-
ព្រះឲ្យពរដល់អាប្រាហាំនិងក្រុមគ្រួសារគាត់គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
-
-
ភាគ៥
ព្រះឲ្យពរដល់អាប្រាហាំនិងក្រុមគ្រួសារគាត់
កូនចៅរបស់អាប្រាហាំចម្រើនកើនឡើង។ ព្រះការពារយ៉ូសែបនៅស្រុកអេស៊ីប
ព្រះយេហូវ៉ាបានជ្រាបថា បុត្រជាទីស្រឡាញ់របស់លោកនឹងត្រូវរងទុក្ខហើយស្លាប់នៅថ្ងៃណាមួយ។ ទំនាយដែលបានកត់ទុកនៅលោកុប្បត្តិ ៣:១៥ បានបង្ហើបឲ្យដឹងអំពីសេចក្ដីពិតនោះ។ តើព្រះអាចជួយមនុស្សជាតិឲ្យយល់ ថាមរណភាពនៃបុត្រលោកមានតម្លៃយ៉ាងណាចំពោះលោកឬទេ? គម្ពីរឲ្យឧទាហរណ៍មួយ ដោយប្រាប់យើងអំពីអ្វីដែលបានកើតឡើងដល់បុរសម្នាក់និងកូនប្រុសគាត់។ ព្រះបានសុំអាប្រាហាំបូជាកូនជាទីស្រឡាញ់របស់គាត់ ពោលគឺអ៊ីសាក។
អាប្រាហាំមានជំនឿយ៉ាងមាំមួន។ សូមចាំថា ព្រះបានសន្យានឹងគាត់ថា អ្នកសង្គ្រោះឬពូជដែលបានត្រូវទាយទុកនោះ នឹងកើតពីវង្សត្រកូលអ៊ីសាក។ អាប្រាហាំបានហៀបនឹងសម្លាប់កូនប្រុសគាត់ធ្វើជាគ្រឿងបូជា ដោយទុកចិត្តថាព្រះនឹងប្រោសអ៊ីសាកឲ្យរស់ឡើងវិញ។ ប៉ុន្តែ ព្រះចាត់ទេវតាមួយរូបឲ្យបញ្ឈប់អាប្រាហាំទាន់ពេល។ ព្រះបានសរសើរអាប្រាហាំដែលសុខចិត្តបូជាអ្វីដែលមានតម្លៃបំផុតចំពោះគាត់ ហើយបានប្រាប់ម្ដងទៀតអំពីសេចក្ដីសន្យារបស់លោកដល់បុរសដ៏ស្មោះត្រង់នេះ។
ក្រោយមក អ៊ីសាកមានកូនប្រុសពីរនាក់ គឺអេសាវនិងយ៉ាកុប។ យ៉ាកុបមិនដូចអេសាវទេ គាត់បានឲ្យតម្លៃទៅលើអ្វីដែលទាក់ទងនឹងគោលបំណងរបស់ព្រះ ហើយបានទទួលរង្វាន់។ ព្រះបានផ្លាស់ប្ដូរឈ្មោះយ៉ាកុបទៅជាអ៊ីស្រាអែលវិញ ហើយកូនប្រុស១២នាក់របស់អ៊ីស្រាអែល បានក្លាយទៅជាមេកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល។ ប៉ុន្តែ តើក្រុមគ្រួសារនោះក្លាយទៅជាសាសន៍ដ៏ធំមួយយ៉ាងដូចម្ដេច?
ព្រឹត្ដិការណ៍ជាបន្តបន្ទាប់បានកើតឡើង នៅពេលដែលកូនប្រុសភាគច្រើនរបស់យ៉ាកុបបានច្រណែននឹងយ៉ូសែប ដែលជាប្អូនរបស់ពួកគេ។ ពួកគេលក់យ៉ូសែបជាខ្ញុំបម្រើ ហើយគាត់បានត្រូវនាំយកទៅស្រុកអេស៊ីប។ ប៉ុន្តែ ព្រះបានឲ្យពរដល់យុវបុរសដ៏ស្មោះត្រង់និងក្លាហាននេះ។ ថ្វីបើមានទុក្ខលំបាកយ៉ាងខ្លាំងក៏ដោយ នៅទីបំផុតយ៉ូសែបបានត្រូវជ្រើសរើសដោយផារ៉ូ ជាអ្នកគ្រប់គ្រងនៅស្រុកអេស៊ីប ហើយបានទទួលអំណាចយ៉ាងធំ។ នេះគឺចំពេលមែន ព្រោះមានការអត់ឃ្លាន ដែលបានបណ្ដាលឲ្យយ៉ាកុបចាត់កូនប្រុសៗឲ្យទៅស្រុកអេស៊ីបដើម្បីទិញស្បៀងអាហារ ហើយឥឡូវ យ៉ូសែបគឺជាអ្នកគ្រប់គ្រងស្បៀងអាហារទាំងអស់! ក្រោយការជួបជុំឡើងវិញដែលគួរឲ្យរំភើបចិត្ត ជាមួយនឹងបងប្អូនប្រុសៗដែលបានប្រែចិត្ត នោះយ៉ូសែបបានអភ័យទោសឲ្យពួកគេ ហើយបានរៀបចំឲ្យក្រុមគ្រួសារទាំងមូលមករស់នៅស្រុកអេស៊ីប។ ពួកគេបានទទួលដីល្អណាស់ ជាកន្លែងដែលពួកគេអាចបន្តចម្រើនកើនឡើង។ យ៉ូសែបបានយល់ថា ព្រះបានធ្វើអន្តរាគមន៍ក្នុងព្រឹត្ដិការណ៍ទាំងនោះដើម្បីសម្រេចសេចក្ដីសន្យារបស់លោក។
យ៉ាកុបដែលមានវ័យចាស់ហើយ បានរស់ដល់អស់ជីវិតនៅស្រុកអេស៊ីប។ នៅជុំវិញគាត់មានក្រុមគ្រួសារគាត់ដែលកើនឡើង។ មុននឹងស្លាប់ គាត់បានទាយថាពូជសន្យាឬអ្នកសង្គ្រោះ នឹងជាអ្នកគ្រប់គ្រងដ៏ខ្លាំងក្លា ដែលនឹងកើតក្នុងវង្សត្រកូលរបស់កូនប្រុសគាត់ឈ្មោះយូដា។ ច្រើនឆ្នាំក្រោយមក មុននឹងយ៉ូសែបស្លាប់ទៅ គាត់បានទាយថា ថ្ងៃណាមួយ ព្រះនឹងយកក្រុមគ្រួសារយ៉ាកុបចេញពីស្រុកអេស៊ីប។
—មានមូលដ្ឋានលើសៀវភៅលោកុប្បត្តិ ជំពូក២០រហូតដល់៥០ ហេប្រឺ ១១:១៧-២២។
-
-
យ៉ូបរក្សាចិត្តស្មោះគ្រប់លក្ខណៈគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
-
-
ភាគ៦
យ៉ូបរក្សាចិត្តស្មោះគ្រប់លក្ខណៈ
សាថានធ្វើឲ្យមានការសង្ស័យអំពីចិត្តស្មោះគ្រប់លក្ខណៈរបស់យ៉ូបនៅចំពោះព្រះ។ ប៉ុន្តែ យ៉ូបរក្សាចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា
តើមនុស្សណាម្នាក់នឹងនៅមានចិត្តស្មោះត្រង់ចំពោះព្រះឬទេ ប្រសិនបើទទួលការល្បងលដ៏ខ្លាំងបំផុត ហើយបើការស្ដាប់បង្គាប់ព្រះ មើលទៅដូចជាគ្មានប្រយោជន៍សោះ? សំណួរនោះបានត្រូវលើកឡើងនិងបានត្រូវឆ្លើយ ក្នុងករណីបុរសម្នាក់ឈ្មោះយ៉ូប។
កាលដែលពួកអ៊ីស្រាអែលនៅស្រុកអេស៊ីបនៅឡើយ នោះយ៉ូបដែលជាសាច់ញាតិរបស់អាប្រាហាំ កំពុងរស់នៅស្រុកដែលសព្វថ្ងៃជាស្រុកអារ៉ាប់។ ក្នុងពេលជាមួយគ្នានោះ ពួកទេវតានៅស្ថានសួគ៌បានមកជួបជុំគ្នានៅចំពោះព្រះ ហើយសាថានដែលជាទេវតាបះបោរនោះបាននៅក្នុងចំណោមពួកគេ។ នៅមុខបណ្ដាទេវតាទាំងឡាយ ព្រះយេហូវ៉ាបង្ហាញនូវទំនុកចិត្តលើយ៉ូបជាអ្នកបម្រើដ៏ស្មោះរបស់លោក។ តាមពិត ព្រះយេហូវ៉ាបានមានប្រសាសន៍ថា គ្មានមនុស្សណាទៀតមានចិត្តស្មោះគ្រប់លក្ខណៈដូចយ៉ូបឡើយ។ ប៉ុន្តែ សាថានបានបញ្ជាក់ថា ដែលយ៉ូបបានបម្រើព្រះ នោះដោយសារតែព្រះបានឲ្យពរនិងការពារគាត់ប៉ុណ្ណោះ។ សាថានបានអះអាងថា ប្រសិនបើអ្វីៗទាំងអស់ដែលយ៉ូបមានបានត្រូវយកចេញពីគាត់ នោះគាត់នឹងប្រមាថព្រះជាមិនខាន។
មុនដំបូង ព្រះបានអនុញ្ញាតឲ្យសាថានដកហូតទ្រព្យសម្បត្ដិរបស់យ៉ូប កូនៗ និងសុខភាពរបស់គាត់។ យ៉ូបមិនដឹងថាសាថានមានចំណែកក្នុងរឿងទាំងនេះទេ ដូច្នេះក៏មិនយល់នូវមូលហេតុដែលព្រះអនុញ្ញាតឲ្យគាត់ជួបប្រទះនឹងទុក្ខលំបាកទាំងនេះដែរ។ ទោះជាយ៉ាងនោះក៏ដាយ យ៉ូបមិនដែលប្រមាថព្រះឡើយ។
មិត្តក្លែងក្លាយបីនាក់បានមកជួបយ៉ូប។ តាមពាក្យសម្ដីជាបន្តបន្ទាប់ដែលបានត្រូវសរសេរក្នុងសៀវភៅយ៉ូប នោះពួកបុរសទាំងនេះបានខំធ្វើឲ្យយ៉ូបជឿថា ព្រះបានដាក់ទោសគាត់ ដោយសារអំពើខុសឆ្គងដែលគាត់ប្រព្រឹត្តដោយលាក់បាំង។ ពួកគេថែមទាំងបានអះអាងថា ព្រះមិនពេញចិត្តនឹងអ្នកបម្រើទាំងឡាយរបស់លោកទេ ក៏មិនទុកចិត្តនឹងពួកគេដែរ។ យ៉ូបបានបដិសេធការវែកញែកមិនត្រឹមត្រូវរបស់ពួកគេ។ គាត់បានប្រកាសទាំងមានទំនុកចិត្តថា គាត់នឹងរក្សាចិត្តស្មោះគ្រប់លក្ខណៈរហូតដល់ស្លាប់!
ប៉ុន្តែ យ៉ូបបានធ្វើខុសដោយសារគាត់ខ្វល់ខ្វាយហួសប្រមាណអំពីការបញ្ជាក់ថាខ្លួនគាត់ត្រឹមត្រូវ។ យុវបុរសឈ្មោះអេលីហ៊ូវ ដែលបានស្ដាប់ការជជែកទាំងអស់នោះ ក៏និយាយកែតម្រង់យ៉ូបនិងពួកមិត្តក្លែងក្លាយរបស់គាត់។ អេលីហ៊ូវបានកែតម្រង់យ៉ូបដោយសារគាត់មិនបានយល់ដឹងច្បាស់ថាការបញ្ជាក់ភាពត្រឹមត្រូវនៃការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺសំខាន់ជាងការបញ្ជាក់ភាពត្រឹមត្រូវរបស់មនុស្សណាទាំងអស់។ អេលីហ៊ូវបានស្តីបន្ទោសយ៉ាងខ្លាំងដល់មិត្តក្លែងក្លាយរបស់យ៉ូប។
រួចមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅយ៉ូប ដោយកែតម្រង់ការគិតគូររបស់គាត់។ ដោយលើកឡើងនូវការបង្កើតដ៏អស្ចារ្យរបស់លោក នោះព្រះយេហូវ៉ាបានធ្វើឲ្យយ៉ូបសញ្ជឹងគិតអំពីភាពតូចតាចរបស់មនុស្សបើប្រៀបធៀបនឹងភាពឧត្តុង្គឧត្តមរបស់ព្រះ។ ដោយចិត្តរាបទាប យ៉ូបបានទទួលយកការកែតម្រង់ពីព្រះ។ ដោយសារលោកមាន«មនោសញ្ចេតនាដ៏ជ្រាលជ្រៅ ហើយក៏ពេញទៅដោយសេចក្ដីមេត្ដាករុណា» ព្រះយេហូវ៉ាបានធ្វើឲ្យយ៉ូបមានសុខភាពល្អឡើងវិញ បានឲ្យទ្រព្យសម្បត្ដិមួយជាពីរ និងឲ្យគាត់មានកូន១០នាក់ទៀត។ (យ៉ាកុប ៥:១១) ដោយសារយ៉ូបរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះយេហូវ៉ាពេលជួបទុក្ខលំបាកយ៉ាងខ្លាំង នោះគាត់បានឆ្លើយតបនឹងការចោទប្រកាន់មិនពិតរបស់សាថានដែលថាមនុស្សនឹងមិននៅស្មោះត្រង់ចំពោះព្រះ ប្រសិនបើត្រូវល្បងលនោះ។
—មានមូលដ្ឋានលើសៀវភៅយ៉ូប។
-
-
កាលបរិច្ឆេទគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
-
-
ឆ្នាំ១៧៥០មុន គ.ស. យ៉ូសែបបានត្រូវលក់ជាខ្ញុំបម្រើ
មុនឆ្នាំ១៦១៣មុន គ.ស. ទុក្ខលំបាករបស់យ៉ូប
-