បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០៧ ជំ. ១១ ទំ. ៣-៦
  • អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សាល​ប្រជុំ
  • ការ​សាង​សង់​សាល​ប្រជុំ
  • សាល​សន្និបាត
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ១១/០៧ ជំ. ១១ ទំ. ៣-៦

ជំពូក​១១

អង្គការ​មួយ​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា

របៀប​រៀបចំ​និង​ការ​ថែរក្សា​កន្លែង​ថ្វាយ​បង្គំ

អ្នក​ថ្វាយ​បង្គំ​ពិត​របស់​ព្រះ​យេហូវ៉ា​ត្រូវ​បាន​បង្គាប់​ឲ្យ​ប្រជុំ​គ្នា​ដើម្បី​ទទួល​ការ​បង្ហាត់​បង្រៀន​និង​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ (​ចោទិ. ៣១:១២; ហេ. ១០:២៣​-​២៥​) កន្លែង​ថ្វាយ​បង្គំ​ទី​មួយ​សម្រាប់​ប្រជាជាតិ​អ៊ីស្រាអែល​ដែល​ព្រះ​រើស​តាំង​គឺ​ជា​«​រោង​ឧបោសថ​»​ ឬ​«​ត្រ​សាល​ជំនុំ​»។ (​និក្ខ. ៣៩:​៣២, ៤០​) បន្ទាប់​មក​សាឡូម៉ូន​ដែល​ជា​កូន​របស់​ស្តេច​ដាវីឌ​បាន​កសាង​វិហារ​ដើម្បី​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះ។ (​១ពង្ស. ៩:៣​) ក្រោយ​វិហារ​នោះ​បាន​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៦០៧​មុន​គ.ស. នោះ​ប្រជាជាតិ​អ៊ីស្រាអែល​បាន​ប្រជុំ​គ្នា​ក្នុង​អគារ​តូច​មួយ​ដែល​គេ​ហៅ​ថា​សាលា​ប្រជុំ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ។ នៅ​ទីបំផុត​វិហារ​នោះ​បាន​កសាង​ឡើង​វិញ ហើយ​ក្លាយ​ទៅ​ជា​កន្លែង​ថ្វាយ​បង្គំ​ពិត​សា​ជា​ថ្មី។ ព្រះ​យេស៊ូ​បាន​បង្រៀន​នៅ​សាលា​ប្រជុំ និង​នៅ​វិហារ។ (​លូ. ៤:១៦; យ៉ូន. ១៨:២០​) ព្រះ​យេស៊ូ​ក៏​បាន​រៀបចំ​ប្រជុំ​មួយ​នៅ​លើ​ភ្នំ​ដើម្បី​បង្រៀន​បណ្ដា​ជន​ដែល​បាន​ដើរ​តាម​ទ្រង់​ដែរ។—ម៉ាថ. ៥:១–៧:២៩

ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ញែក​ខ្លួន​ចេញ​ពី​មនុស្ស​ដែល​ងាក​ចេញ​ពី​សេចក្ដី​ពិត តែ​ពួក​គេ​បាន​ចាប់​ផ្ដើម​ប្រជុំ​គ្នា​នៅ​កន្លែង​សាធារណៈ។ (​កិច្ច. ១៩:៨, ៩​) ពួក​គេ​ក៏​បាន​បង្រៀន​បទ​គម្ពីរ និង​សេពគប់​ជា​មួយ​អ្នក​ជឿ​គ្នីគ្នា​ពិត នៅ​ក្នុង​ផ្ទះ​របស់​បងប្អូន​នោះ​ដែរ។ (​រ៉ូម ១៦:៣, ៥; កូល. ៤:១៥; ភីល. ២​) ជួន​កាល ពួក​គ្រិស្ត​សាសនិក​សម័យ​ដើម​ត្រូវ​ជួបជុំ​គ្នា​នៅ​កន្លែង​ដាច់​ឆ្ងាយ​ពី​មនុស្ស​ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​បៀតបៀន​រក​ឃើញ។ ពិត​មែន អ្នក​បម្រើ​ដ៏​ស្មោះ​របស់​ព្រះ​ពី​សម័យ​មុន មាន​ចិត្ត​ចង់​ជួបជុំ​គ្នា​នៅ​កន្លែង​ថ្វាយ​បង្គំ​ដើម្បី​«​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេហូវ៉ា​»។—អេសា. ៥៤:១៣

សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ ផ្ទះ​របស់​បង​ប្អូន​អ្នក​ជឿ​គ្នីគ្នា និង​កន្លែង​សាធារណៈ​ខ្លះ​ត្រូវ​បាន​ប្រើ​ជា​កន្លែង​ប្រជុំ​របស់​គ្រិស្ត​សាសនិក។ ជា​ធម្មតា​ផ្ទះ​របស់​បង​ប្អូន​អ្នក​ជឿ​គ្នីគ្នា​ខ្លះ​ត្រូវ​បាន​ប្រើ​ជា​ទី​កន្លែង​សម្រាប់​ប្រជុំ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ ឬ​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ។ ជា​កិត្ដិយស​សម្រាប់​បង​ប្អូន​ណា​ដែល​បាន​ផ្ដល់​ផ្ទះ​របស់​ខ្លួន​ឲ្យ​ធ្វើ​ជា​កន្លែង​ប្រជុំ។ បង​ប្អូន​ជា​ច្រើន​បាន​រាយ​ការណ៍​ថា ដោយសារ​មាន​កិច្ច​ប្រជុំ​នៅ​ផ្ទះ​របស់​ពួក​គាត់ នោះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ​ថែម​ទៀត។

សាល​ប្រជុំ

កន្លែង​ប្រជុំ​ដ៏​សំខាន់​បំផុត​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ជា​សាល​ប្រជុំ។ នៅ​តំបន់​ខ្លះ ការ​ជួល​សាល​ប្រជុំ​គឺ​ស្រួល​ជាង​ទិញ​ឬ​សាង​សង់​ថ្មី។ យ៉ាង​ណា​ក៏​ដោយ ក្រុម​ជំនុំ​ជា​ច្រើន​បាន​សម្រេច​ទិញ​ដីធ្លី​សាង​សង់​សាល​ប្រជុំ​ដែល​សម​ស្រប​តាម​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​ជំនុំ ឬ​ទិញ​អគារ​ដែល​មាន​ស្រាប់​ហើយ រួច​ជួសជុល​បន្ថែម។ ក្នុង​ករណី​បែប​នេះ គឺ​សមរម្យ​ឲ្យ​មាន​ការ​សម្ពោធន៍​សាល​ប្រជុំ។ ប្រសិន​បើ​សាល​ប្រជុំ​ត្រូវ​កែ​ឬ​ជួសជុល​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ គឺ​មិន​ចាំបាច់​សម្ពោធន៍​សាល​នោះ​ម្ដង​ទៀត​ឡើយ។

សាល​ប្រជុំ​មិន​គួរ​ជា​អគារ​ដ៏​ស្មុគស្មាញ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​កោត​ស្ងើច​ឡើយ។ សូម្បី​តែ​សាល​ប្រជុំ​មាន​ម៉ូត​ខុស​ៗ​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ក្ដី គោល​បំណង​គឺ​ឲ្យ​តែ​សាល​នោះ​អាច​ប្រជុំ​គ្នា​បាន។ (​កិច្ច. ១៧:២៤​) សម​ស្រប​ទៅ​តាម​កាលៈទេសៈ​តំបន់ សាល​នោះ​គួរ​ជា​កន្លែង​ដែល​មិន​ឆ្ងាយ​ពេក ហើយ​ស្រួល​ដើម្បី​មាន​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក។

សាល​ប្រជុំ​នីមួយ​ៗ​ត្រូវ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​ចំណាយ​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៃ​ក្រុម​ជំនុំ​នោះ។ នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​ឡាយ​គ្មាន​ការ​រៃ​លុយ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ​មាន​ប្រអប់​វិភាគទាន ហើយ​អស់​អ្នក​ដែល​ចូល​រួម​នៅ​កិច្ច​ប្រជុំ​មាន​ឱកាស​ផ្ដល់​វិភាគទាន​ដើម្បី​ជួយ​គាំទ្រ​ការ​ចំណាយ​ផ្សេង​ៗ​សម្រាប់​ការ​ប្រើ​ប្រាស់​សាល​នោះ។ ពួក​គេ​ចេញ​វិភាគទាន​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ (​២កូ. ៩:៧​) នៅ​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង និង​សំបុត្រ​ពី​ការិយាល័យ​សាខា​បាន​ពន្យល់​ពួក​អ្នក​ចាស់​ទុំ​នូវ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​កម្មសិទ្ធិ និង​ការ​ប្រើ​ប្រាស់​សាល​ប្រជុំ។

បង​ប្អូន​ទាំង​អស់​នៅ​ក្នុង​ក្រុម​ជំនុំ​គួរ​ចាត់​ទុក​ជា​ឯកសិទ្ធិ​នូវ​ការ​ជួយ​ចេញ​ថ្លៃ​ដើម្បី​គាំទ្រ​សាល​ប្រជុំ ហើយ​ស្ម័គ្រ​ចិត្ត​ជួយ​សម្អាត​និង​ថែទាំ​សាល​ឲ្យ​បាន​ស្អាត​បាត។ មិន​ថា​នៅ​ខាង​ក្នុង​ឬ​ខាង​ក្រៅ​ក្ដី សាល​ប្រជុំ​ត្រូវ​តំណាង​ដោយ​អង្គការ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ត្រឹម​ត្រូវ។ ធម្មតា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ងារ​ជំនួយ​ម្នាក់ ទទួល​ខុស​ត្រូវ​ចំពោះ​កិច្ចការ​ដ៏​ចាំបាច់ និង​កិច្ចការ​ឯ​ទៀត​ដែល​ត្រូវ​ធ្វើ​តាម​បញ្ជី​មួយ​រាល់​សប្ដាហ៍។ ជា​ទូទៅ​ការ​បោស​សម្អាត​សាល​ប្រជុំ​ត្រូវ​បាន​រៀបចំ​បោស​សម្អាត​តាម​វេន​នៃ​ក្រុម​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ​នីមួយ​ៗ ដែល​មាន​អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា ឬ​អ្នក​ជំនួយ​របស់​គាត់​នាំ​មុខ។

កាល​ណា​មាន​ក្រុម​ជំនុំ​ច្រើន​ជាង​មួយ​ប្រើ​សាល​ប្រជុំ​ដូច​គ្នា ពួក​អ្នក​ចាស់​ទុំ​គួរ​ជ្រើសរើស​គណៈ​កម្មាធិការ​មួយ​ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​ថែទាំ​សាល​ប្រជុំ​ដើម្បី​រៀបចំ​នូវ​ការ​ថែទាំ​អគារ​និង​បរិវេណ​នោះ។ ក្រុម​អ្នក​ចាស់​ទុំ​ទាំង​នោះ​នឹង​រើស​ប្រធាន​ម្នាក់។ គណៈ​កម្មាធិការ​នេះ​ទទួល​ការ​ណែនាំ​ពី​ក្រុម​អ្នក​ចាស់​ទុំ​ទាំង​ឡាយ ស្តី​ពី​ការ​ពិនិត្យ​មើល​ការ​បោស​សម្អាត ដើម្បី​ឲ្យ​ប្រាកដ​ថា​បាន​ថែទាំ​ស្អាត​បាត​ហើយ និង​ឲ្យ​មាន​សម្ភារៈ​ដែល​ត្រូវ​ការ​គ្រប់គ្រាន់។ តាម​ពិត​អ្នក​ចាស់​ទុំ​ឬ​អ្នក​ងារ​ជំនួយ​ម្នាក់​ធ្វើ​កិច្ចការ​ដូច​ដែល​គណៈ​កម្មាធិការ​ធ្វើ​នោះ ក្នុង​ករណី​បើ​មាន​ក្រុម​ជំនុំ​តែ​មួយ។ ពិត​ជា​ត្រូវ​មាន​ការ​សហ​ការ​ដ៏​ល្អ​រវាង​គណៈ​កម្មាធិការ​និង​ក្រុម​អ្នក​ចាស់​ទុំ​ទាំង​ឡាយ។

កាល​ណា​មាន​ក្រុម​ជំនុំ​ច្រើន​ប្រើ​សាល​ប្រជុំ​ដូច​គ្នា ក្រុម​អ្នក​ចាស់​ទុំ​ទាំង​នោះ​នឹង​រៀបចំ​ម៉ោង​កិច្ច​ប្រជុំ​តាម​វេន​សម្រាប់​ក្រុម​ជំនុំ​នីមួយ​ៗ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (​ភី. ២:២​-​៤; ១ពេ. ៣:៨​) មិន​ថា​ការ​ប្ដូរ​វេន​កិច្ច​ប្រជុំ​មួយ​ឬ​ពីរ​បី​ឆ្នាំ​ម្ដង​ក៏​ដោយ គឺ​អាស្រ័យ​ទៅ​លើ​ក្រុមជំនុំ​ទាំង​នោះ។ ក្រុម​ជំនុំ​ទាំង​ឡាយ​ដែល​ប្រើ​សាល​នោះ ត្រូវ​សម្រេច​ជា​មួយ​គ្នា មិន​មែន​តែ​ក្រុម​ជំនុំ​មួយ​ទេ។ ការ​ផ្លាស់​វេន​ចំពោះ​ម៉ោង​កិច្ច​ប្រជុំ គួរ​ផ្លាស់​នៅ​សប្ដាហ៍​ទី​មួយ​នៃ​ដើម​ឆ្នាំ។ នៅ​ពេល​ណា​ក្រុម​ជំនុំ​មួយ​មាន​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល បើ​ចាំបាច់​ក្រុម​ជំនុំ​ឯ​ទៀត​ដែល​ប្រើ​សាល​ប្រជុំ​នោះ​នឹង​ផ្លាស់​ប្ដូរ​ម៉ោង​កិច្ច​ប្រជុំ​សម្រាប់​សប្ដាហ៍​នោះ។

សាល​ប្រជុំ​អាច​ប្រើ​សម្រាប់​ការ​រៀប​អាពាហ៍ពិពាហ៍​និង​បុណ្យ​សព ដែល​មាន​ការ​យល់​ព្រម​ពី​គណៈ​កម្មាធិការ​កិច្ច​បម្រើ​ក្រុម​ជំនុំ។ ពួក​អ្នក​ចាស់​ទុំ​គួរ​ពិចារណា​យ៉ាង​ហ្មត់ចត់​អំពី​សំណូម​ពរ​នីមួយ​ៗ ហើយ​សម្រេច​ចិត្ត​តាម​ការ​ណែនាំ​ពី​ការិយាល័យ​សាខា។

បង​ប្អូន​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ប្រើ​សាល​ប្រជុំ​សម្រាប់​ការ​រៀប​អាពាហ៍ពិពាហ៍​និង​បុណ្យ​សព នោះ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​ទៅ​នឹង​កន្លែង​ថ្វាយ​បង្គំ​ពិត។ បង​ប្អូន​ទាំង​អស់​មិន​គួរ​ប្រព្រឹត្ត​អ្វី​ណា​ដែល​អាច​ធ្វើ​ឲ្យ​បង​ប្អូន​ជឿ​គ្នីគ្នា​ទើស​ចិត្ត ឬ​បង្ខូច​ឈ្មោះ​ព្រះ​យេហូវ៉ា និង​ក្រុម​ជំនុំ​ឡើយ។ (​ភី. ២:១៤, ១៥​) យូរ​ៗ​ម្ដង ក្រោម​ការ​ណែនាំ​ពី​ការិយាល័យ​សាខា សាល​ប្រជុំ​អាច​ទទួល​ការ​អនុញ្ញាត​ដើម្បី​ប្រើ​សម្រាប់​កម្មវិធី​ខាង​កិច្ច​បម្រើ​ព្រះ​ឯ​ទៀត ដូច​ជា​សាលា​កិច្ច​បម្រើ​រាជាណាចក្រ និង​សាលា​កិច្ច​បម្រើ​ត្រួសត្រាយ​ជា​ដើម។

ក្រុម​ជំនុំ​គួរ​តែ​ប្រើ​សាល​ប្រជុំ​របស់​ខ្លួន​ដោយ​គោរព។ សម្លៀកបំពាក់ ការ​សម្អិត​សម្អាង​ខ្លួន និង​សុភាវធម៌​គួរ​បង្ហាញ​ភាព​ថ្លៃថ្នូរ​ដែល​ទាក់ទង​នឹង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ (​សាស. ៥:១; ១ធី. ២:៩, ១០​) ការ​អនុវត្ត​តាម​ការ​ណែនាំ​ស្តី​អំពី​រឿង​នេះ ជា​វិធី​មួយ​ដែល​បង្ហាញ​កតញ្ញុតា​ធម៌​ចំពោះ​កិច្ច​ប្រជុំ​របស់​យើង​ជា​គ្រិស្ត​សាសនិក។

នៅ​ឯ​កិច្ច​ប្រជុំ​ក្នុង​សាល​ប្រជុំ បង​ប្រុស​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ត្រូវ​បាន​ចាត់​ចែង​ឲ្យ​បម្រើ​ជា​ឆ្មាំ។ ពួក​គេ​គួរ​តែ​ចេះ​ប្រុង​ប្រៀប រាក់ទាក់ និង​ចេះ​ប្រើ​សមត្ថភាព​វែកញែក។ ភារកិច្ច​របស់​ពួក​គេ​រួម​បញ្ចូល​ការ​ជម្រាប​សួរ​ហើយ​ស្វាគមន៍​អ្នក​ថ្មី ជួយ​អ្នក​ដែល​មក​យឺត​រក​កន្លែង​អង្គុយ កត់​ទុក​ចំនួន​អស់​អ្នក​ដែល​បាន​ចូល​រួម និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បរិយាកាស​ក្នុង​សាល​នោះ​ឲ្យ​បាន​ល្អ ហើយ​មិន​ស្អុះស្អាប់។ ការ​រក្សា​សណ្ដាប់​ធ្នាប់​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ជា​ការ​សំខាន់​ណាស់។ យើង​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​អង្គុយ​ជិត​មាតា​បិតា។ ដូច្នេះ កាល​ណា​កូន​ក្មេង​ម្នាក់​មាន​ចិត្ត​ចចេស ឆ្មាំ​ប្រហែល​សុំ​មាតា​បិតា​ដោយ​របៀប​សប្បុរស​ឲ្យ​យក​កូន​ចេញ​ដើម្បី​មិន​ឲ្យ​រំខាន​អ្នក​ស្ដាប់​ពេក។ ឆ្មាំ​អាច​នាំ​មាតា​បិតា​ដែល​មាន​កូន​ក្មេង​ៗ​ឲ្យ​អង្គុយ​នៅ​កន្លែង​ដែល​គេ​មិន​សូវ​រំខាន​អ្នក​ឯ​ទៀត បើ​ត្រូវ​យក​កូន​ចេញ​ដើម្បី​ប្រដៅ ឬ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តម្រូវ​ការ​ឯ​ទៀត​របស់​កូន។

ដោយសារ​កិរិយា​ប្រព្រឹត្ត​របស់​កូន​ក្មេង​ទាំង​នៅ​ក្នុង និង​ខាង​ក្រៅ​សាល​ប្រជុំ អាច​មាន​លទ្ធផល​ល្អ​ឬ​មិន​ល្អ​លើ​ក្រុមជំនុំ ហេតុ​នេះ​ហើយ​ពេល​ត្រូវ​ការ ឆ្មាំ​គួរ​រំលឹក​មាតា​បិតា​ឲ្យ​តាម​មើល​កូន ដើម្បី​មិន​ឲ្យ​កូន​រត់​នៅ​ក្នុង​ឬ​ក្រៅ​សាល មុន​កិច្ច​ប្រជុំ​ចាប់​ផ្ដើម​និង​ក្រោយ​កិច្ច​ប្រជុំ​ចប់។ ដូច្នេះ​កិច្ចការ​ដែល​ឆ្មាំ​បាន​ធ្វើ​ជួយ​ឲ្យ​បងប្អូន​ទាំង​អស់​ទទួល​ប្រយោជន៍​ច្រើន​ណាស់​ពី​កិច្ច​ប្រជុំ។ គឺ​ល្អ​ជាង​បើ​អ្នក​ងារ​ជំនួយ​បម្រើ​ជា​ឆ្មាំ ជា​ពិសេស​បង​ប្រុស​ដែល​មាន​ពិសោធន៍​ក្នុង​ការ​ថែរក្សា​កូន​ក្នុង​ក្រុម​គ្រួសារ។—១ធី. ៣:១២

ការ​សាង​សង់​សាល​ប្រជុំ

ក្នុង​សាល​ប្រជុំ​នៅ​ប្រទេស​ជា​ច្រើន​មាន​ប្រអប់​វិភាគទាន​សម្រាប់​ការ​សាង​សង់​សាល​ប្រជុំ។ វិភាគទាន​នេះ​ត្រូវ​ប្រើ​ដើម្បី​ជួយ​គាំទ្រ​ខាង​ការ​ចំណាយ​លើ​ការ​សាង​សង់​សាល​ប្រជុំ​ថ្មី និង​ជួសជុល​សាល​ប្រជុំ​ឯ​ទៀត។ ប្រសិន​បើ​គ្មាន​ជំនួយ​ដូច​នេះ ក្រុម​ជំនុំ​ជា​ច្រើន​មិន​អាច​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​សាង​សង់​ឬ​ជួសជុល​សាល​ប្រជុំ​បាន​ឡើយ។

នៅ​សតវត្សរ៍​ទី​មួយ​មាន​គ្រិស្ត​សាសនិក​ខ្លះ​ដែល​ជា​អ្នក​មាន​ស្តុកស្តម្ភ​ជាង​អ្នក​ឯ​ទៀត ដូច្នេះ​សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ ​«​ដើម្បី​កាល​ណា​គេ​មាន​បរិបូរ នោះ​នឹង​បាន​បំពេញ​ការ ដែល​អ្នក​រាល់​គ្នា​ខ្វះ​ខាត​វិញ ប្រយោជន៍​ឲ្យ​បាន​ស្មើ​គ្នា​ឡើង​»។ (​២កូ. ៨:១៤​) សព្វ​ថ្ងៃ​នេះ​មាន​ការ​«​ឲ្យ​បាន​ស្មើ​គ្នា​»​ដែរ ព្រោះ​ការិយាល័យ​សាខា​ខ្លះ​យក​មួយ​ចំណែក​ពី​បេឡា​សម្រាប់​ការ​សាង​សង់​សាល​ប្រជុំ ដើម្បី​ជួយ​ក្រុម​ជំនុំ​នៅ​ប្រទេស​ឯ​ទៀត​ដែល​មាន​ការ​ពិបាក​ខាង​សេដ្ឋកិច្ច ឲ្យ​សាង​សង់​សាល​ប្រជុំ។ អង្គការ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ក្រុម​ជំនុំ​ទាំង​ឡាយ​ដែល​ទទួល​ប្រយោជន៍​ពី​វិភាគទាន​នេះ មាន​ចិត្ត​អបអរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គាំទ្រ​ដ៏​សទ្ធា​ពី​ភាតរភាព​ទូ​ទាំង​ពិភពលោក។

នៅ​ប្រទេស​ជា​ច្រើន​គណៈ​កម្មាធិការ​ខាង​ការ​សាង​សង់​តាម​ភូមិភាគ​ត្រូវ​បាន​តាំង​ឡើង​ដើម្បី​ត្រួតត្រា​លើ​ការ​កសាង​សាល​ប្រជុំ ឬ​ការ​ជួសជុល។ គណៈ​កម្មាធិការ​នីមួយ​ៗ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ជួយ​ក្រុម​ជំនុំ​តាម​ភូមិភាគ។ អ្នក​ចាស់​ទុំ​ដែល​ជា​គណៈ​កម្មាធិការ​នោះ មាន​ពិសោធន៍​ខាង​កិច្ចការ​សំណង់ អចលនវត្ថុ ពាណិជ្ជកម្ម គណនេយ្យ ហើយ​បទ​ពិសោធន៍​ឯ​ទៀត​ដែល​ទាក់ទង​នឹង​កិច្ចការ​នោះ ហេតុ​នេះ​ហើយ​ពួក​គេ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រៀបចំ​និង​ការ​ណែនាំ​គម្រោង​តាំង​ពី​ពេល​ចាប់​ផ្ដើម​រហូត​បញ្ចប់។

ប្រសិន​បើ​មាន​គណៈ​កម្មាធិការ​ខាង​ការ​សាង​សង់​តាម​ភូមិភាគ​នៅ​តំបន់​នោះ អ្នក​ចាស់​ទុំ​គួរ​ទាក់ទង​នឹង​គណៈ​កម្មាធិការ​នោះ​មុន​ចាប់​ផ្ដើម​គម្រោង​សាង​សង់​ឬ​ជួសជុល​សាល​ប្រជុំ។ គណៈ​កម្មាធិការ​អាច​ជួយ​ក្រុម​ជំនុំ​ជ្រើសរើស​អចលនវត្ថុ​សមរម្យ និង​ជួយ​សម្រេច​នូវ​វិធី​កសាង​សាល​ប្រជុំ។ គណៈ​កម្មាធិការ​ក៏​នឹង​ជួយ​សម្រប​សម្រួល​អ្នក​ធ្វើ​ការ​ដែល​ស្ម័គ្រ​ចិត្ត​ជួយ​កសាង​សាល​ដែរ។ ដោយ​គាំទ្រ​ការ​រៀបចំ​នេះ អស់​អ្នក​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់ និង​ប្រាថ្នា​ធ្វើ​កិច្ចការ​នេះ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ ហើយ​ជូន​ដល់​គណៈ​កម្មាធិការ​កិច្ច​បម្រើ​ក្រុម​ជំនុំ​ដើម្បី​ទទួល​សេចក្ដី​យល់​ព្រម។

ក្នុង​ករណី​ដែល​មាន​មហន្តរាយ គណៈ​កម្មាធិការ​ខាង​ការ​សាង​សង់​តាម​ភូមិភាគ អាច​ជួយ​ជួសជុល​សាល​ប្រជុំ​ដែល​បាន​ខូច​ខាត ហើយ​ជួន​កាល ជួយ​ជួសជុល​ផ្ទះ​របស់​បង​ប្អូន​គ្រិស្ត​សាសនិក​ដែរ។ គណៈ​កម្មាធិការ​ខាង​ការ​សាង​សង់​តាម​ភូមិភាគ​មួយ​ប្រហែល​អាច​ចាត់​ឲ្យ​ទៅ​ជួយ​ធ្វើ​កិច្ចការ​បែប​នេះ​នៅ​ប្រទេស​ឯ​ទៀត ឬ​បង្ហាត់​បង្រៀន​បង​ប្អូន​គ្រិស្ត​សាសនិក​នៅ​តំបន់​នោះ។ ម្ដង​ម្កាល​គណៈ​កម្មាធិការ​ប្រហែល​ជួយ​នៅ​កន្លែង​កសាង​សាល​សន្និបាត និង​ការិយាល័យ​សាខា។ ការ​រៀបចំ​ទាំង​អស់​នេះ​អាច​កើត​ឡើង​ដោយសារ​រាស្ត្រ​របស់​ព្រះ​ប្រាថ្នា​ធ្វើ​តាម​ឆន្ទៈ​របស់​ទ្រង់ ដោយ​ចេះ​លះបង់​ប្រយោជន៍​ខ្លួន។—កូល. ៣:២៣, ២៤

ដោយសារ​មាន​សេចក្ដី​ត្រូវ​ការ​យ៉ាង​ខ្លាំង​សម្រាប់​សាល​ប្រជុំ ជា​ពិសេស​នៅ​ប្រទេស​ដែល​មាន​ធនធាន​តិច​ឬ​មិន​សូវ​មាន​អ្នក​ជំនាញ​ក្នុង​ការ​សាង​សង់ នោះ​ក្រុម​សាង​សង់​សាល​ប្រជុំ​ត្រូវ​បាន​រៀបចំ​ឡើង។ បង​ប្អូន​នៅ​ក្រុម​សាង​សង់​ទាំង​នេះ ស្ម័គ្រ​ចិត្ត​ផ្លាស់​ពី​ក្រុម​ជំនុំ​មួយ​ទៅ​ក្រុម​ជំនុំ​មួយ​នៅ​ក្នុង​ប្រទេស ដើម្បី​នាំ​មុខ​ក្នុង​ការ​គាំទ្រ​គម្រោង​កសាង​សាល។ កិច្ចការ​នេះ​បាន​នាំ​ឲ្យ​ការ​កសាង​សាល​កាន់​តែ​លឿន ហើយ​បាន​ឲ្យ​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​នៅ​តំបន់​នោះ​ទទួល​ការ​បង្ហាត់​បង្រៀន​ដ៏​មាន​តម្លៃ​ណាស់។

សាល​សន្និបាត

ជា​ទូទៅ​ពួក​គ្រិស្ត​សាសនិក​សម័យ​ដើម​បាន​ជួបជុំ​គ្នា​តាម​ក្រុម​តូច​ៗ។ យ៉ាង​ណា​ក៏​ដោយ ជួន​កាល​មាន​«​មនុស្ស​សន្ធឹក​ណាស់​»​បាន​ប្រជុំ​គ្នា។ (​កិច្ច. ១១:២៦​) ស្រ​ដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ប្រជុំ​ជា​ក្រុម​ធំ​នៅ​ពេល​ដែល​មាន​សន្និបាត​ប្រចាំ​មណ្ឌល និង​សន្និបាត​ពិសេស។ ជា​ញឹកញយ សាល​នៅ​តំបន់​នោះ​ត្រូវ​បាន​ជួល​សម្រាប់​សន្និបាត ប៉ុន្តែ​កាល​ណា​មិន​មាន​សាល ឬ​សាល​នោះ​មិន​សម​ល្មម ប្រហែល​អាច​ទិញ​កន្លែង​ថ្វាយ​បង្គំ​ដែល​គេ​ហៅ​ថា សាល​សន្និបាត។

ជួន​កាល​ទិញ​អគារ​ដែល​មាន​ស្រាប់​ហើយ រួច​ជួសជុល និង​ប្រើ​ជា​សាល​សន្និបាត។ ប៉ុន្តែ​ភាគ​ច្រើន អចលនវត្ថុ​ត្រូវ​បាន​ទិញ ហើយ​សាង​សង់​សាល​ថ្មី។ សាល​សន្និបាត​មាន​ទំហំ​ខុស​ពី​គ្នា ដោយ​អាស្រ័យ​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​តាម​តំបន់។ លុះ​ណា​តែ​ការិយាល័យ​សាខា​បាន​វិភាគ​យ៉ាង​ហ្មត់ចត់​អំពី​តម្លៃ ហើយ​បញ្ជាក់​ពី​ប៉ុន្មាន​ដង​សាល​ត្រូវ​បាន​ប្រើ​ក្នុង​មួយ​ឆ្នាំ ទើប​សម្រេច​ឲ្យ​កសាង​សាល​សន្និបាត​នោះ។

គណៈ​កម្មាធិការ​សាល​សន្និបាត​ត្រូវ​បាន​តែងតាំង​ដោយ​ការិយាល័យ​សាខា ដើម្បី​ត្រួតត្រា​លើ​ប្រតិបត្ដិ​ការ​នៃ​សាល​សន្និបាត។ ដោយសារ​សាល​សន្និបាត​ជា​សាល​ដ៏​ធំ​មួយ ការិយាល័យ​សាខា​តែងតាំង​បង​ប្អូន​គ្រិស្ត​សាសនិក​ឲ្យ​ថែរក្សា​និង​ថែទាំ​សាល​សន្និបាត​ជា​ប្រចាំ។ ក្រុម​ជំនុំ​ពី​មណ្ឌល​ដែល​ប្រើ​សាល​នោះ ត្រូវ​បាន​រៀបចំ​ឲ្យ​បោស​សម្អាត​សាល​សន្និបាត។ ប្រហែល​មាន​ការ​រៀបចំ​ពិសេស​សម្រាប់​ការ​បោស​សម្អាត​ប្រាំ​មួយ​ខែ​ម្ដង ព្រម​ទាំង​ជួសជុល បង្ការ​កុំ​ឲ្យ​មាន​ការ​ខូច​ខាត​ខ្លាំង​ជាង។ ជា​ជាង​បង់​ថ្លៃ​ឈ្នួល​ឲ្យ​អ្នក​ដទៃ​ធ្វើ​កិច្ចការ គឺ​មាន​ប្រយោជន៍​បើ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ចការ​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​ជំនុំ​ទាំង​ឡាយ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​គាំទ្រ​ការ​រៀបចំ​ទាំង​នេះ​ឲ្យ​អស់​ពី​ចិត្ត។—ទំនុក. ១១០:៣; ម៉ាឡ. ១:១០

យូរ​ៗ​ម្ដង ប្រហែល​អាច​ប្រើ​សាល​សន្និបាត​សម្រាប់​កម្មវិធី​ខាង​កិច្ច​បម្រើ​ព្រះ​ឯ​ទៀត ដូច​ជា​សាលា​បង្ហាត់​ខាង​កិច្ច​បម្រើ និង​កិច្ច​ប្រជុំ​ពិសេស​សម្រាប់​ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ជា​ដើម។ ដូច​ជា​សាល​ប្រជុំ សាល​សន្និបាត​បាន​ចាត់​ទុក​ជា​កន្លែង​ថ្វាយ​បង្គំ។ កាល​ណា​យើង​ប្រជុំ​នៅ​សាល​សន្និបាត កិរិយា​ប្រព្រឹត្ត សម្លៀកបំពាក់ និង​ការ​សម្អិត​សម្អាង​របស់​យើង គួរ​បង្ហាញ​ភាព​ថ្លៃថ្នូរ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។—សាស. ៥:១; ១ធី. ២:៩, ១០

មាន​អ្នក​ថ្មី​ជា​ច្រើន​ដែល​ប្រញាប់​ចូល​អង្គការ​ក្នុង​អំឡុង​គ្រា​ចុង​បំផុត​នៃ​ទី​បញ្ចប់​នេះ ជា​ទី​សំ​អាង​ដែល​ថា​ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រទាន​ពរ។ (​អេសា. ៦០:៨, ១០, ១១, ២២​) យ៉ាង​នេះ គួរ​គប្បី​ឲ្យ​យើង​គាំទ្រ​អស់​ពី​ចិត្ត​នូវ​ការ​រៀបចំ​ទាំង​នេះ​ដើម្បី​ទិញ ហើយ​ថែទាំ​កន្លែង​ថ្វាយ​បង្គំ​ឲ្យ​បាន​ស្អាត​បាត។ ពីព្រោះ​កន្លែង​នោះ​ជា​កន្លែង​ដែល​យើង​ជួបជុំ​ជា​មួយ​គ្នា​ដើម្បី​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​យេហូវ៉ា។ ដោយ​ធ្វើ​ដូច្នេះ យើង​បង្ហាញ​ចិត្ត​កតញ្ញូ​សម្រាប់​កន្លែង​ថ្វាយ​បង្គំ​ទាំង​នេះ​ដែល​ជួយ​យើង​ឲ្យ​ចេះ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក តាម​ដែល​ឃើញ​ថា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​ហើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក