-
ព្រះដោះលែងសាសន៍អ៊ីស្រាអែលគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
-
-
ភាគ៧
ព្រះដោះលែងសាសន៍អ៊ីស្រាអែល
ព្រះយេហូវ៉ាបានធ្វើឲ្យស្រុកអេស៊ីបមានសេចក្ដីវេទនា ហើយម៉ូសេដឹកនាំសាសន៍អ៊ីស្រាអែលចេញពីស្រុកនោះ។ ព្រះឲ្យសាសន៍អ៊ីស្រាអែលនូវច្បាប់តាមរយៈម៉ូសេ
អស់ច្រើនឆ្នាំ សាសន៍អ៊ីស្រាអែលបានរស់នៅស្រុកអេស៊ីប ហើយបានចម្រើនកើនឡើង។ ប៉ុន្តែ ផារ៉ូថ្មីបានចាប់ផ្ដើមគ្រប់គ្រង។ អ្នកគ្រប់គ្រងនេះមិនបានស្គាល់យ៉ូសែបទេ។ គាត់ជាអ្នកកាន់អំណាចផ្ដាច់ការហើយកាចសាហាវ។ គាត់បានខ្លាចថាជនជាតិអ៊ីស្រាអែលមានគ្នាច្រើនពេក ដូច្នេះគាត់ធ្វើឲ្យពួកគេទៅជាខ្ញុំបម្រើ ហើយបានបញ្ជាឲ្យជ្រមុជកូនខ្ចីប្រុសដែលទើបនឹងកើតឲ្យស្លាប់ក្នុងទន្លេនីល។ ប៉ុន្តែ ម្ដាយម្នាក់ដែលមានចិត្តក្លាហានបានការពារកូនខ្ចីដែលជាកូនប្រុសគាត់ ដោយលាក់ក្នុងកញ្ជើមួយនៅកណ្ដាលគុម្ពត្រែង។ កូនស្រីរបស់ផារ៉ូបានរកឃើញកូនខ្ចីនេះ បានដាក់ឈ្មោះថាម៉ូសេ ហើយបានចិញ្ចឹមគាត់ក្នុងវង្សត្រកូលស្តេចសាសន៍អេស៊ីប។
នៅពេលដែលម៉ូសេមានអាយុ៤០ឆ្នាំ គាត់មានបញ្ហាដោយសារគាត់ការពារខ្ញុំបម្រើសាសន៍អ៊ីស្រាអែលម្នាក់ពីមេតម្រួតសាសន៍អេស៊ីបម្នាក់។ ម៉ូសេបានភៀសខ្លួនទៅស្រុកមួយឆ្ងាយ ហើយរស់នៅជាជនត្រូវនិរទេស។ នៅពេលដែលម៉ូសេមានអាយុ៨០ឆ្នាំ ព្រះយេហូវ៉ាបានបញ្ជូនគាត់ទៅស្រុកអេស៊ីបវិញ ដើម្បីទាមទារឲ្យផារ៉ូដោះលែងរាស្ត្រព្រះ។
ផារ៉ូបានបដិសេធយ៉ាងម៉ឺងម៉ាត់។ ដូច្នេះ ព្រះបានធ្វើឲ្យមានសេចក្ដីវេទនា១០ប្រការដល់សាសន៍អេស៊ីប។ រាល់ដងដែលម៉ូសេទៅជួបផារ៉ូ ដើម្បីស្នើផ្ដល់ឱកាសផារ៉ូឲ្យជៀសវាងសេចក្ដីវេទនាបន្ទាប់ នោះផារ៉ូនៅតែបដិសេធ ដោយមិនទទួលស្គាល់ការទាមទាររបស់ម៉ូសេ និងព្រះយេហូវ៉ាដែលជាព្រះរបស់គាត់ទេ។ នៅទីបំផុត សេចក្ដីវេទនាទី១០បាននាំឲ្យកូនច្បងទាំងអស់នៅក្នុងស្រុកស្លាប់ លើកលែងតែក្នុងក្រុមគ្រួសារដែលបានស្ដាប់បង្គាប់ព្រះយេហូវ៉ា ដោយយកឈាមកូនចៀមឈ្មោលដែលបានត្រូវបូជាទៅប្រឡាក់នៅលើក្របទ្វារផ្ទះរបស់ខ្លួន។ ទេវតារបស់ព្រះដែលបានមកសម្លាប់កូនច្បងទាំងអស់បានរំលងផ្ទះទាំងនោះ។ ក្រោយមក ជនជាតិអ៊ីស្រាអែលបានរំលឹកការសង្គ្រោះនេះ ដោយធ្វើពិធីប្រចាំឆ្នាំមួយហៅថា បុណ្យរំលង។
ដោយបានបាត់បង់កូនច្បងរបស់គាត់ នោះផារ៉ូក៏បានបង្គាប់ម៉ូសេនិងជនជាតិអ៊ីស្រាអែលឲ្យចាកចេញពីស្រុកអេស៊ីប។ ភ្លាមនោះ ពួកគេបានរៀបចំបណ្ដាជនឲ្យចាកចេញពីស្រុកអេស៊ីប។ ប៉ុន្តែ ផារ៉ូបានផ្លាស់ប្ដូរគំនិត។ គាត់បានដេញតាមពួកគេដោយមានកងទ័ពនិងរទេះចម្បាំងជាច្រើន។ មើលទៅ ជនជាតិអ៊ីស្រាអែលហាក់ដូចជាទ័លផ្លូវនៅឆ្នេរសមុទ្រក្រហម។ ព្រះយេហូវ៉ាបានញែកសមុទ្រក្រហម ដោយឲ្យពួកគេដើរកាត់តាមបាតសមុទ្ររីងស្ងួត ចន្លោះទឹកដែលដូចជាកំពែងសងខាងទៅ! នៅពេលដែលពួកអេស៊ីបខំដេញតាមពួកគេ នោះព្រះបានឲ្យទឹករលំធ្លាក់លើធ្វើឲ្យផារ៉ូនិងកងទ័ពគាត់លង់ទឹកស្លាប់អស់។
ក្រោយមក កាលដែលពួកអ៊ីស្រាអែលបោះជំរុំនៅភ្នំស៊ីណាយ ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងមួយជាមួយនឹងពួកគេ។ ដោយប្រើម៉ូសេជាអ្នកកណ្ដាល នោះព្រះបានឲ្យច្បាប់ទៅពួកអ៊ីស្រាអែល ដើម្បីណែនាំនិងការពារពួកគេក្នុងគ្រប់ទិដ្ឋភាពនៃជីវិត។ ដរាបណាពួកអ៊ីស្រាអែលទទួលយកការគ្រប់គ្រងរបស់ព្រះដោយស្មោះត្រង់ នោះព្រះយេហូវ៉ានឹងនៅជាមួយនឹងពួកគេ ហើយធ្វើឲ្យប្រជាជាតិនោះជាពរដល់អ្នកឯទៀត។
ក៏ប៉ុន្តែ ជនជាតិអ៊ីស្រាអែលភាគច្រើនបានធ្វើឲ្យព្រះទាស់ចិត្ត ដោយសារពួកគេខ្វះជំនឿ។ ដូច្នេះ ព្រះយេហូវ៉ាបានធ្វើឲ្យមនុស្សជំនាន់នោះដើរឥតមានទិសដៅនៅតំបន់ស្ងាត់ជ្រងំអស់៤០ឆ្នាំ។ ក្រោយមក ម៉ូសេបានតែងតាំងបុរសដ៏សុចរិតម្នាក់ឈ្មោះយ៉ូស្វេឲ្យ ទទួលតំណែងបន្តពីគាត់។ នៅទីបំផុត អ៊ីស្រាអែលបានត្រៀមខ្លួនចូលទៅក្នុងស្រុក ដែលព្រះបានសន្យាឲ្យអាប្រាហាំ។
—មានមូលដ្ឋានលើនិក្ខមនំ លេវីវិន័យ ជនគណនា ចោទិយកថា ទំនុកតម្កើង ១៣៦:១០-១៥ សកម្មភាព ៧:១៧-៣៦។
-
-
បណ្ដាជនអ៊ីស្រាអែលចូលទៅស្រុកកាណានគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
-
-
ភាគ៨
បណ្ដាជនអ៊ីស្រាអែលចូលទៅស្រុកកាណាន
សាសន៍អ៊ីស្រាអែលដណ្ដើមយកស្រុកកាណានក្រោមការដឹកនាំរបស់យ៉ូស្វេ។ ព្រះយេហូវ៉ាពង្រឹងកម្លាំងពួកចៅក្រមដើម្បីសង្គ្រោះរាស្ត្ររបស់លោកពីការជិះជាន់
រាប់រយឆ្នាំមុនសាសន៍អ៊ីស្រាអែលចូលទៅស្រុកកាណាន ព្រះយេហូវ៉ាបានសន្យាឲ្យស្រុកនោះទៅកូនចៅអាប្រាហាំ។ ឥឡូវក្រោមការដឹកនាំរបស់យ៉ូស្វេ ជនជាតិអ៊ីស្រាអែលហៀបនឹងយកស្រុកដែលព្រះបានសន្យា។
ព្រះបានវិនិច្ឆ័យថាត្រូវបំផ្លាញចោលពួកអ្នកស្រុកកាណាន។ នៅគ្រប់កន្លែងក្នុងស្រុកនោះ ពួកគេប្រព្រឹត្តអំពើដ៏ថោកទាបបំផុតខាងផ្លូវភេទ ព្រមទាំងសម្លាប់គ្នាដោយគ្មានមេត្ដា។ ហេតុនេះ ក្រុងទាំងប៉ុន្មានដែលជនជាតិអ៊ីស្រាអែលវាយយកបាននោះ ពួកគេត្រូវបំផ្លាញឲ្យអស់រលីង។
ប៉ុន្តែ មុននឹងចូលស្រុកនោះ យ៉ូស្វេបានចាត់អ្នកស៊ើបការណ៍ពីរនាក់ទៅក្រុងយេរីខូ។ ពួកគេបានស្នាក់នៅជាមួយនឹងស្ត្រីម្នាក់ឈ្មោះរ៉ាហាប។ នាងបានទទួលអ្នកស៊ើបការណ៍ពីរនាក់នោះឲ្យស្នាក់នៅក្នុងផ្ទះនាង ហើយបានការពារពួកគេ ថ្វីបើនាងដឹងថា ពួកគេជាជនជាតិអ៊ីស្រាអែលក៏ដោយ។ រ៉ាហាបមានជំនឿលើព្រះនៃជនជាតិអ៊ីស្រាអែល ពីព្រោះនាងបានឮអំពីរបៀបព្រះយេហូវ៉ាសង្គ្រោះរាស្ត្ររបស់លោក។ នាងបានសូមឲ្យអ្នកស៊ើបការណ៍ពីរនាក់នោះស្បថថានឹងទុកជីវិតឲ្យនាងនិងក្រុមគ្រួសារនាងដែរ។
ក្រោយមក នៅពេលដែលជនជាតិអ៊ីស្រាអែលបានចូលទៅស្រុកកាណាន ហើយវាយយកក្រុងយេរីខូ នោះ ព្រះយេហូវ៉ាបានធ្វើការអស្ចារ្យដោយបណ្ដាលឲ្យកំពែងក្រុងយេរីខូរលំ។ កងទ័ពរបស់យ៉ូស្វេក៏បានប្រញាប់ចូលទៅ ហើយបានបំផ្លាញចោលក្រុងនោះ ប៉ុន្តែពួកគេបានទុកជីវិតឲ្យរ៉ាហាបនិងក្រុមគ្រួសារនាង។ រួចមក ក្នុងចម្បាំងយ៉ាងរហ័សជាបន្តបន្ទាប់អស់៦ឆ្នាំ យ៉ូស្វេបានដណ្ដើមយកទឹកដីយ៉ាងធំនៃស្រុកដែលព្រះបានសន្យា។ ក្រោយមក ស្រុកនោះបានត្រូវចែកដល់កុលសម្ព័ន្ធផ្សេងៗនៃអ៊ីស្រាអែល។
នៅពេលជិតដល់ចុងបញ្ចប់នៃគ្រាដ៏យូរដែលយ៉ូស្វេបានបម្រើព្រះ នោះយ៉ូស្វេបានហៅបណ្ដាជនឲ្យមកជុំគ្នា។ គាត់បានពិនិត្យសាឡើងវិញជាមួយនឹងពួកគេនូវរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តទៅលើពួកបុព្វបុរសរបស់ពួកគេ ហើយបានលើកទឹកចិត្តពួកគេឲ្យបម្រើព្រះយេហូវ៉ា។ ប៉ុន្តែ ក្រោយពីយ៉ូស្វេនិងពួកបុរសចាស់ទុំដែលបម្រើព្រះជាមួយនឹងគាត់បានស្លាប់ទៅ ជនជាតិអ៊ីស្រាអែលបានឈប់បម្រើព្រះយេហូវ៉ា ហើយទៅបម្រើព្រះមិនពិតវិញ។ អស់ប្រហែល៣០០ឆ្នាំ ប្រជាជាតិនេះមិនបានគោរពច្បាប់របស់ព្រះយេហូវ៉ាជានិច្ចទេ។ នៅក្នុងអំឡុងពេលនោះ ព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកសត្រូវរបស់អ៊ីស្រាអែល ដូចជាពួកភីលីស្ទីនជាដើមមកជិះជាន់ពួកគេ។ ប៉ុន្តែ នៅពេលដែលពួកអ៊ីស្រាអែលអង្វរសុំព្រះយេហូវ៉ាជួយ នោះព្រះយេហូវ៉ាបានតែងតាំងចៅក្រមដើម្បីសង្គ្រោះពួកគេ។ ចៅក្រមទាំងអស់មាន១២នាក់។
រយៈពេលនៃពួកចៅក្រមដែលបានត្រូវកត់ទុកក្នុងសៀវភៅពួកចៅហ្វាយ គឺចាប់ពីអូធ្នាលដល់សាំសុនដែលជាបុរសខ្លាំងជាងគេបំផុតដែលធ្លាប់រស់នៅ។ សច្ចភាពដ៏សំខាន់ដែលបានបង្ហាញម្ដងហើយម្ដងទៀតក្នុងកំណត់ហេតុដ៏គួរឲ្យរំភើបចិត្តនេះនៅសៀវភៅពួកចៅហ្វាយ គឺថា៖ ការស្ដាប់បង្គាប់ព្រះយេហូវ៉ានាំឲ្យមានពរ តែការមិនស្ដាប់បង្គាប់នាំទៅដល់ក្ដីហិនវិនាស។
—មានមូលដ្ឋានលើសៀវភៅយ៉ូស្វេ ពួកចៅហ្វាយ លេវីវិន័យ ១៨:២៤, ២៥។
-
-
កាលបរិច្ឆេទគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
-
-
ឆ្នាំ១៥១៣មុន គ.ស. ការចាកចេញពីស្រុកអេស៊ីប
ឆ្នាំ១៤៧៣មុន គ.ស. យ៉ូស្វេដឹកនាំអ៊ីស្រាអែលចូលស្រុកកាណាន
ឆ្នាំ១៤៦៧មុន គ.ស. បានដណ្ដើមយកទឹកដីយ៉ាងធំនៅស្រុកកាណាន
-