-
រ៉ាហាបជួយលាក់អ្នកស៊ើបការណ៍មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី៣០
រ៉ាហាបជួយលាក់អ្នកស៊ើបការណ៍
ពេលអ្នកស៊ើបការណ៍ជនជាតិអ៊ីស្រាអែលពីរនាក់មកដល់ក្រុងយេរីខូ ពួកគេស្នាក់នៅផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះរ៉ាហាប។ ស្ដេចក្រុងយេរីខូជ្រាបអំពីរឿងនេះ ក៏ចាត់ពួកទាហានឲ្យទៅផ្ទះរបស់រ៉ាហាប។ រ៉ាហាបបានជួយលាក់ពួកអ្នកស៊ើបការណ៍នៅលើដំបូល ហើយចង្អុលប្រាប់ពួកទាហានទៅទិសផ្សេងទៀត។ រួចមក នាងនិយាយទៅអ្នកស៊ើបការណ៍ពីរនាក់ថា៖ ‹ខ្ញុំជួយអ្នក ពីព្រោះខ្ញុំដឹងថាព្រះយេហូវ៉ានៅខាងអ្នក ហើយថាអ្នកនឹងវាយយកបានទឹកដីនេះ។ សូមសន្យានឹងខ្ញុំថា អ្នកនឹងទុកជីវិតឲ្យក្រុមគ្រួសាររបស់ខ្ញុំ›។
អ្នកស៊ើបការណ៍ទាំងពីរប្រាប់រ៉ាហាបថា៖ ‹យើងសន្យាថា នឹងគ្មានអ្នកណាម្នាក់ក្នុងផ្ទះរបស់នាងរងគ្រោះថ្នាក់ឡើយ›។ ពួកគេប្រាប់ទៀតថា៖ ‹នាងត្រូវចងខ្សែពួរក្រហមទម្លាក់តាមបង្អួច នោះក្រុមគ្រួសាររបស់នាងនឹងរួចជីវិត›។
រ៉ាហាបបានឲ្យអ្នកស៊ើបការណ៍ទាំងពីរចងខ្សែចុះតាមបង្អួច។ រួចពួកគេរត់ទៅលាក់ខ្លួននៅតំបន់ភ្នំអស់បីថ្ងៃ ហើយក៏ត្រឡប់ទៅជួបយ៉ូស្វេវិញ។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានឆ្លងទន្លេយ៉ូដាន់ ហើយត្រៀមខ្លួនចូលកាន់កាប់ទឹកដីស្រុកកាណាន។ ក្រុងយេរីខូជាក្រុងដំបូងដែលពួកគេបានវាយយក។ ព្រះយេហូវ៉ាបានបង្គាប់ពួកគេឲ្យដើរជុំវិញក្រុងនោះមួយដងក្នុងមួយថ្ងៃ ហើយពួកគេបានធ្វើដូច្នេះអស់រយៈពេល៦ថ្ងៃ។ ប៉ុន្តែ នៅថ្ងៃទី៧ ពួកគេបានដើរជុំវិញក្រុងនោះ៧ដង។ ពេលជុំទី៧ ពួកសង្ឃផ្លុំស្នែង ហើយពួកទាហានបានស្រែកឡើងយ៉ាងខ្លាំងៗ។ ពេលនោះ កំពែងក្រុងក៏ដួលរលំ! ប៉ុន្តែ ផ្ទះរបស់រ៉ាហាបដែលជាប់លើកំពែងនោះនៅដដែល។ រ៉ាហាបនិងក្រុមគ្រួសាររបស់នាងបានត្រូវសង្គ្រោះ ដោយសារនាងទុកចិត្តព្រះយេហូវ៉ា។
«ដូចគ្នាដែរ រ៉ាហាប . . . បានត្រូវប្រកាសថា ជាមនុស្សសុចរិតដោយសារការប្រព្រឹត្ត បន្ទាប់ពីនាងបានទទួលអ្នកនាំសារយ៉ាងរាក់ទាក់ រួចបានឲ្យពួកគេចេញទៅតាមផ្លូវផ្សេង មែនទេ?»។—យ៉ាកុប ២:២៥
-
-
យ៉ូស្វេនិងពួកអ្នកក្រុងគីបៀនមេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី៣១
យ៉ូស្វេនិងពួកអ្នកក្រុងគីបៀន
ដំណឹងអំពីក្រុងយេរីខូបានឮសុសសាយ ទៅដល់ជនជាតិផ្សេងៗក្នុងស្រុកកាណាន។ ពួកស្ដេចរបស់ជនជាតិទាំងនោះសម្រេចចិត្តរួមដៃគ្នា ដើម្បីប្រយុទ្ធនឹងជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ ពួកអ្នកក្រុងគីបៀនធ្វើខុសពីពួកស្ដេចទាំងនោះ។ ពួកគេបានទៅជួបយ៉ូស្វេ ដោយស្លៀកសម្លៀកបំពាក់សឹករហែក ហើយនិយាយថា៖ ‹ពួកខ្ញុំមកពីស្រុកឆ្ងាយ។ ពួកខ្ញុំបានឮអំពីព្រះយេហូវ៉ានិងអ្វីៗទាំងអស់ ដែលលោកបានធ្វើចំពោះស្រុកអេហ្ស៊ីបនិងស្រុកម៉ូអាប់។ បើពួកលោកសន្យាថា មិនវាយប្រហារពួកខ្ញុំ នោះពួកខ្ញុំនឹងបម្រើពួកលោក›។
យ៉ូស្វេជឿសម្ដីរបស់ពួកគេ ហើយសន្យាថាមិនវាយប្រហារពួកគេទេ។ បីថ្ងៃក្រោយមក យ៉ូស្វេដឹងថាពួកគេមិនមែនមកពីស្រុកឆ្ងាយឡើយ តែមកពីស្រុកកាណាន។ ដូច្នេះ យ៉ូស្វេបានសួរពួកគេថា៖ ‹ហេតុអ្វីបានជាពួកអ្នកកុហកយើង?›។ ពួកគេឆ្លើយថា៖ ‹ពីព្រោះពួកខ្ញុំភ័យខ្លាច! ពួកខ្ញុំដឹងថាព្រះយេហូវ៉ាជាព្រះរបស់ពួកលោក នឹងច្បាំងជំនួសពួកលោក។ សូមមេត្តាកុំសម្លាប់ពួកខ្ញុំ›។ យ៉ូស្វេបានរក្សាពាក្យសន្យារបស់ខ្លួន ដោយទុកជីវិតឲ្យពួកគេ។
មិនយូរប៉ុន្មាន ស្ដេចស្រុកកាណានប្រាំនាក់បានលើកទ័ពមកច្បាំងនឹងពួកអ្នកក្រុងគីបៀន។ យ៉ូស្វេនិងកងទ័ពរបស់គាត់បានធ្វើដំណើរពេញមួយយប់ ដើម្បីទៅជួយពួកអ្នកក្រុងគីបៀន។ លុះព្រលឹមឡើង យ៉ូស្វេវាយប្រហារកងទ័ពកាណានភ្លាមៗ បណ្ដាលឲ្យពួកគេរត់ខ្ចាត់ខ្ចាយតាមផ្លូវផ្សេងៗ។ ប៉ុន្តែ មិនថាពួកគេរត់ទៅផ្លូវណាទេ ព្រះយេហូវ៉ាបានធ្វើឲ្យដុំទឹកកកធ្លាក់ពីលើមេឃ មកសង្កត់លើពួកគេ។ រួចមក យ៉ូស្វេបានសុំព្រះយេហូវ៉ាធ្វើឲ្យដួងអាទិត្យនៅទ្រឹង។ ដួងអាទិត្យមិនដែលនៅទ្រឹងពីមុនឡើយ ប៉ុន្តែហេតុអ្វីយ៉ូស្វេសុំព្រះយេហូវ៉ាឲ្យធ្វើដូច្នេះ? នោះគឺដោយសារយ៉ូស្វេទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា។ រំពេចនោះ ដួងអាទិត្យនៅទ្រឹងពេញមួយថ្ងៃ រហូតដល់ជនជាតិអ៊ីស្រាអែលបានច្បាំងឈ្នះពួកស្ដេចស្រុកកាណាន និងកងទ័ពរបស់ពួកគេ។
‹ចូរអ្នករក្សាសម្ដី បើថា«មែន» គឺមែន បើថា«ទេ» គឺទេ ពីព្រោះសម្ដីណាដែលលើសពីនេះ គឺមកពីមេកំណាច›។—ម៉ាថាយ ៥:៣៧
-