ក្នុង​ថ្ងៃ​អាក្រក់។ ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ទំនុក​បំរុង ហើយ​ថែ​រក្សា​ជីវិត​អ្នក​នោះ​»។ (​ទំនុក​តម្កើង ៤១:១, ២​) ដាវីឌ​មិន​ចង់​ថា មនុស្ស​ល្អ​ម្នាក់​ដែល​រស់​នៅ​សម័យ​នោះ​ដែល​ចេះ​យល់​អារម្មណ៍​របស់​ពួក​មនុស្ស​ក្រី​ក្រ​ឬ​មនុស្ស​ទន់​ទាប​នឹង​មិន​ស្លាប់​ទេ។ ដូច្នេះ តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​នឹង​ជួយ​មនុស្ស​ល្អ​នោះ? ដាវីឌ​បាន​ពន្យល់​ថា​៖ ​«​ព្រះ​យេហូវ៉ា​នឹង​ទ្រ​ទ្រាំ​ចំពោះ​គេ​នៅ​គ្រា​ដេក​ឈឺ​នៅ​គ្រែ ទ្រង់​ក៏​រៀប​គ្រែ​ឲ្យ នៅ​គ្រប់​វេលា​មាន​ធុរៈ​»។ (​ទំនុក​តម្កើង ៤១:៣​) ព្រះ​យេហូវ៉ា​ជ្រាប​ច្បាស់​អំពី​អ្វី​ដែល​អ្នក​បម្រើ​លោក​កំពុង​រង​ទុក្ខ ហើយ​លោក​មិន​ភ្លេច​ពួក​គេ​ទេ។ លោក​អាច​ឲ្យ​ពួក​គេ​មាន​ចិត្ត​ក្លាហាន​និង​ប្រាជ្ញា។ ព្រះ​យេហូវ៉ា​ក៏​បាន​បង្កើត​រូប​កាយ​មនុស្ស​ឲ្យ​ចេះ​ជា​សះ​ស្បើយ​ដោយ​ឯកឯង​ដែរ។

w​៩១​-​E ១/១០ ទំ. ១៤ វ. ៦

ចូរ​ឲ្យ​ដៃ​ដ៏​នៅ​ជាប់​ជា​រៀង​រហូត​របស់​ព្រះ​យេហូវ៉ា​ទ្រ​ឯង

៦ មនុស្ស​ចិត្ត​ល្អ​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។ ​«​ថ្ងៃ​អាក្រក់​»​អាច​ជា​គ្រា​ដែល​មាន​ទុក្ខ​វេទនា ឬ​ជា​ពេល​មាន​ទុក្ខ​លំបាក​អស់​រយៈ​ពេល​យូរ​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ទៅ​ជា​ខ្សោយ។ ប៉ុន្តែ​គាត់​ទុក​ចិត្ត​ទៅ​លើ​ព្រះ​ថា លោក​នឹង​ថែ​រក្សា​គាត់​ក្នុង​គ្រា​ដែល​គាត់​ឈឺ។ អ្នក​ឯ​ទៀត​ស្គាល់​គាត់​ជា​អ្នក​«​បាន​ពរ​នៅ​ផែន​ដី​»​ ដោយ​សារ​គាត់​បាន​ប្រាប់​ពួក​គេ​ថា​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ទៅ​លើ​គាត់​ដោយ​សេចក្ដី​មេត្ដា​ករុណា។ ព្រះ​បាន​ទ្រ​ទ្រង់​ដាវីឌ​នៅ​«​គ្រា​ដេក​ឈឺ​នៅ​គ្រែ​»​ ដែល​ប្រហែល​ជា​ក្នុង​ពេល​ដែល​អាប់សាឡំម​ជា​កូន​របស់​គាត់​ព្យាយាម​ដណ្ដើម​រាជ្យ​ពី​គាត់។—សាំយូអែល​ទី២ ១៥:១​-​៦

(​ទំនុក​តម្កើង ៤១:៣​) ព្រះ​យេហូវ៉ា​នឹង​ទ្រ​ទ្រាំ​ចំពោះ​គេ​នៅ​គ្រា​ដេក​ឈឺ​នៅ​គ្រែ ទ្រង់​ក៏​រៀប​គ្រែ​ឲ្យ នៅ​គ្រប់​វេលា​មាន​ធុរៈ។

w​០៨ ១/៩ ទំ. ១១ វ. ១២​-​១៣

ព្រះ​យេហូវ៉ា​«​ជា​អ្នក​ប្រោស​»​រាស្ត្រ​ទ្រង់​ឲ្យ​រួច​នៅ​សម័យ​គម្ពីរ

១២ ដាវីឌ​ទុក​ចិត្ត​លើ‹អ្នក​ប្រោស​ឲ្យ​រួច›មិន​ដែល​ងាករេ​ទេ។ ស្តី​អំពី​អ្នក​បម្រើ​ទៀង​ត្រង់​ម្នាក់​ដែល​ឈឺ ដាវីឌ​ពោល​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ជួយ​អ្នក​នោះ ឲ្យ​រួច​ក្នុង​ថ្ងៃ​អាក្រក់។ ព្រះ​យេហូវ៉ា​នឹង​ទ្រ​ទ្រាំ​ចំពោះ​គេ​នៅ​គ្រា​ដេក​ឈឺ​នៅ​គ្រែ ទ្រង់​ក៏​រៀប​គ្រែ​ឲ្យ នៅ​គ្រប់​វេលា​មាន​ធុរៈ​»។ (​ទំនុក. ៤១:១, ៣​) ម្ដង​នេះ​ទៀត ចូរ​កត់​សម្គាល់​ពាក្យ​របស់​ដាវីឌ ដែល​ថា​៖ ​«​ព្រះ​យេហូវ៉ា​នឹង​»។ ដាវីឌ​ប្រាកដ​ក្នុង​ចិត្ត​ណាស់​ថា​ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​គាត់។ តើ​តាម​របៀប​ណា?

១៣ ដាវីឌ​មិន​សង្ឃឹម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​អព្ភូតហេតុ​ដើម្បី​ព្យាបាល​គាត់​ឲ្យ​ជា​ឡើយ។ ផ្ទុយ​ទៅ​វិញ ដាវីឌ​ទុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​មុខ​ជា​«​ទ្រ​ទ្រាំ​ចំពោះ​»​គាត់ ពោល​គឺ​ផ្ដល់​ជំនួយ​និង​កម្លាំង​ពេល​គាត់​ដេក​ឈឺ​ជាប់​នៅ​គ្រែ។ ដាវីឌ​ច្បាស់​ជា​ត្រូវ​ការ​ជំនួយ​បែប​នេះ​មែន។ បន្ថែម​ពី​ជំងឺ​ដែល​ធ្វើ​ឲ្យ​គាត់​អស់​កម្លាំង គាត់​ក៏​មាន​ខ្មាំង​សត្រូវ​ជា​ច្រើន​ដែល​និយាយ​អាក្រក់​ពី​គាត់។ (​ខ​៥, ៦​) គឺ​ប្រហែល​ជា​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​ចិត្ត​ដាវីឌ ដោយ​ជួយ​គាត់​ឲ្យ​នឹក​ឃើញ​ពាក្យ​ដែល​លើក​ទឹក​ចិត្ត​នេះ។ គួរ​ឲ្យ​កត់​សម្គាល់​មែន ដាវីឌ​ពោល​ថា​៖ ​«​ទ្រង់​ទប់​ទល់ ដោយ​សេចក្ដី​សុចរិត​របស់​ទូល​បង្គំ​»។ (​ខ​១២​) ដោយ​សញ្ជឹង​គិត​អំពី​ចំណុច​នេះ​ថា​ព្រះ​យេហូវ៉ា​ចាត់​ទុក​គាត់​ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ ដាវីឌ​ទទួល​បាន​កម្លាំង​ចិត្ត​មែន ថ្វី​បើ​គាត់​ដេក​ឈឺ​ខ្សោយ​ហើយ​ពួក​សត្រូវ​និយាយ​ពាក្យ​មិន​ល្អ​អំពី​គាត់​ក្ដី។ នៅ​ទី​បំផុត ដាវីឌ​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ។ យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​ច្រើន​ណាស់​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​អាច​ទ្រាំ​ទ្រ​ឬ​កម្សាន្ត​ចិត្ត​អស់​អ្នក​ដែល​ឈឺ មែន​ទេ?—២កូ. ១:៣

(​ទំនុក​តម្កើង ៤១:១២​) ឯ​ទូល​បង្គំ ទ្រង់​ទប់​ទល់ ដោយ​សេចក្ដី​សុចរិត​របស់​ទូល​បង្គំ ហើយ​ក៏​តាំង​ទូល​បង្គំ ឲ្យ​នៅ​ចំពោះ​ទ្រង់​ជា​ដរាប​ត​ទៅ។

w​១៥ ១៥/១២ ទំ. ២៨ វ. ១៨​-​១៩

ព្រះ​យេហូវ៉ា​នឹង​ទ្រ​ទ្រង់​អ្នក

១៨ ដោយ​សារ​យើង​មិន​ល្អ​ឥត​ខ្ចោះ យើង​មិន​អាច​ជៀស​ផុត​ពី​ជំងឺ​ទាំង​អស់​បាន​ទេ។ ម្យ៉ាង​ទៀត ពេល​យើង​ឈឺ យើង​មិន​រំពឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អព្ភូតហេតុ​ដើម្បី​ឲ្យ​យើង​ជា​សះ​ស្បើយ​ឡើយ។ ប៉ុន្តែ​យើង​អាច​ទន្ទឹង​រង់​ចាំ​ពេល​ដែល​ព្រះ​នឹង​ធ្វើ​ឲ្យ​យើង​ជា​សះ​ស្បើយ​ទាំង​ស្រុង​នា​អនាគត។ នៅ​ការ​បើក​បង្ហាញ ២២:១, ២ សាវ័ក​យ៉ូហាន​បាន​និយាយ​អំពី​«​ទឹក​ដែល​ផ្ដល់​ជីវិត​»​និង​«​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត​»​ដែល​នឹង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​ជា​សះ​ស្បើយ។ នេះ​មិន​សំដៅ​លើ​ថ្នាំ​ធម្មជាតិ​ដែល​យើង​អាច​ប្រើ​នៅ​ពេល​ឥឡូវ​នេះ ឬ​នៅ​ពិភព​លោក​ថ្មី​ដើម្បី​ធ្វើ​ឲ្យ​យើង​ជា​ពី​ជំងឺ​ឡើយ។ ផ្ទុយ​ទៅ​វិញ នេះ​សំដៅ​លើ​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​នឹង​ធ្វើ​ដើម្បី​ឲ្យ​យើង​អាច​រស់​ជា​រៀង​រហូត។—អេសាយ ៣៥:៥, ៦

១៩ យើង​ទន្ទឹង​រង់​ចាំ​គ្រា​ដ៏​អស្ចារ្យ​នោះ។ ប៉ុន្តែ​ឥឡូវ​នេះ យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ម្នាក់​ៗ ហើយ​លោក​យល់​អំពី​អារម្មណ៍​របស់​យើង​ពេល​យើង​រង​ទុក្ខ។ ដូច​ដាវីឌ​ដែរ យើង​មាន​ទំនុក​ចិត្ត​ថា​បើ​យើង​ឈឺ ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​យើង​ចោល​ឡើយ។ លោក​នឹង​ថែ​រក្សា​ជា​និច្ច​នូវ​ពួក​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​លោក។—ទំនុក​តម្កើង ៤១:១២

w​០៨ ១/១២ ទំ. ១៦ វ. ១៥

រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ ដោយ​មូលហេតុ​អ្វី?

៣. សំខាន់​ចាំ​បាច់​សម្រាប់​សេចក្ដី​សង្ឃឹម​របស់​យើង

១៥ ដោយ​សារ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជា​មូលដ្ឋាន​នៃ​ការ​ជំនុំជម្រះ​របស់​ព្រះ នោះ​ចិត្ត​ស្មោះ​គឺ​សំខាន់​ចាំ​បាច់​សម្រាប់​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​អនាគត។ ដាវីឌ​យល់​នូវ​សច្ចភាព​នៃ​ចំណុច​នេះ។ (​សូម​អាន ទំនុក​ដំ​កើង ៤១:១២​) ចំពោះ​សេចក្ដី​សង្ឃឹម​ថា​ព្រះ​យក​ចិត្ត​ទុក​ដាក់​នឹង​គាត់​ជា​រៀង​រហូត គឺ​ជា​អ្វី​ដែល​ដាវីឌ​ចាត់​ទុក​ថា​មាន​តម្លៃ​ណាស់។ ដាវីឌ​សង្ឃឹម​ថា​នឹង​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ក្នុង​កាល​ដែល​បម្រើ​ទ្រង់ ដូច​គ្រិស្ត​សាសនិក​ពិត​សព្វ​ថ្ងៃ​នេះ​ដែរ។ ដាវីឌ​យល់​ឃើញ​ថា ខ្លួន​ត្រូវ​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ ទើប​សេចក្ដី​សង្ឃឹម​នោះ​នឹង​សម្រេច​បាន។ ស្រដៀង​គ្នា​ដែរ នៅ​ពេល​ដែល​យើង​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ នោះ​ព្រះ​យេហូវ៉ា​នឹង​គាំ​ទ្រ​យើង បង្រៀន ណែនាំ និង​ផ្ដល់​ពរ​ឲ្យ​យើង។

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

(​ទំនុក​តម្កើង ៣៩:១, ២​) ខ្ញុំ​បាន​នឹក​ថា ខ្ញុំ​នឹង​ប្រយ័ត​ផ្លូវ​ខ្លួន ដើម្បី​មិន​ឲ្យ​អណ្ដាត​ខ្ញុំ​ធ្វើ​បាប​ឡើយ ខ្ញុំ​នឹង​ដាក់​បង្ខាំ​ទប់​មាត់​ខ្ញុំ ក្នុង​កាល​ដែល​ពួក​អាក្រក់​នៅ​ចំពោះ​មុខ។ ២ ខ្ញុំ​បាន​នៅ​ជា​គ ឥត​និយាយ​អ្វី​សោះ គឺ​បាន​នៅ​ស្ងៀម​ចំពោះ​ទាំង​សេចក្ដី​ល្អ​ផង នោះ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​ក៏​ជ្រួល​ឡើង។

w​០៩​-​E ១៥/៥ ទំ. ៤ វ. ៥

​«​មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម​»​

គឺ​ជា​ការ​ប្រកប​ដោយ​ប្រាជ្ញា​បើ​យើង​ចេះ​ប្រយ័ត្ន​អ្វី​ដែល​យើង​និយាយ ពេល​ដែល​យើង​នៅ​ក្នុង​ចំណោម​មនុស្ស​អាក្រក់។ ក្នុង​កិច្ច​បម្រើ​ផ្សាយ​ពេល​គេ​សើច​ចំអក​មើល​ងាយ ប្រហែល​ជា​ល្អ​ជាង​ឲ្យ​យើង​នៅ​ស្ងៀម។ បន្ថែម​ទៅ​ទៀត ពេល​ដែល​មិត្ត​រួម​ថ្នាក់​ឬ​អ្នក​រួម​ការ​ងារ​និយាយ​រឿង​កំប្លែង​ផ្ដេស​ផ្ដាស​ឬ​ប្រើ​ពាក្យ​អាសអាភាស ជា​ការ​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ​បើ​យើង​នៅ​ស្ងៀម​មិន​បញ្ចេញ​ទស្សនៈ​ដែល​បញ្ជាក់​ថា​យើង​ពេញ​ចិត្ត​នឹង​អ្វី​ដែល​គេ​និយាយ។ (​អេភ. ៥:៣​) អ្នក​តែង​ទំនុក​តម្កើង​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​នឹង​ដាក់​បង្ខាំ​ទប់​មាត់​ខ្ញុំ ក្នុង​កាល​ដែល​ពួក​អាក្រក់​នៅ​ចំពោះ​មុខ​»។—ទំនុក. ៣៩:១

w​០៦ ១/៦ ទំ. ១១ វ. ១២

គោល​សំខាន់​ៗ​ពី​សៀវភៅ​ទំនុក​ដំ​កើង ប៉ែក​ទី​មួយ

៣៩:១, ២: បើ​មនុស្ស​អាក្រក់​ខំ​រាវ​រក​ព័ត៌មាន​ដើម្បី​ធ្វើ​បាប​ដល់​បង​ប្អូន​រួម​ជំនឿ យក​ល្អ​យើង‹ដាក់​បង្ខាំ​ទប់​មាត់​យើង›ហើយ​នៅ​ស្ងៀម។

(​ទំនុក​តម្កើង ៤១:៩​) អើ ទាំង​មិត្រ​សំ​ឡាញ់​ស្និទ្ធ​ស្នា​ល​របស់​ទូល​បង្គំ ជា​អ្នក​ដែល​ទូល​បង្គំ​បាន​ទុក​ចិត្ត ហើយ​ក៏​បាន​បរិភោគ​បាយ​របស់​ទូល​បង្គំ​ផង នោះ​បាន​លើក​កែង​ជើង​ចង់​ជាន់​ឈ្លី​ទូល​បង្គំ​ដែរ។

w​១១ ១/៨ ទំ. ១៨ វ. ៥

ពួក​គេ​បាន​រក​ឃើញ​មេស្ស៊ី​ហើយ!

គេ​បាន​ក្បត់​និង​រត់​ចោល​លោក!

៥ អ្នក​ដែល​មើល​ទៅ​ដូច​ជា​មិត្ត​របស់​មេស្ស៊ី​នឹង​ក្បត់​លោក។ ដាវីឌ​បាន​ទាយ​ថា​៖ ​«​មិត្រ​សំ​ឡាញ់​ស្និទ្ធ​ស្នា​ល​របស់​ទូល​បង្គំ ជា​អ្នក​ដែល​ទូល​បង្គំ​បាន​ទុក​ចិត្ត ហើយ​ក៏​បាន​បរិភោគ​បាយ​របស់​ទូល​បង្គំ​ផង នោះ​បាន​លើក​កែង​ជើង​ចង់​ជាន់​ឈ្លី​ទូល​បង្គំ​ដែរ​»។ (​ទំនុក. ៤១:៩​) ធម្មតា​បុគ្គល​ដែល​បរិភោគ​អាហារ​ជា​មួយ​គ្នា​គឺ​ជា​មិត្ត​នឹង​គ្នា។ (​លោ. ៣១:៥៤​) ដូច្នេះ ទំនាយ​នេះ​មាន​ន័យ​ថា​បុគ្គល​ម្នាក់​ដែល​ជា​មិត្ត​របស់​មេស្ស៊ី​នឹង​ធ្វើ​អ្វី​ដ៏​អាក្រក់​មួយ ពោល​គឺ​ក្បត់​លោក! លោក​យេស៊ូ​បាន​សំដៅ​ទៅ​លើ​បុគ្គល​នេះ ពេល​លោក​មាន​ប្រសាសន៍​ទៅ​ពួក​សាវ័ក​របស់​លោក​ថា​៖ ​«​ខ្ញុំ​មិន​មែន​និយាយ​អំពី​អ្នក​ទាំង​អស់​គ្នា​ទេ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស។ ប៉ុន្តែ​នេះ​គឺ​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា​៖ ‹អ្នក​ដែល​ធ្លាប់​បរិភោគ​នំ​ប៉័ង​របស់​ខ្ញុំ បាន​លើក​កែង​ជើង​ទាស់​នឹង​ខ្ញុំ​វិញ›​»។—យ៉ូន. ១៣:១៨

w​០៨ ១/៩ ទំ. ១១ វ. ១១

ព្រះ​យេហូវ៉ា​«​ជា​អ្នក​ប្រោស​»​រាស្ត្រ​ទ្រង់​ឲ្យ​រួច​នៅ​សម័យ​គម្ពីរ

១១ ជា​ឧទាហរណ៍ ដាវីឌ​បាន​សំដៅ​ទៅ​មិត្ត​សម្លាញ់​ស្និទ្ធ​ស្នា​ល​ម្នាក់ ដែល​គាត់​ទុក​ចិត្ត​ហើយ​ធ្លាប់​បរិភោគ​អាហារ​ជា​មួយ ជា​បុគ្គល​ដែល​បាន​ជាន់​ឈ្លី​ឬ​ក្បត់​គាត់។ (​ខ​៩​) នេះ​អាច​រំលឹក​យើង​អំពី​ព្រឹត្ដិការណ៍​មួយ​ក្នុង​ជីវិត​របស់​ដាវីឌ។ ពេល​អាប់សាឡំម​បះ​បោរ​ប្រឆាំង អ្នក​ជូន​ឱវាទ​ម្នាក់​ដែល​ដាវីឌ​ទុក​ចិត្ត ឈ្មោះ​អ័ហ៊ីថូផែល​បាន​ក្បត់ ហើយ​បាន​ចូល​ដៃ​ជា​មួយ​អាប់សាឡំម​ប្រឆាំង​នឹង​គាត់។ (​២សាំ. ១៥:៣១; ១៦:១៥​) ចូរ​គិត​អំពី​ស្តេច​ដាវីឌ​ដែល​កំពុង​ដេក​ឈឺ​នៅ​គ្រែ​ខ្សោយ​គ្មាន​កម្លាំង​ងើប​ឡើង​ផង ហើយ​ដឹង​ថា​មនុស្ស​គ្រប់​គ្នា​ចង់​ឲ្យ​តែ​គាត់​ស្លាប់ ដើម្បី​គេ​អាច​ធ្វើ​គម្រោង​អាក្រក់​របស់​គេ។—ខ​៥

ថ្ងៃ​ទី​២០​-​២៦ ខែ​មិថុនា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | ទំនុក​តម្កើង ៤៥​-​៥១

​«​ព្រះ​យេហូវ៉ា​មិន​មើល​ងាយ​ចិត្ត​ខ្ទេច​ខ្ទាំ​ទេ​»​

(​ទំនុក​តម្កើង ៥១:១​-​៤​) ឱ​ព្រះ​អង្គ​អើយ សូម​អាណិត​មេត្ដា​ដល់​ទូល​បង្គំ តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​សូម​លុប​សេចក្ដី​រំលង​របស់​ទូល​បង្គំ​ចេញ ដោយ​សេចក្ដី​មេត្ដា​ករុណា​ដ៏​បរិបូរ​របស់​ទ្រង់។ ២ សូម​លាង​ទូល​បង្គំ​ឲ្យ​យ៉ាង​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល​បង្គំ សូម​សំអាត​អំពើ​បាប​របស់​ទូល​បង្គំ​ផង។ ៣ ដ្បិត​ទូល​បង្គំ​ទទួល​ស្គាល់​អំពើ​រំលង​របស់​ទូល​បង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូល​បង្គំ នោះ​ក៏​នៅ​ចំពោះ​មុខ​ទូល​បង្គំ​ជា​និច្ច។ ៤ ទូល​បង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​ទ្រង់​តែ​១​ព្រះ​អង្គ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់​នៅ​ព្រះ​នេត្រ​ទ្រង់​ផង ទូល​បង្គំ​ទទួល​ស្គាល់​អំពើ​ទាំង​នោះ ដើម្បី​ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល ហើយ​ឲ្យ​បាន​ឥត​សៅហ្មង ក្នុង​កាល​ដែល​ទ្រង់​ជំនុំ​ជំ​រះ។

w​៩៣​-​E ១៥/៣ ទំ. ១០​-​១១ វ. ៩​-​១៣

សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​ជួយ​យើង​កុំ​ឲ្យ​ព្រួយ​ចិត្ត​ទៀត

៩ ដាវីឌ​និង​បាតសេបា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​សម្រាប់​កំហុស​ឆ្គង​របស់​ពួក​គេ។ ទោះ​ជា​ពួក​គេ​មាន​ទោស​ត្រូវ​ស្លាប់​ក៏​ដោយ ព្រះ​បាន​បង្ហាញ​ចិត្ត​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​ពួក​គេ។ លោក​បង្ហាញ​ចិត្ត​មេត្ដា​ជា​ពិសេស​ចំពោះ​ដាវីឌ ដោយ​សារ​កិច្ច​ព្រម​ព្រៀង​រាជាណាចក្រ។ (​២សាំ. ៧:១១​-​១៦​) ដាវីឌ​បាន​បង្ហាញ​ការ​សោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​អំពើ​ខុស​ឆ្គង ដែល​គាត់​បាន​ធ្វើ​ជា​មួយ​នឹង​នាង​បាតសេបា គឺ​បាន​ត្រូវ​បង្ហាញ​ក្នុង​ទំនុក​ទី​៥១។ ទំនុក​ដែល​គួរ​ឲ្យ​រំជួល​ចិត្ត​នេះ បាន​ត្រូវ​តែង​ដោយ​ស្តេច​ដាវីឌ​ដែល​សោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​គាត់ ក្រោយ​ពី​ណាថាន់​បាន​មក​ប្រដៅ​តម្រង់​គាត់​ឲ្យ​ភ្ញាក់​ខ្លួន​នឹង​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​យ៉ាង​ធ្ងន់​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ។ ណាថាន់​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ដើម្បី​មក​ប្រាប់​ដាវីឌ​អំពី​អំពើ​ខុស​ឆ្គង​របស់​គាត់។ សព្វ​ថ្ងៃ​នេះ អ្នក​ចាស់​ទុំ​ក៏​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ធ្វើ​ការ​ប្រដៅ​តម្រង់​ដែរ។ ជា​ជាង​បដិសេធ​មិន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ​បញ្ជា​ឲ្យ​គេ​សម្លាប់​ណាថាន់ ដាវីឌ​បាន​សារភាព​កំហុស​ខ្លួន​ដោយ​ចិត្ត​រាប​ទាប។ (​២សាំ. ១២:១​-​១៤​) ទំនុក​ទី​៥១ រៀប​រាប់​អំពី​អ្វី​ដែល​គាត់​បាន​ប្រាប់​ព្រះ​យេហូវ៉ា​ក្នុង​សេចក្ដី​អធិដ្ឋាន​អំពី​ទង្វើ​ដ៏​ប្រាស​ចាស​សីលធម៌​របស់​គាត់ ព្រម​ទាំង​ការ​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ​នូវ​កំហុស​នោះ។ យើង​ក៏​ចង់​ធ្វើ​ដូច​គាត់​ដែរ បើ​យើង​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ហើយ​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា។

យើង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ

១០ ដាវីឌ​មិន​ខំ​ដោះ​សា​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​គាត់​ទេ ផ្ទុយ​ទៅ​វិញ គាត់​បាន​អង្វរ​ថា​៖ ​«​ឱ​ព្រះ​អង្គ​អើយ សូម​អាណិត​មេត្ដា​ដល់​ទូល​បង្គំ តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​សូម​លុប​សេចក្ដី​រំលង​របស់​ទូល​បង្គំ​ចេញ ដោយ​សេចក្ដី​មេត្ដា​ករុណា​ដ៏​បរិបូរ​របស់​ទ្រង់​»។ (​ទំនុក. ៥១:១​) ពេល​ធ្វើ​អំពើ​ខុស​ឆ្គង ដាវីឌ​បាន​បំពាន​ច្បាប់​របស់​ព្រះ។ ទោះ​ជា​ដូច្នោះ​ក៏​ដោយ គាត់​មាន​សង្ឃឹម​ផ្សះ​ផ្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើង​វិញ បើ​ព្រះ​ព្រម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​គាត់។ ដោយ​សារ​ព្រះ​យេហូវ៉ា​ធ្លាប់​បាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ជា​បរិបូរ ស្តេច​ដាវីឌ​ដែល​បាន​ប្រែ​ចិត្ត​មាន​ជំនឿ​ថា​ព្រះ​ជា​អ្នក​បង្កើត​គាត់​នឹង​លុប​ចោល​អំពើ​ខុស​ឆ្គង​របស់​គាត់។

១១ តាម​រយៈ​គ្រឿង​បូជា​ដែល​ជូន​នៅ​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​បាន​រៀប​ចំ​ផ្លូវ​មួយ​ដើម្បី​ជម្រះ​អំពើ​ខុស​ឆ្គង ចេញ​ពី​អ្នក​ដែល​បាន​ធ្វើ​ខុស​តែ​ប្រែ​ចិត្ត។ នៅ​សព្វ​ថ្ងៃ​នេះ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​និង​ការ​អភ័យ​ទោស​ឲ្យ​យើង ដោយ​ផ្អែក​លើ​ជំនឿ​ទៅ​លើ​គ្រឿង​បូជា​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត។ បើ​ដាវីឌ​គ្រាន់​តែ​បាន​គិត​អំពី​គ្រឿង​បូជា​នេះ អាច​ទុក​ចិត្ត​ទៅ​លើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​និង​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​ទៅ​ហើយ ចុះ​ទម្រាំ​ដល់​អ្នក​បម្រើ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​គួរ​បង្ហាញ​ជំនឿ​ទៅ​លើ​ថ្លៃ​លោះ​ដែល​ផ្ដល់​សេចក្ដី​សង្គ្រោះ​ដល់​ពួក​គេ​យ៉ាង​ណា​ទៅ!—រ៉ូម ៥:៨; ហេ. ១០:១

១២ ក្នុង​សេចក្ដី​អង្វរ​ដល់​ព្រះ ដាវីឌ​បាន​បន្ថែម​ថា​៖ ​«​ពី​អំពើ​ទុច្ចរិត​របស់​ទូល​បង្គំ សូម​សំអាត​អំពើ​បាប​របស់​ទូល​បង្គំ​ផង ដ្បិត​ទូល​បង្គំ​ទទួល​ស្គាល់​អំពើ​រំលង​របស់​ទូល​បង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូល​បង្គំ នោះ​ក៏​នៅ​ចំពោះ​មុខ​ទូល​បង្គំ​ជា​និច្ច​»។ (​ទំនុក. ៥១:២, ៣​) ពេល​ធ្វើ​អំពើ​ខុស​ឆ្គង​គឺ​មិន​ដល់​កម្រិត​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ ដាវីឌ​ពិត​ជា​បាន​ធ្វើ​ដូច្នោះ​មែន។ ប៉ុន្តែ គាត់​មិន​ដូច​ជា​ឃាតករ​ឬ​អ្នក​ផិត​ក្បត់​ដែល​មិន​ខ្វល់​អំពី​ទង្វើ​របស់​ខ្លួន គឺ​គ្រាន់​តែ​ពិបាក​ចិត្ត​នឹង​ទោស​ដែល​ខ្លួន​ទទួល ឬ​ជំងឺ​ណា​មួយ​នោះ​ទេ។ ជា​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ដាវីឌ​ស្អប់​អ្វី​ដែល​អាក្រក់។ (​ទំនុក. ៩៧:១០​) គាត់​បាន​ឈឺ​ចិត្ត​ដែល​គាត់​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​នោះ ហើយ​ចង់​ឲ្យ​ព្រះ​សម្អាត​គាត់​ទាំង​ស្រុង​ពី​កំហុស​នោះ។ ដាវីឌ​បាន​យល់​យ៉ាង​ច្បាស់​អំពី​អំពើ​ខុស​ឆ្គង​របស់​គាត់ ហើយ​បាន​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ដែល​គាត់​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ខុស​ឆ្គង​របស់​គាត់។ អំពើ​ខុស​ឆ្គង​របស់​គាត់​នៅ​ចំពោះ​មុខ​គាត់​ជា​និច្ច ដោយ​សារ​សមត្ថភាព​វិនិច្ឆ័យ​ផ្ដន្ទា​ទោស​គាត់​រហូត​ដល់​គាត់​ប្រែ​ចិត្ត សារភាព​កំហុស ហើយ​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា។

១៣ ដោយ​ដឹង​ថា​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា ដាវីឌ​បាន​និយាយ​ថា​៖ ​«​ទូល​បង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​ទ្រង់​តែ​១​ព្រះ​អង្គ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់​នៅ​ព្រះ​នេត្រ​ទ្រង់​ផង ទូល​បង្គំ​ទទួល​ស្គាល់​អំពើ​ទាំង​នោះ ដើម្បី​ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល ហើយ​ឲ្យ​បាន​ឥត​សៅហ្មង ក្នុង​កាល​ដែល​ទ្រង់​ជំនុំ​ជំ​រះ​»។ (​ទំនុក. ៥១:៤​) ដាវីឌ​បាន​បំពាន​ច្បាប់​របស់​ព្រះ បាន​បង្អាប់​កិត្ដិ​យស​របស់​ខ្លួន​ជា​ស្តេច និង​ធ្វើ​ឲ្យ​គេ​«​មាន​ឱកាស​នឹង​ត្មះ​តិះ​ដៀល​»​ព្រះ​យេហូវ៉ា និង​លែង​គោរព​ដល់​គាត់។ (​២សាំ. ១២:១៤; និក្ខ. ២០:១៣, ១៤, ១៧​) ការ​ប្រព្រឹត្ត​ដ៏ខុស​ឆ្គង​របស់​ដាវីឌ​បាន​ធ្វើ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​និង​សមាជិក​គ្រួសារ​របស់​គាត់ ទើស​ចិត្ត​ជា​ខ្លាំង។ ដូច​គ្នា​ដែរ ពេល​ដែល​បង​ប្អូន​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ធ្វើ​អំពើ​ខុស​ឆ្គង នោះ​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​និង​អ្នក​ឯ​ទៀត​ដែល​ស្រឡាញ់​គាត់ ពិបាក​ចិត្ត​ឬ​ឈឺ​ចិត្ត​ណាស់។ ទោះ​ជា​ស្តេច​ដាវីឌ​ដែល​បាន​ប្រែ​ចិត្ត​ដឹង​ថា​គាត់​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​នឹង​អ៊ូរី​ក៏​ដោយ គាត់​បាន​ទទួល​ស្គាល់​ថា​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​ជាង​នោះ​ទៅ​ទៀត។ (​សូម​ពិនិត្យ​បន្ថែម លោកុប្បត្តិ ៣៩:៧​-​៩​) ដាវីឌ​បាន​ដឹង​ថា​ការ​វិនិច្ឆ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​គឺ​សុចរិត។ (​រ៉ូម ៣:៤​) គ្រិស្ត​សាសនិក​ដែល​បាន​ធ្វើ​អំពើ​ខុស​ឆ្គង ត្រូវ​មាន​ទស្សនៈ​ដូច​នេះ​ដែរ។

(​ទំនុក​តម្កើង ៥១:៧​-​៩​) សូម​ជំ​រះ​ទូល​បង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូល​បង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​ដុស​លាង​ទូល​បង្គំ នោះ​នឹង​បាន​ស​ជាង​ហិមៈ។ ៨ សូម​ឲ្យ​ទូល​បង្គំ​បាន​ឮ​សេចក្ដី​អំណរ នឹង​សេចក្ដី​រីក​រាយ នោះ​អស់​ទាំង​ឆ្អឹង​ដែល​ទ្រង់​បាន​បំបាក់​បំបែក នឹង​បាន​អរ​សប្បាយ​វិញ។ ៩ សូម​បាំង​ព្រះ​ភក្ដ្រ​ទ្រង់​ចេញ​ពី​អំពើ​បាប​របស់​ទូល​បង្គំ ហើយ​លុប​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ទូល​បង្គំ​ចេញ។

w​៩៣​-​E ១៥/៣ ទំ. ១២​-​១៣ វ. ១៨​-​២០

សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​ជួយ​យើង​កុំ​ឲ្យ​ព្រួយ​ចិត្ត​ទៀត

ការ​អង្វរ​សុំ​ឲ្យ​មាន​អំណរ​ឡើង​វិញ

១៨ គ្រិស្ត​សាសនិក​ណា​ម្នាក់​ដែល​ធ្លាប់​ត្រូវ​សមត្ថភាព​វិនិច្ឆ័យ​ផ្ដន្ទា​ទោស​ខ្លួន អាច​យល់​ពាក្យ​របស់​ដាវីឌ​ដែល​ថា​៖ ​«​សូម[​ព្រះ​យេហូវ៉ា​]ឲ្យ​ទូល​បង្គំ​បាន​ឮ​សេចក្ដី​អំណរ នឹង​សេចក្ដី​រីក​រាយ នោះ​អស់​ទាំង​ឆ្អឹង​ដែល​ទ្រង់​បាន​បំបាក់​បំបែក នឹង​បាន​អរ​សប្បាយ​វិញ​»។ (​ទំនុក. ៥១:៨​) មុន​ពេល​ដាវីឌ​បាន​កែ​ប្រែ​ចិត្ត​និង​សារភាព​អំពើ​ខុស​ឆ្គង​របស់​គាត់ សមត្ថភាព​វិនិច្ឆ័យ​របស់​គាត់​បាន​ធ្វើ​ទុក្ខ​គាត់​ជា​ខ្លាំង។ គាត់​មិន​អាច​សប្បាយ​នឹង​ចម្រៀង​សរសើរ​តម្កើង ហើយ​ក៏​មិន​អាច​រីក​រាយ​នឹង​ការ​ច្រៀង​និង​ការ​ប្រគុំ​ភ្លេង​របស់​ពួក​អ្នក​សិល្បៈ​ឡើយ។ ដោយ​សារ​ដាវីឌ​បាន​ធ្វើ​អំពើ​ខុស​ឆ្គង គាត់​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ នោះ​បាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ដល់​ម្ល៉េះ​ដែល​គាត់​ប្រៀប​ប្រដូច​ការ​ឈឺ​ចាប់​នោះ​ទៅ​នឹង​ឆ្អឹង​របស់​បុរស​ម្នាក់​ដែល​បាន​ត្រូវ​បាក់​បែក​ខ្ទេច​ខ្ទី។ គាត់​ចង់​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា ដើម្បី​គាត់​អាច​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក​ម្ដង​ទៀត។ ដាវីឌ​ក៏​ចង់​មាន​អំណរ​ឡើង​វិញ​ដូច​ពី​មុន​ដែរ។ សព្វ​ថ្ងៃ​នេះ អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​បាន​ប្រែ​ចិត្ត ក៏​ត្រូវ​ការ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា​ដែរ ដើម្បី​គាត់​អាច​មាន​អំណរ​ដូច​ពី​មុន​ដែល​គាត់​មិន​ទាន់​មាន​ចំណង​មិត្តភាព​ប្រេះ​ឆា​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ពេល​អ្នក​ដែល​ធ្វើ​ខុស​មាន​«​អំណរ​ដែល​មក​ពី​សកម្មពល​បរិសុទ្ធ​»​ឡើង​វិញ នោះ​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់ ហើយ​នៅ​តែ​ស្រឡាញ់​គាត់។ (​១ថែ. ១:៦​) នេះ​ពិត​ជា​ផ្ដល់​ការ​សម្រាល​ទុក្ខ​មែន!

១៩ ដាវីឌ​បាន​អធិដ្ឋាន​បន្ត​ទៀត​ថា​៖ ​«​សូម​បាំង​ព្រះ​ភក្ដ្រ​ទ្រង់​ចេញ​ពី​អំពើ​បាប​របស់​ទូល​បង្គំ ហើយ​លុប​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ទូល​បង្គំ​ចេញ​»។ (​ទំនុក. ៥១:៩​) ព្រះ​យេហូវ៉ា​មិន​អាច​មើល​រំលង​អំពើ​ខុស​ឆ្គង​របស់​បុគ្គល​ម្នាក់ ហើយ​នៅ​តែ​ពេញ​ចិត្ត​នឹង​គាត់​នោះ​ទេ។ ហេតុ​នេះ​បាន​ជា​ដាវីឌ​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​បាំង​មុខ​ចេញ​ពី​អំពើ​ខុស​ឆ្គង​របស់​គាត់។ ស្តេច​ដាវីឌ​ក៏​បាន​អង្វរ​សុំ​ឲ្យ​ព្រះ​លុប​អំពើ​ខុស​ឆ្គង​និង​ការ​ប្រព្រឹត្ត​មិន​សុចរិត​ទាំង​អស់​របស់​គាត់​ចោល​ដែរ។ ប្រសិន​បើ​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ដូច្នេះ​បាន ដាវីឌ​ច្បាស់​ជា​សប្បាយ​ចិត្ត​ណាស់ ហើយ​សមត្ថភាព​វិនិច្ឆ័យ​របស់​គាត់​នឹង​ឈប់​ផ្ដន្ទា​ទោស​គាត់​ទៀត។ ម្យ៉ាង​ទៀត នោះ​នឹង​បញ្ជាក់​ឲ្យ​ដាវីឌ​ដឹង​ថា ព្រះ​របស់​គាត់​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ បាន​អភ័យ​ទោស​ឲ្យ​គាត់​ហើយ។

ចុះ​បើ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង?

២០ ទំនុក​តម្កើង ទំនុក​ទី​៥១​បញ្ជាក់​ថា អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​តែ​ប្រែ​ចិត្ត អាច​សុំ​លោក​អភ័យ​ទោស​ឲ្យ​ពួក​គេ ដោយ​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​សម្អាត​ពួក​គេ​ឲ្យ​ស្អាត​ពី​អំពើ​ខុស​ឆ្គង។ បើ​អ្នក​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ធ្វើ​ខុស​ក្នុង​រឿង​ណា​មួយ អ្នក​គួរ​អធិដ្ឋាន​ដោយ​ចិត្ត​រាប​ទាប សុំ​ការ​អភ័យ​ទោស​ពី​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌។ សូម​ទទួល​ស្គាល់​ថា​អ្នក​ត្រូវ​ការ​ឲ្យ​ព្រះ​ជួយ ដើម្បី​អ្នក​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក ហើយ​សុំ​លោក​ជួយ​អ្នក​ឲ្យ​មាន​អំណរ​ដែល​អ្នក​ធ្លាប់​មាន​ពី​មុន។ គ្រិស្ត​សាសនិក​ដែល​បាន​ប្រែ​ចិត្ត​អាច​ជឿ​ជាក់​ថា បើ​ពួក​គេ​អធិដ្ឋាន​សុំ​លោក​អ្វី​ទាំង​នេះ លោក​«​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ​»។ (​អេ. ៥៥:៧; ទំនុក. ១០៣:១០​-​១៤​) ម្យ៉ាង​ទៀត ពួក​គេ​គួរ​រក​ជំនួយ​ពី​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ ដើម្បី​ពួក​គេ​អាច​ទទួល​ជំនួយ​ក្នុង​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ឡើង​វិញ។—យ៉ា. ៥:១៣​-​១៥

(​ទំនុក​តម្កើង ៥១:១០​-​១៧​) ឱ​ព្រះ​អង្គ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូល​បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល​បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង។ ១១ សូម​កុំ​ចោល​ទូល​បង្គំ​ចេញ​ពី​ចំពោះ​ទ្រង់ ហើយ​កុំ​ដក​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ចេញ​ពី​ទូល​បង្គំ​ឡើយ។ ១២ សូម​ឲ្យ​ទូល​បង្គំ​មាន​ចិត្ត​រីក​រាយ​ចំពោះ​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់​ឡើង​វិញ ហើយ​ទប់​ទល់​ទូល​បង្គំ​ដោយ​ព្រះ​វិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់។ ១៣ នោះ​ទូល​បង្គំ​នឹង​បង្រៀន​ពី​អស់​ទាំង​ផ្លូវ​នៃ​ទ្រង់ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​រំលង ដូច្នេះ នឹង​មាន​មនុស្ស​បាប​ប្រែ​ចិត្ត​ត្រឡប់​មក​ឯ​ទ្រង់។ ១៤ ឱ​ព្រះ​អង្គ ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល​បង្គំ​អើយ សូម​ដោះ​ទូល​បង្គំ​ឲ្យ​រួច​ពី​ទោស​កំចាយ​ឈាម នោះ​អណ្ដាត​ទូល​បង្គំ​នឹង​បន្លឺ​សំឡេង ច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់។ ១៥ ឱ​ព្រះ​អម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូល​បង្គំ នោះ​មាត់​ទូល​បង្គំ​នឹង​បាន​ប្រកាស​ប្រាប់​ពី​សេចក្ដី​សរសើរ​របស់​ទ្រង់។ ១៦ ដ្បិត​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​យញ្ញ​បូជា​ទេ បើ​សព្វ​ព្រះ​ហឫទ័យ​វិញ នោះ​ទូល​បង្គំ​នឹង​បាន​ថ្វាយ​ហើយ ទ្រង់​ក៏​មិន​ពេញ​ព្រះ​ហឫទ័យ​នឹង​ដង្វាយ​ដុត​ដែរ។ ១៧ ឯ​ដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺ​ជា​វិញ្ញាណ​ខ្ទេច​ខ្ទាំ ឱ​ព្រះ​អង្គ​អើយ ទ្រង់​មិន​មើល​ងាយ​ចំពោះ​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​ទន់​ទាប​ឡើយ។

w​១៥ ១៥/៦ ទំ. ១៥ វ. ៦

យើង​អាច​រក្សា​ខ្លួន​ជា​មនុស្ស​បរិសុទ្ធ

៦ មុន​យើង​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា យើង​ប្រហែល​ជា​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ត ហើយ​យើង​ប្រហែល​ជា​នៅ​តែ​តយុទ្ធនឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ទាំង​នេះ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​កែ​ខ្លួន ហើយ​ជួយ​យើង​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​លោក​ពេញ​ចិត្ត។ ជា​ឧទាហរណ៍ ក្រោយ​ពី​ស្តេច​ដាវីឌ​បាន​រួម​ដំណេក​ជា​មួយ​នឹង​នាង​បាតសេបា គាត់​បាន​ប្រែ​ចិត្ត ហើយ​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​គាត់​នូវ​«​ចិត្ត​បរិសុទ្ធ​»​ ហើយ​ជួយ​គាត់​ឲ្យ​ស្ដាប់​បង្គាប់​លោក។ (​ទំនុក​តម្កើង ៥១:១០, ១២​) ដូច្នេះ បើ​ពី​មុន​យើង​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ខ្លាំង​ដែល​ប្រាស​ចាក​សីលធម៌ ហើយ​នៅ​តែ​តយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​នេះ ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ខ្លាំង​ជាង​ដើម្បី​ស្ដាប់​បង្គាប់​លោក​និង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ លោក​អាច​ជួយ​យើង​គ្រប់​គ្រង​គំនិត​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង។—ទំនុក​តម្កើង ១១៩:១៣៣

w​៩៣​-​E ១៥/៣ ទំ. ១៤​-​១៧ វ. ៤​-​១៦

ព្រះ​យេហូវ៉ា​មិន​មើល​ងាយ​ចិត្ត​ដែល​ខ្ទេច​ខ្ទាំ​ទេ

ចិត្ត​បរិសុទ្ធ​គឺ​សំខាន់

៤ បើ​គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​បាន​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ប្រេះ​ឆា ដោយ​សារ​គាត់​បាន​ធ្វើ​ខុស តើ​គាត់​ប្រហែល​ត្រូវ​ការ​អ្វី​ក្រៅ​ពី​សេចក្ដី​មេត្ដា​ករុណា​និង​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា? ដាវីឌ​បាន​អង្វរ​ថា​៖ ​«​ឱ​ព្រះ​អង្គ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូល​បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល​បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​»។ (​ទំនុក. ៥១:១០​) ដាវីឌ​បាន​សុំ​ដូច​នេះ តាម​មើល​ទៅ​គាត់​បាន​ទទួល​ស្គាល់​ថា​ទំនោរ​ចិត្ត​ដែល​មក​ពី​អំពើ​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​គឺ​នៅ​មាន​ក្នុង​ចិត្ត​គាត់​នៅ​ឡើយ។ យើង​ប្រហែល​ជា​មិន​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ណា​មួយ ដូច​ករណី​ដាវីឌ​ធ្វើ​ចំពោះ​បាតសេបា​និង​អ៊ូរី​ទេ តែ​យើង​ត្រូវ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ជៀស​វាង​ពី​ការ​ចុះ​ចាញ់​សេចក្ដី​សេចក្ដី​ល្បួង​ឲ្យ​ធ្វើ​អ្វី​ដែល​នាំ​ទៅ​ដល់​ការ​ប្រព្រឹត្ត​ខុស​ឆ្គង។ ចំពោះ​រឿង​នោះ យើង​ផ្ទាល់​ប្រហែល​ជា​ត្រូវ​ការ​ព្រះ​ជួយ​យើង​ដក​លក្ខណៈ​ដែល​ខុស​ឆ្គង​នោះ​ចេញ​ពី​ក្នុង​ចិត្ត​យើង ដូច​ជា​ចិត្ត​ច្រណែន​និង​ការ​ស្អប់​ជា​ដើម ពោល​គឺ​ការ​ប្រព្រឹត្ត​ដូច​ជា​ចោរ​និង​ឃាតករ។—កូឡ. ៣:៥, ៦; ១យ៉ូន. ៣:១៥

៥ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​បម្រើ​លោក​មាន​«​ចិត្ត​បរិសុទ្ធ​»​ដែល​ជា​បំណង​ចិត្ត​បរិសុទ្ធ។ ដោយ​ទទួល​ស្គាល់​ថា​ខ្លួន​មិន​បាន​បង្ហាញ​ចិត្ត​បរិសុទ្ធ​បែប​នោះ ដាវីឌ​បាន​អធិដ្ឋាន​សុំ​ឲ្យ​ព្រះ​សម្អាត​ចិត្ត​របស់​គាត់ ហើយ​នាំ​ឲ្យ​គាត់​ប្រព្រឹត្ត​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ។ អ្នក​តែង​ទំនុក​តម្កើង​នេះ​ក៏​ចង់​បាន​ចិត្ត​គំនិត​ថ្មី​ដែល​សុចរិត ឬ​ទំនោរ​ចិត្ត​ថ្មី។ គាត់​ត្រូវ​ការ​ចិត្ត​គំនិត​ដែល​នឹង​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​សេចក្ដី​ល្បួង ហើយ​កាន់​ខ្ជាប់​ច្បាប់​និង​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា។

សកម្មពល​បរិសុទ្ធ​គឺ​ចាំ​បាច់

៦ ពេល​ដែល​យើង​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​ធ្វើ​ខុស យើង​អាច​មាន​អារម្មណ៍​ថា​ព្រះ​ដក​សកម្មពល​បរិសុទ្ធ​របស់​លោក​ចេញ​ពី​យើង។ ដាវីឌ​មាន​អារម្មណ៍​ដូច​នោះ ព្រោះ​គាត់​បាន​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ‹សូម​កុំ​ដក​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ចេញ​ពី​ទូល​បង្គំ​ឡើយ›។ (​ទំនុក. ៥១:១១​) ដោយ​ដឹង​ខុស​និង​មាន​ចិត្ត​រាប​ទាប ដាវីឌ​មាន​អារម្មណ៍​ថា​អំពើ​ខុស​ឆ្គង​របស់​គាត់​ធ្វើ​ឲ្យ​គាត់​មិន​សម​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ ការ​បោះ​ចោល​ចេញ​ពី​ចំពោះ​មុខ​ព្រះ អាច​មាន​ន័យ​ថា​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក លែង​ទទួល​ពរ​និង​ការ​សម្រាល​ទុក្ខ​ពី​លោក​ទៀត។ បើ​ដាវីឌ​ត្រូវ​ផ្សះ​ផ្សា​ចំណង​មិត្តភាព​ឡើង​វិញ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា គាត់​ត្រូវ​ការ​សកម្មពល​ពី​លោក។ បើ​ព្រះ​ចាក់​សកម្មពល​លើ​គាត់ ស្តេច​ដាវីឌ​អាច​អធិដ្ឋាន​សុំ​ការ​ណែនាំ​និង​ការ​ពេញ​ចិត្ត​ពី​លោក អាច​ជៀស​វាង​ពី​ការ​ធ្វើ​អំពើ​ខុស​ឆ្គង ហើយ​អាច​គ្រប់​គ្រង​អ៊ីស្រាអែល​ដោយ​ប្រាជ្ញា។ ពេល​ដែល​ដឹង​ថា​អំពើ​ខុស​ឆ្គង​របស់​គាត់​ប្រឆាំង​នឹង​អ្នក​ដែល​ឲ្យ​សកម្មពល​បរិសុទ្ធ ដាវីឌ​គួរ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​កុំ​ឲ្យ​ដក​យក​សកម្មពល​ចេញ​ពី​គាត់​មែន។

៧ ចុះ​យ៉ាង​ណា​ចំពោះ​យើង? យើង​គួរ​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ ហើយ​ត្រូវ​ប្រយ័ត្ន​កុំ​ធ្វើ​ឲ្យ​សកម្មពល​នោះ​កើត​ទុក្ខ ដោយ​ធ្វើ​តាម​ការ​ណែនាំ​ពី​សកម្មពល​នោះ។ (​លូក. ១១:១៣; អេភ. ៤:៣០​) បើ​មិន​ដូច្នោះ​ទេ យើង​អាច​បាត់​បង់​សកម្មពល​នោះ ហើយ​មិន​អាច​បង្ហាញ​ផល​ដែល​បង្កើត​ពី​សកម្មពល ដូច​ជា​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត ចិត្ត​ធ្ងន់ សេចក្ដី​សប្បុរស គុណធម៌ ជំនឿ ចិត្ត​ស្លូតបូត និង​ការ​ចេះ​ទប់​ចិត្ត​បាន​ឡើយ។ ព្រះ​យេហូវ៉ា​នឹង​ដក​យក​សកម្មពល​បរិសុទ្ធ​ចេញ​ពី​យើង​ជា​មិន​ខាន បើ​យើង​បន្ត​ធ្វើ​អំពើ​ខុស​ឆ្គង​ដោយ​មិន​ប្រែ​ចិត្ត។

រីក​រាយ​ចំពោះ​សេចក្ដី​សង្គ្រោះ

៨ អ្នក​ធ្វើ​អំពើ​ខុស​ឆ្គង​ដែល​ប្រែ​ចិត្ត​ហើយ​ដែល​បាន​ផ្សះ​ផ្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​វិញ ពួក​គេ​អាច​រីក​រាយ​នឹង​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​សម្រាប់​សេចក្ដី​សង្គ្រោះ។ ដោយ​ចង់​បាន​នោះ​យ៉ាង​ខ្លាំង ដាវីឌ​បាន​អង្វរ​សុំ​ព្រះ​ថា​៖ ​«​សូម​ឲ្យ​ទូល​បង្គំ​មាន​ចិត្ត​រីក​រាយ​ចំពោះ​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់​ឡើង​វិញ ហើយ​ទប់​ទល់​ទូល​បង្គំ​ដោយ​ព្រះ​វិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់​»។ (​ទំនុក. ៥១:១២​) ពិត​ជា​អស្ចារ្យ​ណាស់​ដែល​គាត់​អាច​រីក​រាយ​ទទួល​សេចក្ដី​សង្គ្រោះ​ពី​ព្រះ​យេហូវ៉ា! (​ទំនុក. ៣:៨​) ក្រោយ​ពី​ធ្វើ​អំពើ​ខុស​ឆ្គង​នឹង​ព្រះ ដាវីឌ​បាន​ខំ​ស្វែង​រក​ការ​ផ្សះ​ផ្សា​ចំណង​មិត្តភាព​ជា​មួយ​លោក​ឡើង​វិញ ដើម្បី​គាត់​អាច​រីក​រាយ​នឹង​សេចក្ដី​សង្គ្រោះ​ពី​លោក។ គ្រា​ក្រោយ​ៗ​មក ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​សង្គ្រោះ​តាម​រយៈ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត។ បើ​យើង​ជា​អ្នក​បម្រើ​ព្រះ​ដែល​បាន​ប្រគល់​ខ្លួន​រួច​ហើយ ហើយ​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ បើ​អ្នក​ចង់​មាន​រីក​រាយ​នឹង​សេចក្ដី​សង្គ្រោះ​ដែល​ព្រះ​បាន​ឲ្យ​យើង យើង​ត្រូវ​ប្រែ​ចិត្ត ព្រម​ទាំង​ជៀស​វាង​ការ​ធ្វើ​អំពើ​ខុស​ឆ្គង​ប្រឆាំង​នឹង​សកម្មពល​បរិសុទ្ធ។—ម៉ាថ. ១២:៣១; ហេ. ៦:៤​-​៦

៩ ដាវីឌ​បាន​សុំ​ព្រះ​យេហូវ៉ា​គាំ​ទ្រ​គាត់​«​ដោយ​ព្រះ​វិញ្ញាណ​ដ៏​សទ្ធា​»។ តាម​មើល​ទៅ នេះ​មិន​មែន​សំដៅ​ទៅ​ការ​សុខ​ចិត្ត​ជួយ​របស់​ព្រះ ឬ​សកម្មពល​បរិសុទ្ធ​របស់​លោក​នោះ​ទេ។ តែ​សំដៅ​ទៅ​លើ​ទំនោរ​ចិត្ត​ដែល​បង្ខំ​ដាវីឌ​ឲ្យ​ធ្វើ​អ្វី​មួយ។ ដាវីឌ​ចង់​ឲ្យ​ព្រះ​គាំ​ទ្រ​គាត់​ដោយ​ឲ្យ​គាត់​នូវ​ចិត្ត​គំនិត​ដែល​សុខ​ចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​មិន​ធ្លាក់​ទៅ​ធ្វើ​អំពើ​ខុស​ឆ្គង​ម្ដង​ទៀត។ ព្រះ​យេហូវ៉ា​បន្ត​គាំ​ទ្រ​អ្នក​បម្រើ​របស់​លោក ហើយ​លើក​ពួក​អ្នក​ដែល​ត្រូវ​ឱន​ចុះ ដោយ​សារ​ជួប​ទុក្ខ​លំបាក​ផ្សេង​ៗ។ (​ទំនុក. ១៤៥:១៤​) ការ​ដឹង​អំពី​នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​ណាស់ ជា​ពិសេស​បើ​យើង​ធ្លាប់​ធ្វើ​ខុស តែ​បាន​សុំ​អភ័យ​ទោស​ពី​លោក ហើយ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​កាន់​តែ​ខ្លាំង​ឡើង!

តើ​បង្រៀន​អ្នក​ដែល​ធ្វើ​ខុស​អំពី​អ្វី?

១០ បើ​ព្រះ​អនុញ្ញាត​ឲ្យ​មាន​រឿង​បែប​នេះ ដាវីឌ​ចង់​ទទួល​នោះ​ដោយ​មិន​គិត​ពី​ប្រយោជន៍​ខ្លួន​ដើម្បី​ធ្វើ​អ្វី​មួយ​ដែល​បង្ហាញ​អំណរ​គុណ​ចំពោះ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា ហើយ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ ដោយ​អធិដ្ឋាន​រៀប​រាប់​នូវ​អារម្មណ៍​របស់​គាត់​ប្រាប់​ដល់​ព្រះ​យេហូវ៉ា ស្តេច​ដាវីឌ​ដែល​ប្រែ​ចិត្ត​នេះ​បាន​និយាយ​បន្ត​ទៀត​ថា​៖ ​«​ទូល​បង្គំ​នឹង​បង្រៀន​ពី​អស់​ទាំង​ផ្លូវ​នៃ​ទ្រង់ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​រំលង ដូច្នេះ នឹង​មាន​មនុស្ស​បាប​ប្រែ​ចិត្ត​ត្រឡប់​មក​ឯ​ទ្រង់​»។ (​ទំនុក. ៥១:១៣​) តើ​ដាវីឌ​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​អាច​បង្រៀន​អ្នក​ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? តើ​គាត់​ប្រហែល​ជា​ប្រាប់​ពួក​គេ​យ៉ាង​ណា? តើ​កំណត់​ហេតុ​នេះ​អាច​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?

១១ ពេល​ដែល​ដាវីឌ​បង្ហាញ​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​ធ្វើ​ខុស​នឹង​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា ដោយ​សង្ឃឹម​ថា​ពួក​គេ​នឹង​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់ គាត់​អាច​បញ្ជាក់​ប្រាប់​ពួក​គេ​ថា​អំពើ​ខុស​ឆ្គង​គឺ​យ៉ាង​ណា ការ​ប្រែ​ចិត្ត​មាន​ន័យ​យ៉ាង​ណា ហើយ​ត្រូវ​ធ្វើ​ខ្លះ​ដើម្បី​ទទួល​សេចក្ដី​មេត្ដា​ករុណា​ពី​ព្រះ។ ដោយ​សារ​ដាវីឌ​ធ្លាប់​មាន​អារម្មណ៍​ឈឺ​ចាប់​ជា​ខ្លាំង​ដែល​មក​ពី​មិន​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ ព្រម​ទាំង​ដែល​មក​ពី​សមត្ថភាព​វិនិច្ឆ័យ​ផ្ដន្ទា​ទោស គាត់​ច្បាស់​ជា​ទៅ​ជា​អ្នក​បង្រៀន​ដែល​ចេះ​អាណិត​អាសូរ ចំពោះ​អ្នក​ដែល​ធ្វើ​ខុស​តែ​ប្រែ​ចិត្ត និង​ចំពោះ​អ្នក​សោក​ស្ដាយ​ជា​ខ្លាំង​នឹង​អំពើ​ខុស​ឆ្គង​របស់​ខ្លួន។ ពិត​ណាស់ គាត់​អាច​ប្រើ​គំរូ​របស់​គាត់​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត មិន​គ្រាន់​តែ​ជា​អ្នក​ដែល​ព្រម​ទទួល​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​អភ័យ​ទោស​ពី​លោក​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​អ្នក​ដែល​បដិសេធ​មិន​ចុះ​ចូល​នឹង​សេចក្ដី​តម្រូវ​ពី​ព្រះ​ដែល​គ្មាន​សិទ្ធិ‹ថ្លែង​ប្រាប់​ពី​បញ្ញត្ត​របស់​ព្រះ›។—ទំនុក. ៥០:១៦, ១៧

១២ ដាវីឌ​បាន​បញ្ជាក់​ម្ដង​ទៀត​នូវ​បំណង​ចិត្ត​របស់​គាត់ តាម​របៀប​ផ្សេង​ថា​៖ ​«​ឱ​ព្រះ​អង្គ ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល​បង្គំ​អើយ សូម​ដោះ​ទូល​បង្គំ​ឲ្យ​រួច​ពី​ទោស​កំចាយ​ឈាម នោះ​អណ្ដាត​ទូល​បង្គំ​នឹង​បន្លឺ​សំឡេង ច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់​»។ (​ទំនុក. ៥១:១៤​) ការ​កំចាយ​ឈាម​នាំ​ឲ្យ​មាន​ទោស​ដល់​ស្លាប់។ (​លោ. ៩:៥, ៦​) ដូច្នេះ​ការ​ដឹង​ថា​ព្រះ​នៃ​សេចក្ដី​សង្គ្រោះ​បាន​ជួយ​ដាវីឌ​ឲ្យ​រួច​ពី​ទោស​កំចាយ​ឈាម​ដែល​គាត់​បាន​ធ្វើ​ចំពោះ​អ៊ូរី នឹង​ធ្វើ​ឲ្យ​គាត់​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​គំនិត។ អណ្ដាត​របស់​គាត់​អាច​ច្រៀង​ដោយ​អំណរ​អំពី​សេចក្ដី​សុចរិត​របស់​ព្រះ​និង​របស់​ខ្លួន​គាត់។ (​សាស្ដ. ៧:២០; រ៉ូម ៣:១០​) ដាវីឌ​មិន​អាច​បិទ​បាំង​អំពើ​ប្រាស​ចាក​សីលធម៌​របស់​គាត់ ឬ​ធ្វើ​ឲ្យ​អ៊ូរី​រស់​ឡើង​វិញ​ទេ ដូច​គ្នា​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ​អ្នក​ដែល​ទាក់​ទាញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​មិន​អាច​ស្ដារ​កេរ្ដិ៍​ឈ្មោះ​ល្អ​ឲ្យ​អ្នក​នោះ​វិញ​បាន ឬ​មិន​អាច​ប្រោស​មនុស្ស​ដែល​គាត់​សម្លាប់​ឲ្យ​រស់​ឡើង​វិញ​ដែរ។ យើង​គួរ​គិត​អំពី​នេះ​មែន​ទេ ពេល​យើង​ជួប​សេចក្ដី​ល្បួង? យើង​គួរ​ដឹង​គុណ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​មេត្ដា​ករុណា​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចំពោះ​យើង​ក្នុង​ផ្លូវ​សុចរិត! ការ​ដឹង​គុណ​អំពី​នោះ គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​នាំ​អ្នក​ឯ​ទៀត​ឲ្យ​មក​រក​ប្រភព​នៃ​សេចក្ដី​សុចរិត​និង​ការ​អភ័យ​ទោស។

១៣ គ្មាន​អ្នក​ធ្វើ​ខុស​ឆ្គង​ណា​ម្នាក់​អាច​បើក​បបូរ​មាត់​សរសើរ​ព្រះ​យេហូវ៉ា​បាន​ឡើយ លើក​លែង​តែ​លោក​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​ពួក​គេ កាល​ដែល​គេ​និយាយ​សេចក្ដី​ពិត​របស់​លោក។ ហេតុ​នេះ ដាវីឌ​បាន​ច្រៀង​ថា​៖ ​«​ឱ​ព្រះ​អម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូល​បង្គំ នោះ​មាត់​ទូល​បង្គំ​នឹង​បាន​ប្រកាស​ប្រាប់​ពី​សេចក្ដី​សរសើរ​របស់​ទ្រង់​»។ (​ទំនុក. ៥១:១៥​) ដោយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ឈប់​ផ្ដន្ទា​ទោស​ដោយ​សារបាន​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា នោះ​បាន​ជំរុញ​ចិត្ត​ដាវីឌ​ឲ្យ​បង្រៀន​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ឆ្គង​នូវ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ហើយ​គាត់​អាច​សរសើរ​លោក​យ៉ាង​អស់​ពី​ចិត្ត។ អស់​អ្នក​ដែល​បាន​ទទួល​ការ​អភ័យ​ទោស​ពី​អំពើ​ខុស​ឆ្គង​របស់​ខ្លួន ដូច​ដាវីឌ​ដែរ គួរ​មាន​អំណរ​គុណ​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​ពួក​គេ ហើយ​ពួក​គេ​គួរ​ឆ្លៀត​គ្រប់​ឱកាស​ប្រកាស​សេចក្ដី​ពិត​អំពី​ព្រះ ព្រម​ទាំង​«​ប្រាប់​ពី​សេចក្ដី​សរសើរ​របស់​ទ្រង់​»។—ទំនុក. ៤៣:៣

គ្រឿង​បូជា​ដែល​ព្រះ​ពេញ​ចិត្ត

១៤ ដោយ​សារ​ដាវីឌ​បាន​យល់​យ៉ាង​ជ្រាល​ជ្រៅ​អំពី​នោះ​បាន​ធ្វើ​ឲ្យ​គាត់​និយាយ​ថា​៖ ​«​ដ្បិត​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​យញ្ញ​បូជា​ទេ បើ​សព្វ​ព្រះ​ហឫទ័យ​វិញ នោះ​ទូល​បង្គំ​នឹង​បាន​ថ្វាយ​ហើយ ទ្រង់​ក៏​មិន​ពេញ​ព្រះ​ហឫទ័យ​នឹង​ដង្វាយ​ដុត​ដែរ​»។ (​ទំនុក. ៥១:១៦​) ច្បាប់​ម៉ូសេ​បាន​បង្គាប់​ថា ត្រូវ​ឲ្យ​សត្វ​ជា​គ្រឿង​បូជា​ដល់​ព្រះ។ ប៉ុន្តែ​អំពើ​ខុស​ឆ្គង​របស់​ដាវីឌ​គឺ​ជា​អំពើ​ផិត​ក្បត់​និង​ការ​សម្លាប់​គេ ដែល​មាន​ទោស​ត្រូវ​ស្លាប់ ទោស​របស់​មិន​គាត់​អាច​ជម្រះ​បាន​ដោយ​គ្រឿង​បូជា​បែប​នោះ​ទេ។ បើ​អាច​មែន គាត់​ច្បាស់​ជា​មិន​ខ្លាច​ចំណាយ​ដើម្បី​ជូន​សត្វ​ជា​គ្រឿង​បូជា​ជូន​ព្រះ​យេហូវ៉ា​នោះ​ឡើយ។ បើ​គ្មាន​ការ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ គ្រឿង​បូជា​ឥត​មាន​ប្រយោជន៍​ទេ។ ហើយ​ក៏​ជា​ការ​ខុស​ដែរ បើ​គិត​ថា​យើង​អាច​ទូ​ទាត់​ដោយ​ធ្វើ​ល្អ​ខ្លះ​ៗ​វិញ ដើម្បី​បន្ត​ធ្វើ​អំពើ​ខុស​ឆ្គង​ទៀត។

១៥ ដាវីឌ​បាន​បន្ថែម​ថា​៖ ​«​ឯ​ដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺ​ជា​វិញ្ញាណ​ខ្ទេច​ខ្ទាំ ឱ​ព្រះ​អង្គ​អើយ ទ្រង់​មិន​មើល​ងាយ​ចំពោះ​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​ទន់​ទាប​ឡើយ​»។ (​ទំនុក. ៥១:១៧​) ក្នុង​ករណី​អ្នក​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង​តែ​ប្រែ​ចិត្ត ​«​ដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺ​ជា​វិញ្ញាណ​ខ្ទេច​ខ្ទាំ​»។ បុគ្គល​បែប​នោះ​មិន​មាន​ចិត្ត​គំនិត​ខឹង​និង​ប្រឆាំង​ទេ។ ចិត្ត​របស់​បុគ្គល​ដែល​ប្រគល់​ខ្លួន​ជូន​ព្រះ​ដែល​មាន​ភាព​ខ្ទេច​ខ្ទាំ គឺ​ជា​អារម្មណ៍​ពិបាក​ចិត្ត​ក្រៃ​លែង​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន ហើយ​ចិត្ត​នេះ​បាន​ត្រូវ​បន្ទាប​ដោយ​សារ​ដឹង​ថា​ព្រះ​មិន​ពេញ​ចិត្ត ហើយ​ជា​ចិត្ត​ដែល​សុខ​ចិត្ត​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ឡើង​វិញ។ យើង​មិន​អាច​ជូន​ព្រះ​នូវ​របស់​មាន​តម្លៃ​បាន​ឡើយ លុះ​ត្រា​តែ​យើង​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​យើង ហើយ​ឲ្យ​លោក​នូវ​ចិត្ត​ដែល​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ។—ណា. ១:២

១៦ ព្រះ​មិន​បដិសេធ​គ្រឿង​បូជា​ជា​ចិត្ត​ខ្ទេច​ខ្ទាំ​និង​បាក់​បែក​ឡើយ។ ហេតុ​នេះ ទោះ​ជា​យើង​ជួប​ការ​ពិបាក​ណា​មួយ ដូច​រាស្ត្រ​របស់​លោក​ក៏​ដោយ សូម​កុំ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​រហូត។ បើ​យើង​បាន​ជំពប់​ដួល​នៅ​លើ​ផ្លូវ​ជីវិត​ក្នុង​ការ​ប្រព្រឹត្ត​ណា​ដែល​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​យំ​ស្រែក​រក​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ សូម​កុំ​អស់​សង្ឃឹម​ឡើយ។ ទោះ​បើ​យើង​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​យ៉ាង​ធ្ងន់​ធ្ងរ​តែ​បាន​ប្រែ​ចិត្ត ព្រះ​យេហូវ៉ា​នឹង​មិន​មើល​ងាយ​ចិត្ត​ខ្ទេច​ខ្ទាំ​របស់​យើង​ទេ។ លោក​នឹងអភ័យ​ទោស​ឲ្យ​យើង​ដោយ​មាន​មូលដ្ឋាន​លើ​គ្រឿង​បូជា​ជា​ថ្លៃ​លោះ​របស់​គ្រិស្ត ហើយ​លោក​នឹង​ឲ្យ​យើង​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក​ម្ដង​ទៀត។ (​អេ. ៥៧:១៥; ហេ. ៤:១៦; ១យ៉ូន. ២:១​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ដូច​ដាវីឌ​ដែរ សេចក្ដី​អធិដ្ឋាន​របស់​យើង​គួរ​សុំ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ម្ដង​ទៀត ហើយ​មិន​គួរ​គេច​វេះ​ពី​ការ​ទទួល​ការ​ប្រដៅ​តម្រង់​បើ​ត្រូវ​ការ​ជា​ចាំ​បាច់។ ព្រះ​បាន​អភ័យ​ទោស​ឲ្យ​ដាវីឌ តែ​លោក​ក៏​កែ​តម្រង់​គាត់​ដែរ។—២សាំ. ១២:១១​-​១៤

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

(​ទំនុក​តម្កើង ៤៥:៤​) រួច​ជិះ​ទៅ ដោយ​ឥទ្ធិ​ឫទ្ធិ​របស់​ទ្រង់ មាន​ទាំង​ជ័យ​ជំនះ​ផង ដើម្បី​ការពារ​សេចក្ដី​ពិត សេចក្ដី​សុភាព នូវ​សេចក្ដី​សុចរិត នោះ​ព្រះ​ហស្ត​ស្ដាំ​នៃ​ទ្រង់​នឹង​បង្រៀន​ទ្រង់ ពី​ការ​ដែល​គួរ​កោត​ខ្លាច។

w​១៤ ១៥/២ ទំ. ៥ វ. ១១

ចូរ​ទទួល​ស្វាគមន៍​គ្រិស្ត​ដែល​ជា​ស្តេច​ដ៏​រុង​រឿង!

ស្តេច​ជិះ​ទៅ​«​ដើម្បី​ការពារ​សេចក្ដី​ពិត​»​

១១ សូម​អាន ទំនុក​តម្កើង ៤៥:៤។ ស្តេច​ដែល​ពូកែ​ក្នុង​ការ​ធ្វើ​សង្គ្រាម​មិន​ធ្វើ​សង្គ្រាម​ដើម្បី​ដណ្ដើម​ទឹក​ដី និង​ដើម្បី​មាន​អំណាច​លើ​មនុស្ស​ឡើយ។ លោក​ធ្វើ​សង្គ្រាម​សុចរិត​ដោយ​មាន​គោល​បំណង​ដ៏​ខ្ពង់​ខ្ពស់។ លោក​ជិះ​ទៅ‹ដើម្បី​ការពារ​សេចក្ដី​ពិត សេចក្ដី​សុភាព និង​សេចក្ដី​សុចរិត›។ សេចក្ដី​ពិត​ដ៏​សំខាន់​បំផុត​ដែល​ត្រូវ​ការពារ​គឺ​សេចក្ដី​ពិត​អំពី​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​លើ​សកល​លោក។ សាថាន​បាន​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់​គ្រង​ស្រប​ច្បាប់​របស់​ព្រះ​យេហូវ៉ា ពេល​ដែល​វា​បាន​បះ​បោរ​ប្រឆាំង​លោក។ តាំង​ពី​ពេល​នោះ​មក ទាំង​ពួក​វិញ្ញាណ​កំណាច​ទាំង​មនុស្ស បាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​សេចក្ដី​ពិត​ដ៏​សំខាន់​នេះ។ ឥឡូវ​នេះ​គឺ​ដល់​ពេល​ដែល​ស្តេច​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ជិះ​សេះ​ទៅ​ធ្វើ​សង្គ្រាម ហើយ​បង្ហាញ​ថា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​គ្រប់​គ្រង។

(​ទំនុក​តម្កើង ៤៨:១២, ១៣​) ចូរ​ដើរ​សព្វ​គ្រប់​ក្នុង​ក្រុង​ស៊ីយ៉ូន ចូរ​ដើរ​ព័ទ្ធ​ជុំ​វិញ​ផង ហើយ​រាប់​អស់​ទាំង​ប៉ម​នៃ​ទីក្រុង។ ១៣ ចូរ​សង្កេត​មើល​កំផែង​ទាំង​ប៉ុន្មាន​ឲ្យ​មែន​ទែន ហើយ​ពិចារណា​ព្រះ​រាជវាំង​នោះ​ផង ដើម្បី​នឹង​ថ្លែង​ប្រាប់​ដល់​កូន​ចៅ​ត​ទៅ។

w​១៥ ១៥/៧ ទំ. ៦ វ. ១៣

ចូរ​ធ្វើ​ឲ្យ​ស្ថានភាព​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន​កាន់​តែ​ប្រសើរ​ឡើង

១៣ គ្រិស្ត​សាសនិក​ពិត​ទាំង​អស់​ត្រូវ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា។ ទោះ​ជា​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន​ក៏​ដោយ យើង​មាន​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គី​ភាព នេះ​ពិត​ជា​អស្ចារ្យ​មែន! យើង​ត្រូវ​ប្រាប់​«​កូន​ចៅ​ត​ទៅ​»​ដោយ​អំណរ អំពី​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា និង​អំពី​ស្ថានភាព​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ត​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន!—សូម​អាន ទំនុក​តម្កើង ៤៨:១២​-​១៤

ថ្ងៃ​ទី​២៧ ខែ​មិថុនា–ថ្ងៃ​ទី៣ ខែ​កក្កដា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | ទំនុក​តម្កើង ៥២​-​៥៩

​«​ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា​»​

(​ទំនុក​តម្កើង ៥៥:២​) សូម​សំកាំង​ស្ដាប់ ហើយ​ឆ្លើយ​មក​ទូល​បង្គំ​ផង ទូល​បង្គំ​អន្ទះអន្ទែង ហើយ​ថ្ងូរ ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូល​បង្គំ។

(​ទំនុក​តម្កើង ៥៥:៤, ៥​) ចិត្ត​ទូល​បង្គំ​អន្ទះសា​នៅ​ក្នុង​ខ្លួន ហើយ​សេចក្ដី​ស្ញែង​ខ្លាច​ចំពោះ​សេចក្ដី​ស្លាប់ បាន​គ្រប​សង្កត់​លើ​ទូល​បង្គំ។ ៥ ទូល​បង្គំ​បាន​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច ហើយ​ញាប់​ញ័រ សេចក្ដី​តក់​ស្លុត​បាន​បង្គ្រប​ទូល​បង្គំ​ហើយ។

(​ទំនុក​តម្កើង ៥៥:១៦​-​១៨​) ចំណែក​ខ្ញុំ​នឹង​អំពាវ​នាវ​ដល់​ព្រះ ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ខ្ញុំ។ ១៧ ខ្ញុំ​នឹង​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ពេល​ល្ងាច ពេល​ព្រឹក នឹង​ថ្ងៃ​ត្រង់​ផង ហើយ​ទ្រង់​នឹង​ស្ដាប់​សំឡេង​ខ្ញុំ​ជា​មិន​ខាន។ ១៨ ទ្រង់​បាន​ដោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​សឹក​សង្គ្រាម​ដោយ​សុខ​សាន្ត ដ្បិត​មាន​គេ​ទាស់​ទទឹង​នឹង​ខ្ញុំ​ជា​ច្រើន។

w​០៦ ១/៧ ទំ. ១១ វ. ៣

គោល​សំខាន់​ៗ​ពី​សៀវភៅ​ទំនុក​ដំ​កើង ប៉ែក​ទី​ពីរ

៥៥:៤, ៥, ១២​-​១៤, ១៦​-​១៨: ដាវីឌ​បាន​ឈឺ​ព្រះ​ទ័យ​ណាស់​ពេល​អាប់សាឡំម​ដែល​ជា​ព្រះ​រាជបុត្រា​របស់​ទ្រង់​ខំ​ដណ្ដើម​យក​រាជ្យ ហើយ​អ័ហ៊ីថូផែល​ដែល​ជា​ទី​ប្រឹក្សា​ដែល​ដាវីឌ​ទុក​ចិត្ត​បាន​បែរ​ជា​ក្បត់​ទ្រង់​វិញ។ ក៏​ប៉ុន្តែ​នោះ​មិន​បាន​ធ្វើ​ឲ្យ​ដាវីឌ​លែង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ឡើយ។ យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​ការ​តាន​តឹង​ចិត្ត​ធ្វើ​ឲ្យ​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​ទៅ​ជា​ខ្សោយ​ឡើយ។

w​៩៦​-​E ១/៤ ទំ. ២៧ វ. ២

ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​និច្ច

មាន​ពេល​មួយ​ដាវីឌ​ដែល​ជា​ស្តេច​នៃ​អ៊ីស្រាអែល ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរតែ​ទ្រាំ​មិន​បាន។ យោង​តាម​ទំនុក​តម្កើង ទំនុក​ទី​៥៥ គាត់​មាន​ទុក្ខ​ព្រួយ​ដែល​ធ្វើ​ឲ្យ​គាត់​មិន​អាច​ផ្ចង់​អារម្មណ៍​បាន ដោយ​សារ​ការ​បង្ខិត​បង្ខំ​និង​ការ​ប្រមាថ​មើល​ងាយ​ពី​សត្រូវ។ គាត់​ឈឺ​ចិត្ត​និង​ភ័យ​ខ្លាច​ជា​ខ្លាំង។ គាត់​គ្រាន់​តែ​អាច​ថ្ងូរ​អំពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គាត់។ (​ទំនុក. ៥៥:២, ៥, ១៧​) ទោះ​ជា​ដាវីឌ​មាន​ទុក្ខ​ព្រួយ​ច្រើន​ប៉ុន​ណា​ក៏​ដោយ គាត់​បាន​រក​ឃើញ​វិធី​ដើម្បី​ស៊ូ​ទ្រាំ។ តើ​តាម​របៀប​ណា? គាត់​បាន​ស្វែង​រក​ជំនួយ​ពី​ព្រះ​របស់​គាត់។ គាត់​ឲ្យ​ឱវាទ​ដល់​អ្នក​ដែល​មាន​អារម្មណ៍​ដូច​គាត់ ដោយ​ថា​«​ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា​»។—ទំនុក. ៥៥:២២

(​ទំនុក​តម្កើង ៥៥:១២​-​១៤​) មិន​មែន​ជា​ខ្មាំង​សត្រូវ​ដែល​បក​កេរ​ខ្ញុំ យ៉ាង​នោះ​ខ្ញុំ​នឹង​ធន់​ទ្រាំ​បាន ក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ​ដែល​លើក​ខ្លួន​ទាស់​នឹង​ខ្ញុំ នោះ​ខ្ញុំ​នឹង​បាន​ពួន​ខ្លួន​ឲ្យ​រួច​ពី​គេ។ ១៣ គឺ​ជា​អ្នក​ឯង​វិញ ជា​មនុស្ស​ស្មើ​គ្នា​នឹង​ខ្ញុំ ជា​ភឿន ហើយ​ជា​សំ​ឡាញ់​ស្និទ្ធ​ស្នា​ល​នឹង​ខ្ញុំ។ ១៤ យើង​បាន​ធ្លាប់​ប្រឹក្សា​គ្នា​យ៉ាង​ផ្អែម​ល្ហែម ក៏​ដើរ​ជា​មួយ​គ្នា នៅ​កណ្ដាល​ហ្វូង​មនុស្ស​ក្នុង​ដំណាក់​ព្រះ។

w​៩៦​-​E ១/៤ ទំ. ៣០ វ. ១

ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​និច្ច

ការ​ស៊ូ​ទ្រាំ​នឹង​ការ​ក្បត់

នេះ​គឺ​ជា​រឿង​ដែល​បណ្ដាល​ឲ្យ​ដាវីឌ​តែង​ទំនុក​តម្កើង ទំនុក​ទី​៥៥។ ដាវីឌ​បាន​ឈឺ​ចាប់​ក្នុង​ចិត្ត​ខ្លាំង​ណាស់។ គាត់​សរសេរ​ថា​៖ ​«​ចិត្ត​ទូល​បង្គំ​អន្ទះសា​នៅ​ក្នុង​ខ្លួន ហើយ​សេចក្ដី​ស្ញែង​ខ្លាច​ចំពោះ​សេចក្ដី​ស្លាប់ បាន​គ្រប​សង្កត់​លើ​ទូល​បង្គំ​»។ (​ទំនុក. ៥៥:៤​) ហេតុ​អ្វី​ដាវីឌ​ឈឺ​ចិត្ត​ខ្លាំង​ម្ល៉េះ? ដោយ​សារ​អាប់សាឡំម​ជា​កូន​របស់​គាត់ បាន​រៀប​គម្រោង​ដណ្ដើម​រាជ្យ​ពី​គាត់។ (​២សាំ. ១៥:១​-​៦​) ការ​ក្បត់​របស់​កូន​ខ្លួន​ធ្វើ​ឲ្យ​ដាវីឌ​ពិបាក​ស៊ូ​ទ្រាំ​ទៅ​ហើយ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ខ្លាំង​ជាង​នោះ​ទៅ​ទៀត គឺ​ពេល​អ័ហ៊ីថូផែល​ជា​ទី​ប្រឹក្សា​ដែល​គាត់​ទុក​ចិត្ត​បំផុត រួម​ដៃ​ក្បត់​ជា​មួយ​នឹង​អាប់សាឡំម។ ដាវីឌ​បាន​សរសេរ​អំពី​អ័ហ៊ីថូផែល ក្នុង​ទំនុក​តម្កើង ៥៥:១២​-​១៤។ ដោយ​សារ​ការ​គម្រោង​ការ​ក្បត់​របស់​ពួក​គេ ដាវីឌ​ត្រូវ​រត់​ចេញ​ពី​ក្រុង​យេរូសាឡិម។ (​២សាំ. ១៥:១៣, ១៤​) នេះ​ពិត​ជា​ធ្វើ​ឲ្យ​ដាវីឌ​ឈឺ​ខ្លោច​ផ្សា​ក្នុង​ចិត្ត​ណាស់!

(​ទំនុក​តម្កើង ៥៥:២២​) ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់​ទល់​អ្នក ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ។

w​០៦ ១/៧ ទំ. ១១ វ. ៤

គោល​សំខាន់​ៗ​ពី​សៀវភៅ​ទំនុក​ដំ​កើង ប៉ែក​ទី​ពីរ

៥៥:២២: តើ​យើង​ផ្ទេរ​បន្ទុក​របស់​យើង​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? យើង​ធ្វើ​ដូច្នេះ​ដោយ (​១​) អធិស្ឋាន​ទូល​ទ្រង់​អំពី​បញ្ហា​នោះ (​២​) ដោយ​ពឹង​លើ​ព្រះ​បន្ទូល​ទ្រង់​និង​អង្គ​ការ​របស់​ទ្រង់​សម្រាប់​ជំនួយ​និង​ការ​ណែនាំ ហើយ (​៣​) ដោយ​ខំ​ប្រឹង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ។—សុភាសិត ៣:៥, ៦; ១១:១៤; ១៥:២២; ភីលីព ៤:៦, ៧

w​៩៩​-​E ១៥/៣ ទំ. ២២​-​២៣

ចូរ​យក​ឈ្នះ​ទុក្ខ​កង្វល់

ម៉ូសេ​បាន​ខ្វល់​ចិត្ត​អំពី​រឿង​ផ្សេង​ៗ។ គាត់​បាន​សួរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​កាល​ណា​ទូល​បង្គំ​ទៅ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា​៖ ‹ព្រះ​នៃ​ឰយុកោ​អ្នក​រាល់​គ្នា ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា› ហើយ​គេ​សួរ​ទូល​បង្គំ​ថា​៖ ​«​តើ​ព្រះ​ទ្រង់​នាម​ជា​អ្វី?​»។ នោះ​តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ប្រាប់​គេ​ថា​ដូច​ម្ដេច?​»។ ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​សំណួរ​របស់​គាត់។ (​និក្ខ. ៣:១៣, ១៤​) ម៉ូសេ​ក៏​បារម្ភ​ដែរ​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង​បើ​ផារ៉ូ​មិន​ព្រម​ជឿ​គាត់។ លើក​នេះ​ទៀត ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ចម្លើយ​ដល់​គាត់។ កង្វល់​ចុង​ក្រោយ​របស់​គាត់ គឺ​គាត់​សារភាព​ថា​គាត់​«​ជា​អ្នក​មិន​សូវ​មាន​វោហារ​ទេ​»។ តើ​អ្វី​ជា​ដំណោះ​ស្រាយ? ព្រះ​យេហូវ៉ា​បាន​ឲ្យ​អេរ៉ុន​និយាយ​ទៅ​កាន់​ផារ៉ូ​ជំនួស​ម៉ូសេ។—និក្ខ. ៤:១​-​៥, ១០​-​១៦

ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ចម្លើយ​ទាំង​អស់​ចំពោះ​សំណួរ​របស់​ម៉ូសេ គាត់​បាន​ទុក​ចិត្ត​ទៅ​លើ​លោក ហើយ​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​បង្គាប់។ ជា​ជាង​គិត​អំពី​អ្វី​ដែល​អាច​កើត​ឡើង​ពេល​ជួប​ផារ៉ូ ម៉ូសេ​«​ធ្វើ​តាម ដូច​ជា​ព្រះ​យេហូវ៉ា​បាន​បង្គាប់​»។ (​និក្ខ. ៧:៦​) បើ​គាត់​បារម្ភ​ហួស​ហេតុ​ពេក នោះ​អាច​ធ្វើ​ឲ្យ​ជំនឿ​គាត់​ចុះ​ខ្សោយ ហើយ​គាត់​នឹង​មិន​អាច​មាន​ចិត្ត​ក្លាហាន​ដើម្បី​បំពេញ​ភារកិច្ច​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​ទេ។

របៀប​ដែល​ម៉ូសេ​ចេះ​បំពេញ​ភារកិច្ច​របស់​គាត់​ដោយ​ប៉ិន​ប្រសប់ គឺ​ជា​គំរូ​នៃ​អ្វី​ដែល​សាវ័ក​ប៉ូល​បាន​លើក​ឡើង​ដែល​ហៅ​ថា​«​ការ​ដឹង​ខុស​ត្រូវ​»។ (​២ធី. ១:៧; ទីត. ២:២​-​៦​) បើ​ម៉ូសេ​មិន​បង្ហាញ​ការ​ដឹង​ខុស​ត្រូវ​ទេ គាត់​អាច​នឹង​ងាយ​ធ្លាក់​ទឹក​ចិត្ត ហើយ​មិន​ព្រម​ទទួល​ភារកិច្ច​ដ៏​សំខាន់​នោះ​ទេ។

ចូរ​កាន់​កាប់​គំនិត​របស់​អ្នក

ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ តើ​អ្នក​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​អ្នក​ជួប​នឹង​ទុក្ខ​លំបាក​ឬ​ស្ថានភាព​ដែល​សាកល្បង​ជំនឿ​របស់​អ្នក? តើ​អ្នក​ទំនង​ជា​ឆាប់​ភ័យ​ហើយ​គិត​ជ្រុល​ហួស​ហេតុ​ពេក​អំពី​ឧបសគ្គ​ឬ​ការ​ល្បង​ល​នោះ​ឬ​ទេ? ឬ​ក៏​អ្នក​មាន​ទស្សនៈ​ត្រឹម​ត្រូវ​នៅ​ពេល​នោះ? អ្នក​ខ្លះ​និយាយ​ថា ‹កុំ​ទាន់​អាល​ឆ្លង​ស្ពាន បើ​មិន​ទាន់​ទៅ​ដល់​ទេ›។ ល្អ​ជាង​បើ​យើង​មិន​បង្អើល​ខ្លួន​ឯង! ហេតុ​អ្វី​ចាំ​បាច់​ខ្វល់​អំពី​អ្វី​ដែល​មិន​ទាន់​កើត​ឡើង? គម្ពីរ​ចែង​ថា​៖ ​«​ការ​ទុក្ខ​ដែល​គ្រប​សង្កត់​ចិត្ត នោះ​ធ្វើ​ឲ្យ​រួញ​ថយ​ចុះ​»។ (​សុភ. ១២:២៥​) ដោយ​ខ្វល់​ហួស​ហេតុ​ពេក ពួក​គេ​ច្រើន​តែ​ប្រើ​រយៈ​ពេល​យូរ​ពេក​ដើម្បី​សម្រេច​ចិត្ត រហូត​ដល់​ហួស​ពេល។

អ្វី​ដែល​សំខាន់​បំផុត​គឺ​ទុក្ខ​កង្វល់​អាច​មាន​ឥទ្ធិពល​អាក្រក់​មក​លើ​ចំណង​មិត្តភាព​រវាង​អ្នក​និង​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​គ្រិស្ត​បាន​បញ្ជាក់​ថា​ការ​ឲ្យ​តម្លៃ​ទៅ​លើ​«​បណ្ដាំ​ស្តី​អំពី​រាជាណាចក្រ​»​ អាច​នឹង​ត្រូវ​គ្រប​បាំង​ទាំង​ស្រុង​ដោយ​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ និង​«​ការ​ខ្វល់​ខ្វាយ​អំពី​ជីវភាព​នៅ​សម័យ​នេះ​»។ ដូច​ដើម​បន្លា​ដែល​អាច​រា​រាំង​គ្រាប់​ពូជ​មិន​ឲ្យ​ធំ​លូត​លាស់​និង​បង្កើត​ផល​ផ្លែ ការ​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក​អាច​រា​រាំង​យើង​មិន​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​និង​បង្កើត​ផល​ក្នុង​កិច្ច​បម្រើ​ព្រះ​ឡើយ។ (​ម៉ាថ. ១៣:១៩, ២២​) ការ​ខ្វល់​ខ្វាយ​ខ្លាំង​ដែល​នាំ​ឲ្យ​ធ្វើ​ទុក្ខ​ដល់​ខ្លួន រហូត​ដល់​បង្អាក់​អ្នក​ខ្លះ​កុំ​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ទៀត​ផង។ ពួក​គេ​បារម្ភ​ថា​៖ ‹តើ​ខ្ញុំ​អាច​មាន​របៀប​រស់​នៅ​ស្រប​តាម​ការ​ប្រគល់​ខ្លួន​របស់​ខ្ញុំ​ឬ​ទេ?›។

សាវ័ក​ប៉ូល​បាន​ប្រាប់​យើង​ថា ដើម្បី​មាន​ជំនឿ​រឹង​មាំ យើង​ត្រូវ​ខំ​ព្យាយាម​«​កាន់​កាប់​គំនិត​ទាំង​អស់ បង្ខំ​ឲ្យ​ស្ដាប់​បង្គាប់​គ្រិស្ត​»។ (​២កូ. ១០:៥​) សាថាន​ដែល​ជា​សត្រូវ​របស់​យើង ច្បាស់​ជា​សប្បាយ​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​កង្វល់​របស់​យើង​កាន់​តែ​ធំ ដើម្បី​វា​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​និង​ខ្សោយ​ខាង​សុខភាព ខាង​ផ្លូវ​ចិត្ត និង​ខាង​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ វា​ជំនាញ​ក្នុង​ការ​ប្រើ​ការ​សង្ស័យ​ដើម្បី​ចាប់​យើង​ឲ្យ​ជាប់​អន្ទាក់​វា។ នេះ​ជា​មូលហេតុ​ដែល​ប៉ូល​បាន​ព្រមាន​គ្រិស្ត​សាសនិក​ថា កុំ​ឲ្យ​«​មេ​កំណាច​មាន​ឱកាស​»។ (​អេភ. ៤:២៧​) សាថាន​ដែល​ជា​«​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​»​ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​«​ធ្វើ​ឲ្យ​គំនិត​របស់​ពួក​អ្នក​មិន​ជឿ​ទៅ​ជា​ងងឹត​»។ (​២កូ. ៤:៤​) សូម​យើង​តាំង​ចិត្ត​មិន​អនុញ្ញាត​ឲ្យ​វា​កាប់​កាន់​គំនិត​យើង​ឲ្យ​សោះ!

អាច​ទទួល​ជំនួយ​បាន

ពេល​ប្រឈម​មុខ​នឹង​បញ្ហា កូន​អាច​ទៅ​រក​ឪ​ពុក​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដើម្បី​ទទួល​ការ​ណែនាំ​និង​ការ​សម្រាល​ទុក្ខ។ ដូច​គ្នា​ដែរ យើង​អាច​សុំ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌ ឲ្យ​លោក​ជួយ​យើង​ដោះ​ស្រាយ​បញ្ហា។ ការ​ពិត ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​ផ្ទេរ​បន្ទុក​និង​ទុក្ខ​កង្វល់​របស់​យើង​ទៅ​លើ​លោក។ (​ទំនុក. ៥៥:២២​) ក្រោយ​ពី​បាន​ទទួល​ការ​ធានា​ពី​ឪ​ពុក កូន​ឈប់​ព្រួយ​អំពី​បញ្ហា​របស់​ខ្លួន​ទៀត។ ស្រដៀង​គ្នា​ដែរ ក្រោយ​ពេល​យើង​អធិដ្ឋាន​ផ្ទេរ​បន្ទុក​ទាំង​អស់​របស់​យើង​ទៅ​លើ​លោក យើង​ត្រូវ​ទុក​ចិត្ត​លោក​ទាំង​ស្រុង​ថា​លោក​នឹង​ជួយ​យើង។—យ៉ា. ១:៦

តើ​តាម​របៀប​ណា​យើង​ផ្ទេរ​បន្ទុក​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា? ភីលីព ៤:៦, ៧​ចែង​ថា​៖ ​«​កុំ​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ តែ​ដោយ​អធិដ្ឋាន អង្វរ​សុំ ព្រម​ទាំង​ថ្លែង​អំណរ​គុណ ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា តាម​រយៈ​គ្រិស្ត​យេស៊ូ។​»។ មែន​ហើយ ព្រះ​យេហូវ៉ា​តប​ឆ្លើយ​នឹង​ការ​អធិដ្ឋាន​អង្វរ​សុំ ដោយ​ឲ្យ​យើង​នូវ​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ដែល​នឹង​ជួយ​ការពារ​ចិត្ត​គំនិត​យើង​ពី​ទុក្ខ​កង្វល់​ដែល​មិន​ចាំ​បាច់។—យេ. ១៧:៧, ៨; ម៉ាថ. ៦:២៥​-​៣៤

ដើម្បី​ធ្វើ​ស្រប​តាម​ការ​អធិដ្ឋាន​របស់​យើង យើង​គួរ​ជៀស​វាង​ពី​ការ​ញែក​ខ្លួន​ចេញ​ពី​អ្នក​ឯ​ទៀត។ (​សុភ. ១៨:១​) ផ្ទុយ​ទៅ​វិញ ល្អ​ជាង​ដែល​យើង​ពិចារណា​គោល​ការណ៍​គម្ពីរ​និង​ការ​ណែនាំ​ដែល​ទាក់​ទង​នឹង​បញ្ហា​របស់​យើង ហើយ​កុំ​ពឹង​ផ្អែក​ទៅ​លើ​យោបល់​របស់​ខ្លួន។ (​សុភ. ៣:៥, ៦​) មិន​ថា​ចាស់​ឬ​ក្មេង​ក្ដី យើង​ទាំង​អស់​គ្នា​អាច​ស្វែង​រក​ជំនួយ​ពី​គម្ពីរ​និង​សៀវភៅ​របស់​អង្គ​ការ​ដែល​មាន​ព័ត៌មាន​ជា​ច្រើន ពេល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​និង​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ។ បន្ថែម​ទៅ​ទៀត ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក យើង​មាន​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍​ច្រើន​និង​មាន​ភាព​ចាស់​ទុំ ដែល​សប្បាយ​នឹង​និយាយ​ជា​មួយ​យើង​ជា​និច្ច។ (​សុភ. ១១:១៤; ១៥:២២​) បង​ប្អូន​ដែល​មិន​មាន​បញ្ហា​ផ្លូវ​ចិត្ត ឬ​បង​ប្អូន​ដែល​តែង​តែ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ ពួក​គាត់​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ចំពោះ​បញ្ហា​របស់​យើង។ ពួក​គាត់​នឹង​មិន​ជួយ​យើង​ក្នុង​ការ​សម្រេច​ចិត្ត​នោះ​ទេ។ ប៉ុន្តែ ពួក​គេ​អាច​ជា​ប្រភព​នៃ​ការ​លើក​ទឹក​ចិត្ត​និង​ការ​សម្រាល​ទុក្ខ​ដល់​យើង។

​«​ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ​»​

មនុស្ស​ជា​ច្រើន​យល់​ស្រប​ថា រាល់​ថ្ងៃ​យើង​តាន​តឹង​ចិត្ត​គ្រប់​គ្រាន់​ហើយ​ចំពោះ​បញ្ហា​របស់​យើង។ ប៉ុន្តែ ជា​ញឹក​ញយ​យើង​តាន​តឹង​ចិត្ត​ថែម​ទៀត ពេល​យើង​គិត​វែង​ឆ្ងាយ​ថែម​ទៀត​ទៅ​លើ​បញ្ហា​ដែល​យើង​មាន។ បើ​យើង​មាន​ទុក្ខ​កង្វល់​ហួស​ហេតុ​ពេក​ដែល​យើង​ចាប់​ផ្ដើម​ភ័យ​ខ្លាច យើង​គួរ​អធិដ្ឋាន​អង្វរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ យើង​គួរ​ស្រាវ​ជ្រាវ​បណ្ដាំ​របស់​លោក និង​ការ​ណែនាំ​ពី​អង្គ​ការ​របស់​លោក ដើម្បី​មាន​ប្រាជ្ញា​និង​ការ​ដឹង​ខុស​ត្រូវ។ មិន​ថា​យើង​ជួប​នឹង​ស្ថានភាព​បែប​ណា​ក៏​ដោយ យើង​តែង​តែ​មាន​ជំនួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ។

ពេល​មាន​អារម្មណ៍​ពិបាក​ក្នុង​ចិត្ត អ្នក​តែង​ទំនុក​តម្កើង​បាន​ច្រៀង​ថា​៖ ​«​ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ឯង​ត្រូវ​បង្អោន​ចុះ ហើយ​មាន​សេចក្ដី​រសាប់​រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ​ដល់​ទ្រង់​ទៀត ដែល​ទ្រង់​ជា​សេចក្ដី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ​»។ (​ទំនុក. ៤២:១១​) សូម​ឲ្យ​យើង​មាន​ចិត្ត​គំនិត​បែប​នោះ​ដែរ។

សូម​ត្រៀម​ខ្លួន​សម្រាប់​អ្វី​ដែល​ទំនង​ជា​កើត​ឡើង ហើយ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​មិន​បាន​រំពឹង​ទុក។ ដូច្នេះ ចូរ​«​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពី​ព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។—១ពេ. ៥:៧

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

(​ទំនុក​តម្កើង ៥៦:៨​) ទ្រង់​រាប់​អស់​ទាំង​ការ​សាត់​អណ្ដែត​របស់​ទូល​បង្គំ សូម​ទ្រង់​ដាក់​អស់​ទាំង​ទឹក​ភ្នែក​របស់​ទូល​បង្គំ ទុក​នៅ​ក្នុង​ដប​នៃ​ទ្រង់ ទឹក​ភ្នែក​ទាំង​នោះ តើ​មិន​កត់​ទុក​ក្នុង​បញ្ជី​ទ្រង់​ទេ​ឬ​អី?

w​០៩​-​E ១/៦ ទំ. ២៩ វ. ១

តើ​ពិត​ជា​មាន​អ្នក​ណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​មែន​ឬ?

ក្នុង​សៀវភៅ​ទំនុក​តម្កើង យើង​ឃើញ​ពាក្យ​សម្ដី​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​កក់​ក្ដៅ​ក្នុង​ចិត្ត ដែល​សរសេរ​ដោយ​អ្នក​តែង​ទំនុក​តម្កើង​ជន​ជាតិ​ហេប្រឺ​នៅ​សម័យ​បុរាណ ដូច​ជា​ស្តេច​ដាវីឌ​ជា​ដើម ដែល​បាន​ពិពណ៌នា​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​បម្រើ​លោក។ នៅ​ទំនុក​តម្កើង ៥៦:៨ យើង​ឃើញ​ថា​ស្តេច​ដាវីឌ​បាន​អង្វរ​ព្រះ​ថា​៖ ​«​សូម​ទ្រង់​ដាក់​អស់​ទាំង​ទឹក​ភ្នែក​របស់​ទូល​បង្គំ ទុក​នៅ​ក្នុង​ដប​នៃ​ទ្រង់ ទឹក​ភ្នែក​ទាំង​នោះ តើ​មិន​កត់​ទុក​ក្នុង​បញ្ជី​ទ្រង់​ទេ​ឬ​អី?​»។ ដូច​ត្រូវ​បង្ហាញ​ដោយ​ការ​ប្រៀប​ប្រដូច​នេះ ដាវីឌ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​ដឹង​ទាំង​អស់ មិន​គ្រាន់​តែ​ទុក្ខ​វេទនា​របស់​គាត់​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ដឹង​អ្វី​ដែល​មាន​ក្នុង​ចិត្ត​គាត់​ដែរ។ ព្រះ​យេហូវ៉ា​ដឹង​នូវ​ការ​ឈឺ​ចាប់​របស់​គាត់ ហើយ​លោក​នឹក​ចាំ​អ្វី​ដែល​ដាវីឌ​បាន​ឆ្លង​កាត់​ខាង​ផ្លូវ​ចិត្ត​ដែល​បណ្ដាល​ឲ្យ​គាត់​យំ។ ពិត​ណាស់ ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង​រំពៃ​មើល​អ្នក​ដែល​ព្យាយាម​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក គឺ​«​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​»។

w​០៨​-​E ១/១០ ទំ. ២៦ វ. ៣

ទឹក​ភ្នែក​ក្នុង​ថង់​ស្បែក

ពាក្យ​សម្ដី​ដែល​រំជួល​ចិត្ត​របស់​ដាវីឌ​អំពី​ថង់​ស្បែក​ក៏​អាច​មាន​អត្ថន័យ​ចំពោះ​យើង​ដែរ។ តើ​តាម​របៀប​ណា? គម្ពីរ​បាន​ពន្យល់​ថា​សាថាន​គ្រប់​គ្រង​ពិភព​លោក​នេះ ហើយ​ថា​វា​មាន​«​មាន​កំហឹង​យ៉ាង​ខ្លាំង​»​នៅ​សម័យ​យើង​នេះ។ ជា​លទ្ធផល ផែន​ដី​កំពុង​ជួប​ទុក្ខ​វេទនា​ក្រៃ​លែង។ (​បប. ១២:១២​) ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​មនុស្ស​ជា​ច្រើន​ដូច​ដាវីឌ​ដែរ ជួប​រឿង​ដែល​ធ្វើ​ឲ្យ​រង​ទុក្ខ​វេទនា​ខាង​ផ្លូវ​កាយ​ខាង​ផ្លូវ​ចិត្ត ជា​ពិសេស​អ្នក​ដែល​កំពុង​ព្យាយាម​ធ្វើ​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត។ តើ​អ្នក​ក៏​មាន​អារម្មណ៍​ដូច​នោះ​ដែរ​ទេ? ដោយ​ក្លាហាន​ទោះ​ជា​«​យំ​»​ក្ដី អ្នក​បម្រើ​ស្មោះ​ត្រង់​ទាំង​នោះ​មិន​ឈប់​ព្យាយាម​រក្សា​ចិត្ត​ស្មោះគ្រប់​លក្ខណៈ​ចំពោះ​ព្រះ​ឡើយ។ (​ទំនុក. ១២៦:៦​) ពួក​គេ​អាច​មាន​ទំនុក​ចិត្ត​ថា​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ឃើញ​ពួក​គេ មិន​គ្រាន់​តែ​ទុក្ខ​លំបាក​ដែល​ពួក​គេ​ជួប​ប៉ុណ្ណោះ​ទេ តែ​ក៏​ឃើញ​ទុក្ខ​លំបាក​ខាង​ផ្លូវ​ចិត្ត​ដែល​ពួក​គេ​មាន​នោះ​ដែរ។ លោក​ពិត​ជា​យល់​នូវ​ការ​ឈឺ​ចាប់​ដែល​អ្នក​បម្រើ​របស់​លោក​មាន។ ហើយ​លោក​នឹក​ចាំ​ពួក​គេ​ដោយ​ក្ដី​អាណិត​អាសូរ ចំពោះ​ទឹក​ភ្នែក​និង​ការ​ឈឺ​ចាប់​របស់​ពួក​គេ ក្នុង​ន័យ​ធៀប​លោក​ប្រមូល​ទឹក​ភ្នែក​ពួក​គេ​ដាក់​ក្នុង​ថង់​ស្បែក​របស់​លោក។

(​ទំនុក​តម្កើង ៥៩:១, ២​) ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ សូម​ទ្រង់​ជួយ​ឲ្យ​ទូល​បង្គំ​រួច​ពី​ពួក​ខ្មាំង​សត្រូវ សូម​ការពារ​ឲ្យ​រួច​ពី​ពួក​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូល​បង្គំ។ ២ សូម​ជួយ​ទូល​បង្គំ​ឲ្យ​រួច​ពី​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​សង្គ្រោះ​ទូល​បង្គំ​ឲ្យ​រួច​ពី​មនុស្ស​ដែល​កំចាយ​ឈាម។

w​០៨ ១/៣ ទំ. ១៩ វ. ១៣

ព្រះ​យេហូវ៉ា​ប្រុង​ស្ដាប់​សម្រែក​របស់​យើង

១៣ បើ​ដូច្នេះ តើ​គ្រប់​គ្រាន់​ឲ្យ​យើង​អធិដ្ឋាន​និង​ប្រាប់​ព្រះ​យេហូវ៉ា​ពី​បញ្ហា​របស់​យើង​តែ​ប៉ុណ្ណោះ​ទេ? មិន​គ្រប់​គ្រាន់​ទេ។ យើង​ក៏​ត្រូវ​តែ​ចាត់​វិធានការ​ផ្ទាល់​ខ្លួន សម​ស្រប​នឹង​អ្វី​ដែល​យើង​បាន​អធិដ្ឋាន។ ពេល​ស្តេច​សូល​បាន​ចាត់​អ្នក​ពិឃាត​ឲ្យ​ទៅ​ឯ​ផ្ទះ​របស់​ដាវីឌ​ដើម្បី​សម្លាប់​គាត់ ដាវីឌ​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ! សូម​ទ្រង់​ជួយ​ឲ្យ​ទូល​បង្គំ​រួច​ពី​ពួក​ខ្មាំង​សត្រូវ។ សូម​ការពារ​ឲ្យ​រួច​ពី​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល​បង្គំ។ សូម​ជួយ​ទូល​បង្គំ​ឲ្យ​រួច​ពី​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​សង្គ្រោះ​ទូល​បង្គំ​ឲ្យ​រួច​ពី​មនុស្ស​ដែល​កំចាយ​ឈាម​»។ (​ទំនុក. ៥៩:១, ២​) ដាវីឌ​មិន​គ្រាន់​តែ​អធិដ្ឋាន​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​ស្ដាប់​តាម​ភរិយា​របស់​ខ្លួន ហើយ​បាន​ចាត់​វិធានការ​ដោយ​រត់​ឲ្យ​រួច។ (​១សាំ. ១៩:១១, ១២​) ដូច​គ្នា​ដែរ យើង​ក៏​អាច​អធិដ្ឋាន​សូម​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ព្រម​ទាំង​រក​វិធី​បន្ធូរ​បន្ថយ​ស្ថានការណ៍​ដែល​ធ្វើ​ទុក្ខ​ផង។—យ៉ា. ១:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក