បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការវាយប្រហារពីទិសខាងជើង!
    ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២០ | មេសា
    • ១៤. តើ​បទ​គម្ពីរ​នៅ​យ៉ូអែល ២:២៨, ២៩ បាន​សម្រេច​នៅ​ពេល​ណា?

      ១៤ គួរ​ឲ្យ​ចាប់​អារម្មណ៍ យ៉ូអែល​នាំ​ដំណឹង​អំពី​ការ​ស្ថាបនា​ឡើង​វិញ។ ស្រុក​នោះ​នឹង​សម្បូរ​ភោគ​ផល​ម្ដង​ទៀត។ (​យ៉ូល. ២:២៣​-​២៦​) នឹង​មាន​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​យ៉ាង​បរិបូរ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹អញ​នឹង​ចាក់​វិញ្ញាណ​របស់​អញ​ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​ស្រី​របស់​ឯង​នឹង​ទាយ។ អញ​នឹង​ចាក់​វិញ្ញាណ​របស់​អញ​ទៅ​លើ​ទាំង​ពួក​ទាសា​ទាសី​ដែរ›។ (​យ៉ូល. ២:២៨, ២៩​) ព្រះ​មិន​បាន​ចាក់​សកម្មពល​របស់​លោក​ទៅ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ភ្លាម​ៗ​ក្រោយ​ពី​ពួក​គេ​ត្រឡប់​ពី​ស្រុក​បាប៊ីឡូន​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​ឡើយ។ ផ្ទុយ​ទៅ​វិញ នេះ​បាន​កើត​ឡើង​រាប់​រយ​ឆ្នាំ​ក្រោយ​មក នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ៣៣ គ.ស.។ តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច?

      ១៥. យោង​ទៅ​តាម​សកម្មភាព ២:១៦, ១៧ តើ​ពេត្រុស​បាន​ផ្លាស់​ប្ដូរ​ពាក្យ​អ្វី​នៅ​បទ​គម្ពីរ​យ៉ូអែល ២:២៨ ហើយ​តើ​នេះ​បង្ហាញ​អំពី​អ្វី?

      ១៥ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សាវ័ក​ពេត្រុស​បាន​និយាយ​ថា​បទ​គម្ពីរ​នៅ​យ៉ូអែល ២:២៨, ២៩ សំដៅ​លើ​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​បាន​កើត​ឡើង​នៅ​បុណ្យ​ថ្ងៃ​ទី៥០​នោះ។ ប្រហែល​ជា​ម៉ោង​៩​នៅ​ព្រឹក​នោះ ព្រះ​បាន​ចាក់​សកម្មពល​បរិសុទ្ធ​របស់​លោក ហើយ​ពួក​អ្នក​ដែល​បាន​ទទួល​សកម្មពល​នោះ​បាន​ចាប់​ផ្ដើម​និយាយ​«​អំពី​ការ​ដ៏​រុង​រឿង​របស់​ព្រះ​»។ (​សកម្ម. ២:១១​) ក្រោម​ការ​ដឹក​នាំ​ពី​ព្រះ ពេត្រុស​បាន​ផ្លាស់​ប្ដូរ​ពាក្យ​បន្តិច​បន្តួច​ពេល​គាត់​ដក​ស្រង់​ទំនាយ​របស់​យ៉ូអែល។ តើ​អ្នក​បាន​កត់​សម្គាល់​ឃើញ​ពាក្យ​ដែល​គាត់​បាន​ផ្លាស់​ប្ដូរ​ឬ​ទេ? (​សូម​អាន សកម្មភាព ២:១៦, ១៧​) ពេត្រុស​មិន​បាន​ប្រើ​ពាក្យ​«​ក្រោយ​គ្រា​នោះ​»​ ដូច​ក្នុង​ទំនាយ​របស់​យ៉ូអែល​ទេ ប៉ុន្តែ​គាត់​បាន​និយាយ​ថា​៖ ​«​នៅ​គ្រា​ចុង​ក្រោយ​»​ ពោល​គឺ​គ្រា​ចុង​ក្រោយ​នៃ​របៀប​របប​យូដា។ នៅ​គ្រា​នោះ ព្រះ​បាន​ចាក់​សកម្មពល​របស់​លោក​ទៅ​លើ​«​មនុស្ស​គ្រប់​ប្រភេទ​»។ នេះ​បង្ហាញ​ថា​មាន​រយៈ​ពេល​ជា​យូរ​ដែល​បាន​កន្លង​ទៅ​មុន​ទំនាយ​របស់​យ៉ូអែល​បាន​ត្រូវ​សម្រេច។

      ១៦. តើ​សកម្មពល​របស់​ព្រះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​សតវត្សរ៍​ទី១ ហើយ​ចុះ​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ​វិញ?

      ១៦ ក្រោយ​ពី​ព្រះ​បាន​ចាក់​សកម្មពល​បរិសុទ្ធ​របស់​លោក​ទៅ​លើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១ ពួក​គេ​បាន​ចាប់​ផ្ដើម​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែល​ក្រោយ​មក​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ពិភព​លោក។ ពេល​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ​សំបុត្រ​របស់​គាត់​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូឡុស ប្រហែល​ជា​នៅ​ឆ្នាំ៦១ គ.ស. គាត់​អាច​រៀប​រាប់​ថា​ដំណឹង​ល្អ​បាន​ត្រូវ​ប្រកាស​«​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​នៅ​ក្រោម​មេឃ​»។ (​កូឡ. ១:២៣​) នៅ​សម័យ​របស់​ប៉ូល ​«​មនុស្ស​ទាំង​អស់​»​គឺ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​ប៉ូល​និង​អ្នក​ឯ​ទៀត​អាច​ជួប។ ដោយ​មាន​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា កិច្ច​ការ​ផ្សព្វ​ផ្សាយ​បាន​រីក​ចម្រើន​នៅ​សម័យ​របស់​យើង ​«​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី​»​!—សកម្ម. ១៣:៤៧; សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ‹អញ​នឹង​ចាក់​វិញ្ញាណ​របស់​អញ›។

      ​‹អញ​នឹង​ចាក់​វិញ្ញាណ​របស់​អញ›

      នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ៣៣ គ.ស. បុរស​ស្ត្រី​ប្រហែល​ជា​៣.០០០​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត។ ភ្លាម​ៗ​នោះ ពួក​គេ​បាន​ចាប់​ផ្ដើម​ប្រាប់​សេចក្ដី​ពិត​អំពី​លោក​យេស៊ូ​ដល់​អ្នក​ឯ​ទៀត។ តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ទៅ​លើ​កិច្ច​ការ​ដ៏​ខ្នះ​ខ្នែង​របស់​ពួក​គេ​ឬ​ទេ? លោក​បាន​ឲ្យ​ពរ​មែន! មនុស្ស​«​រាប់​ពាន់​នាក់​»​បាន​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។—សកម្ម. ២:៤១; ២១:២០

      តើ​មនុស្ស​ប៉ុន្មាន​ពាន់​នាក់​បាន​ទៅ​ជា​គ្រិស្ត​សាសនិក? គម្ពីរ​មិន​បាន​ចែង​ទេ ប៉ុន្តែ​សូម្បីតែ​នៅ​ចុង​សតវត្សរ៍​ទី១ ក៏​ទំនង​ជា​មាន​ចំនួន​គ្រិស្ត​សាសនិក​តិច​ជាង​១៤៤.០​០​០​នាក់​ឆ្ងាយ​ណាស់។ នៅ​ពេល​នោះ ព្រះ​យេហូវ៉ា​ជ្រើស​រើស​បុរស​ស្ត្រី​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌ ប៉ុន្តែ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ភាគ​ច្រើន​បាន​ត្រូវ​ជ្រើស​រើស​នៅ​សម័យ​នេះ។ ក៏​ប៉ុន្តែ ការ​រីក​ចម្រើន​ដ៏​អស្ចារ្យ​នៅ​សតវត្សរ៍​ទី១ បង្ហាញ​ថា​ព្រះ​យេហូវ៉ា​បាន​ចាក់​សកម្មពល​របស់​លោក​លើ​ពួក​អ្នក​កាន់​តាម​ទាំង​នោះ​នៅ​សម័យ​ដើម។—សកម្ម. ២:១៦​-​១៨

      តើ​មាន​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​ចាក់​សកម្មពល​លើ​អ្នក​បម្រើ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? ច្បាស់​ជា​មាន! សូម​គិត​អំពី​ព័ត៌មាន​ទាំង​នេះ​៖ យោង​ទៅ​តាម​ស្ថិតិ​ខ្លះ នៅ​ឆ្នាំ១៩១​៩​មាន​អ្នក​ផ្សាយ​ដំណឹង​ល្អ​មិន​ដល់​៦.០​០​០​នាក់​នៅ​ទូ​ទាំង​ពិភព​លោក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ទៅ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​តាំង​ពី​ឆ្នាំ១៩៨៣​មក មនុស្ស​ជាង​១៤៤.០០០​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ធ្វើ​ជា​សាក្សីព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ឆ្នាំ! នេះ​ច្បាស់​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​អំពី​អ្នក​បម្រើ​លោក​ថា​៖ ‹អញ​នឹង​ចាក់​វិញ្ញាណ​របស់​អញ›!—យ៉ូល. ២:២៨, ២៩

  • ការវាយប្រហារពីទិសខាងជើង!
    ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២០ | មេសា
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក