បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ht ចំណុចទី ៩ ទំ. ៤២-៤៦
  • ទំនាក់ទំនងជាមួយអ្នកស្ដាប់និងការមើលកំណត់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទំនាក់ទំនងជាមួយអ្នកស្ដាប់និងការមើលកំណត់
  • វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
  • ចំណងជើងតូច
  • **********
វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
ht ចំណុចទី ៩ ទំ. ៤២-៤៦

ចំណុច​ហាត់​រៀន​ទី៩

ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់​និង​ការ​មើល​កំណត់

១ ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់ គឺ​ជា​ជំនួយ​ដ៏​សំខាន់​ក្នុង​ការ​បង្រៀន។ ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់​អាច​ជំរុញ​ឲ្យ​ពួក​គេ​បង្ហាញ​នូវ​ការ​គោរព​ចំពោះ​យើង ហើយ​ជួយ​យើង​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ក្នុង​ការ​បង្រៀន។ ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់​គួរ​ជួយ​យើង​ឲ្យ​ដឹង​នូវ​ប្រតិកម្ម​ទាំង​អស់​របស់​អ្នក​ស្ដាប់។ ការ​មើល​កំណត់​ក៏​មាន​តួ​នាទី​សំខាន់​ដែរ ថា​តើ​យើង​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់​ឬ​ក៏​អត់។ កំណត់​ច្រើន​ពេក​អាច​ក្លាយ​ជា​ឧបសគ្គ​ក្នុង​ការ​មើល​អ្នក​ស្ដាប់។ ប៉ុន្តែ បើ​យើង​ចេះ​ប្រើ​កំណត់​យ៉ាង​ល្អ នេះ​មិន​រំខាន​អ្នក​ស្ដាប់​ទេ ទោះ​ជា​មាន​កាលៈទេសៈ​ដែល​តម្រូវ​ឲ្យ​មាន​កំណត់​ច្រើន​ជាង​ធម្មតា​ក៏​ដោយ។ នេះ​គឺ​ពីព្រោះ​អ្នក​ថ្លែង​ដែល​ស្ទាត់​ជំនាញ​នឹង​មិន​ធ្វើ​ឲ្យ​លែង​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់ ដោយសារ​មើល​កំណត់​ច្រើន​ពេក ឬ​ដោយ​មើល​កំណត់​ពេល​គួរ​មើល​អ្នក​ស្ដាប់។ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ចំណុច​នេះ​លើ​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ​ដែល​ហៅ​ចំណុច​នេះ​ថា៖ «ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់ និង​ការ​មើល​កំណត់»។

២ ទំនាក់ទំនង​ដោយ​មើល​អ្នក​ស្ដាប់: ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់​បាន​សេចក្ដី​ថា យើង​មើល​ពួក​គេ។ ប៉ុន្តែ នេះ​មិន​បាន​ន័យ​ថា យើង​មើល​អ្នក​ស្ដាប់​ជា​មនុស្ស​មួយ​ក្រុម​ប៉ុណ្ណោះ​ទេ តែ​យើង​មើល​មុខ​ម្នាក់ៗក្នុង​ចំណោម​អ្នក​ស្ដាប់។ ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់​មាន​ន័យ​ថា យើង​មើល​ទឹក​មុខ​របស់​ពួក​គេ ហើយ​យើង​ក៏​មាន​ប្រតិកម្ម​ស្រប​តាម​នោះ​ដែរ។

៣ ការ​មើល​អ្នក​ស្ដាប់​មិន​មាន​ន័យ​ថា យើង​គ្រាន់​តែ​ងាក​មើល​អ្នក​ស្ដាប់​ចុះ​ឡើង​ពី​ខាង​ណេះ​ទៅ​ខាង​ណោះ​នោះ​ទេ។ ចូរ​មើល​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្ដាប់ ហើយ​និយាយ​ទៅ​កាន់​គាត់​ពីរបី​ឃ្លា។ រួច​មក មើល​ម្នាក់​ទៀត ហើយ​និយាយ​ពីរបី​ឃ្លា​ទៅ​កាន់​គាត់។ កុំ​ឲ្យ​សម្លឹង​មើល​នរណា​ម្នាក់​យូរ​ពេក​រហូត​ដល់​ធ្វើ​ឲ្យ​គាត់​ខ្មាស ហើយ​ក៏​កុំ​ឲ្យ​មើល​តែ​មនុស្ស​ពីរបី​នាក់​ក្នុង​ចំណោម​អ្នក​ស្ដាប់​នោះ​ឡើយ។ សូម​មើល​អ្នក​ស្ដាប់​ទាំង​អស់​គ្នា ប៉ុន្តែ ពេល​ដែល​យើង​និយាយ​ទៅ​កាន់​បុគ្គល​ម្នាក់​នោះ សូម​មើល​ប្រតិកម្ម​គាត់​មុន​នឹង​យើង​មើល​មនុស្ស​ម្នាក់​ទៀត។ យើង​គួរ​ដាក់​កំណត់​លើ​តុ ឬ​កាន់​នឹង​ដៃ ឬ​សៀត​ក្នុង​ព្រះ​គម្ពីរ ដើម្បី​អាច​មើល​កំណត់​យ៉ាង​លឿន ដោយ​គ្រាន់​តែ​ក្រឡេក​មើល​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​ត្រូវ​ឈ្ងោក​មើល​កំណត់ នោះ​យើង​ពុំ​អាច​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​អ្នក​ស្ដាប់​បាន​ទេ។

៤ អ្នក​ជូន​ឱវាទ​មិន​យក​ចិត្ត​ទុក​ដាក់​ថា​ប៉ុន្មាន​ដង​ដែល​យើង​មើល​កំណត់​ទេ តែ​គាត់​នឹង​កត់​សម្គាល់​អំពី​ពេល​ណា​ដែល​យើង​មើល​កំណត់​នោះ។ បើ​យើង​មើល​កំណត់​ពេល​ដែល​និយាយ​មក​ដល់​ចំណុច​សំខាន់​មួយ នោះ​យើង​នឹង​មិន​ឃើញ​ប្រតិកម្ម​របស់​អ្នក​ស្ដាប់​ទេ។ ប្រសិន​បើ​យើង​មើល​កំណត់​ញឹក​ពេក នោះ​យើង​នឹង​លែង​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់​ហើយ។ តាម​ធម្មតា ទង្វើ​បែប​នេះ​បង្ហាញ​ថា យើង​មាន​អារម្មណ៍​ភ័យ ឬ​ក៏​យើង​មិន​បាន​រៀបចំ​គ្រប់គ្រាន់​ដើម្បី​ថ្លែង​សុន្ទរកថា​នោះ។

៥ មាន​ពេល​ខ្លះ​អ្នក​ថ្លែង​ដែល​មាន​បទពិសោធន៍​ត្រូវ​ថ្លែង​សុន្ទរកថា​ដោយ​អាន​ចំៗ ហើយ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ពិបាក​មើល​អ្នក​ស្ដាប់​មែន។ ប៉ុន្តែ បើ​អ្នក​ថ្លែង​រៀបចំ​បាន​ល្អ ហើយ​ដឹង​ពត៌មាន​នោះ​យ៉ាង​ច្បាស់ ម្ដងម្កាល​គាត់​អាច​មើល​អ្នក​ស្ដាប់​ដោយ​ឥត​បាត់​កន្លែង​អាន។ នេះ​ក៏​ជា​អ្វី​ដែល​អាច​ជំរុញ​ចិត្ត​គាត់​ឲ្យ​អាន​អំនាន​នោះ​ដោយ​មាន​ភាព​រស់​រវើក។

៦ ទំនាក់ទំនង​ដោយ​និយាយ​ចំពោះ​អ្នក​ស្ដាប់: នេះ​ក៏​សំខាន់​ចាំបាច់​ដូច​នឹង​ទំនាក់ទំនង​ដោយ​មើល​អ្នក​ស្ដាប់​ដែរ។ ពាក្យ​ដែល​យើង​ប្រើ​គឺ​សំខាន់​ណាស់ ពេល​ដែល​យើង​និយាយ​ចំពោះ​អ្នក​ស្ដាប់។

៧ ពេល​ដែល​យើង​និយាយ​ទៅ​កាន់​បុគ្គល​ម្នាក់ យើង​សំដៅ​ទៅ​គាត់​ដោយ​ប្រើ​ពាក្យ «អ្នក» ឬ«របស់​អ្នក» ឬ​ក៏«យើង» ឬ«របស់​យើង»។ នៅ​ពេល​ដែល​សមរម្យ យើង​អាច​និយាយ​ដូច​នេះ​ចំពោះ​អ្នក​ស្ដាប់​ជា​ច្រើន​បាន។ ចូរ​ចាត់​ទុក​សុន្ទរកថា​ហាក់​ដូច​ជា​យើង​និយាយ​ជា​មួយ​នឹង​បុគ្គល​ម្នាក់​ឬ​ពីរ​នាក់។ សូម​ខំ​មើល​អ្នក​ស្ដាប់​ឲ្យ​បាន​ដិត​ដល់ ដើម្បី​និយាយ​ទៅ​កាន់​ពួក​គេ​ហាក់​ដូច​ជា​កំពុង​តែ​តប​ឆ្លើយ​នូវ​អ្វី​ដែល​គេ​បាន​និយាយ​មក​យើង។ ការ​និយាយ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​សុន្ទរកថា​របស់​យើង​មាន​ភាព​កក់ក្ដៅ​ជាង។

៨ ប៉ុន្តែ យើង​ត្រូវ​តែ​ប្រយ័ត្ន​កុំ​ឲ្យ​និយាយ​ដូច​ជា​ជិត​ស្និទ្ធ​ពេក​នឹង​អ្នក​ស្ដាប់​ដល់​ម្ល៉េះ​បាន​ជា​ហ៊ាន​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅ​វិញ។ យើង​គួរ​ថ្លែង​ជូន​អ្នក​ស្ដាប់​ដោយ​ប្រើ​ពាក្យ​ថ្លៃថ្នូរ​មិន​ជិត​ស្និទ្ធ​ពេក ដូច​ពេល​ដែល​យើង​ពិគ្រោះ​ជា​មួយ​នឹង​បុគ្គល​ម្នាក់​ឬ​ពីរ​នាក់​ក្នុង​កិច្ចបំរើ​ផ្សាយ។ ប៉ុន្តែ យើង​អាច​និយាយ​ចំៗបាន​ហើយ​ក៏​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ​ដែរ។

៩ បញ្ហា​មួយ​ទៀត: ពេល​ដែល​យើង​ប្រើ​សព្វ​នាម យើង​ត្រូវ​ប្រយ័ត្ន​កុំ​សំដៅ​ទៅ​លើ​អ្នក​ស្ដាប់​ដោយ​ឥត​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ បើ​ថ្លែង​សុន្ទរកថា​អំពី​អំពើ​អាក្រក់ យើង​មិន​ចង់​ប្រើ​ពាក្យ​ដែល​បង្កប់​អំណះអំណាង​ថា អ្នក​ស្ដាប់​គឺ​ជា​មនុស្ស​អាក្រក់​នោះ​ឡើយ។ ឬ​ក៏ ប្រសិន​បើ​យើង​កំពុង​តែ​ពិគ្រោះ​ក្នុង​ប្រជុំ​អប់រំ​កិច្ចបំរើ​អំពី​ចំនួន​ម៉ោង​តិច​ក្នុង​កិច្ចបំរើ​ផ្សាយ​នោះ យើង​អាច​រួម​បញ្ចូល​ខ្លួន​យើង​ក្នុង​សុន្ទរកថា​នោះ​ដែរ ដោយ​ប្រើ​សព្វ​នាម«យើង» ជាជាង​ប្រើ​ពាក្យ«អ្នក»។ ការ​ចេះ​គិត​ជា​មុន​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ស្ដាប់ នោះ​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​នូវ​បញ្ហា​ទាំង​នេះ។

**********

១០ ការ​ប្រើ​ទម្រង់​នៃ​សុន្ទរកថា: មាន​អ្នក​ថ្មី​តិច​ណាស់​ដែល​អាច​ចាប់​ផ្ដើម​ថ្លែង​ដោយ​ប្រើ​ទម្រង់​នៃ​សុន្ទរកថា។ តាម​ធម្មតា ពួក​គេ​នឹង​សរសេរ​សុន្ទរកថា​នោះ​ទុក​ជា​មុន ហើយ​រួច​មក​អាន​ឬ​ថ្លែង​ដោយសារ​ទន្ទេញ​ចាំ​វិញ។ អ្នក​ជូន​ឱវាទ​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណុច​នេះ​នៅ​ដើម​ដំបូង​ទេ។ ប៉ុន្តែ ពេល​យើង​ហាត់​និយាយ​ចំណុច​នេះ​លើ​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ​ដែល​ហៅ​ថា «ការ​ប្រើ​ទម្រង់​នៃ​សុន្ទរកថា» នោះ​គាត់​នឹង​លើក​ទឹក​ចិត្ត​យើង​ឲ្យ​និយាយ​ដោយ​ប្រើ​កំណត់​ខ្លីៗ។ ពេល​យើង​ចេះ​ធ្វើ​នេះ​យ៉ាង​ស្ទាត់​ហើយ យើង​នឹង​ឃើញ​ថា យើង​បាន​បង្កើន​ឲ្យ​មាន​សមត្ថភាព​ច្រើន​មែន ជា​អ្នក​ថ្លែង​សុន្ទរកថា​សាធារណៈ។

១១ កូន​ក្មេង​និង​មនុស្ស​ពេញ​វ័យ​ដែល​មិន​ចេះ​អាន ក៏​អាច​ថ្លែង​សុន្ទរកថា​បាន​ដែរ ដោយ​គូរ​គំនូរ​ដើម្បី​រំឭក​ពី​គោល​គំនិត។ យើង​អាច​រៀបចំ​សុន្ទរកថា​របស់​យើង​ដោយ​ប្រើ​ទម្រង់​ដ៏​ស្រួល​ដែរ ដូច​ជា​ការ​បង្ហាញ​នូវ​បទ​គម្ពីរ​ដែល​មាន​ក្នុង​កូន​សៀវភៅ​ប្រធាន​បទ​គម្ពីរ​សំរាប់​ការ​ពិគ្រោះ។ រាល់​ដង​ដែល​យើង​ផ្សព្វផ្សាយ យើង​និយាយ​ដោយ​មិន​បាច់​អាន​ឯកសារ​ណា​ទេ។ យើង​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ​ក្នុង​សាលា​ព្រះ​ធិបតេយ្យ បើ​យើង​ខំ​ប្រឹង​ស្មារតី​នោះ។

១២ យើង​ហាត់​លក្ខណៈ​នៃ​ការ​និយាយ​នេះ ដើម្បី​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​អាន​អក្សរ​ជាប់​នឹង​កំណត់ ដូច្នេះ កុំ​ឲ្យ​យើង​ទន្ទេញ​សូត្រ​សុន្ទរកថា​ឡើយ មិន​ថា​ពេល​រៀបចំ​ឬ​ពេល​ថ្លែង​ក៏​ដោយ។ បើ​ធ្វើ​ដូច្នេះ គឺ​ខុស​នឹង​គោល​បំណង​នៃ​ចំណុច​ហាត់​រៀន​នេះ។

១៣ ប្រសិន​បើ​យើង​ប្រើ​បទ​គម្ពីរ យើង​អាច​សួរ​ខ្លួន​ឯង​នូវ​សំនួរ​ដូច​ជា៖ ហេតុ​ដូច​ម្ដេច? អ្នក​ណា? ពេល​ណា? និង​កន្លែង​ណា? ជា​ដើម។ រួច​មក ពេល​ដែល​យើង​ប្រមូល​ពត៌មាន​ដើម្បី​រៀបចំ យើង​អាច​ប្រើ​សំនួរ​ទាំង​នេះ​ជា​ផ្នែក​នៃ​កំណត់​របស់​យើង។ ក្នុង​ពេល​ថ្លែង​សុន្ទរកថា យើង​អាច​អាន​បទ​គម្ពីរ​មួយ ហើយ​បើ​សមរម្យ​នោះ យើង​អាច​សួរ​ខ្លួន​ឬ​ម្ចាស់​ផ្ទះ​នូវ​សំនួរ​ដូច​ខាង​លើ​នេះ ព្រម​ទាំង​ឆ្លើយ​សំនួរ​ទាំង​នោះ​ផង​ដែរ។ គឺ​ស្រួល​ធ្វើ​ណាស់។

១៤ សិស្ស​ថ្មីៗតែង​ខ្វល់ខ្វាយ​ថា គេ​នឹង​ភ្លេច​ថ្លែង​ពត៌មាន​ខ្លះៗ។ ប៉ុន្តែ ប្រសិន​បើ​យើង​បាន​ពន្យល់​ចំណុច​ក្នុង​សុន្ទរកថា​តាម​របៀប​សម​ហេតុ​ផល នោះ​គ្មាន​អ្នក​ស្ដាប់​ណា​ម្នាក់​នឹង​ដឹង​ថា​យើង​ភ្លេច​ថ្លែង​ចំណុច​ណា​នោះ​ទេ។ យ៉ាង​ណា​ក្ដី ក្នុង​លក្ខណៈ​នៃ​ការ​និយាយ​នេះ យើង​មិន​ទាន់​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​ថ្លែង​ពត៌មាន​ឲ្យ​បាន​សព្វ​គ្រប់​ឡើយ។ ឥឡូវ​នេះ គឺ​សំខាន់​ដែល​យើង​រៀន​ឲ្យ​ចេះ​ថ្លែង​ដោយ​ប្រើ​ទម្រង់​នៃ​សុន្ទរកថា​វិញ។

១៥ ពេល​ថ្លែង​សុន្ទរកថា​ដោយ​ប្រើ​តែ​ទម្រង់​ជា​លើក​ទី​មួយ​នោះ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា បាន​ភ្លេច​ធ្វើ​តាម​លក្ខណៈ​ឯ​ទៀត​ដែល​យើង​បាន​រៀន​ពី​មុន។ កុំ​តក់ស្លុត​ឲ្យ​សោះ។ ពេល​ដែល​យើង​រៀន​ឲ្យ​ចេះ​ថ្លែង​សុន្ទរកថា​ដោយ​ឥត​មើល​តាម​អក្សរ នោះ​យើង​នឹង​ចាំ​លក្ខណៈ​ឯ​ទៀត​នៃ​ការ​និយាយ​ឡើង​វិញ ហើយ​ក៏​នឹង​មាន​សមត្ថភាព​ពូកែ​ស្ទាត់​ជាង​មុន​ទៅ​ទៀត។

១៦ យើង​សូម​ជំរាប​អំពី​ការ​ប្រើ​កំណត់​ក្នុង​សាលា​ព្រះ​ធិបតេយ្យ​បន្ដិច។ យើង​គួរ​ប្រើ​កំណត់​ដើម្បី​រំឭក​ពី​គោល​គំនិត មិន​មែន​ដើម្បី​សូត្រ​តាម​ទេ។ យើង​គួរ​សរសេរ​កំណត់​យ៉ាង​ខ្លី​ជា​សង្ខេប។ កំណត់​នោះ​គួរ​តែ​ស្អាត មាន​របៀប​រៀប​រយ និង​ស្រួល​មើល។ ប្រសិន​បើ​យើង​មាន​លំដាប់​រៀបចំ​ជា​ការ​ត្រឡប់​ទៅ​ជួប នោះ​យើង​គួរ​ដាក់​កំណត់​យ៉ាង​ណា​កុំ​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ គឺ​ប្រហែល​ជា​សៀត​ក្នុង​ព្រះ​គម្ពីរ​ក៏​បាន។ ប្រសិន​បើ​យើង​ថ្លែង​សុន្ទរកថា​លើ​វេទិកា​ទាំង​ប្រើ​តុ​ដាក់​កំណត់ នោះ​គឺ​គ្មាន​បញ្ហា​ទេ។ ប៉ុន្តែ ប្រសិន​បើ​យើង​មិន​ប្រាកដ​ថា មាន​តុ​ឬ​អត់ ចូរ​រៀបចំ​ឲ្យ​បាន​ល្អ​ចុះ!

១៧ ជំនួយ​មួយ​ទៀត គឺ​ដោយ​សរសេរ​គោល​រឿង​នៅ​ខាង​លើ​កំណត់​របស់​យើង។ គោល​ចំណុច​ក៏​គួរ​លេច​ធ្លោ​យ៉ាង​ច្បាស់​ដែរ។ សាក​សរសេរ​ឲ្យ​ដិត​ឬ​គូស​បន្ទាត់​ក្រោម​ពាក្យ​នោះ​ក៏​បាន។

១៨ ការ​ប្រើ​កំណត់​តិច​តួច​ពេល​ដែល​ថ្លែង​សុន្ទរកថា មិន​បាន​សេចក្ដី​ថា យើង​បាន​រៀបចំ​ឲ្យ​តែ​រួច​ពី​ដៃ​នោះ​ទេ។ មុន​ដំបូង ចូរ​រៀបចំ​សុន្ទរកថា​យ៉ាង​លំអិត​សិន ដោយ​មាន​ទម្រង់​ទាំង​មូល។ រួច​មក រៀបចំ​ទម្រង់​ទីពីរ​នៃ​សុន្ទរកថា​ដែល​សង្ខេប​ឲ្យ​ខ្លី​ជាង។ នេះ​គឺ​ជា​ទម្រង់​នៃ​សុន្ទរកថា​ដែល​យើង​នឹង​ប្រើ​ពេល​ថ្លែង​សុន្ទរកថា។

១៩ ឥឡូវ សូម​យក​ទម្រង់​នៃ​សុន្ទរកថា​ទាំង​ពីរ​ដាក់​ពី​មុខ​ខ្លួន និង​មើល​តែ​ទម្រង់​ជា​សង្ខេប ហើយ​និយាយ​អំពី​គោល​ចំណុច​ទី​មួយ​ឲ្យ​បាន​ពេញលេញ។ បន្ទាប់​មក សូម​ក្រឡេក​មើល​ទម្រង់​យ៉ាង​លំអិត​វិញ ថា​តើ​យើង​បាន​ភ្លេច​ចំណុច​ណា​ខ្លះ? ក្រោយ​មក មើល​គោល​ចំណុច​ទីពីរ​ក្នុង​ទម្រង់​ជា​សង្ខេប ហើយ​ប្រៀប​មើល​ទម្រង់​លំអិត​វិញ។ បន្ដិច​ម្ដងៗ យើង​នឹង​ដឹង​ចំណុច​យ៉ាង​ច្បាស់​ពី​ទម្រង់​ជា​សង្ខេប ដល់​ម្ល៉េះ​បាន​ជា​យើង​អាច​ចាំ​ចំណុច​ទាំង​អស់​ដោយ​គ្រាន់​តែ​មើល​កំណត់​ដែល​មាន​ពត៌មាន​តិច​តួច​ប៉ុណ្ណោះ។ ដោយ​ហាត់​ផង និង​ទទួល​បាន​បទពិសោធន៍​ផង នោះ​យើង​នឹង​ចាប់​ផ្ដើម​យល់​នូវ​ប្រយោជន៍​ដែល​មក​ពី​ការ​និយាយ​ដោយ​ឥត​អាន​តាម​អក្សរ។ បន្ទាប់​មក យើង​នឹង​មិន​ថ្លែង​សុន្ទរកថា​ដោយ​អាន​កំណត់ លើក​លែង​តែ​ត្រូវ​ការ​ប៉ុណ្ណោះ។ នៅ​ពេល​យើង​ថ្លែង​សុន្ទរកថា យើង​នឹង​មាន​អារម្មណ៍​ស្រួល​ជាង ហើយ​មនុស្ស​គ្រប់​គ្នា​នឹង​ស្ដាប់​ដោយ​គោរព​យ៉ាង​ខ្លាំង​ដែរ។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​. សូម​ពន្យល់​នូវ​សារៈ​សំខាន់​នៃ​ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់ និង​ការ​មើល​កំណត់។

២​-​៥​. តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ដោយ​មើល​អ្នក​ស្ដាប់​មាន​ប្រសិទ្ធភាព​នោះ?

៦​-​៩​. សូម​ប្រាប់​នូវ​វិធី​មួយ​ទៀត​ដែល​យើង​អាច​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់ ហើយ​ប្រាប់​អំពី​អ្វី​ដែល​យើង​ត្រូវ​ជៀស​វាង។

១០, ១១​. តើ​អ្វី​គួរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រើ​ទម្រង់​នៃ​សុន្ទរកថា?

១២, ១៣​. សូម​ឲ្យ​យោបល់​អំពី​របៀប​បង្កើត​ទម្រង់​នៃ​សុន្ទរកថា។

១៤, ១៥​. តើ​យើង​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត​ដោយសារ​អ្វី?

១៦, ១៧​. តើ​យើង​គួរ​ចង​ចាំ​អ្វី ពេល​យើង​រៀបចំ​កំណត់?

១៨, ១៩​. តើ​យើង​អាច​ហាត់​ប្រើ​ទម្រង់​នៃ​សុន្ទរកថា​បាន​យ៉ាង​ដូច​ម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក