‹អាហាររបស់ខ្ញុំគឺខ្ញុំធ្វើតាមបំណងប្រាថ្នារបស់ព្រះ›
តើអ្វីធ្វើឲ្យអ្នកមានចិត្តរីករាយយ៉ាងខ្លាំង? តើលក្ខណៈមួយនៃទំនាក់ទំនងរបស់មនុស្ស ដូចជាចំណងអាពាហ៍ពិពាហ៍ ការចិញ្ចឹមអប់រំក្រុមគ្រួសារ ឬការបណ្ដុះឲ្យមានចំណងមិត្តភាព ធ្វើឲ្យអ្នកមានចិត្តរីករាយឬទេ? ការបរិភោគអាហារជាមួយអ្នកដែលជាទីស្រឡាញ់ ទំនងជាធ្វើឲ្យអ្នកមានចិត្តរីករាយ។ ប៉ុន្តែ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា ការធ្វើតាមបំណងប្រាថ្នារបស់លោក ការសិក្សាបណ្ដាំរបស់លោក ហើយការផ្សព្វផ្សាយដំណឹងល្អ នាំឲ្យយើងមានអំណរយ៉ាងខ្លាំង មែនទេ?
ក្នុងចម្រៀងសរសើរព្រះជាអ្នកបង្កើត ដាវីឌដែលជាស្តេចនៃជនជាតិអ៊ីស្រាអែលនៅសម័យបុរាណបានច្រៀងថា៖ «ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអំណរ នឹងធ្វើតាមព្រះហឫទ័យទ្រង់ អើ ក្រិត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ»។ (ទំនុក. ៤០:៨) ទោះជាគាត់មានការពិបាកនិងមានបញ្ហាក្នុងជីវិតក៏ដោយ ដាវីឌរីករាយយ៉ាងស្មោះក្នុងការធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ ក្រៅពីដាវីឌ អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាឯទៀតក៏រីករាយក្នុងការបម្រើព្រះពិតដែរ។
ដោយបញ្ជាក់ថាពាក្យនៅទំនុកតម្កើង ៤០:៨សំដៅលើមេស្ស៊ីឬគ្រិស្ត សាវ័កប៉ូលបានសរសេរថា៖ «ពេលដែលគ្រិស្ត[យេស៊ូ]មកក្នុងពិភពលោក លោកមានប្រសាសន៍ទៅព្រះថា៖ ‹«លោកមិនចង់បានគ្រឿងបូជានិងជំនូនទេ តែលោកបានរៀបចំរូបកាយមួយឲ្យខ្ញុំ។ លោកមិនបានពេញចិត្តនឹងសត្វដុតជាគ្រឿងបូជានិងគ្រឿងបូជាសម្រាប់ការខុសឆ្គងឡើយ»។ ហើយខ្ញុំក៏និយាយថា៖ «ឱព្រះអើយ មើល! ខ្ញុំមក (បទគម្ពីរចែងអំពីខ្ញុំ) ដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក»›»។—ហេ. ១០:៥-៧
កាលដែលលោកយេស៊ូនៅផែនដី លោកចូលចិត្តសង្កេតមើលអ្វីៗដែលព្រះបានបង្កើត នៅជាមួយមិត្តភក្ដិ និងបរិភោគអាហារជាមួយអ្នកឯទៀត។ (ម៉ាថ. ៦:២៦-២៩; យ៉ូន. ២:១, ២; ១២:១, ២) ប៉ុន្តែ អ្វីដែលធ្វើឲ្យលោករីករាយនិងធ្វើឲ្យលោកចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត គឺការធ្វើតាមបំណងប្រាថ្នារបស់បិតាលោកនៅស្ថានសួគ៌។ តាមពិត លោកយេស៊ូបានប្រាប់ថា៖ «អាហាររបស់ខ្ញុំ គឺខ្ញុំធ្វើតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការដែលលោកបានផ្ដល់ឲ្យ»។ (យ៉ូន. ៤:៣៤; ៦:៣៨) អ្នកកាន់តាមលោកយេស៊ូបានរៀនអាថ៌កំបាំងអំពីសុភមង្គលពិតពីលោកម្ចាស់របស់ពួកគេ។ ដោយមានអំណរយ៉ាងខ្លាំង ពួកគេស្ម័គ្រចិត្តផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះដល់អ្នកឯទៀតដោយចិត្តខ្នះខ្នែង។—លូក. ១០:១, ៨, ៩, ១៧
‹ចូរទៅបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ›
លោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកថា៖ «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ (ម៉ាថ. ២៨:១៩, ២០) ការបំពេញភារកិច្ចនេះរួមបញ្ចូលការផ្សព្វផ្សាយដល់មនុស្សនៅគ្រប់កន្លែង ការត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ និងការសិក្សាគម្ពីរជាមួយបុគ្គលទាំងនេះ។ ការបំពេញកិច្ចការនេះអាចនាំឲ្យយើងមានចិត្តរីករាយជាខ្លាំង។
សេចក្ដីស្រឡាញ់ជំរុញយើងឲ្យបន្តផ្សព្វផ្សាយទោះជាយើងជួបប្រទះនឹងភាពព្រងើយកន្តើយក៏ដោយ
ទោះជាមនុស្សចាប់អារម្មណ៍នឹងដំណឹងដែលយើងផ្សាយឬមិនចាប់អារម្មណ៍ក៏ដោយ ទស្សនៈរបស់យើងគឺសំខាន់ដើម្បីឲ្យយើងមានចិត្តរីករាយក្នុងកិច្ចបម្រើផ្សាយ។ ហេតុអ្វីយើងបន្តផ្សព្វផ្សាយដំណឹងល្អទោះជាយើងជួបប្រទះនឹងមនុស្សខ្លះដែលមិនចាប់អារម្មណ៍ឬព្រងើយកន្តើយក្ដី? គឺពីព្រោះយើងទទួលស្គាល់ថាការរួមចំណែកក្នុងកិច្ចផ្សព្វផ្សាយអំពីរាជាណាចក្រ និងការបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូ គឺជាកិច្ចការដែលបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះនិងចំពោះអ្នកជិតខាង។ តាមពិត កិច្ចការនេះជាប់ទាក់ទងនឹងជីវិតរបស់យើងនិងអ្នកជិតខាងរបស់យើងផងដែរ។ (អេស. ៣:១៧-២១; ១ធី. ៤:១៦) សូមឲ្យយើងពិចារណាចំណុចខ្លះដែលបានជួយបងប្អូនរួមការងារនេះជាមួយយើងឲ្យរក្សាចិត្តខ្នះខ្នែង ឬមានចិត្តខ្នះខ្នែងឡើងវិញចំពោះកិច្ចបម្រើផ្សាយនៅតំបន់ដែលពិបាកផ្សព្វផ្សាយ។
ចូរប្រើគ្រប់ឱកាស
ក្នុងកិច្ចបម្រើផ្សាយរបស់យើង ការប្រើសំណួរសមរម្យច្រើនតែនាំឲ្យមានលទ្ធផលល្អ។ នៅព្រឹកមួយ បងស្រីម្នាក់ឈ្មោះអាម៉ាលយ៉ាបានឃើញបុរសម្នាក់កំពុងអានកាសែតនៅឧទ្យានមួយ។ នាងបានទៅជួបគាត់ហើយសួរថាតើគាត់បានអានដំណឹងណាដែលល្អទេ? កាលដែលគាត់តបឆ្លើយថាទេ បងអាម៉ាលយ៉ាបាននិយាយថា៖ «ខ្ញុំមកផ្សាយដំណឹងល្អអំពីរាជាណាក្រព្រះ»។ នេះបានធ្វើឲ្យបងប្រុសនោះចាប់អារម្មណ៍ ហើយគាត់បានព្រមសិក្សាគម្ពីរ។ បងអាម៉ាលយ៉ាបានចាប់ផ្ដើមការសិក្សាគម្ពីរបីនៅឧទ្យាននោះ។
បងចានអ៊ិសបានប្រើកន្លែងធ្វើការរបស់គាត់ដើម្បីផ្សព្វផ្សាយ។ កាលដែលអ្នកយាមម្នាក់និងអ្នករួមការងារជាមួយអ្នកយាមនោះ បានបង្ហាញចំណាប់អារម្មណ៍ចំពោះអត្ថបទមួយក្នុងទស្សនាវដ្ដីប៉មយាម បងចានអ៊ិសបានស្នើសុំយកទស្សនាវដ្ដីរបស់យើងជាទៀងទាត់ឲ្យពួកគេ។ បងចានអ៊ិសបានធ្វើដូច្នេះចំពោះបុរសម្នាក់ដែលធ្វើការជាមួយគាត់ដែរ ដែលកោតស្ងើចចំពោះប្រធានបទផ្សេងៗក្នុងទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដីភ្ញាក់រឭក! (Awake!)។ នេះបាននាំឲ្យស្ត្រីម្នាក់ទៀតនៅកន្លែងធ្វើការសុំទទួលទស្សនាវដ្ដីរបស់យើង។ បងចានអ៊ិសនិយាយថា៖ «នេះពិតជាពរពីព្រះយេហូវ៉ាមែន!»។ នៅទីបំផុតនៅកន្លែងធ្វើការ គាត់មានមនុស្ស១១នាក់ដែលទទួលទស្សនាវដ្ដីរបស់យើង។
ចូរយកចិត្តទុកដាក់
អ្នកធ្វើដំណើរត្រួតពិនិត្យម្នាក់ បានផ្ដល់ឱវាទថា ពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ អ្នកផ្សាយមិនគួរបញ្ចប់ការសន្ទនាជាមួយម្ចាស់ផ្ទះដោយនិយាយថាពួកគេនឹងមកវិញនៅថ្ងៃក្រោយទេ។ ផ្ទុយទៅវិញ ពួកគេអាចសួរម្ចាស់ផ្ទះនោះថា៖ «តើបងចង់ឲ្យខ្ញុំបង្ហាញរបៀបដែលយើងសិក្សាគម្ពីរឬទេ?» ឬ«តើថ្ងៃណានិងម៉ោងណាដែលបងចង់ឲ្យខ្ញុំមកវិញដើម្បីបន្តការសន្ទនារបស់យើង?»។ ដោយប្រើរបៀបនិយាយបែបនេះ អ្នកធ្វើដំណើរត្រួតពិនិត្យបានរាយការណ៍ថា បងប្អូនពីក្រុមជំនុំមួយដែលគាត់បានបម្រើបានចាប់ផ្ដើមការសិក្សាគម្ពីរ៤៤ ក្នុងមួយសប្ដាហ៍។
ការត្រឡប់ទៅជួបយ៉ាងឆាប់ សូម្បីតែក្នុងប៉ុន្មានថ្ងៃក្រោយពីយើងបានជួបគេដំបូង អាចមានប្រសិទ្ធភាព។ ហេតុអ្វី? ពីព្រោះការធ្វើដូច្នេះបង្ហាញថាយើងពិតជាចង់ជួយបុគ្គលដែលមានចិត្តស្មោះឲ្យយល់គម្ពីរ។ ពេលគេសួរបងស្រីម្នាក់អំពីមូលហេតុដែលគាត់បានចាប់ផ្ដើមសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា គាត់បានឆ្លើយថា៖ «ខ្ញុំចាប់ផ្ដើមរៀនដោយសារពួកគេបានយកចិត្តទុកដាក់យ៉ាងស្មោះ ហើយបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះខ្ញុំ»។
អ្នកអាចសួរម្ចាស់ផ្ទះថា៖ «តើបងចង់ឲ្យខ្ញុំបង្ហាញរបៀបដែលយើងសិក្សាគម្ពីរឬទេ?»
មិនយូរក្រោយពីបងស្រីឈ្មោះម៉ាដាអ៊ីបានចូលសាលាសម្រាប់អ្នកត្រួសត្រាយ គាត់បានដឹកនាំការសិក្សាគម្ពីរ១៥ ហើយគាត់បានឲ្យការសិក្សាប្រាំទៀតដល់បងប្អូនផ្សេងទៀត។ សិស្សគម្ពីររបស់គាត់ខ្លះបានចាប់ផ្ដើមចូលរួមកិច្ចប្រជុំរបស់យើងជាទៀងទាត់។ តើអ្វីបានជួយបងម៉ាដាអ៊ីចាប់ផ្ដើមការសិក្សាច្រើនដូច្នេះ? សាលាសម្រាប់អ្នកត្រួសត្រាយបានជួយគាត់ឲ្យយល់សារៈសំខាន់នៃការត្រឡប់ទៅវិញម្ដងហើយម្ដងទៀតរហូតដល់គាត់បានជួបបុគ្គលដែលបានបង្ហាញចំណាប់អារម្មណ៍នៅដើមដំបូង។ សាក្សីម្នាក់ទៀតដែលបានជួយមនុស្សជាច្រើនរៀនសេចក្ដីពិតពីគម្ពីរបាននិយាយថា៖«ខ្ញុំបានរៀនថាការព្យាយាមដើម្បីត្រឡប់ទៅជួបមនុស្ស ជាអ្វីដែលសំខាន់ដើម្បីជួយពួកអ្នកដែលចង់ស្គាល់ព្រះយេហូវ៉ា»។
ការត្រឡប់ទៅជួបយ៉ាងឆាប់បង្ហាញថាយើងពិតជាចង់ជួយបុគ្គលដែលចង់យល់គម្ពីរ
ការត្រឡប់ទៅជួបមនុស្សនិងការដឹកនាំការសិក្សាគម្ពីរតម្រូវឲ្យយើងខំប្រឹងព្យាយាម។ ប៉ុន្តែ ពរដែលយើងទទួលគឺច្រើនជាងការព្យាយាមរបស់យើងទៅទៀត។ ដោយខំប្រឹងក្នុងកិច្ចផ្សព្វផ្សាយអំពីរាជាណាចក្រ យើងអាចជួយអ្នកឯទៀត«មានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»ហើយនេះអាចនាំឲ្យពួកគេទទួលសេចក្ដីសង្គ្រោះ។ (១ធី. ២:៣, ៤) ចំពោះយើង ការខំប្រឹងក្នុងកិច្ចផ្សព្វផ្សាយអាចនាំឲ្យយើងស្កប់ចិត្ត ហើយមានចិត្តរីករាយដែលគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។