បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើរាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅពេលណា? ភាគទី១
    ទស្សនាវដ្ដីប៉មយាម ២០១៤ | ១ តុលា
    • ការ​សន្ទនា​អំពី​ប្រធានបទ​មួយ​ក្នុង​គម្ពីរ

      តើ​រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​ណា? ភាគ​ទី១

      ការ​សន្ទនា​ខាង​ក្រោម​នេះ​ជា​ឧទាហរណ៍​អំពី​ប្រធានបទ​មួយ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​តាម​ធម្មតា​សន្ទនា​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ។ ឧទាហរណ៍ សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ឈ្មោះ​ខេមរិន បាន​ទៅ​ផ្ទះ​របស់​បុរស​ម្នាក់​ឈ្មោះ​ច័ន្ទ។

      ចូរ​បន្ត«ស្វែងរក»ដើម្បី​យល់​បាន

      ខេមរិន: បង​ច័ន្ទ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​យើង​តែង​មាន​ការ​ពិគ្រោះ​អំពី​គម្ពីរ​ជា​មួយ​គ្នា​ជា​ទៀង​ទាត់។a ពេល​យើង​ពិគ្រោះ​គ្នា​លើក​មុន បង​បាន​សួរ​សំណួរ​មួយ​អំពី​រាជាណាចក្រ​ព្រះ។ បង​បាន​សួរ​អំពី​មូលហេតុ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា​រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤ មែន​ទេ?

      ច័ន្ទ: បាទ​មែន ខ្ញុំ​កំពុង​អាន​សៀវភៅ​មួយ​របស់​អង្គការ​បង ហើយ​ក្នុង​សៀវភៅ​នោះ​ប្រាប់​ថា រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤។ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ដឹង​ណាស់ ដោយ​សារ​បង​និយាយ​ថា​ជំនឿ​បង​និង​អ្វី​ដែល​បង​បង្រៀន​ទាំង​អស់​មាន​មូលដ្ឋាន​លើ​គម្ពីរ មែន​ទេ?

      ខេមរិន: បាទ​មែន​ហើយ។

      ច័ន្ទ: ខ្ញុំ​ធ្លាប់​អាន​គម្ពីរ​ទាំង​មូល។ ប៉ុន្តែ ខ្ញុំ​មិន​ដែល​ឃើញ​មាន​បទ​គម្ពីរ​ណា​មួយ​ដែល​បញ្ជាក់​អំពី​ឆ្នាំ​១៩១៤​ទេ។ ដូច្នេះ​ខ្ញុំ​ក៏​បើក​គម្ពីរ​តាម​គេហ​ទំព័រ​មួយ​ដើម្បី​ស្រាវ​ជ្រាវ ដោយ​វាយ​លេខ«១៩១៤» តែ​លទ្ធផល​គឺ​គ្មាន​ឆ្នាំ​នោះ​ទេ។

      ខេមរិន: ខ្ញុំ​សូម​សរសើរ​បង​ត្រង់​ចំណុច​ពីរ​យ៉ាង។ ទី១ គឺ​បង​បាន​អាន​គម្ពីរ​ទាំង​មូល​ចប់ នេះ​បង្ហាញ​ថា​បង​ពិត​ជា​ស្រឡាញ់​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ខ្លាំង​ណាស់។

      ច័ន្ទ: បាទ​មែន ខ្ញុំ​គិត​ថា​គ្មាន​សៀវភៅ​ណា​ដូច​សៀវភៅ​គម្ពីរ​ទេ។

      ខេមរិន: ខ្ញុំ​ក៏​គិត​អ៊ីចឹង​ដែរ។ ចំណុច​ទី២ ដែល​ខ្ញុំ​ចង់​សរសើរ​បង គឺ​ពេល​បង​ឆ្ងល់​អំពី​រឿង​នោះ បង​បាន​ព្យាយាម​រក​ចម្លើយ​តាម​រយៈ​គម្ពីរ។ អ្វី​ដែល​បង​បាន​ធ្វើ​គឺ​ដូច​អ្វី​ដែល​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​អ៊ីចឹង គឺ​ឲ្យ​យើង​បន្ត«ស្វែងរក»ដើម្បី​យល់​បាន។b ជា​ការ​ល្អ​ណាស់​ដែល​បង​បាន​ព្យាយាម​ធ្វើ​ដូច្នោះ។

      ច័ន្ទ: អរគុណ​បង។ ខ្ញុំ​ពិត​ជា​ចង់​រៀន​ថែម​ទៀត។ តាម​ពិត ក្រោយ​ពី​ខ្ញុំ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ថែម​ទៀត ខ្ញុំ​បាន​ឃើញ​ព័ត៌មាន​ខ្លះ​អំពី​ឆ្នាំ​១៩១៤ ក្នុង​សៀវភៅ​ដែល​យើង​កំពុង​សិក្សា។ សៀវភៅ​នោះ​បាន​ប្រាប់​អំពី​សុបិន​របស់​ស្តេច​មួយ​អង្គ ក្នុង​សុបិន​នោះ​គាត់​បាន​ឃើញ​ដើម​ឈើ​ធំ​មួយ ដែល​បាន​ត្រូវ​កាប់​ផ្ដាច់ តែ​ក្រោយ​មក​បាន​ដុះ​ឡើង​វិញ ឬ​ស្រដៀង​អ៊ីចឹង ខ្ញុំ​មិន​សូវ​ចាំ​ច្បាស់​ទេ។

      ខេមរិន: អូ ខ្ញុំ​ដឹង​ហើយ។ ទំនាយ​នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ដានីយ៉ែល ជំពូក​ទី​៤។ នោះ​ជាប់​ទាក់​ទង​នឹង​សុបិន​របស់​ស្តេច​បាប៊ីឡូន ឈ្មោះ​នេប៊ូក្នេសា។

      ច័ន្ទ: បាទ គឺ​រឿង​ហ្នឹង​ហើយ។ ខ្ញុំ​បាន​អាន​ទំនាយ​នោះ​ម្ដង​ហើយ​ម្ដង​ទៀត តែ​និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​នៅ​តែ​មិន​យល់​ថា​រឿង​នោះ​ទាក់​ទង​គ្នា​យ៉ាង​ណា​នឹង​រាជាណាចក្រ​ព្រះ ឬ​ឆ្នាំ​១៩១៤​នោះ​ទេ។

      ខេមរិន: តាម​ពិត​ទៅ បង​ដឹង​ទេ សូម្បី​តែ​អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល ក៏​មិន​បាន​យល់​យ៉ាង​ពេញ​លេញ​នូវ​អ្វី​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​គាត់​សរសេរ​នោះ​ដែរ។

      ច័ន្ទ: ពិត​មែន?

      ខេមរិន: បាទ​មែន។ សូម​មើល​នេះ ដានីយ៉ែល ១២:៨ គាត់​ប្រាប់​ថា៖ «ខ្ញុំ​បាន​ឮ តែ​មិន​បាន​យល់​សោះ»។

      ច័ន្ទ: អ៊ីចឹង​មិន​មាន​តែ​ខ្ញុំ​ទេ​ដែល​មិន​យល់​នោះ។ ឮ​ដូច្នេះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​បន្ដិច។

      ខេមរិន: ការ​ពិត​មូលហេតុ​ដែល​ដានីយ៉ែល​មិន​បាន​យល់ ព្រោះ​មិនទាន់​ដល់​ពេល​ដែល​ព្រះ​បើក​ឲ្យ​មនុស្ស​យល់​ទាំង​ស្រុង​នូវ​អត្ថ​ន័យ​នៃ​ទំនាយ​ក្នុង​សៀវភៅ​ដានីយ៉ែល​នៅ​ឡើយ។ តែ​ឥឡូវ​នៅ​សម័យ​របស់​យើង យើង​អាច​យល់​ទំនាយ​នោះ​កាន់​តែ​ច្បាស់​ឡើង។

      ច័ន្ទ: តើ​បង​ចង់​មាន​ន័យ​អ្វី?

      ខេមរិន: បាទ សូម​កត់​សម្គាល់​ខ​បន្ទាប់​ដែល​យើង​នឹង​អាន។ នៅ​ដានីយ៉ែល ១២:៩ ចែង​ថា៖ «សេចក្ដី​ទាំង​នេះ​ត្រូវ​បិទ​បាំង ហើយ​បិទ​ត្រា​ទុក ដរាប​ដល់​គ្រា​ចុង​បំផុត»។ ដូច្នេះ ទំនាយ​ទាំង​នេះ​នឹង​ត្រូវ​យល់​កាន់​តែ​ច្បាស់​នៅ​ពេល​ក្រោយ​មក ពោល​គឺ​ក្នុង​អំឡុង«គ្រា​ចុង​បំផុត»។ ក្នុង​ជំពូក​ក្រោយៗ យើង​នឹង​រៀន​អំពី​ភ័ស្តុតាង​ទាំង​អស់​ដែល​បញ្ជាក់​ថា យើង​កំពុង​រស់​នៅ​ក្នុង​អំឡុង​គ្រា​នោះ។c

      ច័ន្ទ: អ៊ីចឹង ខ្ញុំ​សុំ​បង​ពន្យល់​អំពី​ទំនាយ​នៅ​ដានីយ៉ែល បាន​ទេ?

      ខេមរិន: បាទ ខ្ញុំ​នឹង​ព្យាយាម​ពន្យល់​បង។

      សុបិន​របស់​ស្តេច​នេប៊ូក្នេសា

      ខេមរិន: ដើម្បី​ចាប់​ផ្ដើម ខ្ញុំ​នឹង​សង្ខេប​សុបិន​របស់​ស្តេច​នេប៊ូក្នេសា​ឲ្យ​បង​ស្ដាប់​សិន។ រួច​មក យើង​អាច​ពិគ្រោះ​គ្នា​អំពី​អត្ថ​ន័យ​នៃ​សុបិន​នោះ។

      ច័ន្ទ: បាទ។

      ខេមរិន: ក្នុង​សុបិន​របស់​ស្តេច​នេប៊ូក្នេសា​នោះ គាត់​បាន​ឃើញ​ដើម​ឈើ​ដ៏​ធំ​មួយ​ដែល​បាន​លូត​រហូត​ដល់​មេឃ។ រួច​មក គាត់​បាន​ឮ​សំឡេង​ទេវតា​មួយ​រូប​របស់​ព្រះ​បង្គាប់​ថា ដើម​ឈើ​នោះ​នឹង​ត្រូវ​កាប់​ផ្ដាច់។ ក៏​ប៉ុន្តែ ព្រះ​បាន​មាន​ប្រសាសន៍​ថា ចំណែក​ឯ​គល់​និង​ឫស​របស់​វា​ត្រូវ​ទុក​ឲ្យ​នៅ​ជាប់​ដី​វិញ។ ក្រោយ«៧​ខួប» ដើម​ឈើ​នោះ​នឹង​ដុះ​ឡើង​ម្ដង​ទៀត។d មុន​ដំបូង​ទំនាយ​នេះ​បាន​កើត​ឡើង​ចំពោះ​ស្តេច​នេប៊ូក្នេសា​តែ​ម្ដង។ ទោះ​ជា​គាត់​ជា​ស្តេច​ដ៏​ខ្លាំង​ក្លា​ក៏​ដោយ តែ​គាត់​បាន​ត្រូវ​កាប់​ផ្ដាច់​វិញ ដូច​ជា​ដើម​ឈើ​នោះ​ដែល​លូត​ដល់​មេឃ។ នោះ​មាន​ន័យ​ថា គាត់​បាន​ត្រូវ​បញ្ឈប់​ពី​តំណែង​ជា​ស្តេច​អស់​រយៈ​ពេល«៧​ខួប»។ តើ​បង​ចាំ​ទេ​ថា​មាន​អ្វី​បាន​កើត​ឡើង?

      ច័ន្ទ: ខ្ញុំ​មិន​ចាំ​ទេ​បង។

      ខេមរិន: អ៊ីចឹង ខ្ញុំ​សូម​ជួយ​ប្រាប់។ គម្ពីរ​ប្រាប់​ថា​ស្តេច​នេប៊ូក្នេសា​បាន​បង់​បាត់​សតិ​លែង​ដឹង​ខុស​ត្រូវ​អស់​រយៈ​ពេល​៧​ឆ្នាំ។ ក្នុង​អំឡុង​ពេល​នោះ គាត់​មិន​អាច​គ្រប់​គ្រង​ជា​ស្តេច​បាន​ឡើយ។ ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​ទី​៧ នេប៊ូក្នេសា​ចាប់​ផ្ដើម​មាន​សតិ​ដឹង​ខុស​ត្រូវ​ឡើង​វិញ ហើយ​ក៏​បាន​គ្រប់​គ្រង​ជា​ស្តេច​ម្ដង​ទៀត។e

      ច័ន្ទ: មក​ដល់​ត្រឹម​នេះ ខ្ញុំ​យល់​ហើយ។ ប៉ុន្តែ ខ្ញុំ​ឆ្ងល់​ថា តើ​ហេតុ​ការណ៍​ទាំង​អស់​នោះ​ទាក់​ទង​យ៉ាង​ណា​ជា​មួយ​នឹង​រាជាណាចក្រ​ព្រះ និង​ឆ្នាំ​១៩១៤?

      ខេមរិន: ខ្ញុំ​ចង់​សរុប​សេចក្ដី​ឲ្យ​បង​ស្ដាប់។ ទំនាយ​នេះ​បាន​កើត​ឡើង​ពីរ​ដង។ លើក​ទី១ ទំនាយ​នេះ​បាន​កើត​ឡើង​ចំពោះ​ស្តេច​នេប៊ូក្នេសា ពេល​ដែល​ការ​គ្រប់​គ្រង​របស់​គាត់​បាន​ត្រូវ​បញ្ឈប់។ លើក​ទី២ ទំនាយ​នេះ​ជាប់​ទាក់​ទង​នឹង​ការ​បញ្ឈប់​ការ​គ្រប់​គ្រង​របស់​ព្រះ។ ដូច្នេះ ទំនាយ​ដែល​បាន​កើត​ឡើង​លើក​ទី២​នេះ គឺ​ជាប់​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ។

      ច័ន្ទ: តើ​បង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ទំនាយ​នេះ​ក៏​ជាប់​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ​ផង​ដែរ?

      ខេមរិន: មុន​ដំបូង យើង​ចង់​រក​ចំណុច​បញ្ជាក់​មួយ​ដែល​មាន​ក្នុង​ទំនាយ​នោះ​ផ្ទាល់​តែ​ម្ដង។ យោង​តាម​ដានីយ៉ែល ៤:១៧ ទំនាយ​នោះ​ចែង​ថា៖ «ប្រយោជន៍​ឲ្យ​មនុស្ស​ដែល​នៅ​រស់​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់​គ្រង​លើ​រាជ្យ​របស់​មនុស្ស ក៏​ប្រគល់​ដល់​អ្នក​ណា​តាម​ព្រះ​ហឫទ័យ»។ តើ​បង​បាន​កត់​សម្គាល់​ឃ្លា​ដែល​ថា៖ «រាជ្យ​របស់​មនុស្ស»ទេ?

      ច័ន្ទ: បាទ ខ​នោះ​ថា៖ «ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់​គ្រង​លើ​រាជ្យ​របស់​មនុស្ស»។

      ខេមរិន: ត្រូវ​ហើយ។ តើ​បង​គិត​ថា​អ្នក​ណា​ជា«ព្រះ​ដ៏​ខ្ពស់​បំផុត»?

      ច័ន្ទ: ខ្ញុំ​គិត​ថា​ខ​នោះ​និយាយ​អំពី​ព្រះ​យេហូវ៉ា។

      ខេមរិន: ត្រឹម​ត្រូវ។ ដូច្នេះ ខ​នោះ​ធ្វើ​ឲ្យ​យើង​ដឹង​ថា ទំនាយ​នេះ​មិន​គ្រាន់​តែ​ទាក់​ទង​នឹង​ស្តេច​នេប៊ូក្នេសា​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាប់​ទាក់​ទង​នឹង«រាជ្យ​របស់​មនុស្ស»ដែរ នោះ​គឺ​ការ​គ្រប់​គ្រង​របស់​ព្រះ​ទៅ​លើ​មនុស្សជាតិ។ បង​អាច​ឃើញ​ថា​នោះ​គឺ​សម​ហេតុ​ផល បើ​យើង​ពិនិត្យ​មើល​ខ​មុន​និង​ខ​ក្រោយ​នៃ​ទំនាយ​ដានីយ៉ែល។

      ច័ន្ទ: តើ​នោះ​មាន​ន័យ​អ្វី​បង?

      គោល​រឿង​ដ៏​សំខាន់​ក្នុង​សៀវភៅ​ដានីយ៉ែល

      ខេមរិន: ម្ដង​ហើយ​ម្ដង​ទៀត យើង​ឃើញ​ថា​សៀវភៅ​ដានីយ៉ែល​ច្រើន​តែ​បញ្ជាក់​គោល​រឿង​ដូច​គ្នា ហើយ​គោល​រឿង​នោះ​នៅ​តែ​ផ្ដោត​ទៅ​លើ​ការ​ស្ថាបនា​រាជាណាចក្រ​ព្រះ ដែល​មាន​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ​ជា​អ្នក​គ្រប់​គ្រង។ ឥឡូវ សូម​យើង​បើក​ទៅ​ដានីយ៉ែល​ជំពូក​ទី២ ហើយ​សូម​បង​អាន ខ​៤៤។

      ច័ន្ទ: ខ​នេះ​អាន​ថា៖ «រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច»។

      ខេមរិន: អរគុណ​បង។ អ៊ីចឹង តើ​បង​គិត​ថា​ខ​នោះ​សំដៅ​ទៅ​លើ​រាជាណាចក្រ​ព្រះ​ទេ?

      ច័ន្ទ: ខ្ញុំ​មិន​ច្បាស់​ដែរ។

      ខេមរិន: សូម​កត់​សម្គាល់​ខ​នោះ​ថា នគរ​ឬ​រាជាណាចក្រ​នេះ«នឹង​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច»។ ដូច្នេះ នេះ​ច្បាស់​ជា​សំដៅ​ទៅ​លើ​រាជាណាចក្រ​របស់​ព្រះ​ហើយ ព្រោះ​គ្មាន​រដ្ឋាភិបាល​ណា​មួយ​របស់​មនុស្ស​ដែល​អាច​នៅ​ស្ថិតស្ថេរ​រហូត​បាន​ទេ មែន​ទេ?

      ច័ន្ទ: បាទ គ្មាន​ទេ។

      ខេមរិន: សូម​មើល​ទំនាយ​មួយ​ទៀត​នៅ​សៀវភៅ​ដានីយ៉ែល ដែល​បាន​លើក​បញ្ជាក់​អំពី​រាជាណាចក្រ​ព្រះ។ ទំនាយ​នោះ​បាន​កត់​ទុក​នៅ​ដានីយ៉ែល ៧:១៣, ១៤។ នេះ​ទាក់​ទង​នឹង​អ្នក​គ្រប់​គ្រង​នៅ​អនាគត។ ទំនាយ​នោះ​ចែង​ថា៖ «នោះ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​អំណាច​គ្រប់​គ្រង នឹង​សិរី​ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្ដា​ជន​ទាំង​ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់ ឯ​អំណាច​គ្រប់​គ្រង​របស់​ទ្រង់ នោះ​ក៏​ស្ថិតស្ថេរ​នៅ​អស់​កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង»។ តើ​ទំនាយ​នេះ​រៀប​រាប់​អ្វី​ដែល​ស្រដៀង​គ្នា​នឹង​ទំនាយ​មុនៗ?

      ច័ន្ទ: នេះ​រៀប​រាប់​អំពី​រាជ្យ។

      ខេមរិន: ត្រូវ​ហើយ​បង។ នេះ​មិន​គ្រាន់​តែ​រៀប​រាប់​អំពី​រាជ្យ​ឬ​រាជាណាចក្រ​ប៉ុណ្ណោះ​ទេ។ សូម​កត់​សម្គាល់​ខ​នោះ​ថា រាជាណាចក្រ​នេះ​នឹង​មាន​អំណាច​គ្រប់​គ្រង​លើ«បណ្ដា​ជន​ទាំង​ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា»។ បើ​និយាយ​ឲ្យ​ចំ​ទៅ រាជាណាចក្រ​នេះ​នឹង​គ្រប់​គ្រង​លើ​ផែន​ដី​ទាំង​មូល។

      ច័ន្ទ: ខ្ញុំ​មិន​បាន​ដឹង​សោះ​ថា​ខ​គម្ពីរ​នោះ​មាន​អត្ថ​ន័យ​ដូច្នោះ។ ប៉ុន្តែ​បង​និយាយ​ត្រូវ ខ​គម្ពីរ​ទាំង​នោះ​ពិត​ជា​និយាយ​អ៊ីចឹង​មែន។

      ខេមរិន: សូម​បង​ពិនិត្យ​មើល​ដែរ ទំនាយ​នោះ​ចែង​ទៀត​ថា៖ «អំណាច​គ្រប់​គ្រង​របស់​ទ្រង់ នោះ​ក៏​ស្ថិតស្ថេរ​នៅ​អស់​កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង»។ តាម​មើល​ទៅ ទំនាយ​នេះ​គឺ​ដូច​គ្នា​នឹង​ទំនាយ​ដែល​យើង​ទើប​បាន​អាន​នៅ ដានីយ៉ែល ២:៤៤ មែន​ទេ?

      ច័ន្ទ: បាទ មែន​ហើយ។

      ខេមរិន: ឥឡូវ សូម​យើង​សើរើ​ឡើង​វិញ​នូវ​អ្វី​ដែល​យើង​បាន​ពិគ្រោះ​គ្នា​ហើយ។ ទំនាយ​នៅ​ដានីយ៉ែល ជំពូក​ទី​៤ បាន​ប្រាប់​ថា​មនុស្ស​នឹង​ដឹង​ថា«ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់​គ្រង​លើ​រាជ្យ​របស់​មនុស្ស»។ ពាក្យ​ទាំង​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទំនាយ​នោះ​មិន​ត្រឹម​តែ​បាន​កើត​ឡើង​ចំពោះ​ស្តេច​នេប៊ូក្នេសា​ប៉ុណ្ណោះ​ទេ តែ​ទំនាយ​នោះ​នឹង​ត្រូវ​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង​នោះ​ទៅ​ទៀត។ យើង​ឃើញ​ទំនាយ​ក្នុង​សៀវភៅ​ដានីយ៉ែល​ទាំង​មូល ច្រើន​តែ​ទាក់​ទង​នឹង​ការ​ស្ថាបនា​រាជាណាចក្រ​ព្រះ​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បុត្រ​លោក។ តើ​បង​គិត​ថា​នេះ​សម​ហេតុ​ផល​ឲ្យ​យើង​សន្និដ្ឋាន​ថា ទំនាយ​នេះ​ក្នុង​ដានីយ៉ែល ជំពូក​ទី​៤ ក៏​សំដៅ​ទៅ​លើ​រាជាណាចក្រ​ព្រះ​ដែរ​ទេ?

      ច័ន្ទ: បាទ មើល​ទៅ​សម​ហេតុ​ផល​មែន។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​មិន​យល់​ថា តើ​នេះ​ទាក់​ទង​អ្វី​នឹង​ឆ្នាំ​១៩១៤?

      ចូរ«ឲ្យ​នៅ​យ៉ាង​នោះ​ដរាប​ដល់​កន្លង​ទៅ​អស់​៧​ខួប»

      ខេមរិន: អ៊ីចឹង សូម​យើង​គិត​ម្ដង​ទៀត​អំពី​ស្តេច​នេប៊ូក្នេសា។ គាត់​បាន​ត្រូវ​តំណាង​ដោយ​ដើម​ឈើ​ធំ​នោះ។ ទំនាយ​នោះ មុន​ដំបូង​បាន​កើត​ឡើង​ចំពោះ​គាត់។ ហេតុ​អ្វី​យើង​ដឹង? ព្រោះ​ការ​គ្រប់​គ្រង​របស់​គាត់​បាន​ត្រូវ​បញ្ឈប់ ពេល​ដែល​ដើម​ឈើ​នោះ​បាន​ត្រូវ​កាប់​ផ្ដាច់ ហើយ​គល់​និង​ឫស​បាន​ត្រូវ​ទុក​ចោល​អស់​រយៈ​ពេល​៧​ខួប។ ក្នុង​រយៈ​ពេល​នោះ​គាត់​លែង​មាន​សតិ​ដឹង​ខុស​ត្រូវ​ទៀត។ ប៉ុន្តែ រយៈ​ពេល​៧​ខួប​នោះ​បាន​ចប់ គឺ​ពេល​ដែល​នេប៊ូក្នេសា​មាន​សតិ​ឡើង​វិញ ហើយ​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច​ម្ដង​ទៀត។ ក្នុង​ទំនាយ​ដដែល​នោះ បាន​ត្រូវ​កើត​ឡើង​ជា​លើក​ទី២ គឺ​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​ដែល​បាន​ត្រូវ​បញ្ឈប់​អស់​មួយ​រយៈ​ពេល តែ​នេះ​មិន​មែន​ដោយ​សារ​ព្រះ​គ្មាន​សមត្ថភាព​គ្រប់​គ្រង​នោះ​ទេ។

      ច័ន្ទ: តើ​បង​ចង់​មាន​ន័យ​អ្វី?

      ខេមរិន: នៅ​សម័យ​គម្ពីរ ស្តេច​របស់​សាសន៍​អ៊ីស្រាអែល​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម នេះ​ហាក់​បី​ដូច​ជា​ពួក​គេ​អង្គុយ​លើ«បល្ល័ង្ក​នៃ​ព្រះ​យេហូវ៉ា»។f ស្តេច​ទាំង​នោះ​តំណាង​ព្រះ​ក្នុង​ការ​គ្រប់​គ្រង​រាស្ត្រ​របស់​លោក។ ដូច្នេះ តាម​ការ​ពិត ការ​គ្រប់​គ្រង​របស់​ស្តេច​ទាំង​នោះ បង្ហាញ​អំពី​ការ​គ្រប់​គ្រង​របស់​ព្រះ។ ក៏​ប៉ុន្តែ នៅ​ពេល​ក្រោយ​មក ស្តេច​ភាគ​ច្រើន​បាន​ឈប់​ស្ដាប់​បង្គាប់​ព្រះ​ទៀត ហើយ​បណ្ដា​ជន​ភាគ​ច្រើន​បាន​ធ្វើ​តាម​គំរូ​របស់​ពួក​គេ។ ដោយ​សារ​សាសន៍​អ៊ីស្រាអែល​ឈប់​ស្ដាប់​បង្គាប់​ព្រះ នោះ​លោក​អនុញ្ញាត​ឲ្យ​សាសន៍​បាប៊ីឡូន​ដណ្ដើម​យក​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦០៧ មុន​គ.ស.។ តាំង​ពី​ពេល​នោះ​មក លែង​មាន​ស្តេច​ដែល​តំណាង​ព្រះ​យេហូវ៉ា​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​ទៀត។ ក្នុង​ន័យ​នេះ ការ​គ្រប់​គ្រង​របស់​ព្រះ​បាន​ត្រូវ​បញ្ឈប់។ មក​ដល់​ត្រឹម​នេះ តើ​បង​យល់​ទេ?

      ច័ន្ទ: បាទ ខ្ញុំ​យល់។

      ខេមរិន: ដូច្នេះ ឆ្នាំ​៦០៧ មុន​គ.ស. គឺ​ជា​ឆ្នាំ​ចាប់​ផ្ដើម​នៃ​៧​ខួប ឬ​រយៈ​ពេល​ដែល​ការ​គ្រប់​គ្រង​របស់​ព្រះ​បាន​ត្រូវ​បញ្ឈប់។ នៅ​ចុង​៧​ខួប ព្រះ​នឹង​តែង​តាំង​អ្នក​គ្រប់​គ្រង​ថ្មី​ដែល​តំណាង​លោក។ ប៉ុន្តែ​លើក​នេះ លោក​បាន​តែង​តាំង​បុគ្គល​ដែល​នៅ​ស្ថាន​សួគ៌​វិញ។ ចាប់​ពី​ពេល​នោះ​មក បទ​ទំនាយ​ផ្សេង​ទៀត​នៅ​សៀវភៅ​ដានីយ៉ែល​ដែល​យើង​បាន​អាន បាន​កើត​ឡើង​ពិត​មែន។ ដូច្នេះ មាន​សំណួរ​ដ៏​សំខាន់​មួយ​គឺ តើ​៧​ខួប​នោះ​បាន​ចប់​នៅ​ពេល​ណា? បើ​យើង​អាច​ដឹង​ចម្លើយ នោះ​យើង​នឹង​ដឹង​អំពី​ពេល​ដែល​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង។

      ច័ន្ទ: ខ្ញុំ​យល់​ហើយ។ ខ្ញុំ​គិត​ថា​៧​ខួប​នោះ​បាន​ចប់​នៅ​ឆ្នាំ​១៩១៤ មែន​ទេ?

      ខេមរិន: បង​ឆ្លើយ​ត្រូវ​ហើយ!

      ច័ន្ទ: តែ តើ​តាម​របៀប​ណា​យើង​ដឹង​ដូច្នោះ?

      ខេមរិន: ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​បញ្ជាក់​ថា​៧​ខួប​នោះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។g ដូច្នេះ គ្រា​នោះ​ច្បាស់​ជា​អំឡុង​ពេល​ដ៏​យូរ​មែន។ ៧​ខួប​នោះ​បាន​ចាប់​ផ្ដើម​អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ មុន​ដែល​លោក​យេស៊ូ​បាន​មក​ផែន​ដី។ ក្រោយ​ពី​លោក​បាន​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ គ្រា​នោះ​នៅ​តែ​បន្ត​អស់​មួយ​រយៈ​ពេល​ទៀត។ បង​ប្រហែល​ជា​នៅ​ចាំ​អំពី​អត្ថ​ន័យ​នៃ​ទំនាយ​នៅ​ដានីយ៉ែល​ថា នឹង​មិន​ត្រូវ​បើក​សម្ដែង​ឲ្យ​យល់​ទេ រហូត​ដល់«គ្រា​ចុង​បំផុត»។h គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ថា នៅ​ជិត​ឆ្នាំ​១៩០០ និស្សិត​គម្ពីរ​ស្មោះ​ត្រង់​មួយ​ចំនួន​បាន​ត្រូវ​ជំរុញ​ចិត្ត​ឲ្យ​ពិនិត្យ​មើល​យ៉ាង​ហ្មត់​ចត់​នូវ​ទំនាយ​នេះ និង​ទំនាយ​ផ្សេង​ទៀត។ ពួក​គាត់​បាន​ចាប់​ផ្ដើម​យល់​ថា រយៈ​ពេល​៧​ខួប​នឹង​ត្រូវ​ចប់​នៅ​ឆ្នាំ​១៩១៤។ ម្យ៉ាង​ទៀត ព្រឹត្ដិការណ៍​ធំៗក្នុង​ពិភព​លោក​បាន​បញ្ជាក់​ថា​ឆ្នាំ​១៩១៤ ពិត​ជា​ឆ្នាំ​ដែល​រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​មែន។ នោះ​គឺ​ជា​ឆ្នាំ​ដែល​ពិភព​លោក​បាន​មក​ដល់​គ្រា​ចុង​បំផុត ឬ​គ្រា​ចុង​ក្រោយ​បង្អស់។ ខ្ញុំ​ដឹង​ថា ព័ត៌មាន​ទាំង​នោះ​ប្រហែល​ជា​ជ្រៅ​បន្ដិច . . .

      ច័ន្ទ: បាទ​មែន។ ខ្ញុំ​ពិត​ជា​ត្រូវ​អាន​អំពី​រឿង​នេះ​ម្ដង​ទៀត​ហើយ ដើម្បី​ឲ្យ​យល់​កាន់​តែ​ច្បាស់។

      ខេមរិន: កុំ​បារម្ភ​អី។ ខ្ញុំ​ក៏​បាន​ចំណាយ​ពេល​យូរ​ដែរ ដើម្បី​យល់​ទំនាយ​ទាំង​នោះ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ខ្ញុំ​សង្ឃឹម​ថា​ការ​ពិគ្រោះ​របស់​យើង​បាន​ជួយ​បង​ឲ្យ​ឃើញ​ថា ជំនឿ​របស់​សាក្សី​ព្រះ​យេហូវ៉ា​អំពី​រាជាណាចក្រ​ព្រះ គឺ​ផ្អែក​ទៅ​លើ​គម្ពីរ​បរិសុទ្ធ​មែន។

      ច័ន្ទ: បាទ​ពិត​ណាស់។ ខ្ញុំ​តែង​តែ​កោត​ស្ងើច​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ប្រើ​គម្ពីរ​ដើម្បី​ពន្យល់​អំពី​ជំនឿ​របស់​ខ្លួន។

      ខេមរិន: ហើយ​ខ្ញុំ​ឃើញ​ថា បង​ក៏​ចង់​ធ្វើ​ដូច្នោះ​ដែរ។ ដូច​ខ្ញុំ​បាន​ប្រាប់​អ៊ីចឹង ព័ត៌មាន​ទាំង​នោះ​គឺ​ច្រើន​ពេក​ឲ្យ​បង​យល់​ភ្លាមៗ។ បង​ប្រហែល​ជា​នៅ​មាន​ចម្ងល់​ខ្លះ​ទៀត។ ដូច​យើង​បាន​ដឹង​ហើយ​ថា ៧​ខួប​នោះ​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ ហើយ​គ្រា​នោះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៦០៧ មុន​គ.ស.។ ប៉ុន្តែ បង​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​យើង​ដឹង​ថា​៧​ខួប​នោះ​បាន​ចប់​នៅ​ឆ្នាំ​១៩១៤?i

      ច័ន្ទ: បាទ ខ្ញុំ​ឆ្ងល់​អំពី​រឿង​នោះ​មែន។

      ខេមរិន: គម្ពីរ​នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​រយៈ​ពេល​ច្បាស់​លាស់​នៃ​៧​ខួប​នោះ។ តើ​បង​ចង់​ពិនិត្យ​មើល​ចំណុច​នោះ​ជា​មួយ​នឹង​ខ្ញុំ​នៅ​លើក​ក្រោយ​ទេ?j

      ច័ន្ទ: បាទ​ខ្ញុំ​ចង់។

      តើ​មាន​រឿង​ណា​មួយ​ក្នុង​គម្ពីរ​ដែល​លោក​អ្នក​ធ្លាប់​ឆ្ងល់​ទេ? តើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​អំពី​ជំនឿ​ឬ​ការ​ប្រព្រឹត្ត​ណា​មួយ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ទេ? បើ​មាន​មែន សូម​សួរ​សាក្សី​ព្រះ​យេហូវ៉ា​ណា​ម្នាក់។ គាត់​នឹង​រីក​រាយ​និយាយ​ជា​មួយ​លោក​អ្នក​អំពី​រឿង​នោះ។

      [កំណត់​សម្គាល់]

      a តាម​រយៈ​កម្ម​វិធី​បង្រៀន​គម្ពីរ​តាម​ផ្ទះ សាក្សី​ព្រះ​យេហូវ៉ា​ពិគ្រោះ​គម្ពីរ​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ​ជា​ច្រើន​ពី​ប្រធានបទ​មួយ​ទៅ​ប្រធានបទ​មួយ។

      b សុភាសិត ២:៣​-​៥។

      c សូម​មើល​ជំពូក​ទី​៩ ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

      d ដានីយ៉ែល ៤:១៣​-​១៧។

      e ដានីយ៉ែល ៤:២០​-​៣៦។

      f របា​ក្សត្រ​ទី១ ២៩:២៣។

      g ក្នុង​ទំនាយ​របស់​លោក​យេស៊ូ​អំពី​គ្រា​ចុង​ក្រោយ​បង្អស់ លោក​បាន​មាន​ប្រសាសន៍​ថា៖ «ក្រុង​យេរូសាឡិម[តំណាង​ការ​គ្រប់​គ្រង​របស់​ព្រះ]នឹង​ត្រូវ​ជាន់​ឈ្លី​ដោយ​ប្រជា​ជាតិ​នានា រហូត​ដល់​គ្រា​កំណត់​នៃ​ប្រជា​ជាតិ​នានា​បាន​ចប់​សព្វ​គ្រប់»។ (លូកា ២១:២៤) ដូច្នេះ​ការ​គ្រប់​គ្រង​របស់​ព្រះ​បាន​ត្រូវ​បញ្ឈប់​រហូត​មក​ដល់​សម័យ​លោក​យេស៊ូ ហើយ​នឹង​បន្ត​រហូត​មក​ដល់​គ្រា​ចុង​ក្រោយ​បង្អស់។

      h ដានីយ៉ែល ១២:៩។

      i សូម​មើល​ការ​ពន្យល់​បន្ថែម​ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ចំណង​ជើង​ថា «ឆ្នាំ​១៩១៤​ជា​ឆ្នាំ​សំខាន់​មួយ​ក្នុង​បទ​ទំនាយ​ព្រះ​គម្ពីរ»។

      j អត្ថបទ​ត​ភាគ​បន្ទាប់​នឹង​ពិគ្រោះ​ខ​គម្ពីរ​ផ្សេងៗ ដែល​បង្ហាញ​ឲ្យ​យល់​ច្បាស់​អំពី​រយៈ​ពេល​នៃ​៧​ខួប​នោះ។

  • តើរាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅពេលណា? ភាគទី២
    ទស្សនាវដ្ដីប៉មយាម ២០១៥ | ១ មករា
    • ការ​សន្ទនា​អំពី​ប្រធានបទ​មួយ​ក្នុង​គម្ពីរ

      តើ​រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​ណា? ភាគ​ទី២

      ការ​សន្ទនា​ខាង​ក្រោម​នេះ​ជា​ឧទាហរណ៍​អំពី​ប្រធានបទ​មួយ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​តាម​ធម្មតា​សន្ទនា​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ។ ឧទាហរណ៍ សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ឈ្មោះ​ខេមរិន បាន​ទៅ​ផ្ទះ​របស់​បុរស​ម្នាក់​ឈ្មោះ​ច័ន្ទ។

      ការ​សង្ខេប​ឡើង​វិញ​អំពី​សុបិន​របស់​នេប៊ូក្នេសា

      ខេមរិន: សួស្តី​បង​ច័ន្ទ តើ​បង​សុខ​សប្បាយ​ទេ? ខ្ញុំ​សប្បាយ​ចិត្ត​មែន​ដែល​យើង​អាច​ជួប​គ្នា​ម្ដង​ទៀត។ ខ្ញុំ​តែង​តែ​ចូល​ចិត្ត​ការ​ពិគ្រោះ​អំពី​គម្ពីរ​ជា​មួយ​បង​រៀង​រាល់​សប្ដាហ៍។a

      ច័ន្ទ: ខ្ញុំ​សុខ​សប្បាយ​ទេ អរគុណ។

      ខេមរិន: ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ឮ​អីចឹង។ ពេល​ខ្ញុំ​មក​លេង​លើក​មុន យើង​ពិគ្រោះ​គ្នា​អំពី​មូលហេតុ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤។b ក្នុង​ការ​ពិគ្រោះ​នោះ យើង​បាន​រក​ឃើញ​ភ័ស្តុតាង​ដ៏​សំខាន់​មួយ​ក្នុង​ទំនាយ​នៅជំពូក​ទី​៤នៃ​សៀវភៅ​ដានីយ៉ែល​ក្នុង​គម្ពីរ។ តើ​បង​ចាំ​អំពី​អ្វី​ដែល​បាន​កត់​ទុក​ក្នុង​ជំពូក​នោះ​ទេ?

      ច័ន្ទ: គឺ​អំពី​សុបិន​របស់​ស្តេច​នេប៊ូក្នេសា​អំពី​ដើម​ឈើ​ធំ​មួយ។

      ខេមរិន: បាទ​ត្រូវ​មែន។ ក្នុង​សុបិន​របស់​ស្តេច​នេប៊ូក្នេសា​នោះ គាត់​បាន​ឃើញ​ដើម​ឈើ​ដ៏​ធំ​មួយ​ដែល​បាន​លូត​រហូត​ដល់​មេឃ។ រួច​មក គាត់​បាន​ឮ​សំឡេង​ទេវតា​មួយ​រូប​របស់​ព្រះ​បង្គាប់​ថា ដើម​ឈើ​នោះ​នឹង​ត្រូវ​កាប់​ផ្ដាច់។ ក៏​ប៉ុន្តែ ព្រះ​បាន​មាន​ប្រសាសន៍​ថា ចំណែក​ឯ​គល់​និង​ឫស​របស់​វា​ត្រូវ​ទុក​ឲ្យ​នៅ​ជាប់​ដី​វិញ។ ក្រោយ​«​៧​ខួប​»​ ដើម​ឈើ​នោះ​នឹង​ដុះ​ឡើង​ម្ដង​ទៀត។c យើង​ក៏​បាន​ពិគ្រោះ​អំពី​មូលហេតុ​ដែល​ទំនាយ​នោះ​បាន​កើត​ឡើង​ពីរ​ដង។ តើ​ទំនាយ​នោះ​បាន​កើត​ឡើង​លើក​ទី១​យ៉ាង​ដូច​ម្ដេច? តើ​បង​ចាំ​ទេ?

      ច័ន្ទ: លើក​ទី១​ទំនាយ​នោះ​គឺ​ទាក់​ទង​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ស្តេច​នេប៊ូក្នេសា មែន​ទេ? គាត់​លែង​មាន​សតិ​ដឹង​ខុស​ត្រូវ​អស់​រយៈ​ពេល​៧​ឆ្នាំ។

      ខេមរិន: ត្រូវ​មែន។ ស្តេច​នេប៊ូក្នេសា​បាន​បាត់​បង់​សតិ​លែង​ដឹង​ខុស​ត្រូវ​អស់​មួយ​រយៈ​ពេល​ខ្លី ដូច្នេះ​ការ​គ្រប់​គ្រង​របស់​គាត់​បាន​ត្រូវ​ផ្អាក។ ប៉ុន្តែ លើក​ទី២ ទំនាយ​នោះ​គឺ​ទាក់​ទង​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ការ​គ្រប់​គ្រង​របស់​ព្រះ​នៅ​ផែន​ដី ដែល​បាន​ត្រូវ​ផ្អាក​អស់​រយៈ​ពេល​៧​ខួប។ ដូច​ដែល​យើង​បាន​រៀន គ្រា​៧​ខួប​បាន​ចាប់​ផ្ដើម​នៅ​ពេល​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៦០៧ មុន​គ.ស.។ ចាប់​តាំង​ពី​ពេល​នោះ​មក នៅ​ផែន​ដី​លែង​មាន​ស្តេច​ដែល​តំណាង​ព្រះ​យេហូវ៉ា​គ្រប់​គ្រង​លើ​រាស្ត្រ​របស់​លោក​ទៀត។ ប៉ុន្តែ នៅ​ចុង​គ្រា​៧​ខួប ព្រះ​នឹង​តែង​តាំង​បុគ្គល​នៅ​ស្ថាន​សួគ៌​ឲ្យ​គ្រប់​គ្រង​លើ​រាស្ត្រ​របស់​លោក​វិញ។ បើ​និយាយ​ឲ្យ​ចំ​ទៅ រាជាណាចក្រ​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌ ពេល​ដែល​គ្រា​៧​ខួប​បាន​ចប់។ ដូច្នេះ បើ​យើង​អាច​សម្គាល់​ថា​គ្រា​នោះ​មាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ នោះ​យើង​នឹង​ដឹង​អំពី​ពេល​ដែល​រាជាណាចក្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង។ មក​ដល់​ត្រឹម​នេះ តើ​បង​យល់​ទេ?

      ច័ន្ទ: បាទ ការ​សង្ខេប​នេះ​ជួយ​ខ្ញុំ​ឲ្យ​នឹក​ចាំ​អំពី​អ្វី​ដែល​យើង​បាន​ពិគ្រោះ​ពី​មុន។

      ខេមរិន: ល្អ​ណាស់។ ឥឡូវ សូម​ឲ្យ​យើង​បន្ត​ពិគ្រោះ​គ្នា​ទៀត​អំពី​រយៈ​ពេល​នៃ​គ្រា​៧​ខួប។ ខ្ញុំ​ទើប​តែ​បាន​អាន​អំពី​ប្រធាន​នេះ​ម្ដង​ទៀត ដើម្បី​រំលឹក​អំពី​ចំណុច​សំខាន់​ៗ។ ខ្ញុំ​នឹង​ព្យាយាម​ពន្យល់​បង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ។

      ច័ន្ទ: បាទ។

      គ្រា​ចុង​ក្រោយ​បង្អស់​ចាប់​ផ្ដើម​ពេល​គ្រា​៧​ខួប​ចប់

      ខេមរិន: លើក​ទី១ ទំនាយ​នោះ​ទាក់​ទង​នឹង​ស្តេច​នេប៊ូក្នេសា ហើយ​គ្រា​៧​ខួប​គឺ​ពិត​ជា​មាន​រយៈ​ពេល​៧​ឆ្នាំ​មែន។ ប៉ុន្តែ លើក​ទី២ ទំនាយ​នោះ​ទាក់​ទង​នឹង​រាជាណាចក្រ​របស់​ព្រះ ហើយ​គ្រា​៧​ខួប​នោះ​មាន​រយៈ​ពេល​យូរ​ជាង​៧​ឆ្នាំ។

      ច័ន្ទ: ហេតុ​អ្វី​បង​អាច​សន្និដ្ឋាន​ដូច្នេះ​បាន?

      ខេមរិន: តើ​បង​ចាំ​ទេ? មូលហេតុ​មួយ​គឺ គ្រា​៧​ខួប​បាន​ចាប់​ផ្ដើម នៅ​ពេល​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៦០៧ មុន​គ.ស.។ បើ​យើង​ចាប់​ផ្ដើម​រាប់​រយៈ​ពេល​៧​ឆ្នាំ​ចាប់​ពី​ឆ្នាំ​៦០៧ មុន​គ.ស. គ្រា​នោះ​នឹង​ចប់​នៅ​ឆ្នាំ​៦០០ មុន​គ.ស.។ ប៉ុន្តែ នៅ​ឆ្នាំ​៦០០ មុន​គ.ស.​នោះ គ្មាន​ព្រឹត្ដិការណ៍​សំខាន់​ណា​មួយ​បាន​កើត​ឡើង​ដែល​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​ឡើយ។ មូលហេតុ​មួយ​ទៀត​គឺ រាប់​រយ​ឆ្នាំ​ក្រោយ​មក ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​បញ្ជាក់​ថា គ្រា​៧​ខួប​នោះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។

      ច័ន្ទ: អូ ឥឡូវ​ខ្ញុំ​នឹក​ឃើញ​ហើយ។

      ខេមរិន: ដូច្នេះ គ្រា​៧​ខួប​មិន​មែន​ជា​រយៈ​ពេល​៧​ឆ្នាំ​ទេ ប៉ុន្តែ​គ្រា​នោះ​គឺ​មាន​រយៈ​ពេល​យូរ​ជាង។

      ច័ន្ទ: អីចឹង តើ​មាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៅ?

      ខេមរិន: ក្នុង​គម្ពីរ សៀវភៅ​ការ​បើក​បង្ហាញ​ដែល​ជាប់​ទាក់​ទង​នឹង​សៀវភៅ​ដានីយ៉ែល ជួយ​យើង​ឲ្យ​ដឹង​ច្បាស់​អំពី​រយៈ​ពេល​នៃ​គ្រា​៧​ខួប​នោះ។ សៀវភៅ​ការ​បើក​បង្ហាញ​ប្រាប់​ថា គ្រា​បី​ខួប​កន្លះ​មាន​រយៈ​ពេល​១.២៦០​ថ្ងៃ។d ដូច្នេះ គ្រា​៧​ខួប​គឺ​ស្មើ​នឹង​គ្រា​បី​ខួប​កន្លះ​គុណ​នឹង​ពីរ ហើយ​នោះ​មាន​រយៈ​ពេល​២.៥២០​ថ្ងៃ។ មក​ដល់​ត្រឹម​នេះ តើ​បង​យល់​ទេ?

      ច័ន្ទ: បាទ ខ្ញុំ​យល់។ ប៉ុន្តែ ខ្ញុំ​មិន​យល់​អំពី​របៀប​ដែល​រឿង​នេះ​ទាក់​ទង​នឹង​ពេល​ដែល​រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤​ទេ។

      ខេមរិន: បាទ ឥឡូវ​សូម​ឲ្យ​យើង​ពិនិត្យ​មើល​អំពី​រឿង​នោះ។ នៅ​ពេល​ខ្លះ ទំនាយ​ក្នុង​គម្ពីរ​រាប់​១​ថ្ងៃ​ទុក​ជា​១​ឆ្នាំ។e ដូច្នេះ បើ​យើង​រាប់​១​ថ្ងៃ​ទុក​ជា​១​ឆ្នាំ នោះ​គ្រា​៧​ខួប​គឺ​មាន​រយៈ​ពេល​២.៥២០​ឆ្នាំ។ បើ​យើង​ចាប់​ផ្ដើម​រាប់​២.៥២០​ឆ្នាំ​ចាប់​ពី​ឆ្នាំ​៦០៧ មុន​គ.ស. នោះ​គ្រា​៧​ខួប​នឹង​ចប់​នៅ​ឆ្នាំ​១៩១៤។f នេះ​ជា​របៀប​ដែល​យើង​ជឿ​ថា​គ្រា​៧​ខួប​បាន​ចប់​នៅ​ឆ្នាំ​១៩១៤ ហើយ​ជា​ឆ្នាំ​ដែល​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច​ក្នុង​រាជាណាចក្រ​របស់​ព្រះ។ បន្ថែម​ទៅ​ទៀត គួរ​ឲ្យ​កត់​សម្គាល់​ថា​តាំង​ពី​ឆ្នាំ​១៩១៤​មាន​ព្រឹត្ដិការណ៍​ធំ​ៗ​ជា​ច្រើន​ក្នុង​ពិភព​លោក ហើយ​គម្ពីរ​បាន​ទាយ​ថា​ព្រឹត្ដិការណ៍​ទាំង​នោះ​ជា​ភ័ស្តុតាង​នៃ​គ្រា​ចុង​ក្រោយ​បង្អស់។

      ច័ន្ទ: តើ​មាន​ព្រឹត្ដិការណ៍​អ្វី​ខ្លះ​ទៅ​បង?

      ខេមរិន: សូម​ឲ្យ​យើង​ពិចារណា​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​នៅ ម៉ាថាយ ២៤:៧។ ស្តី​អំពី​ពេល​ដែល​លោក​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌ នោះ​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ ក៏​នឹង​មាន​រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ថែម​ទាំង​មាន​ការ​អត់​ឃ្លាន​ទៀត​ផង​»។ សូម​កត់​សម្គាល់​ថា លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​ថា នឹង​មាន​ការ​អត់​ឃ្លាន​និង​រញ្ជួយ​ដី​នៅ​គ្រា​ដែល​លោក​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង។ យើង​ឃើញ​ថា​ក្នុង​អំឡុង​ពេល​១០០​ឆ្នាំ​កន្លង​មក មនុស្សជាតិ​ពិត​ជា​បាន​ឃើញ​ព្រឹត្ដិការណ៍​ទាំង​នោះ មែន​ទេ?

      ច័ន្ទ: បាទ ពិត​មែន។

      ខេមរិន: បន្ថែម​ទៀត ក្នុង​ខ​នេះ លោក​យេស៊ូ​បាន​ប្រាប់​ថា អំឡុង​ពេល​ដែល​លោក​គ្រប់​គ្រង​ជា​ស្តេច​ក្នុង​រាជាណាចក្រ​របស់​ព្រះ ក៏​នឹង​មាន​សង្គ្រាម​ដែរ។ ប៉ុន្តែ សៀវភៅ​ការ​បើក​បង្ហាញ​មិន​គ្រាន់​តែ​ប្រាប់​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នឹង​មាន​សង្គ្រាម​ក្នុង​ប្រទេស​មួយ​ប៉ុណ្ណោះ​ទេ តែ​នឹង​មាន​សង្គ្រាម​ទូ​ទាំង​ពិភព​លោក។g តើ​សង្គ្រាម​លោក​លើក​ទី១​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​ណា? តើ​បង​ចាំ​ទេ?

      ច័ន្ទ: គឺ​នៅ​ឆ្នាំ​១៩១៤ នោះ​ជា​ឆ្នាំ​ដែល​បង​ប្រាប់​ថា​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង! ខ្ញុំ​មិន​ដែល​ដឹង​ថា​រឿង​នោះ​ទាក់​ទង​គ្នា​ដូច្នេះ​សោះ។

      ខេមរិន: នៅ​ពេល​យើង​ពិនិត្យ​មើល​ទំនាយ​ក្នុង​គម្ពីរ​អំពី​គ្រា​៧​ខួប និង​ទំនាយ​ឯ​ទៀត​អំពី​គ្រា​ចុង​ក្រោយ​បង្អស់ នោះ​យើង​អាច​ដឹង​អំពី​ពេល​ដែល​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌។ សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ជាក់​ថា លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤ ហើយ​ក៏​ជឿ​ដែរ​ថា​គ្រា​ចុង​ក្រោយ​បង្អស់​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​នោះ។h

      ច័ន្ទ: ខ្ញុំ​កំពុង​ខំ​ព្យាយាម​យល់​នូវ​អ្វី​ដែល​យើង​បាន​ពិភាក្សា​ថ្ងៃ​នេះ។

      ខេមរិន: ខ្ញុំ​ពិត​ជា​យល់​អំពី​អារម្មណ៍​របស់​បង។ ដូច​ខ្ញុំ​ប្រាប់​បង​ពី​មុន ខ្ញុំ​មិន​បាន​យល់​អំពី​រឿង​នេះ​ភ្លាម​ៗ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​សង្ឃឹម​ថា ការ​ពិគ្រោះ​គ្នា​ថ្ងៃ​នេះ​បាន​ជួយ​បង​ឲ្យ​យល់​ថា ទោះ​បី​ជា​គម្ពីរ​មិន​បាន​បញ្ជាក់​ច្បាស់​អំពី​ឆ្នាំ​១៩១៤​ក្ដី តែ​ដោយ​មាន​មូលដ្ឋាន​លើ​គម្ពីរ សាក្សី​ព្រះ​យេហូវ៉ា​ពិត​ជា​ជឿ​ថា រាជាណាចក្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​នោះ​មែន។

      ច័ន្ទ: បាទ ខ្ញុំ​ពិត​ជា​កោត​ស្ងើច​ណាស់ ដោយ​សារ​បង​តែង​តែ​ប្រើ​គម្ពីរ​ដើម្បី​ពន្យល់​អំពី​ជំនឿ​របស់​បង មិន​មែន​ពី​គំនិត​របស់​ខ្លួន​ឡើយ។ ប៉ុន្តែ ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​រឿង​នេះ​ពិបាក​យល់​ម្ល៉េះ? ហេតុ​អ្វី​ក្នុង​គម្ពីរ​ព្រះ​មិន​ប្រាប់​យើង​ឲ្យ​ចំ​ៗ​ថា នៅ​ឆ្នាំ​១៩១៤ លោក​យេស៊ូ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌?

      ខេមរិន: នេះ​ពិត​ជា​សំណួរ​ល្អ​មែន​បង។ តាម​ពិត​ក្នុង​គម្ពីរ មាន​រឿង​ជា​ច្រើន​ដែល​ព្រះ​មិន​បាន​មាន​ប្រសាសន៍​ចំ​ៗ​ទេ។ ដូច្នេះ ហេតុ​អ្វី​ព្រះ​បាន​ដឹក​នាំ​មនុស្ស​ឲ្យ​សរសេរ​គម្ពីរ​តាម​របៀប​មួយ​ដែល​យើង​ពិបាក​យល់​ម្ល៉េះ? ប្រហែល​ជា​ពេល​ខ្ញុំ​មក​ជួប​បង​លើក​ក្រោយ យើង​អាច​ពិគ្រោះ​សំណួរ​នេះ បាន​ទេ?

      ច័ន្ទ: បាទ​បាន។

      តើ​មាន​រឿង​ណា​មួយ​ក្នុង​គម្ពីរ​ដែល​លោក​អ្នក​ធ្លាប់​ឆ្ងល់​ទេ? តើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​អំពី​ជំនឿ​ឬ​ការ​ប្រព្រឹត្ត​ណា​មួយ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ទេ? បើ​មាន​មែន សូម​សួរ​សាក្សី​ព្រះ​យេហូវ៉ា​ណា​ម្នាក់។ គាត់​នឹង​រីក​រាយ​និយាយ​ជា​មួយ​នឹង​លោក​អ្នក​អំពី​រឿង​នោះ។

      a តាម​រយៈ​កម្ម​វិធី​បង្រៀន​គម្ពីរ​តាម​ផ្ទះ សាក្សី​ព្រះ​យេហូវ៉ា​ពិគ្រោះ​គម្ពីរ​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ​ជា​ច្រើន​ពី​ប្រធានបទ​មួយ​ទៅ​ប្រធានបទ​មួយ។

      b សូម​មើល​អត្ថបទ​«​ការ​សន្ទនា​អំពី​ប្រធានបទ​មួយ​ក្នុង​គម្ពីរ: តើ​រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​ណា? ភាគ​ទី១​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​តុលា–ធ្នូ ឆ្នាំ​២០១៤។

      c សូម​មើល ដានីយ៉ែល ៤:២៣​-​២៥។

      d សូម​មើល ការ​បើក​បង្ហាញ ១២:៦, ១៤។

      e សូម​មើល ជន​គណនា ១៤:៣៤; អេសេគាល ៤:៦។

      f សូម​មើល​តារាង​«​សុបិន​របស់​នេប៊ូក្នេសា​អំពី​ដើម​ឈើ​ធំ​មួយ​»។

      g សូម​មើល ការ​បើក​បង្ហាញ ៦:៤។

      h សូម​មើល​ជំពូក​ទី​៩ ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

      សុបិន​របស់​នេប៊ូក្នេសា​អំពី​ដើម​ឈើ​ធំ​មួយ​របៀប​ដែល​សុបិន​នោះ​ទាក់​ទង​នឹង​រាជាណាចក្រ​របស់​ព្រះ

      អត្ថន័យ​ដែល​ជា​និមិត្តរូប​នៃ​ទំនាយ

      ដើម​ឈើ​ដ៏​ធំ​មួយ (​ដានីយ៉ែល ៤:១០, ១១​)

      ​«​ចូរ​កាប់​ដើម​ឈើ​នេះ​»​ (​ដានីយ៉ែល ៤:១៤​)

      ​«​ឲ្យ​នៅ​យ៉ាង​នោះ ដរាប​ដល់​កន្លង​ទៅ​អស់​៧​ខួប​»​ (​ដានីយ៉ែល ៤:១៦​)

      ​«​រាជ្យ​ទ្រង់​នឹង​បាន ទុក​នៅ​»​ (​ដានីយ៉ែល ៤:២៦​)

      ការ​គ្រប់​គ្រង

      ការ​គ្រប់​គ្រង​បាន​ត្រូវ​ផ្អាក

      ចន្លោះ​ពេល

      ការ​គ្រប់​គ្រង​បាន​ត្រូវ​ស្ថាបនា​ឡើង​វិញ

      ទំនាយ​ដែល​បាន​កើត​ឡើង​លើក​ទី១

      ទំនាយ​ដែល​បាន​កើត​ឡើង​លើក​ទី២

      ស្តេច​បាប៊ីឡូន​ឈ្មោះ​នេប៊ូក្នេសា

      មួយ​រយៈ​ក្រោយ​ពី​ឆ្នាំ​៦០៦ មុន​គ.ស. នេប៊ូក្នេសា​បាត់​បង់​សតិ​ដឹង​ខុស​ត្រូវ ហើយ​មិន​អាច​គ្រប់​គ្រង​ជា​ស្តេច​ទៀត

      ៧​ឆ្នាំ

      នេប៊ូក្នេសា​មាន​សតិ​ដឹង​ខុស​ត្រូវ​ឡើង​វិញ ហើយ​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច​ម្ដង​ទៀត

      ស្តេច​របស់​សាសន៍​អ៊ីស្រាអែល​ដែល​តំណាង​ការ​គ្រប់​គ្រង​របស់​ព្រះ

      ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល ហើយ​លែង​មាន​ស្តេច​របស់​សាសន៍​អ៊ីស្រាអែល​ទៀត

      ខែ​តុលា

      ឆ្នាំ​៦០៧ មុន​គ.ស.

      ២.៥២០​ឆ្នាំ

      មុន​គ.ស.

      ៦០៦ ១/៤ ឆ្នាំ

      គ.ស.

      ១.៩១៣ ៣/៤ ឆ្នាំ

      ​«​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​ជាន់​ឈ្លី . . . រហូត​ដល់​គ្រា​កំណត់​នៃ​ប្រជា​ជាតិ​នានា​បាន​ចប់​សព្វ​គ្រប់​»​ (​លូកា ២១:២៤​)

      លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច​ក្នុង​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌

      ខែ​តុលា

      ឆ្នាំ​១៩១៤ គ.ស.

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក