បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការផ្ដើមវាចាដែលមានប្រសិទ្ធភាព
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • [សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

  • ទំហំសម្លេងនិងការផ្អាក
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ចំណុច​ហាត់​រៀន​ទី៤

      ទំហំ​សម្លេង​និង​ការ​ផ្អាក

      ១ ប្រសិន​បើ​អ្នក​ដទៃ​ស្ដាប់​មិន​ឮ​នូវ​អ្វី​ដែល​យើង​និយាយ នោះ​សំដី​របស់​យើង​គឺ​គ្មាន​ប្រយោជន៍​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ទំហំ​សម្លេង​យើង​ឮ​ខ្លាំង​ពេក នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​សង្កៀរ​ត្រចៀក​ណាស់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​លែង​ប្រុង​ស្មារតី​នឹង​ចំណុច​សំខាន់ៗដែល​យើង​បាន​រៀបចំ។ ហេតុ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​ទំហំ​សម្លេង​ខ្លាំង​ល្មម គឺ​ពីព្រោះ​ជា​ញឹកញយ​ក្នុង​សាល​ប្រជុំ​ជា​ច្រើន អស់​អ្នក​ដែល​អង្គុយ​នៅ​ខាង​ក្រោយ​ពុំ​អាច​ឮ​ចម្លើយ​របស់​អ្នក​ដែល​អង្គុយ​នៅ​ខាង​មុខ​ទេ។ ជួន​កាល​អ្នក​ថ្លែង​នៅ​លើ​វេទិកា​មាន​ទំហំ​សម្លេង​ខ្សោយ ហេតុ​នេះ​ហើយ​គាត់​ពុំ​អាច​ជំរុញ​ទឹក​ចិត្ត​អ្នក​ស្ដាប់​បាន​ឡើយ។ នៅ​ក្នុង​កិច្ចបំរើ​ផ្សាយ យើង​ក៏​ជួប​មនុស្ស​ខ្លះ​ដែល​មាន​ត្រចៀក​ធ្ងន់ ហើយ​យើង​ក៏​ប្រឈម​មុខ​នឹង​សូរ​សម្លេង​រំខាន មិន​ថា​ពី​ក្រៅ​ផ្ទះ​ឬ​ក្នុង​ផ្ទះ​ឡើយ។ កត្ដា​ទាំង​នេះ​បញ្ជាក់​ថា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មាន​ទំហំ​សម្លេង​ខ្លាំង​ល្មម។

      ២ សម្លេង​ខ្លាំង​ល្មម​ឲ្យ​ស្រួល​ស្ដាប់: ក្នុង​ការ​ពិចារណា​ឲ្យ​ដឹង​ថា ត្រូវ​ការ​ទំហំ​សម្លេង​ប៉ុណ្ណា នោះ​មុន​ដំបូង​យើង​គួរ​សួរ​ថា តើ​ខ្ញុំ​និយាយ​ដោយ​សម្លេង​ខ្លាំង​ល្មម​ឬ​ទេ? បើ​និយាយ​ឲ្យ​ចំ​ទៅ តើ​អ្នក​ស្ដាប់​នៅ​ជួរ​ខាង​ក្រោយ​អាច​ឮ​សម្លេង​យើង​បាន​ទេ ដោយ​ឥត​ឮ​ខ្លាំង​ពេក​ចំពោះ​អស់​អ្នក​នៅ​ខាង​មុខ​នោះ? ចំពោះ​សិស្ស​ថ្មី​ការ​ពិចារណា​បែប​នេះ​គឺ​គ្រប់គ្រាន់​ហើយ។ ប៉ុន្តែ ចំពោះ​សិស្ស​ដែល​មាន​បទពិសោធន៍​ច្រើន គាត់​គួរ​ខំ​ព្យាយាម​ឲ្យ​ចេះ​ស្ទាត់​នូវ​លក្ខណៈ​ផ្សេងៗទៀត​ដែល​មាន​ដូច​ត​ទៅ​នេះ។ អ្នក​ត្រួត​ពិនិត្យ​សាលា​គួរ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ឲ្យ​ឱវាទ​សិស្ស​អំពី​លក្ខណៈ​នេះ​ដល់​កំរិត​ណា។

      ៣ ទំហំ​សម្លេង​ស្រប​តាម​កាលៈទេសៈ: អ្នក​ថ្លែង​សុន្ទរកថា​ត្រូវ​ចេះ​ដឹង​នូវ​ស្ថានភាព​ផ្សេងៗ។ នេះ​នឹង​បង្កើន​នូវ​សមត្ថភាព​ចេះ​វែកញែក​របស់​គាត់ ធ្វើ​ឲ្យ​គាត់​ចេះ​ប្រែប្រួល​តាម​កាលៈទេសៈ​និង​ធ្វើ​ឲ្យ​ពត៌មាន​ជ្រួត​ជ្រាប​ក្នុង​ចិត្ត​របស់​អ្នក​ស្ដាប់ ថែម​ទាំង​ធ្វើ​ឲ្យ​ពួក​គេ​ចង់​ស្ដាប់​ជា​បន្ត​ដោយ​មិន​ធុញទ្រាន់។

      ៤ ធម្មតា​គឺ​មាន​ស្ថានភាព​ខុសៗគ្នា​ពី​សាល​ប្រជុំ​មួយ​ទៅ​សាល​ប្រជុំ​មួយ ហើយ​ចំនួន​អ្នក​ស្ដាប់​ក៏​ខុស​ពី​គ្នា​ដែរ។ ដើម្បី​យក​ឈ្នះ​លើ​កាលៈទេសៈ​នោះ យើង​ក៏​ត្រូវ​ចេះ​ប្រើ​ទំហំ​សម្លេងយើង​ដែរ។ ពេល​យើង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សាល​ប្រជុំ យើង​ត្រូវ​មាន​ទំហំ​សម្លេង​ខ្លាំង​ជាង​ការ​និយាយ​ប្រាប់​អ្នក​ចាប់​អារម្មណ៍​ថ្មី​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ។ ម្យ៉ាង​វិញ​ទៀត ក្នុង​ការ​ប្រជុំ​សំរាប់​កិច្ច​ផ្សាយ​បំរើ​ដែល​មាន​ក្រុម​តូច​មួយ​នៅ​ខាង​មុខ​សាល​ប្រជុំ គឺ​ត្រូវ​ការ​ទំហំ​សម្លេង​តិច​ជាង​ការ​ប្រជុំ​អប់រំ​កិច្ចបំរើ ពេល​ដែល​មាន​មនុស្ស​ពេញ​សាល​ប្រជុំ។

      ៥ ប៉ុន្តែ សូម្បី​តែ​មាន​ស្ថានភាព​ដូច​ខាង​លើ​នេះ​ក៏​មិន​មាន​ជានិច្ច​នោះ​ទេ។ សម្លេង​រំខាន​អាច​កើត​ឡើង​ភ្លាមៗនៅ​ខាង​ក្នុង​និង​ខាង​ក្រៅ​សាល​ប្រជុំ ដូច​ជា​រថយន្ត​បើក​កាត់ រទេះ​ភ្លើង​នៅ​ជិត​តំបន់​នោះ សម្រែក​សត្វ​យំ កូន​ក្មេង​យំ ឬ​មនុស្ស​មក​ប្រជុំ​យឺត។ ស្ថានការណ៍​ទាំង​នេះ​តម្រូវ​ឲ្យ​យើង​ចេះ​ប្រែ​ប្រួល​ឲ្យ​មាន​សម្លេង​ខ្លាំង​ល្មម​ស្រប​តាម​កាលៈទេសៈ។ ប្រសិន​បើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​សម្លេង​ដែល​អាច​រំខាន​នោះ ហើយ​មិន​ផ្អាក​ឬ​និយាយ​ឲ្យ​បាន​ឮ​ខ្លាំង​ល្មម​ទេ នោះ​ប្រហែល​ជា​អ្នក​ស្ដាប់​នឹង​មិន​ទទួល​ប្រយោជន៍​ពី​ចំណុច​សំខាន់​របស់​យើង​នោះ​ទេ។

      ៦ ក្រុម​ជំនុំ​ជា​ច្រើន​មាន​ឧបករណ៍​សម្លេង។ ប៉ុន្តែ ប្រសិន​បើ​មិន​ប្រើ​ឧបករណ៍​សម្លេង​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ហើយ​សម្លេង​សិស្ស​ឡើង​ថ្លង់​ឬ​ចុះ​ខ្សោយ​ខ្លាំង​នោះ សិស្ស​ប្រហែល​ជា​ត្រូវ​ទទួល​ឱវាទ​ដោយសារ​គាត់​មិន​បាន​ប្រែប្រួល​តាម​កាលៈទេសៈ។

      ៧ យូរៗម្ដង អ្នក​ថ្លែង​ម្នាក់​ប្រហែល​ជា​មិន​ចេះ​ស្ទាត់​ក្នុង​ការ​ប្រើ​ទំហំ​សម្លេង ពីព្រោះ​គាត់​មាន​សម្លេង​ខ្សោយ។ ប្រសិន​បើ​យើង​មាន​បញ្ហា​ដូច្នេះ ហើយ​សម្លេង​យើង​មិន​សូវ​ឮ​ច្បាស់ នោះ​អ្នក​ត្រួត​ពិនិត្យ​សាលា​នឹង​យល់​ដល់​កំរិត​សមត្ថភាព​របស់​សិស្ស ពេល​គាត់​ជូន​ឱវាទ។ គាត់​អាច​ឲ្យ​យោបល់​ខ្លះ​ដែល​ប្រាប់​ពី​វិធី​ឲ្យ​ចេះ​បញ្ចេញ​សម្លេង​ខ្លាំង​ល្មម។ ក៏​ប៉ុន្តែ លក្ខណៈ​នៃ​សម្លេង​ជា​ចំណុច​ផ្សេង​ទៀត ហើយ​អ្នក​ជូន​ឱវាទ​នឹង​មិន​និយាយ​វែង​ឆ្ងាយ​អំពី​ចំណុច​នោះ ពេល​ជូន​ឱវាទ​អំពី​ទំហំ​សម្លេង​ទេ។

      ៨ យើង​ពុំ​អាច​គិត​ដល់​កាលៈទេសៈ​សព្វ​បែប​យ៉ាង​ក្នុង​សុន្ទរកថា​តែ​មួយ​ទេ។ យើង​នឹង​ទទួល​ឱវាទ​ចំពោះ​តែ​សុន្ទរកថា​ដែល​ទើប​នឹង​ថ្លែង មិន​មែន​ចំពោះ​គ្រប់​កាលៈទេសៈ​ដែល​អាច​កើត​ឡើង​ទេ។ ប៉ុន្តែ ទោះ​ជា​អ្នក​ត្រួត​ពិនិត្យ​សាលា​សរសើរ​សិស្ស​ស្តី​អំពី​សុន្ទរកថា​ដែល​ទើប​ថ្លែង ហើយ​កត់«ល»លើ​ប័ណ្ណ​ឱវាទ​ក៏​ដោយ បើ​ចាំបាច់​គាត់​នឹង​ប្រាប់​អំពី​បញ្ហា​ដែល​សិស្ស​អាច​ជួបប្រទះ​ក្រោម​កាលៈទេសៈ​ផ្សេងៗទៀត។

      ៩ តើ​សិស្ស​ម្នាក់​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ទំហំ​សម្លេង​របស់​ខ្លួន​គឺ​ខ្លាំង​ល្មម? វិធី​ដ៏​ប្រសើរ​គឺ​ប្រតិកម្ម​ពី​អ្នក​ស្ដាប់។ ពេល​ដែល​ចាប់​ផ្ដើម​វាចា​នោះ អ្នក​ថ្លែង​ដែល​មាន​បទពិសោធន៍​នឹង​សង្កេត​មើល​អស់​អ្នក​ដែល​អង្គុយ​ជួរ​ក្រោយ ហើយ​អាច​ដឹង​ពី​ទឹក​មុខ​និង​អាកប្បកិរិយា​ថា តើ​ស្ដាប់​ឮ​បាន​ទេ? រួច​មក គាត់​នឹង​និយាយ​ឲ្យ​ឮ​ខ្លាំង​ល្មម ស្រប​តាម​កាលៈទេសៈ​នៃ​សាល​នោះ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក