-
តើជនគ្រីស្ទានមានសាមគ្គីភាពដ៏ពិតដោយដូចម្ដេច?២០០៣ កិច្ចបម្រើព្រះ | ធ្នូ
-
-
តើជនគ្រីស្ទានមានសាមគ្គីភាពដ៏ពិតដោយដូចម្ដេច?
១ តើអ្វីអាចធ្វើឲ្យមនុស្សជាង៦លាននាក់ នៅ២៣៤ប្រទេសដែលនិយាយជាង៣៨០ភាសារួបរួមគ្នាដោយសាមគ្គីភាពបាន? គឺដោយសារតែគេថ្វាយបង្គំព្រះយេហូវ៉ា។ (មីកា ២:១២; ៤:១-៣) តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន ស្មរបន្ទាល់ព្រះយេហូវ៉ាដឹងថា សាមគ្គីភាពដ៏ពិតក្នុងចំណោមជនគ្រីស្ទានកំពុងតែមានយ៉ាងពិតប្រាកដសព្វថ្ងៃនេះ។ ដោយសារយើងជា«ហ្វូងតែ១»នៅក្រោម«អ្នកគង្វាលតែ១»នោះ យើងបានតាំងចិត្តទប់ទល់នូវវិញ្ញាណលោកីយ៍នេះដែលនាំឲ្យបែកបាក់គ្នាវិញ។—យ៉ូន. ១០:១៦; អេភ. ២:២
២ គោលបំណងរបស់ព្រះដែលនឹងសម្រេចជាមិនខាននោះ គឺចង់ឲ្យទាំងមនុស្សជាតិទាំងបុគ្គលវិញ្ញាណមានសាមគ្គីភាពក្នុងការថ្វាយបង្គំពិត។ (វិវរ. ៥:១៣) ដោយសារព្រះយេស៊ូជ្រាបពីសារៈសំខាន់នៃគោលបំណងនេះ នោះទ្រង់បានអធិស្ឋានអស់ពីព្រះទ័យឲ្យអ្នកកាន់តាមទ្រង់មានសាមគ្គីភាព។ (យ៉ូន. ១៧:២០, ២១) តើយើងម្នាក់ៗអាចជួយឲ្យក្រុមជំនុំគ្រីស្ទានមានសាមគ្គីភាពយ៉ាងដូចម្ដេច?
៣ របៀបបង្កើតឲ្យមានសាមគ្គីភាព: បើគ្មានព្រះបន្ទូលរបស់ព្រះនិងវិញ្ញាណរបស់ទ្រង់ នោះជនគ្រីស្ទានពុំអាចមានសាមគ្គីភាពបានទេ។ ដោយសារយើងអនុវត្តតាមអ្វីៗដែលយើងអានក្នុងព្រះគម្ពីរ នោះវិញ្ញាណរបស់ព្រះនឹងមានឥទ្ធិពលមកលើជីវិតយើងដោយគ្មានការរារាំង។ នេះផ្ដល់សមត្ថភាពឲ្យយើង«រក្សាសេចក្ដីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្ដីមេត្រី ទុកជាចំណងផង»។ (អេភ. ៤:៣) នេះជំរុញយើងឲ្យទ្រាំទ្រគ្នាដោយសេចក្ដីស្រឡាញ់។ (កូល. ៣:១៣, ១៤; ១ពេ. ៤:៨) តើអ្នកជួយបង្កើតឲ្យមានសាមគ្គីភាពដោយរំពឹងគិតអំពីព្រះបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃឬទេ?
៤ សេចក្ដីបង្គាប់ថាយើងត្រូវផ្សព្វផ្សាយនិងបញ្ចុះបញ្ចូលឲ្យមានសិស្សក៏ធ្វើឲ្យយើងមានសាមគ្គីភាពដែរ។ នៅពេលផ្សព្វផ្សាយជាមួយនឹងបងប្អូនឯទៀតក្នុងកិច្ចបំរើរបស់យើង ដោយ«តតាំងជាមួយគ្នា ដោយនូវសេចក្ដីជំនឿ ខាងឯដំណឹងល្អ» នោះយើងទៅជាអ្នក«ធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត»។ (ភី. ១:២៧; ៣យ៉ូន. ៨) នៅពេលដែលយើងធ្វើដូច្នេះ នេះពង្រឹងចំណងនៃសេចក្ដីស្រឡាញ់ក្នុងក្រុមជំនុំ។ សូមអញ្ជើញបងប្អូនណាម្នាក់ដែលអ្នកមិនបានផ្សព្វផ្សាយជាមួយនៅពេលថ្មីៗនេះ ឲ្យទៅជាមួយនឹងអ្នកនៅសប្ដាហ៍នេះ។
៥ យើងមានឯកសិទ្ធិប្រសើរណាស់! ដែលអាចរួមចំណែកក្នុងភាតរភាពអន្តរជាតិដ៏ពិតតែមួយគត់លើផែនដីសព្វថ្ងៃនេះ។ (១ពេ. ៥:៩) ថ្មីៗនេះ រាប់ពាន់នាក់បានឃើញផ្ទាល់នឹងភ្នែកនូវសាមគ្គីភាពទូទាំងពិភពលោកនេះនៅមហាសន្និបាតអន្តរជាតិប្រធានថា «ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះ»។ សូមយើងម្នាក់ៗជួយរក្សានូវសាមគ្គីភាពដ៏វិសេសនេះ ដោយអានព្រះបន្ទូលរបស់ព្រះរាល់ថ្ងៃព្រមទាំងដោះស្រាយបញ្ហាដោយសេចក្ដីស្រឡាញ់ និងដោយ«ព្រមព្រៀង»គ្នាផ្សាយដំណឹងល្អ។—រ៉ូម ១៥:៦
-
-
ការរកអ្នកដែលគួរ២០០៣ កិច្ចបម្រើព្រះ | ធ្នូ
-
-
ការរកអ្នកដែលគួរ
១ ការណែនាំរបស់ព្រះយេស៊ូស្តីអំពីរបៀបធ្វើកិច្ចការផ្សព្វផ្សាយអាចជាអ្វីដែលពិបាកធ្វើតាម។ ទ្រង់បានមានបន្ទូលថា៖«នៅក្រុងណា ឬភូមិណា ដែលអ្នករាល់គ្នាចូលទៅ នោះត្រូវឲ្យសួររកអ្នកណាក្នុងទីនោះ ដែលគេគួរ»។ (ម៉ាថ. ១០:១១) ដោយសារមនុស្សសព្វថ្ងៃនេះចំណាយពេលកាន់តែតិចទៅៗនៅផ្ទះ តើវិធីដ៏មានប្រសិទ្ធភាពអ្វីដែលយើងអាចសួររកពួកគេ?
២ ចូរគិតពិចារណាអំពីតំបន់ផ្សាយរបស់អ្នក: ទីមួយ ពិនិត្យមើលតំបន់ផ្សាយរបស់អ្នក។ តើមនុស្សច្រើនតែនៅផ្ទះពេលណា? នៅពេលថ្ងៃ តើពួកគេនៅកន្លែងណា? តើមានថ្ងៃណាឬក៏ម៉ោងណាមួយដែលពួកគេប្រហែលជាសុខចិត្តស្ដាប់យើងច្រើនជាងធម្មតានោះ? បើសម្របកិច្ចបំរើរបស់អ្នកទៅតាមទម្លាប់និងកាលៈទេសៈរបស់មនុស្សនៅតំបន់ផ្សាយរបស់អ្នក នេះអាចជួយឲ្យបានលទ្ធផលល្អបំផុត។—១កូ. ៩:២៣, ២៦
៣ អ្នកផ្សាយជាច្រើននាក់បានទទួលជោគជ័យយ៉ាងល្អប្រសើរដោយផ្សព្វផ្សាយនៅពេលល្ងាច។ ម្ចាស់ផ្ទះខ្លះមានអារម្មណ៍ស្រួលជាងនិងសុខចិត្តស្ដាប់នៅពេលនោះ។ ការផ្សាយតាមទូរស័ព្ទពេលល្ងាច(នៅកន្លែងដែលមានច្បាប់អាចធ្វើបាន) ក៏ប្រហែលជាមានប្រសិទ្ធភាពដែរ។ ការផ្សាយនៅតំបន់រកស៊ីនិងទីសាធារណៈក៏ជាវិធីដែលអាចរកមនុស្សដើម្បីប្រាប់ពួកគេអំពីដំណឹងល្អផងដែរ។
៤ ក្នុងកំឡុងខែដែលមានសកម្មភាពពិសេស ក្រុមជំនុំមួយបានរៀបចំកិច្ចផ្សព្វផ្សាយនៅរសៀលថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ហើយពេលល្ងាចថ្ងៃពុធនិងថ្ងៃសុក្រ។ ពួកគេក៏បានរៀបចំកិច្ចផ្សាយតាមទូរស័ព្ទនិងតាមតំបន់រកស៊ីដែរ។ ការរៀបចំនេះបាននាំឲ្យបងប្អូនរំភើបទៅផ្សព្វផ្សាយរហូតដល់ក្រុមជំនុំសម្រេចចិត្តបន្តកម្មវិធីនោះ។
៥ ចូរព្យាយាមត្រឡប់ទៅជួប: បើពិបាកជួបមនុស្សនៅផ្ទះពេលដែលអ្នកត្រឡប់ទៅវិញ នោះខំណាត់ពេលមួយឲ្យបានច្បាស់លាស់ មុនចេញពីផ្ទះគាត់ សូម្បីតែលើកដំបូងដែលជួបគាត់ក៏ដោយ។ បន្ទាប់មកចូរត្រឡប់ទៅវិញតាមពាក្យសន្យាកុំខាន។ (ម៉ាថ. ៥:៣៧) បើជាការសមរម្យ អ្នកអាចសុំលេខទូរស័ព្ទរបស់ម្ចាស់ផ្ទះ។ នេះក៏ជាវិធីជួយឲ្យអ្នកទាក់ទងគាត់ម្ដងទៀត។
៦ បើយើងព្យាយាមរកអ្នកដែលគួរ និងត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ទាំងនេះ នោះព្រះយេហូវ៉ាប្រាកដជានឹងប្រទានពរជាមិនខាន។—សុ. ២១:៥
-