តើអ្នកនឹងនិយាយយ៉ាងណាទៅអ្នកកាន់សាសនាអ៊ីស្លាម?
១ តើអ្នកធ្លាប់មានបទពិសោធន៍ផ្សព្វផ្សាយដល់អ្នកកាន់សាសនាអ៊ីស្លាមទេ? បើអ៊ីចឹង អ្នកប្រហែលជាបានរៀនថា ពួកអ្នកកាន់សាសនាអ៊ីស្លាមជឿយ៉ាងខ្លាំងទៅលើព្រះ។ ក៏ប៉ុន្តែ ពួកគេអត់សូវដឹងអំពីសួនមនោរម្យនៅលើផែនដីដែលកំពុងតែមកដល់ ដូចអ្វីដែលព្យាការីរបស់ព្រះយេហូវ៉ាបានទាយ ហើយយើងចង់ប្រាប់ពួកគេអំពីសេចក្ដីសង្ឃឹមនេះ។ (ធីម៉ូថេទី១ ២:៣, ៤) ពត៌មានជាបន្ទាប់នេះ គួរជួយអ្នកធ្វើការផ្សព្វផ្សាយបានយ៉ាងល្អ។
២ ពួកអ្នកកាន់សាសនាអ៊ីស្លាមជឿទៅលើព្រះអាឡា ហើយគេក៏ជឿថា លោកមូហាមាដ គឺជាព្យាការីរបស់ព្រះ។ សៀវភៅបរិសុទ្ធរបស់គេហៅថា កូរ៉ាន ហើយសាសនារបស់គេត្រូវហៅថាអ៊ីស្លាម ដែលមានន័យថា«ការចុះចូល»។ គម្ពីរកូរ៉ានប្រាប់ថា ការភូតកុហកហើយការថ្វាយបង្គំរូបព្រះគឺជាការខុស ទាំងប្រាប់ថាព្រះគឺជាមួយអង្គ ហើយទ្រង់មិនមែនជាផ្នែកមួយនៃព្រះត្រីឯកភាពទេ។ ម្ល៉ោះហើយ គម្ពីរកូរ៉ានក៏បង្រៀនអំពីភាពអមតៈនៃព្រលឹង អំពីភ្លើងនរក ហើយអំពីស្ថានបរមសុខនៅស្ថានសួគ៌។ ពួកអ្នកកាន់សាសនាអ៊ីស្លាមទទួលស្គាល់ព្រះគម្ពីរជាបន្ទូលរបស់ព្រះ ក៏ប៉ុន្តែជឿថានោះបានត្រូវកែប្រែ រីឯគម្ពីរកូរ៉ានវិញ ដោយនៅតែជាភាសាដើម នោះបានត្រូវរក្សាទុកឲ្យបរិសុទ្ធ។
៣ ចូររាក់ទាក់ និយាយដោយការប៉ិនប្រសប់ ហើយប្រើការវិនិច្ឆ័យល្អ: ពេលអ្នកសន្ទនាជាមួយម្នាក់ជាអ្នកកាន់សាសនាអ៊ីស្លាម ចូររាក់ទាក់និងនិយាយដោយការប៉ិនប្រសប់។ (សុភាសិត ២៥:១៥) ចូរនឹកចាំថា ជំនឿរបស់ពួកអ្នកកាន់សាសនាអ៊ីស្លាមគឺដិតជាប់ក្នុងចិត្ត ហើយចំណុចភាគច្រើននៃជំនឿនោះបានត្រូវរៀនដោយទន្ទេញចាំ។ ដូច្នេះ ការគិតហេតុផលអំពីសេចក្ដីបង្រៀនខាងសាសនា និងការបញ្ជាក់ភស្តុតាងចំពោះខ្លួនគេថា អ្វីជាព្រះហឫទ័យរបស់ព្រះ នោះមិនបានជាផ្នែកនៃការលូតលាស់ខាងវិញ្ញាណរបស់គេទេ។ (រ៉ូម ១២:២) ដើម្បីជួយពួកអ្នកកាន់សាសនាអ៊ីស្លាម នោះសេចក្ដីអត់ធ្មត់និងការយោគយល់គឺជាចាំបាច់។—កូរិនថូសទី១ ៩:១៩-២៣
៤ ជៀសវាងពីការប្រើពាក្យសំដីណាដែលអាចនាំឲ្យពួកអ្នកកាន់សាសនាអ៊ីស្លាមគិតថាអ្នកទាក់ទងនឹងពិភពគ្រីស្ទសាសនា។ សូមបញ្ជាក់យ៉ាងច្បាស់ឲ្យគេដឹងថា អ្នកមិនមែនជាផ្នែកនៃសាសនាកាតូលិកឬក៏ប្រូតេស្តង់ទេ អ្នកគឺផ្សេងពីគេ។ ហើយនិយាយអំពីព្រះគម្ពីរជាសៀវភៅនៃព្រះ។ ដោយព្រោះពួកអ្នកកាន់សាសនាអ៊ីស្លាមមិនចូលចិត្តពាក្យ«ព្រះរាជបុត្រានៃព្រះ» នោះតាមធម្មតា គឺល្អបំផុតបើសិនជាមិនប្រើពាក្យនេះ ឬក៏ពិគ្រោះអំពីរឿងនេះទាល់តែមានការលូតលាស់ខាងវិញ្ញាណ។ ក៏ប៉ុន្តែ អ្នកអាចនិយាយអំពីព្រះយេស៊ូជាព្យាការីឬក៏អ្នកនាំសារម្នាក់។ ជៀសវាងពីការឈ្លោះគ្នា។ បើសិនជាអ្នកឃើញថាកំហឹងចាប់ផ្ដើមលេចមក នោះសូមទៅមុន តាមរបៀបដ៏គួរសម។
៥ គឺល្អបំផុត បើសិនជានិយាយជាមួយមនុស្សតែម្នាក់ ហើយមិនមែនជាមួយមនុស្សមួយក្រុមទេ។ តាមធម្មតា ស្ត្រីគួរផ្សព្វផ្សាយជូនស្ត្រី ហើយបុរសនឹងបុរស។ ច្បាស់ហើយ មានពេលប្លែកពីធម្មតាដែលមិនអាចធ្វើអ៊ីចឹងទេ តែការវិនិច្ឆ័យល្អគួរត្រូវប្រើ។ បន្ថែមទៅទៀត ពួកអ្នកកាន់សាសនាអ៊ីស្លាមក៏យកចិត្តទុកដាក់ជាខ្លាំងទៅលើអ្វីដែលគេគិតថា ជាការស្លៀកពាក់តុបតែងខ្លួនដ៏មិនគួរសមដោយពួកស្ត្រី។ បងស្រីទាំងឡាយគួរដឹងអំពីរឿងនេះ។—កូរិនថូសទី១ ១០:៣១-៣៣
៦ អ្វីដែលអាចត្រូវយកមកនិយាយ: និយាយឲ្យត្រង់អំពីភាពប្រសើរនៃព្រះនិងសេចក្ដីស្រឡាញ់របស់ទ្រង់។ កុំស្ទាក់ស្ទើរប្រាប់ថាខ្លួនជាអ្នកជឿពិតប្រាកដ និងថាព្រះគឺជាមួយអង្គ(មិនមែនជាព្រះត្រីឯកភាពទេ) ហើយដែលការថ្វាយបង្គំរូបគឺខុស។ ចូរនិយាយអំពីអំពើអាក្រក់ជួជាតិក្នុងពិភពលោកសព្វថ្ងៃនេះដូចជាសង្គ្រាម ចលាចលស៊ីវិល ការស្អប់រវាងពូជសាសន៍ ហើយការលាក់ពុតគឺជាក់ស្តែងក្នុងមនុស្សជាច្រើនដែលកាន់សាសនា។
៧ សៀវភៅស្តើងការណែនាំរបស់ព្រះ—ផ្លូវរបស់យើងដែលនាំទៅដល់សួនមនោរម្យ នឹងផ្ដល់ឲ្យអ្នកនូវចំណេះថែមទៀតអំពីរឿងដែលអាចត្រូវប្រើដើម្បីចាប់ផ្ដើមការសន្ទនាជាមួយនឹងពួកអ្នកកាន់សាសនាអ៊ីស្លាម។ សៀវភៅនោះបានត្រូវរៀបចំដើម្បីទាក់ទាញចិត្តរបស់ពួកអ្នកកាន់សាសនាអ៊ីស្លាមដែលមានបរិយាការដែលផ្ដល់ឲ្យគេមានសេរីភាពសិក្សាព្រះគម្ពីរ។
៨ ជាការនិយាយសម្ដែង ប្រហែលជាអ្នកអាចនិយាយថា:
◼ «ខ្ញុំកំពុងតែខិតខំជួបនិយាយជាមួយពួកអ្នកកាន់សាសនាអ៊ីស្លាម។ ខ្ញុំបានអានអំពីសាសនារបស់អ្នក ហើយគិតថាខ្ញុំនិយាយត្រូវ ពេលខ្ញុំនិយាយថា ពួកអ្នកកាន់សាសនាអ៊ីស្លាមជឿលើព្រះពិតតែមួយអង្គនិងទៅលើពួកព្យាការីទាំងអស់។ [ចាំឲ្យឆ្លើយ] ខ្ញុំចង់និយាយជាមួយអ្នកអំពីទំនាយបុរាណមួយ ដែលទាយអំពីការកែប្រែនូវផែនដីឲ្យទៅជាសួនមនោរម្យមួយ។ តើខ្ញុំអាចសូមអានអ្វីដែលព្យាការីនោះបានសរសេរទេ? [អាន អេសាយ ១១:៦-៩]។ ទំនាយនេះធ្វើឲ្យខ្ញុំគិតអំពីសេចក្ដីដកស្រង់មួយពីគម្ពីរកូរ៉ានដែលមានក្នុងសៀវភៅស្តើងនេះ»។ បើកមើលទំព័រទី៩ ក្នុងសៀវភៅស្តើងការណែនាំរបស់ព្រះ ហើយអានសេចក្ដីដកស្រង់ជាអក្សរក្រាស់ៗ ដែលសំដៅទៅមនុស្សសុចរិតទទួលផែនដីជាមរតក។ បើសិនជាមានការចាប់អារម្មណ៍ បន្តសន្ទនាដោយពិភាក្សានូវ វគ្គទី៧ ដល់ វគ្គទី៩ នៅទំព័រខាងមុខនោះ។ ជូនសៀវភៅស្តើងនោះឲ្យគេ ហើយរៀបចំត្រឡប់ទៅជួបគេវិញ—សំរាប់ពាក្យនិយាយសម្ដែងមួយទៀត សូមមើលឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ខែកុម្ភៈ ឆ្នាំ១៩៩៨ ទំព័រទី៦ វគ្គទី២៧ (ភាសាអង់គ្លេស)។
៩ ពេលដែលអញ្ជើញមនុស្សម្នាក់ពិចារណាមើលសៀវភៅស្តើងការណែនាំរបស់ព្រះ គឺល្អជាងបើសិនជាហៅនោះជាការពិគ្រោះ មិនមែនការសិក្សាព្រះគម្ពីរទេ។ ពេលដែលអ្នកបានរៀនសៀវភៅស្តើងនោះចប់ហើយ នោះសិស្សហ្នឹងគួរមានសមត្ថភាពសិក្សាសៀវភៅស្តើង តម្រូវ ឬក៏សៀវភៅ ចំណេះ។ សៀវភៅផ្សេងទៀតដែលបានត្រូវរៀបចំជាពិសេសសំរាប់ពួកអ្នកកាន់សាសនាអ៊ីស្លាម គឺជាខិត្តប័ណ្ណ របៀបរកឃើញនូវផ្លូវដល់សួនមនោរម្យ ហើយកូនសៀវភៅ ពេលសំរាប់ការចុះចូលដ៏ពិតប្រាកដនឹងព្រះ។
១០ ដោយមានចំណេះអំពីជំនឿនិងការយកចិត្តទុកដាក់របស់អ្នកកាន់សាសនាអ៊ីស្លាម នោះយើងអាចធ្វើការវិនិច្ឆ័យក្នុងការជ្រើសរើសប្រកាសនវត្ថុដើម្បីចែកជូនចំពោះពួកអ្នកកាន់សាសនាអ៊ីស្លាម ហើយក្នុងរបៀបដែលយើងផ្សព្វផ្សាយដល់គេ។ សូមឲ្យព្រះយេហូវ៉ាប្រទានពរចំពោះការខិតខំរបស់យើងក្នុងការជួយមនុស្សគ្រប់បែបយ៉ាង ដើម្បីអំពាវនាវដល់ព្រះនាមទ្រង់ហើយបានសង្គ្រោះ។—កិច្ចការ ២:២១