-
តើរាជាណាចក្ររបស់ព្រះជាអ្វី?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
ប្រធានបទសំខាន់ក្នុងគម្ពីរ គឺអំពីរាជាណាចក្ររបស់ព្រះ។ ព្រះយេហូវ៉ានឹងប្រើរាជាណាចក្រនោះ ដើម្បីធ្វើឲ្យគោលបំណងរបស់លោកសម្រាប់ផែនដីក្លាយជាការពិត។ តើរាជាណាចក្ររបស់ព្រះជាអ្វី? តើយើងដឹងយ៉ាងដូចម្ដេចថា រាជាណាចក្រព្រះកំពុងគ្រប់គ្រងនៅសព្វថ្ងៃនេះ? តើរាជាណាចក្រព្រះបានសម្រេចអ្វីខ្លះរួចហើយ? ហើយតើរាជាណាចក្រព្រះនឹងធ្វើអ្វីនៅអនាគត? ក្នុងមេរៀននេះនិងមេរៀនពីរបន្ទាប់ទៀត មានចម្លើយចំពោះសំណួរទាំងនេះ។
១. តើរាជាណាចក្ររបស់ព្រះជាអ្វី? ហើយតើអ្នកណាជាស្ដេចនៃរាជាណាចក្រនោះ?
រាជាណាចក្ររបស់ព្រះគឺជារដ្ឋាភិបាលមួយ ដែលបង្កើតឡើងដោយព្រះយេហូវ៉ា។ លោកយេស៊ូគ្រិស្តជាស្ដេចនៃរាជាណាចក្រនោះ ហើយលោកគ្រប់គ្រងពីស្ថានសួគ៌។ (ម៉ាថាយ ៤:១៧; យ៉ូហាន ១៨:៣៦) គម្ពីរចែងអំពីលោកយេស៊ូថា៖ «លោកនឹងគ្រប់គ្រងជាស្ដេច . . . ជារៀងរហូត»។ (លូកា ១:៣២, ៣៣) ក្នុងឋានៈជាស្ដេចនៃរាជាណាចក្រព្រះ លោកយេស៊ូនឹងគ្រប់គ្រងលើមនុស្សទាំងអស់នៅផែនដី។
២. តើលោកយេស៊ូគ្រប់គ្រងតែម្នាក់ឯងឬ?
លោកយេស៊ូមិនគ្រប់គ្រងតែម្នាក់ឯងទេ។ មនុស្សពី«គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ពូជសាសន៍ និងគ្រប់ប្រជាជាតិ . . . នឹងធ្វើជាស្ដេចគ្រប់គ្រងលើផែនដី»។ (ការបើកបង្ហាញ ៥:៩, ១០) ដូច្នេះ តើមនុស្សប៉ុន្មាននាក់នឹងគ្រប់គ្រងជាមួយគ្រិស្ត? តាំងពីលោកយេស៊ូមកផែនដី មនុស្សរាប់លាននាក់បានទៅជាអ្នកកាន់តាមលោក។ ប៉ុន្តែ មានតែ១៤៤.០០០នាក់ប៉ុណ្ណោះ ដែលឡើងទៅស្ថានសួគ៌គ្រប់គ្រងជាមួយនឹងលោកយេស៊ូ។ (សូមអាន ការបើកបង្ហាញ ១៤:១-៤) ចំណែកឯគ្រិស្តសាសនិកឯទៀតទាំងអស់នៅផែនដី ពួកគេនឹងទៅជារាស្ត្រនៃរាជាណាចក្រនោះ។—ចម្រៀងសរសើរព្រះ ៣៧:២៩
៣. ហេតុអ្វីរាជាណាចក្ររបស់ព្រះគឺប្រសើរជាងរដ្ឋាភិបាលរបស់មនុស្ស?
ទោះជាពួកអ្នកគ្រប់គ្រងជាមនុស្សខំព្យាយាមធ្វើអ្វីល្អៗក៏ដោយ ពួកគេមិនមានអំណាចឬសមត្ថភាពដើម្បីធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចង់ធ្វើទេ។ ម្យ៉ាងទៀត ពួកអ្នកគ្រប់គ្រងតែងតែផ្លាស់ប្ដូរពីម្នាក់ទៅម្នាក់ ហើយអ្នកគ្រប់គ្រងថ្មីប្រហែលជាមិនយកចិត្តទុកដាក់យ៉ាងស្មោះចំពោះពលរដ្ឋដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ លោកយេស៊ូដែលជាអ្នកគ្រប់គ្រងរាជាណាចក្រព្រះ នឹងមិនត្រូវផ្លាស់ប្ដូរដោយអ្នកគ្រប់គ្រងថ្មីទេ។ ម្យ៉ាងទៀត ព្រះបាន«តាំងរាជាណាចក្រមួយឡើងដែលនឹងមិនត្រូវបំផ្លាញឡើយ»។ (ដានីយ៉ែល ២:៤៤) លោកយេស៊ូនឹងគ្រប់គ្រងលើផែនដីទាំងមូល ហើយលោកនឹងមិនប្រព្រឹត្តដោយលម្អៀងឡើយ។ លោកមានសេចក្ដីស្រឡាញ់ ចិត្តសប្បុរស និងយុត្តិធម៌ ហើយលោកនឹងបង្រៀនមនុស្សឲ្យប្រព្រឹត្តចំពោះគ្នាតាមគំរូរបស់លោក គឺឲ្យបង្ហាញសេចក្ដីស្រឡាញ់ ចិត្តសប្បុរស និងយុត្តិធម៌។—សូមអាន អេសាយ ១១:៩
បង្កើនចំណេះ
សូមពិចារណាអំពីមូលហេតុដែលរាជាណាចក្ររបស់ព្រះ គឺប្រសើរជាងរដ្ឋាភិបាលទាំងអស់របស់មនុស្ស។
៤. រដ្ឋាភិបាលដ៏មានអំណាចខ្លាំងក្លាមួយនឹងគ្រប់គ្រងលើផែនដីទាំងមូល
លោកយេស៊ូគ្រិស្តមានអំណាចគ្រប់គ្រងខ្លាំងជាងអ្នកគ្រប់គ្រងឯទៀតទាំងអស់។ សូមអាន ម៉ាថាយ ២៨:១៨ រួចពិភាក្សាសំណួរនេះ៖
ហេតុអ្វីការគ្រប់គ្រងរបស់លោកយេស៊ូគឺប្រសើរជាងការគ្រប់គ្រងរបស់មនុស្ស?
រដ្ឋាភិបាលរបស់មនុស្សតែងតែផ្លាស់ប្ដូរ ហើយរដ្ឋាភិបាលនីមួយៗគ្រប់គ្រងតែលើប្រទេសមួយ ឬទ្វីបមួយប៉ុណ្ណោះ។ ចុះរាជាណាចក្ររបស់ព្រះវិញ? សូមអាន ដានីយ៉ែល ៧:១៤ រួចពិភាក្សាសំណួរដូចតទៅ៖
ហេតុអ្វីជាការល្អដែលរាជាណាចក្រព្រះ«នឹងមិនត្រូវបំផ្លាញ»?
ហេតុអ្វីជាការល្អដែលរាជាណាចក្រព្រះនឹងគ្រប់គ្រងលើផែនដីទាំងមូល?
៥. ការគ្រប់គ្រងរបស់មនុស្សនឹងត្រូវផ្លាស់ប្ដូរ
ហេតុអ្វីរាជាណាចក្ររបស់ព្រះត្រូវជំនួសរដ្ឋាភិបាលរបស់មនុស្ស? លេងវីដេអូ រួចពិភាក្សាសំណួរនេះ៖
តើការគ្រប់គ្រងរបស់មនុស្សនាំឲ្យមានផលវិបាកអ្វីខ្លះ?
សូមអាន អ្នកទូន្មាន ៨:៩ រួចពិភាក្សាសំណួរដូចតទៅ៖
តើអ្នកគិតថារាជាណាចក្ររបស់ព្រះគួរជំនួសរដ្ឋាភិបាលរបស់មនុស្សឬទេ? ហេតុអ្វី?
៦. រាជាណាចក្រព្រះមានអ្នកគ្រប់គ្រងដែលយល់អំពីយើង
លោកយេស៊ូដែលជាស្ដេចរបស់យើង ធ្លាប់រស់នៅជាមនុស្ស។ ដូច្នេះ លោកអាច«យល់ភាពទន់ខ្សោយរបស់យើង»។ (ហេប្រឺ ៤:១៥) ព្រះយេហូវ៉ាបានជ្រើសរើសបុរសនិងស្ត្រីចំនួន១៤៤.០០០នាក់«ពីគ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ពូជសាសន៍ និងគ្រប់ប្រជាជាតិ»ឲ្យគ្រប់គ្រងជាមួយនឹងលោកយេស៊ូ។—ការបើកបង្ហាញ ៥:៩
ពេលដឹងថាលោកយេស៊ូនិងអស់អ្នកដែលគ្រប់គ្រងជាមួយលោក ធ្លាប់រស់នៅផែនដី តើនេះធ្វើឲ្យអ្នកមានទំនុកចិត្តទេ? ហេតុអ្វី?
ព្រះយេហូវ៉ាបានជ្រើសរើសបុរសនិងស្ត្រីពីគ្រប់មជ្ឈដ្ឋាន ឲ្យគ្រប់គ្រងជាមួយនឹងលោកយេស៊ូ
៧. ច្បាប់នៃរាជាណាចក្ររបស់ព្រះគឺប្រសើរជាងច្បាប់របស់មនុស្ស
រដ្ឋាភិបាលមនុស្សបង្កើតច្បាប់ផ្សេងៗដើម្បីការពារនិងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋរបស់ខ្លួន។ រាជាណាចក្រព្រះក៏មានច្បាប់ដើម្បីឲ្យពលរដ្ឋរបស់ខ្លួនធ្វើតាមដែរ។ សូមអាន កូរិនថូសទី១ ៦:៩-១១ រួចពិភាក្សាសំណួរដូចតទៅ៖
ពេលមនុស្សគ្រប់រូបធ្វើតាមច្បាប់សីលធម៌របស់ព្រះa តើអ្នកគិតថាពិភពលោកនឹងមានស្ថានភាពបែបណា?
តើអ្នកគិតថាសមហេតុសមផលឬទេ ដែលព្រះយេហូវ៉ាតម្រូវឲ្យរាស្ត្រនៃរាជាណាចក្រព្រះធ្វើតាមច្បាប់សីលធម៌របស់លោក? ហេតុអ្វី?
តើអ្វីបញ្ជាក់ថាមនុស្សដែលមិនធ្វើតាមច្បាប់សីលធម៌របស់ព្រះ អាចកែប្រែបាន? (សូមមើលខ១១)
រដ្ឋាភិបាលមនុស្សបង្កើតច្បាប់ដើម្បីការពារនិងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋរបស់ខ្លួន។ ប៉ុន្តែ ច្បាប់នៃរាជាណាចក្រព្រះគឺការពារនិងផ្ដល់ប្រយោជន៍ច្រើនជាងច្បាប់របស់រដ្ឋាភិបាលមនុស្ស
មនុស្សខ្លះប្រហែលជាសួរថា៖ «តើរាជាណាចក្ររបស់ព្រះជាអ្វី?»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
សេចក្ដីសង្ខេប
រាជាណាចក្ររបស់ព្រះជារដ្ឋាភិបាលមួយនៅស្ថានសួគ៌ ដែលនឹងគ្រប់គ្រងលើផែនដីទាំងមូល។
រៀនសាឡើងវិញ
តើអ្នកណាគ្រប់គ្រងក្នុងរាជាណាចក្ររបស់ព្រះ?
ហេតុអ្វីរាជាណាចក្ររបស់ព្រះគឺប្រសើរជាងរដ្ឋាភិបាលទាំងអស់របស់មនុស្ស?
តើព្រះយេហូវ៉ាតម្រូវឲ្យរាស្ត្រនៃរាជាណាចក្រព្រះធ្វើអ្វីខ្លះ?
ស្វែងយល់ថែមទៀត
ហេតុអ្វីសាក្សីព្រះយេហូវ៉ាជ្រើសរើសរក្សាភាពស្មោះត្រង់ចំពោះរាជាណាចក្រព្រះ ជាជាងចំពោះការគ្រប់គ្រងរបស់មនុស្ស?
សូមមើលអ្វីដែលគម្ពីរចែងអំពី១៤៤.០០០នាក់ ដែលព្រះយេហូវ៉ាបានជ្រើសរើសឲ្យគ្រប់គ្រងជាមួយនឹងលោកយេស៊ូ។
«តើអ្នកណានឹងទៅស្ថានសួគ៌?» (អត្ថបទក្នុងគេហទំព័រ)
តើអ្វីបានធ្វើឲ្យស្ត្រីម្នាក់នៅក្នុងគុកជឿជាក់ថាមានតែព្រះប៉ុណ្ណោះដែលអាចនាំឲ្យពិភពលោកមានយុត្តិធម៌?
a ច្បាប់សីលធម៌ខ្លះនឹងត្រូវពិគ្រោះក្នុងផ្នែកទី៣។
-
-
តើរាជាណាចក្ររបស់ព្រះនឹងធ្វើអ្វីខ្លះ?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
រាជាណាចក្ររបស់ព្រះបានចាប់ផ្ដើមគ្រប់គ្រងហើយ។ មិនយូរទៀត រាជាណាចក្រនោះនឹងធ្វើឲ្យផែនដីមានការផ្លាស់ប្ដូរយ៉ាងធំ។ សូមពិចារណាអំពីអ្វីល្អមួយចំនួនដែលអ្នកអាចទន្ទឹងរង់ចាំដោយចិត្តរំភើបក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ។
១. តើរាជាណាចក្រព្រះនឹងនាំឲ្យមានសេចក្ដីសុខសាន្តនិងយុត្តិធម៌ឡើងវិញនៅផែនដីយ៉ាងដូចម្ដេច?
លោកយេស៊ូដែលជាស្ដេចនៃរាជាណាចក្រព្រះនឹងបំផ្លាញមនុស្សអាក្រក់ ព្រមទាំងរដ្ឋាភិបាលទាំងឡាយនៅសង្គ្រាមអាម៉ាគេដូន។ (ការបើកបង្ហាញ ១៦:១៤, ១៦) នៅពេលនោះ សេចក្ដីសន្យានេះក្នុងគម្ពីរនឹងក្លាយជាការពិតទាំងស្រុង។ សេចក្ដីសន្យានេះចែងថា៖ «បន្តិចទៀត នឹងលែងមានមនុស្សអាក្រក់ទៀត»។ (ចម្រៀងសរសើរព្រះ ៣៧:១០) លោកយេស៊ូនឹងប្រើរាជាណាចក្រព្រះ ដើម្បីធ្វើឲ្យប្រាកដថាផែនដីទាំងមូលនឹងមានតែសេចក្ដីសុខសាន្តនិងយុត្តិធម៌។—សូមអាន អេសាយ ១១:៤
២. ពេលបំណងប្រាថ្នារបស់ព្រះបានសម្រេចនៅផែនដី តើជីវិតយើងនឹងទៅជាយ៉ាងណា?
នៅក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ «មនុស្សសុចរិតនឹងបានផែនដីជាមត៌ក ហើយពួកគេនឹងរស់នៅផែនដីជារៀងរហូត»។ (ចម្រៀងសរសើរព្រះ ៣៧:២៩) សូមស្រមៃគិត បើយើងរស់នៅក្នុងពិភពលោកមួយដែលមានសុទ្ធតែមនុស្សសុចរិត ហើយមនុស្សទាំងអស់ស្រឡាញ់ព្រះយេហូវ៉ា និងស្រឡាញ់គ្នាទៅវិញទៅមក តើជីវិតយើងនឹងល្អយ៉ាងណាទៅ! នៅពេលនោះគ្មានអ្នកណាម្នាក់នឹងឈឺទៀតទេ ហើយមនុស្សគ្រប់គ្នានឹងមានជីវិតដែលគ្មានទីបញ្ចប់។
៣. ក្រោយពីមនុស្សអាក្រក់ត្រូវបំផ្លាញចោល តើរាជាណាចក្រព្រះនឹងសម្រេចអ្វីទៀត?
ក្រោយពីមនុស្សអាក្រក់ត្រូវបំផ្លាញចោល លោកយេស៊ូនឹងគ្រប់គ្រងជាស្ដេចក្នុងរយៈពេល១.០០០ឆ្នាំ។ អំឡុងពេលនោះ លោកនិង១៤៤.០០០នាក់ដែលគ្រប់គ្រងជាមួយលោក នឹងជួយមនុស្សនៅផែនដីឲ្យលែងមានភាពខុសឆ្គងទៀត។ មកដល់ដំណាច់គ្រា១.០០០ឆ្នាំនោះ ផែនដីបានទៅជាសួនឧទ្យានដ៏ស្រស់ស្អាតម្ដងទៀត។ នៅទីនោះមនុស្សទាំងអស់នឹងសប្បាយរីករាយ ដោយសារពួកគេធ្វើតាមច្បាប់របស់ព្រះយេហូវ៉ា។ រួចមក លោកយេស៊ូនឹងប្រគល់ការគ្រប់គ្រងទៅឲ្យព្រះយេហូវ៉ាជាបិតាលោកវិញ។ នៅពេលនោះ នាមព្រះយេហូវ៉ានឹងទៅជាបរិសុទ្ធជាងពេលមុនៗទៅទៀត។ (ម៉ាថាយ ៦:៩, ១០) នៅពេលនោះដែរ ក៏មានភ័ស្តុតាងច្បាស់លាស់ថាព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងដ៏ល្អ និងថាលោកយកចិត្តទុកដាក់ចំពោះរាស្ត្ររបស់លោក។ ក្រោយមក ព្រះយេហូវ៉ានឹងបំផ្លាញសាថាន ពួកវិញ្ញាណកំណាច និងអស់អ្នកដែលចូលរួមបះបោរប្រឆាំងការគ្រប់គ្រងរបស់លោក។ (ការបើកបង្ហាញ ២០:៧-១០) រាជាណាចក្ររបស់ព្រះនឹងនាំឲ្យមានស្ថានភាពល្អឥតខ្ចោះនៅផែនដីជារៀងរហូត។
បង្កើនចំណេះ
សូមពិចារណាអំពីមូលហេតុដែលយើងអាចទុកចិត្តថា ព្រះនឹងប្រើរាជាណាចក្ររបស់លោកដើម្បីធ្វើឲ្យសេចក្ដីសន្យាទាំងអស់ក្នុងគម្ពីរក្លាយជាការពិត។
៤. រាជាណាចក្រព្រះនឹងបំផ្លាញចោលរដ្ឋាភិបាលមនុស្ស
គម្ពីរចែងថា៖ «មនុស្សបានត្រួតត្រាលើមនុស្ស នោះនាំឲ្យមានទុក្ខវេទនា»។ (អ្នកទូន្មាន ៨:៩) ប៉ុន្តែ តាមរយៈរាជាណាចក្ររបស់ព្រះយេហូវ៉ា លោកនឹងធ្វើឲ្យមានយុត្តិធម៌ឡើងវិញ។
សូមអាន ដានីយ៉ែល ២:៤៤ និងថែស្សាឡូនិចទី២ ១:៦-៨ រួចពិភាក្សាសំណួរដូចតទៅ៖
តើព្រះយេហូវ៉ានិងលោកយេស៊ូដែលជាបុត្ររបស់លោកនឹងធ្វើយ៉ាងណាចំពោះរដ្ឋាភិបាលមនុស្សនិងអស់អ្នកដែលគាំទ្រពួកគេ?
យោងតាមអ្វីដែលអ្នកបានរៀនអំពីព្រះយេហូវ៉ានិងលោកយេស៊ូ ហេតុអ្វីអ្នកអាចជឿជាក់ថា វិធានការរបស់លោកទាំងពីរនឹងប្រកបដោយយុត្តិធម៌ហើយមិនលម្អៀង?
៥. លោកយេស៊ូគឺជាស្ដេចដ៏ល្អបំផុត
ក្នុងឋានៈជាស្ដេចនៃរាជាណាចក្រព្រះ លោកយេស៊ូនឹងធ្វើអ្វីជាច្រើនដើម្បីជាប្រយោជន៍ដល់រាស្ត្ររបស់លោកនៅផែនដី។ លេងវីដេអូ ដើម្បីដឹងអំពីរបៀបដែលលោកយេស៊ូបានបង្ហាញថា លោកមានទាំងបំណងចិត្តនិងឫទ្ធានុភាពពីព្រះដើម្បីជួយមនុស្ស។
ពេលលោកយេស៊ូនៅផែនដី លោកបានបង្ហាញឲ្យឃើញទុកជាមុនអំពីអ្វីដែលរាជាណាចក្រព្រះនឹងសម្រេច។ ក្នុងចំណោមពរដែលបានរៀបរាប់ដូចតទៅ តើអ្នកទន្ទឹងរង់ចាំពរមួយណាជាងគេ? សូមអានខគម្ពីរដែលមានភ្ជាប់ជាមួយនឹងពរទាំងនេះ។
ពេលនៅផែនដី លោកយេស៊ូ . . .
ពីស្ថានសួគ៌ លោកយេស៊ូនឹង . . .
បានកាន់កាប់កម្លាំងធម្មជាតិ។—ម៉ាកុស ៤:៣៦-៤១
ដោះស្រាយបញ្ហាបរិស្ថាននៅផែនដី។—អេសាយ ៣៥:១, ២
បានធ្វើអព្ភូតហេតុផ្ដល់អាហារដល់មនុស្សរាប់ពាន់នាក់។—ម៉ាថាយ ១៤:១៧-២១
ធ្វើឲ្យពិភពលោកលែងមានការអត់ឃ្លាន។—ចម្រៀងសរសើរព្រះ ៧២:១៦
បានធ្វើឲ្យមនុស្សជាច្រើនជាសះស្បើយ។—លូកា ១៨:៣៥-៤៣
ធ្វើឲ្យមនុស្សទាំងអស់មានសុខភាពល្អឥតខ្ចោះ។—អេសាយ ៣៣:២៤
បានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។—លូកា ៨:៤៩-៥៥
ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយបំផ្លាញសេចក្ដីស្លាប់។—ការបើកបង្ហាញ ២១:៣, ៤
៦. រាជាណាចក្ររបស់ព្រះនឹងនាំឲ្យមានអនាគតដ៏ត្រចះត្រចង់
រាជាណាចក្រព្រះនឹងធ្វើឲ្យគោលបំណងដើមរបស់ព្រះយេហូវ៉ាចំពោះមនុស្សក្លាយជាការពិតទាំងស្រុង។ ពួកគេនឹងរស់ជារៀងរហូតនៅផែនដីដែលជាសួនឧទ្យាន។ លេងវីដេអូ ដើម្បីដឹងអំពីរបៀបដែលព្រះយេហូវ៉ាប្រើលោកយេស៊ូដែលជាបុត្រ ឲ្យសម្រេចគោលបំណងរបស់លោក។
សូមអាន ចម្រៀងសរសើរព្រះ ១៤៥:១៦ រួចពិភាក្សាសំណួរនេះ៖
ពេលដឹងថាព្រះយេហូវ៉ានឹង«បំពេញបំណងប្រាថ្នារបស់ជីវិតទាំងឡាយ» តើនេះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា?
មនុស្សខ្លះនិយាយថា៖ «បើមនុស្សទាំងអស់សហការគ្នា នោះបញ្ហារបស់ពិភពលោកអាចដោះស្រាយបាន»។
តើរាជាណាចក្រព្រះអាចដោះស្រាយបញ្ហាណាខ្លះដែលរដ្ឋាភិបាលមនុស្សមិនអាចដោះស្រាយបាន?
សេចក្ដីសង្ខេប
រាជាណាចក្រព្រះនឹងសម្រេចគោលបំណងរបស់ព្រះយេហូវ៉ា។ រាជាណាចក្រព្រះនឹងធ្វើឲ្យផែនដីទាំងមូលពេញទៅដោយមនុស្សល្អដែលនឹងគោរពប្រណិប័តន៍ព្រះយេហូវ៉ាជារៀងរហូត។
រៀនសាឡើងវិញ
តើរាជាណាចក្រព្រះនឹងធ្វើឲ្យនាមព្រះយេហូវ៉ាបានបរិសុទ្ធយ៉ាងដូចម្ដេច?
ហេតុអ្វីយើងអាចជឿជាក់ថារាជាណាចក្រព្រះនឹងធ្វើឲ្យសេចក្ដីសន្យាក្នុងគម្ពីរក្លាយជាការពិត?
ក្នុងចំណោមពរដែលមកពីរាជាណាចក្រព្រះ តើអ្នកទន្ទឹងរង់ចាំពរមួយណាខ្លាំងជាងគេ?
ស្វែងយល់ថែមទៀត
សូមស្វែងយល់ថា តើអាម៉ាគេដូនជាអ្វី?
«តើសង្គ្រាមអាម៉ាគេដូនជាអ្វី?» (អត្ថបទក្នុងគេហទំព័រ)
សូមមើលរបៀបដែលក្រុមគ្រួសារអាចរំពឹងគិតជាមួយគ្នាអំពីពរផ្សេងៗនៅអនាគតដែលរាជាណាចក្រព្រះផ្ដល់ឲ្យ។
ក្នុងអត្ថបទ«ខ្ញុំមានសំណួរជាច្រើន» សូមអានអំពីរបៀបដែលបុរសម្នាក់ជាអ្នកប្រឆាំងនឹងរបបនយោបាយ បានរកឃើញចម្លើយដែលគាត់ចង់បាន។
-