បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើលោកអ្នកនឹងឃើញអ្វីខ្លះនៅកិច្ចប្រជុំគ្រិស្តសាសនិករបស់យើង?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​៥

      តើ​លោក​អ្នក​នឹង​ឃើញ​អ្វី​ខ្លះ​នៅ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​របស់​យើង?

      សាក្សីព្រះយេហូវ៉ានៅឯសាលប្រជុំក្នុងប្រទេសអាហ្សង់ទីន

      អាហ្សង់ទីន

      កិច្ចប្រជុំមួយរបស់សាក្សីព្រះយេហូវ៉ាក្នុងប្រទេសសេរ៉ាឡេអូន

      សេរ៉ាឡេអូន

      កិច្ចប្រជុំមួយរបស់សាក្សីព្រះយេហូវ៉ាក្នុងប្រទេសបែលស៊ិច

      បែលស៊ិច

      កិច្ចប្រជុំមួយរបស់សាក្សីព្រះយេហូវ៉ាក្នុងប្រទេសម៉ាឡេស៊ី

      ម៉ាឡេស៊ី

      មនុស្ស​ជា​ច្រើន​ឈប់​ចូល​រួម​ក្នុង​សកម្មភាព​ខាង​សាសនា​ទៀត ដោយ​សារ​ពួក​គេ​មិន​បាន​ទទួល​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​បំផុត​ក្នុង​ជីវិត​ឬ​មិន​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ឡើយ។ បើ​ដូច្នេះ ហេតុ​អ្វី​លោក​អ្នក​គួរ​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ដែល​បាន​រៀបចំ​ឡើង​ដោយ​សាក្សី​ព្រះ​យេហូវ៉ា? តើ​លោក​អ្នក​នឹង​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ?

      លោក​អ្នក​នឹង​រីករាយ​ក្នុង​ចំណោម​មនុស្ស​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​លោក​អ្នក។ នៅ​សតវត្សរ៍​ទី​១ គ្រិស្ត​សាសនិក​បាន​ត្រូវ​រៀបចំ​ជា​ក្រុម​ជំនុំ​ផ្សេង​ៗ ហើយ​ពួក​គាត់​មាន​កិច្ច​ប្រជុំ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ ដើម្បី​រៀន​គម្ពីរ និង​ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ (​ហេប្រឺ ១០:២៤, ២៥​) ពួក​គាត់​បាន​ប្រជុំ​គ្នា​នៅ​ក្នុង​បរិយាកាស​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ពួក​គាត់​មាន​អារម្មណ៍​ថា ខ្លួន​នៅ​ក្នុង​ចំណោម​មិត្ត​ជិត​ស្និទ្ធ ពោល​គឺ​បង​ប្អូន​រួម​ជំនឿ។ (​ថែស្សាឡូនិច​ទី​២ ១:៣; យ៉ូហានទី៣ ១៤​) សព្វ​ថ្ងៃ​នេះ យើង​ធ្វើ​តាម​គំរូ​បង​ប្អូន​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ ហើយ​យើង​ក៏​មាន​ចិត្ត​រីករាយ​ដូច​ពួក​គាត់​ដែរ។

      លោក​អ្នក​នឹង​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​តាម​គោលការណ៍​ក្នុង​គម្ពីរ។ ដូច​នៅ​សម័យ​គម្ពីរ បុរស ស្ត្រី និង​កូន​ក្មេង​ត្រូវ​ចូល​រួម​ប្រជុំ​ជា​មួយ​គ្នា។ ពួក​អ្នក​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ក្នុង​ការ​បង្រៀន ពួក​គាត់​ប្រើ​គម្ពីរ​ដើម្បី​ជួយ​យើង​ឲ្យ​ចេះ​វែក​ញែក​របៀប​ធ្វើ​តាម​គោលការណ៍​គម្ពីរ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ (​ចោទិយកថា ៣១:១២; នេហេមា ៨:៨​) កាល​ដែល​បង​ប្អូន​ទាំង​អស់​ចូល​រួម​ឆ្លើយ និង​ច្រៀង​ចម្រៀង នោះ​ជា​ឱកាស​ដែល​យើង​អាច​បញ្ជាក់​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​គ្រិស្ត​សាសនិក។—ហេប្រឺ ១០:២៣

      លោក​អ្នក​នឹង​ទទួល​ពរ​គឺ​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​ព្រះ។ នៅ​សម័យ​សាវ័ក​ប៉ូល គាត់​បាន​ប្រាប់​ក្រុម​ជំនុំ​មួយ​ថា​៖ ​«​ខ្ញុំ​ចង់​ជួប​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់ . . . ដើម្បី​យើង​ម្នាក់​ៗ​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​របស់​យើង គឺ​ជំនឿ​របស់​អ្នក​រាល់​គ្នា និង​ជំនឿ​របស់​ខ្ញុំ​»។ (​រ៉ូម ១:១១, ១២​) នៅ​កិច្ច​ប្រជុំ កាល​ដែល​យើង​ជួប​ជុំ​គ្នា​ជា​មួយ​បង​ប្អូន​រួម​ជំនឿ នោះ​អាច​ពង្រឹង​ជំនឿ​និង​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង ដើម្បី​រស់​នៅ​ស្រប​តាម​គោលការណ៍​ក្នុង​គម្ពីរ។

      ដូច្នេះ យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នៅ​លើក​ក្រោយ ហើយ​ពិសោធ​នូវ​អ្វី​ៗ​ទាំង​នេះ​ដោយ​ខ្លួន​លោក​អ្នក​ផ្ទាល់។ លោក​អ្នក​នឹង​ត្រូវ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ។ កិច្ច​ប្រជុំ​ទាំង​អស់​គឺ​ឥត​គិត​ថ្លៃ ដោយ​គ្មាន​ការ​រៃ​អង្គាស​លុយ​ឡើយ។

      • តើ​កិច្ច​ប្រជុំ​របស់​យើង​ធ្វើ​តាម​គំរូ​អ្វី?

      • បើ​យើង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

      ដើម្បី​រៀន​ថែម​ទៀត

      បើ​លោក​អ្នក​ចង់​មើល​ខាង​ក្នុង​សាល​ប្រជុំ​ដែល​នៅ​ក្នុង​តំបន់​របស់​លោក​អ្នក សុំ​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ឲ្យ​ជួយ​នាំ​លោក​អ្នក​ទៅ​ទី​នោះ ដើម្បី​បង្ហាញ​សាល​ប្រជុំ មុន​ពេល​ដែល​លោក​អ្នក​មក​ចូល​រួម​កិច្ច​ប្រជុំ។

  • តើការសេពគប់គ្រិស្តសាសនិករួមជំនឿជួយយើងយ៉ាងដូចម្ដេច?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​៦

      តើ​ការ​សេពគប់​គ្រិស្ត​សាសនិក​រួម​ជំនឿ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

      សាក្សីព្រះយេហូវ៉ាសេពគប់ជាមួយបងប្អូនរួមជំនឿ

      ម៉ាដាហ្គាស្កា

      សាក្សីព្រះយេហូវ៉ាម្នាក់កំពុងជួយបងប្អូនគ្រិស្ដសាសនិក

      ន័រវ៉េ

      អ្នកចាស់ទុំដែលជាគ្រិស្ដសាសនិកទៅលេងដើម្បីលើកទឹកចិត្ដបងប្អូនរួមជំនឿ

      លីបង់

      សាក្សីព្រះយេហូវ៉ាជួបជុំសេពគប់គ្នា

      អ៊ីតាលី

      សូម្បី​តែ​មាន​អាកាសធាតុ​មិន​ល្អ ឬ​ត្រូវ​ធ្វើ​ដំណើរ​កាត់​ព្រៃ​ស្តុក​ក៏​ដោយ ក៏​យើង​មក​ប្រជុំ​ជា​ទៀត​ទាត់​ដែរ។ ទោះ​ជា​មាន​បញ្ហា​ក្នុង​ជីវិត និង​អស់​កម្លាំង​ក្រោយ​ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ក្ដី ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​ខំ​ព្យាយាម​ចូល​រួម​ប្រជុំ​ដើម្បី​សេពគប់​បង​ប្អូន​រួម​ជំនឿ?

      ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវ​ចិត្ត។ ពេល​ប៉ូល​និយាយ​អំពី​ពួក​អ្នក​ដែល​យើង​សេពគប់​ក្នុង​ក្រុម​ជំនុំ នោះ​គាត់​បាន​សរសេរ​ថា​៖ ​«​ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​ហេប្រឺ ១០:២៤​) ពាក្យ​នេះ​បង្កប់​អត្ថន័យ​ថា​យើង​ត្រូវ​ព្យាយាម​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ច្បាស់​ជាង។ ដូច្នេះ ពាក្យ​របស់​សាវ័ក​ប៉ូល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត។ ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក​ខ្លះ​ក៏​មាន​បញ្ហា​ស្រដៀង​នឹង​យើង​ដែរ ហើយ​ពួក​គាត់​បាន​យក​ឈ្នះ​បញ្ហា​នោះ។ ដូច្នេះ កាល​ដែល​យើង​សេពគប់​ពួក​គាត់ នោះ​ពួក​គាត់​ក៏​អាច​ជួយ​យើង​បាន​ដែរ។

      ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​រឹង​មាំ។ នៅ​កិច្ច​ប្រជុំ ពួក​អ្នក​ដែល​យើង​ជួប​មិន​គ្រាន់តែ​ជា​អ្នក​ដែល​យើង​ស្គាល់​ប៉ុណ្ណោះ​ទេ តែ​ជា​មិត្ត​សំឡាញ់​របស់​យើង។ ម្យ៉ាង​ទៀត យើង​ក៏​ចំណាយ​ពេល​ជា​មួយ​គ្នា​ក្នុង​ការ​សម្រាក​លំហែ​កាយ​ដែរ។ តើ​ការ​សេពគប់​ដូច​នេះ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? ជួយ​យើង​ឲ្យ​ចេះ​ឲ្យ​តម្លៃ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ច្រើន​ជាង​មុន ហើយ​នោះ​ក៏​ពង្រឹង​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង​ដែរ។ ដោយ​សារ​យើង​មាន​ចំណង​មិត្តភាព​រឹង​មាំ​រួច​ហើយ នោះ​យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​បង​ប្អូន​យើង ពេល​ដែល​ពួក​គាត់​មាន​បញ្ហា។ (​សុភាសិត ១៧:១៧​) កាល​ដែល​យើង​សេពគប់​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ នោះ​បង្ហាញ​ថា​យើង​«​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​»។—កូរិនថូសទី១ ១២:២៥, ២៦

      យើង​សូម​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ជ្រើស​រើស​មិត្ត​សម្លាញ់​ដែល​ជា​អ្នក​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ លោក​អ្នក​អាច​រក​ឃើញ​មិត្ត​ភក្ដិ​បែប​នេះ​ក្នុង​ចំណោម​សាក្សី​ព្រះ​យេហូវ៉ា។ សូម​កុំ​ឲ្យ​មាន​អ្វី​មករា​រាំង​លោក​អ្នក​ពី​ការ​សេពគប់​យើង​ឡើយ។

      • ហេតុ​អ្វី​ការ​សេពគប់​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​នាំ​ឲ្យ​មាន​ប្រយោជន៍?

      • តើ​ពេល​ណា​លោក​អ្នក​ចង់​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​យើង?

  • តើកិច្ចប្រជុំរបស់យើងមានលក្ខណៈយ៉ាងដូចម្ដេច?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​៧

      តើ​កិច្ច​ប្រជុំ​របស់​យើង​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច?

      កិច្ចប្រជុំមួយរបស់សាក្សីព្រះយេហូវ៉ាក្នុងប្រទេសញូវហ្សេឡែន

      ញូវ​ហ្សេឡែន

      កិច្ចប្រជុំមួយរបស់សាក្សីព្រះយេហូវ៉ាក្នុងប្រទេសជប៉ុន

      ជប៉ុន

      សាក្សីវ័យក្មេងម្នាក់កំពុងអានគម្ពីរក្នុងប្រទេសអ៊ូហ្គង់ដា

      អ៊ូហ្គង់ដា

      សាក្សីពីរនាក់កំពុងសម្ដែងពីការសន្ទនាអំពីគម្ពីរក្នុងប្រទេសលីទុយអានី

      លីទុយអានី

      អ្វី​ដ៏​សំខាន់​ដែល​មាន​ក្នុង​កិច្ច​ប្រជុំ​របស់​គ្រិស្ត​សាសនិក​ជំនាន់​ដើម គឺ​ការ​ច្រៀង​ចម្រៀង ការ​អធិដ្ឋាន ការ​អាន​និង​ការ​ពិគ្រោះ​បទ​គម្ពីរ។ (​កូរិនថូសទី១ ១៤:២៦​) អ្នក​អាច​ឃើញ​ថា អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​គឺ​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​មាន​នៅ​កិច្ច​ប្រជុំ​របស់​យើង។

      យើង​ទទួល​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍ និង​មាន​មូលដ្ឋាន​លើ​គម្ពីរ។ នៅ​ចុង​សប្ដាហ៍ ក្រុម​ជំនុំ​នីមួយ​ៗ​មាន​សុន្ទរកថា​ពី​គម្ពីរ​ចំនួន​៣០​នាទី ដែល​ជួយ​ពន្យល់​អំពី​របៀប​ដែល​បទ​គម្ពីរ​ទាក់​ទង​នឹង​ជីវិត​របស់​យើង និង​គ្រា​ដែល​យើង​កំពុង​រស់​នៅ។ យើង​ទាំង​អស់​គ្នា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ផ្ទៀង​តាម​ក្នុង​គម្ពីរ​របស់​យើង​ផ្ទាល់។ ក្រោយ​សុន្ទរកថា​នេះ មាន​ការ​សិក្សា​«​ទស្សនាវដ្ដី​ប៉មយាម​»​អស់​រយៈ​ពេល​មួយ​ម៉ោង ហើយ​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ​អាច​ចូល​រួម​ឆ្លើយ​ពី​អត្ថបទ​សិក្សា​ដែល​មាន​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​នោះ។ ការ​ពិគ្រោះ​គ្នា​នេះ​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ។ នៅ​ទូ​ទាំង​ពិភព​លោក ក្រុម​ជំនុំ​ជាង​១១០.០០០​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​នេះ​ដូច​គ្នា។

      ជួយ​យើង​ឲ្យ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន។ ក្រៅ​ពី​ថ្ងៃ​សៅរ៍​ថ្ងៃ​អាទិត្យ យើង​មាន​កិច្ច​ប្រជុំ​មួយ​ទៀត​នៅ​ពេល​ល្ងាច​ដែល​មាន​កម្ម​វិធី​ចែក​ជា​បី​ផ្នែក ដែល​ហៅ​ថា កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក។ កិច្ច​ប្រជុំ​នេះ​មាន​មូលដ្ឋាន​លើ​ឯកសារ​កំណត់​សម្រាប់​កិច្ច​ប្រជុំ កិច្ច​បម្រើ​និង​ជីវិត ដែល​ចេញ​ប្រចាំ​ខែ។ ផ្នែក​ដំបូង​គឺ​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ​ដែល​ជួយ​យើង​ឲ្យ​ស្គាល់​ថែម​ទៀត​នូវ​ចំណុច​មួយ​ក្នុង​គម្ពីរ​ដែល​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បាន​អាន​ទុក​ជា​មុន។ ផ្នែក​បន្ទាប់ គឺ​ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ ដែល​រួម​បញ្ចូល​ការ​សម្ដែង​អំពី​របៀប​ពិភាក្សា​គម្ពីរ​ជា​មួយ​អ្នក​ឯ​ទៀត។ អ្នក​ជូន​ឱវាទ​នឹង​ឲ្យ​យោបល់​ដើម្បី​ជួយ​យើង​ឲ្យ​កាន់​តែ​ប៉ិន​ប្រសប់​ក្នុង​ការ​អាន​និង​និយាយ។ (ធីម៉ូថេ​ទី១ ៤:១៣) ផ្នែក​ចុង​ក្រោយ គឺ​របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក​ដែល​ជួយ​យើង​ឲ្យ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ផ្នែក​នេះ​រួម​បញ្ចូល​ការ​ពិគ្រោះ​ដែល​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​គម្ពីរ។

      ពេល​លោក​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង លោក​អ្នក​ច្បាស់​ជា​នឹង​កោត​ស្ងើច​ក្នុង​ចិត្ត​ចំពោះ​អ្វី​ដែល​លោក​អ្នក​នឹង​ទទួល​ពី​ការ​អប់រំ​ដ៏​ល្អ​ក្នុង​គម្ពីរ។—អេសាយ ៥៤:១៣

      • តើ​លោក​អ្នក​អាច​រៀន​អ្វី​ខ្លះ​នៅ​ឯ​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា?

      • តើ​កិច្ច​ប្រជុំ​មួយ​ណា​ដែល​លោក​អ្នក​ចង់​ចូល​រួម​នៅ​លើក​ក្រោយ?

      ដើម្បី​រៀន​ថែម​ទៀត

      សូម​ពិចារណា​អំពី​ព័ត៌មាន​ខ្លះ​ៗ​ដែល​នឹង​ត្រូវ​ពិគ្រោះ​គ្នា​ក្នុង​កិច្ច​ប្រជុំ​ពីរ​បី​ក្រោយ​មក។ សូម​កត់​សម្គាល់​អ្វី​ដែល​លោក​អ្នក​នឹង​រៀន​ពី​គម្ពីរ​ដែល​អាច​ប្រើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

  • ហេតុអ្វីយើងត្រូវស្លៀកពាក់ស្អាតបាតពេលចូលរួមកិច្ចប្រជុំ?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​៨

      ហេតុ​អ្វី​យើង​ត្រូវ​ស្លៀក​ពាក់​ស្អាត​បាត​ពេល​ចូល​រួម​កិច្ច​ប្រជុំ?

      ឪពុកនិងកូនប្រុសស្លៀកក់ស្អាតបាតដើម្បីចូលរួមកិច្ចប្រជុំ

      អ៊ីស្លង់

      ម្ដាយនិងកូនស្រីរៀបចំខ្លួនដើម្បីចូលរួមកិច្ចប្រជុំ

      ម៉ិចស៊ិច

      សាក្សីព្រះយេហូវ៉ាក្នុងប្រទេសហ្គីណេប៊ីសៅដែលស្លៀកក់ស្អាតបាត

      ហ្គីណេប៊ីសៅ

      ក្រុមគ្រួសារមួយក្នុងប្រទេសហ្វីលីពីនកំពុងដើរទៅកិច្ចប្រជុំ

      ហ្វីលីពីន

      តើ​លោក​អ្នក​បាន​កត់​សម្គាល់​រូបភាព​ក្នុង​សៀវភៅ​ស្តើង​នេះ​ឬ​ទេ? សាក្សី​ព្រះ​យេហូវ៉ា​ស្លៀក​ពាក់​ស្អាត​បាត​ពេល​ដែល​ពួក​គេ​ចូល​រួម​កិច្ច​ប្រជុំ។ ហេតុ​អ្វី​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សម្លៀក​បំពាក់​និង​ការ​សម្អិតសម្អាង​ខ្លួន​របស់​យើង?

      ដើម្បី​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ។ ជា​ការ​ពិត​ណាស់ ព្រះ​មិន​ប្រមូល​អារម្មណ៍​ទៅ​លើ​សម្បក​ក្រៅ​របស់​យើង​ទេ។ (​សាំយូអែលទី១ ១៦:៧​) ក៏​ប៉ុន្តែ ពេល​ដែល​យើង​ប្រជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​លោក យើង​ចង់​បង្ហាញ​ការ​គោរព​ចំពោះ​លោក​និង​ចំពោះ​បង​ប្អូន​រួម​ជំនឿ។ ជា​ឧទាហរណ៍ បើ​យើង​ត្រូវ​ឈរ​នៅ​មុខ​ចៅ​ក្រម​វិនិច្ឆ័យ យើង​នឹង​ទំនង​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាការៈ​ក្រៅ​របស់​យើង​ដើម្បី​បង្ហាញ​ការ​គោរព​ចំពោះ​ឋានៈ​របស់​គាត់។ ស្រដៀង​គ្នា​ដែរ របៀប​ដែល​យើង​ស្លៀក​ពាក់​ពេល​ចូល​រួម​កិច្ច​ប្រជុំ​ក៏​បង្ហាញ​អំពី​ការ​គោរព​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​«​ចៅ​ក្រម​នៃ​ផែនដី​ទាំង​មូល​»​ និង​ចំពោះ​ទី​កន្លែង​គោរព​ប្រណិប័តន៍​លោក​ដែរ។—លោកុប្បត្តិ ១៨:២៥

      ដើម្បី​ឲ្យ​ស្រប​តាម​គោលការណ៍​គម្ពីរ។ គម្ពីរ​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ទាំង​ឡាយ​ឲ្យ​ស្លៀក​ពាក់​«​បែប​រមទម និង​ដោយ​មាន​គំនិត​សម​ហេតុ​សម​ផល​»។ (​ធីម៉ូថេទី១ ២:៩, ១០​) ការ​ស្លៀក​ពាក់​«​បែប​រមទម​»​មាន​ន័យ​ថា យើង​មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ណា​ដែល​ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ចាប់​អារម្មណ៍​មក​លើ​យើង ដោយ​សារ​ឆើតឆាយ​ពេក ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ស្រើប​ស្រាល ឬ​លេច​លើ​លេច​ក្រោម​នោះ​ទេ។ បន្ថែម​ទៅ​ទៀត ការ​មាន​«​គំនិត​សម​ហេតុ​ផល​»​ជួយ​យើង​ឲ្យ​ចេះ​ជ្រើស​រើស​សម្លៀក​បំពាក់​ដែល​មិន​រយីករយាក​ពេក ឬ​ឆើតឆាយ​ពេក។ គោលការណ៍​ទាំង​នេះ​នៅ​តែ​គោរព​ការ​សម្រេច​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ ស្តី​អំពី​ការ​ស្លៀក​ពាក់​និង​ការ​សម្អិតសម្អាង​ខ្លួន។ ពេល​យើង​ស្លៀក​ពាក់​ស្អាត​បាត ហើយ​មិន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ទាស់​ភ្នែក នោះ​អាច​‹ធ្វើ​ឲ្យ​សេចក្ដី​បង្រៀន​របស់​ព្រះ​ដែល​ជា​អ្នក​សង្គ្រោះ​យើង​មាន​លម្អ› ហើយ​នាំ​ឲ្យ​គេ​«​សរសើរ​ព្រះ​»​ផង​ដែរ។ (​ទីតុស ២:១០; ពេត្រុសទី១ ២:១២​) បើ​យើង​ស្លៀក​ពាក់​ស្អាត​បាត​ពេល​ចូល​រួម​កិច្ច​ប្រជុំ នោះ​យើង​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​អ្នក​ឯ​ទៀត​គិត​អំពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។

      ទោះ​ជា​លោក​អ្នក​គ្មាន​សម្លៀក​បំពាក់​ស្អាត​បាត​ក៏​ដោយ ក៏​លោក​អ្នក​នៅ​តែ​បាន​ត្រូវ​ស្វាគមន៍​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ដែរ។ សម្លៀក​បំពាក់​ដែល​ស្អាត​សមរម្យ​មិន​ចាំ​បាច់​មាន​តម្លៃ​ថ្លៃ​ឬ​មាន​ម៉ូដក្បូ​រក្បាច់​ច្រើន​នោះ​ទេ។

      • តើ​របៀប​ដែល​យើង​ស្លៀក​ពាក់​ពេល​ចូល​រួម​គោរព​ប្រណិប័តន៍​ព្រះ គឺ​សំខាន់​ប៉ុណ្ណា?

      • តើ​មាន​គោលការណ៍​អ្វី​ខ្លះ​ដែល​ជួយ​យើង​ឲ្យ​ចេះ​ជ្រើស​រើស​ការ​សម្អិតសម្អាង​ខ្លួន​និង​ការ​ស្លៀក​ពាក់?

  • តើអ្វីជាវិធីដ៏ល្អបំផុតដើម្បីរៀបចំសម្រាប់កិច្ចប្រជុំ?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​៩

      តើ​អ្វី​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​រៀបចំ​សម្រាប់​កិច្ច​ប្រជុំ?

      សាក្សីព្រះយេហូវ៉ាម្នាក់រៀបចំសម្រាប់កិច្ចប្រជុំ

      កម្ពុជា

      សាក្សីព្រះយេហូវ៉ាម្នាក់រៀបចំសម្រាប់កិច្ចប្រជុំ
      សាក្សីព្រះយេហូវ៉ាម្នាក់ចូលរួមឆ្លើយនៅឯកិច្ចប្រជុំ

      អ៊ុយក្រែន

      បើ​លោក​អ្នក​កំពុង​រៀន​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា លោក​អ្នក​ទំនង​ជា​បាន​រៀបចំ​មេរៀន​ទុក​ជា​មុន​សម្រាប់​ការ​សិក្សា​នីមួយ​ៗ។ ស្រដៀង​គ្នា​ដែរ បើ​យើង​រៀបចំ​ទុក​ជា​មុន​សម្រាប់​កិច្ច​ប្រជុំ​នៅ​ក្រុម​ជំនុំ នោះ​យើង​អាច​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ កាល​ណា​យើង​មាន​ទម្លាប់​ល្អ នោះ​យើង​ក៏​ទទួល​បាន​លទ្ធផល​ល្អ​ដែរ។

      ជ្រើស​រើស​ពេល​វេលា​និង​ទី​កន្លែង​ដើម្បី​សិក្សា។ តើ​លោក​អ្នក​អាច​ផ្ចង់​អារម្មណ៍​បាន​ល្អ​បំផុត​នៅ​ពេល​ណា? ពេល​ព្រលឹម​មុន​ទៅ​ធ្វើ​ការ ឬ​ពេល​យប់​ក្រោយ​កូន​ចូល​គេង​ហើយ? ទោះ​ជា​លោក​អ្នក​មិន​អាច​ចំណាយ​ពេល​យូរ​ដើម្បី​សិក្សា​ក៏​ដោយ សូម​សម្រេច​ចិត្ត​ថា​លោក​អ្នក​អាច​លៃ​ទុក​ពេល​ប៉ុណ្ណា ហើយ​ព្យាយាម​កុំ​ឲ្យ​មាន​អ្វី​មក​រំខាន​លោក​អ្នក​ឡើយ។ ចូរ​រក​កន្លែង​ស្ងាត់ ហើយ​បិទ​សំឡេង​វិទ្យុ ទូរទស្សន៍ និង​ទូរស័ព្ទ​ដៃ ដើម្បី​កុំ​ឲ្យ​មាន​អ្វី​មក​បង្វែរ​អារម្មណ៍។ ការ​អធិដ្ឋាន​មុន​សិក្សា​នឹង​ជួយ​លោក​អ្នក​កុំ​ឲ្យ​ខ្វល់ខ្វាយ​អំពី​រឿង​ផ្សេង​ៗ​នៅ​ថ្ងៃ​នោះ​ដើម្បី​លោក​អ្នក​អាច​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​សិក្សា​បណ្ដាំ​របស់​ព្រះ។—ភីលីព ៤:៦, ៧

      គូស​ចម្លើយ និង​រៀបចំ​ដើម្បី​ឆ្លើយ។ មុន​ដំបូង សូម​យល់​អំពី​សាច់​រឿង​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​មេរៀន។ សូម​គិត​អំពី​ចំណង​ជើង​នៃ​អត្ថបទ ឬ​ជំពូក ហើយ​ពិចារណា​អំពី​របៀប​ដែល​ចំណង​ជើង​តូច​នីមួយ​ៗ​ទាក់​ទង​នឹង​ប្រធាន។ ពិនិត្យ​មើល​រូបភាព និង​សំណួរ​សា​ឡើង​វិញ​ដែល​លើក​បញ្ជាក់​ចំណុច​សំខាន់​ៗ​ក្នុង​មេរៀន។ បន្ទាប់​មក សូម​អាន​វគ្គ​នីមួយ​ៗ ហើយ​រក​ចម្លើយ​ចំពោះ​សំណួរ​ដែល​មាន​ក្នុង​មេរៀន​នោះ។ សូម​មើល និង​អាន​បទ​គម្ពីរ​នានា​ដែល​មាន​ក្នុង​អត្ថបទ ហើយ​គិត​អំពី​របៀប​ដែល​បទ​គម្ពីរ​ទាក់​ទង​នឹង​អត្ថបទ។ (​សកម្មភាព ១៧:១១​) ពេល​រក​ឃើញ​ចម្លើយ​ហើយ សូម​គូស​ពាក្យ​ឬ​ឃ្លា​សំខាន់​ខ្លះ​ៗ​ក្នុង​វគ្គ​ដែល​នឹង​ជួយ​លោក​អ្នក​ឲ្យ​នឹក​ឃើញ​ចម្លើយ​ក្នុង​អំឡុង​ពេល​ប្រជុំ។ នៅ​កិច្ច​ប្រជុំ បើ​លោក​អ្នក​ចង់ នោះ​អាច​លើក​ដៃ​ឆ្លើយ ហើយ​អាច​ឆ្លើយ​យ៉ាង​ខ្លី​ដែល​ចេញ​ពី​ចិត្ត​របស់​លោក​អ្នក។

      ដោយ​ពិចារណា​អំពី​ប្រធាន​ផ្សេង​ៗ​ដែល​បាន​សិក្សា​នៅ​ឯ​កិច្ច​ប្រជុំ​ជា​រៀង​រាល់​សប្ដាហ៍ នោះ​លោក​អ្នក​នឹង​មាន​ចំណេះ​ថែម​ទៀត​ពី​គម្ពីរ។ ចំណេះ​បែប​នោះ​គឺ​ប្រៀប​ដូច​ជា​«​ឃ្លាំង​ទ្រព្យ​»​របស់​លោក​អ្នក។—ម៉ាថាយ ១៣:៥១, ៥២

      • តើ​លោក​អ្នក​អាច​មាន​ទម្លាប់​អ្វី​ខ្លះ​ក្នុង​ការ​រៀបចំ​សម្រាប់​កិច្ច​ប្រជុំ?

      • តើ​លោក​អ្នក​អាច​រៀបចំ​ចម្លើយ​ដើម្បី​ឆ្លើយ​នៅ​កិច្ច​ប្រជុំ​យ៉ាង​ដូច​ម្ដេច?

      ដើម្បី​រៀន​ថែម​ទៀត

      ពេល​រៀបចំ​សម្រាប់​សិក្សា​ទស្សនាវដ្ដី​ប៉មយាម ឬ​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ សូម​ធ្វើ​តាម​វិធី​ដែល​បាន​រៀប​រាប់​ខាង​លើ។ ដោយ​មាន​ជំនួយ​ពី​អ្នក​បង្រៀន​គម្ពីរ សូម​រៀបចំ​ចម្លើយ​ដែល​លោក​អ្នក​ប្រហែលជា​អាច​ឆ្លើយ​នៅ​កិច្ច​ប្រជុំ​លើក​ក្រោយ។

  • តើអ្វីទៅដែលហៅថាការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​១០

      តើ​អ្វី​ទៅ​ដែល​ហៅ​ថា​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ?

      ក្រុមគ្រួសារមួយរីករាយក្នុងការគោរពប្រណិប័តន៍ព្រះជាមួយគ្នា

      កូរ៉េ​ខាង​ត្បូង

      ប្ដីប្រពន្ធសិក្សាគម្ពីរជាមួយគ្នា

      ប្រេស៊ីល

      សាក្សីព្រះយេហូវ៉ាម្នាក់សិក្សាគម្ពីរ

      អូស្ដ្រាលី

      ក្រុមគ្រួសារមួយពិគ្រោះគ្នាពីប្រធានបទនៃបទគម្ពីរ

      ហ្គីណេ

      តាំង​ពី​សម័យ​បុរាណ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ក្រុម​គ្រួសារ​នីមួយ​ៗ​ចំណាយ​ពេល​ជា​មួយ​គ្នា​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​លោក និង​ជា​មួយ​សមាជិក​ក្រុម​គ្រួសារ។ (​ចោទិយកថា ៦:៦, ៧​) នេះ​ជា​មូលហេតុ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​លៃ​ទុក​ពេល​មួយ​ជា​រៀង​រាល់​សប្ដាហ៍​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​គ្នា ពោល​គឺ​ក្នុង​បរិយាកាស​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រួល ពួក​គេ​ពិភាក្សា​គ្នា​តាម​តម្រូវ​ការ​របស់​ពួក​គេ​ស្តី​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ព្រះ។ ទោះ​ជា​លោក​អ្នក​រស់​នៅ​តែ​ម្នាក់​ឯង​ក៏​ដោយ លោក​អ្នក​អាច​ប្រើ​ពេល​វេលា​នេះ​ដើម្បី​ចូល​ទៅ​ជិត​ព្រះ ដោយ​ជ្រើស​រើស​ប្រធានបទ​មួយ​ដើម្បី​សិក្សា​ផ្ទាល់​ខ្លួន។

      ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជួយ​យើង​ឲ្យ​កាន់​តែ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»។ (​យ៉ាកុប ៤:៨​) យើង​នឹង​ស្គាល់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្បាស់​ជាង ពេល​ដែល​យើង​រៀន​យ៉ាង​ល្អិត​ល្អន់​អំពី​គុណ​សម្បត្ដិ​និង​ការ​ប្រព្រឹត្ត​របស់​លោក​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ វិធី​ដ៏​ស្រួល​មួយ​ដើម្បី​ចាប់​ផ្ដើម​មាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ គឺ​ចំណាយ​ពេល​អាន​គម្ពីរ​ជា​មួយ​គ្នា​ដោយ​បញ្ចេញ​សំឡេង​ឲ្យ​ឮ​ៗ។ លោក​អ្នក​ប្រហែល​ជា​អាច​អាន​តាម​អំណាន​គម្ពីរ​ប្រចាំ​សប្ដាហ៍​ដែល​មាន​ក្នុង​កិច្ច​ប្រជុំ កិច្ច​បម្រើ​និង​ជីវិត។ សូម​ឲ្យ​សមាជិក​ម្នាក់ៗ​អាន​មួយ​ផ្នែក​នៃ​អំណាន​នោះ បន្ទាប់​មក សមាជិក​ទាំង​អស់​អាច​ពិភាក្សា​គ្នា​អំពី​ចំណុច​ដែល​ពួក​គេ​បាន​រៀន​ពី​បទ​គម្ពីរ។

      ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជួយ​យើង​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​គ្នា។ កាល​ដែល​ប្ដី​និង​ប្រពន្ធ ឪពុក​ម្ដាយ​និង​កូន​សិក្សា​គម្ពីរ​ជា​ក្រុម​គ្រួសារ នោះ​ជួយ​ពង្រឹង​ចំណង​មិត្តភាព​របស់​ពួក​គេ។ ពេល​វេលា​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះ​គួរ​ជា​ពេល​ដែល​សប្បាយ ជា​ពេល​មាន​សេចក្ដី​សុខ និង​ជា​ពេល​ដែល​សមាជិក​ម្នាក់​ៗ​នៅ​ក្នុង​គ្រួសារ​ទន្ទឹង​ចាំ​ជា​រៀង​រាល់​សប្ដាហ៍។ ស្រប​តាម​អាយុ​របស់​កូន ឪពុក​ម្ដាយ​អាច​ពិភាក្សា​ជា​មួយ​កូន​ដោយ​ជ្រើស​រើស​ប្រធានបទ​ដែល​កូន​អាច​យក​មក​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ប្រហែល​ប្រើ​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម និង​សៀវភៅ​ផ្សេង​ទៀត ឬគេហទំព័រ​jw.org។ លោកអ្នក​អាច​ពិភាក្សា​អំពី​បញ្ហា​ដែល​កូន​ជួប​ប្រទះ​នៅ​ឯ​សាលា​រៀន និង​អំពី​របៀប​ដែល​កូន​អាច​ដោះ​ស្រាយ​បញ្ហា​នោះ។ សូម​មើល​កម្ម​វិធី​ទូរទស្សន៍​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត JW Broadcasting (tv.jw.org) រួច​មក​ពិគ្រោះ​គ្នា​អំពី​ព័ត៌មាន​នោះ។ លោក​អ្នក​ប្រហែល​ជា​សប្បាយ បើ​លោក​អ្នក​អាច​ហាត់​ច្រៀង​ចម្រៀង​ដែល​មាន​ក្នុង​កិច្ច​ប្រជុំ ហើយ​អាច​រៀប​ចំ​ឲ្យ​មាន​នំ​ចំណី​បន្ដិច​បន្តួច​ដើម្បី​ញ៉ាំ​ជា​មួយ​គ្នា​ក្រោយ​ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។

      ការ​លៃ​ទុក​ពេល​យ៉ាង​ពិសេស​ជា​រៀង​រាល់​សប្ដាហ៍​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា នឹង​ជួយ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​ឲ្យ​រីករាយ​ក្នុង​ការ​សិក្សា​បណ្ដាំ​របស់​ព្រះ ហើយ​លោក​នឹង​ឲ្យ​ពរ​ជា​បរិបូរ​ដល់​ការ​ខំ​ព្យាយាម​របស់​លោក​អ្នក។—ទំនុកតម្កើង ១:១​-​៣

      • ហេតុ​អ្វី​យើង​ត្រូវ​លៃ​ទុក​ពេល​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ជា​ក្រុម​គ្រួសារ?

      • តើ​ឪពុក​ម្ដាយ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​សមាជិក​ទាំង​អស់​ឲ្យ​រីករាយ​ក្នុង​ឱកាស​នេះ?

      ដើម្បី​រៀន​ថែម​ទៀត

      សូម​សួរ​យោបល់​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​អំពី​អ្វី​ដែល​ពួក​គាត់​បាន​ធ្វើ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ បន្ថែម​ទៅ​ទៀត សូម​រក​មើល​ថា តើ​ក្នុង​សាល​ប្រជុំ​មាន​សៀវភៅ​ណាខ្លះ​ដែល​លោក​អ្នក​អាច​ប្រើ​ដើម្បី​បង្រៀន​កូន​អំពី​ព្រះ​យេហូវ៉ា​ឬ​ទេ?

  • ហេតុអ្វីយើងចូលរួមកិច្ចប្រជុំធំៗ?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​១១

      ហេតុ​អ្វី​យើង​ចូល​រួម​កិច្ច​ប្រជុំ​ធំ​ៗ​?

      មហាសន្និបាតតាមភូមិភាគរបស់សាក្សីព្រះយេហូវ៉ានៅប្រទេសម៉ិចស៊ិច

      ម៉ិចស៊ិច

      សៀវភៅថ្មីមួយបានចេញក្នុងមហាសន្និបាតតាមភូមិភាគនៅប្រទេសអាឡឺម៉ង់

      អាឡឺម៉ង់

      សាក្សីព្រះយេហូវ៉ានៅឯមហាសន្និបាតតាមភូមិភាគក្នុងប្រទេសបុតស្វាណា

      បុតស្វាណា

      ប្អូនប្រុសម្នាក់បានទទួលការជ្រមុជទឹកនៅប្រទេសនីការ៉ាហ្គា

      នីការ៉ាហ្គា

      ឈុតសម្ដែងមួយនៅឯមហាសន្និបាតតាមភូមិភាគក្នុងប្រទេសអ៊ីតាលី

      អ៊ីតាលី

      ហេតុ​អ្វី​មនុស្ស​ទាំង​នេះ​មាន​ទឹក​មុខ​រីករាយ​ម្ល៉េះ? ពួក​គេ​កំពុង​ចូល​រួម​កិច្ច​ប្រជុំ​ធំ​មួយ​របស់​យើង។ ដូច​អ្នក​បម្រើ​ព្រះ​នៅ​សម័យ​បុរាណ​ដែល​បាន​ទទួល​បង្គាប់​ឲ្យ​មក​ជួប​ជុំ​គ្នា​បី​ដង​ក្នុង​មួយ​ឆ្នាំ នោះ​យើង​ក៏​ទន្ទឹង​ចាំ​ដើម្បី​ជួប​ជុំ​គ្នា​ជា​ក្រុម​ធំ​ជាង​ដែរ។ (​ចោទិយកថា ១៦:១៦​) ជា​រៀង​រាល់​ឆ្នាំ យើង​មាន​កិច្ច​ប្រជុំ​ធំ​ៗ​ឬ​សន្និបាត​ចំនួន​បី​គឺ សន្និបាត​ប្រចាំ​មណ្ឌល​មាន​រយៈ​ពេល​មួយ​ថ្ងៃ តែ​នឹង​ត្រូវ​ធ្វើ​ឡើង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ និង​មហាសន្និបាត​តាម​ភូមិភាគ​មាន​រយៈ​ពេល​បី​ថ្ងៃ។ ដូច្នេះ តើ​យើង​អាច​ទទួល​ប្រយោជន៍​ពី​សន្និបាត​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច?

      សន្និបាត​ទាំង​នេះ​ជួយ​ពង្រឹង​ចំណង​មិត្តភាព​ជា​បង​ប្អូន​គ្រិស្ត​សាសនិក។ ពេល​បណ្ដា​ជន​អ៊ីស្រាអែល​សរសើរ​ព្រះ​យេហូវ៉ា​«​នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​»​ នោះ​ពួក​គេ​មាន​ចិត្ត​រីករាយ​ណាស់។ ស្រដៀង​គ្នា​ដែរ យើង​ក៏​មាន​ចិត្ត​រីករាយ​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​គ្នា​នៅ​ឯ​សន្និបាត​ទាំង​នោះ​ដែរ។ (​ទំនុកតម្កើង ២៦:១២; ១១១:១​) សន្និបាត​ទាំង​នេះ ជួយ​យើង​ឲ្យ​មាន​ឱកាស​ជួប​ជុំ​គ្នា និង​សំណេះសំណាល​គ្នា​ជា​មួយ​សាក្សី​ឯ​ទៀត​ដែល​មក​ពី​ក្រុម​ជំនុំ​ផ្សេង​ៗ ឬ​ពី​ប្រទេស​ផ្សេង​ទៀត។ ពេល​យើង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​គ្នា​នៅ​កន្លែង​សន្និបាត​ដែល​យើង​ជួប​ជុំ​គ្នា​រៀន​អំពី​ព្រះ នោះ​ជួយ​ឲ្យ​មាន​បរិយាកាស​កាន់​តែ​កក់​ក្ដៅ​ថែម​ទៀត។ (​សកម្មភាព ២:៤២​) នៅ​ឯ​សន្និបាត​ទាំង​នេះ យើង​អាច​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​សេចក្ដី​ស្រឡាញ់​ដែល​បង្ហាញ​ពី​សាមគ្គី​ភាព​របស់​«​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​»​ក្នុង​ពិភព​លោក។—ពេត្រុសទី១ ២:១៧

      សន្និបាត​ទាំង​នេះ​ជួយ​យើង​ឲ្យ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ បណ្ដា​ជន​អ៊ីស្រាអែល​ក៏​បាន​ទទួល​ប្រយោជន៍​ដែរ ដោយ​សារ​ពួក​គេ​បាន​«​យល់​ន័យ​សេចក្ដី​ទាំង​ប៉ុន្មាន​»​ក្នុង​បទ​គម្ពីរ។ (​នេហេមា ៨:៨, ១២​) ដូច​គ្នា​ដែរ យើង​ក៏​ឲ្យ​តម្លៃ​ចំពោះ​ការ​ណែនាំ​ក្នុង​គម្ពីរ​ដែល​យើង​ទទួល​នៅ​ឯ​សន្និបាត​នានា​ដែរ។ កម្មវិធី​នីមួយ​ៗ​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ​ដែល​ជា​ប្រធាន​នៃ​សន្និបាត។ តាម​រយៈ​សុន្ទរកថា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ សុន្ទរកថា​ដែល​ចែក​ជា​ផ្នែក​ៗ និង​ការ​សម្ដែង​ដែល​បង្ហាញ​ពី​បទ​ពិសោធន៍​ពិត​ៗ នោះ​យើង​អាច​រៀន​អំពី​របៀប​ធ្វើ​តាម​បំណង​ប្រាថ្នា​ព្រះ​ក្នុង​ជីវិត​យើង។ យើង​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ពេល​ដែល​យើង​ស្ដាប់​បទ​ពិសោធន៍​របស់​អ្នក​ដែល​បាន​យក​ឈ្នះ​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត​ជា​គ្រិស្ត​សាសនិក​នៅ​គ្រា​ដ៏​ពិបាក​នេះ។ នៅ​ឯ​មហាសន្និបាត​តាម​ភូមិភាគ មាន​ឈុត​សម្ដែង​ដែល​តុបតែង​ខ្លួន​ដូច​នៅ​សម័យ​បុរាណ​ដែល​ធ្វើ​ឲ្យ​យើង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​គម្ពីរ ហើយ​ក៏​បង្រៀន​យើង​នូវ​មេរៀន​ដ៏​មាន​ប្រយោជន៍​ដែរ។ នៅ​សន្និបាត​នីមួយ​ៗ មាន​ពិធី​ជ្រមុជ​ទឹក​សម្រាប់​អស់​អ្នក​ដែល​ចង់​បង្ហាញ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ។

      • ហេតុ​អ្វី​សន្និបាត​ជា​ឱកាស​ដែល​នាំ​ឲ្យ​យើង​មាន​ចិត្ត​រីករាយ?

      • តើ​យើង​ប្រហែលជា​អាច​ទទួល​ប្រយោជន៍​ពី​ការ​ចូល​រួម​សន្និបាត​យ៉ាង​ដូច​ម្ដេច?

      ដើម្បី​រៀន​ថែម​ទៀត

      បើ​ចង់​ស្គាល់​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ឲ្យ​កាន់​តែ​ច្បាស់ សូម​អញ្ជើញ​ចូល​រួម​សន្និបាត​លើក​ក្រោយ។ អ្នក​បង្រៀន​គម្ពីរ​លោក​អ្នក​អាច​បង្ហាញ​ក្រដាស​កម្មវិធី​សន្និបាត ដើម្បី​ឲ្យ​ឃើញ​ថា មាន​រឿង​បែប​ណាខ្លះ​ដែល​បាន​ត្រូវ​បក​ស្រាយ។ សូម​សរសេរ​លើ​ប្រតិទិន ស្តី​អំពី​ពេល​វេលា​និង​ទី​កន្លែង​នៃ​សន្និបាត​លើក​ក្រោយ។ បើ​អាច​ធ្វើ​បាន សូម​អញ្ជើញ​ចូល​រួម។

  • តើកិច្ចការផ្សព្វផ្សាយដំណឹងល្អបានត្រូវចាត់ចែងយ៉ាងដូចម្ដេច?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​១២

      តើ​កិច្ចការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​បាន​ត្រូវ​ចាត់​ចែង​យ៉ាង​ដូច​ម្ដេច?

      សាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ

      អេស្ប៉ាញ

      សាក្សីព្រះយេហូវ៉ាម្នាក់ផ្សព្វផ្សាយនៅសួនច្បារ

      បេឡារុស្ស

      សាក្សីព្រះយេហូវ៉ាម្នាក់ផ្សព្វផ្សាយដោយប្រើទូរស័ព្ទ

      ហុងកុង

      សាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយជាសាធារណៈ

      ពេរូ

      មិន​យូរ​ប៉ុន្មាន​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​ប្រកាស​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។ (​ម៉ាថាយ ២៤:១៤​) ប៉ុន្តែ តើ​យើង​អាច​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​យក​តម្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ ពេល​លោក​រស់​នៅ​លើ​ផែនដី។—លូកា ៨:១

      យើង​ព្យាយាម​ជួប​មនុស្ស​នៅ​តាម​ផ្ទះ។ លោក​យេស៊ូ​បាន​បង្ហាត់​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ចេះ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ (​ម៉ាថាយ ១០:១១​-​១៣; សកម្មភាព ៥:៤២; ២០:២០​) ពួក​អ្នក​ផ្សព្វ​ផ្សាយ​នៅ​សតវត្សរ៍​ទី​១​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ដោយ​មាន​តំបន់​ផ្សាយ​ជាក់​លាក់។ (​ម៉ាថាយ ១០:៥, ៦; កូរិនថូសទី២ ១០:១៣​) ដូច​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ កិច្ចការ​ផ្សព្វ​ផ្សាយ​របស់​យើង​បាន​ត្រូវ​រៀបចំ​ឡើង​ដោយ​មាន​របៀប​រៀប​រយ ហើយ​ក្រុម​ជំនុំ​នីមួយ​ៗ​មាន​តំបន់​ផ្សាយ​ជាក់​លាក់​ដែល​ត្រូវ​ផ្សព្វ​ផ្សាយ។ នេះ​ជួយ​យើង​ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​ដែល​ឲ្យ​យើង​«​ផ្សព្វ​ផ្សាយ​ប្រាប់​បណ្ដា​ជន ថែម​ទាំង​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​»។—សកម្មភាព ១០:៤២

      យើង​ព្យាយាម​ជួប​មនុស្ស​នៅ​គ្រប់​ទី​កន្លែង។ លោក​យេស៊ូ​ក៏​ទុក​គំរូ​ស្តី​អំពី​ការ​ផ្សព្វ​ផ្សាយ​នៅ​តាម​ទី​សាធារណៈ​ដែរ ដូច​ជា​នៅ​តាម​ឆ្នេរ​សមុទ្រ និង​នៅ​ឯ​អណ្ដូង​ទឹក​សាធារណៈ​មួយ។ (​ម៉ាកុស ៤:១; យ៉ូហាន ៤:៥​-​១៥​) ដូច​គ្នា​ដែរ យើង​និយាយ​ជា​មួយ​មនុស្ស​អំពី​គម្ពីរ​នៅ​គ្រប់​ទី​កន្លែង ដូច​ជា​នៅ​តាម​ផ្លូវ នៅ​តំបន់​ធ្វើ​ពាណិជ្ជកម្ម នៅ​សួន​សាធារណៈ និង​ទូរស័ព្ទ​ជា​ដើម។ ពេល​ណា​យើង​មាន​ឱកាស​សមរម្យ យើង​ក៏​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ជិត​ខាង​របស់​យើង អ្នក​រួម​ការងារ មិត្ត​រួម​ថ្នាក់ និង​សាច់​ញាតិ​របស់​យើង​ដែរ។ តាម​រយៈ​ការ​ខំ​ព្យាយាម​ធ្វើ​តាម​វិធី​ទាំង​អស់​នេះ នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​រួច​ហើយ​នៅ​ទូ​ទាំង​ផែនដី​ឲ្យ​ឮ​ដំណឹង​ល្អ​អំពី​«​សេចក្ដី​សង្គ្រោះ​»។—ទំនុកតម្កើង ៩៦:២

      តើ​លោក​អ្នក​អាច​គិត​ថា លោក​អ្នក​ចង់​ប្រាប់​នរណា​ម្នាក់​នូវ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ និង​អំពី​អនាគត​ឬ​ទេ? កុំ​ដឹង​ដំណឹង​នេះ​តែ​ម្នាក់​ឯង​ឡើយ។ សូម​ប្រាប់​ដំណឹង​នេះ​ដល់​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន!

      • តើ​«​ដំណឹង​ល្អ​»​អ្វី​ដែល​យើង​ត្រូវ​ប្រកាស?

      • ស្តី​អំពី​កិច្ចការ​ផ្សព្វ​ផ្សាយ តើ​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

      ដើម្បី​រៀន​ថែម​ទៀត

      សូម​សួរ​អ្នក​បង្រៀន​គម្ពីរ​របស់​អ្នក​ឲ្យ​បង្ហាញ​នូវ​របៀប​និយាយ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ក្នុង​គម្ពីរ​ដល់​អ្នក​ស្គាល់​គ្នា​ដោយ​មិន​ធ្វើ​ឲ្យ​គេ​ទើស​ចិត្ត។

  • តើពួកអ្នកត្រួសត្រាយធ្វើអ្វី?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​១៣

      តើ​ពួក​អ្នក​ត្រួស​ត្រាយ​ធ្វើ​អ្វី?

      អ្នកផ្សព្វផ្សាយពេញពេលម្នាក់ផ្សព្វផ្សាយនៅកន្លែងសាធារណៈ

      កាណាដា

      អ្នកផ្សព្វផ្សាយពេញពេលចូលរួមក្នុងកិច្ចផ្សព្វផ្សាយ

      ផ្សាយ​តាម​ផ្ទះ

      អ្នកត្រួសត្រាយពេញពេលដឹកនាំការសិក្សាគម្ពីរ

      ការ​បង្រៀន​គម្ពីរ

      អ្នកត្រួសត្រាយពេញពេលម្នាក់សិក្សាគម្ពីរផ្ទាល់ខ្លួន

      ការ​សិក្សា​ផ្ទាល់​ខ្លួន

      ពាក្យ​«​អ្នក​ត្រួស​ត្រាយ​»​ច្រើន​តែ​សំដៅ​ទៅ​លើ​អ្នក​ដែល​ដើរ​ខាង​មុខ​គេ ហើយ​ត្រាយ​ផ្លូវ​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ដើរ​តាម​ក្រោយ។ លោក​យេស៊ូ​ជា​អ្នក​ត្រួស​ត្រាយ​ក្នុង​ន័យ​ម្យ៉ាង ដោយ​សារ​ព្រះ​បាន​ចាត់​លោក​ឲ្យ​មក​ផែនដី​ដើម្បី​ប្រើ​ជីវិត​របស់​លោក​ក្នុង​ការ​ផ្សព្វ​ផ្សាយ និង​ដើម្បី​បើក​ផ្លូវ​ឲ្យ​មនុស្ស​ទទួល​សេចក្ដី​សង្គ្រោះ។ (​ម៉ាថាយ ២០:២៨​) សព្វ​ថ្ងៃ​នេះ ពួក​អ្នក​កាន់​តាម​កំពុង​យក​តម្រាប់​តាម​លោក ដោយ​ចំណាយ​ពេល​ច្រើន​បំផុត​តាម​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បី​‹បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម›​លោក​យេស៊ូ។ (​ម៉ាថាយ ២៨:១៩, ២០​) អ្នក​ខ្លះ​បាន​ចូល​រួម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។

      អ្នក​ត្រួស​ត្រាយ​គឺជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល។ សាក្សី​ព្រះ​យេហូវ៉ា​ទាំង​អស់​គឺជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ក៏​ប៉ុន្តែ អ្នក​ខ្លះ​បាន​រៀបចំ​ជីវិត​របស់​ពួក​គេ​ដើម្បី​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ហើយ​ពួក​គេ​ចំណាយ​ពេល​៧០​ម៉ោង ជា​រៀង​រាល់​ខែ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ដើម្បី​ធ្វើ​ដូច្នេះ សាក្សី​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​សម្រេច​ចិត្ត​មិន​ធ្វើ​ការ​ពេញ​ពេល​ឡើយ។ អ្នក​ខ្លះ​ទៀត​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង ហើយ​ពួក​គេ​ចំណាយ​ពេល​១៣០​ម៉ោង​ឬ​លើស ជា​រៀង​រាល់​ខែ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ពួក​អ្នក​ត្រួស​ត្រាយ​ត្រូវ​ស្កប់​ចិត្ត​នឹង​របៀប​រស់​នៅ​សាមញ្ញ ដោយ​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​នូវ​អ្វី​ដែល​ចាំ​បាច់​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​ពួក​គេ។ (​ម៉ាថាយ ៦:៣១​-​៣៣; ធីម៉ូថេទី១ ៦:៦​-​៨​) ចំពោះ​ពួក​អ្នក​ដែល​មិន​អាច​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ពួក​គេ​អាច​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​នៅ​ពេល​ដែល​ពួក​គេ​អាច​ធ្វើ​បាន ដោយ​បង្កើន​ចំនួន​ម៉ោង​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​៣០​ឬ​៥០​ម៉ោង​ក្នុង​មួយ​ខែ។

      អ្នក​ត្រួស​ត្រាយ​ផ្សព្វ​ផ្សាយ​ដោយ​សារ​ស្រឡាញ់​ព្រះ​និង​មនុស្ស។ ដូច​លោក​យេស៊ូ យើង​កត់​សម្គាល់​ឃើញ​ថា មនុស្ស​សព្វ​ថ្ងៃ​នេះ​ត្រូវ​ការ​យ៉ាង​ខ្លាំង​នូវ​ចំណេះ​អំពី​ព្រះ​និង​អំពី​គោល​បំណង​របស់​លោក។ (​ម៉ាកុស ៦:៣៤​) ប៉ុន្តែ យើង​ក៏​មាន​ចំណេះ​ដែល​អាច​ជួយ​ពួក​គេ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ គឺ​ជួយ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​ថា នឹង​មាន​អនាគត​ល្អ។ ដោយ​សារ​អ្នក​ត្រួស​ត្រាយ​ស្រឡាញ់​អ្នក​ជិត​ខាង នោះ​ពួក​គេ​ចំណាយ​ពេល​វេលា​និង​កម្លាំង​ដោយ​មិន​សំចៃ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ដឹង​អំពី​ដំណឹង​ល្អ​នេះ។ (​ម៉ាថាយ ២២:៣៩; ថែស្សាឡូនិច​ទី​១ ២:៨​) ពេល​ពួក​អ្នក​ត្រួស​ត្រាយ​ធ្វើ​ដូច្នេះ នេះ​ជួយ​ពង្រឹង​ជំនឿ​របស់​ពួក​គេ ធ្វើ​ឲ្យ​ពួក​គេ​ចូល​ទៅ​ជិត​ព្រះ​ជាង និង​ជួយ​ពួក​គេ​ឲ្យ​មាន​សុភមង្គល​ច្រើន​ថែម​ទៀត។—សកម្មភាព ២០:៣៥

      • តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ណា​អំពី​ពួក​អ្នក​ត្រួស​ត្រាយ?

      • ហេតុ​អ្វី​អ្នក​ខ្លះ​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល?

  • តើមានសាលាអ្វីខ្លះសម្រាប់អ្នកត្រួសត្រាយពេញពេល?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​១៤

      តើ​មាន​សាលា​អ្វី​ខ្លះ​សម្រាប់​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល?

      អ្នកបម្រើពេញពេលចូលរួមក្នុងកិច្ចផ្សព្វផ្សាយ

      សហរដ្ឋអាម៉េរិក

      សិស្សដែលចូលរួមសាលាគម្ពីរគីលាតនៃសមាគមប៉មយាម
      សិស្សរៀបចំសម្រាប់កិច្ចបម្រើជាសាសនទូត

      សាលា​គី​លាត ក្រុង​ផាតឺសិន រដ្ឋ​ញូវ​យ៉ក

      ប្ដីប្រពន្ធដែលជាសាសនទូតផ្សព្វផ្សាយនៅប្រទេសប៉ាណាម៉ា

      ប៉ាណាម៉ា

      តាំង​ពី​យូរ​មក​ហើយ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​អប់រំ​ដល់​សាក្សី​របស់​លោក ហើយ​នេះ​ជា​លក្ខណៈ​ដ៏​លេច​ធ្លោ​មួយ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ មាន​វគ្គ​សិក្សា​ផ្សេងៗ​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​បម្រើ​ពេញ​ពេល​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​រាជាណាចក្រ​ព្រះ ដើម្បី​ពួក​គេ​អាច​‹បំពេញ​កិច្ច​បម្រើ​របស់​ពួក​គេ​គ្រប់​ជំពូក›។—ធីម៉ូថេ​ទី​២ ៤:៥

      សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ។ ក្រោយ​ពី​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​មួយ​ឆ្នាំ​ហើយ គាត់​អាច​ចូល​រួម​សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ​ដែល​មាន​រយៈ​ពេល​សិក្សា​ប្រាំមួយ​ថ្ងៃ ហើយ​ប្រហែល​ជា​ត្រូវ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​ជិតៗ​នោះ។ សាលា​នេះ​គឺ​មាន​គោល​បំណង​ដើម្បី​ជួយ​អ្នក​ត្រួស​ត្រាយ​ឲ្យ​មាន​ចំណង​មិត្តភាព​កាន់​តែ​រឹង​មាំ​ជា​មួយ​នឹង​ព្រះ ហើយ​ជួយ​ពួក​គេ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​គ្រប់​ផ្នែក​នៃ​កិច្ច​បម្រើ​ផ្សាយ ព្រម​ទាំង​នៅ​ស្មោះ​ត្រង់​ជា​និច្ច​ក្នុង​កិច្ច​បម្រើ​ព្រះ។

      សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ សាលា​នេះ​មាន​រយៈ​ពេល​ពីរ​ខែ។ សាលា​នេះ​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​បង្ហាត់​បង្រៀន​អ្នក​ត្រួស​ត្រាយ​ដែល​មាន​បទ​ពិសោធន៍ និង​ដែល​ស្ម័គ្រ​ចិត្ត​ចាក​ចេញ​ពី​តំបន់​ដែល​ខ្លួន​រស់​នៅ ដើម្បី​ទៅ​បម្រើ​នៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង។ ដូច្នេះ ពួក​គេ​ហាក់​ដូច​ជា​និយាយ​ថា៖ ‹ខ្ញុំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ខ្ញុំ​ចុះ!›​តាម​គំរូ​លោក​យេស៊ូ ដែល​ជា​អ្នក​ផ្សាយ​ដ៏​ប្រសើរ​បំផុត​ដែល​ធ្លាប់​បម្រើ​នៅ​ផែនដី។ (អេសាយ ៦:៨; យ៉ូហាន ៧:២៩) ការ​រើ​ទៅ​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​ខ្លួន​ធ្លាប់​រស់​នៅ ប្រហែល​ជា​តម្រូវ​ឲ្យ​មាន​ជីវភាព​សាមញ្ញ​ជាង​មុន។ ម្យ៉ាង​ទៀត គាត់​ប្រហែល​ជា​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​វប្បធម៌ អាកាសធាតុ និងចំណី​អាហារ​នៅ​កន្លែង​ថ្មី​នោះ។ គាត់​ក៏​ប្រហែល​ជា​ត្រូវ​រៀន​ភាសា​ថ្មី​ដែរ។ សាលា​នេះ​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​ស្រី​ដែល​នៅ​លីវ និង​គូ​ប្ដី​ប្រពន្ធ ដែល​មាន​អាយុ​រវាង​២៣​ឆ្នាំ​ដល់​៦៥​ឆ្នាំ។ សាលា​នេះ​ជួយ​ពួក​គេ​ឲ្យ​បណ្ដុះ​នូវ​គុណ​សម្បត្ដិ​ជា​គ្រិស្តសាសនិក ដែល​ពួក​គេ​នឹង​ត្រូវ​ការ​ក្នុង​កិច្ច​បម្រើ​ព្រះ។ សាលា​នេះ​ក៏​ជួយ​ពួក​គេ​ឲ្យមាន​ភាព​ប៉ិនប្រសប់​ក្នុង​កិច្ច​បម្រើ​ព្រះ​ដែល​នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​ពួក​គេ​បម្រើ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​ពេញ​លេញ​ជាង​មុន។

      សាលា​គម្ពីរ​គីលាត​នៃ​សមាគម​ប៉មយាម។ ក្នុង​ភាសា​ហេប្រឺ ពាក្យ​«គីលាត»​ជាប់​ទាក់​ទង​នឹង​ពាក្យ​«សាក្សី»។ តាំង​ពី​ឆ្នាំ១៩៤៣ សាសនទូត​ជាង​៨.០០០​នាក់​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​នៅ​សាលា​គីលាត បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​«រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី» ហើយ​កិច្ច​ការ​របស់​ពួក​គេ​បាន​ទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ។ (សកម្មភាព ១៣:៤៧) ជា​ឧទាហរណ៍ ពេល​សាសនទូត​បាន​មក​ដល់​ប្រទេស​ពេរូ​ជា​លើក​ដំបូង នោះ​គ្មាន​ក្រុម​ជំនុំ​នៅ​ទី​នោះ​ទេ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ មាន​ជាង​១.០០០​ក្រុម​ជំនុំ។ ពេល​សាសនទូត​ចាប់​ផ្ដើម​បម្រើ​នៅ​ប្រទេស​ជប៉ុន នោះ​សាក្សី​ព្រះ​យេហូវ៉ា​មាន​ចំនួន​តិច​ជាង​១០​នាក់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ​វិញ មាន​សាក្សី​ច្រើន​ជាង​២០០.០០០​នាក់។ សាលា​គម្ពីរ​គីលាត​មាន​វគ្គ​សិក្សា​រយៈ​ពេល​ប្រាំ​ខែ​ដែល​សិក្សា​បណ្ដាំ​របស់​ព្រះ​យ៉ាង​ស៊ី​ជម្រៅ។ អស់​អ្នក​ដែល​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស ឬ​បម្រើ​នៅ​ការិយាល័យ​សាខា ឬ​ជា​សាសនទូត ឬ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​សាលា​នោះ។ វគ្គ​សិក្សា​នោះ​ជួយ​ពួក​គេ​ឲ្យ​ផ្សព្វ​ផ្សាយ​កាន់​តែ​ខ្លាំង និង​ពង្រឹង​កិច្ច​បម្រើ​ផ្សាយ​ទូ​ទាំង​ពិភព​លោក។

      • តើ​សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ​មាន​គោល​បំណង​អ្វី?

      • តើ​អ្នក​ណាខ្លះ​អាច​ចូល​រួម​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក