បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកអាចស៊ូទ្រាំរហូតដល់ទីបញ្ចប់
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ មករា
    • ១០ នៅ​ក្នុង​ការ​ប្រណាំង​ចំពោះ​ជីវិត ដែល​ពួក​គ្រីស្ទាន​បាន​ចូល តើ​នរណា​ជា​ពួក​អ្នក​ទស្សនា​មើល​នោះ? ក្រោយ​ពី​បាន​រាប់​បញ្ចូល​ពួក​ស្មរបន្ទាល់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​មុន​សម័យ​គ្រីស្ទាន ដូច​បាន​កត់​ទុក​នៅ​ហេព្រើរ ១១ ជំពូកទី​១១ នោះ​ប៉ុល​បាន​សរសេរ​ថា៖ «ដូច្នេះ ដែល​មាន​ស្មរបន្ទាល់​១​ហ្វូង​ធំ​ម្ល៉េះ[ដូច​ពពក, ព.ថ.]នៅ​ព័ទ្ធ​ជុំ​វិញ​យើង . . . ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់[ការ​ស៊ូ​ទ្រាំ, ព.ថ.]»។ (ហេព្រើរ ១២:១) ដោយ​ប្រើ​ពពក​ជា​ពាក្យ​ប្រៀប​ធៀប នោះ​ប៉ុល​មិន​បាន​ប្រើ​ពាក្យ​ក្រិក ដែល​រៀប​រាប់​ពពក​មាន​ទម្រង់​និង​រូប​រាង​ជាក់​លាក់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ប្រើ​ពាក្យ​មួយ​ដែល​យោង​ទៅ​តាម​លោក​វ៉ាញ ដែល​ជា​អ្នក​រៀបចំ​សទ្ទានុក្រម «នៅ​ព័ទ្ធ​ជុំ​វិញ​ផ្ទៃ​មេឃ បង្ហាញ​នូវ​ទ្រង់​ទ្រាយ​ធំ​ដែល​ជា​ពពក​ដែល​ឥត​មាន​រូប​រាង»។ យ៉ាង​ច្បាស់​ណាស់ ប៉ុល​បាន​ចង់​និយាយ​អំពី​ស្មរបន្ទាល់​មួយ​ហ្វូង​ធំ ដែល​មាន​គ្នា​ច្រើន​ដល់​ម្ល៉េះ ដែល​ពួក​គេ​ហាក់​ដូច​ជា​មាន​ទ្រង់​ទ្រាយ​ជា​ពពក​មួយ។

      ១១, ១២. (ក) តើ​ពួក​ស្មរបន្ទាល់​ដ៏​ស្មោះ​ត្រង់​មុន​សម័យ​គ្រីស្ទាន​អាច​លើក​ទឹក​ចិត្ត ឲ្យ​រត់​ក្នុង​ការ​ប្រណាំង​ដោយ​ការ​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​យើង​ប្រហែល​ជា​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ទៀត​ពី‹ពួក​ស្មរបន្ទាល់​ដូច​ពពក​ធំ›យ៉ាង​ដូច​ម្ដេច?

      ១១ តើ​ពួក​ស្មរបន្ទាល់​ដ៏​ស្មោះ​ត្រង់​មុន​សម័យ​គ្រីស្ទាន អាច​ជា​ពួក​ទស្សនា​មែន​ទែន​នៅ​សម័យ​នេះ​បាន​ឬ​ទេ? គឺ​អត់​ទាល់​តែ​សោះ។ ពួក​គេ​គ្រប់​គ្នា​គឺ​កំពុង​តែ​ដេក​នៅ​ក្នុង​សេចក្ដី​ស្លាប់ រង់​ចាំ​នូវ​ដំណើរ​រស់​ឡើង​វិញ។ ក៏​ប៉ុន្តែ​ពួក​គេ​ផ្ទាល់ កាល​ដែល​នៅ​រស់​គឺ​ជា​ពួក​អ្នក​រត់​ដែល​មាន​ជោគ​ជ័យ ហើយ​គំរូ​របស់​គេ​គឺ​នៅ​មាន​ក្នុង​ព្រះ​គម្ពីរ។ កាល​ដែល​យើង​សិក្សាបទគម្ពីរ ពួក​អ្នក​ស្មោះ​ត្រង់​ទាំង​នេះ​គឺ​អាច​ឃើញ​រស់​រវើក​នៅ​ក្នុង​គំនិត​របស់​យើង ហើយ​លើក​ទឹក​ចិត្ត​យើង បើ​និយាយ​ជា​អត្ថបដិរូប ឲ្យ​រត់​ក្នុង​ការ​ប្រណាំង​ដល់​ទី​បញ្ចប់។—រ៉ូម ១៥:៤a

      ១២ ជា​ឧទាហរណ៍ នៅ​ពេល​កាលៈទេសៈ​ដ៏​គួរ​ខាង​លោកីយ៍​នេះ​ល្បួង​យើង តើ​ការ​ពិនិត្យ​មើល​នូវ​របៀប​ដែល​ម៉ូសេ​បាន​បដិសេធ​ចោល​ភាព​រុង​រឿង ក្នុង​ប្រទេស​អេស៊ីប មិន​ជួយ​យើង​ឲ្យ​រក្សា​នៅ​លើ​ផ្លូវ​នោះ​ទេ​ឬ​អ្វី? ប្រសិន​បើ​សេចក្ដី​ទុក្ខ​លំបាក​មួយ​ដែល​ប្រឈម​មុខ​យើង​ហាក់​ដូច​ខ្លាំង ការ​នឹក​ចាំ​នូវ​ការ​ល្បង​ល​ដ៏​ពិបាក ដែល​អ័ប្រាហាំ​បាន​ប្រឈម​មុខ​នោះ នៅ​ពេល​ដែល​លោក​បាន​ត្រូវ​ឲ្យ​បូជា​កូន​ប្រុស​របស់​លោក​ឈ្មោះ​អ៊ីសាក នឹង​ប្រាកដ​ជា​លើក​ទឹក​ចិត្ត​យើង​កុំ​ឲ្យ​ចុះ​ចាញ់​នឹង​ការ​ប្រណាំង​នៃ​ជំនឿ​ហើយ។ ដល់​កំរិត​ណា​ដែល‹ពពក​ដ៏​ធំ›នៃ​ស្មរបន្ទាល់​ទាំង​នេះ​អាច​ជំរុញ​ទឹក​ចិត្ត​យើង នោះ​គឺ​ពឹង​ពាក់​ទៅ​លើ​របៀប​ដែល​យើង​ឃើញ​គេ​យ៉ាង​ច្បាស់​បែប​ណា​ក្នុង​ភ្នែក​ចិត្ត​របស់​យើង។

      ១៣. តើ​តាម​វិធី​ណា​ដែល​ពួក​ស្មរបន្ទាល់​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​ទំនើប​នេះ លើក​ទឹក​ចិត្ត​យើង​ក្នុង​ការ​ប្រណាំង​ចំពោះ​ជីវិត​នោះ?

      ១៣ យើង​ក៏​បាន​ត្រូវ​ព័ទ្ធ​ជុំ​វិញ​ដោយ​ស្មរបន្ទាល់ ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​ទំនើប​នេះ​ដែរ។ គឺ​ជា​គំរូ​ដ៏​ប្រសើរ​នៃ​ជំនឿ ដែល​បាន​ទុក​ដោយ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ព្រម​ទាំង​ពួក​បុរស​និង​ស្ត្រី​ពី«ហ្វូង​ធំ»! (វិវរណៈ ៧:៩) ពី​ពេល​មួយ​ទៅ​ពេល​មួយ យើង​អាច​អាន​អំពី​ជីវិត​របស់​គេ​នៅ​ក្នុង​ទស្សនាវដ្ដី​នេះ និង​ប្រកាសនវត្ថុ​ប៉ម​យាម​ផ្សេង​ៗ​ទៀត។b កាល​ដែល​យើង​ពិនិត្យ​មើល​ជំនឿ​របស់​គេ នោះ​យើង​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់។ ហើយ​គឺ​ជា​អស្ចារ្យ​មែន​ដោយ​មាន​ការ​គាំទ្រ​ពី​មិត្ត​ជិត​ស្និទ្ធ​និង​សាច់​ញាតិ ដែល​ខ្លួន​គេ​ក៏​បំរើ​យ៉ាង​ស្មោះ​ត្រង់​ដល់​ព្រះ​យេហូវ៉ា​នោះ! ត្រូវ​ហើយ យើង​មាន​មនុស្ស​ជា​ច្រើន​ដើម្បី​ជំរុញ​ទឹក​ចិត្ត​យើង​នៅ​ក្នុង​ការ​ប្រណាំង​ចំពោះ​ជីវិត។

      រៀបចំ​ល្បឿន​របស់​អ្នក​ដោយ​ប្រាជ្ញា

      ១៤, ១៥. (ក) ហេតុ​អ្វី​ក៏​សំខាន់​ក្នុង​ការ​រៀបចំ​ល្បឿន​របស់​យើង​ដោយ​ប្រាជ្ញា? (ខ) ហេតុ​អ្វី​ក៏​យើង​គួរ​មាន​ចិត្ត​សម​ហេតុ​ផល​ក្នុង​ការ​រៀបចំ​គោល​ដៅ?

      ១៤ នៅ​ពេល​រត់​ក្នុង​ការ​ប្រណាំង​មួយ​ដ៏​យូរ ដូច​ជា​ការ​រត់​ប្រណាំង​ឆ្ងាយ នោះ​អ្នក​រត់​ត្រូវ​តែ​រៀបចំ​ល្បឿន​របស់​គាត់​ដោយ​ប្រាជ្ញា។ ទស្សនាវដ្ដី​ឈ្មោះ​អ្នក​រត់​នៅ​ទី​ក្រុង​ញូវយ៉ក ចែង​ថា៖ «ការ​ចាប់​ផ្ដើម​ប្រណាំង​ដោយ​លឿន​ពេក នោះ​អ្នក​ប្រហែល​ជា​ទទួល​បរាជ័យ​ជា​លទ្ធផល។ លទ្ធផល​ដែល​ប្រហែល​ជា​មាន គឺ​ការ​ខំ​ទាំង​វេទនា​ក្នុង​រយៈ​ប្រាំ​ឬ​ប្រាំ​ពីរ​គីឡូ​ម៉ែត្រ​នៅ​ចុង​ក្រោយ ឬ​ក៏​ដក​ខ្លួន​ចេញ»។ អ្នក​រត់​ការ​ប្រណាំង​ឆ្ងាយ​ម្នាក់​នឹក​ចាំ​ថា៖ «អ្នក​និយាយ​ម្នាក់​នៅ​ឯ​សន្និសីទ​មួយ​ដែល​ខ្ញុំ​បាន​ទៅ ក្នុង​ការ​រៀបចំ​សំរាប់​ការ​ប្រណាំង បាន​ព្រមាន​យ៉ាង​ច្បាស់​ថា៖ ‹ចូរ​កុំ​ដេញ​តាម​ពួក​អ្នក​ដែល​រត់​លឿន​ជាង​ឲ្យ​សោះ។ ចូរ​រត់​តាម​ល្បឿន​របស់​អ្នក។ បើ​មិន​អ៊ីចឹង​ទេ នោះ​អ្នក​នឹង​អស់​កម្លាំង ហើយ​ប្រហែល​ជា​ដក​ខ្លួន​ចេញ​ពី​ការ​ប្រណាំង​ផង›។ ការ​ធ្វើ​តាម​ឱវាទ​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​បញ្ចប់​ការ​ប្រណាំង​នេះ»។

      ១៥ នៅ​ក្នុង​ការ​ប្រណាំង​ចំពោះ​ជីវិត នោះ​ពួក​អ្នក​បំរើ​របស់​ព្រះ​ត្រូវ​ខិត​ខំ​ឲ្យ​បាន​ខ្លាំង​ក្លា។ (លូកា ១៣:២៤) ក៏​ប៉ុន្តែ យ៉ាកុបជា​សិស្ស​ម្នាក់​បាន​សរសេរ​ថា៖ ‹ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​គឺ​សម​ហេតុ​ផល›។ (យ៉ាកុប ៣:១៧) ថ្វី​បើ​គំរូ​ដ៏​ល្អ​ពី​អ្នក​ដទៃ​ប្រហែល​ជា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​ច្រើន​ជាង​ទៀត តែ​ភាព​សម​ហេតុ​ផល​នឹង​ជួយ​យើង​ឲ្យ​រៀបចំ​គោល​ដៅ​ដែល​សមរម្យ សម​ស្រប​នឹង​សមត្ថភាព​និង​កាលៈទេសៈ​របស់​យើង។ បទគម្ពីរ​រំឭក​យើង​ថា៖ «ចូរ​ឲ្យ​គ្រប់​គ្នា​ល្បង​ល​ការ ដែល​ធ្វើ​រៀង​ៗ​ខ្លួន នោះ​នឹង​មាន​សេចក្ដី​អំនួត​ចំពោះ​តែ​ខ្លួន​ឯង មិន​មែន​ចំពោះ​អ្នក​ណា​ទៀត​ទេ ដ្បិត​គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន»។—កាឡាទី ៦:៤, ៥

      ១៦. តើ​សេចក្ដី​សុភាព​ជួយ​យើង​ឲ្យ​រៀបចំ​ល្បឿន​របស់​យើង​យ៉ាង​ដូច​ម្ដេច?

      ១៦ នៅ​មីកា ៦:៨ យើង​បាន​ត្រូវ​សួរ​នូវ​សំនួរ​ដែល​ធ្វើ​ឲ្យ​គិត​នេះ​ថា៖ «តើ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្ដេច បើ​មិន​មែន​ឲ្យ . . . ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប​ទាប​ប៉ុណ្ណោះ»? សេចក្ដី​សុភាព​រួម​បញ្ចូល​នឹង​ការ​ដឹង​អំពី​កំរិត​របស់​យើង។ តើ​សុខភាព​មិន​ល្អ​ឬ​អាយុ​ចាស់ បាន​ដាក់​កំរិត​លើ​អ្វី​ដែល​យើង​អាច​ធ្វើ​ក្នុង​កិច្ច​បំរើ​របស់​ព្រះ​ឬ​ទេ? សូម​កុំ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ ព្រះ​យេហូវ៉ា​ព្រម​ទទួល​នូវ​ការ​ខំ​ប្រឹង​និង​ពលិកម្ម​របស់​យើង ‹យោង​ទៅ​តាម​អ្វី​ដែល​យើង​មាន មិន​យោង​ទៅ​តាម​អ្វី​ដែល​យើង​មិន​មាន​នោះ​ទេ›។—កូរិនថូស​ទី​២ ៨:១២; ប្រៀប​មើល លូកា ២១:១​-​៤

  • អ្នកអាចស៊ូទ្រាំរហូតដល់ទីបញ្ចប់
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ មករា
    • កាល​ដែល​ទី​បញ្ចប់​កាន់​តែ​ជិត​ដល់​ហើយ

      ២០. តើ​ការ​ប្រណាំង​ចំពោះ​ជីវិត​ប្រហែល​ជា​ពិបាក​ខ្លាំង​យ៉ាង​ណា កាល​ដែល​ទី​បញ្ចប់​ជិត​ដល់​ហើយ​នោះ?

      ២០ នៅ​ក្នុង​ការ​ប្រណាំង​ចំពោះ​ជីវិត យើង​ត្រូវ​តែ​ប្រយុទ្ធ​នឹង​មេ​សត្រូវ​របស់​យើង គឺ​អារក្ស​សាតាំង។ កាល​ដែល​យើង​មក​ជិត​ទី​បញ្ចប់ នោះ​វា​ខំ​ដោយ​ឥត​ឈប់​ឈរ​ដើម្បី​ធ្វើ​ឲ្យ​យើង​ជំពប់​ឬ​ធ្វើ​ឲ្យ​យើង​បន្ថយ​ល្បឿន។ (វិវរណៈ ១២:១២, ១៧) ការ​ធ្វើ​ជា​អ្នក​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​ដែល​បាន​ថ្វាយ​ខ្លួន ហើយ​ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់ នោះ​គឺ​មិន​ស្រួល​ទេ ដោយ​សារ​មាន​សង្គ្រាម ទុរភិក្ស រោគ​រាតត្បាត និង​សេចក្ដី​លំបាក​វេទនា​ឯ​ទៀត​ដែល​សម្គាល់«គ្រា​ចុង​បំផុត»នេះ។ (ដានីយ៉ែល ១២:៤; ម៉ាថាយ ២៤:៣​-​១៤; លូកា ២១:១១; ធីម៉ូថេ​ទី​២ ៣:១​-​៥) ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ខ្លះ​ទី​បញ្ចប់​ប្រហែល​ហាក់​ដូច​នៅ​ឆ្ងាយ​ជាង​យើង​សង្ឃឹម​ទៅ​ទៀត ជា​ពិសេស​ប្រសិន​បើ​យើង​បាន​ចូល​ក្នុង​ការ​ប្រណាំង​ជា​ច្រើន​ទសវត្ស​មក​ហើយ​នោះ។ ក៏​ប៉ុន្តែ បន្ទូល​របស់​ព្រះ​ធានា​រ៉ាប់​រង​យើង​ថា​ទី​បញ្ចប់​នឹង​មក​ដល់​ជា​មិន​ខាន។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​នឹង​មិន​យឺត​នោះ​ទេ។ យើង​អាច​មើល​ឃើញ​នូវ​ទី​បញ្ចប់។—ហាបាគុក ២:៣; ពេត្រុស​ទី​២ ៣:៩, ១០

      ២១. (ក) តើ​អ្វី​ដែល​នឹង​ពង្រឹង​យើង​កាល​ដែល​យើង​បន្ត​ក្នុង​ការ​ប្រណាំង​ចំពោះ​ជីវិត? (ខ) តើ​យើង​គួរ​ប្ដេជ្ញា​អ្វី​កាល​ដែល​ទី​បញ្ចប់​កាន់​តែ​ជិត​មក​ដល់​ហើយ​នោះ?

      ២១ បើ​អ៊ីចឹង ដើម្បី​ឲ្យ​មាន​ជ័យ​ជំនះ​ក្នុង​ការ​ប្រណាំង​ចំពោះ​ជីវិត យើង​ត្រូវ​យក​កម្លាំង​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា បាន​ប្រទាន​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ សំរាប់​ចំណី​អាហារ​ខាង​វិញ្ញាណ​របស់​យើង។ យើង​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត ដែល​យើង​អាច​បាន​ពី​ការ​ចូល​រួម​ជា​មួយ​ពួក​អ្នក​ជឿ​គ្នី​គ្នា​របស់​យើង ដែល​កំពុង​តែ​រត់​ក្នុង​ការ​ប្រណាំង​នេះ។ ទោះ​ជា​មាន​ការ​បៀត​បៀន​ដ៏​ខ្លាំង និង​ព្រឹត្ដិការណ៍ ដែល​មើល​មិន​ឃើញ​នៅ​តាម​ផ្លូវ ដែល​ធ្វើ​ឲ្យ​ការ​ប្រណាំង​របស់​យើង​កាន់​តែ​ពិបាក​ឡើង​ក្ដី ក៏​យើង​អាច​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ ពីព្រោះ​ព្រះ​យេហូវ៉ា​ផ្ដល់«ឥទ្ធិឫទ្ធិ​ដ៏​លើស​លប់»។ (កូរិនថូស​ទី​២ ៤:៧) ជា​ការ​គួរ​ឲ្យ​មាន​ការ​ទុក​ចិត្ត​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​បញ្ចប់​នូវ​ការ​ប្រណាំង​ដោយ​ជ័យ​ជំនះ! ដោយ​មាន​ការ​ប្ដេជ្ញា​ដ៏​មុត​មាំ «ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់[ការ​ស៊ូ​ទ្រាំ, ព.ថ.]» ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​ថា«បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ»។—ហេព្រើរ ១២:១; កាឡាទី ៦:៩

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក