តើអ្នកធ្លាប់ខកចិត្តនឹងព្រះទេ?
យុវជនម្នាក់ឈ្មោះស៊ីដណេ ដែលមានអាយុ២៤ឆ្នាំ រស់នៅប្រទេសប្រេស៊ីលបានមានគ្រោះថ្នាក់នៅសួនទឹក។ ក្រោយពីនោះមក គាត់បានក្លាយទៅជាជនពិការ ដែលត្រូវអង្គុយនៅលើកៅអីរុញរហូត។ ហេតុនេះ គាត់បានឆ្ងល់ដោយមិនអស់ចិត្តថា៖ «ហេតុអីព្រះឲ្យរឿងនេះកើតឡើងចំពោះខ្ញុំ?»។
ពេលដែលមនុស្សរងទុក្ខវេទនាដោយសារគ្រោះថ្នាក់ ជំងឺ ឬដោយសារមានមនុស្សជាទីស្រឡាញ់ស្លាប់ ពួកគេងាយខកចិត្តនឹងព្រះណាស់។ មិនត្រឹមតែប៉ុណ្ណោះ ការរងទុក្ខដោយគ្រោះមហន្តរាយធម្មជាតិ ឬសង្គ្រាមក៏អាចធ្វើឲ្យពួកគេខកចិត្តចំពោះលោកដែរ។ ប៉ុន្តែ ការខកចិត្តបែបនេះមិនមែនជារឿងថ្មីនោះទេ។ នៅសម័យបុរាណ ធ្លាប់មានបុរសម្នាក់ឈ្មោះយ៉ូបដែលបានជួបនឹងរឿងខ្លោចផ្សាផ្ទួនៗគ្នា។ ដោយយល់ច្រឡំចំពោះព្រះ គាត់បានបន្ទោសលោកថា៖ «ឱព្រះអង្គអើយ ទូលបង្គំអំពាវនាវរកទ្រង់ តែទ្រង់មិនឆ្លើយមកទូលបង្គំសោះ ទូលបង្គំឈរឡើង តែទ្រង់គ្រាន់តែសំឡឹងមើលទូលបង្គំប៉ុណ្ណោះ ទ្រង់បានត្រឡប់ទៅជាសាហាវដល់ទូលបង្គំ ក៏បៀតបៀនទូលបង្គំ ដោយអានុភាពនៃព្រះហស្តទ្រង់»។—យ៉ូប ៣០:២០, ២១
យ៉ូបមិនបានដឹងថាទុក្ខលំបាកដែលគាត់មាននោះ មានប្រភពពីណាទេ ហើយគាត់ក៏មិនដឹងថាហេតុអ្វីបញ្ហាទាំងនោះធ្លាក់មកលើគាត់ដែរ។ គាត់ប្រហែលជាឆ្ងល់ថា ហេតុអ្វីព្រះអនុញ្ញាតឲ្យរឿងនោះកើតឡើងដល់គាត់។ ប៉ុន្តែ យើងសប្បាយណាស់ដែលគម្ពីរជួយបំភ្លឺយើងឲ្យដឹងមូលហេតុដែលរឿងបែបនោះអាចកើតឡើង ថែមទាំងជួយយើងដឹងនូវរបៀបដែលយើងគួរប្រព្រឹត្ត ពេលយើងជួបបញ្ហាទាំងនោះ។
តើព្រះមានបំណងឲ្យមនុស្សរងទុក្ខវេទនាឬ?
គម្ពីរបានរៀបរាប់អំពីព្រះប្រាប់យើងថា៖ «ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់»។ (ចោទិយកថា ៣២:៤) បើដូច្នេះមែន តើជាការសមហេតុផលទេ ដែលថាព្រះដែលប្រព្រឹត្ត«ត្រឹមត្រូវ ហើយទៀងត្រង់»ជានិច្ច មានបំណងឲ្យមនុស្សជាតិរងទុក្ខវេទនានោះ? តើលោកនឹងប្រើទុក្ខវេទនាដើម្បីដាក់ទោសមនុស្ស ឬសម្រិតសម្រាំងពួកគេឬ?
ផ្ទុយទៅវិញ គម្ពីរប្រាប់យើងថា៖ «ពេលដែលជួបទុក្ខលំបាក កុំឲ្យអ្នកណានិយាយថា៖ ‹ព្រះកំពុងល្បងលខ្ញុំ›។ ព្រោះគ្មានអ្នកណាអាចល្បងលព្រះដោយសេចក្ដីអាក្រក់ឡើយ ហើយព្រះក៏មិនល្បងលអ្នកណាដោយសេចក្ដីអាក្រក់ដែរ»។ (យ៉ាកុប ១:១៣) ការពិត គម្ពីរបង្រៀនយើងថា តាំងពីដំបូងព្រះបានឲ្យមនុស្សជាតិនូវអ្វីៗដែលល្អឥតខ្ចោះ។ លោកបានឲ្យអាដាមនិងនាងអេវ៉ាដែលជាមនុស្សជាតិដំបូងនូវទីលំនៅដ៏ស្រស់ស្អាត និងអ្វីទាំងអស់ដែលចាំបាច់ដើម្បីទ្រទ្រង់ជីវិត ថែមទាំងប្រគល់កិច្ចការដ៏គាប់ចិត្តឲ្យពួកគាត់ទៀតផង។ ព្រះបានប្រាប់ពួកគាត់ថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី»។ អាដាមនិងនាងអេវ៉ាច្បាស់ជាគ្មានហេតុខកចិត្តនឹងព្រះឡើយ។—លោកុប្បត្តិ ១:២៨
ប៉ុន្តែ ស្ថានភាពរស់នៅសព្វថ្ងៃនេះ គឺខុសពីនោះឆ្ងាយណាស់។ តាមពិត ម្ដងហើយម្ដងទៀតមនុស្សជាតិបានរងទុក្ខលំបាកច្រើនក្រៃលែង។ ដូច្នេះ ពាក្យដែលចែងក្នុងគម្ពីរគឺពិតមែន ដែលថា៖ «អ្វីៗទាំងឡាយដែលព្រះបានបង្កើតក៏ថ្ងូរនិងឈឺចាប់ជាមួយគ្នាឥតឈប់ រហូតដល់ឥឡូវនេះ»។ (រ៉ូម ៨:២២) ហេតុអ្វីមានស្ថានភាពដូច្នេះ?
ហេតុអ្វីមានទុក្ខវេទនា?
ដើម្បីយល់មូលហេតុដែលមានទុក្ខវេទនា យើងគួរពិចារណាអំពីអ្វីដែលបានកើតឡើងតាំងពីគ្រាដំបូង។ ទេវតាមួយរូបបានបះបោរប្រឆាំងព្រះ ក្រោយមកទេវតានោះបានត្រូវហៅថាមេកំណាចសាថាន។ វាបានបញ្ចុះបញ្ចូលអាដាមនិងនាងអេវ៉ាឲ្យបដិសេធការណែនាំរបស់ព្រះស្តីអំពីអ្វីដែលខុស និងអ្វីដែលត្រូវ។ តើព្រះបានណែនាំពួកគាត់យ៉ាងដូចម្ដេច? លោកបានបង្គាប់ពួកគាត់កុំឲ្យបរិភោគពី«ដើមដឹងខុសត្រូវ»។ មេកំណាចបានប្រាប់នាងអេវ៉ាថា ពួកគាត់នឹងមិនស្លាប់ទេ បើពួកគាត់មិនស្ដាប់បង្គាប់ព្រះ។ នោះជាការចោទប្រកាន់ថាព្រះជាអ្នកភូតភរ។ សាថានក៏បានចោទប្រកាន់ព្រះថា លោកបានបង្ខាំងសិទ្ធិរាស្ត្ររបស់លោក ក្នុងការសម្រេចអ្វីដែលល្អនិងអ្វីដែលអាក្រក់។ (លោកុប្បត្តិ ២:១៧; ៣:១-៦) សាថានបានអះអាងថា មនុស្សជាតិនឹងមានជីវិតប្រសើរជាង បើគ្មានការគ្រប់គ្រងពីព្រះ។ ដោយសារការចោទប្រកាន់របស់សាថាន សំណួរដ៏សំខាន់មួយបានត្រូវលើកឡើង គឺថា តើព្រះសមជាអ្នកគ្រប់គ្រងឬទេ?
មេកំណាចក៏បានចោទប្រកាន់អំពីរឿងមួយទៀតដែរ។ វាបានចោទប្រកាន់មនុស្សជាតិថា ពួកគេបម្រើព្រះដោយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ស្តីអំពីយ៉ូបដែលជាបុរសស្មោះត្រង់ មេកំណាចបាននិយាយទៅកាន់ព្រះថា៖ «តើទ្រង់មិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ នឹងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬអី? . . . ដូច្នេះ ចូរទ្រង់គ្រាន់តែលូកព្រះហស្ត ទៅពាល់របស់ផងគាត់ទាំងប៉ុន្មានចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ដ្រ»។ (យ៉ូប ១:១០, ១១) ទោះជាសាថានបានចោទប្រកាន់យ៉ូបក្ដី តែពាក្យសម្ដីនេះក៏សំដៅទៅលើមនុស្សជាតិទាំងអស់ដែរ គឺថាពួកគេបម្រើព្រះព្រោះតែចង់បានប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
តើព្រះដោះស្រាយរឿងចំណោទនោះយ៉ាងដូចម្ដេច?
តើអ្វីជាវិធីដ៏ប្រសើរបំផុតដើម្បីដោះស្រាយរឿងចំណោទដ៏សំខាន់នេះតែម្ដង និងឲ្យបានដាច់ស្រេច? ព្រះដែលមានគ្រប់ទាំងប្រាជ្ញា មានវិធីដោះស្រាយដ៏ប្រសើរបំផុត គឺវិធីមួយដែលមិនធ្វើឲ្យយើងខកចិត្តឡើយ។ (រ៉ូម ១១:៣៣) លោកបានសម្រេចចិត្តឲ្យមនុស្សជាតិគ្រប់គ្រងខ្លួនឯងអស់មួយរយៈ ហើយឲ្យពួកគេដឹងថាការគ្រប់គ្រងរបស់អ្នកណាប្រសើរជាង។
ស្ថានភាពច្របូកច្របល់នៅផែនដីសព្វថ្ងៃនេះ ជាភ័ស្តុតាងយ៉ាងច្បាស់ថាការគ្រប់គ្រងរបស់មនុស្សជាតិមានតែការបរាជ័យប៉ុណ្ណោះ។ រដ្ឋាភិបាលនានាក្នុងពិភពលោកនេះមិនគ្រាន់តែមិនអាចនាំមកនូវសន្ដិភាព សន្ដិសុខ និងសុភមង្គលដល់មនុស្សជាតិប៉ុណ្ណោះទេ តែរដ្ឋាភិបាលទាំងនោះក៏នាំឲ្យផែនដីឈានទៅដល់ការខូចខាតទាំងស្រុង។ នេះបញ្ជាក់ថាអ្វីដែលគម្ពីរចែងគឺជាការពិតមែន គឺ«ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។ (យេរេមា ១០:២៣) មានតែការគ្រប់គ្រងរបស់ព្រះប៉ុណ្ណោះ ដែលអាចនាំឲ្យមនុស្សជាតិមានសន្ដិភាព សុភមង្គល និងការចម្រុងចម្រើនជារៀងរហូត ដោយសារនោះជាគោលបំណងរបស់ព្រះ។—អេសាយ ៤៥:១៨
បើដូច្នេះ តើព្រះនឹងធ្វើឲ្យគោលបំណងរបស់លោកបានសម្រេចយ៉ាងដូចម្ដេច? លោកអ្នកប្រហែលជានៅចាំថា លោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យអធិដ្ឋានថា៖ «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:១០) មែនហើយ នៅគ្រាកំណត់ តាមរយៈរាជាណាចក្ររបស់ព្រះ លោកនឹងដកចេញដើមហេតុទាំងអស់ដែលបណ្ដាលឲ្យមានទុក្ខវេទនា។ (ដានីយ៉ែល ២:៤៤) នៅគ្រានោះ ភាពក្រីក្រ ជំងឺ និងសេចក្ដីស្លាប់នឹងកន្លងបាត់ទៅ។ ស្តីអំពីភាពក្រីក្រ គម្ពីរបញ្ជាក់ថា ព្រះ«នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រ»។ (ទំនុកតម្កើង ៧២:១២-១៤) ស្តីអំពីជំងឺ គម្ពីរសន្យាថា៖ «ពួកអ្នកដែលនៅក្នុងក្រុង គេនឹងមិនថា៖ ‹ខ្ញុំឈឺ›ទៀតឡើយ»។ (អេសាយ ៣៣:២៤) ចំណែកមនុស្សដែលបានស្លាប់ទៅហើយ ដែលនៅក្នុងការនឹកចាំរបស់ព្រះ លោកយេស៊ូបានមានប្រសាសន៍ថា៖ «នឹងមានវេលាមកដល់ ដែលអស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក នឹងឮសំឡេងរបស់លោក ហើយចេញមក»។ (យ៉ូហាន ៥:២៨, ២៩) សេចក្ដីសន្យាទាំងនេះពិតជាធ្វើឲ្យយើងកក់ក្ដៅក្នុងចិត្តមែន!
ការយកឈ្នះនឹងអារម្មណ៍ខកចិត្ត
ប្រមាណ១៧ឆ្នាំក្រោយពីស៊ីដណេដែលបានត្រូវរៀបរាប់នៅដើមអត្ថបទនេះ បានមានគ្រោះថ្នាក់ គាត់បាននិយាយថា៖ «ខ្ញុំមិនដែលបន្ទោសព្រះយេហូវ៉ាចំពោះគ្រោះថ្នាក់នោះទេ ប៉ុន្តែខ្ញុំត្រូវសារភាពថា ដំបូងខ្ញុំបានខកចិត្តនឹងលោកមែន។ មានថ្ងៃខ្លះខ្ញុំពិតជាក្រៀមក្រំចិត្តណាស់ រហូតដល់យំទៀតផង ពេលដែលខ្ញុំគិតអំពីពិការភាពរបស់ខ្ញុំ។ ប៉ុន្តែ តាមរយៈគម្ពីរ ខ្ញុំបានយល់ថាគ្រោះថ្នាក់នោះមិនមែនជាការដាក់ទណ្ឌកម្មពីព្រះទេ។ ដូចគម្ពីរចែងថា៖ ‹គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាសវិញ›។ ការអធិដ្ឋានទៅព្រះយេហូវ៉ា រួមទាំងការអានបទគម្ពីរមួយចំនួន បានជួយខ្ញុំឲ្យមានជំនឿមុតមាំទៅលើព្រះ និងជួយខ្ញុំរក្សាចិត្តគំនិតត្រឹមត្រូវឡើងវិញ»។—សាស្ដា ៩:១១; ទំនុកតម្កើង ១៤៥:១៨; កូរិនថូសទី២ ៤:៨, ៩, ១៦
ពេលយើងចងចាំជានិច្ចនូវមូលហេតុដែលព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា និងរបៀបដែលលោកនឹងបំបាត់ទុក្ខវេទនាទាំងនោះនៅពេលអនាគតឆាប់ខាងមុខនេះ ច្បាស់ជាជួយយើងឲ្យយកឈ្នះអារម្មណ៍ខកចិត្តទាំងអស់ដែលយើងប្រហែលជាមានចំពោះព្រះ។ យើងពិតជាជឿជាក់ថា ព្រះនឹងឲ្យ«រង្វាន់ដល់អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត»។ ដូច្នេះ អស់អ្នកដែលមានជំនឿទៅលើលោកនិងបុត្ររបស់លោក ប្រាកដជាមិនខកចិត្តឡើយ។—ហេប្រឺ ១១:៦; រ៉ូម ១០:១១