បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 តុលា ទំ. ៣០-៣១
  • សមាជិក​គណៈ​អភិបាល​ថ្មី​ពីរ​នាក់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សមាជិក​គណៈ​អភិបាល​ថ្មី​ពីរ​នាក់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • អត្ថបទស្រដៀងគ្នា
  • សមាជិកគណៈអភិបាលថ្មីពីរនាក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • តើគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាជាអ្នកណា?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • សមាជិកថ្មីនៃគណៈអភិបាល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • សមាជិកថ្មីម្នាក់នៃគណៈអភិបាល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 តុលា ទំ. ៣០-៣១

សមាជិក​គណៈ​អភិបាល​ថ្មី​ពីរ​នាក់

នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០២៤ មាន​ការ​ប្រកាស​ដ៏​ពិសេស​មួយ​នៅ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ថា បង​ប្រុស​ចូឌី ចាតលី និង​បង​ប្រុស​ចេកុប រឹម​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​សមាជិក​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា។ បង​ប្រុស​ទាំង​ពីរ​នាក់​នេះ​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។

បង​ចូឌី ចាតលី និង​ប្រពន្ធ​របស់​គាត់​បង​ដាម៉ារីស

បង​ចាតលី​បាន​កើត​នៅ​រដ្ឋ​មីហ្សូរី សហរដ្ឋ​អាម៉េរិក ហើយ​បាន​ធំ​ឡើង​ក្នុង​សេចក្ដី​ពិត។ ក្រុម​គ្រួសារ​របស់​គាត់​រស់​នៅ​តំបន់​ដែល​មាន​សាក្សី​ព្រះ​យេហូវ៉ា​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មាន​ឱកាស​ជួប​បង​ប្អូន​ជា​ច្រើន​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​ដែល​មក​ជួយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ទី​នោះ។ សេចក្ដី​ស្រឡាញ់​និង​សាមគ្គីភាព​របស់​បង​ប្អូន​ទាំង​នោះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​គាត់។ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​១៩៨៣។ គាត់​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ ហើយ​ក្រោយ​ពី​បញ្ចប់​វិទ្យាល័យ គាត់​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ពេញ​ពេល​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៨៩។

ពេល​បង​ចាតលី​នៅ​ក្មេង ឪពុក​ម្ដាយ​របស់​គាត់​បាន​នាំ​គាត់​និង​ប្អូន​ស្រី​របស់​គាត់​ទៅ​លេង​បេតអែល។ ការ​មក​ទស្សនា​បេតអែល​នេះ ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​តាំង​គោល​ដៅ​បម្រើ​នៅ​បេតអែល ហើយ​នោះ​គឺ​ជា​គោល​ដៅ​ដែល​ពួក​គេ​បាន​សម្រេច​នៅ​ពេល​ក្រោយ​មក។ បង​ចាតលី​បាន​ចូល​បេតអែល​វ៉លឃីល​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩០។ កិច្ច​ការ​ដំបូង​របស់​គាត់​គឺ​នៅ​ផ្នែក​បោស​សម្អាត ហើយ​ក្រោយ​មក​នៅ​ផ្នែក​ថែ​ទាំ​សុខភាព។

នៅ​ក្នុង​អំឡុង​គ្រា​នោះ មាន​ក្រុម​ជំនុំ​ភាសា​អេស្ប៉ាញ​ជា​ច្រើន​នៅ​ជិត​ៗ​នោះ​ដែល​កំពុង​រីក​ចម្រើន ហើយ​ត្រូវ​ការ​បង​ប្អូន​ប្រុស​ៗ។ ដូច្នេះ បង​ចាតលី​បាន​ចូល​រួម​ក្នុង​ក្រុម​ជំនុំ​មួយ​ក្នុង​ចំណោម​ក្រុម​ជំនុំ​នោះ ហើយ​ចាប់​ផ្ដើម​រៀន​ភាសា​អេស្ប៉ាញ។ មិន​យូរ​ក្រោយ​មក គាត់​បាន​ជួប​បង​ស្រី​ដាម៉ារីស​ដែល​ជា​អ្នក​ត្រួស​ត្រាយ​នៅ​ក្នុង​មណ្ឌល​ដូច​គ្នា។ ក្រោយ​មក ពួក​គាត់​បាន​រៀប​ការ ហើយ​បម្រើ​នៅ​បេតអែល​ជា​មួយ​គ្នា។

នៅ​ឆ្នាំ​២០០៥ ពួក​គាត់​បាន​ចាក​ចេញ​ពី​បេតអែល​ដើម្បី​ថែ​រក្សា​ឪពុក​ម្ដាយ​ដ៏​ស្មោះ​ត្រង់​របស់​ពួក​គាត់។ ក្នុង​អំឡុង​ពេល​នោះ ពួក​គាត់​បាន​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ បង​ចាតលី​បាន​បង្រៀន​នៅ​សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ ហើយ​គាត់​បាន​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ​និង​គណៈ​កម្មាធិការ​ខាង​ការ​សាង​សង់​តាម​ភូមិ​ភាគ។

នៅ​ឆ្នាំ​២០១៣ បង​ចូឌី ចាតលី និង​បង​ដាម៉ារីស ចាតលី​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​នៅ​បេតអែល​វិញ​ក្នុង​គម្រោង​សាង​សង់​នៅ​វ័រវិក។ ក្រោយ​មក ពួក​គាត់​ក៏​បម្រើ​នៅ​បេតអែល​ផាតឺសិន និង​បេតអែល​វ៉លឃីល​ដែរ។ បង​ចាតលី​បាន​បម្រើ​នៅ​ផ្នែក​រចនា​ប្លង់​និង​សាង​សង់​តាម​តំបន់ និង​ក្នុង​ក្រុម​ផ្ដល់​ព័ត៌មាន​ខាង​ពេទ្យ។ នៅ​ខែ​មីនា ឆ្នាំ​២០២៣ គាត់​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​ជំនួយ​ការ​គណៈ​កម្មាធិការ​កិច្ច​បម្រើ។ ពេល​គាត់​គិត​អំពី​ភារកិច្ច​ទាំង​អស់​របស់​គាត់ គាត់​និយាយ​ថា​៖ ​«​ពេល​ទទួល​ភារកិច្ច​ថ្មី ជួន​កាល​យើង​អាច​ភ័យ​បារម្ភ។ ប៉ុន្តែ នោះ​ជា​ឱកាស​ឲ្យ​យើង​ចាំ​ថា​យើង​ត្រូវ​ពឹង​ផ្អែក​ព្រះ​យេហូវ៉ា ដោយ​សារ​លោក​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​អាច​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​លោក​សុំ​យើង​ឲ្យ​ធ្វើ​»។

បង​ចេកុប រឹម និង​ប្រពន្ធ​របស់​គាត់​បង​អ៊ីងកា

បង​រឹម​បាន​កើត​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាម៉េរិក។ ពេល​គាត់​នៅ​ក្មេង ម្ដាយ​របស់​គាត់​អសកម្ម។ ប៉ុន្តែ ម្ដាយ​របស់​គាត់​ព្យាយាម​បង្រៀន​គាត់​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ បង​រឹម​ក៏​ទៅ​លេង​យាយ​របស់​គាត់​ជា​រៀង​រាល់​ឆ្នាំ​ដែរ។ យាយ​របស់​គាត់​គឺ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ត្រង់។ យាយ​របស់​គាត់​បាន​ជួយ​គាត់​ឲ្យ​ចង់​ដឹង​អំពី​គម្ពីរ​ថែម​ទៀត ហើយ​ពេល​គាត់​មាន​អាយុ​១៣​ឆ្នាំ គាត់​បាន​សុំ​រៀន​គម្ពីរ។ នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៩២ បង​រឹម​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ពិត​ជា​សប្បាយ​ណាស់ ម្ដាយ​របស់​គាត់​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​និង​ចូល​រួម​កិច្ច​ប្រជុំ​ម្ដង​ទៀត ហើយ​ឪពុក​របស់​គាត់​និង​បង​ប្អូន​បង្កើត​របស់​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។

ពេល​បង​រឹម​នៅ​ក្មេង គាត់​ឃើញ​ថា​អ្នក​ត្រួស​ត្រាយ​គឺ​សប្បាយ​យ៉ាង​ខ្លាំង។ ដូច្នេះ ក្រោយ​ពី​គាត់​រៀន​ចប់​វិទ្យាល័យ គាត់​ចាប់​ផ្ដើម​ត្រួស​ត្រាយ​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩៥។ នៅ​ឆ្នាំ​២០០០ គាត់​បាន​រើ​ទៅ​ប្រទេស​អេក្វាទ័រ​ដើម្បី​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ នៅ​ទី​នោះ គាត់​បាន​ជួប​បង​ស្រី​អ៊ីងកា​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពី​ប្រទេស​កាណាដា ហើយ​ក្រោយ​មក​ពួក​គាត់​បាន​រៀប​ការ។ ក្រោយ​ពី​ពួក​គាត់​បាន​រៀប​ការ ពួក​គាត់​បាន​បម្រើ​ក្នុង​ក្រុម​មួយ​ដែល​មាន​អ្នក​ផ្សាយ​តិច​តួច​នៅ​ប្រទេស​អេក្វាទ័រ។ សព្វ​ថ្ងៃ​នេះ ក្រុម​នោះ​គឺ​ជា​ក្រុម​ជំនុំ​ដ៏​រឹង​មាំ។

នៅ​ពេល​ក្រោយ​មក បង​ចេកុប រឹម និង​បង​អ៊ីងកា រឹម​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស ហើយ​ក្រោយ​មក​ទៀត ពួក​គាត់​បាន​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល។ នៅ​ឆ្នាំ​២០១១ ពួក​គាត់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​សាលា​គីលាត​ជំនាន់​ទី​១៣២។ ក្រោយ​ពី​បញ្ចប់​វគ្គ​សិក្សា ពួក​គាត់​បាន​បម្រើ​នៅ​ប្រទេស​ផ្សេង​ៗ​នៅ​ជុំ​វិញ​ពិភព​លោក ហើយ​ពួក​គាត់​សប្បាយ​ចូល​រួម​កិច្ច​បម្រើ​ផ្សេង​ៗ ដូច​ជា​បម្រើ​នៅ​បេតអែល បម្រើ​ជា​សាសនទូត និង​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល។ បង​រឹម​ក៏​មាន​ឯកសិទ្ធិ​បង្រៀន​នៅ​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ដែរ។

ដោយ​សារ​រោគ​រាត​ត្បាត​ជំងឺ​កូវីដ​-​១៩ បង​ចេកុប រឹម និង​បង​អ៊ីងកា រឹម​បាន​ត្រឡប់​ទៅ​សហរដ្ឋ​អាម៉េរិក​វិញ។ ពួក​គាត់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​នៅ​បេតអែល​វ៉លឃីល។ នៅ​ទី​នោះ បង​រឹម​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ផ្នែក​ការិយាល័យ​ខាង​កិច្ច​បម្រើ។ ក្រោយ​មក ពួក​គាត់​បាន​ត្រូវ​ចាត់​ឲ្យ​ត្រឡប់​ទៅ​ការិយាល័យ​សាខា​អេក្វាទ័រ​វិញ។ នៅ​ទី​នោះ​បង​រឹម​បាន​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា។ នៅ​ឆ្នាំ​២០២៣ ពួក​គាត់​បាន​ផ្លាស់​មក​វ័រវិក​វិញ។ នៅ​ខែ​មករា ឆ្នាំ​២០២៤ បង​រឹម​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​ជំនួយ​ការ​គណៈ​កម្មាធិការ​កិច្ច​បម្រើ។ ពេល​បង​រឹម​គិត​អំពី​កន្លែង​ដែល​គាត់​បាន​បម្រើ គាត់​និយាយ​ថា​៖ ​«​អ្វី​ដែល​ធ្វើ​ឲ្យ​ភារកិច្ច​ណា​មួយ​ទៅ​ជា​ពិសេស គឺ​មិន​មែន​ទី​កន្លែង​ទេ តែ​គឺ​មនុស្ស​ដែល​ធ្វើ​កិច្ច​ការ​ជា​មួយ​យើង​»។

យើង​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ការ​នឿយ​ហត់​របស់​បង​ប្រុស​ទាំង​នេះ ហើយ​យើង​«​រក្សា​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​បង​ប្រុស​បែប​នោះ​»។—ភី. ២:២៩

សព្វ​ថ្ងៃ​នេះ មាន​បង​ប្រុស​ដែល​បាន​ត្រូវ​រើស​តាំង​១១​នាក់​ដែល​ជា​សមាជិក​គណៈ​អភិបាល​គឺ​៖ បង​ខេណិត ឃុក; បង​ហ្គេជ ហ្វិលីកិល; បង​សាំយូអែល ហឺដ; បង​ជេហ្វ្រី ចាកសិន; បង​ចូឌី ចាតលី; បង​ស្ទីវើន ឡេត; បង​ហ្គារីត ឡឹស; បង​ចេកុប រឹម; បង​ម៉ាក សាន់ដឺសុន; បង​ដាវីឌ សិផ្លេន; និង​បង​ចេហ្វ្រី វីនឌ័រ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក