-
«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
-
-
១៥, ១៦. តើពាក្យ«ជំនាន់នេះ»សំដៅលើអ្នកណា?
១៥ ក៏ប៉ុន្តែ តើរាជាណាចក្ររបស់ព្រះនឹងមកដល់នៅពេលណា? លោកយេស៊ូមិនបានមានប្រសាសន៍ចំៗថារាជាណាចក្រនឹងមកដល់នៅពេលណាឡើយ។ (ម៉ាថ. ២៤:៣៦) ប៉ុន្តែលោកបានប្រាប់អ្វីមួយដែលពង្រឹងទំនុកចិត្តយើងថា ទីបញ្ចប់ពិតជាជិតមកដល់មែន។ លោកយេស៊ូបានបញ្ជាក់ថា រាជាណាចក្រនឹងមកដល់ ក្រោយពី«ជំនាន់នេះ»ឃើញសញ្ញាសម្គាល់ដែលលោកបានប្រកាសទុកជាមុន។ (សូមអានម៉ាថាយ ២៤:៣២-៣៤) តើពាក្យថា«ជំនាន់នេះ»សំដៅលើអ្នកណា? សូមពិនិត្យមើលប្រសាសន៍របស់លោកយេស៊ូឲ្យបានដិតដល់ជាង។
១៦ «ជំនាន់នេះ»: ពេលលោកយេស៊ូពោលពាក្យនោះ តើលោកកំពុងសំដៅលើអ្នកមិនជឿឬ? មិនមែនទេ។ ហេតុអ្វីយើងដឹង? សូមពិចារណាថាអ្នកណាកំពុងស្ដាប់លោកយេស៊ូពេលលោកមានប្រសាសន៍អំពីរឿងនេះ។ លោកយេស៊ូបានប្រកាសទំនាយនេះប្រាប់សាវ័កបួននាក់ដែល«បានមកឯលោកដោយឡែកពីគេ»។ (ម៉ាថ. ២៤:៣) មិនយូរក្រោយនោះ សាវ័ករបស់លោកនឹងត្រូវរើសតាំងតាមរយៈសកម្មពលបរិសុទ្ធ។ ម្យ៉ាងទៀត សូមគិតអំពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍មុនលោករៀបរាប់អំពី«ជំនាន់នេះ»។ លោកមានប្រសាសន៍ថា៖ «ចូរទាញយកមេរៀនពីឧទាហរណ៍អំពីដើមល្វាតូចដូចតទៅនេះ៖ កាលដែលមែកខ្ចីរបស់វាទៅជាទន់ ហើយដុះស្លឹក អ្នកដឹងភ្លាមថា រដូវក្ដៅជិតដល់ហើយ។ ចំពោះអ្នករាល់គ្នាក៏ដូចគ្នាដែរ។ កាលដែលអ្នកឃើញការទាំងអស់នេះ ចូរដឹងថាកូនមនុស្សនៅជិតមាត់ទ្វារហើយ»។ អ្នកកាន់តាមលោកយេស៊ូដែលបានត្រូវរើសតាំងនឹងឃើញអ្វីដែលលោកបានទាយទុកជាមុន ហើយពួកគេក៏នឹងយល់អត្ថន័យនៃព្រឹត្ដិការណ៍ទាំងនោះដែរ ពោលគឺលោកយេស៊ូ«នៅជិតមាត់ទ្វារហើយ»។ អ្នកមិនជឿនឹងមិនយល់អត្ថន័យនៃព្រឹត្ដិការណ៍ទាំងនោះទេ។ ដូច្នេះ ពេលលោកយេស៊ូមានប្រសាសន៍អំពី«ជំនាន់នេះ» លោកកំពុងសំដៅលើអ្នកកាន់តាមលោកដែលបានត្រូវរើសតាំង។
១៧. តើពាក្យថា«ជំនាន់»និង«ការទាំងអស់នេះ»មានន័យដូចម្ដេច?
១៧ «នឹងមិនកន្លងបាត់ទៅសោះឡើយ ទាល់តែការទាំងអស់នេះកើតឡើង»: តើពាក្យទាំងនេះនឹងកើតឡើងយ៉ាងដូចម្ដេច? ដើម្បីឆ្លើយសំណួរនោះ យើងត្រូវយល់អ្វីពីរយ៉ាងជាមុនសិន គឺយើងត្រូវយល់ថាពាក្យ«ជំនាន់»មានន័យដូចម្ដេច ហើយក៏ត្រូវយល់ថាពាក្យ«ការទាំងអស់នេះ»មានន័យដូចម្ដេចដែរ។ ក្នុងគម្ពីរ ពាក្យថា«ជំនាន់»ច្រើនតែសំដៅលើមនុស្សដែលមានអាយុខុសៗគ្នា តែធ្លាប់រស់នៅសម័យមួយជាមួយគ្នា។ មួយជំនាន់មានទីបញ្ចប់ ហើយគឺមិនវែងពេកទេ។ (និក្ខ. ១:៦) ពាក្យថា«ការទាំងអស់នេះ» សំដៅលើព្រឹត្ដិការណ៍ទាំងឡាយដែលលោកយេស៊ូបានប្រកាសជាមុនថានឹងកើតឡើងក្នុងអំឡុងវត្តមានរបស់លោក តាំងពីវត្តមាននោះចាប់ផ្ដើមនៅឆ្នាំ១៩១៤ រហូតដល់វត្តមាននោះចប់នៅគ្រា«ទុក្ខវេទនាជាខ្លាំង»។—ម៉ាថ. ២៤:២១
១៨, ១៩. តើពាក្យរបស់លោកយេស៊ូស្តីអំពី«ជំនាន់នេះ»បញ្ជាក់ន័យអ្វី ហើយតើយើងអាចសន្និដ្ឋានយ៉ាងណា?
១៨ បើដូច្នេះ តើលោកយេស៊ូចង់បញ្ជាក់អំពីអ្នកណា ពេលលោកថា«ជំនាន់នេះ»? ជំនាន់នេះជាគ្រិស្តសាសនិកពីរក្រុមដែលបានត្រូវរើសតាំងឲ្យឡើងទៅស្ថានសួគ៌។ ក្រុមទី១ ជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំង ហើយបានឃើញសញ្ញាសម្គាល់ចាប់ផ្ដើមនៅឆ្នាំ១៩១៤។ ក្រុមទី២ ជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំងកាលដែលក្រុមទី១នៅរស់នៅឡើយ។ គ្រិស្តសាសនិកខ្លះពីក្រុមទី២នឹងនៅរស់នៅឡើយពេលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម។ ក្រុមទាំងពីររួមគ្នាជាជំនាន់តែមួយ ពីព្រោះពួកគេបានរស់នៅសម័យតែមួយអស់មួយរយៈជាមួយគ្នា ជាគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។d
១៩ ដោយផ្អែកលើព័ត៌មាននេះ តើយើងអាចសន្និដ្ឋានយ៉ាងណា? នៅទូទាំងពិភពលោក យើងឃើញជាក់ច្បាស់នូវសញ្ញាសម្គាល់ដែលបញ្ជាក់ថា លោកយេស៊ូកំពុងគ្រប់គ្រងជាស្តេច។ យើងក៏ឃើញដែរថា គ្រិស្តសាសនិកដែលបានត្រូវរើសតាំង និងដែលនៅរស់នៅឡើយ ហើយថែមទាំងនៅក្នុងក្រុមដែលហៅថា«ជំនាន់នេះ» គឺមានវ័យចាស់ហើយ។ តែមិនមែនពួកគេទាំងអស់គ្នានឹងស្លាប់មុនទុក្ខវេទនាជាខ្លាំងចាប់ផ្ដើមនោះទេ។ ដូច្នេះ យើងអាចសន្និដ្ឋានថា បន្ដិចទៀតរាជាណាចក្ររបស់ព្រះនឹងមកដល់ ហើយចាប់ផ្ដើមគ្រប់គ្រងលើផែនដីទាំងមូល! យើងពិតជានឹងរំភើបចិត្តមែន ពេលឃើញ«រាជាណាចក្ររបស់លោកបានមកដល់» ដូចលោកយេស៊ូបានបង្រៀនយើងឲ្យអធិដ្ឋានសុំនោះ!
-