-
របបលោកីយ៍ទាំងមូលមួយបានត្រូវបំផ្លាញចោល!ទស្សនាវដ្ដីប៉មយាម ២០០២ | ១ មិថុនា
-
-
ដែលតែងតែសម្រេចជានិច្ច ថែមទាំងប្រាជ្ញាដ៏ជ្រាលជ្រៅដែលមានក្នុងព្រះគម្ពីរនោះ គឺបញ្ជាក់ថាព្រះគម្ពីរពិតជារបៀបដែលព្រះទាក់ទងនឹងមនុស្សជាតិមែន។ ព្រះគម្ពីរគឺខុសពីរឿងប្រពៃណី ពីព្រោះព្រះគម្ពីរមានទាំងឈ្មោះនិងកាលបរិច្ឆេទជាក់លាក់ ព្រមទាំងមានពត៌មានល្អិតល្អន់អំពីវង្សត្រកូលនិងភូមិសាស្ត្រដែលមានក្នុងកំណត់ហេតុរបស់ប្រវត្ដិសាស្ត្រផងដែរ។ កំណត់ហេតុនោះជួយយើងយល់ដឹងថា របបលោកីយ៍មុនទឹកជំនន់នោះមានស្ថានភាពយ៉ាងណា ហើយក៏សឲ្យឃើញមូលហេតុដែលរបបលោកីយ៍នោះបានកន្លងបាត់ទៅភ្លាមមួយរំពេចដែរ។
តើមានបញ្ហាអ្វីក្នុងសង្គមមនុស្សមុនទឹកជំនន់? អត្ថបទជាបន្តបន្ទាប់នឹងឆ្លើយសំនួរនេះ។ សំនួរនោះគឺសំខាន់សំរាប់អស់អ្នកណាដែលឆ្ងល់ថា តើអនាគតនៃអារ្យធម៌បច្ចុប្បន្នរបស់យើងនឹងប្រកបទៅដោយគ្រោះថ្នាក់ឬក៏អត់។
-
-
ហេតុអ្វីបានជារបបលោកីយ៍ពីបុរាណបានវិនាសបាត់ទៅដូច្នេះ?ទស្សនាវដ្ដីប៉មយាម ២០០២ | ១ មិថុនា
-
-
ហេតុអ្វីបានជារបបលោកីយ៍ពីបុរាណបានវិនាសបាត់ទៅដូច្នេះ?
ទឹកជំនន់ពេញពិភពលោកនោះមិនមែនជាមហន្តរាយធម្មជាតិទេ។ ទឹកជំនន់នោះគឺជាការកាត់ទោសពីព្រះ។ ព្រះបានព្រមានមនុស្ស ប៉ុន្តែ មនុស្សភាគច្រើនបែរជាធ្វើព្រងើយមិនព្រមស្ដាប់ទេ។ ហេតុអ្វី? ព្រះយេស៊ូមានបន្ទូលពន្យល់ថា៖ «គឺមុនពេលទឹកជំនន់ធំ មនុស្សម្នាតែងតែនាំគ្នាស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលលោកណូអេចូលក្នុងទូកធំ។ គេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែទឹកជំនន់ឡើងមកដល់បំផ្លាញគេអស់ទៅ»។—ម៉ាថាយ ២៤:៣៨, ៣៩, ព្រះគម្ពីរភាសាខ្មែរសម្រាយ
អារ្យធម៌ដ៏ជឿនលឿន
អារ្យធម៌មុនទឹកជំនន់នោះមានលក្ខណៈខ្លះល្អជាងអារ្យធម៌របស់យើងសព្វថ្ងៃនេះទៅទៀត។ តួយ៉ាងដូចជា មនុស្សទាំងអស់និយាយភាសាតែមួយ។ (លោកុប្បត្តិ ១១:១) ស្ថានការណ៍នេះផ្ដល់ឲ្យគេនូវសមត្ថភាពបង្កើតសមិទ្ធិផលជាច្រើនខាងសិល្បៈនិងវិទ្យាសាស្ត្រ ពេលមនុស្សដែលមានជំនាញផ្សេងៗសហការគ្នា។ ម្យ៉ាងទៀត អាយុកាលមធ្យមដ៏យូរអង្វែងដែលមនុស្សមាននៅសម័យនោះ នឹងហុចឱកាសឲ្យគេបន្តរីកចំរើនខាងចំណេះដឹងដែលគេបានទទួលតាំងពីប៉ុន្មានសតវត្សមុនមក។
មនុស្សខ្លះអះអាងថា អាយុមធ្យមរបស់មនុស្សនៅសម័យនោះមិនមែនវែងដូច្នេះទេ ហើយគេថាឆ្នាំអាយុដែលព្រះគម្ពីររៀបរាប់នោះ តាមពិតសំដៅទៅលើខែវិញ។ តើការអះអាងនេះជាការពិតទេ? សូមពិចារណាកំណត់ហេតុអំពីលោកម៉ាលេលាល។ ព្រះគម្ពីរចែងថា៖ «ម៉ាលេលាលអាយុបាន៦៥ឆ្នាំ នោះគាត់បង្កើតបានយ៉ារេឌ។ . . . អាយុម៉ាលេលាលទាំងអស់បាន៨៩៥ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ»។ (លោកុប្បត្តិ ៥:១៥-១៧) បើសិនជាមួយឆ្នាំគឺស្មើនឹងមួយខែមែន នោះម៉ាលេលាលបានកូនប្រុសមួយពេលគាត់មានអាយុតែ៥ឆ្នាំប៉ុណ្ណោះ! តែនេះគឺមិនពិតដូច្នេះទេ។ នៅសម័យនោះកម្លាំងនិងសុខភាពមនុស្សខ្លាំងនិងល្អដោយសារជីវិតរបស់គេរស់ជិតជីវិតគ្រប់ល័ក្ខណ៍របស់អ័ដាម ជាបុរសទីមួយ។ ពួកគេពិតជាបានរស់អស់រាប់សតវត្សមែន។ តើពួកគេមានសមិទ្ធិផលអ្វីខ្លះ?
រាប់សតវត្សមុនទឹកជំនន់នោះ ប្រជាជននៅលើផែនដីបានចំរើនឡើងដល់ម្ល៉េះដែលកាអ៊ីន កូនប្រុសរបស់អ័ដាមអាចកសាងទីក្រុងមួយ ដែលគាត់ដាក់ឈ្មោះថាអេណុក។ (លោកុប្បត្តិ ៤:១៧) ក្នុងកំឡុងសម័យទាំងប៉ុន្មានមុនទឹកជំនន់ ឧស្សាហកម្មជាច្រើនបានផុសឡើង។ មានជាងដែកដែលចេះបង្កើត«គ្រប់ទាំងឧបករណ៍ធ្វើពីលង្ហិនឬដែក»។ (លោកុប្បត្តិ ៤:២២, ព.ថ.) ឧបករណ៍ទាំងនេះទំនងជាត្រូវប្រើសំរាប់ការសាងសង់ របរជាងឈើ ការកាត់ដេរ និងកសិកម្ម។ ជំនាញទាំងអស់នេះត្រូវរៀបរាប់ក្នុងកំណត់ហេតុអំពីមនុស្សជំនាន់ដើមនៅលើផែនដី។
ចំណេះវិជ្ជានោះផ្ដល់ឲ្យតំណបន្តបន្ទាប់មកមានសមត្ថភាពបណ្ដុះជំនាញ ដូចជាលោហកម្ម កសិកម្ម ការចិញ្ចឹមសត្វ ការបង្កាត់ពូជសត្វ អក្សរសាស្ត្រ និងសិល្បៈ។ ជាក់ស្តែងដូចជាលោកយូបាលដែលជា«ឪពុកនៃពួកអ្នកលេងស៊ុងនឹងខ្លុយ»។ (លោកុប្បត្តិ ៤:២១) អារ្យធម៌នោះបានជឿនលឿនយ៉ាងខ្លាំង។ ក៏ប៉ុន្តែ អារ្យធម៌នោះបានវិនាសសាបសូន្យទៅក្នុងពេលតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ តើអ្វីបានកើតឡើង?
តើមានបញ្ហាអ្វី?
ទោះជាសង្គមមនុស្សមុនទឹកជំនន់មានលក្ខណៈល្អៗជាច្រើនក៏ដោយនោះ ទីចាប់ផ្ដើមរបស់វាគឺអាក្រក់ណាស់។ អ័ដាម ដែលជាអ្នកបង្កើតសង្គមមនុស្សនោះ គឺជាអ្នកបះបោរប្រឆាំងនឹងព្រះ។ កាអ៊ីន អ្នកកសាងទីក្រុងទីមួយបានសម្លាប់ប្អូនប្រុសគាត់ចោល។ ដូច្នេះ គ្មានអ្វីប្លែកទេថា សេចក្ដីអាក្រក់បានដុះដាលយ៉ាងលឿន! លទ្ធផលពីមត៌កអាក្រក់ដែលអ័ដាមបានបន្សល់ទុកឲ្យកូនចៅរបស់គាត់ ចេះតែគរឡើងជាគំនរៗ។—រ៉ូម ៥:១២
សេចក្ដីអាក្រក់នោះទំនងជាបានឡើងដល់កំពូលហើយ ដ្បិតព្រះយេហូវ៉ាបានដាក់កំហិតថា ទ្រង់នឹងប្រណីនឹងស្ថានភាពនោះតែ១២០ឆ្នាំទៀតប៉ុណ្ណោះ។ (លោកុប្បត្តិ ៦:៣) ព្រះគម្ពីរចែងថា៖ «ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ។ . . . [ផែនដី]មានពេញជាសេចក្ដីកាចសហ័សផង»។—លោកុប្បត្តិ ៦:៥, ១១
ក្រោយមក លោកណូអេបានត្រូវព្រមានយ៉ាងច្បាស់លាស់ថា ព្រះនឹងបំផ្លាញអស់ទាំងសាច់ដោយទឹកជំនន់ដ៏ធំមួយ។ (លោកុប្បត្តិ ៦:១៣, ១៧) ទោះជាលោកណូអេបានធ្វើជា«អ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»ក៏ដោយនោះ ជនានុជនមុខជាពិបាកជឿណាស់ថារបបលោកីយ៍នៅជុំវិញគេជិតមកទីបញ្ចប់ហើយ។ (ពេត្រុសទី២ ២:៥) មានតែមនុស្សប្រាំបីនាក់ប៉ុណ្ណោះដែលបានស្ដាប់តាមការព្រមាននិងក្រោយមកទទួលសេចក្ដីសង្គ្រោះ។ (ពេត្រុសទី១ ៣:២០) ហេតុអ្វីបានជារឿងនេះមានសារៈប្រយោជន៍សំរាប់យើងនៅសម័យនេះ?
តើមានសារៈប្រយោជន៍សំរាប់យើងទេ?
យើងកំពុងតែរស់នៅសម័យស្រដៀងគ្នានឹងសម័យរបស់លោកណូអេដែរ។ ជាញឹកញាប់យើងឮអំពីការវាយប្រហារភេរវកម្មគួរឲ្យរន្ធត់ ការប្រល័យពូជសាសន៍ ការបាញ់សម្លាប់រង្គាលដោយគ្មានហេតុជាក់ស្តែង ហើយនិងអំពើហិង្សាដល់កំរិតដ៏គួរឲ្យខ្លោចផ្សា។ ម្ដងទៀត ផែនដីយើងនេះបានពេញទៅដោយអំពើហិង្សាជាច្រើន ហើយដូចពីមុនដែរ របបលោកីយ៍នេះបានត្រូវព្រមានអំពីការជំនុំជំរះដែលជិតមកដល់ហើយ។ ព្រះយេស៊ូអង្គទ្រង់ផ្ទាល់បានមានបន្ទូលថា ព្រះនឹងតែងតាំងទ្រង់ជាចៅក្រម ហើយទ្រង់នឹងញែកមនុស្សចេញពីគ្នា ដូចជាអ្នកគង្វាលញែកចៀមពីពពែ។ មនុស្សដែលព្រះយេស៊ូទតឃើញថាមិនគួរនឹងទទួលជីវិតនោះ គេ«នឹងថយទៅ មានទោសអស់កល្បជានិច្ច»។ (ម៉ាថាយ ២៥:៣១-៣៣, ៤៦) ក៏ប៉ុន្តែ លើកនេះ ព្រះគម្ពីរចែងថានឹងមានមនុស្សរាប់លាននាក់រួចរស់ជីវិត គឺជាមនុស្សមួយហ្វូងយ៉ាងធំដែលថ្វាយបង្គំព្រះពិតតែមួយ។ ក្នុងរបបលោកីយ៍ថ្មីដែលជិតមកដល់ហើយនោះ មនុស្សទាំងនេះនឹងរីករាយចំពោះជីវិតដែលប្រកបទៅដោយសេចក្ដីសុខសាន្តនិងសន្ដិសុខដែលមិនដែលមានពីមុនមកឡើយ។—មីកា ៤:៣, ៤; វិវរណៈ ៧:៩-១៧
មនុស្សជាច្រើនមើលស្រាលដល់បន្ទូលក្នុងព្រះគម្ពីរនិងការព្រមានអំពីការជំនុំជំរះដែលនឹងបញ្ជាក់ថាបន្ទូលក្នុងព្រះគម្ពីរគឺជាការពិតមែននោះ។ ប៉ុន្តែ សាវ័កពេត្រុសបានពន្យល់ថា អ្នកដែលសង្ស័យដូច្នេះ គឺបិទភ្នែកមិនព្រមមើលហេតុការណ៍ពិតទេ។ ពេត្រុសបានសរសេរថា៖ «នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក . . . ទាំងចំអកឡកឡឺយថា៖ ‹តើសេចក្ដីសន្យាពីព្រះអង្គយាងមកនៅឯណា?› . . . ពីព្រោះគេចង់បំភ្លេចថា ពីចាស់បុរាណមានផ្ទៃមេឃ ក៏មានដីដុះចេញពីទឹក ហើយនៅក្នុងទឹកផង ដោយសារព្រះបន្ទូលនៃព្រះ រួចមកលោកីយត្រូវទឹកនោះជន់លិចបំផ្លាញទៅ តែផ្ទៃមេឃ នឹងផែនដីនៅជាន់នេះ បានបំរុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិលល្មើសចេញ»។—ពេត្រុសទី២ ៣:៣-៧
-