បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៣ ទំ. ៧-១១
  • ចូរប្រព្រឹត្ដដោយសម្លូតទៅតាមកាលៈទេសៈចុះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរប្រព្រឹត្ដដោយសម្លូតទៅតាមកាលៈទេសៈចុះ!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ម្ដេច​ក៏​គួរ​ប្រព្រឹត្ត​ដោយ​សម្លូត?
  • ចុះ​ចូល​ដោយ​សម្លូត ដល់​កម្រិត​ណា?
  • គប្បី​ឲ្យ​អ្នក​ចាស់​ទុំ​មាន​ចិត្ត​ស្លូតបូត
  • ប្រព្រឹត្ត​ដោយ​សម្លូត​ក្នុង​រង្វង់​គ្រួសារ
  • ចំណងអាហ៍ពិហ៍ដែលនាំឲ្យមានអំណរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • តើអ្នកបង្រៀនដូចព្រះយេស៊ូវទេ?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ការបណ្ដុះឲ្យមានសេចក្ដីសមហេតុផល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • អបអរ«អំណោយទានជាមនុស្ស»
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៣ ទំ. ៧-១១

ចូរ​ប្រព្រឹត្ត​ដោយ​សម្លូត​ទៅ​តាម​កាលៈទេសៈ​ចុះ!

​«ចូរ​រំឭក​គេ​ឲ្យ . . . មាន​ចិត្ត​ស្លូតបូត»។—ទីត. ៣:១, ២

១, ២​. តើ​បទ​គម្ពីរ​ផ្សេងៗ​ចែង​យ៉ាង​ណា​អំពី​ការ​ប្រព្រឹត្ត​ដោយ​សម្លូត? ម្ដេច​ក៏​គប្បី​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​សម្លូត?

ព្រះ​យេហូវ៉ា បិតា​របស់​យើង​នៅ​ឯ​ស្ថាន​សួគ៌​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ទ្រង់​ក៏​ប្រកប​ដោយ​ប្រាជ្ញា​ដ៏​លើស​លប់​ផង​ដែរ។ ដោយសារ​ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ជាតិ គប្បី​ឲ្យ​យើង​ស្វែង​រក​ការ​ណែនាំ​ពី​ទ្រង់​ក្នុង​ជីវិត។ (ទំនុក. ៤៨:១៤) លោក​យ៉ាកុប​បាន​សរសេរ​ថា​៖ «ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្ដី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា​នឹង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង»។—យ៉ា. ៣:១៧

២ សាវ័ក​ប៉ុល​ក៏​បាន​ដាស់​តឿន​ថា​៖ «ចូរ​សំដែង​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​សេចក្ដី​សំឡូត​របស់​អ្នក​រាល់​គ្នា​ចុះ!»។a (ភី. ៤:៥) ព្រះ​យេស៊ូ​គ្រិស្ត​ជា​លោក​ម្ចាស់​និង​សិរសា​ឬ​អ្នក​នាំ​មុខ​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក។ (អេភ. ៥:២៣) ដូច្នេះ ពេល​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេស៊ូ សំខាន់​ណាស់​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​ដោយ​សម្លូត ព្រម​ទាំង​ចេះ​យោគ​យល់​និង​បន្ទន់​ចិត្ត​ដោយ​មិន​តវ៉ា។

៣, ៤​. (ក) សូម​រៀប​រាប់​ឧទាហរណ៍​ដែល​បញ្ជាក់​សារៈ​ប្រយោជន៍​ដែល​មក​ពី​ការ​ប្រព្រឹត្ត​ដោយ​សម្លូត។ (ខ) តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

៣ ការ​ប្រព្រឹត្ត​ដោយ​សម្លូត​ទៅ​តាម​កាលៈទេសៈ តែង​តែ​នាំ​ឲ្យ​មាន​ប្រយោជន៍។ ជា​ឧទាហរណ៍ នៅ​ប្រទេស​អង់គ្លេស ក្រោយ​ប៉ូលិស​ដឹង​ថា​ពួក​ភេរវជន​ចង់​ធ្វើ​ឲ្យ​មាន​ចលាចល អ្នក​ជិះ​យន្តហោះ​មិន​តវ៉ា​ទេ ពេល​ពួក​អាជ្ញាធរ​ដាក់​កម្រិត​ទៅ​លើ​អ្វី​ដែល​ពួក​គេ​អាច​យក​ទៅ​តាម​ខ្លួន​បាន។ ណា​មួយ​ទៀត ពេល​បើក​បរ​រថយន្ត យើង​ទទួល​ស្គាល់​ថា ជួន​កាល​មាន​ប្រយោជន៍​ឲ្យ​យើង​ទុក​ឲ្យ​គេ​ទៅ​មុន ដូច​ជា​នៅ​រង្វង់​មូល​ជា​ដើម។ ពេល​គ្រប់​គ្នា​ធ្វើ​ដូច្នេះ យើង​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​ចរាចរ ហើយ​ផ្លូវ​ក៏​មិន​ស្ទះ​ផង។

៤ ចំពោះ​មនុស្ស​មួយ​ចំនួន​ធំ ការ​ប្រព្រឹត្ត​ដោយ​សម្លូត​មិន​តែង​តែ​ស្រួល​ទេ។ ដូច្នេះ ដើម្បី​ជួយ​យើង​ឲ្យ​ចេះ​ប្រព្រឹត្ត​ដោយ​សម្លូត យើង​នឹង​ពិនិត្យ​មើល​ចំណុច​បី​យ៉ាង​ដែល​ទាក់ទង​នឹង​ការ​បង្ហាញ​ចិត្ត​ស្លូតបូត ពោល​គឺ មូលហេតុ​ដែល​យើង​គួរ​ប្រព្រឹត្ត​ដោយ​សម្លូត ទស្សនៈ​របស់​យើង​ចំពោះ​អ្នក​ដែល​មាន​អំណាច និង​តើ​យើង​គួរ​ចុះ​ចូល​ដោយ​សម្លូត​ដល់​កម្រិត​ណា?

ម្ដេច​ក៏​គួរ​ប្រព្រឹត្ត​ដោយ​សម្លូត?

៥​. ស្រប​ទៅ​តាម​ក្រឹត្យ​វិន័យ​ម៉ូសេ ម្ដេច​ក៏​បាវ​ខ្លះ​ចង់​បម្រើ​ម្ចាស់​ត​ទៅ​ទៀត?

៥ ឧទាហរណ៍​មួយ​ពី​សម័យ​មុន​គ្រិស្ត​សករាជ​គូស​បញ្ជាក់​ពី​មូលហេតុ​ត្រឹម​ត្រូវ​ដែល​យើង​គួរ​ប្រព្រឹត្ត​ដោយ​សម្លូត។ ស្រប​ទៅ​តាម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ ក្រោយ​៧​ឆ្នាំ​ឬ​នៅ​ឆ្នាំ​សោមនស្ស​បើ​មក​មុន ម្ចាស់​ត្រូវ​តែ​ដោះ​លែង​បាវ​ឬ​ខ្ញុំ​កញ្ជះ​ដែល​ជា​ជន​ជាតិ​ហេព្រើរ។ ប៉ុន្តែ បាវ​នោះ​អាច​សម្រេច​ចិត្ត​បម្រើ​ម្ចាស់​ត​ទៅ​ទៀត​ក៏​បាន​ដែរ។ (សូម​អាន និក្ខមនំ ២១:៥, ៦) ម្ដេច​ក៏​អ្នក​ខ្លះ​ចង់​ធ្វើ​ជា​ខ្ញុំ​បម្រើ​ត​ទៅ​ទៀត? គឺ​ដោយ​សារ​អ្នក​បម្រើ​នោះ​ស្រឡាញ់​ម្ចាស់​របស់​ខ្លួន​ដែល​មាន​ចិត្ត​ស្លូតបូត ហើយ​គាត់​ចង់​ចុះ​ចូល​ចំពោះ​ម្ចាស់​ជានិច្ច។

៦​. តើ​សេចក្ដី​ស្រឡាញ់​ទាក់ទង​យ៉ាង​ណា​នឹង​ការ​ប្រព្រឹត្ត​ដោយ​សម្លូត?

៦ ដូច​គ្នា​ដែរ ដោយសារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា នេះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់ និង​ធ្វើ​តាម​សម្បថ​នោះ​ជានិច្ច។ (រ៉ូម ១៤:៧, ៨) សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ «នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់​នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ»។ (១យ៉ូន. ៥:៣) សេចក្ដី​ស្រឡាញ់​មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ។ (១កូ. ១៣:៤, ៥) ពេល​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​ដទៃ សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង​ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រព្រឹត្ត​ដោយ​សម្លូត ហើយ​បន្ទន់​ចិត្ត​ផង។ ជា​ជាង​គិត​ពី​ប្រយោជន៍​ខ្លួន​ឯង យើង​យោគ​យល់​ចំពោះ​អ្នក​ដទៃ។—ភី. ២:២, ៣

៧​. តើ​ការ​ប្រព្រឹត្ត​ដោយ​សម្លូត​និង​ការ​យោគ​យល់​មាន​សារៈ​ប្រយោជន៍​អ្វី​ខ្លះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង?

៧ ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង​មិន​គួរ​ផ្ដល់​ហេតុ​ឲ្យ​អ្នក​ដទៃ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ (អេភ. ៤:២៩) ត្រូវ​មែន សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​យើង​ឲ្យ​ជៀស​វាង​ពី​ទង្វើ​និង​ពំនោល​បែប​ណា​ក៏​ដោយ ដែល​អាច​រារាំង​អ្នក​ឯ​ទៀត​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា មិន​ថា​ពួក​គេ​មក​ពី​មជ្ឈដ្ឋាន​និង​វណ្ណៈ​បែប​ណា​ក៏​ដោយ។ ក្នុង​ករណី​នេះ មិន​ជា​ការ​ចម្លែក​អ្វី​ឡើយ​ដែល​យើង​ត្រូវ​តែ​ប្រព្រឹត្ត​ដោយ​សម្លូត​និង​ចេះ​យោគ​យល់។ ជា​ឧទាហរណ៍ ពេល​ទៅ​ប្រទេស​ក្រៅ សាសនទូត​ដែល​ធ្លាប់​តែ​ពាក់​គ្រឿង​អលង្ការ​និង​លាប​ក្រែម​ថែម​ម្សៅ​ច្រើន គាត់​នឹង​សុខ​ចិត្ត​លះបង់​សិទ្ធិ​ធ្វើ​ដូច្នេះ​ដោយ​ឥត​តវ៉ា បើ​ដឹង​ថា​ទង្វើ​នោះ​អាច​បង្អាក់​ចិត្ត​ដល់​មនុស្ស​នៅ​ក្នុង​តំបន់ ដែល​ប្រហែល​ជា​ចាត់​ទុក​ការ​ប្រើ​ប្រាស​របស់​ទាំង​នោះ​ជា​ការ​ប្រាស​ចាក​សីលធម៌។—១កូ. ១០:៣១​-​៣៣

៨​. តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​យ៉ាង​ណា ក្នុង​ការ​ចាត់​ទុក​ខ្លួន​ជា​អ្នក​«តូច​ជាង​គេ»?

៨ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ក៏​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ចិត្ត​អំណួត​ដែរ។ ក្រោយ​ពួក​សាវ័ក​បាន​ឈ្លោះ​គ្នា​ស្តី​អំពី​នរណា​ក្នុង​ចំណោម​ពួក​គេ​ដែល​មាន​មុខ​មាត់​ធំ​ជាង​គេ ព្រះ​យេស៊ូ​បាន​យក​កូន​តូច​ម្នាក់​មក​ដាក់​នៅ​កណ្ដាល​ពួក​គេ។ រួច​មក ព្រះ​យេស៊ូ​ពន្យល់​ថា​៖ «អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​នេះ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ព្រោះ​អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ធំ​វិញ»។ (លូ. ៩:៤៨; ម៉ាក. ៩:៣៦) ស្រេច​ទៅ​លើ​ទំនោរ​ចិត្ត​របស់​យើង​រៀងៗ​ខ្លួន គឺ​ប្រហែល​ជា​ពិបាក​ណាស់​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​សម្លូត និង​ចាត់​ទុក​ខ្លួន​ជា​អ្នក​«តូច​ជាង​គេ»។ បាប​ឬ​ភាព​ខុស​ឆ្គង​ដែល​ឆ្លង​មក​ពី​អ័ដាម ព្រម​ទាំង​ចិត្ត​ធំ​ផង អាច​បណ្ដាល​ឲ្យ​យើង​មាន​ទំនោរ​ចិត្ត​ទោរ​ទន់​ទៅ​រក​មុខ​មាត់​ធំ​ដុំ។ ប៉ុន្តែ ចិត្ត​រាប​ទាប​វិញ នឹង​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​ដោយ​សម្លូត​និង​បន្ទន់​ចិត្ត។—រ៉ូម ១២:១០

៩​. តើ​ការ​ប្រព្រឹត្ត​ដោយ​សម្លូត​តម្រូវ​ឲ្យ​យើង​គិត​អំពី​អ្នក​ណា?

៩ ការ​ប្រព្រឹត្ត​ដោយ​សម្លូត​តម្រូវ​ឲ្យ​យើង​គិត​អំពី​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​អំណាច។ គ្រិស្ត​សាសនិក​ពិត​ទាំង​ឡាយ​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​ការ​ចុះ​ចូល​ចំពោះ​អ្នក​នាំ​មុខ។ សាវ័ក​ប៉ុល​បាន​ពន្យល់​ចំណុច​នេះ​យ៉ាង​ច្បាស់​លាស់ ពេល​គាត់​សរសេរ​សំបុត្រ​មួយ​ច្បាប់​ចំពោះ​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​កូរិនថូស។ ប៉ុល​សរសេរ​ថា​៖ «ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ​គ្រីស្ទ​ជា​សិរសា​[ឬ​អ្នក​«នាំ​មុខ»]​បុរស​ទាំង​អស់។ ឯ​បុរស​វិញ នោះ​ជា​ក្បាល​[ឬ​អ្នក​«នាំ​មុខ»]​ស្ត្រី ហើយ​សិរសា​[ឬ​អ្នក​«នាំ​មុខ»]​ព្រះ​គ្រីស្ទ គឺ​ជា​ព្រះ»។—១កូ. [១ករ.] ១១:៣; ខ.ស.

១០​. តើ​ការ​ប្រព្រឹត្ត​ដោយ​សម្លូត​ក្នុង​ការ​ចុះ​ចូល​ចំពោះ​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ណា?

១០ ពេល​យើង​ប្រព្រឹត្ត​ដោយ​សម្លូត​ក្នុង​ការ​ចុះ​ចូល​ចំពោះ​ព្រះ​យេហូវ៉ា នេះ​បង្ហាញ​ថា​យើង​ទុក​ចិត្ត​និង​ពឹង​ទៅ​លើ​ទ្រង់​ជា​បិតា​របស់​យើង​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ ព្រះ​យេហូវ៉ា​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់​ដែល​កើត​ឡើង ហើយ​ទ្រង់​អាច​ប្រទាន​ពរ​ដល់​យើង​ស្រប​ទៅ​តាម​ព្រឹត្ដិការណ៍​ទាំង​នោះ។ គប្បី​ឲ្យ​យើង​នឹក​ចាំ​ចំណុច​នេះ ជា​ពិសេស​ពេល​ដែល​អ្នក​ដទៃ​ប្រព្រឹត្ត​បែប​ឥត​ថ្លៃថ្នូរ​មក​លើ​យើង ឬ​ខឹង​និង​ប្រព្រឹត្ត​ដោយ​ច្រឡោត​ដាក់​យើង។ ប៉ុល​បាន​សរសេរ​ថា «បើ​សិន​ជា​បាន» នោះ​ចូរ​«នៅ​ជា​មេត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ!»។ រួច​មក ប៉ុល​បញ្ជាក់​ទៀត​ថា​៖ «ឱ​ពួក​ស្ងួនភ្ងា​អើយ! កុំ​ឲ្យ​សងសឹក​ឡើយ។ ចូរ​ថយ​ចេញ​ពី​សេចក្ដី​កំហឹង​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​៖ ‹ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា ការ​សងសឹក នោះ​ស្រេច​នឹង​អញ អញ​នឹង​សង​ដល់​គេ›»។—រ៉ូម ១២:១៨, ១៩

១១​. តើ​យើង​បង្ហាញ​យ៉ាង​ណា ថា​យើង​កំពុង​ប្រព្រឹត្ត​ដោយ​សម្លូត​ក្នុង​ការ​ចុះ​ចូល​ចំពោះ​ព្រះ​យេស៊ូ​គ្រិស្ត​ដែល​ជា​អ្នក​នាំ​មុខ?

១១ យើង​ក៏​ត្រូវ​ប្រព្រឹត្ត​ដោយ​សម្លូត​ក្នុង​ការ​ចុះ​ចូល​ចំពោះ​អ្នក​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​អំណាច ក្នុង​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក។ សៀវភៅ​វិវរណៈ ជំពូក​១ ពិពណ៌នា​អំពី​ព្រះ​យេស៊ូ​គ្រិស្ត​ថា ទ្រង់​មាន​«ផ្កាយ»​របស់​ពួក​ជំនុំ​ក្នុង​ព្រះ​ហស្ត​ឬ​ដៃ​ស្ដាំ​របស់​ទ្រង់។ (វិវរ. ១:១៦, ២០) ក្នុង​អត្ថន័យ​ទូលំទូលាយ «ផ្កាយ»​ទាំង​នេះ​តំណាង​ក្រុម​ពួក​អ្នក​ចាស់​ទុំ​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ​នីមួយៗ។ បុរស​ទាំង​នេះ​ដែល​បាន​តែងតាំង​ជា​អ្នក​ចាស់​ទុំ តែង​តែ​ប្រព្រឹត្ត​ដោយ​សម្លូត​ក្នុង​ការ​ចុះ​ចូល​ចំពោះ​ព្រះ​យេស៊ូ​គ្រិស្ត​ជា​អ្នក​នាំ​មុខ ហើយ​ពួក​គាត់​ក៏​ខំ​យក​តម្រាប់​តាម​ទ្រង់​ដោយ​មាន​ចិត្ត​ស្លូតបូត​ក្នុង​ការ​យោគ​យល់​ចំពោះ​អ្នក​ដទៃ។ សមាជិក​គ្រប់​រូប​ក្នុង​ក្រុម​ជំនុំ​នានា​ក៏​ចុះ​ចូល​ចំពោះ​«អ្នក​បំរើ​ស្មោះ​ត្រង់» ដែល​ព្រះ​យេស៊ូ​បាន​ចាត់​ចែង​ឲ្យ​ផ្ដល់​ការ​ណែនាំ​តាម​ត្រូវ​ពេល ដែល​ប្រៀប​ដូច​ជា​អាហារ។ (ម៉ាថ. ២៤:៤៥​-​៤៧) ពេល​យើង​យល់​ព្រម​ពិនិត្យ​មើល​និង​ធ្វើ​តាម​ការ​ណែនាំ​នេះ យើង​បង្ហាញ​ថា​យើង​កំពុង​ប្រព្រឹត្ត​ដោយ​សម្លូត​ក្នុង​ការ​ចុះ​ចូល​ចំពោះ​ព្រះ​យេស៊ូ​គ្រិស្ត​ដែល​ជា​អ្នក​នាំ​មុខ ហើយ​នេះ​ក៏​បណ្ដាល​ឲ្យ​មាន​មេត្រីភាព​និង​សាមគ្គី​ភាព​ផង​ដែរ។—រ៉ូម ១៤:១៣, ១៩

ចុះ​ចូល​ដោយ​សម្លូត ដល់​កម្រិត​ណា?

១២​. ម្ដេច​ក៏​ការ​ចុះ​ចូល​ដោយ​សម្លូត​អាច​មាន​កម្រិត?

១២ ការ​ចុះ​ចូល​ដោយ​សម្លូត​មិន​មាន​ន័យ​ថា យើង​សុខ​ចិត្ត​លះបង់​ជំនឿ​និង​ឈប់​ធ្វើ​តាម​គោលការណ៍​ល្អៗ​ក្នុង​គម្ពីរ​ឡើយ។ សូម​គិត​អំពី​ពួក​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម ពេល​អ្នក​ដឹក​នាំ​សាសនា​យូដា​បង្គាប់​ឲ្យ​ឈប់​ផ្សព្វផ្សាយ​អំពី​ព្រះ​យេស៊ូ។ តើ​ពួក​គាត់​បាន​ធ្វើ​យ៉ាង​ណា? ពេត្រុស​និង​សាវ័ក​ឯ​ទៀត​បាន​និយាយ​យ៉ាង​អង់អាច​ថា​៖ «[យើង]​ត្រូវ​តែ​ស្ដាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស»។ (កិច្ច. ៤:១៨​-​២០; ៥:​២៨, ២៩) ដូច្នេះ បើ​ពួក​អាជ្ញាធរ​ចង់​បញ្ឈប់​កិច្ចការ​ផ្សព្វផ្សាយ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ យើង​ប្រហែល​ជា​កែ​ប្រែ​វិធី​ផ្សព្វផ្សាយ​ដោយ​មិន​តវ៉ា​នឹង​ពួក​គេ។ ប៉ុន្តែ យើង​ច្បាស់​ជា​មិន​ឈប់​ផ្សព្វផ្សាយ​ឡើយ! ប្រសិន​បើ​ពួក​គេ​ដាក់​បម្រាម​លើ​កិច្ចការ​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ យើង​រក​វិធី​ផ្សេង​ទៀត​ដើម្បី​ជួប​មនុស្ស ហើយ​នៅ​តែ​បំពេញ​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​យើង។ ដូច​គ្នា​ដែរ បើ​ពួក​«រាជការ»​ដាក់​បម្រាម​លើ​កិច្ច​ប្រជុំ​របស់​យើង យើង​នៅ​តែ​ជួបជុំ​គ្នា​ដោយ​ប្រុង​ប្រយ័ត្ន​ជា​ក្រុម​តូចៗ​ទៅ​វិញ។—រ៉ូម ១៣:១; ហេ. ១០:២៤, ២៥

១៣​. តើ​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​ការ​ចុះ​ចូល​ដោយ​សម្លូត​ចំពោះ​ពួក​អ្នក​ដែល​មាន​អំណាច?

១៣ ពេល​ថ្លែង​ធម្មទាន​នៅ​លើ​ភ្នំ ព្រះ​យេស៊ូ​បាន​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ចុះ​ចូល​ដោយ​សម្លូត​ចំពោះ​ពួក​អ្នក​ដែល​មាន​អំណាច។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «បើ​អ្នក​ណា​ប្ដឹង​ចង់​យក​អាវ​ខ្លី​របស់​អ្នក នោះ​ត្រូវ​បើក​ឲ្យ​គេ​យក​ទាំង​អាវ​វែង​ផង។ បើ​អ្នក​ណា​បង្ខំ​ឲ្យ​អ្នក​ទៅ​អស់​១​យោជន៍ នោះ​ចូរ​ទៅ​ជា​មួយ​នឹង​គេ​ដល់​២​យោជន៍​ផង»។ (ម៉ាថ. ៥:​៤០, ៤១) ពេល​យើង​ចេះ​យោគ​យល់​និង​ចង់​ជួយ​អ្នក​ដទៃ នេះ​ក៏​ជំរុញ​ចិត្ត​យើង​ឲ្យ​ដុត​ដៃ​ដុត​ជើង​ផង។—១កូ. ១៣:៥; ទីត. ៣:១, ២

១៤​. ម្ដេច​ក៏​យើង​មិន​បន្ទន់​ចិត្ត​ទាល់តែ​សោះ​ចំពោះ​អ្នក​ក្បត់​ជំនឿ?

១៤ គប្បី​ណាស់​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​សម្លូត​មែន! ប៉ុន្តែ ក្នុង​ករណី​ដែល​ទាក់ទង​នឹង​អ្នក​ក្បត់​ជំនឿ យើង​មិន​ព្រម​បន្ទន់​ចិត្ត​ទាល់តែ​សោះ។ យើង​ត្រូវ​តែ​មាន​ចិត្ត​រឹងប៊ឹង ហើយ​ម៉ឺងម៉ាត់​ផង ដើម្បី​ថែរក្សា​ជំនឿ​ពិត​របស់​យើង​ឲ្យ​មាន​ភាព​បរិសុទ្ធ និង​ការពារ​សាមគ្គី​ភាព​ដែល​យើង​មាន​ក្នុង​ក្រុម​ជំនុំ។ ប៉ុល​បាន​សរសេរ​អំពី​«បង​ប្អូន​ក្លែង​ក្លាយ»​ថា​៖ «យើង​ខ្ញុំ​មិន​ព្រម​ចុះ​ចូល​នឹង​ពួក​នោះ សូម្បី​តែ​១​ភ្លែត​ផង ដើម្បី​ឲ្យ​សេចក្ដី​ពិត​របស់​ដំណឹង​ល្អ​បាន​នៅ​ស្ថិតស្ថេរ​ជាប់​នឹង​អ្នក​រាល់​គ្នា»។ (កា. ២:៤, ៥) យូរៗ​ម្ដង ពេល​អ្នក​ក្បត់​ជំនឿ​ផ្សាយ​មតិ​របស់​ពួក​គេ គ្រិស្ត​សាសនិក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត នៅ​តែ​កាន់​ជំហរ​រឹង​មាំ​ចំពោះ​សេចក្ដី​ពិត។

គប្បី​ឲ្យ​អ្នក​ចាស់​ទុំ​មាន​ចិត្ត​ស្លូតបូត

១៥​. ពេល​ក្រុម​អ្នក​ចាស់​ទុំ​ប្រជុំ​គ្នា តើ​ពួក​គាត់​អាច​ប្រព្រឹត្ត​ដោយ​សម្លូត​យ៉ាង​ដូច​ម្ដេច?

១៥ លក្ខណៈ​សំខាន់​មួយ​ដែល​បុរស​ត្រូវ​មាន ទើប​អាច​ទទួល​ភារកិច្ច​ជា​អ្នក​ត្រួត​ពិនិត្យ​ឬ​អ្នក​ចាស់​ទុំ គឺ​ចិត្ត​ស្លូតបូត​ដែល​សុខ​ចិត្ត​លះបង់​សិទ្ធិ​របស់​ខ្លួន។ ប៉ុល​បាន​សរសេរ​ថា​៖ «ត្រូវ​ឲ្យ​អ្នក​ត្រួតត្រា . . . មាន​ចិត្ត​ស្លូតបូត»។ (១ធី. ៣:២, ៣) នេះ​គឺ​សំខាន់​ណាស់ ពេល​ក្រុម​អ្នក​ចាស់​ទុំ​ជួបជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​រឿង​ទាក់ទង​នឹង​ក្រុម​ជំនុំ។ មុន​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ ពួក​គាត់​ម្នាក់ៗ​មាន​សិទ្ធិ​ប្រាប់​ដោយ​ឥត​លាក់​លៀម​អំពី​ទស្សនៈ​របស់​ខ្លួន។ យ៉ាង​ណា​ក៏​ដោយ មិន​ចាំបាច់​ឲ្យ​គ្រប់​គ្នា​បញ្ចេញ​មតិ​របស់​ខ្លួន​ឡើយ។ ពេល​ឮ​ទស្សនៈ​របស់​អ្នក​ចាស់​ទុំ​ឯ​ទៀត ដែល​ប្រហែល​ជា​លើក​គោលការណ៍​ផ្សេងៗ​ពី​គម្ពីរ អ្នក​ចាស់​ទុំ​ខ្លះៗ​ក៏​ប្រហែល​ជា​ប្ដូរ​គំនិត​ដែរ។ ជា​ជាង​ប្រកាន់​យក​គំនិត​របស់​ខ្លួន អ្នក​ដែល​មាន​គំនិត​ចាស់​ទុំ​រមែង​ប្រព្រឹត្ត​ដោយ​សម្លូត ព្រម​ទាំង​សុខ​ចិត្ត​ធ្វើ​តាម​គំនិត​របស់​អ្នក​ចាស់​ទុំ​ឯ​ទៀត​ដោយ​ឥត​តវ៉ា។ កាល​ដំបូង ប្រហែល​ជា​អ្នក​ចាស់​ទុំ​ម្នាក់ៗ​មាន​ទស្សនៈ​ខុសៗ​គ្នា ប៉ុន្តែ​ការ​អធិដ្ឋាន​និង​ការ​រំពឹង​គិត​ជំរុញ​ឲ្យ​អ្នក​ចាស់​ទុំ​ដែល​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​ស្លូតបូត​រួម​គំនិត​នឹង​គ្នា​ទៅ​វិញ។—១កូ. ១:១០; សូម​អាន អេភេសូរ ៤:១​-​៣

១៦​. តើ​គប្បី​ឲ្យ​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​ចាស់​ទុំ​មាន​ស្មារតី​បែប​ណា?

១៦ គប្បី​ឲ្យ​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​ចាស់​ទុំ​ព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​ករណី​ទាំង​អស់។ សូម្បី​តែ​ពេល​ដែល​គាត់​បំពេញ​ភារកិច្ច​ប្រៀប​ដូច​ជា​អ្នក​ឃ្វាល​ចៀម ដោយ​ទៅ​ជួប​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ដើម្បី​លើក​ទឹក​ចិត្ត​និង​ផ្ដល់​ឱវាទ​ឲ្យ​ពួក​គេ នោះ​ស្មារតី​ចង់​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ក៏​នឹង​ជួយ​ពួក​គាត់​ឲ្យ​ប្រព្រឹត្ត​ដោយ​សម្លូត​និង​យោគ​យល់​ដែរ។ ពេត្រុស​បាន​សរសេរ​ថា​៖ «ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ចុះ! ទាំង​គ្រប់​គ្រង​ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ​ទេ ក៏​មិន​មែន​ដោយ​ចង់​បាន​កំរៃ​ដែរ គឺ​ដោយ​គាប់​ចិត្ត​វិញ»។—១ពេ. ៥:២

១៧​. តើ​បង​ប្អូន​គ្រប់​រូប​ក្នុង​ក្រុម​ជំនុំ​អាច​ប្រព្រឹត្ត​ចំពោះ​គ្នា​និង​គ្នា​ដោយ​សម្លូត​យ៉ាង​ដូច​ម្ដេច?

១៧ បង​ប្អូន​ចាស់ៗ​ក្នុង​ក្រុម​ជំនុំ​តែង​តែ​អបអរ​ចំពោះ​អ្នក​មាន​វ័យ​ក្មេង​ជាង ដែល​ផ្ដល់​ជំនួយ​ល្អៗ។ ដូច្នេះ បងៗ​តែង​តែ​ប្រព្រឹត្ត​លើ​ប្អូន​ទាំង​នោះ​ដោយ​ថ្លៃថ្នូរ។ ដូច​គ្នា​ដែរ ប្អូនៗ​យុវ​វ័យ​តែង​តែ​គោរព​បងៗ​ដែល​មាន​ចំណាស់​និង​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ (១ធី. ៥:១, ២) អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុរស​ទាំង​ឡាយ​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ទទួល​ភារកិច្ច​បន្ថែម​ទៀត។ ពួក​អ្នក​ចាស់​ទុំ​ក៏​បង្ហាត់​បង្រៀន​បុរស​ទាំង​នោះ​ឲ្យ​ចេះ​ថែរក្សា​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែល​ប្រៀប​ដូច​ជា​ហ្វូង​ចៀម​របស់​ព្រះ។ (២ធី. ២:១, ២) គប្បី​ឲ្យ​គ្រិស្ត​សាសនិក​ម្នាក់ៗ​យក​ចិត្ត​ទុក​ដាក់​នឹង​ឱវាទ​ដែល​ព្រះ​យេហូវ៉ា​ជូន​តាម​រយៈ​ប៉ុល​ថា​៖ «ចូរ​ស្ដាប់​តាម ហើយ​ចុះ​ចូល​[ដោយ​ចិត្ត​ស្លូតបូត]​នឹង​ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ! ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ថែរក្សា​ព្រលឹង​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ​នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ ពីព្រោះ​អ្នក​ទាំង​នោះ​ថែរក្សា ហាក់​ដូច​ជា​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ទ្រង់​វិញ»។—ហេ. ១៣:១៧

ប្រព្រឹត្ត​ដោយ​សម្លូត​ក្នុង​រង្វង់​គ្រួសារ

១៨​. ម្ដេច​ក៏​គប្បី​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​សម្លូត​ក្នុង​រង្វង់​គ្រួសារ?

១៨ គប្បី​ណាស់​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​សម្លូត​ក្នុង​រង្វង់​គ្រួសារ​ដែរ។ (សូម​អាន កូល៉ុស ៣:១៨​-​២១) គម្ពីរ​រៀប​រាប់​អំពី​តួ​នាទី​នៃ​សមាជិក​ម្នាក់ៗ​ក្នុង​រង្វង់​គ្រួសារ​ដែល​ជា​គ្រិស្ត​សាសនិក។ ស្វាមី​ជា​មេ​គ្រួសារ ដូច្នេះ​គាត់​ជា​អ្នក​នាំ​មុខ​ភរិយា ហើយ​គាត់​ក៏​មាន​ភារកិច្ច​សំខាន់​ចម្បង​ក្នុង​ការ​ណែនាំ​កូន។ ភរិយា​គួរ​តែ​ចុះ​ចូល​ចំពោះ​ស្វាមី ហើយ​កូនៗ​ក៏​គួរ​ស្ដាប់​បង្គាប់​មាតា​បិតា ពីព្រោះ​លោក​ម្ចាស់​របស់​យើង​ស្រឡាញ់​បុត្រ​ធីតា​ដែល​ធ្វើ​ដូច្នោះ។ ពេល​សមាជិក​ម្នាក់ៗ​ក្នុង​រង្វង់​គ្រួសារ​ប្រព្រឹត្ត​ដោយ​សម្លូត​យ៉ាង​ត្រឹម​ត្រូវ ហើយ​ស្រប​ទៅ​តាម​កាលៈទេសៈ នេះ​បណ្ដាល​ឲ្យ​មាន​ភាព​សុខសាន្ត​និង​សាមគ្គី​ភាព។ មាន​ឧទាហរណ៍​ខ្លះៗ​ក្នុង​គម្ពីរ​ដែល​បញ្ជាក់​ពី​ចំណុច​នេះ។

១៩, ២០​. (ក) ក្នុង​ការ​បង្ហាញ​ចិត្ត​ស្លូតបូត តើ​ព្រះ​យេហូវ៉ា​និង​អេលី​បាន​ប្រព្រឹត្ត​ខុស​គ្នា​យ៉ាង​ណា? (ខ) តើ​មាតា​បិតា​ទាំង​ឡាយ​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​អេលី?

១៩ ពេល​សាំយូអែល​នៅ​ក្មេង លោក​អេលីជាស​ម្ដេច​សង្ឃ​នៅ​ស្រុក​អ៊ីស្រាអែល។ ប៉ុន្តែ កូន​របស់​អេលី ឈ្មោះ​ហុបនី​និង​ភីនេហាស ជា​«មនុស្ស​គំរក់​អាក្រក់»​ដែល​«ឥត​ស្គាល់​[ឬ​ឥត​គោរព]​ដល់​ព្រះ​យេហូវ៉ា​ទេ»។ អេលី​ធ្លាប់​ឮ​ប៉ុន្មាន​ដង​រួច​ហើយ​ថា កូន​ទាំង​ពីរ​នាក់​របស់​គាត់​កំពុង​ធ្វើ​អំពើ​អាក្រក់ រួម​ទាំង​មាន​ការ​ប្រព្រឹត្ត​ដែល​ប្រាស​ចាក​សីលធម៌​ផង ដោយ​រួម​ដំណេក​ជា​មួយ​នឹង​ពួក​ស្រីៗ​ដែល​ធ្វើ​ការ​ងារ​នៅ​មាត់​ទ្វារ​ត្រ​សាល​ជំនុំ។ តើ​អេលី​បាន​ធ្វើ​យ៉ាង​ណា? អេលី​ប្រាប់​កូន​ទាំង​ពីរ​ថា ប្រសិន​បើ​ពួក​គេ​ធ្វើ​បាប​នឹង​ព្រះ​យេហូវ៉ា នោះ​គ្មាន​អ្នក​ណា​នឹង​ជួយ​អង្វរ​ទ្រង់​ជំនួស​ពួក​គេ​ឡើយ។ ប៉ុន្តែ អេលី​នៅ​តែ​មិន​កែ​តម្រង់​កូន​ដោយ​ប្រៀនប្រដៅ​ពួក​គេ​ទេ។ ជា​លទ្ធផល កូន​របស់​អេលី​ចេះ​តែ​ធ្វើ​អំពើ​អាក្រក់​ត​ទៅ​ទៀត។ នៅ​ទីបំផុត ព្រះ​យេហូវ៉ា​បាន​កាត់​ទោស​ដោយ​យុត្ដិធម៌​ថា កូន​ទាំង​ពីរ​នាក់​របស់​អេលី​ត្រូវ​តែ​ស្លាប់។ ពេល​អេលី​ឮ​ដំណឹង​ថា កូន​ទាំង​ពីរ​បាន​ស្លាប់​ហើយ នោះ​គាត់​ក៏​ដាច់​ខ្យល់​ស្លាប់​ភ្លាម។ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់! ដោយ​សារ​អេលី​ស្លូត​ពេក និង​បណ្ដោយ​កូន​ដោយ​ឥត​តវ៉ា នោះ​គាត់​មាន​កំហុស​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។—១សាំ. ២:១២​-​១៧, ២២​-​២៥, ៣៤, ៣៥; ៤:​១៧, ១៨

២០ ផ្ទុយ​ទៅ​វិញ សូម​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រាស្រ័យ​ទាក់​ទង​នឹង​ពួក​ទេវតា​ជា​បុត្រ​របស់​ទ្រង់។ លោក​មីកាយ៉ា​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា ហើយ​គាត់​មាន​ឯកសិទ្ធិ​ឃើញ​ក្នុង​គំនិត​នូវ​កិច្ច​ប្រជុំ​មួយ​រវាង​ព្រះ​យេហូវ៉ា​និង​បណ្ដា​ទេវតា​របស់​ទ្រង់។ ព្រះ​យេហូវ៉ា​បាន​សួរ​ទេវតា​ទាំង​ឡាយ​ថា តើ​មួយ​ណា​អាច​បបួល​ស្តេច​អ័ហាប់​ឲ្យ​ធ្វើ​អ្វី​ដែល​នឹង​នាំ​ឲ្យ​ស្តេច​អាក្រក់​នោះ​ដួល​ស្លាប់? ក្រោយ​ព្រះ​យេហូវ៉ា​បាន​ស្ដាប់​យោបល់​របស់​ទេវតា​មួយ​ចំនួន ទេវតា​មួយ​រូប​សូម​សម្រេច​ការ​ឲ្យ។ ដូច្នេះ ព្រះ​យេហូវ៉ា​សួរ​ទេវតា​នោះ​ថា តើ​គាត់​នឹង​ធ្វើ​យ៉ាង​ណា​ទៅ? ដោយសារ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ផែនការ​របស់​ទេវតា​នោះ ទ្រង់​ក៏​ចាត់​គាត់​ទៅ។ (១ពង្ស. ២២:១៩​-​២៣) ក្នុង​នាម​ជា​សមាជិក​ក្រុម​គ្រួសារ កំណត់​ហេតុ​មួយ​នេះ​ផ្ដល់​មេ​រៀន​ដែល​យើង​ម្នាក់ៗ​អាច​ធ្វើ​តាម​ដែរ មែន​ទេ? មុន​ដំបូង ចំពោះ​គ្រិស្ត​សាសនិក​ដែល​ជា​ស្វាមី​និង​មាន​កូន​ផង គប្បី​ឲ្យ​គាត់​ស្ដាប់​ទស្សនៈ​របស់​ភរិយា​និង​បុត្រ​ធីតា ហើយ​ទទួល​ស្គាល់​គំនិត​របស់​ពួក​គេ។ រីឯ​ភរិយា​និង​កូន​វិញ គប្បី​ឲ្យ​ពួក​គេ​ចាំ​ថា បើ​ពួក​គេ​បាន​ជូន​យោបល់​និង​ប្រាប់​ពី​ទស្សនៈ​របស់​ខ្លួន​រួច​ហើយ ប្រហែល​ជា​ពួក​គេ​ត្រូវ​តែ​ចុះ​ចូល​ដោយ​សម្លូត​ចំពោះ​មេ​គ្រួសារ ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​សិទ្ធិ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត។

២១​. តើ​អត្ថបទ​បន្ទាប់​នឹង​បង្ហាញ​អំពី​អ្វី?

២១ យើង​ពិត​ជា​មាន​អំណរ​គុណ​ណាស់! ចំពោះ​ព្រះ​យេហូវ៉ា​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ជួយ​រំលឹក​យើង​ពី​សារៈ​ប្រយោជន៍​ដែល​មក​ពី​ការ​ប្រព្រឹត្ត​ដោយ​សម្លូត។ (ទំនុក. ១១៩:៩៩) អត្ថបទ​បន្ទាប់​នឹង​បង្ហាញ​អំពី​របៀប​ដែល​ការ​ប្រព្រឹត្ត​ដោយ​សម្លូត​តាម​កាលៈទេសៈ​នាំ​ឲ្យ​ស្វាមី​ភរិយា​មាន​អំណរ។

[កំណត់​សម្គាល់]

a តាម​ការ​ពិត ពិបាក​រក​ពាក្យ​តែ​មួយ​ម៉ាត់​គត់​ដែល​មាន​អត្ថន័យ​ស្មើ​នឹង​ពាក្យ​ភាសា​ដើម​ដែល​សាវ័ក​ប៉ុល​ប្រើ។ ឯកសារ​យោង​មួយ​ច្បាប់​បកស្រាយ​ន័យ​ពាក្យ​ភាសា​ដើម​ថា​៖ «ទាក់​ទង​នឹង​ការ​សុខ​ចិត្ត​លះបង់​សិទ្ធិ​របស់​ខ្លួន ដោយ​បន្ទន់​ចិត្ត​និង​បង្ហាញ​ចិត្ត​ស្លូត»។ ដូច្នេះ ពាក្យ​ភាសា​ដើម​សំដៅ​ទៅ​លើ​ការ​ចេះ​យោគ​យល់​និង​ការ​បន្ទន់​ខ្លួន ដូច​ពាក្យ​«ស្លូត»​ដែល​វចនានុក្រម​ខ្មែរ​ពន្យល់​ថា «ស៊ូ​តែ​ទទួល​ខុស មិន​តវ៉ា»។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ការ​ប្រព្រឹត្ត​ដោយ​សម្លូត​អាច​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​អ្វី​ខ្លះ?

• តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ប្រព្រឹត្ត​ដោយ​សម្លូត​យ៉ាង​ដូច​ម្ដេច?

• ហេតុ​អ្វី​ចិត្ត​ស្លូតបូត​ក្នុង​រង្វង់​គ្រួសារ​សំខាន់​ម្ល៉េះ?

[រូបភាព​នៅ​ទំព័រ​៨]

ពួក​អ្នក​ចាស់​ទុំ​បង្ហាញ​ចិត្ត​ស្លូតបូត ស្រប​ទៅ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​គ្រិស្ត

[រូបភាព​នៅ​ទំព័រ​៩]

ពេល​ក្រុម​អ្នក​ចាស់​ទុំ​ជួបជុំ​គ្នា ការ​អធិដ្ឋាន ការ​រំពឹង​គិត​និង​ចិត្ត​ស្លូតបូត នាំ​ឲ្យ​ពួក​គាត់​មាន​គំនិត​តែ​មួយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក