-
«ទ្រង់បានស្រឡាញ់យើងជាមុន»ចូរចូលទៅជិតព្រះយេហូវ៉ា
-
-
ការប្រព្រឹត្តដែលប្រកបដោយសេចក្ដីស្រឡាញ់ជ្រាលជ្រៅបំផុត
៤. ហេតុអ្វីទាហានរ៉ូមម្នាក់ទទួលស្គាល់ថាព្រះយេស៊ូមិនមែនជាបុរសធម្មតានោះ? ហើយតើទាហាននេះសន្និដ្ឋានយ៉ាងណា?
៤ ទាហានរ៉ូមម្នាក់ដែលចាត់ចែងការប្រហារព្រះជន្មព្រះយេស៊ូ បាននឹកអស្ចារ្យនឹងភាពងងឹតដែលមានមុនព្រះយេស៊ូសោយទិវង្គត និងការរញ្ជួយដីយ៉ាងខ្លាំងដែលមានក្រោយទ្រង់សោយទិវង្គត។ ទាហាននោះបានពោលថា៖«នេះពិតជាព្រះរាជបុត្រានៃព្រះមែន»។ (ម៉ាថាយ ២៧:៥៤) ច្បាស់ហើយ ព្រះយេស៊ូមិនមែនជាបុរសធម្មតាទេ។ ទាហាននេះបានរួមចំណែកក្នុងការធ្វើគុតព្រះរាជបុត្រាតែមួយរបស់ព្រះដ៏ខ្ពស់បំផុត! តើព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រានេះប៉ុនណា?
៥. មុនដែលមានព្រះជន្មនៅផែនដី តើព្រះរាជបុត្រាគង់នៅស្ថានសួគ៌ជាមួយព្រះវរបិតាអស់រយៈពេលប៉ុន្មាន?
៥ ព្រះគម្ពីរចែងថាព្រះយេស៊ូជា«បងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក»។ (កូល៉ុស ១:១៥) សូមគិតទៅមើល ព្រះរាជបុត្រារបស់ព្រះយេហូវ៉ាធ្លាប់មានព្រះជន្មរស់មុនមានសកលលោកទៅទៀត! តើព្រះវរបិតានិងព្រះរាជបុត្រាធ្លាប់គង់នៅជាមួយគ្នាអស់រយៈពេលប៉ុន្មានទៅ? អ្នកវិទ្យាសាស្ត្រខ្លះប៉ាន់ស្មានថាសកលលោកមានកំណើតតាំងពី១.៣០០កោដិឆ្នាំមុន។ តើអ្នកអាចស្រមៃគិតទៅដល់រយៈពេលដ៏វែងដូច្នេះបានទេ? ប៉ុន្តែ មិនថាការប៉ាន់ស្មាននេះត្រូវឬមិនត្រូវក៏ដោយ វានៅតែតិចជាងព្រះជន្មាយុរបស់ព្រះរាជបុត្រាព្រះយេហូវ៉ា! តើព្រះរាជបុត្រាបានធ្វើអ្វីខ្លះក្នុងរយៈពេលយ៉ាងវែងបែបនេះ?
៦. (ក) តើព្រះរាជបុត្រារបស់ព្រះយេហូវ៉ាបានធ្វើកិច្ចការអ្វី មុនប្រសូតមកជាមនុស្សជាតិម្នាក់? (ខ) រវាងព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់តើមានចំណងបែបណា?
៦ ព្រះរាជបុត្រាមានក្ដីសោមនស្សរីករាយជា«មេជាង»របស់ព្រះវរបិតាទ្រង់។ (សុភាសិត ៨:៣០) ព្រះគម្ពីរចែងថា៖«គ្មានអ្វីណាមួយកើតមកក្រៅពី[ព្រះរាជបុត្រា]ឡើយ»។ (យ៉ូហាន ១:៣) ដូច្នេះ ព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់បានរួមគ្នាបង្កើតរបស់សព្វសារពើទាំងអស់។ ទ្រង់ទាំងពីរអង្គច្បាស់ជាបានរីករាយនិងរំភើបព្រះទ័យជាទីបំផុត! មនុស្សជាច្រើនយល់ស្របថា ចំណងនៃសេចក្ដីស្រឡាញ់រវាងមាតាបិតានិងបុត្រធីតាពិតជាចំណងដ៏រឹងមាំគួរឲ្យអស្ចារ្យណាស់។ ហើយសេចក្ដីស្រឡាញ់«ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍»។ (កូល៉ុស ៣:១៤) ហេតុនេះហើយ គ្មានយើងណាម្នាក់អាចយល់ពីភាពរឹងមាំនៃចំណងសេចក្ដីស្រឡាញ់ដែលមានអស់កាលជាយូរដូច្នេះបានទេ សូម្បីតែយល់បន្ដិចក៏មិនបានផង មែនទេ? យើងឃើញច្បាស់ថា ព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់មានចំណងសេចក្ដីស្រឡាញ់ដ៏រឹងមាំបំផុតដែលធ្លាប់មាន។
៧. នៅពេលដែលព្រះយេស៊ូទទួលបុណ្យជ្រមុជទឹក តើព្រះយេហូវ៉ាបានបញ្ជាក់អារម្មណ៍របស់ទ្រង់ចំពោះព្រះរាជបុត្រាយ៉ាងដូចម្ដេច?
៧ យ៉ាងណាក៏ដោយ ព្រះវរបិតាចាត់ព្រះរាជបុត្រារបស់ទ្រង់ឲ្យមកផែនដីប្រសូតជាកូនមនុស្ស។ នេះមានន័យថា អស់ជាច្រើនឆ្នាំ ព្រះយេហូវ៉ាត្រូវសុខចិត្តអត់មានភាពស្និទ្ធស្នាលនៅស្ថានសួគ៌ជាមួយព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់។ ព្រះយេហូវ៉ាបានទតពីស្ថានសួគ៌មកទាំងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងកាលដែលព្រះយេស៊ូកំពុងតែធំឡើងជាបុរសគ្រប់ល័ក្ខណ៍។ នៅពេលព្រះយេស៊ូមានព្រះជន្មាយុប្រមាណ៣០ឆ្នាំ ទ្រង់ទទួលបុណ្យជ្រមុជទឹក។ យើងមិនចាំបាច់ស្មានអំពីអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះព្រះយេស៊ូនៅពេលនោះឡើយ។ ព្រះវរបិតាមានបន្ទូលពីស្ថានសួគ៌ដោយអង្គទ្រង់ផ្ទាល់ថា៖‹នេះជាកូនស្ងួនភ្ងារបស់យើង ជាទីពេញចិត្តយើងណាស់!›។ (ម៉ាថាយ ៣:១៧) ដោយឃើញថាព្រះយេស៊ូបានធ្វើតាមអ្វីទាំងអស់ដែលបានទាយទុកជាមុនយ៉ាងស្មោះត្រង់ ហើយក៏បានធ្វើតាមអ្វីទាំងអស់ដែលត្រូវតម្រូវពីទ្រង់ នោះព្រះវរបិតាពិតជាពេញព្រះហឫទ័យណាស់!—យ៉ូហាន ៥:៣៦; ១៧:៤
៨, ៩. (ក) តើព្រះយេស៊ូត្រូវរងទ្រាំនឹងអ្វីខ្លះនៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ស.យ.? ហើយតើនេះមានឥទ្ធិពលយ៉ាងណាមកលើព្រះទ័យព្រះវរបិតារបស់ទ្រង់? (ខ) ហេតុអ្វីបានជាព្រះយេហូវ៉ាអនុញ្ញាតឲ្យព្រះរាជបុត្រារបស់ទ្រង់រងទុក្ខនិងសោយទិវង្គតនោះ?
៨ ក៏ប៉ុន្តែ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណានៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ស.យ.? តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលយប់ដែលព្រះយេស៊ូត្រូវគេក្បត់ ហើយត្រូវក្រុមជនឃោរឃៅចាប់ខ្លួន? តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលមិត្តសំឡាញ់របស់ព្រះយេស៊ូរត់ចោលទ្រង់ និងទ្រង់ត្រូវគេនាំទៅវិនិច្ឆ័យខុសច្បាប់? តើព្រះមានអារម្មណ៍យ៉ាងណានៅពេលព្រះយេស៊ូត្រូវគេសើចចំអក ស្ដោះទឹកមាត់ដាក់ និងវាយតប់នោះ? តើព្រះមានអារម្មណ៍យ៉ាងណានៅពេលដែលព្រះយេស៊ូត្រូវគេវាយវាត់នឹងខ្សែតី រយះដាច់សាច់ខ្នងទ្រង់នោះ? តើទ្រង់មានអារម្មណ៍យ៉ាងណានៅពេលដែលព្រះយេស៊ូត្រូវគេបោះដែកគោលភ្ជាប់ព្រះហស្តនិងព្រះបាទលើបង្គោលឈើ រួចព្យួរទ្រង់ចោលឲ្យមនុស្សតិះដៀលនោះ? តើព្រះវរបិតាមានអារម្មណ៍យ៉ាងណានៅពេលព្រះរាជបុត្រារបស់ទ្រង់ស្រែកទូលទ្រង់ទាំងឈឺចាប់យ៉ាងវេទនានោះ? តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណានៅពេលព្រះយេស៊ូផុតដង្ហើមទៅ ហើយជាលើកទីមួយតាំងពីកំណើតសកលលោកមក មិនមានព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់?—ម៉ាថាយ ២៦:១៤-១៦, ៤៦, ៤៧, ៥៦, ៥៩, ៦៧; ២៧:៣៨-៤៤, ៤៦; យ៉ូហាន ១៩:១
«ព្រះ . . . ប្រទានព្រះរាជបុត្រាទ្រង់តែ១»
៩ យើងរកពាក្យឆ្លើយពុំបានទេ។ ដោយព្រោះព្រះយេហូវ៉ាក៏ចេះមានអារម្មណ៍ដែរ ការឈឺចាប់ក្នុងព្រះទ័យនៅពេលដែលព្រះរាជបុត្រារបស់ទ្រង់បានសោយទិវង្គតនោះ គឺខ្លាំងរកពណ៌នាពុំបានឡើយ។ ប៉ុន្តែ យើងអាចពណ៌នានូវអ្វីដែលជំរុញព្រះទ័យព្រះយេហូវ៉ាក្នុងការអនុញ្ញាតឲ្យរឿងនេះកើតឡើង។ ហេតុអ្វីបានជាព្រះវរបិតាសុខចិត្តឈឺចាប់ដូច្នេះ? ព្រះយេហូវ៉ាលាតត្រដាងឲ្យយើងយល់នូវអ្វីដ៏អស្ចារ្យមួយនៅយ៉ូហាន ៣:១៦ ជាខគម្ពីរមួយសំខាន់ដល់ម្ល៉េះដែលធ្លាប់មានគេហៅថា សេចក្ដីសង្ខេបនៃសៀវភៅដំណឹងល្អ។ ខនោះអានថា៖ «ព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ ដូច្នេះ បើនិយាយឲ្យចំទៅ អ្វីដែលបានជំរុញព្រះទ័យព្រះយេហូវ៉ាឲ្យធ្វើដូច្នេះ គឺសេចក្ដីស្រឡាញ់។ ការចាត់ព្រះរាជបុត្រារបស់ទ្រង់ឲ្យមករងទុក្ខនិងសោយទិវង្គតជំនួសយើងជាអំណោយពីព្រះយេហូវ៉ា ដែលជាការប្រព្រឹត្តប្រកបដោយសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតដែលធ្លាប់មាន។
-
-
«ទ្រង់បានស្រឡាញ់យើងជាមុន»ចូរចូលទៅជិតព្រះយេហូវ៉ា
-
-
១២ អាហ្កាប៉េសំដៅលើសេចក្ដីស្រឡាញ់ដែលមានមូលដ្ឋានទៅលើគោលការណ៍។ ដូច្នេះ សេចក្ដីស្រឡាញ់បែបនេះមិនគ្រាន់តែជាអារម្មណ៍ដែលយើងមានចំពោះអ្នកណាម្នាក់ទេ។ អាហ្កាប៉េមានន័យទូលំទូលាយជាង និងមានមូលដ្ឋានទៅលើគំនិតនិងចេតនារម្មណ៍។ សំខាន់បំផុត អាហ្កាប៉េគ្មានអត្តទត្ថភាពទាល់តែសោះ។ ជាឧទាហរណ៍ សូមមើលយ៉ូហាន ៣:១៦ម្ដងទៀត។ ចំពោះ«មនុស្សលោក»ដែលព្រះបានស្រឡាញ់រហូតដល់សុខចិត្តប្រទានព្រះរាជបុត្រាតែមួយនោះ តើពួកគេជាអ្នកណា? នោះគឺជាមនុស្សលោកដែលអាចត្រូវប្រោសលោះបាន។ នោះរួមបញ្ចូលមនុស្សជាច្រើននាក់ដែលកំពុងតែដើរតាមគន្លងជីវិតជាអ្នកធ្វើអំពើបាបនៅឡើយ។ តើព្រះយេហូវ៉ាស្រឡាញ់រាប់អានមនុស្សម្នាក់ៗបែបនេះជាមិត្តសំឡាញ់របស់ទ្រង់ ដូចទ្រង់ស្រឡាញ់អ័ប្រាហាំដែលស្មោះភក្ដីនោះឬទេ? (យ៉ាកុប ២:២៣) អត់ទេ! ប៉ុន្តែ ព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដោយប្រព្រឹត្តល្អទៅលើមនុស្សគ្រប់រូប ទោះជានេះតម្រូវឲ្យទ្រង់ធ្វើពលិកម្មយ៉ាងធំក៏ដោយ។ ទ្រង់មានព្រះហឫទ័យចង់ឲ្យមនុស្សប្រែចិត្តនិងផ្លាស់ប្រែគន្លងជីវិត។ (ពេត្រុសទី២ ៣:៩) មនុស្សជាច្រើនធ្វើដូច្នេះមែន។ ទ្រង់ទទួលអ្នកទាំងនេះដោយរីករាយឲ្យធ្វើជាមិត្តសំឡាញ់របស់ទ្រង់។
-