បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ស្តេចល្អនិងស្តេចអាក្រក់
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • ស្ដេចអ៊ីស្រាអែលវ័យក្មេងម្នាក់

      ភាគ​១៣

      ស្តេច​ល្អ​និង​ស្តេច​អាក្រក់

      អ៊ីស្រាអែល​បាន​ត្រូវ​បែង​ចែក។ តាំង​ពី​គ្រា​នោះ​មក ស្តេច​ជា​ច្រើន​គ្រប់​គ្រង​ស្រុក​អ៊ីស្រាអែល ហើយ​ស្តេច​ភាគ​ច្រើន​គឺ​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​ទេ។ ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល​ដោយ​ជន​ជាតិ​បាប៊ីឡូន

      ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​ទាយ នោះ​អ៊ីស្រាអែល​បាន​ត្រូវ​បែង​ចែក​ក្រោយ​ពី​សាឡូម៉ូន​បោះ​បង់​ចោល​ការ​គោរព​ប្រណិប័តន៍​បរិសុទ្ធ។ បុត្រ​គាត់​ឈ្មោះ​រេហូបោម​ដែល​គ្រប់​គ្រង​បន្ទាប់​ពី​គាត់​ជា​មនុស្ស​គ្មាន​មេត្ដា។ ដូច្នេះ កុលសម្ព័ន្ធ​១០​នៃ​អ៊ីស្រាអែល​ក៏​បាន​បះបោរ​បង្កើត​រាជាណាចក្រ​ខាង​ជើង​នៃ​អ៊ីស្រាអែល។ កុលសម្ព័ន្ធ​ពីរ​បន្ត​នៅ​ស្មោះ​ត្រង់​នឹង​វង្ស​ត្រកូល​របស់​ដាវីឌ​នៅ​ក្រុង​យេរូសាឡិម ដោយ​បង្កើត​រាជាណាចក្រ​ខាង​ត្បូង​នៃ​យូដា។

      រាជាណាចក្រ​ទាំង​ពីរ​មាន​ប្រវត្ដិ​ដ៏​ជ្រួល​ច្របល់។ មូលហេតុ​ធំ​គឺ​ដោយ​សារ​ស្តេច​ដែល​គ្មាន​ជំនឿ​និង​មិន​ស្ដាប់​បង្គាប់​ព្រះ។ រាជាណាចក្រ​ខាង​ជើង​នៃ​អ៊ីស្រាអែល​មាន​បញ្ហា​ច្រើន​ជាង​រាជាណាចក្រ​ខាង​ត្បូង​នៃ​យូដា ពី​ព្រោះ​ស្តេច​នៃ​រាជាណាចក្រ​ខាង​ជើង​បាន​ជំរុញ​ការ​គោរព​ប្រណិប័តន៍​ព្រះ​ក្លែង​ក្លាយ​តាំង​ពី​ដំបូង​មក។ ទោះ​ជា​មាន​អ្នក​ប្រកាស​ទំនាយ​ដូច​ជា​អេលីយ៉ា​និង​អេលីសេ​បាន​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព ថែម​ទាំង​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ក៏​ដោយ តែ​ពួក​អ៊ីស្រាអែល​នៅ​តែ​ត្រឡប់​ទៅ​ធ្វើ​អាក្រក់​ដដែល។ នៅ​ទី​បំផុត ព្រះ​បាន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អាសស៊ើរ​បំផ្លាញ​ចោល​រាជាណាចក្រ​ខាង​ជើង​នៃ​អ៊ីស្រាអែល។

      រាជាណាចក្រ​យូដា​នៅ​បាន​មួយ​សតវត្សរ៍​យូរ​ជាង​រាជាណាចក្រ​ខាង​ជើង​នៃ​អ៊ីស្រាអែល ប៉ុន្តែ​ព្រះ​ក៏​បាន​ដាក់​ទោស​ពួក​គេ​ដែរ។ នៅ​រាជាណាចក្រ​យូដា មាន​តែ​ស្តេច​ខ្លះ​ប៉ុណ្ណោះ​ដែល​ធ្វើ​តាម​ការ​ព្រមាន​នៃ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ ហើយ​បាន​ខំ​ព្យាយាម​ដឹក​នាំ​បណ្ដា​ជន​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​វិញ។ ជា​ឧទាហរណ៍ ស្តេច​យ៉ូសៀស​បាន​ចាប់​ផ្ដើម​សម្អាត​ការ​គោរព​ប្រណិប័តន៍​មិន​ពិត​ចេញ​ពី​រាជាណាចក្រ​យូដា ហើយ​បាន​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ នៅ​ពេល​ដែល​រក​ឃើញ​សំណៅ​ដើម​នៃ​ច្បាប់​របស់​ព្រះ ដែល​លោក​បាន​ឲ្យ​តាម​រយៈ​ម៉ូសេ នោះ​បាន​ជំរុញ​ចិត្ត​ស្តេច​យ៉ូសៀស​យ៉ាង​ខ្លាំង ហើយ​ហេតុ​នេះ​គាត់​បាន​បង្កើន​ការ​កែ​លម្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។

      ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់ ស្តេច​បន្ទាប់​ពី​យ៉ូសៀស​មិន​បាន​ធ្វើ​តាម​គំរូ​ដ៏​ល្អ​នោះ​ទេ។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​បាប៊ីឡូន​ច្បាំង​ឈ្នះ​រាជាណាចក្រ​យូដា បំផ្លាញ​ចោល​ក្រុង​យេរូសាឡិម​និង​វិហារ​នៃ​ក្រុង​នោះ។ ពួក​អ្នក​ដែល​នៅ​រស់​បាន​ត្រូវ​ចាប់​យក​ទៅ​ស្រុក​បាប៊ីឡូន។ ព្រះ​បាន​ទាយ​ថា​ពួក​គេ​នឹង​ស្ថិត​នៅ​ទី​នោះ​អស់​រយៈ​ពេល​៧០​ឆ្នាំ។ ក្នុង​រយៈ​ពេល​នោះ ស្រុក​យូដា​បាន​ត្រូវ​បោះ​បង់​ចោល រហូត​ដល់​ជន​ជាតិ​យូដា​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ ដូច​ដែល​ព្រះ​បាន​សន្យា។

      ប៉ុន្តែ លែង​មាន​ស្តេច​ណា​ទៀត​ក្នុង​វង្ស​ត្រកូល​ដាវីឌ​ដែល​នឹង​គ្រប់​គ្រង រហូត​ដល់​អ្នក​សង្គ្រោះ​ដែល​បាន​ត្រូវ​សន្យា ពោល​គឺ​មេស្ស៊ី​ដែល​បាន​ត្រូវ​ទាយ​ទុក​នោះ។ ស្តេច​ភាគ​ច្រើន​ដែល​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម បាន​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​អំពើ​អាក្រក់​របស់​ខ្លួន​ថា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​គ្មាន​សមត្ថភាព​គ្រប់​គ្រង​ឡើយ។ មាន​តែ​មេស្ស៊ី​ប៉ុណ្ណោះ​ដែល​ពិត​ជា​មាន​សមត្ថភាព​គ្រប់​គ្រង។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ស្តេច​ចុង​ក្រោយ​នៃ​វង្ស​ត្រកូល​ដាវីឌ​ថា៖ «ចូរ . . . ដោះ​មកុដ​ចេញ។ . . . ដរាប​ដល់​អ្នក​នោះ​កើត​ឡើង ដែល​មាន​ច្បាប់​ទទួល រួច​អញ​នឹង​ប្រគល់​ដល់​អ្នក​នោះ»។—អេសេគាល ២១:២៦, ២៧

      —មាន​មូលដ្ឋាន​លើ​ពង្សាវតារ​ក្សត្រ​ទី១ ពង្សាវតារ​ក្សត្រ​ទី២ របា​ក្សត្រ​ទី២ ជំពូក​១០​រហូត​ដល់​៣៦ យេរេមា ២៥:៨​-​១១។

      • តើ​ស្រុក​អ៊ីស្រាអែល​បាន​ត្រូវ​បែក​ខ្ញែក​យ៉ាង​ដូច​ម្ដេច? តើ​មាន​អ្វី​កើត​ឡើង​ដល់​រាជាណាចក្រ​ទាំង​ពីរ​នោះ?

      • តើ​មាន​អ្វី​កើត​ឡើង​ដល់​វង្ស​ត្រកូល​នៃ​ស្តេច​ដាវីឌ? ហេតុ​អ្វី?

      • តើ​រឿង​របស់​យ៉ូណាស​បង្រៀន​យើង​អ្វី​អំពី​ព្រះ​យេហូវ៉ា? (សូម​មើល​ប្រអប់)

  • ព្រះមានប្រសាសន៍តាមរយៈពួកអ្នកប្រកាសទំនាយ
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • អ្នកប្រកាសទំនាយម្នាក់របស់ព្រះកំពុងប្រកាសដំណឹង

      ភាគ​១៤

      ព្រះ​មាន​ប្រសាសន៍​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ

      ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ត្រូវ​តែង​តាំង​ដោយ​ព្រះ​យេហូវ៉ា​ដើម្បី​ប្រកាស​ព័ត៌មាន​ស្តី​អំពី​ការ​វិនិច្ឆ័យ​ទោស ការ​គោរព​ប្រណិប័តន៍​បរិសុទ្ធ​និង​សេចក្ដី​សង្ឃឹម​អំពី​មេស្ស៊ី

      នៅ​ក្នុង​អំឡុង​សម័យ​នៃ​ពួក​ស្តេច​គ្រប់​គ្រង​នៅ​រាជាណាចក្រ​អ៊ីស្រាអែល​និង​រាជាណាចក្រ​យូដា មាន​បុរស​មួយ​ក្រុម​ដ៏​ពិសេស​ដែល​ប្រកាស​ប្រសាសន៍​របស់​ព្រះ ពោល​គឺ​ពួក​អ្នក​ប្រកាស​ទំនាយ។ បុរស​ទាំង​នេះ​ដែល​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន​យ៉ាង​ខ្លាំង​បាន​ប្រកាស​ប្រសាសន៍​របស់​ព្រះ។ ចូរ​ពិនិត្យ​មើល​ចំណុច​ដ៏​សំខាន់​បួន​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ប្រកាស។

      ១​. ការ​បំផ្លាញ​ចោល​នៃ​ក្រុង​យេរូសាឡិម។ ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ ពោល​គឺ​អេសាយ​និង​យេរេមា បាន​ព្រមាន​ជា​យូរ​យារ​ទុក​ជា​មុន ថា​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ចោល​និង​ត្រូវ​បោះ​បង់​ចោល។ ពួក​គាត់​បាន​ពន្យល់​យ៉ាង​ច្បាស់​និង​ល្អិត​ល្អន់​អំពី​មូលហេតុ​ដែល​ព្រះ​ខឹង​បណ្ដា​ជន​ក្រុង​នេះ។ ការ​អះអាង​នៃ​បណ្ដា​ជន​ក្រុង​យេរូសាឡិម​ថា​ពួក​គេ​តំណាង​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ថា​មិន​ពិត​ទៅ​វិញ ពី​ព្រោះ​ពួក​គេ​បាន​ចូល​រួម​ក្នុង​ការ​គោរព​បូជា​ព្រះ​ក្លែង​ក្លាយ អំពើ​ពុក​រលួយ​និង​អំពើ​ឃោរ​ឃៅ។—ពង្សាវតារ​ក្សត្រ​ទី២ ២១:១០​-​១៥; អេសាយ ៣:១​-​៨, ១៦​-​២៦; យេរេមា ២:១–៣:១៣

      ២​. ការ​រៀប​ចំ​ឡើង​វិញ​នូវ​ការ​គោរព​ប្រណិប័តន៍​បរិសុទ្ធ។ ក្រោយ​ពី​រស់​នៅ​បាប៊ីឡូន​អស់​៧០​ឆ្នាំ នោះ​រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​ដោះ​លែង​ឲ្យ​រួច​ពី​ស្រុក​នោះ។ ពួក​គេ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ។ (យេរេមា ៤៦:២៧; អេម៉ុស ៩:១៣​-​១៥) អេសាយ​បាន​ទាយ​ទុក​ជា​មុន​ប្រហែល​ជា​២០០​ឆ្នាំ​ថា​អ្នក​គ្រប់​គ្រង​ឈ្មោះ​ស៊ី​រូស​នឹង​វាយ​ឈ្នះ​បាប៊ីឡូន ហើយ​អនុញ្ញាត​ឲ្យ​រាស្ត្រ​របស់​ព្រះ​រៀប​ចំ​ការ​គោរព​ប្រណិប័តន៍​បរិសុទ្ធ​ឡើង​វិញ។ អេសាយ​ក៏​បាន​ពន្យល់​អំពី​របៀប​ដ៏​ចម្លែក​មួយ​ដែល​ស៊ី​រូស​នឹង​ច្បាំង​ឈ្នះ​ក្រុង​នោះ។—អេសាយ ៤៤:២៤–៤៥:៣

      ជនជាតិយូដាចេញពីបាប៊ីឡូន ហើយត្រឡប់ទៅក្រុងយេរូសាឡិមវិញ

      ៣​. ការ​មក​ដល់​និង​បទ​ពិសោធន៍​របស់​មេស្ស៊ី។ មេស្ស៊ី​នឹង​កើត​នៅ​ក្រុង​បេថ្លេហិម។ (មីកា ៥:១) លោក​នឹង​មាន​ចិត្ត​រាប​ទាប ដោយ​ជិះ​សត្វ​លា​ទៅ​ដល់​ក្រុង​យេរូសាឡិម។ (សាការី ៩:​៩) ថ្វី​បើ​លោក​ស្លូត ហើយ​សប្បុរស​ក៏​ដោយ មនុស្ស​នឹង​មិន​ចូល​ចិត្ត​លោក​ទេ ហើយ​ច្រើន​នាក់​នឹង​បោះ​បង់​ចោល​លោក។ (អេសាយ ៤២:១​-​៣; ៥៣:១, ៣) លោក​នឹង​ស្លាប់​យ៉ាង​ឈឺ​ចាប់។ តើ​នេះ​នឹង​ជា​ទី​បញ្ចប់​នៃ​មេស្ស៊ី​ឬ? មិន​មែន​ទេ ព្រោះ​លោក​បូជា​ជីវិត​ដើម្បី​នាំ​ឲ្យ​មាន​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​មនុស្ស​ជា​ច្រើន។ (អេសាយ ៥៣:៤, ៥, ៩​-​១២) មាន​តែ​ពេល​ព្រះ​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ទើប​អាច​សម្រេច​ការ​នេះ​បាន។

      ៤​. ការ​គ្រប់​គ្រង​របស់​មេស្ស៊ី​មក​លើ​ផែន​ដី។ មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​គឺ​ពិត​ជា​មិន​អាច​គ្រប់​គ្រង​ខ្លួន​គេ​ដោយ​សុខ​សាន្ត​ទេ ប៉ុន្តែ​មេស្ស៊ី​ជា​ស្តេច​ដែល​នឹង​ត្រូវ​ហៅ​ថា​ជា​ម្ចាស់​នៃ​មេត្រី​ភាព​ឬ​ស្តេច​នៃ​សន្ដិភាព។ (អេសាយ ៩:៦, ៧; យេរេមា ១០:២៣) ក្រោម​ការ​គ្រប់​គ្រង​របស់​លោក មនុស្ស​ទាំង​អស់​នឹង​រស់​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត សូម្បី​តែ​ជា​មួយ​នឹង​សត្វ​ទៀត​ផង។ (អេសាយ ១១:៣​-​៧) ជំងឺ​តម្កាត់​នឹង​លែង​មាន​ទៀត។ (អេសាយ ៣៣:២៤) លោក​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប។ (អេសាយ ២៥:៨) នៅ​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​នៃ​មេស្ស៊ី មនុស្ស​ដែល​បាន​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី។—ដានីយ៉ែល ១២:១៣

      —មាន​មូលដ្ឋាន​លើ​សៀវភៅ​អេសាយ យេរេមា ដានីយ៉ែល អេម៉ុស មីកា និង​សាការី។

      • តើ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​ប្រកាស​ព័ត៌មាន​បែប​ណា?

      • តើ​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ព្រមាន​អំពី​ការ​បំផ្លាញ​ចោល​ក្រុង​យេរូសាឡិម​និង​ការ​រៀប​ចំ​ក្រុង​នោះ​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច?

      • តើ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ប្រាប់​អ្វី​ខ្លះ​អំពី​មេស្ស៊ី​និង​អ្វី​ៗ​ដែល​លោក​នឹង​ឆ្លង​កាត់​នោះ?

      • តើ​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​រៀប​រាប់​យ៉ាង​ណា​អំពី​ការ​គ្រប់​គ្រង​របស់​មេស្ស៊ី​មក​លើ​ផែន​ដី​នេះ?

  • កាលបរិច្ឆេទ
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
      1. ឆ្នាំ​៦០៧​មុន គ.ស. ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល។ និរទេស​ទៅ​បាប៊ីឡូន

      2. ឆ្នាំ​៥៣៩​មុន គ.ស. ស៊ីរូស​ដណ្ដើម​យក​បាប៊ីឡូន

      3. ឆ្នាំ​៥៣៧​មុន គ.ស. ជន​ជាតិ​យូដា​ដែល​បាន​ត្រូវ​និរទេស​ត្រឡប់មក​យេរូសាឡិម​វិញ

      4. ឆ្នាំ​៤៥៥​មុន គ.ស. កំពែង​ក្រុង​យេរូសាឡិម​បាន​ត្រូវ​សង់​ឡើង​វិញ។ ការ​ចាប់​ផ្ដើម​នៃ​៦៩​អាទិត្យ​ជា​ឆ្នាំ

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក