បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អំណោយទានដ៏ល្អអស្ចារ្យនៃចិត្ដសេរី
    តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
    • ១១ តើ​មនុស្ស​យើង​បាន​ត្រូវ​បង្កើត​មក​ដើម្បី​ឲ្យ​គោរព​តាម​ច្បាប់​របស់​អ្នក​ណា?

      ១១ តើ​មនុស្ស​យើង​បាន​ត្រូវ​បង្កើត​មក​ដើម្បី​ឲ្យ​គោរព​តាម​ច្បាប់​របស់​អ្នក​ណា? ចំណែក​មួយ​ទៀត​នៃ​បទ​គម្ពីរ​នៅ ពេត្រុសទី១ ២:⁠១៦ ចែង​ថា⁠៖ «ត្រូវ​ចុះ​ចូល​ដូច​ជា​អ្នក​បំរើ​របស់​ព្រះ​វិញ»។ ការ​នេះ​មិន​មែន​មាន​ន័យ​ជា​ទាសភាព​ដែល​សង្កត់​សង្កិន​ទេ តែ​ផ្ទុយ​ទៅ​វិញ នេះ​មាន​ន័យ​ថា មនុស្ស​យើង​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​ចិត្ត​សប្បាយ​រីករាយ​ដ៏​ប្រសើរ​បំផុត កាលណា​យើង​ចុះ​ចូល​នឹង​ច្បាប់​របស់​ព្រះ។ (ម៉ាថាយ ២២:​៣៥​-​៤០) ច្បាប់​របស់​ទ្រង់​ផ្ដល់​ឲ្យ​មាន​ការ​ដឹក​នាំ​ដ៏​ប្រសើរ​បំផុត លើស​ជាង​ច្បាប់​ណា​ដែល​បាន​ប្រឌិត​ឡើង​ដោយ​មនុស្ស​លោក​ទៅ​ទៀត។ «អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ»។​—⁠អេសាយ ៤៨:⁠១៧

      ១២ តើ​មនុស្ស​យើង​មាន​សេរីភាព​ខាង​ការ​ជ្រើសរើស​យ៉ាង​ណា នៅ​ក្នុង​ព្រំដែន​នៃ​ច្បាប់​របស់​ព្រះ?

      ១២ យ៉ាង​ណា​ក៏​ដោយ ច្បាប់​របស់​ព្រះ អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ខាង​ការ​ជ្រើសរើស​ជា​ច្រើន​យ៉ាង នៅ​ក្នុង​ព្រំដែន​នោះ។ ការ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​ជា​ច្រើន​បែប​ច្រើន​យ៉ាង ព្រម​ទាំង​ធ្វើ​ឲ្យ​គ្រួសារ​មនុស្ស​លោក​ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ពិសេស​អស្ចារ្យ។ សូម​អញ្ជើញ​គិត​នូវ​ប្រភេទ​ជា​ច្រើន​យ៉ាង នៃ​ចំណី​អាហារ ខោអាវ ភ្លេង សិល្បៈ និង​ទីលំនៅ នៅ​ជុំវិញ​ផែនដី​ទាំងមូល។ ពិត​មែន​ហើយ យើង​ចង់​សម្រេច​ចិត្ត​ខ្លួន​ឯង​ជាជាង​ឲ្យ​អ្នក​ដទៃ​សម្រេច​ឲ្យ​យើង​ចំពោះ​រឿង​ទាំង​នេះ។

      ១៣ ដើម្បី​ឲ្យ​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​យើង តើ​មនុស្ស​យើង​ត្រូវ​តែ​ស្ដាប់បង្គាប់​ច្បាប់​ធម្មជាតិ​ណា​ខ្លះ?

      ១៣ ដូច្នេះ​មនុស្ស​យើង​បាន​ត្រូវ​បង្កើត​មក​ដើម្បី​ទទួល​សុភមង្គល​ដ៏​ល្អ​បំផុត បើ​កាលណា​យើង​ចុះ​ចូល​នឹង​ច្បាប់​របស់​ព្រះ​ស្តី​ពី​កិរិយា​មារយាទ​របស់​មនុស្ស។ ក៏​មាន​ភាព​ស្រដៀង​នឹង​គ្នា​ចំពោះ​ការ​ចុះ​ចូល​នឹង​ច្បាប់​ធម្មជាតិ​របស់​ព្រះ​នោះ​ដែរ។ ជា​ឧទាហរណ៍ បើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ច្បាប់​ភូរិពល ហើយ​លោត​ទំលាក់​ខ្លួន​ពី​ទី​ខ្ពស់ យើង​នឹង​ត្រូវ​មាន​របួស​ឬ​ក៏​អាច​បាត់បង់​ជីវិត​ដែរ។ បើ​កាលណា​យើង​មិន​អើពើ​នឹង​ច្បាប់​ខាង​ក្នុង​រូបកាយ​របស់​យើង ហើយ​លែង​បរិភោគ​ម្ហូបអាហារ ផឹក​ទឹក ឬ​ក៏​ដកដង្ហើម​ខ្យល់​នោះ យើង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។

      ១៤ តើ​យ៉ាង​ណា​ដែល​យើង​អាច​ដឹង​ថា មនុស្ស​លោក​មិន​បាន​ត្រូវ​បង្កើត​មក​ដោយ​មិន​ពឹងផ្អែក​ទៅ​លើ​ព្រះ​អង្គ​នោះ?

      ១៤ ដូច​ជា​យើង​ត្រូវ​បាន​បង្កើត​មក​ឲ្យ​មាន​សេចក្ដី​ត្រូវ​ការ​នឹង​ចុះ​ចូល​ច្បាប់​ខាង​ធម្មជាតិ​របស់​ព្រះ​ជា​ពិត​ប្រាកដ​យ៉ាង​ណា នោះ​យើង​ក៏​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​សេចក្ដី​ត្រូវ​ការ​នឹង​ចុះ​ចូល​នូវ​ច្បាប់​របស់​ព្រះ​ខាង​សីលធម៌​និង​សង្គម​យ៉ាង​នោះ​ដែរ។ (ម៉ាថាយ ៤:⁠៤) មនុស្ស​លោក​មិន​បាន​ត្រូវ​បង្កើត​មក​ឲ្យ​រស់​នៅ​ដោយ​មិន​ពឹងផ្អែក​ទៅ​លើ​អ្នក​បង្កើត​របស់​គេ ហើយ​នៅ​មាន​ជោគជ័យ​នោះ​ឡើយ។ ហោរា​យេរេមា​បាន​សរសេរ​ថា⁠៖ «ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំរង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ។ ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ផ្ចាល​ទូលបង្គំ​ចុះ»។ (យេរេមា ១០:​២៣, ២៤) ដូច្នេះ តាម​របៀប​គ្រប់​យ៉ាង​ទាំងអស់ មនុស្ស​លោក​បាន​ត្រូវ​បង្កើត​មក​ដើម្បី​នឹង​រស់​នៅ​ជីវិត​របស់​គេ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ មិន​មែន​ស្រេច​ទៅ​លើ​ចិត្ត​ខ្លួន​គេ​នោះ​ឡើយ។

      ១៥ តើ​ការ​គោរព​តាម​ច្បាប់​របស់​ព្រះ ត្រូវ​បាន​ជា​បន្ទុក​ដ៏​ធ្ងន់​ចំពោះ​អ័ដាម​និង​អេវ៉ា​ឬ?

      ១៥ សេចក្ដី​គោរព​តាម​ច្បាប់​របស់​ព្រះ គឺ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ចំពោះ​ឪពុក​ម្ដាយ​ដើម​របស់​យើង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​អនុវត្ត​តាម​សេចក្ដី​នោះ​នឹង​នាំ​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​គេ ព្រម​ទាំង​សម្រាប់​ក្រុម​គ្រួសារ​មនុស្ស​លោក​ទាំងមូល​ផង។ បើសិនជា​មនុស្ស​មួយ​គូ​ទី​មួយ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ព្រំដែន​នៃ​ច្បាប់​របស់​ព្រះ នោះ​គ្រប់​ការ​ទាំងអស់​នឹង​មាន​ភាព​ល្អ​គ្រប់​មុខ​ជា​មិន​ខាន។ តាម​ការ​ពិត​ទៅ នៅ​សព្វ​ថ្ងៃ​នេះ​មនុស្ស​យើង​មុខ​ជា​អាច​រស់​នៅ​ក្នុង​សួន​មនោរម​ដ៏​អស្ចារ្យ ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​កំសាន្ត​ចិត្ត ជា​ក្រុម​គ្រួសារ​ដែល​ប្រកប​ទៅ​ដោយ​សាមគ្គីភាព​និង​សេចក្ដី​ស្រឡាញ់! គឺ​នឹង​មិន​មាន​នូវ​អំពើ​សហ័ស សេចក្ដី​ទុក្ខវេទនា និង​សេចក្ដី​ស្លាប់​ឡើយ។

      [រូបភាព​នៅ​ទំព័រ​១១]

      អ្នក​បង្កើត​បាន​ប្រទាន​ដល់​មនុស្ស​លោក​នូវ​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​គ្រប់​លក្ខណ៍

      [រូបភាព​នៅ​ទំព័រ​១២]

      តើ​លោក​អ្នក​ចង់​បើកបរ​ក្នុង​ចរាចរ​ដ៏​អ៊ូអរ​ឬ​ទេ​បើសិនជា​គ្មាន​ច្បាប់​ចរាចរ​នោះ?

  • ហេតុដែលនាំឲ្យព្រះអនុញ្ញាតឲ្យមានសេចក្ដីទុក្ខវេទនា
    តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
    • ភាគ​ទី៦

      ហេតុ​ដែល​នាំ​ឲ្យ​ព្រះ​អនុញ្ញាត​ឲ្យ​មាន​សេចក្ដី​ទុក្ខវេទនា

      ១, ២ តើ​ឪពុក​ម្ដាយ​ដើម​របស់​យើង​បាន​បង្ខូច​យ៉ាង​ណា នូវ​សេចក្ដី​ចាប់​ផ្ដើម​ដ៏​ប្រសើរ​ដែល​ព្រះ​បាន​ប្រគល់​ដល់​គេ​នោះ?

      តើ​មាន​ហេតុ​យ៉ាង​ណា​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​មនុស្ស​វង្វេង​នោះ? តើ​អ្វី​បាន​កើត​ឡើង​ដែល​បង្ខូច​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​ប្រសើរ ដែល​ព្រះ​ទ្រង់​បាន​ប្រគល់​ដល់​ឪពុក​ម្ដាយ​ដើម​របស់​យើង​ក្នុង​សួន​មនោរម​អេដែន​នោះ? តើ​ហេតុ​អ្វី​បាន​ជា​មិន​មាន​សន្ដិភាព​នឹង​សាមគ្គីភាព​នៃ​សួន​មនោរម តែ​ផ្ទុយ​ទៅ​វិញ ផែនដី​បាន​ពោរ​ពេញ​ទៅ​ដោយ​អំពើ​សហ័ស​និង​សេចក្ដី​ទុក្ខវេទនា​ជា​ច្រើន​ពាន់​ឆ្នាំ​មក​នោះ?

      ២ មូលហេតុ​នេះ​គឺ​ថា អ័ដាម​និង​អេវ៉ា​បាន​ប្រើ​ចិត្ត​សេរី​របស់​គេ​តាម​របៀប​មិន​ត្រឹម​ត្រូវ។ ពួកគេ​បាន​ភ្លេច​នូវ​ហេតុ​ការណ៍​ដែល​ថា ពួកគេ​មិន​ត្រូវ​បាន​បង្កើត​មក​ឲ្យ​បាន​ជោគជ័យ​ក្នុង​ជីវភាព​ទេ លើក​លែង​តែ​ពួកគេ​ចុះ​ចូល​នឹង​ព្រះ​ហើយ​ច្បាប់​របស់​ទ្រង់។ ពួកគេ​បាន​សម្រេច​ចិត្ត​លែង​ពឹង​ទៅ​លើ​ព្រះ ព្រម​ទាំង​គិត​ថា ការ​នេះ​នឹង​ធ្វើ​ឲ្យ​ជីវភាព​គេ​បាន​ប្រសើរ​ផង។ ដូច្នេះ ពួកគេ​បាន​ជ្រើសរើស​ផ្លូវ​ខាង​ក្រៅ​ព្រំដែន​ដែល​ព្រះ​បាន​កំណត់​ចំពោះ​ចិត្ត​សេរី​នោះ។​—⁠លោកុប្បត្តិ ៣លោកុប្បត្តិ ចំ​ពូក​ទី៣។

      រឿង​ចំណោទ​នៃ​អធិបតេយ្យភាព​សកលលោក

      ៣​-​៥ តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​មិន​បាន​បំផ្លាញ​អ័ដាម​និង​អេវ៉ា ហើយ​ចាប់​ផ្ដើម​បង្កើត​ជា​ថ្មី​ម្ដង​ទៀត​នោះ?

      ៣ តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​ទ្រង់​មិន​បំផ្លាញ​អ័ដាម​និង​អេវ៉ា​តែ​ម្ដង​ទៅ ហើយ​ចាប់​ផ្ដើម​បង្កើត​មនុស្ស​មួយ​គូ​ផ្សេង​ទៀត​ជា​ថ្មី​ឡើង​វិញ? គឺ​ពីព្រោះ​អធិបតេយ្យភាព​សកលលោក​របស់​ទ្រង់ ឬ​ក៏​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​គ្រប់​គ្រង​របស់​ទ្រង់ បាន​ត្រូវ​ចោទ​ប្រឆាំង​ឡើង។

      ៤ រឿង​ចំណោទ​នោះ​គឺ​ថា⁠៖ តើ​អ្នក​ណា​មាន​សិទ្ធិ​គ្រប់​គ្រង​ផ្ដាច់​មុខ ហើយ​តើ​ការ​គ្រប់​គ្រង​របស់​អ្នក​ណា​ជា​ការ​ត្រឹម​ត្រូវ? ដោយ​ទ្រង់​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​ដែល​បាន​បង្កើត​គ្រប់​ប្រជានិករ​ទាំងអស់ នោះ​ទ្រង់​មាន​សិទ្ធិ​នឹង​គ្រប់​គ្រង​លើ​ប្រជានិករ​ទាំងអស់​ជា​មិន​ខាន។ ហើយ​ដោយ​ហេតុ​តែ​ព្រះ​មាន​សព្វ​បញ្ញា នោះ​ការ​គ្រប់​គ្រង​របស់​ទ្រង់​ក៏​មាន​ប្រយោជន៍​ល្អ​បំផុត​ចំពោះ​ប្រជានិករ​ទាំងអស់​ដែរ។ ប៉ុន្តែ​ការ​គ្រប់​គ្រង​របស់​ព្រះ​បាន​ត្រូវ​ចោទ​ប្រឆាំង​ឡើង។ ម្យ៉ាង​វិញ​ទៀត​នោះ តើ​មាន​អ្វី​ខុស​នឹង​សេចក្ដី​បង្កើត​របស់​ទ្រង់​ឬ​—⁠មនុស្ស​លោក​នោះ? ក្រោយ​ការ​នេះ​ទៀត យើង​នឹង​ពិចារណា​តើ​តាម​របៀប​ណា​ដែល​ចំណោទ​ចំពោះ​ចិត្ត​ស្មោះ​ដ៏​គ្រប់​លក្ខណ៍​របស់​មនុស្ស​ទាក់ទង​នឹង​រឿង​នេះ​ដែរ។

      ៥ ដោយ​មនុស្ស​លែង​ពឹង​ទៅ​លើ​ព្រះ នោះ​រឿង​ចំណោទ​មួយ​ទៀត​បាន​ត្រូវ​ផ្ដោះផ្ដង​ឲ្យ​ដឹង​ថា⁠៖ បើ​គេ​មិន​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​នោះ តើ​មនុស្ស​លោក​អាច​បាន​ផល​ប្រយោជន៍​ឬ​ទេ? អ្នក​បង្កើត​ពិត​ជា​ជ្រាប​នូវ​ចម្លើយ​នោះ​ហើយ ប៉ុន្តែ​វិធី​មួយ​ដែល​អាច​នាំ​មនុស្ស​លោក​ឲ្យ​យល់​ការ​នេះ​ជា​ប្រាកដ​បាន នោះ​គឺ​ត្រូវ​បណ្ដោយ​ឲ្យ​គេ​មាន​សព្វ​សេរីភាព​ដែល​គេ​ប្រាថ្នា​ចង់​បាន។ ពួកគេ​បាន​ជ្រើសរើស​ផ្លូវ​នោះ​ពី​ចិត្ត​សេរី​របស់​គេ ដូច្នេះ​ព្រះ​អង្គ​ក៏​បាន​អនុញ្ញាត​ការ​នោះ​ទៅ។

      ៦, ៧ តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​អនុញ្ញាត​ឲ្យ​មនុស្ស​លោក​មាន​សព្វ​សេរីភាព​អស់រយៈ​ពេល​យូរ​ម្ល៉េះ?

      ៦ ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​លោក​មាន​រយៈ​ពេល​ដ៏​ពេញលេញ​ដើម្បី​ពិសោធ​នឹង​សព្វ​សេរីភាព​នោះ ព្រះ​អង្គ​នឹង​សម្ដែង​យ៉ាង​ស្រេច​ជា​ស្ថាពរ ថា​តើ​មនុស្ស​លោក​នឹង​បាន​ផល​ប្រយោជន៍​ពី​ការ​គ្រប់​គ្រង​របស់​ព្រះ ឬ​ក៏​ពី​ការ​ពឹងផ្អែក​ទៅ​លើ​ខ្លួន​គេ​ទៅ​វិញ។ ហើយ​រយៈ​ពេល​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​នឹង​ត្រូវ​តែ​មាន​យូរ​ល្មម ដើម្បី​មនុស្ស​លោក​អាច​មក​ដល់​ស្ថានការណ៍​ដែល​គេ​ស្មាន​ថា​ជា​កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​ការ​សម្រេច​របស់​គេ ខាង​នយោបាយ ខាង​ឧស្សាហកម្ម ខាង​វិទ្យាសាស្ត្រ និង​ខាង​វិជ្ជា​ពេទ្យ។

      ៧ ដោយ​ហេតុ​នេះ បាន​ជា​ព្រះ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​លោក​មាន​សេរីភាព​ដែល​គ្មាន​លក្ខខណ្ឌ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ដើម្បី​នឹង​សម្ដែង ដោយ​គ្មាន​សេចក្ដី​សង្ស័យ ថា​តើ​ការ​គ្រប់​គ្រង​ដែល​មិន​ពឹង​ទៅ​លើ​ទ្រង់​អាច​បាន​ជោគជ័យ​ឬ​ទេ។ ដូច្នេះ មនុស្ស​អាច​រើស​យក​រវាង​គុណធម៌​និង​អំពើ​កំណាច រវាង​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​ស្អប់ រវាង​សេចក្ដី​សុចរិត​និង​អំពើ​ទុច្ចរិត​ជា​ដើម។ ប៉ុន្តែ​មនុស្ស​ក៏​បាន​ត្រូវ​ប្រទល់​មុខ​នូវ​លទ្ធផល​ដែល​មក​ពី​ការ​ដែល​គេ​រើស​យក​នោះ​ដែរ⁠៖ សេចក្ដី​ល្អ​និង​សន្ដិសុខ ឬ​ក៏​អំពើ​អាក្រក់​និង​សេចក្ដី​ទុក្ខវេទនា។

      ការ​បះបោរ​នៃ​ពួក​សត្តនិករ​វិញ្ញាណ

      ៨, ៩ (ក) តើ​ការ​បះបោរ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ពិភព​វិញ្ញាណ​យ៉ាង​ណា? (ខ) ក្រៅ​ពី​អ័ដាម​និង​អេវ៉ា តើ​សាតាំង​បាន​ជំរុញ​អ្នក​ណា​ទៀត​ឲ្យ​បះបោរ​ដែរ?

      ៨ នៅ​មាន​កត្ដា​មួយ​ទៀត​ដែល​យើង​ត្រូវ​ពិចារណា​ដែរ។ មិន​គ្រាន់​តែ​ឪពុក​ម្ដាយ​ដើម​របស់​យើង​ទេ ដែល​បាន​បះបោរ​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​នោះ។ ប៉ុន្តែ​នៅ​ពេល​នោះ តើ​មាន​អ្នក​ណា​ទៀត? គឺ​សត្តនិករ​វិញ្ញាណ។ មុន​ពេល​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​លោក​មក នោះ​ទ្រង់​បាន​បង្កើត​ប្រភេទ​ជីវិត​មួយ​ខ្ពស់​ជាង​មនុស្ស​ទៅ​ទៀត គឺ​ទេវតា​ជា​ច្រើន​នាក់​ដើម្បី​នឹង​រស់​នៅ​ក្នុង​វិស័យ​សួគ៌ា។ ពួកគេ​បាន​ត្រូវ​បង្កើត​មក​ដោយ​មាន​ចិត្ត​សេរី​ដែរ ព្រម​ទាំង​ដោយ​សេចក្ដី​ត្រូវ​ការ​ឲ្យ​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​ផង។​—⁠យ៉ូប ៣៨:៧; ទំនុកដំកើង ១០៤:៤​ពថ; វិវរណៈ ៥:⁠១១

      ៩ ព្រះ​គម្ពីរ​បង្ហាញ​ថា​ការ​បះបោរ​បាន​ផ្ទុះ​ឡើង​ជា​មុន​ដំបូង​នៅ​ពិភព​វិញ្ញាណ។ បុគ្គល​វិញ្ញាណ​ម្នាក់​មាន​ចិត្ត​ប្រាថ្នា​នូវ​សព្វ​សេរីភាព។ វា​ថែម​ទាំង​ប្រាថ្នា​ចង់​ឲ្យ​មនុស្ស​ថ្វាយបង្គំ​វា​ផង។ (ម៉ាថាយ ៤:​៨, ៩) អ្នក​បះបោរ​វិញ្ញាណ​នេះ​បាន​ទៅ​ជា​កត្ដា​មួយ​ក្នុង​ការ​ជំរុញ​អ័ដាម​និង​អេវ៉ា​ឲ្យ​បះបោរ​ដែរ ដោយ​អះអាង​នូវ​រឿង​មិន​ពិត​ថា ព្រះ​ទ្រង់​លាក់​កំបាំង​មិន​ព្រម​ប្រគល់​អ្វី⁠ៗ​ដែល​ល្អ​ដល់​ពួកគេ។ (លោកុប្បត្តិ ៣:​១​-​៥) ដូច្នេះ​វា​បាន​ត្រូវ​ហៅ​ថា អារក្ស (អ្នក​និយាយ​បង្ខូច) ហើយ​សាតាំង (អ្នក​ប្រឆាំង) ។ ក្រោយ​មក​វា​បាន​ជំរុញ​សត្តនិករ​វិញ្ញាណ​ឯ​ទៀត​ឲ្យ​បះបោរ​ដែរ។ ពួក​វា​បាន​ត្រូវ​ហៅ​ថា​ជា​ព្រាយបិសាច។​—⁠ចោទិយកថា ៣២:⁠១៧; វិវរណៈ ១២:៩; ១៦:⁠១៤

      ១០ តើ​មាន​លទ្ធផល​យ៉ាង​ណា​ពី​ការ​បះបោរ​របស់​មនុស្ស​និង​សត្តនិករ​វិញ្ញាណ?

      ១០ មនុស្ស​លោក ដោយ​បះបោរ​ប្រឆាំង​នឹង​ព្រះ បាន​ធ្លាក់​នៅ​ក្រោម​អានុភាព​នៃ​សាតាំង​និង​ពួក​ព្រាយបិសាច​របស់​វា។ ដោយ​ហេតុ​នេះ បាន​ជា​ព្រះ​គម្ពីរ​បាន​ហៅ​អារក្ស​សាតាំង​ថា⁠៖ ជា «ព្រះ​របស់​លោកីយ​នេះ» ដែល «បាន​បង្អាប់​ដល់​គំនិត​ពួកគេ​ដែល​មិន​ជឿ»។ ដូច្នេះ​ហើយ បន្ទូល​របស់​ព្រះ​បាន​ចែង​ថា «លោកីយ​ទាំងមូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច»។ ព្រះ​យេស៊ូវ​គ្រីស្ទ​ផ្ទាល់​បាន​ហៅ​សាតាំង​ជា «ចៅហ្វាយ​របស់​លោកីយ​នេះ»។​—⁠កូរិនថូសទី២ ៤:៤; យ៉ូហានទី១ ៥:⁠១៩; យ៉ូហាន ១២:⁠៣១

      រឿង​ចំណោទ​ពីរ

      ១១ តើ​សាតាំង​បាន​ចោទ​ប្រឆាំង​ព្រះ​ចំពោះ​រឿង​អ្វី​ទៀត?

      ១១ សាតាំង​បាន​លើក​រឿង​មួយ​ទៀត​មក​ចោទ​ប្រឆាំង​ព្រះ។ បើ​និយាយ​ឲ្យ​ចំ​ទៅ វា​បាន​ចោទ​ថា​ព្រះ​បាន​បង្កើត​មនុស្ស​លោក​តាម​របៀប​មិន​ត្រឹម​ត្រូវ ហើយ​ថា​គ្មាន​អ្នក​ណា​នឹង​ចង់​ប្រព្រឹត្ត​ការ​ត្រឹម​ត្រូវ​ឡើយ បើ​កាលណា​គេ​ទទួល​ការ​កៀប​សង្កត់​នោះ។ តាម​ការ​ពិត វា​អះអាង​ថា បើ​កាលណា​ពួកគេ​បាន​ត្រូវ​ល្បង​នោះ គេ​នឹង​ប្រមាថ​ព្រះ​ទៀត​ផង។ (យ៉ូប ២:​១​-​៥) តាម​វិធី​នេះ សាតាំង​បាន​ចោទ​អំពី​ចិត្ត​ស្មោះ​ដ៏​គ្រប់​លក្ខណ៍​របស់​មនុស្ស​លោក​ទាំងអស់។

      ១២​-​១៤ តើ​សេចក្ដី​អនុញ្ញាត​ឲ្យ​មាន​រយៈ​ពេល​នឹង​សម្ដែង​ការ​ពិត​យ៉ាង​ណា អំពី​រឿង​ចំណោទ​ទាំង​ពីរ​ដែល​អារក្ស​សាតាំង​បាន​ចោទ​នោះ?

      ១២ ដូច្នេះ​ហើយ ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​មាន​រយៈ​ពេល​គ្រប់គ្រាន់ ដើម្បី​ឲ្យ​សត្តនិករ​ដែល​មាន​បញ្ញា​ទាំងអស់​អាច​យល់​ឃើញ​ថា តើ​រឿង​ចំណោទ​នេះ ព្រម​ទាំង​រឿង​ចំណោទ​អំពី​អធិបតេយ្យភាព​របស់​ព្រះ នឹង​ត្រូវ​បាន​ឆ្លើយ​ដោះ​ស្រាយ​បាន​តាម​របៀប​ណា។ (សូម​ប្រៀបធៀប​នឹង និក្ខមនំ ៩:⁠១៦) ការ​ពិសោធ​តាម​យថាហេតុ ដែល​បង្ហាញ​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស​លោក នឹង​សម្ដែង​ឲ្យ​ឃើញ​សេចក្ដី​ពិត​អំពី​រឿង​ចំណោទ​ទាំង​ពីរ​នេះ។

      ១៣ ជា​បឋម តើ​សេចក្ដី​អនុញ្ញាត​ឲ្យ​មាន​រយៈ​ពេល​នឹង​សម្ដែង​យ៉ាង​ណា អំពី​រឿង​ចំណោទ​នៃ​អធិបតេយ្យភាព​សកលលោក ជា​សិទ្ធិ​ផ្ដាច់​មុខ​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ? តើ​មនុស្ស​លោក​អាច​គ្រប់​គ្រង​ខ្លួន​គេ​បាន​ប្រសើរ​ជាង​ព្រះ​បាន​ទេ? តើ​របប​គ្រប់​គ្រង​របស់​មនុស្ស​ដែល​មិន​ពឹង​ទៅ​លើ​ព្រះ អាច​នាំ​ឲ្យ​មាន​ពិភពលោក​ដ៏​សប្បាយ​ដែល​គ្មាន​សង្គ្រាម បទឧក្រិដ្ឋ និង​អយុត្ដិធម៌​បាន​ទេ? តើ​មាន​របប​ណា​មួយ​ដែល​អាច​បំបាត់​ភាព​ទ័ល​ក្រ ហើយ​ផ្ដល់​នូវ​ភាព​ចម្រើន​រុង​រឿង​សម្រាប់​មនុស្ស​គ្រប់⁠ៗ​គ្នា​ទេ? តើ​មាន​របប​ណា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​លែង​មាន​នូវ​ជម្ងឺ សេចក្ដី​ចាស់​ជរា និង​សេចក្ដី​ស្លាប់​បាន​ទេ? ការ​គ្រប់​គ្រង​របស់​ព្រះ​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​នឹង​សម្រេច​នូវ​ការ​ទាំងអស់​នេះ។​—⁠លោកុប្បត្តិ ១:​២៦​-​៣១

      ១៤ ចំពោះ​រឿង​ចំណោទ​ទីពីរ​វិញ តើ​សេចក្ដី​អនុញ្ញាត​ឲ្យ​មាន​រយៈ​ពេល​នឹង​សម្ដែង​យ៉ាង​ណា អំពី​តម្លៃ​នៃ​សេចក្ដី​បង្កើត​នូវ​មនុស្ស​លោក​របស់​ព្រះ​នោះ? តើ​របៀប​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​លោក​មក​ជា​ការ​មិន​ត្រឹម​ត្រូវ​ឬ? បើ​កាលណា​គេ​ត្រូវ​បាន​ល្បង​នោះ តើ​មាន​អ្នក​ណា​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ត្រឹម​ត្រូវ​ទេ? តើ​មាន​ប្រជាជន​ណា​នឹង​សម្ដែង​ថា គេ​ប្រាថ្នា​ចង់​បាន​ការ​គ្រប់​គ្រង​របស់​ព្រះ ជាជាង​ការ​គ្រប់​គ្រង​របស់​មនុស្ស​ដែល​មិន​ពឹង​ទៅ​លើ​ព្រះ​ឬ?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក