-
តើអ្នកត្រួតពិនិត្យប្រចាំមណ្ឌលជួយយើងយ៉ាងដូចម្ដេច?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី១៧
តើអ្នកត្រួតពិនិត្យប្រចាំមណ្ឌលជួយយើងយ៉ាងដូចម្ដេច?
ម៉ាឡាវី
ប្រជុំផ្សព្វផ្សាយ
ផ្សព្វផ្សាយ
កិច្ចប្រជុំពួកអ្នកចាស់ទុំ
បទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចរៀបរាប់ច្រើនដងអំពីបាណាបាសនិងសាវ័កប៉ូល។ ពួកគាត់បម្រើជាអ្នកធ្វើដំណើរត្រួតពិនិត្យ ដោយធ្វើទស្សនៈកិច្ចក្រុមជំនុំនៅជំនាន់ដើម។ ហេតុអ្វី? ពីព្រោះពួកគាត់យកចិត្តទុកដាក់យ៉ាងស្មោះចំពោះសុខទុក្ខរបស់បងប្អូនរួមជំនឿ។ ប៉ូលបាននិយាយថា គាត់ចង់«ត្រឡប់ទៅឯបងប្អូន»ដើម្បីសួរសុខទុក្ខពួកគេ។ គាត់ស្ម័គ្រចិត្តធ្វើដំណើររាប់រយគីឡូម៉ែត្រដើម្បីទៅជួបនិងលើកទឹកចិត្តពួកគេ។ (សកម្មភាព ១៥:៣៦) ពួកអ្នកធ្វើដំណើរត្រួតពិនិត្យនៅសព្វថ្ងៃនេះក៏មានបំណងប្រាថ្នាដូចគ្នាដែរ។
ពួកគាត់មកដើម្បីលើកទឹកចិត្តយើង។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់ៗធ្វើទស្សនៈកិច្ចក្រុមជំនុំ២០ឬច្រើនជាង ដោយចំណាយពេលមួយសប្ដាហ៍ជាមួយនឹងក្រុមជំនុំនីមួយៗ ហើយពួកគាត់ធ្វើដូច្នេះពីរដងក្នុងមួយឆ្នាំ។ យើងអាចទទួលប្រយោជន៍យ៉ាងច្រើនដោយស្ដាប់បទពិសោធន៍ពួកគាត់និងប្រពន្ធរបស់ពួកគាត់បើរៀបការហើយ។ ពួកគាត់ព្យាយាមស្គាល់បងប្អូនទាំងចាស់ទាំងក្មេង ហើយពួកគាត់ចូលរួមក្នុងកិច្ចផ្សព្វផ្សាយនិងការបង្រៀនគម្ពីរជាមួយយើង។ អ្នកត្រួតពិនិត្យប្រចាំតំបន់រៀបចំទៅជួបដើម្បីពង្រឹងជំនឿបងប្អូនជាមួយនឹងពួកអ្នកចាស់ទុំ ហើយគាត់លើកទឹកចិត្តយើងតាមរយៈសុន្ទរកថានៅឯកិច្ចប្រជុំនិងសន្និបាត។—សកម្មភាព ១៥:៣៥
ពួកគាត់យកចិត្តទុកដាក់ចំពោះយើងទាំងអស់គ្នា។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានភាពក្នុងក្រុមជំនុំដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ។ ពួកគាត់ប្រជុំគ្នាជាមួយនឹងពួកអ្នកចាស់ទុំ និងជំនួយការខាងកិច្ចបម្រើដើម្បីពិភាក្សាអំពីការរីកចម្រើនក្នុងក្រុមជំនុំ និងផ្ដល់ឱវាទដែលពួកអ្នកចាស់ទុំនិងពួកជំនួយការខាងកិច្ចបម្រើងាយធ្វើតាមដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ ពួកគាត់ជួយអ្នកត្រួសត្រាយពេញពេលឲ្យទទួលជោគជ័យក្នុងការផ្សព្វផ្សាយ ហើយពួកគាត់ក៏រីករាយស្គាល់អ្នកថ្មីដែលចូលរួមកិច្ចប្រជុំ ថែមទាំងរីករាយស្ដាប់អំពីការខំព្យាយាមរីកចម្រើនរបស់ពួកគេក្នុងសេចក្ដីពិតដែរ។ ពួកអ្នកត្រួតពិនិត្យទាំងនេះស្ម័គ្រចិត្តធ្វើជា«អ្នករួមធ្វើការដើម្បីឲ្យ[យើង]រាល់គ្នាទទួលប្រយោជន៍»។ (កូរិនថូសទី២ ៨:២៣) យើងគួរយកតម្រាប់តាមជំនឿនិងចិត្តស្មោះភក្ដីរបស់ពួកគាត់ចំពោះព្រះ។—ហេប្រឺ ១៣:៧
តើពួកអ្នកត្រួតពិនិត្យប្រចាំមណ្ឌលធ្វើទស្សនៈកិច្ចក្រុមជំនុំនានាដោយមានគោលបំណងអ្វី?
តើអ្នកអាចទទួលប្រយោជន៍យ៉ាងណាពីការធ្វើទស្សនៈកិច្ចរបស់ពួកគាត់?
-
-
តើយើងជួយបងប្អូនរបស់យើងពេលមានទុក្ខលំបាកយ៉ាងដូចម្ដេច?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី១៨
តើយើងជួយបងប្អូនរបស់យើងពេលមានទុក្ខលំបាកយ៉ាងដូចម្ដេច?
សាធារណរដ្ឋដូមីនីកាំង
ជប៉ុន
ហៃទី
ពេលមានគ្រោះមហន្តរាយកើតឡើង សាក្សីព្រះយេហូវ៉ារៀបចំផ្ដល់ជំនួយភ្លាមៗដើម្បីជួយដល់បងប្អូនរួមជំនឿដែលរងគ្រោះ។ ជំនួយបែបនេះបង្ហាញអំពីសេចក្ដីស្រឡាញ់ពិតរបស់យើងចំពោះគ្នាទៅវិញទៅមក។ (យ៉ូហាន ១៣:៣៤, ៣៥; យ៉ូហានទី១ ៣:១៧, ១៨) តើយើងផ្ដល់ជំនួយតាមវិធីណាខ្លះ?
យើងផ្ដល់ជំនួយជាលុយកាក់។ ពេលកើតមានការអត់ឃ្លានយ៉ាងខ្លាំងនៅតំបន់យូឌា គ្រិស្តសាសនិកជំនាន់ដើមនៅក្រុងអាន់ទីយ៉ូកបានផ្ញើជំនួយជាលុយកាក់ដើម្បីជួយបងប្អូនរួមជំនឿ។ (សកម្មភាព ១១:២៧-៣០) ស្រដៀងគ្នាដែរ ពេលយើងដឹងថាបងប្អូននៅប្រទេសខ្លះជួបទុក្ខលំបាក យើងផ្ញើវិភាគទានតាមរយៈក្រុមជំនុំរបស់យើងដើម្បីផ្ដល់ជំនួយដល់បងប្អូនដែលត្រូវការយ៉ាងខ្លាំង។—កូរិនថូសទី២ ៨:១៣-១៥
យើងផ្ដល់ជំនួយផ្សេងទៀត។ ពួកអ្នកចាស់ទុំនៅតំបន់ដែលមានគ្រោះមហន្តរាយទាក់ទងសមាជិកម្នាក់ៗក្នុងក្រុមជំនុំដើម្បីប្រាកដថា បងប្អូនទាំងអស់មានសុវត្ថិភាព។ គណៈកម្មាធិការផ្ដល់ជំនួយប្រហែលជាអ្នកចាត់ចែងផ្ដល់ជំនួយជាអាហារ ទឹកស្អាត សម្លៀកបំពាក់ ទីជម្រក និងថ្នាំពេទ្យ។ សាក្សីព្រះយេហូវ៉ាជាច្រើននាក់ដែលមានជំនាញណាមួយ ពួកគាត់ស្ម័គ្រចិត្តចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីទៅចូលរួមក្នុងការផ្ដល់ជំនួយ ឬជួសជុលផ្ទះនិងសាលប្រជុំឡើងវិញ។ ដោយសារយើងជាអង្គការមួយដែលមានសាមគ្គីភាព និងបទពិសោធន៍ក្នុងការរួមសហការគ្នា នោះយើងអាចរៀបចំផ្ដល់ជំនួយយ៉ាងលឿន។ ទោះជាយើងព្យាយាមជួយដល់«បងប្អូនរួមជំនឿរបស់យើង»ក៏ដោយ យើងក៏ជួយអ្នកឯទៀតដែលមានសាសនាផ្សេងដែរ បើអាចធ្វើបាន។—កាឡាទី ៦:១០
យើងផ្ដល់ការសម្រាលទុក្ខពីបទគម្ពីរ និងជួយឲ្យមានកម្លាំងចិត្តឡើងវិញ។ ជនរងគ្រោះដោយសារគ្រោះមហន្តរាយត្រូវការការសម្រាលទុក្ខជាពិសេស។ នៅពេលបែបនោះ យើងទទួលកម្លាំងពីព្រះយេហូវ៉ាដែលជា«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»។ (កូរិនថូសទី២ ១:៣, ៤) យើងរីករាយប្រាប់អំពីសេចក្ដីសន្យាក្នុងគម្ពីរចំពោះអ្នកដែលអស់សង្ឃឹម ដោយពង្រឹងទំនុកចិត្តពួកគេថា នៅពេលបន្ដិចទៀត រាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលនូវរឿងខ្លោចផ្សាទាំងអស់ដែលនាំឲ្យមនុស្សឈឺចាប់និងរងទុក្ខ។—ការបើកបង្ហាញ ២១:៤
ហេតុអ្វីសាក្សីព្រះយេហូវ៉ាអាចផ្ដល់ជំនួយភ្លាមៗពេលមានគ្រោះមហន្តរាយ?
តើយើងអាចផ្ដល់ការសម្រាលទុក្ខអ្វីពីបទគម្ពីរដល់អ្នកដែលរួចរស់ជីវិតពីគ្រោះមហន្តរាយ?
-
-
តើអ្នកណាជាខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណា?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី១៩
តើអ្នកណាជាខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណា?
យើងគ្រប់រូបទទួលប្រយោជន៍ពីចំណេះអំពីព្រះ
មិនយូរប៉ុន្មានមុនពេលលោកយេស៊ូស្លាប់ លោកបាននិយាយដោយឡែកជាមួយនឹងអ្នកកាន់តាមបួននាក់របស់លោក គឺពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ។ ពេលលោកយេស៊ូបានប្រាប់ទុកជាមុនអំពីសញ្ញាសម្គាល់នៃវត្តមានរបស់លោកនៅគ្រាចុងបញ្ចប់ នោះលោកបានលើកឡើងសំណួរដ៏សំខាន់មួយគឺ: «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ដែលម្ចាស់បានតែងតាំងឲ្យមើលការខុសត្រូវលើខ្ញុំបម្រើឯទៀតរបស់លោក ដើម្បីឲ្យអាហារពួកគេបរិភោគតាមត្រូវពេល?»។ (ម៉ាថាយ ២៤:៣, ៤៥; ម៉ាកុស ១៣:៣, ៤) លោកយេស៊ូមិនមែននិយាយអំពីអាហារពិតប្រាកដទេ។ លោកប្រដូចចំណេះអំពីព្រះទៅនឹងអាហារ។ ក្នុងនាមជា«ម្ចាស់» លោកយេស៊ូបានពង្រឹងទំនុកចិត្តពួកអ្នកកាន់តាមលោកថា លោកនឹងតែងតាំងអ្នកដែលនឹងផ្ដល់ចំណេះអំពីព្រះយ៉ាងទៀងទាត់ឥតឈប់ដល់ពួកអ្នកកាន់តាមលោកនៅគ្រាចុងបញ្ចប់។ តើខ្ញុំបម្រើនោះជាអ្នកណា?
ខ្ញុំបម្រើនោះជាអ្នកកាន់តាមលោកយេស៊ូមួយក្រុមតូច ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ «ខ្ញុំបម្រើ»នោះបានត្រូវស្គាល់ថាជាគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា។ ខ្ញុំបម្រើនោះផ្ដល់ចំណេះអំពីព្រះតាមត្រូវពេលដល់អ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នា។ យើងពឹងខ្ញុំបម្រើស្មោះត្រង់នេះដើម្បីបន្តទទួល‹អាហារបរិភោគគ្រប់គ្រាន់តាមពេលកំណត់›។—លូកា ១២:៤២
ខ្ញុំបម្រើនោះជាអ្នកមើលការខុសត្រូវក្រុមគ្រួសាររបស់ព្រះ។ (ធីម៉ូថេទី១ ៣:១៥) លោកយេស៊ូបានប្រគល់ភារកិច្ចធ្ងន់ឲ្យខ្ញុំបម្រើ ពោលគឺពួកគាត់ត្រូវចាត់ចែងកិច្ចការអង្គការព្រះយេហូវ៉ាផ្នែកនៅផែនដី។ នេះមានន័យថាត្រូវមើលការខុសត្រូវលើទ្រព្យធន កិច្ចផ្សព្វផ្សាយ និងកិច្ចការបង្រៀនតាមរយៈក្រុមជំនុំនានា។ ដូច្នេះ ដើម្បីផ្គត់ផ្គង់នូវអ្វីដែលយើងត្រូវការនៅពេលដែលយើងត្រូវការ នោះ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»កំពុងផ្ដល់ចំណេះអំពីព្រះតាមរយៈសៀវភៅនានាដែលយើងប្រើក្នុងកិច្ចផ្សព្វផ្សាយ ព្រមទាំងតាមរយៈកម្មវិធីប្រជុំនិងសន្និបាតផ្សេងៗ។
ខ្ញុំបម្រើនេះគឺស្មោះត្រង់ចំពោះសេចក្ដីពិតក្នុងគម្ពីរ និងចំពោះភារកិច្ចក្នុងការផ្សព្វផ្សាយដំណឹងល្អ។ ពួកគាត់ចេះពិចារណាក្នុងការមើលថែរក្សាយ៉ាងប៉ិនប្រសប់នូវអ្វីៗដែលលោកយេស៊ូបានផ្ញើទុកនឹងពួកគាត់នៅផែនដី។ (សកម្មភាព ១០:៤២) ព្រះយេហូវ៉ាកំពុងឲ្យពរខ្ញុំបម្រើស្មោះត្រង់ដោយទាញនាំមនុស្សកាន់តែច្រើនឲ្យចូលក្នុងអង្គការរបស់លោក និងជួយខ្ញុំបម្រើស្មោះត្រង់ឲ្យផ្ដល់ចំណេះកាន់តែច្រើនអំពីលោក។—អេសាយ ៦០:២២; ៦៥:១៣
តើលោកយេស៊ូបានតែងតាំងអ្នកណាឲ្យផ្ដល់ចំណេះអំពីព្រះ?
តើខ្ញុំបម្រើគឺស្មោះត្រង់និងចេះពិចារណាតាមរបៀបណាខ្លះ?
-