-
មនុស្សជាតិរួចជីវិតពីទឹកជំនន់គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
-
-
ភាគ៣
មនុស្សជាតិរួចជីវិតពីទឹកជំនន់
ព្រះបំផ្លាញចោលមនុស្សអាក្រក់ ប៉ុន្តែសង្គ្រោះណូអេនិងក្រុមគ្រួសាររបស់គាត់
កាលដែលមនុស្សជាតិមានកាន់តែច្រើនឡើង នោះភាពខុសឆ្គងនិងអំពើទុច្ចរិតក៏រាលដាលយ៉ាងឆាប់រហ័សពេញផែនដីដែរ។ អ្នកប្រកាសទំនាយតែម្នាក់ឯងឈ្មោះ អេណុកឬហេណុកបានព្រមានថានៅថ្ងៃណាមួយព្រះនឹងបំផ្លាញចោលមនុស្សទុច្ចរិត។ ប៉ុន្តែ នៅតែមានអំពើអាក្រក់កាន់តែច្រើនឡើងៗ។ ទេវតាខ្លះបានបះបោរប្រឆាំងព្រះយេហូវ៉ា ដោយចាកចេញពីកន្លែងរបស់ខ្លួននៅស្ថានសួគ៌ ហើយយករូបកាយជាមនុស្សនៅផែនដី រួចយកស្ត្រីធ្វើជាប្រពន្ធយ៉ាងលោភលន់។ ការរួមរក្សខុសធម្មជាតិនោះបង្កើតបានកូនកាត់ទេវតានិងមនុស្ស ជាមនុស្សមានរូបធំសម្បើម ហើយធ្វើបាបអ្នកដទៃ។ មនុស្សរូបធំសម្បើមទាំងនោះបានបង្កឲ្យមានអំពើឃោរឃៅនិងការបង្ហូរឈាមកាន់តែខ្លាំងឡើងក្នុងពិភពលោក។ ព្រះឈឺចិត្តខ្លាំងណាស់ដោយឃើញអ្វីដែលលោកបង្កើតនៅផែនដីកំពុងខូចបង់បែបនេះ។
ក្រោយពីអេណុកស្លាប់ទៅ មានបុរសម្នាក់ដែលខុសប្លែកពីពួកមនុស្សទុច្ចរិតទាំងនោះ។ គាត់ឈ្មោះណូអេ។ គាត់និងក្រុមគ្រួសារខំព្យាយាមធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះ។ នៅពេលដែលព្រះសម្រេចចិត្តបំផ្លាញចោលមនុស្សទុច្ចរិតនៅសម័យនោះ លោកចង់ការពារណូអេនិងសត្វផ្សេងៗ។ ដូច្នេះ ព្រះបានប្រាប់គាត់ឲ្យសង់ទូកធំមួយ ដែលជានាវាមួយមានរាងបួនជ្រុងទ្រវែង។ នៅក្នុងទូកនោះ ណូអេនិងក្រុមគ្រួសារនឹងត្រូវសង្គ្រោះ រួមទាំងសត្វផ្សេងៗឲ្យរួចពីទឹកជំនន់ដែលនឹងមានពេញផែនដី។ ណូអេបានស្ដាប់បង្គាប់ព្រះ។ ក្នុងរយៈពេល៤០ឬ៥០ឆ្នាំដែលណូអេសង់ទូកធំនោះ គាត់ក៏«ជាអ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិត»ដែរ។ (ពេត្រុសទី២ ២:៥) គាត់បានព្រមានបណ្ដាជនអំពីទឹកជំនន់នោះ ប៉ុន្តែ ពួកគេមិនព្រមស្ដាប់គាត់ទេ។ វេលាដែលណូអេនិងគ្រួសារត្រូវចូលទៅក្នុងទូកធំជាមួយនឹងសត្វផ្សេងៗបានមកដល់។ ក្រោយមក ព្រះបិទទ្វារទូកនោះ រួចភ្លៀងបានធ្លាក់មក។
ភ្លៀងធ្លាក់យ៉ាងខ្លាំងអស់៤០ថ្ងៃ៤០យប់ រហូតដល់លិចផែនដីទាំងមូល។ ពួកមនុស្សទុច្ចរិតបានស្លាប់អស់រលីងទៅ។ ច្រើនខែក្រោយមក ពេលដែលទឹកស្រកទៅ ទូកធំនោះបានកឿងនៅលើភ្នំមួយ។ ដល់ពេលណូអេ ក្រុមគ្រួសារ និងសត្វផ្សេងៗអាចចេញពីទូកធំនោះ គឺពួកគាត់បាននៅក្នុងទូកនោះអស់មួយឆ្នាំពេញ។ ណូអេបានជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា ដើម្បីអរគុណព្រះ។ ព្រះបានតបឆ្លើយដោយសន្យានឹងណូអេនិងគ្រួសារថាលោកនឹងមិនធ្វើឲ្យមានទឹកជំនន់ដើម្បីសម្លាប់ជីវិតទាំងអស់នៅផែនដីទៀតឡើយ។ ព្រះយេហូវ៉ាបានធ្វើឲ្យមានឥន្ទធនូជាការធានាមួយដែលមនុស្សអាចមើលឃើញ ដែលរំលឹកអំពីសេចក្ដីសន្យារបស់លោក។
ក្រោយទឹកជំនន់ ព្រះក៏បានឲ្យមនុស្សជាតិនូវបញ្ញត្ដិថ្មីខ្លះៗដែរ។ លោកអនុញ្ញាតឲ្យពួកគេបរិភោគសាច់សត្វ។ ក៏ប៉ុន្តែ លោកហាមមិនឲ្យបរិភោគឈាម។ លោកក៏បានបង្គាប់កូនចៅរបស់ណូអេឲ្យចេញទៅរស់នៅពាសពេញផែនដី ប៉ុន្តែ ពួកគេខ្លះមិនស្ដាប់តាមលោកទេ។ បណ្ដាជនបានឯកភាពគ្នាក្រោមអ្នកដឹកនាំម្នាក់ឈ្មោះនីមរ៉ុឌ ហើយចាប់ផ្ដើមសង់ប៉មដ៏ធំមួយក្នុងក្រុងបាបិល ដែលក្រោយមកមានឈ្មោះថាបាប៊ីឡូន។ ពួកគេមានបំណងប្រឆាំងបញ្ញត្ដិព្រះ ដែលឲ្យពួកគេទៅរស់នៅពាសពេញផែនដី។ ប៉ុន្តែ ព្រះបានរារាំងពួកបះបោរនោះ ដោយបំភាន់ភាសាតែមួយដែលពួកគេនិយាយ ហើយធ្វើឲ្យពួកគេនិយាយភាសាផ្សេងៗពីគ្នាវិញ។ ដោយសារពួកគេស្ដាប់គ្នាមិនបាន ពួកគេឈប់សង់ប៉មនោះ ក៏បានបែកខ្ញែកគ្នាទៅ។
—មានមូលដ្ឋានលើសៀវភៅលោកុប្បត្តិ ជំពូក៦ដល់ជំពូក១១ យូដាស ១៤, ១៥។
-
-
ព្រះធ្វើកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
-
-
ភាគ៤
ព្រះធ្វើកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំ
អាប្រាហាំស្ដាប់បង្គាប់ព្រះដោយមានជំនឿ ហើយព្រះយេហូវ៉ាសន្យាថានឹងឲ្យពរគាត់ ហើយឲ្យកូនចៅគាត់មានចំនួនកាន់តែច្រើនឡើង
ប្រហែល៣៥០ឆ្នាំបានកន្លងផុត តាំងតែពីទឹកជំនន់នៅសម័យណូអេ។ អាប្រាហាំបានរស់នៅក្នុងក្រុងដ៏ចម្រុងចម្រើនមួយឈ្មោះអ៊ើរ នៅប្រទេសអ៊ីរ៉ាក់សព្វថ្ងៃនេះ។ អាប្រាហាំជាបុរសដែលមានជំនឿមុតមាំណាស់។ ប៉ុន្តែ ឥឡូវជំនឿរបស់គាត់ទទួលការល្បងល។
ព្រះយេហូវ៉ាប្រាប់អាប្រាហាំឲ្យចាកចេញពីស្រុកកំណើត ហើយឲ្យទៅរស់នៅស្រុកក្រៅ ដែលជាស្រុកកាណាន។ អាប្រាហាំបានស្ដាប់បង្គាប់ព្រះដោយឥតរុញរា។ គាត់បានយកក្រុមគ្រួសារទៅជាមួយ ដែលមានប្រពន្ធគាត់ឈ្មោះសារ៉ា ក្មួយប្រុសឈ្មោះឡុត ហើយអ្នកបម្រើគាត់ជាច្រើនក៏ទៅជាមួយនឹងគាត់ដែរ។ ក្រោយពីធ្វើដំណើរយ៉ាងឆ្ងាយ គាត់បានក្លាយជាអ្នករស់នៅក្នុងត្រសាលនៅស្រុកកាណាន។ ក្នុងកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាបានធ្វើជាមួយនឹងអាប្រាហាំ នោះព្រះបានសន្យាថានឹងធ្វើឲ្យកូនចៅរបស់គាត់ទៅជាសាសន៍ដ៏ធំមួយ ថាក្រុមគ្រួសារទាំងអស់នៅផែនដីនឹងបានពរដោយសារគាត់ ហើយថាកូនចៅគាត់នឹងបានស្រុកកាណាន។
អាប្រាហាំនិងឡុតបានចម្រើនឡើង ហើយមានហ្វូងចៀមនិងហ្វូងគោយ៉ាងធំ។ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន នោះអាប្រាហាំទុកឲ្យឡុតជ្រើសរើសតំបន់ណាក៏ដោយតាមចិត្តប្រាថ្នា។ ឡុតបានជ្រើសរើសតំបន់ទន្លេយ៉ូដាន់ដែលសម្បូរជីជាតិ ហើយតាំងលំនៅជិតក្រុងសូដុម។ ប៉ុន្តែ ពួកបុរសនៅក្រុងសូដុមជាមនុស្សប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ហើយជាអ្នកធ្វើខុសធ្ងន់ប្រឆាំងព្រះយេហូវ៉ា។
ក្រោយមក ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តអាប្រាហាំថា កូនចៅរបស់គាត់នឹងមានច្រើនប្រៀបដូចផ្កាយនៅលើមេឃ។ អាប្រាហាំជឿលើសេចក្ដីសន្យានោះ។ ប៉ុន្តែ សារ៉ាដែលជាប្រពន្ធសម្លាញ់របស់អាប្រាហាំ នៅតែឥតមានកូន។ រួចមក នៅពេលដែលអាប្រាហាំអាយុ៩៩ឆ្នាំ ហើយសារ៉ាអាយុជិត៩០ឆ្នាំ នោះព្រះបានប្រាប់អាប្រាហាំថា គាត់និងសារ៉ានឹងមានកូនប្រុសមួយ។ សារ៉ាបានបង្កើតអ៊ីសាក ដូចពាក្យរបស់ព្រះបានសន្យាមែន។ អាប្រាហាំមានកូនផ្សេងៗទៀត ប៉ុន្តែគឺតាមរយៈអ៊ីសាកទេ ដែលអ្នកសង្គ្រោះដែលបានត្រូវសន្យានៅសួនអេដែននឹងមក។
ដំណាលគ្នាដែរ ឡុតនិងក្រុមគ្រួសារគាត់រស់នៅក្រុងសូដុម។ ប៉ុន្តែ ឡុតជាបុរសសុចរិត មិនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដូចបណ្ដាជនដែលនៅក្រុងនោះទេ។ នៅពេលដែលព្រះយេហូវ៉ាបានសម្រេចដាក់ទោសក្រុងសូដុម លោកបានចាត់ពួកទេវតាឲ្យមកព្រមានឡុតអំពីសេចក្ដីហិនវិនាសដែលជិតមកដល់។ ពួកទេវតាបានតឿនឡុតនិងក្រុមគ្រួសារឲ្យរត់ចេញពីក្រុងសូដុម និងកុំឲ្យបែរមើលទៅក្រោយ។ រួចមក ព្រះបានធ្វើឲ្យភ្លើងនិងស្ពាន់ធ័រធ្លាក់ពីលើមេឃមកលើក្រុងសូដុម និងក្រុងជិតខាងឈ្មោះកូម៉ូរ៉ាដែលពេញទៅដោយអំពើអាក្រក់។ ដូច្នេះ លោកបំផ្លាញបណ្ដាជនទាំងអស់នៃក្រុងទាំងនោះ។ ឡុតនិងកូនស្រីពីរនាក់របស់គាត់បានរួចជីវិត។ ប៉ុន្តែ ប្រពន្ធរបស់ឡុតបានបែរមើលទៅក្រោយ ប្រហែលជាប្រាថ្នាចង់បានអ្វីដែលនាងទុកចោល។ នាងបានស្លាប់ដោយសារមិនបានស្ដាប់បង្គាប់។
—មានមូលដ្ឋានលើសៀវភៅលោកុប្បត្តិ ១១:១០–១៩:៣៨។
-
-
កាលបរិច្ឆេទគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
-
-
ឆ្នាំ២៣៧០មុន គ.ស. ទឹកជំនន់ចាប់ផ្ដើម
ឆ្នាំ២០១៨មុន គ.ស. អាប្រាហាំកើត
ឆ្នាំ១៩៤៣មុន គ.ស. ព្រះធ្វើកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំ
-