បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងពីព្រះសម្រាលទុក្ខ ហើយបង្រៀនយើង
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • ដាវីឌលេងពិណបណ្ដើរច្រៀងបណ្ដើរ

      ភាគ​១១

      ចម្រៀង​ពី​ព្រះ​សម្រាល​ទុក្ខ ហើយ​បង្រៀន​យើង

      ដាវីឌ​និង​អ្នក​ឯ​ទៀត​តែង​ចម្រៀង​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ព្រះ។ សៀវភៅ​ទំនុក​តម្កើង​មាន​១៥០​ទំនុក

      សៀវភៅ​ដែល​ក្រាស់​ជាង​គេ​ក្នុង​គម្ពីរ គឺ​ជា​ចម្រៀង​ពិសិដ្ឋ​មួយ​ចំនួន​ដែល​បាន​ត្រូវ​ប្រមូលផ្ដុំ​ជា​មួយ​គ្នា។ សៀវភៅ​នោះ​ទាំង​មូល បាន​ត្រូវ​សរសេរ​ក្នុង​រយៈ​ពេល​ប្រហែល​មួយ​ពាន់​ឆ្នាំ។ សៀវភៅ​ទំនុក​តម្កើង​មាន​ពាក្យ​ដែល​បញ្ជាក់​អំពី​ជំនឿ​ទុក​ចិត្ត​របស់​អ្នក​បម្រើ​ព្រះ។ ពាក្យ​ខ្លះ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​ចិត្ត ហើយ​មាន​ន័យ​ជ្រាល​ជ្រៅ​ជាង​សំណេរ​ឯ​ទៀត​ទាំង​អស់​របស់​មនុស្ស។ ទំនុក​តម្កើង​រៀប​រាប់​អំពី​អារម្មណ៍​ផ្សេង​ៗ​ជា​ច្រើន ដូច​ជា​អំណរ ការ​សរសើរ ការ​ថ្លែង​អំណរ​គុណ ការ​កើត​ទុក្ខ និង​ការ​ប្រែ​ចិត្ត។ ច្បាស់​ណាស់ អ្នក​តែង​បទ​ទំនុក​តម្កើង​មាន​ចំណង​មេត្រី​ភាព​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ។ សូម​ពិចារណា​អំពី​ប្រធានបទ​ខ្លះ​ៗ​ដែល​មាន​ក្នុង​ចម្រៀង​ទាំង​នេះ។

      ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​ត្រឹម​ត្រូវ សម​ទទួល​ការ​គោរព​ប្រណិប័តន៍​និង​ការ​សរសើរ​ពី​យើង។ នៅ​ទំនុក​តម្កើង ៨៣:​១៨ យើង​អាន​ថា៖ «គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែន​ដី​ទាំង​មូល»។ ទំនុក​ជា​ច្រើន​សរសើរ​ព្រះ​យេហូវ៉ា​ចំពោះ​ស្នា​ដៃ​ដែល​លោក​បង្កើត ដូច​ជា​មេឃ​ដែល​មាន​ផ្កាយ​ព្រោង​ព្រាត អ្វី​ៗ​ល្អ​អស្ចារ្យ​ដែល​មាន​ជីវិត​នៅ​លើ​ផែន​ដី និង​ភាព​អស្ចារ្យ​នៃ​រូប​កាយ​មនុស្ស។ (ទំនុក​តម្កើង ទី​៨, ១៩, ១៣៩, ១៤៨) ទំនុក​ផ្សេង​ទៀត​លើក​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​សង្គ្រោះ ហើយ​ការពារ​អ្នក​ដែល​ស្មោះ​ចំពោះ​លោក។ (ទំនុក​តម្កើង ទី​១៨, ៩៧, ១៣៨) តែ​ទំនុក​ឯ​ទៀត​លើក​តម្កើង​លោក​ជា​ព្រះ​នៃ​យុត្ដិធម៌ ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​ត្រូវ​គេ​ជិះ​ជាន់​បាន​ធូរ​ស្បើយ ហើយ​ជា​ព្រះ​ដែល​ដាក់​ទោស​ពួក​មនុស្ស​អាក្រក់។—ទំនុក​តម្កើង ទី​១១, ៦៨, ១៤៦

      ព្រះ​យេហូវ៉ា​ជួយ ហើយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​ស្រឡាញ់​លោក។ ប្រហែល​ជា​ទំនុក​តម្កើង​ដ៏​ល្បី​ល្បាញ​ជាង​គេ គឺ​ទំនុក​ទី​២៣។ ក្នុង​ទំនុក​នោះ​ដាវីឌ​បាន​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា​ជា​គង្វាល​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់ ដែល​ដឹក​នាំ ការពារ និង​មើល​ថែ​រក្សា​ចៀម​របស់​លោក។ ទំនុក​តម្កើង ៦៥:២ រំលឹក​ពួក​អ្នក​បម្រើ​ព្រះ​ថា​ព្រះ​យេហូវ៉ា​«ស្ដាប់​សេចក្ដី​អធិស្ឋាន»។ មនុស្ស​ជា​ច្រើន​ដែល​ភ្លាត់​ធ្វើ​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​បាន​ទទួល​ការ​សម្រាល​ទុក្ខ​យ៉ាង​ច្រើន​ពី​ទំនុក​តម្កើង​ទី​៣៩​និង​ទី​៥១។ ក្នុង​ទំនុក​នោះ​ដាវីឌ​រៀប​រាប់​យ៉ាង​ស្មោះ​អំពី​ការ​ប្រែ​ចិត្ត​របស់​គាត់​ស្តី​អំពី​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ ហើយ​បញ្ជាក់​ជំនឿ​ថា​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ។ ទំនុក​តម្កើង ៥៥:២២ មាន​ការ​ដាស់​តឿន​ឲ្យ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​ផ្ទេរ​បន្ទុក​ទៅ​លើ​លោក។

      ព្រះ​យេហូវ៉ា​នឹង​កែ​ប្រែ​ពិភព​លោក​នេះ​តាម​រយៈ​រាជាណាចក្រ​នៃ​មេស្ស៊ី។ ខ​មួយ​ចំនួន​នៅ​ក្នុង​សៀវភៅ​ទំនុក​តម្កើង​ទាក់​ទង​យ៉ាង​ច្បាស់​នឹង​មេស្ស៊ី ជា​ស្តេច​ដែល​បាន​ត្រូវ​ទាយ​ទុក​នោះ។ ទំនុក​តម្កើង​ទី​២​បាន​ទាយ​ថា អ្នក​គ្រប់​គ្រង​នេះ​នឹង​បំផ្លាញ​ប្រជា​ជាតិ​ដ៏​អាក្រក់​ទាំង​ឡាយ​ដែល​ប្រឆាំង​នឹង​លោក។ ទំនុក​តម្កើង​ទី​៧២​បើក​បង្ហាញ​ថា ស្តេច​នេះ​នឹង​ធ្វើ​ឲ្យ​លែង​មាន​ការ​ស្រេក​ឃ្លាន ភាព​អយុត្ដិធម៌ និង​ការ​ជិះ​ជាន់។ យោង​ទៅ​តាម​ទំនុក​តម្កើង ៤៦:៩ នោះ​តាម​រយៈ​រាជាណាចក្រ​មេស្ស៊ី ព្រះ​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​ស្ងប់​រំ​ងាប់ ហើយ​បំផ្លាញ​ចោល​អាវុធ​ទាំង​អស់។ នៅ​ក្នុង​ទំនុក​តម្កើង​ទី​៣៧ យើង​អាន​ថា មនុស្ស​អាក្រក់​នឹង​លែង​មាន​ទៀត តែ​មនុស្ស​សុចរិត​នឹង​រស់​នៅ​លើ​ផែន​ដី​ជា​រៀង​រហូត ដោយ​មាន​សន្ដិភាព​និង​សុខដុម​ទូ​ទាំង​ពិភព​លោក។

      —មាន​មូលដ្ឋាន​លើ​សៀវភៅ​ទំនុក​តម្កើង។

      • តើ​សៀវភៅ​ទំនុក​តម្កើង​គាំ​ទ្រ​ភាព​ត្រឹម​ត្រូវ​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

      • តើ​ទំនុក​មួយ​ណា​ដែល​បង្ហាញ​ថា​ព្រះ​ជួយ​និង​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​ស្រឡាញ់​លោក?

      • យោង​ទៅ​តាម​សៀវភៅ​ទំនុក​តម្កើង តើ​ព្រះ​យេហូវ៉ា​នឹង​កែ​ប្រែ​ពិភព​លោក​នេះ​យ៉ាង​ដូច​ម្ដេច?

  • ប្រាជ្ញាពីព្រះដែលផ្ដល់ការណែនាំសម្រាប់ជីវិត
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • មនុស្សនៅសម័យគម្ពីរប្រមូលកួរស្រូវ

      ភាគ​១២

      ប្រាជ្ញា​ពី​ព្រះ​ដែល​ផ្ដល់​ការ​ណែនាំ​សម្រាប់​ជីវិត

      សៀវភៅ​សុភាសិត​ដែល​ផ្ដល់​ការ​ណែនាំ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​គឺ​ជា​ការ​ប្រមូលផ្ដុំ​នៃ​ឱវាទ​ដែល​ភាគ​ច្រើន​បាន​ត្រូវ​សរសេរ​ដោយ​សាឡូម៉ូន​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ

      តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​ដែល​មាន​ប្រាជ្ញា​ឬ​ទេ? របៀប​សំខាន់​បំផុត​មួយ​ដើម្បី​ដឹង​ចម្លើយ​ចំពោះ​សំណួរ​នេះ គឺ​ដោយ​ពិចារណា​ឱវាទ​ដែល​លោក​ឲ្យ។ តើ​ឱវាទ​នោះ​ត្រឹម​ត្រូវ​ឬ​ទេ? បើ​អនុវត្ត​តាម​ឱវាទ​នោះ តើ​ធ្វើ​ឲ្យ​ជីវិត​ល្អ​ជាង​និង​មាន​ខ្លឹម​សារ​ជាង​ឬ​ទេ? ស្តេច​សាឡូម៉ូន​ដែល​មាន​ប្រាជ្ញា​បាន​សរសេរ​សុភាសិត​រាប់​រយ។ សុភាសិត​ទាំង​នេះ​ទាក់​ទង​នឹង​អ្វី​ៗ​ស្ទើរ​តែ​ទាំង​អស់​ដែល​យើង​ធ្វើ​ក្នុង​ជីវិត។ ចូរ​ពិចារណា​ឧទាហរណ៍​ខ្លះ​ៗ។

      យើង​ត្រូវ​ទុក​ចិត្ត​លើ​ព្រះ។ ការ​ទុក​ចិត្ត​គឺ​សំខាន់​បំផុត​ដើម្បី​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ សាឡូម៉ូន​បាន​សរសេរ​ថា៖ «ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំ​រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង»។ (សុភាសិត ៣:៥, ៦) ការ​ទុក​ចិត្ត​ឬ​ពឹង​លើ​ព្រះ​ដោយ​ស្វែងរក​ការ​ណែនាំ ហើយ​ដោយ​ស្ដាប់​បង្គាប់​លោក នោះ​នាំ​ឲ្យ​ជីវិត​មាន​ខ្លឹម​សារ។ បើ​ធ្វើ​ដូច្នេះ មនុស្ស​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រីក​រាយ និង​ឲ្យ​ព្រះ​អាច​ផ្ដល់​ចម្លើយ​ចំពោះ​រឿង​ដែល​បាន​ចោទ​ឡើង​ដោយ​សត្រូវ​របស់​លោក គឺ​សាថាន។—សុភាសិត ២៧:​១១

      ការ​ប្រើ​ប្រាជ្ញា​ពេល​ប្រាស្រ័យ​ទាក់​ទង​នឹង​អ្នក​ដទៃ។ ឱវាទ​របស់​ព្រះ​ចំពោះ​ប្ដី ប្រពន្ធ​និង​កូន គឺ​ត្រូវ​តាម​កាលៈទេសៈ​សព្វ​ថ្ងៃ​នេះ​ជាង​គ្រា​ណា​ទាំង​អស់។ ព្រះ​បាន​ឲ្យ​ឱវាទ​ដល់​ប្ដី​ថា «ចូរ​ឲ្យ​ឯង​បាន​រីក​រាយ​ចំពោះ​ប្រពន្ធ​ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​ចុះ» នេះ​មាន​ន័យ​ថា គាត់​ត្រូវ​ស្មោះ​ត្រង់​ជា​និច្ច​នឹង​ប្រពន្ធ​របស់​គាត់។ (សុភាសិត ៥:១៨​-​២០) ចំពោះ​ស្ត្រី​ដែល​រៀប​ការ​ហើយ សៀវភៅ​សុភាសិត​ពណ៌នា​អំពី​ប្រពន្ធ​ដែល​មាន​សមត្ថភាព ហើយ​ដែល​ទទួល​ការ​កោត​សរសើរ​ពី​ប្ដី​និង​កូន​នាង។ (សុភាសិត ជំពូក​៣១) សៀវភៅ​សុភាសិត​ក៏​មាន​ការ​ណែនាំ​ឲ្យ​កូន​ៗ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​របស់​ខ្លួន​ដែរ។ (សុភាសិត ៦:២០) សៀវភៅ​នេះ​ក៏​បង្ហាញ​ថា​ការ​មាន​មិត្ត​ភក្ដិ​គឺ​សំខាន់​ណាស់ ពី​ព្រោះ​ការ​នៅ​ឯកោ​តែ​ឯង​នាំ​ឲ្យ​រក​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ។ (សុភាសិត ១៨:១) មិត្ត​អាច​មាន​ឥទ្ធិពល​ល្អ​ឬ​អាក្រក់​មក​លើ​យើង។ ដូច្នេះ​យើង​ត្រូវ​ប្រើ​ប្រាជ្ញា​ក្នុង​ការ​ជ្រើស​រើស​មិត្ត​ភក្ដិ។—សុភាសិត ១៣:​២០; ១៧:១៧

      ការ​ប្រើ​ប្រាជ្ញា​ក្នុង​ការ​មើល​ថែ​រក្សា​ខ្លួន។ សៀវភៅ​សុភាសិត​មាន​ឱវាទ​ដ៏​មាន​តម្លៃ​បំផុត​ដែល​ទូន្មាន​ឲ្យ​ជៀស​វាង​ការ​ផឹក​ស្រា​ហួស​ប្រមាណ បណ្ដុះ​ឲ្យ​មាន​អារម្មណ៍​ដែល​មាន​ឥទ្ធិពល​ល្អ​លើ​សុខភាព និង​បំបាត់​ចោល​អារម្មណ៍​ដែល​នាំ​ឲ្យ​អន្តរាយ និង​ឲ្យ​ធ្វើ​ជា​អ្នក​ឧស្សាហ៍​ធ្វើ​ការ។ (សុភាសិត ៦:៦; ១៤:៣០; ២០:​១) គម្ពីរ​ព្រមាន​ថា​ការ​ទុក​ចិត្ត​លើ​គំនិត​មនុស្ស​ដែល​ផ្ទុយ​នឹង​ឱវាទ​របស់​ព្រះ​នាំ​ឲ្យ​វិនាស។ (សុភាសិត ១៤:១២) ឱវាទ​របស់​ព្រះ​ដាស់​តឿន​យើង​ឲ្យ​ការពារ​ចិត្ត​ពី​ឥទ្ធិពល​អាក្រក់ ហើយ​ក៏​រំលឹក​យើង​ថា «អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញ​ពី​ក្នុង​ចិត្ត​មក»។—សុភាសិត ៤:២៣

      មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក បាន​ដឹង​ថា​ការ​ធ្វើ​តាម​ឱវាទ​បែប​នេះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ជីវិត​ប្រសើរ​ជាង។ ជា​លទ្ធផល ពួក​គេ​មាន​ហេតុ​ច្រើន​ឲ្យ​ទទួល​យក​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​របស់​គេ។

      —មាន​មូលដ្ឋាន​លើ​សៀវភៅ​សុភាសិត។

      • តើ​យើង​អាច​រៀន​អ្វី​ពី​ការ​សិក្សា​សៀវភៅ​សុភាសិត?

      • តើ​សៀវភៅ​សុភាសិត ផ្ដល់​ការ​ណែនាំ​អ្វី​អំពី​ការ​ទុក​ចិត្ត​លើ​ព្រះ និង​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​អ្នក​ដទៃ​និង​ខ្លួន​ឯង​ដោយ​ប្រាជ្ញា?

      សាស្ដា

      តើ​យើង​អាច​ទទួល​បាន​ការ​ស្កប់​ចិត្ត​និង​ខ្លឹម​សារ​ក្នុង​ជីវិត​ពី​ណា? សាឡូម៉ូន​មាន​លទ្ធភាព​រក​ចម្លើយ​ចំពោះ​សំណួរ​នោះ។ ដោយ​សារ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ហូរហៀរ មាន​ប្រាជ្ញា​និង​អំណាច គាត់​អាច​រក​ឃើញ​ថា​អ្វី​ៗ​ទាំង​នេះ​នាំ​ឲ្យ​គាត់​មាន​សុភមង្គល​ពិត​ឬ​ទេ។ គាត់​បាន​ស្វះ​ស្វែងរក​ការ​សប្បាយ​ដោយ​ទ្រព្យ​សម្បត្ដិ បាន​រៀប​ការ​ស្ត្រី​ស្អាត​ៗ​ជា​ច្រើន ហើយ​មាន​ការ​កម្សាន្ត​ដ៏​ល្អ​បំផុត។ គាត់​បាន​ចូល​រួម​ក្នុង​គម្រោង​សាង​សង់​ធំ​ៗ។ គាត់​បាន​សិក្សា​សៀវភៅ​ផ្សេង​ៗ​របស់​អ្នក​ប្រាជ្ញ។ តើ​គាត់​បាន​ឃើញ​ថា​ការ​ទាំង​អស់​នោះ​មាន​ប្រយោជន៍​ឬ​ទេ? គាត់​ថា​នោះ​ជា​«ការ​ឥត​ប្រយោជន៍​ទទេ​ៗ»។ ប៉ុន្តែ គាត់​បាន​សន្និដ្ឋាន​យ៉ាង​ត្រឹម​ត្រូវ​ថា៖ «សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ ទាំង​អស់​បាន​សំ​ដែង​ទុក​ហើយ។ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ»។—សាស្ដា ១២:៨, ១៣

  • កាលបរិច្ឆេទ
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
      1. ឆ្នាំ​៩៩៧​មុន គ.ស. អ៊ីស្រាអែល​បាន​ត្រូវ​បែងចែក​ជា​រាជាណាចក្រ​ពីរ

      2. ប្រហែល​ឆ្នាំ​៧១៧​មុន គ.ស. សៀវភៅ​សុភាសិត​បាន​ត្រូវ​សរសេរ​ចប់

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក