-
ហេតុអ្វីយើងទទួលបុណ្យជ្រមុជទឹក?ទស្សនាវដ្ដីប៉មយាម ២០០២ | ១ កក្កដា
-
-
មិនបានថ្វាយខ្លួនចំពោះកិច្ចការមួយ ឬក៏ថ្វាយដល់មនុស្សណាម្នាក់ទេ តែយើងបានថ្វាយខ្លួនចំពោះព្រះទេតើ។
១៥. ហេតុអ្វីបានជាអ្នកដែលទទួលបុណ្យជ្រមុជទឹកត្រូវពន្លិចរូបកាយទាំងមូលទៅក្នុងទឹក?
១៥ ពេលយើងថ្វាយខ្លួនចំពោះព្រះតាមរយៈព្រះគ្រីស្ទនោះ យើងបង្ហាញពីការប្ដេជ្ញាចិត្តដែលត្រូវប្រើជីវិតយើងសមស្របទៅតាមព្រះហឫទ័យរបស់ព្រះ ដូចដែលបង្ហាញយ៉ាងចំក្នុងបទគម្ពីរ។ អ្នកដែលទទួលបុណ្យជ្រមុជទឹកត្រូវពន្លិចរូបកាយទាំងមូលទៅក្នុងទឹកតែម្ដង នេះតំណាងការថ្វាយខ្លួនរបស់គេ ដូចជាព្រះយេស៊ូបានទទួលបុណ្យជ្រមុជទឹកក្នុងទន្លេយ័រដាន់ ដើម្បីបង្ហាញថាទ្រង់បានប្រគល់អង្គទ្រង់ថ្វាយព្រះ។ (ម៉ាថាយ ៣:១៣) គួរឲ្យកត់សម្គាល់ដែរថា នៅគ្រាសំខាន់នោះព្រះយេស៊ូកំពុងតែអធិស្ឋានផងដែរ។—លូកា ៣:២១, ២២
១៦. ពេលយើងមើលឃើញបុគ្គលទទួលបុណ្យជ្រមុជទឹក តើយើងអាចបង្ហាញអំណររបស់យើងយ៉ាងណាដែលសមគួរ?
១៦ បុណ្យជ្រមុជទឹករបស់ព្រះយេស៊ូគឺជាពិធីដ៏សំខាន់និងមានភាពថ្លៃថ្នូរ តែក៏ជាគ្រាសប្បាយផងដែរ។ បុណ្យជ្រមុជទឹកគ្រីស្ទានសព្វថ្ងៃនេះក៏ដូចគ្នាដែរ។ ពេលយើងឃើញបុគ្គលដែលចង់បង្ហាញពីការថ្វាយខ្លួនរបស់គេចំពោះព្រះនោះ យើងអាចសម្ដែងអំណររបស់យើងដោយទះដៃបែបបង្ហាញការគោរព និងដោយសរសើរគេយ៉ាងកក់ក្ដៅ។ ប៉ុន្តែ ការស្រែកអបអរ និងការហួចជាដើម ដាច់ខាតត្រូវជៀសវាងដោយគិតពីភាពពិសិដ្ឋនៃពិធីនេះ ដែលជាការបង្ហាញនូវជំនឿរបស់ខ្លួន។ យើងសម្ដែងអំណររបស់យើងដោយសេចក្ដីថ្លៃថ្នូរ។
១៧, ១៨. តើអ្វីជួយអ្នកចាស់ទុំវិនិច្ឆ័យថា តើបុគ្គលម្នាក់មានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបុណ្យជ្រមុជទឹក?
១៧ ស្មរបន្ទាល់ព្រះយេហូវ៉ាមិនដែលបង្ខិតបង្ខំអ្នកណាម្នាក់ឲ្យទទួលបុណ្យជ្រមុជទឹកទេ ជាហេតុធ្វើឲ្យគេខុសគ្នាឆ្ងាយពីអ្នកដែលប្រោះទឹកលើកូនង៉ា ឬមួយក៏បង្ខំដោយគាបសង្កត់មនុស្សឲ្យទទួលបុណ្យជ្រមុជទឹកជាសមូហភាព ពេលគេមិនទាន់បានទទួលចំណេះដឹងពីព្រះគម្ពីរនៅឡើយនោះ។ តាមពិត ស្មរបន្ទាល់មិនជ្រមុជទឹកឲ្យអ្នកណា ដែលគ្មានលក្ខណៈខាងវិញ្ញាណគ្រប់គ្រាន់ទេ។ សូម្បីតែមុនបុគ្គលម្នាក់អាចក្លាយជាអ្នកផ្សាយដំណឹងល្អដែលមិនទាន់ជ្រមុជទឹកក្ដី អ្នកចាស់ទុំគ្រីស្ទានធ្វើការស្ទាបស្ទង់សាកសួរឲ្យប្រាកដថា អ្នកនោះយល់សេចក្ដីបង្រៀនបឋមក្នុងព្រះគម្ពីរ និងកំពុងតែរស់សមស្របទៅតាមសេចក្ដីបង្រៀននោះ ហើយក៏ឆ្លើយយល់ព្រមតបនឹងសំនួរមួយដូចតទៅនេះថា៖ «តើអ្នកពិតជាចង់ក្លាយជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ឬទេ?»។
១៨ ក្នុងករណីភាគច្រើន ពេលបុគ្គលម្នាក់កំពុងតែរួមចំណែកយ៉ាងល្អក្នុងកិច្ចការផ្សាយព្រះរាជាណាចក្រ និងគាត់ប្រាប់ថា គាត់ចង់ទទួលបុណ្យជ្រមុជទឹកនោះ ពេលនោះទើបអ្នកចាស់ទុំពិគ្រោះគ្នាជាមួយគាត់ឲ្យប្រាកដថា គាត់ជាអ្នកជឿដែលបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ា ហើយបានបំពេញតម្រូវការរបស់ព្រះដែលចាំបាច់ដើម្បីទទួលបុណ្យជ្រមុជទឹក។ (កិច្ចការ ៤:៤; ១៨:៨) របៀបគេឆ្លើយដោយផ្ទាល់នូវសំនួរជាងមួយរយផ្សេងៗស្តីពីសេចក្ដីបង្រៀនព្រះគម្ពីរ នឹងជួយអ្នកចាស់ទុំវិនិច្ឆ័យថា តើអ្នកនោះបំពេញតម្រូវការព្រះគម្ពីរដើម្បីអាចទទួលបុណ្យជ្រមុជទឹកបានឬទេ? មានបុគ្គលខ្លះដែលពុំមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបុណ្យជ្រមុជទឹក ដូច្នេះគេមិនទទួលការអនុម័តឲ្យទទួលបុណ្យជ្រមុជទឹកគ្រីស្ទានទេ។
តើមានអ្វីធ្វើឲ្យអ្នកស្ទាក់ស្ទើរក្នុងចិត្តទេ?
១៩. យោងទៅតាមយ៉ូហាន ៦:៤៤ តើអ្នកណាអាចគ្រងព្រះរាជាណាចក្រជាមួយនឹងព្រះយេស៊ូ?
១៩ មនុស្សជាច្រើនដែលបានទទួលបុណ្យជ្រមុជទឹកជាសមូហភាពនោះ ប្រហែលជាត្រូវបានគេប្រាប់ជាមុនថា គេនឹងឡើងទៅស្ថានសួគ៌ក្រោយពីស្លាប់។ ប៉ុន្តែ ព្រះយេស៊ូបានមានបន្ទូលអំពីអ្នកកាន់តាមទ្រង់ថា៖ «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»។ (យ៉ូហាន ៦:៤៤) ព្រះយេហូវ៉ាបានទាញនាំមនុស្ស១៤៤.០០០នាក់មកឯព្រះគ្រីស្ទ ហើយពួកគេនឹងគ្រងព្រះរាជាណាចក្រជាមួយទ្រង់នៅស្ថានសួគ៌។ ការបង្ខិតបង្ខំមនុស្សឲ្យទទួលបុណ្យជ្រមុជទឹក មិនដែលញែកទុកមនុស្សនោះឲ្យទទួលឋានៈដ៏រុងរឿងក្នុងការរៀបចំរបស់ព្រះឡើយ។—រ៉ូម ៨:១៤-១៧; ថែស្សាឡូនីចទី២ ២:១៣; វិវរណៈ ១៤:១
២០. តើអ្វីអាចជួយបុគ្គលខ្លះដែលមិនទាន់បានទទួលបុណ្យជ្រមុជទឹក?
២០ ជាពិសេស តាំងតែពីពាក់កណ្ដាលទសវត្សពីឆ្នាំ១៩៣០ មនុស្សច្រើនឥតគណនាដែលមានសេចក្ដីសង្ឃឹមរួចរស់ជីវិតផុតពី«គ្រាវេទនាយ៉ាងធំ»ហើយរស់នៅលើផែនដីជារៀងរហូត គេក៏បានចូលរួមជាមួយ«ចៀមឯទៀត»របស់ព្រះយេស៊ូ។ (វិវរណៈ ៧:៩, ១៤; យ៉ូហាន ១០:១៦) ពួកគេមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបុណ្យជ្រមុជទឹក ពីព្រោះគេបានរស់នៅសមស្របទៅតាមព្រះបន្ទូលរបស់ព្រះ ហើយគេស្រឡាញ់ទ្រង់«អស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកម្លាំង ហើយអស់អំពីគំនិត»គេដែរ។ (លូកា ១០:២៥-២៨) ទោះជាបុគ្គលខ្លះទទួលស្គាល់ថា ស្មរបន្ទាល់ព្រះយេហូវ៉ា‹ថ្វាយបង្គំព្រះដោយវិញ្ញាណ និងសេចក្ដីពិត›យ៉ាងណាក៏ដោយ ពួកគេមិនទាន់បានធ្វើតាមគំរូព្រះយេស៊ូ ដោយទទួលបុណ្យជ្រមុជទឹកជាសាធារណៈនៅឡើយទេ ដែលនេះជាការបញ្ជាក់ពីសេចក្ដីស្រឡាញ់របស់គេចំពោះព្រះយេហូវ៉ា និងថាគេចង់ថ្វាយបង្គំទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ។ (យ៉ូហាន ៤:២៣, ២៤; ចោទិយកថា ៤:២៤; ម៉ាកុស ១:៩-១១) ការអធិស្ឋានយ៉ាងជាក់លាក់និងអស់ពីចិត្តអំពីជំហានដ៏សំខាន់នេះ ប្រហែលជានឹងជំរុញចិត្តគេ ហើយនិងផ្ដល់សេចក្ដីក្លាហានឲ្យគេសម្របជីវិតទៅតាមព្រះបន្ទូលរបស់ព្រះ ថ្វាយខ្លួនចំពោះព្រះយេហូវ៉ាដោយមិនទើសទាល់ ហើយទទួលបុណ្យជ្រមុជទឹក។
២១, ២២. មនុស្សខ្លះស្ទាក់ស្ទើរមិនថ្វាយខ្លួននិងមិនទទួលបុណ្យជ្រមុជទឹកទេ តើដោយព្រោះមូលហេតុអ្វីខ្លះ?
២១ បុគ្គលខ្លះស្ទាក់ស្ទើរមិនថ្វាយខ្លួនហើយមិនទទួលបុណ្យជ្រមុជទឹកទេ ពីព្រោះគេរវល់តែនឹងកិច្ចការលោកីយ៍ ឬមួយក៏គេជក់ដេញតាមរកទ្រព្យសម្បត្ដិដល់ម្ល៉េះបានជាគេមិនសូវមានពេលសំរាប់អ្វីៗខាងវិញ្ញាណទេ។ (ម៉ាថាយ ១៣:២២; យ៉ូហានទី១ ២:១៥-១៧) គេនឹងអាចមានសុភមង្គលបានច្រើនណាស់! បើគេផ្លាស់ប្ដូរទស្សនៈនិងគោលដៅរបស់គេ! ការចូលទៅជិតព្រះយេហូវ៉ានឹងបង្កើនភាពខាងវិញ្ញាណរបស់គេ ក៏ជួយរំលែកទុក្ខព្រួយគេ ហើយផ្ដល់សេចក្ដីសុខកាយសប្បាយចិត្តដែលមកពីការធ្វើតាមព្រះហឫទ័យរបស់ព្រះ។—ទំនុកដំកើង ១៦:១១; ៤០:៨; សុភាសិត ១០:២២; ភីលីព ៤:៦, ៧
២២ អ្នកឯទៀតនិយាយថាគេស្រឡាញ់ព្រះយេហូវ៉ា តែគេមិនថ្វាយខ្លួននិងទទួលបុណ្យជ្រមុជទឹកទេ ពីព្រោះគេគិតថាគេនឹងអាចរួចពីភារកិច្ចធ្វើតាមព្រះបន្ទូល។ ប៉ុន្តែ ចំពោះព្រះភក្ដ្រព្រះ យើងម្នាក់ៗនឹងទទួលខុសត្រូវនឹងអ្វីៗដែលយើងធ្វើ។ យើងមានភារកិច្ចធ្វើតាមព្រះបន្ទូលព្រះយេហូវ៉ា ចាប់តាំងពីលើកដំបូងដែលយើងបានឮនូវព្រះបន្ទូលរបស់ទ្រង់។ (អេសេគាល ៣៣:៧-៩; រ៉ូម ១៤:១២) ដោយព្រោះសាសន៍អ៊ីស្រាអែលពីបុរាណជា‹រាស្ត្រព្រះយេហូវ៉ាបានរើសយក› នោះគេកើតមកក្នុងសាសន៍មួយដែលបានត្រូវថ្វាយចំពោះព្រះយេហូវ៉ាហើយ ជាហេតុធ្វើឲ្យគេមានភារកិច្ចបំរើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់សមស្របទៅតាមគោលការណ៍របស់ទ្រង់។ (ចោទិយកថា ៧:៦, ១១) សព្វថ្ងៃនេះ គ្មាននរណាម្នាក់កើតមកក្នុងសាសន៍មួយដែលត្រូវថ្វាយចំពោះព្រះរួចទៅហើយនោះទេ ប៉ុន្តែបើសិនជាយើងបានទទួលការណែនាំត្រឹមត្រូវពីបទគម្ពីររួចទៅហើយ យើងត្រូវធ្វើតាមការណែនាំនោះដោយមានជំនឿ។
២៣, ២៤. តើបុគ្គលផ្សេងៗមិនទទួលបុណ្យជ្រមុជទឹកនោះ ដោយព្រោះខ្លាចអ្វី?
២៣ ការភិតភ័យថាខ្លួនខ្វះខាតនូវចំណេះគ្រប់គ្រាន់នោះ ប្រហែលជាហេតុធ្វើឲ្យបុគ្គលខ្លះស្ទាក់ស្ទើរមិនទទួលបុណ្យជ្រមុជទឹក។ ប៉ុន្តែ យើងទាំងអស់គ្នានៅតែមានអ្វីជាច្រើនដែលយើងត្រូវរៀន ពីព្រោះ«មនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ»។ (សាស្ដា ៣:១១) សូមគិតអំពីគំរូរបស់បុរសកំរៀវជនជាតិអេធីយ៉ូពី។ ដោយសារគាត់បានផ្លាស់សាសនាមកកាន់សាសនាយូដានោះ គាត់មានចំណេះដឹងអំពីបទគម្ពីរ តែគាត់មិនបានដឹងអ្វីៗទាំងអស់អំពីគោលបំណងរបស់ព្រះទេ។ ប៉ុន្តែ ក្រោយគាត់រៀនអំពីសំវិធានការរបស់ព្រះយេហូវ៉ាសំរាប់សេចក្ដីសង្គ្រោះតាមរយៈយញ្ញបូជាលោះរបស់ព្រះយេស៊ូនោះមក បុរសកំរៀវនេះបានទទួលបុណ្យជ្រមុជទឹកភ្លាមៗ។—កិច្ចការ ៨:២៦-៣៨
២៤ បុគ្គលខ្លះស្ទាក់ស្ទើរមិនថ្វាយខ្លួនចំពោះព្រះពីព្រោះគេខ្លាចថា គេមិនអាចបំពេញតាមការថ្វាយខ្លួននោះ។ ម៉ូនីកជាយុវនារីម្នាក់អាយុ១៧ឆ្នាំបានស្រដីថា៖ «ខ្ញុំស្ទាក់ស្ទើរមិនទទួលបុណ្យជ្រមុជទឹកដោយសារខ្ញុំខ្លាចថា ខ្ញុំមិនអាចបំពេញតាមការថ្វាយខ្លួននោះ»។ ប៉ុន្តែ បើសិនជាយើងទុកចិត្តទៅលើព្រះយេហូវ៉ាអស់ពីចិត្ត ‹ទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់យើង›។ ទ្រង់នឹងជួយយើងបន្ត«ប្រព្រឹត្តតាមសេចក្ដីពិត»ជាអ្នកបំរើស្មោះត្រង់របស់ទ្រង់។—សុភាសិត ៣:៥, ៦; យ៉ូហានទី៣ ៤
២៥. តើយើងគួរនឹងរកចំលើយនៃសំនួរអ្វី?
២៥ ជារៀងរាល់ឆ្នាំ មនុស្សរាប់ពាន់នាក់ត្រូវចិត្តគេជំរុញឲ្យថ្វាយខ្លួននិងទទួលបុណ្យជ្រមុជទឹក ដោយសារគេទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ានិងស្រឡាញ់ទ្រង់អស់ពីចិត្ត។ អស់អ្នកបំរើព្រះយេហូវ៉ាដែលបានថ្វាយខ្លួនហើយ ច្បាស់ជាចង់នៅស្មោះត្រង់នឹងទ្រង់ជាប្រាកដ។ ប៉ុន្តែ យើងកំពុងតែរស់នៅគ្រាលំបាកណាស់ ហើយមានអ្វីៗជាច្រើនដែលសាកនូវភាពមុតមាំនៃជំនឿរបស់យើង។ (ធីម៉ូថេទី២ ៣:១-៥) តើយើងអាចធ្វើយ៉ាងណាដើម្បីបំពេញតាមការថ្វាយខ្លួនរបស់យើងចំពោះព្រះយេហូវ៉ា? នេះជាអ្វីដែលយើងនឹងពិចារណាក្នុងអត្ថបទជាបន្ទាប់។
-
-
ចូរតាំងចិត្តឲ្យរឹងមាំជានិច្ចក្នុងកិច្ចបំរើព្រះយេហូវ៉ាទស្សនាវដ្ដីប៉មយាម ២០០២ | ១ កក្កដា
-
-
ចូរតាំងចិត្តឲ្យរឹងមាំជានិច្ចក្នុងកិច្ចបំរើព្រះយេហូវ៉ា
«ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអង្គអើយ! ចិត្តទូលបង្គំបានតាំងស្រេចហើយ»។—ទំនុកដំកើង ៥៧:៧
១. ហេតុដូចម្ដេចបានជាយើងអាចមានជំនឿស៊ប់ដូចដាវីឌដែរ?
ព្រះយេហូវ៉ាអាចជួយយើងតាំងចិត្តឲ្យរឹងមាំក្នុងជំនឿគ្រីស្ទាន ដើម្បីជួយយើងបន្តកាន់ខ្ជាប់តាមសាសនាគ្រីស្ទានពិត ក្នុងនាមជាអ្នកដែលបានថ្វាយខ្លួនចំពោះទ្រង់ហើយ។ (រ៉ូម ១៤:៤) ដូច្នេះ យើងអាចមានជំនឿស៊ប់ដូចគ្នានឹងដាវីឌ អ្នកសរសេរទំនុកដំកើងដែលមានទឹកចិត្តជំរុញឲ្យច្រៀងថា៖ «ឱព្រះអង្គអើយ! ចិត្តទូលបង្គំបានតាំងនៅមាំហើយ»។ (ទំនុកដំកើង ១០៨:១) បើយើងតាំងចិត្តឲ្យរឹងមាំនោះ ចិត្តយើងនឹងជំរុញយើងឲ្យបំពេញតាមការថ្វាយខ្លួនចំពោះព្រះ។ ម្យ៉ាងទៀត ដោយពឹងពាក់ទៅលើព្រះសំរាប់ការណែនាំនិងកម្លាំងចិត្ត នោះយើងពិតជាអាចតាំងចិត្តឲ្យរឹងមាំ និងឥតរង្គើក្នុងជំនឿយើង ហើយជាអ្នកស្មោះត្រង់ដែល«ធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាប»។—កូរិនថូសទី១ ១៥:៥៨
២, ៣. ការដាស់តឿនរបស់ប៉ុលនៅកូរិនថូសទី១ ១៦:១៣ តើបានន័យយ៉ាងដូចម្ដេច?
២ សាវ័កប៉ុលបានដាស់តឿនអ្នកកាន់តាមព្រះយេស៊ូនៅទីក្រុងកូរិនថូសពីបុរាណ ហើយការដាស់តឿននោះក៏មានប្រយោជន៍សំរាប់ជនគ្រីស្ទានសព្វថ្ងៃនេះដែរ។ ប៉ុលបានដាស់តឿនគេថា៖ «ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ ចូរប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំង[«មាំមួនឡើង», ព.ថ.]ចុះ!»។ (កូរិនថូសទី១ ១៦:១៣) ក្នុងភាសាក្រិច សេចក្ដីទូន្មាននិមួយៗក្នុងខនេះ បញ្ជាក់ពីអ្វីដែលយើងត្រូវធ្វើនៅបច្ចុប្បន្នកាលនិងអនាគតខាងមុខ។ តើការដាស់តឿននេះមានន័យដូចម្ដេចទៅ?
៣ យើងអាចនៅ«ចាំយាម»ខាងវិញ្ញាណ ដោយប្រឆាំងអារក្ស និងដោយរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយនឹងព្រះ។ (យ៉ាកុប ៤:៧, ៨) ការពឹងពាក់ទៅលើព្រះយេហូវ៉ារមែងផ្ដល់ឲ្យយើងនូវសមត្ថភាពរក្សាសាមគ្គីភាពរវាងគ្នានឹងគ្នា ហើយជួយយើង‹ឈរមាំមួនក្នុងជំនឿគ្រីស្ទាន›។ យើងទាំងអស់គ្នា រួមទាំងបងប្អូនស្រីជាច្រើននាក់ក្នុងចំណោមយើងផងដែរ អាច«ប្រព្រឹត្តឲ្យពេញជាភាពបុរស»ដោយបំរើព្រះយ៉ាងក្លាហានក្នុងការប្រកាសប្រាប់សារព្រះរាជាណាចក្រ។ (ទំនុកដំកើង ៦៨:១១) យើង‹មានកំឡាំងមាំមួនឡើង›ដោយពឹងពាក់ព្រះវរបិតាសួគ៌ារបស់យើងជានិច្ចសំរាប់កម្លាំងចិត្តដើម្បីធ្វើតាមព្រះហឫទ័យទ្រង់។—ភីលីព ៤:១៣
-