ចំណុចហាត់រៀនទី១៣
ការសង្កត់សម្លេងឲ្យយល់អត្ថន័យ និងការឡើងចុះសម្លេង
១ ការសង្កត់សម្លេងឲ្យយល់អត្ថន័យ ហើយការឡើងចុះសម្លេងជួយធ្វើឲ្យសុន្ទរកថាមានអត្ថន័យនិងពីរោះស្ដាប់។ បើមិនមានការសង្កត់សម្លេងនិងការឡើងចុះសម្លេងទេ នោះគំនិតក្នុងសុន្ទរកថាទៅជាមិនច្បាស់ ហើយអ្នកស្ដាប់ក៏លែងសូវចាប់អារម្មណ៍ដែរ។ យើងនឹងពិនិត្យមើលការសង្កត់សម្លេងឲ្យយល់អត្ថន័យជាមុនសិន ដោយសារលក្ខណៈនេះគឺស្រួលហាត់ជាងការឡើងចុះសម្លេង។
២ ចូរចងចាំថា បំណងនៃការសង្កត់សម្លេងឲ្យយល់អត្ថន័យ គឺដើម្បីសង្កត់សម្លេងលើពាក្យឬគំនិតផ្សេងៗដើម្បីបញ្ជាក់អត្ថន័យត្រឹមត្រូវ និងបង្ហាញនូវសារៈសំខាន់នៃពាក្យឬគំនិតនោះ។ ជួនកាល យើងត្រូវសង្កត់សម្លេងឲ្យខ្លាំងឬខ្សោយប៉ុណ្ណោះ តែពេលខ្លះ យើងត្រូវប្រើវិធីផ្សេងទៀតដើម្បីសង្កត់សម្លេង។
៣ ការសង្កត់សម្លេងលើពាក្យសំខាន់ៗក្នុងឃ្លា: ការសង្កត់សម្លេងតម្រូវឲ្យយើងសម្គាល់ពាក្យសំខាន់ៗដែលបញ្ជាក់អត្ថន័យ ហើយធ្វើឲ្យពាក្យនោះលេចធ្លោជាងពាក្យឯទៀតដោយយើងសង្កត់សម្លេងលើពាក្យនោះ។ ប្រសិនបើយើងសង្កត់សម្លេងលើពាក្យផ្សេងទៀតដែលមិនមែនជាពាក្យសំខាន់ នោះនឹងធ្វើឲ្យពិបាកយល់អត្ថន័យជាមិនខាន។
៤ ចំពោះការនិយាយជាធម្មតា មនុស្សភាគច្រើនចេះនិយាយដោយពន្យល់អត្ថន័យយ៉ាងច្បាស់លាស់។ បើដូច្នេះ យើងនឹងមិនមានបញ្ហាសង្កត់សម្លេងឲ្យយល់អត្ថន័យទេ លើកលែងតែយើងមានទម្លាប់ប្លែកដូចជាការសង្កត់សម្លេងនូវអាយតនិបាត ដូចជាពាក្យ នូវ ដែល ដល់ នៃ និងដោយជាដើម។ ភាពទន់ខ្សោយខ្លាំងស្តីអំពីការសង្កត់សម្លេងគឺធម្មតាដោយសារយើងមានទម្លាប់ប្លែក។ បើយើងមានបញ្ហាបែបនេះ ចូរខំប្រឹងយកចិត្តទុកដាក់កែប្រែ។ តាមធម្មតា គឺពុំអាចកែទម្លាប់នេះក្នុងសុន្ទរកថាតែមួយឬពីរប៉ុណ្ណោះទេ។ ដូច្នេះ បើយើងមិនសង្កត់សម្លេងខុសជ្រងោដល់ម្ល៉េះបានជានាំឲ្យយល់ខុស នោះអ្នកជូនឱវាទនឹងមិនសុំឲ្យយើងហាត់ចំណុចនេះម្ដងទៀតទេ។ ប៉ុន្តែ បើយើងចង់ឲ្យសំដីរបស់យើងមានឥទ្ធិពលនិងមានប្រសិទ្ធភាព ចូរខំហាត់ចំណុចនេះបន្តរហូតដល់ចេះសង្កត់សម្លេងយ៉ាងស្ទាត់។
៥ តាមធម្មតា យើងត្រូវយកចិត្តទុកដាក់នឹងការសង្កត់សម្លេងឲ្យយល់អត្ថន័យក្នុងពេលរៀបចំអានជាសាធារណៈ ជាជាងសំរាប់ការនិយាយដោយឥតមើលកំណត់។ យើងត្រូវយកចិត្តទុកដាក់នឹងការសង្កត់សម្លេងពេលអានបទគម្ពីរក្នុងសុន្ទរកថា ហើយពេលអានវគ្គនានាក្នុងកម្មវិធីសិក្សាទស្សនាវដ្ដីប៉មយាមផងដែរ។ ហេតុដែលយើងត្រូវយកចិត្តទុកដាក់នឹងការសង្កត់សម្លេងឲ្យយល់អត្ថន័យក្នុងពេលអាន គឺដោយសារពត៌មានដែលយើងអាន ត្រូវបានសរសេរដោយមនុស្សដទៃ។ ដូច្នេះ យើងត្រូវសិក្សាពត៌មាននោះឲ្យបានហ្មត់ចត់ ទាំងវិភាគអំពីគោលគំនិត និងសង្កត់សម្លេងលើពាក្យនោះម្ដងហើយម្ដងទៀតរហូតដល់ស៊ាំមាត់។
៦ តើត្រូវធ្វើយ៉ាងណាដើម្បីសង្កត់សម្លេងឲ្យយល់អត្ថន័យនោះ? គឺមានវិធីផ្សេងៗ និងជាញឹកញាប់គឺដោយផ្សំគ្នា ដែលមានដូចតទៅ: ដោយប្រើទំហំសម្លេងខ្លាំង បង្ហាញអារម្មណ៍ខ្លាំងជាងឬកក់ក្ដៅជាង ដោយបន្ទាបឬតម្លើងសូរស័ព្ទ ដោយនិយាយមួយៗ ដោយបង្កើនល្បឿន ដោយផ្អាកមុនឬក្រោយពីនិយាយ (ឬធ្វើទាំងពីរក៏បាន) ដោយកាយវិការនិងទឹកមុខ។
៧ មុនដំបូង ចូរយកចិត្តទុកដាក់មើលថាតើយើងបានសង្កត់សម្លេងលើពាក្យសំខាន់ៗឬទេ ដើម្បីធ្វើឲ្យពាក្យនោះលេចធ្លោ? ដូច្នេះ ពេលដែលរៀបចំពត៌មាន ចូរគូសបន្ទាត់ពីក្រោមពាក្យសំខាន់ៗទាំងនោះបើយើងត្រូវអាន។ ប្រសិនបើយើងនិយាយដោយឥតមើលកំណត់ ចូរដឹងឲ្យច្បាស់នូវគោលគំនិត។ ចូរប្រើពាក្យគន្លឹះក្នុងកំណត់ ហើយសង្កត់សម្លេងលើពាក្យទាំងនោះ។
៨ ការសង្កត់សម្លេងលើគោលគំនិតសំខាន់ៗ: នេះគឺជាទិដ្ឋភាពនៃការសង្កត់សម្លេងឲ្យយល់អត្ថន័យដែលច្រើនតែធ្វើមិនល្អ។ ក្នុងករណីបែបនេះ សុន្ទរកថាឥតមានចំណុចណាឡើងដល់កំពូលទេ ហើយគ្មានចំណុចណាដែលលេចធ្លោដាច់គេនោះឡើយ។ ដូច្នេះហើយពេលចប់សុន្ទរកថា នេះធ្វើឲ្យអ្នកស្ដាប់ពិបាកចាំចំណុចសំខាន់ៗ។ ទោះជាយើងរៀបចំគោលចំណុចឲ្យលេចធ្លោក៏ដោយ បើយើងមិនបានបញ្ជាក់ចំណុចនោះឲ្យបានត្រឹមត្រូវពេលថ្លែងសុន្ទរកថា នោះអាចធ្វើឲ្យគោលចំណុចស្ដាប់ទៅហាក់ដូចជាមិនសំខាន់វិញ។
៩ ដើម្បីយកឈ្នះនឹងបញ្ហានេះ យើងត្រូវវិភាគពត៌មានឲ្យបានហ្មត់ចត់ជាមុនសិន។ តើអ្វីជាគោលចំណុចសំខាន់បំផុតក្នុងសុន្ទរកថានេះ? តើអ្វីជាចំណុចសំខាន់ជាបន្ទាប់? ប្រសិនបើយើងត្រូវសង្ខេបគោលរឿងនៃសុន្ទរកថាដោយប្រើមួយឬពីរប្រយោគប៉ុណ្ណោះ តើយើងនឹងនិយាយអ្វី? នេះជាវិធីដ៏ប្រសើរមួយដើម្បីសម្គាល់នូវចំណុចសំខាន់ៗ។ ពេលយើងដឹងនូវចំណុចទាំងនោះហើយ ចូរគូសបន្ទាត់ក្រោមពាក្យនោះក្នុងកំណត់របស់យើង។ ឥឡូវយើងអាចពន្យល់ចំណុចទាំងនោះដោយឡើងសម្លេងដើម្បីសង្កត់លើចំណុចនោះខ្លាំងជាងគេ។ ចំណុចទាំងនោះគឺជាគោលចំណុចសំខាន់បំផុតក្នុងសុន្ទរកថារបស់យើង។ ប្រសិនបើយើងបានរៀបទំរង់សុន្ទរកថាឲ្យបានល្អ និងថ្លែងដោយសង្កត់សម្លេងលើពាក្យគន្លឹះ នោះអ្នកស្ដាប់នឹងចាំនូវគោលសំខាន់ៗ។ នេះហើយជាគោលបំណងរបស់យើងក្នុងការនិយាយ។
**********
១០ ការសង្កត់សម្លេងឲ្យយល់អត្ថន័យនឹងជួយអ្នកស្ដាប់ឲ្យយល់នូវអ្វីដែលយើងនិយាយ។ ប៉ុន្តែ ការឡើងចុះសម្លេងវិញ ធ្វើឲ្យយើងប្រែប្រួលសម្លេងដែលនាំឲ្យអ្នកស្ដាប់ចង់ស្ដាប់។ ពេលដែលយើងថ្លែងសុន្ទរកថាក្នុងក្រុមជំនុំ និងបំពេញកិច្ចការផ្សព្វផ្សាយរបស់យើង តើយើងចេះឡើងចុះសម្លេងឬទេ?
១១ ការឡើងចុះសម្លេងគឺជាការប្រែប្រួលកំពស់សូរស័ព្ទ ល្បឿននៃការនិយាយ និងទំហំសម្លេងដែលធ្វើឲ្យអ្នកស្ដាប់ចាប់អារម្មណ៍ និងបង្ហាញនូវគំនិតនិងអារម្មណ៍របស់យើងជាអ្នកថ្លែង។ ដើម្បីឲ្យមានប្រយោជន៍បំផុត ការឡើងចុះសម្លេងគួរប្រែប្រួលសមស្របទៅតាមសាច់រឿងទាំងអស់ក្នុងសុន្ទរកថា។ បើយើងចង់បង្ហាញអារម្មណ៍រំភើបរីករាយ មានសោមនស្ស ឬចង់បញ្ជាក់ពីចំណាប់អារម្មណ៍យ៉ាងខ្លាំងនោះ យើងគួរឡើងចុះសម្លេងច្រើនបន្ដិច។ បើយើងចង់បញ្ជាក់នូវចំណាប់អារម្មណ៍ធម្មតាវិញ នោះយើងនឹងឡើងចុះសម្លេងជាមធ្យម។ បើយើងចង់បង្ហាញអារម្មណ៍ម៉ឺងម៉ាត់ជារឿងធ្ងន់ធ្ងរ នោះយើងច្រើនតែចុះសម្លេងទាបវិញ។
១២ យើងក៏មិនចង់ឡើងចុះសម្លេងដែលធ្វើឲ្យមានសម្លេងប្លែកៗដល់ម្ល៉េះបានជាស្ដាប់ទៅដូចជាតួសិល្បៈកំពុងតែនិយាយនោះ។ យើងគួរនិយាយយ៉ាងណាដែលពីរោះស្ដាប់ មិនមែនមានសម្លេងម៉ឺងម៉ាត់ពេកដូចជាបព្វជិតនៃសាសនាខ្លះដែលវាយឫកថាខ្លួនបរិសុទ្ធ។ យើងក៏មិនចង់ធ្វើដូចអ្នកទេសនាដែលនិយាយស្រែកឡូឡាទាំងប្រើសំដីរំជើបរំជួលទេ។ ផ្ទុយទៅវិញ បើយើងបង្ហាញការគោរពចំពោះសារព្រះរាជាណាចក្រយ៉ាងថ្លៃថ្នូរ នេះនឹងបង្ការកុំឲ្យមានអត្តចរិកមិនសមគួរសំរាប់គ្រីស្ទានពិត។
១៣ ការប្រែប្រួលទំហំសម្លេង: ប្រហែលជាវិធីដ៏ស្រួលបំផុតដើម្បីឲ្យចេះឡើងចុះសម្លេង គឺដោយប្រែប្រួលទំហំសម្លេង។ នេះជារបៀបមួយដែលយើងអាចនិយាយឡើងដល់កំពូល ជាការសង្កត់សម្លេងលើគោលចំណុចក្នុងសុន្ទរកថា។ ប៉ុន្តែ បើគ្រាន់តែនិយាយខ្លាំងជាងប៉ុណ្ណោះ នេះមិនតែងតែធ្វើឲ្យចំណុចនោះលេចធ្លោទេ។ ក្នុងករណីខ្លះ ការនិយាយខ្លាំងជាងអាចដៅបញ្ជាក់ពីចំណុចណាមួយមែន ប៉ុន្តែជួនកាល សម្លេងខ្លាំងនោះប្រាសចាកគោលបំណងវិញ។ ប្រហែលជាចំណុចនោះតម្រូវឲ្យយើងបង្ហាញអារម្មណ៍កក់ក្ដៅជាជាងថ្លែងដោយមានភាពរស់រវើក។ ក្នុងករណីនេះ សូមបន្ទាបទំហំសម្លេងបន្ដិច ប៉ុន្តែបញ្ចេញអារម្មណ៍ខ្លាំងជាង។ បើយើងចង់បង្ហាញអារម្មណ៍ខ្លាចឬមានទុក្ខព្រួយនោះ យើងក៏ត្រូវធ្វើដូច្នេះដែរ។
១៤ ទោះជាការប្រែប្រួលទំហំសម្លេងគឺសំខាន់សំរាប់ការឡើងចុះសម្លេងក៏ដោយ យើងក៏ត្រូវប្រយ័ត្នកុំបន្ទាបសម្លេងដល់ម្ល៉េះបានជាអ្នកស្ដាប់ខ្លះស្ដាប់មិនបាន។ យើងក៏មិនចង់បង្កើនទំហំសម្លេងឲ្យខ្លាំងម្ល៉េះរហូតដល់ធ្វើឲ្យសង្កៀរត្រចៀកដែរ។
១៥ ការប្រែប្រួលល្បឿននៃការនិយាយ: កម្រណាស់ដែលសិស្សថ្មីចេះប្រែប្រួលល្បឿននៃការនិយាយពេលឡើងវេទិកា។ ពេលដែលយើងនិយាយធម្មតារាល់ថ្ងៃ យើងប្រែប្រួលល្បឿននៃការនិយាយរបស់យើង ពីព្រោះពាក្យដែលយើងនិយាយនោះចេញមកដោយឯកឯងតាមដែលយើងគិតឬចង់និយាយពាក្យនោះ។ ប៉ុន្តែ សិស្សថ្មីនៅលើវេទិកាមិនងាយធ្វើបាននោះទេ។ គាត់តែងតែរៀបចំឃ្លាហើយជ្រើសរើសពាក្យដោយប្រយ័ត្នប្រយែងពេក។ ដូច្នេះ ពេលគាត់និយាយ នោះគាត់និយាយដោយមានល្បឿនស្មើគ្នាទាំងអស់។ ការហាត់និយាយដោយប្រើទំរង់សុន្ទរកថាប៉ុណ្ណោះ នឹងជួយគាត់កែនូវចំណុចខ្សោយនេះ។
១៦ ក្នុងសុន្ទរកថា ល្បឿននៃការនិយាយភាគច្រើនរបស់យើងត្រូវល្មម។ យើងអាចនិយាយលឿនជាងបន្ដិចពេលពន្យល់នូវចំណុចដែលមិនសូវសំខាន់ ពេលអានរឿងជូនអ្នកស្ដាប់ ឬពេលប្រើរឿងប្រៀបប្រដូចជាដើម។ តាមធម្មតា ល្បឿននៃការនិយាយរបស់យើងយឺតជាង ពេលពន្យល់គោលចំណុចក្នុងសុន្ទរកថា ឬចំណុចដែលបញ្ជាក់ហេតុផល និងចំណុចដែលសំខាន់ជាងឬឡើងជាកំពូល។ ក្នុងករណីខ្លះ ពេលដែលយើងចង់បញ្ជាក់ចំណុចណាមួយឲ្យខ្លាំង នោះយើងអាចសង្កត់សម្លេងជាពិសេសលើពាក្យនោះដោយនិយាយមួយៗ។ ជួនកាលពេលផ្អាកយើងប្រហែលជាអាចឈប់តែម្ដង ដែលជាការប្រែប្រួលល្បឿនទាំងស្រុង។
១៧ ប៉ុន្តែ សូមប្រុងប្រយ័ត្នបន្ដិចនូវចំណុចដូចជា: កុំនិយាយញាប់ពេកដល់ម្ល៉េះបានជាបន្លឺសម្លេងមិនច្បាស់ឬមិនត្រឹមត្រូវ។ កម្មវិធីហាត់រៀនដ៏ល្អមួយ គឺដោយខំអានឲ្យឮៗយ៉ាងលឿនបំផុតដោយឥតរអាក់រអួល។ អានវគ្គនោះម្ដងហើយម្ដងទៀត ដោយបង្កើនល្បឿនអានជានិច្ចដោយឥតរអាក់រអួល ឬដោយឥតបង្អន់សូរនៃការបន្លឺសម្លេង។ រួចមក សូមអានឲ្យយឺតៗ ដោយបញ្ចេញសម្លេងច្បាស់តាមសូរនិមួយៗ។ រួចមក បង្កើននិងបន្ថយល្បឿនរហូតដល់យើងអាចប្រែប្រួលទំហំសម្លេងបាន សមស្របតាមល្បឿនដែលយើងចង់និយាយ។ រួចមក ពេលយើងនិយាយ នោះនឹងមានការប្រែប្រួលល្បឿននិយាយដោយឯកឯង យោងទៅតាមអត្ថន័យដែលយើងនិយាយនោះ។
១៨ ការប្រែប្រួលកំពស់សូរស័ព្ទ: ការប្រែប្រួលកំពស់សូរស័ព្ទគឺប្រហែលជាពិបាកធ្វើបំផុត ស្តីអំពីការឡើងចុះសម្លេង។ ប្រាកដហើយ យើងតែងតែសង្កត់សម្លេងលើពាក្យដោយបង្កើនកំពស់សូរស័ព្ទ ហើយធម្មតាដោយបង្កើនទំហំសម្លេងបន្ដិច។ និយាយឲ្យចំទៅ យើងបំព្រួញសូរស័ព្ទឲ្យខ្លី។
១៩ ប៉ុន្តែ យើងត្រូវតែប្រែប្រួលកំពស់សូរស័ព្ទឲ្យច្រើនជាងធម្មតាទៅទៀត បើយើងចង់ឆ្លៀតប្រយោជន៍បានច្រើនបំផុតពីលក្ខណៈនៃការឡើងចុះសម្លេង។ សូមសាកអានឲ្យឮៗពីលោកុប្បត្តិ ១៨:៣-៨ និង១៩:៦-៩។ សូមកត់សម្គាល់នូវការប្រែប្រួលល្បឿននិងកំពស់សូរស័ព្ទក្នុងខទាំងនេះ។ យើងបង្ហាញការរំភើបចិត្តនិងបង្ហាញអារម្មណ៍សាទរ ដោយតម្លើងសូរស័ព្ទ។ ប៉ុន្តែ ពេលបង្ហាញអារម្មណ៍ទុក្ខព្រួយឬការថប់បារម្ភ យើងបន្ទាបសូរស័ព្ទវិញ។ ពេលពត៌មានតម្រូវឲ្យយើងសម្ដែងឲ្យឃើញនូវអារម្មណ៍ ចូរបង្ហាញអារម្មណ៍នោះទៅតាមសាច់រឿងចុះ!
២០ មូលហេតុចំបងមួយដែលធ្វើឲ្យខ្សោយនូវលក្ខណៈនៃការនិយាយនេះ គឺដោយមិនប្រែប្រួលសម្លេងឲ្យបានល្មមគ្រប់គ្រាន់។ បើយើងមានបញ្ហាប្រែប្រួលសម្លេងឲ្យបានល្មមគ្រប់គ្រាន់ សូមខំប្រឹងហាត់ចុះ។ ចូរហាត់ធ្វើទៅតាមយោបល់ដែលមានមុនៗក្នុងចំណុចហាត់រៀននេះ។ ក្នុងករណីនេះ ចូរហាត់តម្លើងនិងបន្ទាបសូរស័ព្ទជាជាងប្រែប្រួលល្បឿន។
២១ ការឡើងចុះសម្លេងស្របតាមគំនិតឬអារម្មណ៍: ការពិគ្រោះលក្ខណៈនេះគឺសឲ្យឃើញច្បាស់ថា យើងមិនគួរប្រែប្រួលសម្លេងឲ្យមានភាពខុសៗគ្នាប៉ុណ្ណោះទេ។ យើងត្រូវបញ្ចេញសូរសម្លេងស្របតាមសាច់រឿងដែលយើងកំពុងតែនិយាយ។ ដូច្នេះ តើការឡើងចុះសម្លេងស្រេចទៅលើអ្វី? គឺស្រេចទៅលើពត៌មានដែលយើងបានរៀបចំថ្លែង។ បើយើងមានតែរឿងបញ្ជាក់ហេតុផល ឬមានតែការដាស់តឿនប៉ុណ្ណោះវិញ នោះពេលដែលយើងថ្លែងសុន្ទរកថា យើងនឹងមិនសូវមានឱកាសប្រែប្រួលសម្លេងឡើយ។ ដូច្នេះ ចូរវិភាគនូវទម្រង់សុន្ទរកថាពេលបានរៀបចំចប់ហើយ និងធ្វើឲ្យប្រាកដថា យើងបានរៀបចំឲ្យមានចំណុចផ្សេងៗដែលយើងត្រូវការដើម្បីថ្លែងឲ្យបានពីរោះក្បោះក្បាយនិងមានខ្លឹមសារ។
២២ ប៉ុន្តែ ជួនកាលពេលយើងកំពុងតែថ្លែងសុន្ទរកថាដល់ពាក់កណ្ដាលហើយ យើងមានអារម្មណ៍ថា យើងចង់ប្រែប្រួលសម្លេងបន្ដិច។ បើយើងមានអារម្មណ៍ថា អ្នកស្ដាប់ធុញទ្រាន់នឹងសុន្ទរកថារបស់យើងនោះ តើយើងអាចធ្វើយ៉ាងណា? ក្នុងករណីនេះ ការថ្លែងដោយឥតមើលកំណត់ជាប់នោះ គឺប្រសើរជាង ពីព្រោះយើងអាចប្រែប្រួលលក្ខណៈនៃការថ្លែងពត៌មានរបស់យើង។ តើដោយដូចម្ដេច? វិធីមួយគឺដោយបើកព្រះគម្ពីរ ហើយអញ្ជើញអ្នកស្ដាប់ឲ្យផ្ទៀងមើលតាម ជាជាងគ្រាន់តែនិយាយតទៅទៀតនោះ។ ឬវិធីមួយទៀតគឺ យើងអាចសួរសំនួរហើយផ្អាកដើម្បីសង្កត់សម្លេងលើចំណុចនោះ ជាជាងប្រាប់ចំណុចណាមួយបន្តទៀតនោះ។ ប្រហែលយើងអាចបន្ថែមនូវរឿងប្រៀបប្រដូចមួយ ដោយប្រើជាវិធីបញ្ជាក់ហេតុផលវិញ។
២៣ នេះគឺជាវិធីផ្សេងៗដែលអ្នកថ្លែងដែលមានបទពិសោធន៍បានប្រើពេលថ្លែងសុន្ទរកថា។ ប៉ុន្តែ យើងអាចប្រើគំនិតដូចនេះ ពេលរៀបចំពត៌មានដែលយើងត្រូវថ្លែងដែរ។
២៤ ការឡើងចុះសម្លេងអាចប្រៀបដូចនឹងការផ្សំគ្រឿងពេលដែលធ្វើម្ហូប។ ប្រសិនបើយើងបានផ្សំគ្រឿងត្រឹមត្រូវល្មមហើយ នោះសម្លនឹងមានរសជាតិឈ្ងុយឆ្ងាញ់មែន។ ដូចគ្នាដែរ បើយើងចេះឡើងចុះសម្លេងបានយ៉ាងត្រឹមត្រូវ មិនច្រើនពេកមិនតិចពេក នោះសុន្ទរកថារបស់យើងពិតជាពីរោះស្ដាប់ ហើយជាទីគាប់ចិត្តដល់អ្នកស្ដាប់ជាក់ជាពុំខាន។
[សំណួរសម្រាប់អត្ថបទសិក្សា]
១, ២. តើការសង្កត់សម្លេងឲ្យយល់អត្ថន័យអាចសម្រេចគោលដៅអ្វី?
៣-៧. សូមប្រាប់អំពីរបៀបបណ្ដុះឲ្យចេះសង្កត់សម្លេងឲ្យយល់អត្ថន័យ។
៨, ៩. ហេតុអ្វីក៏សំខាន់ដែលត្រូវសង្កត់សម្លេងលើគោលគំនិត?
១០-១២. តើការឡើងចុះសម្លេងជាអ្វី? សូមពន្យល់។
១៣, ១៤. តើការប្រែប្រួលទំហំសម្លេងមានន័យយ៉ាងណា?
១៥-១៧. តើការប្រែប្រួលល្បឿនអាចធ្វើឲ្យសុន្ទរកថាពីរោះស្ដាប់ជាងបានយ៉ាងណា?
១៨-២០. សូមពន្យល់នូវរបៀបដែលយើងអាចរៀនឲ្យចេះប្រែប្រួលកំពស់សូរស័ព្ទបាន។
២១-២៤. ហេតុអ្វីក៏ការឡើងចុះសម្លេងត្រូវសមស្របតាមគំនិតឬអារម្មណ៍នោះ?