បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការជួយអ្នកដទៃឲ្យសរសើរព្រះយេហូវ៉ា
    ២០០២ កិច្ចបម្រើព្រះ | កញ្ញា
    • ការ​ជួយ​អ្នក​ដទៃ​ឲ្យ​សរសើរ​ព្រះ​យេហូវ៉ា​

      ១ សារ​មួយ​ដ៏​សំខាន់​កំពុង​តែ​ផ្សាយ​ប្រកាស​ដល់​​មនុស្ស​ទូទាំង​ផែនដី គឺ​ថា៖ «ចូរ​កោត​ខ្លាច​ដល់​​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់​ចុះ! ដ្បិត​ពេល​ដែល​​ទ្រង់​ត្រូវ​ជំនុំជំរះ នោះ​បាន​មក​ដល់​​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ដល់​​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ នឹង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ!»។ (វិ​វរ​. ១៤:៦, ៧) យើង​មាន​ឯក​សិទ្ធិ​រួម​ចំណែក​ក្នុង​កិច្ចការ​ប្រកាស​នេះ។ តើ​មនុស្ស​ត្រូវ​ដឹង​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា ដើម្បី​​កោត​ខ្លាច​ព្រម​ទាំង​ថ្វាយ​បង្គំ​ទ្រង់?

      ២ ព្រះ​នាម​របស់​ព្រះ: មនុស្ស​ត្រូវ​ស្គាល់​ព្រះ​នាម​របស់​ព្រះ​ពិត​តែ​មួយ ក៏​ត្រូវ​សម្គាល់​ទ្រង់​ជា​ព្រះ​ខុស​ប្លែក​ពី​ព្រះ​មិន​ពិត​ជា​ច្រើន​អនេក​ដែល​​មនុស្ស​កំពុង​តែ​ថ្វាយ​បង្គំ​សព្វ​ថ្ងៃ​នេះ។ (ចោទិ. ៤:៣៥; ១​កូ​. ៨:៥, ៦) តាម​ការ​ពិត ពួក​អ្នក​សរសេរ​ព្រះ​គម្ពីរ​បាន​ប្រើ​ព្រះ​នាម​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ព្រះ​យេហូវ៉ា​ជាង​៧​.​០០០​ដង។ យើង​មិន​ត្រូវ​ខ្មាស​ប្រើ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា ឬ​មួយ​ក៏​ជៀស​វាង​ប្រើ​ព្រះ​នាម​នោះ​ទេ ក៏​ប៉ុន្តែ យើង​ត្រូវ​ចេះ​គិត​ថ្លឹង​ថ្លែង​រក​ឱកាស​សម​ល្អ​ដើម្បី​​ប្រាប់​ឲ្យ​អ្នក​ដទៃ​ស្គាល់​ព្រះ​នាម​របស់​ព្រះ។ ព្រះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ឲ្យ​មនុស្ស​លោក​ទាំង​ឡាយ​ស្គាល់​ព្រះ​នាម​របស់​ទ្រង់។—ទំនុក. ៨៣:១៨

      ៣ បុគ្គលិកលក្ខណៈ​របស់​ព្រះ: មនុស្ស​ត្រូវ​ស្គាល់​បុគ្គលិកលក្ខណៈ​របស់​ព្រះ​យេហូវ៉ា ទើប​ពួក​គេ​អាច​សរសើរ​ទ្រង់​បាន។ យើង​ត្រូវ​ជួយ​គេ​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ប្រកប​ទៅ​ដោយ​​សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ ព្រម​ទាំង​មាន​ប្រាជ្ញា​ដ៏​លើស​លប់ និង​ទ្រង់​មាន​យុត្ដិធម៌​ពេញលេញ​ដែរ ហើយ​មាន​គ្រប់​ព្រះ​ចេស្ដា ព្រម​ទាំង​មាន​ព្រះទ័យ​មេត្ដាករុណា សេចក្ដី​សប្បុរស​ដ៏​ស្មោះ និង​គុណសម្បត្ដិ​ដ៏​អស្ចារ្យ​ឯ​ទៀត​ដែរ។ (និក្ខ. ៣៤:៦, ៧) ពួក​គេ​ក៏​ត្រូវ​រៀន​ចេះ​កោត​ខ្លាច​ព្រះ ទាំង​ត្រូវ​គោរព​ទ្រង់​ជា​ព្រះ​ដែល​​គួរ​ស្ញែង​ខ្លាច​ដោយ​​ព្រោះ​ដឹង​ថា ជីវិត​ស្លាប់​រស់​របស់​ពួក​គេ​ពឹងផ្អែក​ទៅ​លើ​ការ​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ទ្រង់។—ទំនុក. ៨៩:៧

      ៤ ការ​ចូល​ទៅ​ជិត​ព្រះ: មនុស្ស​ត្រូវ​អំពាវនាវ​រក​ព្រះ​យេហូវ៉ា​ដោយ​​ចិត្ត​ជឿ ដើម្បី​​ទទួល​សេចក្ដី​សង្គ្រោះ​ពេល​ទ្រង់​ជំនុំជំរះ​មនុស្ស​ជាតិ​នៅ​ពេល​ខាង​មុខ​នេះ។ (រ៉ូម ១០:១៣, ១៤; ២​ថែ​. ១:៨) នេះ​រួម​បញ្ចូល​ច្រើន​ជាង​ការ​គ្រាន់​តែ​ទទួល​ចំណេះ​អំពី​ព្រះ​នាម​និង​បុគ្គលិកលក្ខណៈ​របស់​ទ្រង់​ប៉ុណ្ណោះ។ យើង​ត្រូវ​ជួយ​មនុស្ស​បណ្ដុះ​ឲ្យ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា ទាំង​ទុក​ចិត្ត​ទ្រង់​អស់​អំពី​ចិត្ត​របស់​ពួក​គេ​ផង​ដែរ។ (សុ. ៣:៥, ៦) ពួក​គេ​នឹង​មាន​ជំនឿ​កាន់​តែ​ខ្លាំង​ឡើងៗ ពេល​ពួក​គេ​អនុវត្ត​តាម​អ្វីៗដែល​​គេ​រៀន ព្រម​ទាំង​អធិស្ឋាន​ទូល​ថ្វាយ​ទ្រង់​ដោយ​​ចិត្ត​ស្មោះ និង​ពិសោធ​នូវ​ជំនួយ​ដែល​​ទ្រង់​អាច​ផ្ដល់​ឲ្យ​បាន ហើយ​នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​ចូល​កាន់​តែ​ជិត​ទ្រង់​ថែម​ទៀត។—ទំនុក. ៣៤:៨

      ៥ ចូរ​ឲ្យ​យើង​ប្រកាស​ផ្សាយ​នូវ​ព្រះ​នាម​របស់​ព្រះ ហើយ​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ទ្រង់ ព្រម​ទាំង​កោត​ខ្លាច​ចំពោះ​ទ្រង់​ដែរ។ ទំរាំ​ពេល​នេះ​មក​ដល់​ យើង​នៅ​តែ​អាច​ជួយ​មនុស្ស​ច្រើន​នាក់​ទៀត​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា និង​សរសើរ​ទ្រង់​ជា​‹ព្រះ​ដែល​​ជួយ​សង្គ្រោះ›​យើង។—ទំនុក. ២៥:៥

  • ចូរបង្ហាញចិត្ដកតញ្ញូចំធនធានខាងព្រះធិបតេយ្យ ដ៏មានតម្លៃ
    ២០០២ កិច្ចបម្រើព្រះ | កញ្ញា
    • ចូរ​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ធនធាន​ខាង​ព្រះ​ធិបតេយ្យ​ ដ៏​មាន​តម្លៃ

      ១ ពេល​ស្តេច​យ៉ូសៀស​រៀប​ចំ​គំ​រោង​ជួសជុល​ព្រះ​វិហារ​នោះ ទ្រង់​បាន​សរសើរ​បុគ្គល​ទាំង​ប៉ុន្មាន​ដែល​​បាន​ទទួល​កិច្ចការ​នោះ​ដោយ​​មាន​បន្ទូល​ថា៖ «កុំ​សួរ​នាំ​ពី​ប្រាក់​ដែល​​ប្រគល់​ទៅ​អោយ​ពួក​មេ​ជាង​ឡើយ ដ្បិត​ពួក​គេ​ធ្វើ​ការ​នេះ​ដោយ​​ចិត្ត​ស្មោះ​បំផុត»។ (២​ពង្ស​. ២២:៣​-​៧, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ, កំណែ​ជា​អក្សរ​ទ្រេត) របៀប​ដែល​​ពួក​ជាង​ទាំង​នោះ​ប្រើ​ប្រាស់​នូវ​ធនធាន​ដែល​​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​នោះ បញ្ជាក់​ឲ្យ​ឃើញ​ថា ពួក​គេ​ពិត​ជា​យល់​តម្លៃ​នៃ​សម្ភារៈ​នោះ​ណាស់។ ពេល​យើង​«ធ្វើ​ការងារ​បរិសុទ្ធ គឺ​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ»​សព្វ​ថ្ងៃ​នេះ យើង​ក៏​ត្រូវ​បង្ហាញ​ចិត្ត​ស្មោះ​ត្រង់​ផង​ដែរ ក្នុង​ការ​ប្រើ​ប្រាស់​នូវ​សម្ភារៈ​ផ្សេងៗដែល​​បាន​ប្រគល់​ឲ្យ​យើង។

      ២ ក្នុង​កិច្ច​បំរើ​ផ្សាយ: ការ​ដឹង​គុណ​ចំពោះ​សារ​ដ៏​សំខាន់​ក្នុង​ប្រកាសនវត្ថុ​នានា​របស់​យើង ហើយ​ការ​យល់​ដឹង​អំពី​ការ​ចំណាយ​ជា​ច្រើន​ទៀត​ដើម្បី​​បោះ​ពុម្ព​ប្រកាសនវត្ថុ​ទាំង​នោះ​ដែរ គួរ​ជួយ​យើង​ចាត់​ទុក​សៀវភៅ​ទាំង​ឡាយ​នោះ​ជា​របស់​មាន​តម្លៃ។ យើង​មិន​គួរ​ចេះ​តែ​ចែក​សៀវភៅ​របស់​យើង​ដល់​​មនុស្ស​ដែល​​មិន​បង្ហាញ​ចិត្ត​អបអរ​ចំពោះ​សារ​ព្រះ​គម្ពីរ​ទេ។ ប្រសិន​ណា​មនុស្ស​ម្នាក់​មិន​សូវ​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ដំណឹង​ល្អ​នេះ​ទេ យើង​អាច​ឲ្យ​គាត់​នូវ​ខិត្តប័ណ្ណ​មួយ​សន្លឹក​ជាជាង​ឲ្យ​សៀវភៅ​ផ្សេង។

      ៣ រីឯ​ប្រកាសនវត្ថុ សូម​ចែក​សៀវភៅ​នោះ​តាម​របៀប​ដែល​​បញ្ជាក់​ថា អ្នក​ចាត់​ទុក​សៀវភៅ​ទាំង​នោះ​ជា​របស់​មាន​តម្លៃ​ណាស់។ សូម​កុំ​ដាក់​សៀវភៅ​នោះ​នៅ​កន្លែង​ដែល​​មនុស្ស​ច្រើន​នាក់​ចេញ​ចូល​យក​វា​ដាក់​រាយ​ប៉ាយ​ពេញ​បន្ទប់។ សូម​មើល​ចំនួន​សៀវភៅ​ដែល​​យើង​មាន​នៅ​ផ្ទះ​សិន មុន​នឹង​ទទួល​សៀវភៅ​បន្ថែម​ទៀត ដើម្បី​​ជៀស​វាង​គរ​ទុក​សៀវភៅ​ច្រើន​ពេក​ដែល​​យើង​ប្រើ​មិន​បាន។ បើ​អ្នក​ចុះ​ឈ្មោះ​ទទួល​ទស្សនាវដ្ដី​មួយ​ចំនួន ហើយ​តែង​តែ​មាន​ច្រើន​ច្បាប់​នៅ​សល់​នោះ សូម​គិត​បន្ថយ​ចំនួន​សៀវភៅ​ដែល​​អ្នក​ស្នើ​ទទួល​នោះ។

      ៤ ប្រកាសនវត្ថុ​ដែល​​យើង​ប្រើ​ផ្ទាល់​ខ្លួន: យើង​ត្រូវ​ស្នើ​ទទួល​តែ​ប្រកាសនវត្ថុ​ណា​ដែល​​យើង​ពិត​ជា​ត្រូវ​ការ។ ជា​ពិសេស​យើង​ចង់​ចេះ​ប្រមាណ​ពេល​សុំ​សៀវភៅ​ជា​ភាសា​អង់គ្លេស ដូច​ជា​ព្រះ​គម្ពីរ​ក្រប​ស្បែក និង​ព្រះ​គម្ពីរ​យោង ហើយ​សៀវភៅ​ធំ​ឯ​ទៀត​ដូច​ជា​សៀវភៅ​មា​លី​សព្ទ លិបិក្រម ការ​យល់​ធ្លុះ​ជ្រៅ និង​សៀវភៅ​ពួក​អ្នក​ប្រកាស​ដែរ ដែល​​ត្រូវ​បោះ​ពុម្ព អស់​តម្លៃ​យ៉ាង​ច្រើន​ទៀត​ផង។

      ៥ តើ​អ្នក​មាន​ទម្លាប់​សរសេរ​ឈ្មោះ​និង​អា​ស័យដ្ឋាន​របស់​អ្នក​ក្នុង​សៀវភៅ​ដែល​​ជា​កម្មសិទ្ធិ​របស់​អ្នក​ផ្ទាល់​ឬ​ទេ? បើ​ធ្វើ​ដូច្នេះ មិន​សូវ​ជា​ចាំបាច់​ឲ្យ​យើង​ទទួល​សៀវភៅ​ថ្មី​ជំនួស​សៀវភៅ​ដែល​​យើង​បាត់បង់​នោះ​ទេ។ បើ​អ្នក​បាត់បង់​នូវ​សៀវភៅ​ចំរៀង ឬ​ប្រកាសនវត្ថុ​ណា​ទៀត​ដែល​​យើង​កំពុង​តែ​សិក្សា​នោះ អ្នក​ប្រហែល​ជា​អាច​រក​វា​ឃើញ​ក្នុង​ចំណោម​វត្ថុ​ផ្សេងៗដែល​​បាន​ប្រមូល​ទុក​នៅ​សាលព្រះរាជាណាចក្រ​ឬ​កន្លែង​សន្និបាត ជា​អីវ៉ាន់​ដែល​​បងប្អូន​បាន​បាត់។—លូ​. ១៥:៨, ៩

      ៦ សូម​មេត្ដា​ប្រើ​ប្រាស់​ប្រកាសនវត្ថុ​របស់​យើង​ដោយ​​សំច័យ។ ធ្វើ​ដូច​នេះ​ជា​ការ​បង្ហាញ​នូវ​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​ប្រើ​ប្រាស់​ធនធាន​ខាង​ព្រះ​រាជាណាចក្រ​ដែល​​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​យើង​ជា​បញ្ញើ។—លូ​. ១៦:១០

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក