ខែមិថុនា
ថ្ងៃអាទិត្យ ទី១ ខែមិថុនា
យើងត្រូវចូលរាជាណាចក្រព្រះដោយឆ្លងកាត់ទុក្ខវេទនាជាច្រើន។—សកម្ម. ១៤:២២
ព្រះយេហូវ៉ាបានឲ្យពរគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ កាលដែលពួកគេបានសម្របខ្លួននឹងស្ថានភាពដែលបានត្រូវផ្លាស់ប្ដូរ។ ពួកគេច្រើនតែត្រូវគេបៀតបៀន ជួនកាលនោះកើតឡើងនៅពេលដែលពួកគេនឹកស្មានមិនដល់។ សូមគិតអំពីអ្វីដែលបានកើតឡើងចំពោះបាណាបាសនិងសាវ័កប៉ូល កាលដែលពួកគាត់ផ្សព្វផ្សាយនៅក្រុងលីស្ត្រា។ ដំបូង បណ្ដាជនបានស្វាគមន៍និងស្ដាប់ពួកគាត់។ ប៉ុន្តែក្រោយមក ពួកអ្នកប្រឆាំងបាន«អុជអាលបណ្ដាជន» រួចបណ្ដាជនខ្លះទាំងនោះបានគប់ប៉ូលនឹងដុំថ្ម ហើយទុកគាត់ឲ្យស្លាប់។ (សកម្ម. ១៤:១៩) ប៉ុន្តែ បាណាបាសនិងប៉ូលបានបន្តផ្សព្វផ្សាយនៅកន្លែងផ្សេង។ តើមានលទ្ធផលអ្វី? ពួកគាត់បាន«បង្រៀនមនុស្សច្រើនគួរសម» ហើយពាក្យសម្ដីនិងគំរូរបស់ពួកគាត់បានពង្រឹងកម្លាំងបងប្អូនរួមជំនឿ។ (សកម្ម. ១៤:២១, ២២) មនុស្សជាច្រើនបានទទួលប្រយោជន៍ ដោយសារបាណាបាសនិងប៉ូលមិនឈប់ផ្សព្វផ្សាយ ទោះជាពួកគាត់ត្រូវគេបៀតបៀនក្ដី។ ដរាបណាយើងមិនឈប់ព្យាមក្នុងកិច្ចការដែលព្រះយេហូវ៉ាសុំយើងឲ្យធ្វើ ដរាបនោះយើងនឹងទទួលពរ។ w២៣.០៤ ទំ.១៦-១៧ វ.១៣-១៤
ថ្ងៃច័ន្ទ ទី២ ខែមិថុនា
ឱព្រះយេហូវ៉ា សូមស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំ ហើយសូមយកចិត្តទុកដាក់ស្ដាប់ ពេលខ្ញុំអង្វរសុំលោកឲ្យជួយ។ ខ្ញុំហៅរកលោកក្នុងវេលាដែលខ្ញុំមានទុក្ខលំបាក ព្រោះលោកនឹងតបឆ្លើយមកខ្ញុំ។—ចសព. ៨៦:៦, ៧
ស្ដេចដាវីឌមានសត្រូវដ៏សាហាវឃោរឃៅជាច្រើនក្នុងជីវិតរបស់គាត់ ហើយគាត់ច្រើនតែអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា។ ដាវីឌបានជឿជាក់ថា ព្រះយេហូវ៉ាស្ដាប់និងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់គាត់។ អ្នកក៏អាចមានការជឿជាក់ដូចនេះដែរ។ គម្ពីរពង្រឹងទំនុកចិត្តយើងថា ព្រះយេហូវ៉ាអាចឲ្យយើងប្រាជ្ញានិងកម្លាំងដែលយើងត្រូវការដើម្បីស៊ូទ្រាំ។ លោកប្រហែលជាប្រើក្រុមគ្រួសាររួមជំនឿរបស់យើង ឬថែមទាំងពួកអ្នកដែលមិនទាន់ជាអ្នកគោរពប្រណិប័តន៍លោកដើម្បីជួយយើងតាមរបៀបណាមួយ។ ទោះជាព្រះយេហូវ៉ាប្រហែលជាមិនតែងតែតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើងតាមរបៀបដែលយើងនឹកស្មានក្ដី យើងដឹងថាលោកនឹងតបឆ្លើយសេចក្ដីអធិដ្ឋានទាំងនោះ។ លោកនឹងផ្ដល់អ្វីដែលយើងត្រូវការនិងនៅចំពេល។ ដូច្នេះ សូមបន្តអធិដ្ឋានដោយមានជំនឿ និងមានទំនុកចិត្តថាព្រះយេហូវ៉ានឹងថែរក្សាអ្នកនៅឥឡូវនេះ ហើយថាលោកនឹង«បំពេញបំណងប្រាថ្នារបស់ជីវិតទាំងឡាយ»ក្នុងពិភពលោកថ្មីដែលនឹងមកដល់។—ចសព. ១៤៥:១៦ w២៣.០៥ ទំ.៨ វ.៤; ទំ.១៣ វ.១៧-១៨
ថ្ងៃអង្គារ ទី៣ ខែមិថុនា
តើខ្ញុំនឹងយកអ្វីដើម្បីតបស្នងព្រះយេហូវ៉ា ចំពោះអ្វីល្អទាំងអស់ដែលលោកបានធ្វើសម្រាប់ខ្ញុំ?—ចសព. ១១៦:១២
គឺជាការល្អឲ្យផ្ដោតអារម្មណ៍ទៅលើប្រយោជន៍ដែលអ្នកទទួលពេលសម្រេចគោលដៅណាមួយ។ តើអ្នកអាចផ្ដោតអារម្មណ៍ទៅលើប្រយោជន៍អ្វីខ្លះ? បើគោលដៅរបស់អ្នកគឺធ្វើឲ្យការអានគម្ពីរនិងការអធិដ្ឋានកាន់តែល្អប្រសើរឡើង សូមគិតអំពីរបៀបដែលនោះនឹងពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយព្រះយេហូវ៉ា។ (ចសព. ១៤៥:១៨, ១៩) បើគោលដៅរបស់អ្នកគឺបណ្ដុះឲ្យមានគុណសម្បត្តិណាមួយជាគ្រិស្តសាសនិក សូមផ្ដោតអារម្មណ៍ទៅលើរបៀបដែលគុណសម្បត្តិនោះនឹងធ្វើឲ្យអ្នកមានទំនាក់ទំនងល្អជាងជាមួយអ្នកឯទៀត។ (កូឡ. ៣:១៤) អ្នកអាចធ្វើបញ្ជីអំពីមូលហេតុទាំងអស់ដែលអ្នកចង់សម្រេចគោលដៅនោះ។ សូមពិនិត្យមើលបញ្ជីនោះជាទៀងទាត់។ ម្យ៉ាងទៀត សូមចំណាយពេលជាមួយពួកអ្នកដែលនឹងជំរុញចិត្តអ្នក។ (សុភ. ១៣:២០) ប៉ុន្តែ មានថ្ងៃខ្លះដែលយើងទាំងអស់គ្នាមិនសូវមានចិត្តចង់សម្រេចគោលដៅរបស់យើង។ តើនេះមានន័យថាយើងមិនអាចខំព្យាយាមសម្រេចគោលដៅនោះឬទេ? មិនមែនទេ។ យើងនៅតែអាចខំព្យាយាមសម្រេចគោលដៅរបស់យើង ទោះជាយើងមិនមានបំណងចិត្តធ្វើដូច្នេះក៏ដោយ។ ពិតមែន នេះប្រហែលជាមិនស្រួលទេ ប៉ុន្តែយើងនឹងសប្បាយរីករាយនៅពេលដែលយើងបានសម្រេចគោលដៅនោះ។ w២៣.០៥ ទំ.២៧-២៨ វ.៥-៨
ថ្ងៃពុធ ទី៤ ខែមិថុនា
មនុស្សទទួលផលតាមតែអ្វីដែលគេសាបព្រោះ។—កាឡ. ៦:៧
ការដឹងថា យើងត្រូវទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់យើង អាចជំរុញចិត្តយើងឲ្យសារភាពការខុសឆ្គងរបស់យើង កែតម្រង់កំហុសរបស់យើង ហើយជៀសវាងពីការធ្វើខុសម្ដងទៀត។ ការប្រព្រឹត្តបែបនេះអាចជួយយើងឲ្យបន្ដនៅក្នុងការរត់ប្រណាំងឲ្យបានជីវិត។ បើអ្នកបានធ្វើការសម្រេចចិត្តមិនល្អ តើអ្នកអាចធ្វើអ្វី? សូមកុំខ្ជះខ្ជាយពេលវេលានិងកម្លាំងដើម្បីព្យាយាមបកស្រាយថាខ្លួនគឺត្រឹមត្រូវ ឬព្យាយាមបន្ទោសអ្នកឯទៀត។ ផ្ទុយទៅវិញ សូមទទួលស្គាល់កំហុសរបស់អ្នក ហើយខំអស់ពីសមត្ថភាពធ្វើអ្វីដែលអ្នកអាចធ្វើបាននៅឥឡូវនេះ។ បើអ្នកបន្ទោសខ្លួនចំពោះកំហុសដែលអ្នកបានធ្វើ សូមអធិដ្ឋានទៅព្រះយេហូវ៉ាដោយចិត្តរាបទាប សារភាពកំហុស ហើយសុំលោកអភ័យទោសឲ្យអ្នក។ (ចសព. ២៥:១១; ៥១:៣, ៤) សូមសុំទោសបុគ្គលដែលអ្នកបានធ្វើខុស ហើយបើចាំបាច់សូមសុំជំនួយពីពួកអ្នកចាស់ទុំ។ (យ៉ា. ៥:១៤, ១៥) សូមរៀនពីកំហុសរបស់អ្នក ហើយព្យាយាមជៀសវាងពីការធ្វើខុសនោះម្ដងទៀត។ កាលដែលអ្នកធ្វើដូច្នេះ អ្នកអាចប្រាកដថាព្រះយេហូវ៉ានឹងបង្ហាញសេចក្ដីអាណិតមេត្តាចំពោះអ្នក ហើយផ្ដល់ការគាំទ្រដែលអ្នកត្រូវការ។—ចសព. ១០៣:៨-១៣ w២៣.០៨ ទំ.២៨-២៩ វ.៨-៩
ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា
យេហូអាសតែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាពេញចិត្ត កាលដែលមានយេហូយ៉ាដាជាសង្ឃនៅបង្ហាត់បង្រៀនគាត់។—២បស. ១២:២
ស្ដេចយេហូអាសបានទទួលឥទ្ធិពលល្អពីយេហូយ៉ាដា។ ដូច្នេះ ពេលយេហូអាសនៅក្មេង គាត់ចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ ប៉ុន្តែ ក្រោយពីយេហូយ៉ាដាស្លាប់ទៅ ស្ដេចយេហូអាសបានស្ដាប់តាមពួកអ្នកគ្រប់គ្រងដែលក្បត់ជំនឿ។ (២ប្រ. ២៤:៤, ១៧, ១៨) ទោះជាព្រះយេហូវ៉ាឈឺចិត្តខ្លាំងក៏ដោយ លោក«បានចាត់ពួកអ្នកប្រកាសទំនាយ . . . ម្ដងហើយម្ដងទៀត ដើម្បីឲ្យពួកគេត្រឡប់មករកលោកវិញ។ ប៉ុន្តែ បណ្ដាជនមិនព្រមស្ដាប់តាម»ទេ។ ពួកគេថែមទាំងមិនបានស្ដាប់សាការីជាកូនប្រុសយេហូយ៉ាដា ដែលមិនគ្រាន់តែជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ានិងជាសង្ឃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជីដូនមួយរបស់យេហូអាសដែរ។ ស្ដេចយេហូអាសថែមទាំងបានឲ្យគេសម្លាប់សាការីទៀតផង។ (២ប្រ. ២២:១១; ២៤:១៩-២២) យេហូអាសមិនបានរក្សាការកោតខ្លាចចំពោះព្រះយេហូវ៉ាទេ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «អ្នកដែលប្រមាថមើលងាយខ្ញុំ ខ្ញុំនឹងចាត់ទុកអ្នកនោះថាគ្មានតម្លៃ»។ (១សាំ. ២:៣០) ក្រោយមក កងទ័ពដែលមានចំនួនតិចរបស់ស៊ីរីបានឈ្នះលើទ័ពរបស់យេហូអាស«ដែលមានចំនួនយ៉ាងច្រើន» ហើយគាត់បានរង«របួសជាទម្ងន់»។ (២ប្រ. ២៤:២៤, ២៥) ពួកអ្នកបម្រើរបស់យេហូអាសបានសម្លាប់គាត់ ដោយសារគាត់បានសម្លាប់សាការី។ w២៣.០៦ ទំ.១៨-១៩ វ.១៦-១៧
ថ្ងៃសុក្រ ទី៦ ខែមិថុនា
អ្នករាល់គ្នាធ្លាប់ជាភាពងងឹត តែឥឡូវជាពន្លឺវិញ។—អេភ. ៥:៨
សាវ័កប៉ូលបានចំណាយពេលអស់មួយរយៈនៅក្រុងអេភេសូរដើម្បីផ្សព្វផ្សាយនិងបង្រៀនដំណឹងល្អ។ (សកម្ម. ១៩:១, ៨-១០; ២០:២០, ២១) គាត់ស្រឡាញ់បងប្អូនខ្លាំងណាស់ ហើយចង់ជួយពួកគេឲ្យរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ បងប្អូននៅក្រុងអេភេសូរដែលបានទទួលសំបុត្រពីប៉ូល ធ្លាប់កាន់តាមជំនឿសាសនាមិនពិត ហើយជឿទៅលើវេទមន្ត។ ក្រុងអេភេសូរល្បីខាងអំពើប្រាសចាកសីលធម៌ដ៏ស្មោកគ្រោកនិងការប្រព្រឹត្តដោយឥតកោតក្រែង។ ការសម្ដែងនៅមហោស្រពនិងកម្មវិធីសាសនារបស់ពួកគេច្រើនតែប្រើពាក្យអាសអាភាស។ (អេភ. ៥:៣) អ្នកក្រុងអេភេសូរជាច្រើននាក់«លែងស្គាល់ល្អស្គាល់អាក្រក់» ដែលមានន័យត្រង់ថា«លែងដឹងឈឺ»។ (អេភ. ៤:១៧-១៩) មុនអ្នកក្រុងអេភេសូររៀនអំពីអ្វីដែលពិតជាត្រឹមត្រូវឬអ្វីដែលពិតជាខុស សមត្ថភាពវិនិច្ឆ័យរបស់ពួកគេមិនធ្វើទុក្ខពួកគេឡើយ។ ដូច្នេះ ប៉ូលអាចរៀបរាប់អំពីពួកគេថា៖ «គំនិតរបស់ពួកគេងងឹតងងល់ ហើយនៅដាច់ពីជីវិតដែលមកពីព្រះ»។ ក៏ប៉ុន្តែ អ្នកខ្លះនៅក្រុងអេភេសូរបានចាកចេញពីភាពងងឹត។ w២៤.០៣ ទំ.២០ វ.២, ៤; ទំ.២១ វ.៥-៦
ថ្ងៃសៅរ៍ ទី៧ ខែមិថុនា
អស់អ្នកដែលសង្ឃឹមលើព្រះយេហូវ៉ា នឹងទទួលកម្លាំងឡើងវិញ។ . . . ពួកគេនឹង . . . មិនចេះអស់កម្លាំង។—អេ. ៤០:៣១
គេឌានត្រូវធ្វើការនឿយហត់ដើម្បីបម្រើជាអ្នកសម្រេចក្ដី។ ពេលពួកម៉ាឌានបានរត់គេចខ្លួនក្នុងអំឡុងពេលចម្បាំងនៅពេលយប់ គេឌានបានដេញតាមពួកគេពីជ្រលងភ្នំយេសរៀលរហូតដល់ទន្លេយ៉ូដាន់។ (អសក. ៧:២២) តើគេឌានបានឈប់នៅទន្លេយ៉ូដាន់ឬទេ? មិនមែនទេ! ទោះជាអស់កម្លាំងក្ដី គាត់និងពួកបុរសរបស់គាត់៣០០នាក់បានឆ្លងទន្លេនោះ ហើយបន្ដដេញតាមរហូតដល់ចាប់ពួកម៉ាឌានបាន។ ទីបំផុត គេឌាននិងពួកបុរសរបស់គាត់បានវាយឈ្នះពួកគេ។ (អសក. ៨:៤-១២) គេឌានបានទុកចិត្តថាព្រះយេហូវ៉ានឹងផ្ដល់កម្លាំងឲ្យគាត់ ហើយគាត់មិនបានខកចិត្តទេ។ (អសក. ៦:១៤, ៣៤) គេឌាននិងពួកបុរសរបស់គាត់រត់ដេញតាមស្ដេចម៉ាឌានពីររូបដែលប្រហែលជាជិះអូដ្ឋ។ (អសក. ៨:១២, ២១) ប៉ុន្តែ ដោយមានជំនួយពីព្រះ ជនជាតិអ៊ីស្រាអែលចាប់ពួកគេបាន ហើយច្បាំងឈ្នះ។ ពួកអ្នកចាស់ទុំក៏អាចពឹងផ្អែកលើព្រះយេហូវ៉ាជាបុគ្គលដែល«មិនដែលអស់កម្លាំងឬល្វើយទេ»។ លោកនឹងផ្ដល់កម្លាំងឲ្យពួកគេពេលដែលពួកគេត្រូវការ។—អេ. ៤០:២៨, ២៩ w២៣.០៦ ទំ.៦ វ.១៤; ទំ.៧ វ.១៦
ថ្ងៃអាទិត្យ ទី៨ ខែមិថុនា
ព្រះយេហូវ៉ា . . . មិនទុកអ្នករាល់គ្នាចោលទេ ហើយក៏មិនបោះបង់អ្នករាល់គ្នាដែរ។—បច. ៣១:៦
យើងអាចមានចិត្តរឹងប៉ឹង ទោះជាយើងជួបទុក្ខលំបាកណាក៏ដោយ។ ដូច្នេះ ចូរទុកចិត្តទៅលើព្រះយេហូវ៉ា។ សូមគិតអំពីរបៀបដែលបារ៉ាក់បានទទួលជោគជ័យ ដោយសារគាត់បានទុកចិត្តទៅលើការណែនាំពីព្រះយេហូវ៉ា។ ទោះជាពុំឃើញមានខែលឬលំពែងណាមួយនៅក្នុងស្រុកក្ដី ព្រះយេហូវ៉ាបានបង្គាប់គាត់ឲ្យទៅប្រយុទ្ធនឹងកងទ័ពដែលមានអាវុធជាច្រើនរបស់មេទ័ពស៊ីសេរ៉ាដែលជាជនជាតិកាណាន។ (អសក. ៥:៨) អ្នកប្រកាសទំនាយដេបូរ៉ាបានប្រាប់បារ៉ាក់ឲ្យចុះពីភ្នំទៅដីរាបស្មើដើម្បីប្រយុទ្ធនឹងស៊ីសេរ៉ានិងរទេះចម្បាំងចំនួន៩០០របស់គាត់។ ទោះជាពិបាកឲ្យជនជាតិអ៊ីស្រាអែលប្រយុទ្ធនឹងរទេះចម្បាំងដ៏លឿនទាំងនោះនៅលើដីរាបស្មើក្ដី បារ៉ាក់បានស្ដាប់បង្គាប់។ កាលដែលពួកទាហានបានចុះពីភ្នំថេបោ ព្រះយេហូវ៉ាបានបង្អុរភ្លៀងមក។ នេះបានធ្វើឲ្យរទេះចម្បាំងរបស់ស៊ីសេរ៉ាផុងជាប់ក្នុងភក់ ហើយព្រះយេហូវ៉ាបានឲ្យបារ៉ាក់ទទួលជ័យជម្នះ។ (អសក. ៤:១-៧, ១០, ១៣-១៦) ស្រដៀងគ្នាដែរ ព្រះយេហូវ៉ានឹងឲ្យយើងទទួលជ័យជម្នះបានដែរបើយើងទុកចិត្តទៅលើលោកនិងការណែនាំដែលលោកផ្ដល់ឲ្យតាមរយៈអង្គការលោក។ w២៣.០៧ ទំ.១៩ វ.១៧-១៨
ថ្ងៃច័ន្ទ ទី៩ ខែមិថុនា
អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវសង្គ្រោះ។—ម៉ាថ. ២៤:១៣
ចិត្តអត់ធ្មត់គឺសំខាន់ចាំបាច់ដើម្បីទទួលសេចក្ដីសង្គ្រោះ។ ដូចអ្នកបម្រើដ៏ស្មោះត្រង់នៅអតីតកាល យើងត្រូវរង់ចាំដោយចិត្តអត់ធ្មត់ឲ្យព្រះសម្រេចសេចក្ដីសន្យារបស់លោក។ (ហេ. ៦:១១, ១២) គម្ពីរប្រដូចស្ថានភាពរបស់យើងទៅនឹងស្ថានភាពរបស់កសិករ។ (យ៉ា. ៥:៧, ៨) កសិករខំប្រឹងដាំដុះនិងស្រោចដំណាំរបស់គាត់ ប៉ុន្តែគាត់មិនដឹងច្បាស់ថាពេលណាដំណាំនោះនឹងដុះឡើងទេ។ ដូច្នេះ កសិកររង់ចាំយ៉ាងអត់ធ្មត់ ដោយទុកចិត្តថាគាត់នឹងទទួលផល។ ស្រដៀងគ្នាដែរ យើងបន្តជាប់រវល់ក្នុងសកម្មភាពខាងការគោរពប្រណិប័តន៍ព្រះ ទោះជាយើង«មិនដឹងថាលោកម្ចាស់របស់[យើង]នឹងមកវិញនៅថ្ងៃណា»ក៏ដោយ។ (ម៉ាថ. ២៤:៤២) យើងរង់ចាំដោយចិត្តអត់ធ្មត់ ហើយមានទំនុកចិត្តថានៅពេលត្រឹមត្រូវ ព្រះយេហូវ៉ានឹងសម្រេចសេចក្ដីសន្យាទាំងអស់របស់លោក។ បើយើងមិនមានចិត្តអត់ធ្មត់ទេ យើងប្រហែលជានឹងធុញទ្រាន់នឹងការរង់ចាំ ហើយចាប់ផ្ដើមរសាត់ចេញពីសេចក្ដីពិត។ យើងក៏ប្រហែលជានឹងចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងគិតថានឹងធ្វើឲ្យយើងសប្បាយនៅឥឡូវនេះ។ ប៉ុន្តែបើយើងមានចិត្តអត់ធ្មត់ យើងអាចស៊ូទ្រាំរហូតដល់ទីបញ្ចប់ ហើយទទួលសេចក្ដីសង្គ្រោះ។—មីកា ៧:៧ w២៣.០៨ ទំ.២២ វ.៧
ថ្ងៃអង្គារ ទី១០ ខែមិថុនា
ប្រអប់ជើងមានធាតុដែកលាយដីឥដ្ឋ។—ដាន. ២:៤២
ដោយប្រៀបធៀបទំនាយនៅដានីយ៉ែល ២:៤១-៤៣ទៅនឹងទំនាយផ្សេងទៀតក្នុងសៀវភៅដានីយ៉ែលនិងសៀវភៅការបើកបង្ហាញ យើងអាចសន្និដ្ឋានថាប្រអប់ជើងនោះជាតំណាងអង់គ្លេសនិងអាម៉េរិកដែលរួមដៃគ្នា ពោលគឺមហាអំណាចពិភពលោកនៅសព្វថ្ងៃនេះ។ ស្ដីអំពីមហាអំណាចនេះ ដានីយ៉ែលនិយាយថា៖ «រាជាណាចក្រនោះមានផ្នែកខ្លាំង ហើយមានផ្នែកខ្សោយ»។ ហេតុអ្វីមានផ្នែកខ្សោយ? ដោយសារមនុស្សសាមញ្ញធម្មតាដែលបានត្រូវតំណាងដោយដីឥដ្ឋ ធ្វើឲ្យមហាអំណាចនេះពិបាកបញ្ចេញកម្លាំងដែលប្រៀបដូចជាដែក។ យើងរៀនសេចក្ដីពិតដ៏សំខាន់ពីរូបធំសម្បើមដែលដានីយ៉ែលបានរៀបរាប់។ ទី១ មហាអំណាចអង់គ្លេសអាម៉េរិកបានបង្ហាញអំពីភាពខ្លាំងរបស់វាតាមរបៀបមួយចំនួន។ ជាឧទាហរណ៍ មហាអំណាចនោះមានតួនាទីសំខាន់ក្នុងការទទួលជ័យជម្នះក្នុងសង្គ្រាមលោកលើកទី១និងសង្គ្រាមលោកលើកទី២។ ប៉ុន្តែ មហាអំណាចនោះបានចុះខ្សោយ ហើយនឹងបន្តចុះខ្សោយដោយសារប្រជាពលរដ្ឋនៃមហាអំណាចនេះប្រយុទ្ធប្រឆាំងនឹងគ្នាទៅវិញទៅមក ហើយប្រឆាំងនឹងរដ្ឋាភិបាល។ ទី២ មហាអំណាចអង់គ្លេសអាម៉េរិកនឹងជាមហាអំណាចចុងក្រោយដែលគ្រប់គ្រងមុនរាជាណាចក្រព្រះបំផ្លាញរាជាណាចក្រទាំងអស់របស់មនុស្ស។ w២៣.០៨ ទំ.១០-១១ វ.១២-១៣
ថ្ងៃពុធ ទី១១ ខែមិថុនា
ពេលមានទុក្ខលំបាកនោះ ខ្ញុំបានស្រែករកព្រះយេហូវ៉ា ខ្ញុំហៅរកព្រះរបស់ខ្ញុំជានិច្ច។ សម្រែករបស់ខ្ញុំបានឮទៅដល់វិហាររបស់លោក។—ចសព. ១៨:៦
ជួនកាលដាវីឌតានតឹងចិត្ត ដោយសារបញ្ហានិងទុក្ខលំបាកទាំងអស់ដែលគាត់ជួបប្រទះ។ (ចសព. ១៨:៤, ៥) ប៉ុន្តែ សេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ដ៏កក់ក្ដៅពីព្រះយេហូវ៉ាធ្វើឲ្យគាត់មានកម្លាំងចិត្តឡើងវិញ។ ព្រះយេហូវ៉ានាំមិត្តដ៏ល្វើយនេះទៅឯ«វាលស្មៅខៀវខ្ចី»និង«ទៅសម្រាកនៅកន្លែងមានទឹកបរិបូរ»។ ជាលទ្ធផល ដាវីឌទទួលកម្លាំងឡើងវិញ ហើយអាចបន្តទៅមុខទៀតបាន។ (ចសព. ១៨:២៨-៣២; ២៣:២) សព្វថ្ងៃនេះក៏ស្រដៀងគ្នាដែរ «ដោយសារព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ ទើបបានជាយើងមិនវិនាសសូន្យបាត់»ពេលជួបទុក្ខលំបាកនិងការពិបាកក្នុងជីវិត។ (បទំ. ៣:២២; កូឡ. ១:១១) ជីវិតរបស់ដាវីឌច្រើនតែស្ថិតក្នុងគ្រោះថ្នាក់ ហើយគាត់មានសត្រូវដ៏ខ្លាំងក្លាជាច្រើន។ ក៏ប៉ុន្តែ សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះគាត់បានជួយគាត់ឲ្យមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាពនិងទទួលការការពារ។ ដាវីឌដឹងថាព្រះយេហូវ៉ានៅជាមួយគាត់ក្នុងគ្រប់ស្ថានភាព ហើយនោះពង្រឹងទំនុកចិត្តរបស់គាត់។ យ៉ាងនេះ គាត់អាចច្រៀងថា៖ «[ព្រះយេហូវ៉ា]ជួយខ្ញុំមិនឲ្យភ័យខ្លាចអ្វីទាំងអស់»។ (ចសព. ៣៤:៤) ទោះជាពេលខ្លះដាវីឌភ័យខ្លាចយ៉ាងខ្លាំងក្ដី គាត់អាចយកឈ្នះការភ័យខ្លាចរបស់គាត់ ដោយសារគាត់ដឹងថាព្រះយេហូវ៉ាស្រឡាញ់គាត់។ w២៤.០១ ទំ.៣០ វ.១៥-១៧
ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា
បើអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងព្យាយាមល្បួងលួងលោមកូន កុំព្រមតាមពួកគេឲ្យសោះ។—សុភ. ១:១០
ចូរទាញមេរៀនពីការសម្រេចចិត្តមិនល្អរបស់យេហូអាស។ ក្រោយពីសម្ដេចសង្ឃយេហូយ៉ាដាបានស្លាប់ យេហូអាសបានជ្រើសរើសមិត្តភក្តិមិនល្អ។ (២ប្រ. ២៤:១៧, ១៨) គាត់បានសម្រេចចិត្តស្ដាប់តាមយោបល់របស់ពួកអ្នកគ្រប់គ្រងនៅស្រុកយូដាដែលមិនស្រឡាញ់ព្រះយេហូវ៉ា។ ប្អូនទំនងជាយល់ស្របថាយេហូអាសគួរជៀសវាងពីពួកគេ ដោយសារពួកគេធ្វើអ្វីដែលខុស។ ផ្ទុយទៅវិញ គាត់បានស្ដាប់តាមយោបល់មិនល្អរបស់ពួកគេ។ តាមពិត ពេលសាការីដែលជាបងប្អូនជីដូនមួយរបស់យេហូអាសបានព្យាយាមកែតម្រង់យេហូអាស យេហូអាសបានឲ្យគេសម្លាប់គាត់។ (២ប្រ. ២៤:២០, ២១; ម៉ាថ. ២៣:៣៥) នេះពិតជាអាក្រក់និងល្ងង់ខ្លៅមែន! យេហូអាសជាបុគ្គលល្អពេលនៅក្មេង ប៉ុន្តែគួរឲ្យស្ដាយ ក្រោយមកគាត់បានទៅជាអ្នកក្បត់ជំនឿនិងឃាតករ។ នៅទីបំផុត ពួកអ្នកបម្រើរបស់គាត់បានសម្លាប់គាត់។ (២ប្រ. ២៤:២២-២៥) ជីវិតរបស់គាត់នឹងខុសគ្នាឆ្ងាយណាស់ បើគាត់បន្ដស្ដាប់ព្រះយេហូវ៉ានិងពួកអ្នកដែលស្រឡាញ់លោក! w២៣.០៩ ទំ.៩ វ.៦
ថ្ងៃសុក្រ ទី១៣ ខែមិថុនា
កុំខ្លាចឡើយ។—លូក. ៥:១០
លោកយេស៊ូដឹងថាសាវ័កពេត្រុសអាចរក្សាភាពស្មោះត្រង់។ ដូច្នេះ លោកបានប្រាប់ពេត្រុសដោយចិត្តសប្បុរសថា៖ «កុំខ្លាចឡើយ»។ ទំនុកចិត្តរបស់លោកយេស៊ូទៅលើពេត្រុសបានជះឥទ្ធិពលយូរអង្វែងទៅលើគាត់។ ពេត្រុសនិងប្អូនប្រុសរបស់គាត់អនទ្រេបានបោះបង់មុខរបរនេសាទរបស់ពួកគាត់នៅពេលក្រោយមក ហើយទៅជាអ្នកកាន់តាមពេញពេលរបស់មេស្ស៊ី ជាការសម្រេចចិត្តមួយដែលនាំឲ្យទទួលពរដ៏អស្ចារ្យ។ (ម៉ាក. ១:១៦-១៨) ពេត្រុសមានបទពិសោធន៍ដ៏អស្ចារ្យជាច្រើនក្នុងនាមជាអ្នកកាន់តាមលោកយេស៊ូ។ គាត់បានឃើញលោកយេស៊ូធ្វើឲ្យមនុស្សឈឺជាសះស្បើយ បណ្ដេញពួកវិញ្ញាណកំណាច ហើយថែមទាំងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (ម៉ាថ. ៨:១៤-១៧; ម៉ាក. ៥:៣៧, ៤១, ៤២) ពេត្រុសក៏បានឃើញក្នុងគំនិតនូវសេរីរុងរឿងរបស់លោកយេស៊ូនៅថ្ងៃអនាគតក្នុងរាជាណាចក្រ ហើយនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើគាត់។ (ម៉ាក. ៩:១-៨; ២ពេ. ១:១៦-១៨) ពេត្រុសបានឃើញអ្វីៗដែលគាត់នឹកស្មានមិនដល់។ គាត់ច្បាស់ជាសប្បាយចិត្តខ្លាំងណាស់ដែលគាត់បានយកឈ្នះអារម្មណ៍អវិជ្ជមានរបស់គាត់ចំពោះខ្លួនឯង ហើយទទួលពរទាំងអស់នេះ។ w២៣.០៩ ទំ.២១ វ.៤-៥
ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា
លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកថា មិនមែនរហូតដល់៧ដងទេ តែរហូតដល់៧៧ដង»។—ម៉ាថ. ១៨:២២
ក្នុងសំបុត្រទី១របស់សាវ័កពេត្រុស គាត់បាននិយាយថាការស្រឡាញ់គ្នាឲ្យខ្លាំងនឹងជួយយើងឲ្យអភ័យទោស មិនគ្រាន់តែចំពោះការខុសឆ្គងខ្លះប៉ុណ្ណោះទេ ប៉ុន្តែចំពោះ«ការខុសឆ្គងជាច្រើន»វិញ។ (១ពេ. ៤:៨) ពេត្រុសប្រហែលជានឹកចាំមេរៀនអំពីការអភ័យទោសដែលលោកយេស៊ូបានបង្រៀនគាត់ច្រើនឆ្នាំមុន។ នៅពេលនោះ ពេត្រុសទំនងជាគិតថាគាត់ល្អគ្រប់គ្រាន់ហើយ ដែលគាត់នឹងអភ័យទោសឲ្យបងប្អូនរបស់គាត់«រហូតដល់៧ដង»។ ប៉ុន្តែ លោកយេស៊ូបានបង្រៀនគាត់និងយើងឲ្យអភ័យទោស«រហូតដល់៧៧ដង» ពោលគឺគ្មានកំណត់ទេ។ (ម៉ាថ. ១៨:២១) បើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកពិបាកធ្វើតាមយោបល់នេះ សូមកុំធ្លាក់ទឹកចិត្តឡើយ! ជួនកាល អ្នកបម្រើមិនល្អឥតខ្ចោះទាំងអស់របស់ព្រះយេហូវ៉ាពិបាកអភ័យទោសឲ្យអ្នកឯទៀត។ ប៉ុន្តែអ្វីសំខាន់នៅឥឡូវនេះគឺ ធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីអភ័យទោសឲ្យបងប្អូន ហើយធ្វើឲ្យមានសន្តិភាពជាមួយគាត់។ w២៣.០៩ ទំ.២៩ វ.១២
ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា
ខ្ញុំហៅរកព្រះយេហូវ៉ា . . . ហើយលោកឆ្លើយតបមកខ្ញុំ។—យ៉ូណ. ២:២
ពេលយ៉ូណាសនៅក្នុងពោះត្រី គាត់ជឿជាក់ថាព្រះយេហូវ៉ានឹងស្ដាប់សេចក្ដីអធិដ្ឋានដ៏រាបទាបរបស់គាត់ដែលបានបង្ហាញថាគាត់ប្រែចិត្តហើយក៏ជឿជាក់ថាព្រះយេហូវ៉ានឹងជួយគាត់។ ព្រះយេហូវ៉ាបានសង្គ្រោះយ៉ូណាស ហើយក្រោយមកគាត់ត្រៀមខ្លួនដើម្បីធ្វើកិច្ចការដែលព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យធ្វើ។ (យ៉ូណ. ២:១០–៣:៤) ក្នុងអំឡុងពេលជួបទុក្ខលំបាក តើអ្នកធ្លាប់ខ្វល់ខ្វាយខ្លាំងពេករហូតដល់ពិបាកអធិដ្ឋានឬទេ? ឬតើអ្នកអស់កម្លាំងពេករហូតដល់ពិបាកសិក្សា? សូមចាំថាព្រះយេហូវ៉ាយល់ច្បាស់អំពីស្ថានភាពរបស់អ្នក។ ដូច្នេះ សូម្បីតែពេលអ្នកអធិដ្ឋានខ្លីៗ ក៏អ្នកអាចប្រាកដថាលោកនឹងផ្ដល់អ្វីដែលអ្នកត្រូវការ។ (អេភ. ៣:២០) បើអ្នកពិបាកអាននិងសិក្សាដោយសារអ្នកឈឺ អស់កម្លាំង ឬខ្វល់ចិត្តជាខ្លាំង អ្នកអាចស្ដាប់អំណានគម្ពីរឬសៀវភៅណាមួយរបស់យើងជាឯកសារសំឡេង។ អ្នកក៏អាចស្ដាប់ចម្រៀងរបស់យើង ឬមើលវីដេអូណាមួយនៅគេហទំព័រjw.org។ ព្រះយេហូវ៉ាចង់ធ្វើឲ្យអ្នកខ្លាំងក្លា ហើយលោកនឹងធ្វើដូច្នេះពេលអ្នកអធិដ្ឋានទៅលោក ព្រមទាំងរកមើលចម្លើយចំពោះសេចក្ដីអធិដ្ឋានរបស់អ្នកក្នុងគម្ពីរនិងក្នុងអ្វីផ្សេងទៀតដែលលោកផ្ដល់ឲ្យដើម្បីពង្រឹងជំនឿ។ w២៣.១០ ទំ.១៣ វ.៦; ទំ.១៤ វ.៩
ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា
ឫទ្ធានុភាពបរិសុទ្ធបញ្ជាក់យ៉ាងច្បាស់ថា កាលដែលនៅមានត្រសាលដំបូង ផ្លូវចូលកន្លែងបរិសុទ្ធមិនទាន់ត្រូវបើកនៅឡើយ។—ហេ. ៩:៨
ត្រសាលនិងវិហារដែលបានត្រូវសង់ឡើងក្រោយមកនៅក្រុងយេរូសាឡិមមានប្លង់ខាងក្នុងស្រដៀងគ្នាណាស់។ នៅខាងក្នុងនោះមានបន្ទប់ពីរគឺ«កន្លែងបរិសុទ្ធ»និង«កន្លែងបរិសុទ្ធបំផុត»ដែលបានត្រូវខណ្ឌដោយវាំងននប៉ាក់។ (ហេ. ៩:២-៥; ដច. ២៦:៣១-៣៣) នៅខាងក្នុងទីបរិសុទ្ធ មានជើងចង្កៀងមាស ទីបូជាសម្រាប់ដុតគ្រឿងក្រអូប និងតុដាក់នំប៉័ងតាំងទុក។ មានតែបុគ្គល«ដែលបានត្រូវតែងតាំងឲ្យបម្រើជាសង្ឃ»ប៉ុណ្ណោះបានត្រូវអនុញ្ញាតឲ្យចូលខាងក្នុងទីបរិសុទ្ធដើម្បីបំពេញភារកិច្ចដ៏ពិសិដ្ឋរបស់ពួកគេ។ (ជប. ៣:៣, ៧, ១០) ទីបរិសុទ្ធបំផុតមានហឹបនៃកិច្ចព្រមព្រៀងដែលធ្វើពីមាស ដែលជាតំណាងវត្តមានរបស់ព្រះយេហូវ៉ា។ (ដច. ២៥:២១, ២២) មានតែសម្ដេចសង្ឃប៉ុណ្ណោះដែលបានត្រូវអនុញ្ញាតឲ្យឆ្លងកាត់វាំងននចូលក្នុងទីបរិសុទ្ធបំផុតមួយឆ្នាំម្ដងនៅថ្ងៃជម្រះភាពខុសឆ្គង។ (ចល. ១៦:២, ១៧) គាត់ចូលទៅដោយយកឈាមទៅជាមួយដើម្បីជម្រះការខុសឆ្គងរបស់គាត់ផ្ទាល់និងរបស់ប្រជាជាតិទាំងមូល។ នៅទីបំផុត ព្រះយេហូវ៉ាបានបង្ហាញច្បាស់អំពីសារៈសំខាន់នៃលក្ខណៈទាំងនេះរបស់ត្រសាល។—ហេ. ៩:៦, ៧ w២៣.១០ ទំ.២៧ វ.១២
ថ្ងៃអង្គារ ទី១៧ ខែមិថុនា
[ចូរ]ស្រឡាញ់គ្នាទៅវិញទៅមក។—យ៉ូន. ១៥:១៧
ម្ដងហើយម្ដងទៀតក្នុងបណ្ដាំព្រះ យើងឃើញបង្គាប់ឲ្យ«ស្រឡាញ់គ្នាទៅវិញទៅមក»។ (យ៉ូន. ១៥:១២; រ៉ូម ១៣:៨; ១ថែ. ៤:៩; ១ពេ. ១:២២; ១យ៉ូន. ៤:១១) ប៉ុន្តែ សេចក្ដីស្រឡាញ់គឺជាអារម្មណ៍ដែលមានក្នុងចិត្តយើងដែលគ្មានអ្នកណាអាចមើលឃើញឡើយ។ ដូច្នេះ តើតាមរបៀបណាយើងអាចធ្វើឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះគ្នាទៅវិញទៅមកស្ដែងចេញមកក្រៅ? គឺដោយពាក្យសម្ដីនិងការប្រព្រឹត្តរបស់យើង។ មានរបៀបជាច្រើនដែលយើងអាចបង្ហាញបងប្អូនរបស់យើងថាយើងស្រឡាញ់ពួកគេ។ របៀបខ្លះដែលយើងអាចធ្វើដូច្នេះមានដូចតទៅនេះ៖ «ចូរនិយាយពាក្យពិតចំពោះគ្នា»។ (សាក. ៨:១៦) «[ចូរ]រក្សាសេចក្ដីសុខសាន្តនឹងគ្នាជានិច្ច»។ (ម៉ាក. ៩:៥០) «ក្នុងការលើកកិត្តិយសគ្នាទៅវិញទៅមក ចូរលើកកិត្តិយសគេមុន»។ (រ៉ូម ១២:១០) «ចូរទទួលស្វាគមន៍គ្នាទៅវិញទៅមក»។ (រ៉ូម ១៥:៧) «[ចូរ]អភ័យទោសឲ្យគ្នាទៅវិញទៅមក»។ (កូឡ. ៣:១៣) «ចូរបន្តរែកពុនបន្ទុកគ្នាទៅវិញទៅមក»។ (កាឡ. ៦:២) «ចូរបន្តសម្រាលទុក្ខគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក»។ (១ថែ. ៥:១១, កំ.ស.) «[ចូរ]អធិដ្ឋានឲ្យគ្នាទៅវិញទៅមក»។—យ៉ា. ៥:១៦ w២៣.១១ ទំ.៩ វ.៧-៨
ថ្ងៃពុធ ទី១៨ ខែមិថុនា
ចូរអរសប្បាយនឹងសេចក្ដីសង្ឃឹម។—រ៉ូម ១២:១២
រាល់ថ្ងៃយើងធ្វើការសម្រេចចិត្តដែលតម្រូវឲ្យមានជំនឿរឹងមាំ។ ជាឧទាហរណ៍ យើងត្រូវធ្វើការសម្រេចចិត្តថាគួរសេពគប់អ្នកណា ជ្រើសរើសការកម្សាន្តបែបណា ទទួលការអប់រំយ៉ាងណា គួររៀបការជាមួយអ្នកណា យកកូនឬមិនយក និងជ្រើសរើសការងារបែបណា។ ជាការល្អឲ្យយើងសួរខ្លួនយើងនូវសំណួរដូចតទៅនេះ៖ ‹តើការសម្រេចចិត្តរបស់ខ្ញុំបង្ហាញថាខ្ញុំជឿជាក់ថារបៀបរបបពិភពលោកនេះគឺបណ្ដោះអាសន្ន ហើយមិនយូរទៀតនឹងជំនួសដោយពិភពលោកថ្មីរបស់ព្រះឬទេ? ឬក៏តើខ្ញុំសម្រេចចិត្តធ្វើតាមមនុស្សដែលគិតថាសប្បាយឲ្យហើយទាន់នៅរស់ ព្រោះបើស្លាប់អ្វីៗក៏ចប់ដែរ?›។ (ម៉ាថ. ៦:១៩, ២០; លូក. ១២:១៦-២១) យើងនឹងធ្វើការសម្រេចចិត្តដ៏ល្អបំផុត បើយើងពង្រឹងជំនឿរបស់យើងថាពិភពលោកថ្មីគឺជិតណាស់ហើយ។ យើងក៏ជួបទុក្ខលំបាកផ្សេងៗដែលតម្រូវឲ្យមានជំនឿរឹងមាំ។ យើងប្រហែលជាជួបការបៀតបៀន ជំងឺធ្ងន់ធ្ងរ ឬអ្វីផ្សេងទៀតដែលអាចនាំឲ្យយើងធ្លាក់ទឹកចិត្ត។ ដំបូងយើងប្រហែលជាគិតថា ‹ខ្ញុំអាចទ្រាំនឹងបញ្ហានេះបាន›។ ប៉ុន្តែ បញ្ហាដូចនេះច្រើនតែអូសបន្លាយអស់រយៈពេលយូរ។ ដូច្នេះ យើងនឹងត្រូវមានជំនឿរឹងមាំដើម្បីស៊ូទ្រាំនិងបន្ដបម្រើព្រះយេហូវ៉ាដោយអំណរ។—១ពេ. ១:៦, ៧ w២៣.០៤ ទំ.២៧ វ.៤-៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា
ចូរអធិដ្ឋានឥតឈប់។—១ថែ. ៥:១៧
ព្រះយេហូវ៉ាតម្រូវឲ្យយើងប្រព្រឹត្តតាមសេចក្ដីអធិដ្ឋានរបស់យើង។ ជាឧទាហរណ៍ បងប្រុសម្នាក់ប្រហែលជាសុំព្រះយេហូវ៉ាឲ្យជួយគាត់សុំច្បាប់ការងារ ដើម្បីគាត់អាចចូលរួមមហាសន្និបាតតាមភូមិភាគ។ តើព្រះយេហូវ៉ាប្រហែលជានឹងតបឆ្លើយសេចក្ដីអធិដ្ឋាននោះតាមរបៀបណា? លោកប្រហែលជាផ្ដល់ចិត្តក្លាហានដែលបងប្រុសនោះត្រូវការដើម្បីសុំថៅកែរបស់គាត់។ ប៉ុន្តែ បងប្រុសនោះនឹងនៅតែត្រូវទៅជួបថៅកែនោះដើម្បីសុំច្បាប់។ គាត់ប្រហែលជាត្រូវសុំម្ដងហើយម្ដងទៀត។ គាត់ប្រហែលជាថែមទាំងចង់ស្នើសុំបុគ្គលិកផ្សេងឲ្យធ្វើការជំនួសគាត់ ឬឲ្យកាត់ប្រាក់ខែ។ ព្រះយេហូវ៉ាតម្រូវឲ្យយើងអធិដ្ឋានម្ដងហើយម្ដងទៀតអំពីកង្វល់របស់យើង។ លោកយេស៊ូបង្ហាញថាសំណូមពរខ្លះរបស់យើងនឹងមិនបានត្រូវទទួលចម្លើយភ្លាមៗទេ។ (លូក. ១១:៩) ដូច្នេះ សូមកុំឈប់ព្យាយាមឡើយ! សូមអធិដ្ឋានយ៉ាងអស់ពីចិត្តម្ដងហើយម្ដងទៀត។ (លូក. ១៨:១-៧) ពេលយើងធ្វើដូច្នេះ យើងបង្ហាញព្រះយេហូវ៉ាថាសំណូមពរអំពីរឿងនោះគឺពិតជាសំខាន់ចំពោះយើង។ យើងក៏បង្ហាញជំនឿរបស់យើងលើសមត្ថភាពរបស់លោកឲ្យជួយយើង។ w២៣.១១ ទំ.២២-២៣ វ.១០-១១
ថ្ងៃសុក្រ ទី២០ ខែមិថុនា
សេចក្ដីសង្ឃឹម . . . មិននាំឲ្យខកចិត្តឡើយ។—រ៉ូម ៥:៥
ព្រះយេហូវ៉ាបានសន្យាទៅអាប្រាហាំដែលជាមិត្តសម្លាញ់របស់លោកថាគ្រប់ប្រជាជាតិនៅផែនដីនឹងបានពរតាមរយៈកូនចៅរបស់គាត់។ (ដក. ១៥:៥; ២២:១៨) ដោយសារអាប្រាហាំមានជំនឿដ៏មុតមាំលើព្រះ គាត់ជឿជាក់ថាសេចក្ដីសន្យារបស់លោកនឹងក្លាយជាការពិត។ ទោះជាយ៉ាងនេះក្ដី ពេលអាប្រាហាំបានចូលអាយុ១០០ឆ្នាំនិងប្រពន្ធរបស់គាត់ចូលអាយុ៩០ឆ្នាំ ប្ដីប្រពន្ធដ៏ស្មោះត្រង់នោះនៅតែមិនទាន់មានកូននៅឡើយ។ (ដក. ២១:១-៧) ប៉ុន្តែ គម្ពីរចែងថា៖ «[អាប្រាហាំ]បានជឿជាក់ថាគាត់នឹងទៅជាឪពុករបស់ប្រជាជាតិជាច្រើន . . . គាត់មានជំនឿលើអ្វីដែលព្រះបានមានប្រសាសន៍មកគាត់»។ (រ៉ូម ៤:១៨) យើងដឹងថាសេចក្ដីសង្ឃឹមរបស់អាប្រាហាំបានក្លាយជាការពិត។ គាត់បានទៅជាឪពុករបស់អ៊ីសាកជាកូនដែលគាត់បានសង្ឃឹមថាមានជាយូរមកហើយ។ ហេតុអ្វីអាប្រាហាំអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងរក្សាពាក្យសន្យារបស់លោក? ដោយសារអាប្រាហាំស្គាល់ព្រះយេហូវ៉ាច្បាស់ គាត់«ជឿជាក់ទាំងស្រុងថា . . . សេចក្ដីសន្យារបស់[ព្រះ]»នឹងក្លាយជាការពិត។ (រ៉ូម ៤:២១) ព្រះយេហូវ៉ាពេញចិត្តនឹងអាប្រាហាំ ហើយបានហៅគាត់ថាជាមនុស្សសុចរិតដោយសារជំនឿរបស់គាត់។—យ៉ា. ២:២៣ w២៣.១២ ទំ.៨ វ.១-២
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា
អ្នកណាដែលស្មោះត្រង់ក្នុងការដ៏តូចបំផុត អ្នកនោះក៏ស្មោះត្រង់ក្នុងការជាច្រើនដែរ ហើយអ្នកណាដែលមិនសុចរិតក្នុងការដ៏តូចបំផុត អ្នកនោះក៏មិនសុចរិតក្នុងការជាច្រើនដែរ។—លូក. ១៦:១០
បុរសវ័យក្មេងដែលពឹងពាក់បាន បំពេញភារកិច្ចទាំងអស់របស់គាត់ដោយចិត្តខ្នះខ្នែង។ សូមគិតអំពីគំរូដ៏ល្អឥតខ្ចោះរបស់លោកយេស៊ូ។ លោកមិនដែលធ្វេសប្រហែសឬមិនទទួលខុសត្រូវឡើយ។ ផ្ទុយទៅវិញ លោកបំពេញភារកិច្ចដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យលោក ទោះជាភារកិច្ចនោះពិបាកក្ដី។ លោកស្រឡាញ់មនុស្ស ជាពិសេសពួកអ្នកកាន់តាមលោក ហើយលោកសុខចិត្តលះបង់ជីវិតដើម្បីពួកគេ។ (យ៉ូន. ១៣:១) ដោយយកតម្រាប់លោកយេស៊ូ សូមខំប្រឹងបំពេញភារកិច្ចណាក៏ដោយដែលប្អូនបានទទួល។ បើប្អូនមិនច្បាស់អំពីរបៀបធ្វើភារកិច្ចនោះទេ សូមមានចិត្តរាបទាបនិងសុំជំនួយពីបងប្រុសដែលមានភាពចាស់ទុំ។ សូមកុំព្យាយាមធ្វើលំៗឡើយ។ (រ៉ូម ១២:១១) ផ្ទុយទៅវិញ សូមបង្ហើយភារកិច្ចរបស់ប្អូន ដោយ«ធ្វើដើម្បីព្រះយេហូវ៉ា មិនមែនដើម្បីមនុស្សទេ»។ (កូឡ. ៣:២៣) ប្អូនមិនមែនជាមនុស្សល្អឥតខ្ចោះឡើយ ដូច្នេះសូមមានចិត្តសុភាព ហើយសារភាពកំហុសពេលប្អូនធ្វើខុស។—សុភ. ១១:២ w២៣.១២ ទំ.២៦ វ.៨
ថ្ងៃអាទិត្យ ទី២២ ខែមិថុនា
មានពរហើយ! អស់អ្នកដែលទុកចិត្តលើព្រះយេហូវ៉ា។—យេ. ១៧:៧
យើងសប្បាយចិត្តពេលយើងទទួលការជ្រមុជទឹក ហើយចូលក្នុងក្រុមគ្រួសាររបស់ព្រះយេហូវ៉ា។ ពួកអ្នកដែលមានឯកសិទ្ធិនោះយល់ស្របនឹងដាវីឌដែលជាអ្នកតែងចម្រៀងសរសើរព្រះ ដែលនិយាយថា៖ «អ្នកណាដែល[ព្រះយេហូវ៉ា]ជ្រើសរើស ហើយនាំមកជិតដើម្បីឲ្យអាស្រ័យនៅក្នុងទីធ្លារបស់លោក អ្នកនោះមានសុភមង្គលហើយ»។ (ចសព. ៦៥:៤) ព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យអ្នកណាក៏ដោយចូលក្នុងក្រុមគ្រួសាររបស់លោកទេ។ លោកជ្រើសរើសពួកអ្នកដែលបង្ហាញថាពួកគេចង់មានចំណងមិត្តភាពជិតស្និទ្ធជាមួយលោក។ (យ៉ា. ៤:៨) ពេលអ្នកប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយទទួលការជ្រមុជទឹក អ្នកអាចប្រាកដថាក្រោយពីនោះ លោកនឹង‹ចាក់ពរយ៉ាងលើសលប់មកលើអ្នករហូតដល់លែងខ្វះអ្វីទៀត›។ (ម៉ាឡ. ៣:១០; យេ. ១៧:៨) ការជ្រមុជទឹកគឺគ្រាន់តែជាទីចាប់ផ្ដើម។ អ្នកនឹងចង់ខំអស់ពីសមត្ថភាពដើម្បីរស់នៅស្របតាមពាក្យសម្បថរបស់អ្នកអំពីការប្រគល់ខ្លួនជូនព្រះ ទោះជាប្រឈមមុខនឹងការល្បួងឬការសាកល្បងជំនឿក្ដី។ (អទ. ៥:៤, ៥) ក្នុងនាមជាអ្នកកាន់តាមលោកយេស៊ូ អ្នកនឹងធ្វើតាមគំរូរបស់លោកយេស៊ូ ហើយធ្វើតាមបង្គាប់របស់លោកឲ្យបានដិតដល់បំផុតតាមដែលអាចធ្វើបាន។—ម៉ាថ. ២៨:១៩, ២០; ១ពេ. ២:២១ w២៤.០៣ ទំ.៨ វ.១-៣
ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា
បុរសនឹងចាកចេញពីឪពុកម្ដាយខ្លួន ហើយនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់។—ដក. ២:២៤
ចុះយ៉ាងណាបើអ្នកនិងគូរបស់អ្នកមិនចូលចិត្តចំណាយពេលជាមួយគ្នា? តើអ្នកអាចធ្វើអ្វី? សូមគិតអំពីភ្នក់ភ្លើង។ ពេលទើបតែបង្កាត់ភ្លើង វាមិនឆេះសន្ធោសន្ធៅភ្លាមៗទេ។ អ្នកត្រូវបន្តដាក់អុសធំទៅៗបន្តិចម្ដងៗ។ ស្រដៀងគ្នាដែរ អ្នកអាចចាប់ផ្ដើមចំណាយពេលតែប៉ុន្មាននាទីជាមួយគ្នារាល់ថ្ងៃ។ សូមធ្វើឲ្យប្រាកដថាពួកអ្នកធ្វើអ្វីដែលទាំងពីរនាក់ចូលចិត្ត។ (យ៉ា. ៣:១៨) ដោយចាប់ផ្ដើមពីបន្តិចម្ដងៗ អ្នកប្រហែលជាឃើញថាសេចក្ដីស្រឡាញ់របស់អ្នកចំពោះគ្នាកាន់តែខ្លាំងឡើងម្ដងទៀត។ ការគោរពគឺសំខាន់ចាំបាច់ក្នុងចំណងអាពាហ៍ពិពាហ៍។ ការគោរពប្រៀបដូចជាអុកស៊ីសែនដែលអាចជួយឲ្យភ្នក់ភ្លើងបន្តឆេះសន្ធោសន្ធៅ។ បើគ្មានអុកស៊ីសែនទេ ភ្លើងនឹងឆាប់រលត់។ ស្រដៀងគ្នាដែរ បើគ្មានការគោរព សេចក្ដីស្រឡាញ់របស់ប្ដីប្រពន្ធនឹងឆាប់រសាយទៅ។ ផ្ទុយទៅវិញ ប្ដីប្រពន្ធដែលព្យាយាមបង្ហាញការគោរពចំពោះគ្នាទៅវិញទៅមក កំពុងរក្សាសេចក្ដីស្រឡាញ់របស់ពួកគេឲ្យនៅខ្លាំង។ ប៉ុន្តែ សូមចាំថាគឺមិនគ្រាន់តែអ្នកដែលគួរគិតថាអ្នកបង្ហាញការគោរពចំពោះគូនោះទេ តែសំខាន់គឺគូរបស់អ្នកគិតថាគាត់ទទួលការគោរព។ w២៣.០៥ ទំ.២២ វ.៩; ទំ.២៤ វ.១៤-១៥
ថ្ងៃអង្គារ ទី២៤ ខែមិថុនា
ពេលកង្វល់កង្វាយញាំញីចិត្តខ្ញុំ លោកបានសម្រាលទុក្ខខ្ញុំ ហើយធ្វើឲ្យខ្ញុំសប្បាយចិត្តឡើងវិញ។—ចសព. ៩៤:១៩
ក្នុងគម្ពីរ អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះនិយាយអំពីពេលខ្លះដែលពួកគេតានតឹងចិត្តនិងភ័យញ័រ ដោយសារពួកសត្រូវឬមានសម្ពាធផ្សេងទៀត។ (ចសព. ១៨:៤; ៥៥:១, ៥) ស្រដៀងគ្នាដែរ យើងប្រហែលជាប្រឈមមុខនឹងការប្រឆាំងនៅសាលា នៅកន្លែងធ្វើការ ពីក្រុមគ្រួសាររបស់យើង ឬពីរដ្ឋាភិបាល។ យើងប្រហែលជាថែមទាំងប្រឈមមុខនឹងសេចក្ដីស្លាប់ ដោយសារបញ្ហាសុខភាព។ ក្នុងអំឡុងពេលបែបនេះ យើងប្រហែលជាមានអារម្មណ៍ថាត្រូវការជំនួយដូចកូនក្មេងតូច។ តើព្រះយេហូវ៉ាជួយយើងនៅគ្រាដូចនេះយ៉ាងដូចម្ដេច? លោកសម្រាលទុក្ខ ហើយធ្វើឲ្យយើងសប្បាយចិត្តឡើងវិញ។ ដូច្នេះ សូមចំណាយពេលជាទៀងទាត់ជាមួយព្រះយេហូវ៉ា ដោយអធិដ្ឋានទៅលោកនិងអានបណ្ដាំលោក។ (ចសព. ៧៧:១, ១២-១៤) បើអ្នកមានទម្លាប់បែបនេះ អ្វីដំបូងដែលអ្នកនឹងទំនងជាធ្វើពេលអ្នកមានការតានតឹងចិត្ត គឺរកជំនួយពីបិតារបស់អ្នកនៅស្ថានសួគ៌។ សូមប្រាប់អំពីការភ័យខ្លាចនិងការព្រួយបារម្ភរបស់អ្នកទៅព្រះយេហូវ៉ា។ សូមឲ្យលោកនិយាយមកកាន់អ្នកនិងសម្រាលទុក្ខអ្នកតាមរយៈបទគម្ពីរ។—ចសព. ១១៩:២៨ w២៤.០១ ទំ.២៤-២៥ វ.១៤-១៦
ថ្ងៃពុធ ទី២៥ ខែមិថុនា
ព្រះគឺជាអ្នកដែលកំពុងផ្ដល់កម្លាំងឲ្យអ្នករាល់គ្នា . . . ដើម្បីឲ្យអ្នករាល់គ្នាមានបំណងប្រាថ្នានិងមានការប្រព្រឹត្ត។—ភី. ២:១៣
ការមានបំណងចិត្តជាខ្លាំងគឺសំខាន់ណាស់ដើម្បីសម្រេចគោលដៅក្នុងកិច្ចបម្រើព្រះ។ ពេលយើងមានបំណងចិត្តជាខ្លាំង យើងនឹងខំព្យាយាមដើម្បីសម្រេចគោលដៅនោះ។ ម្យ៉ាងទៀត ពេលយើងកាន់តែមានបំណងចិត្ត យើងកាន់តែអាចសម្រេចគោលដៅរបស់យើង។ ដូច្នេះ តើអ្នកអាចធ្វើអ្វីដើម្បីមានបំណងចិត្តកាន់តែខ្លាំង? សូមអធិដ្ឋានឲ្យមានបំណងចិត្តកាន់តែខ្លាំង។ តាមរយៈឫទ្ធានុភាពរបស់លោក ព្រះយេហូវ៉ាអាចជំរុញចិត្តអ្នកឲ្យសម្រេចគោលដៅរបស់អ្នក។ ជួនកាល យើងកំណត់គោលដៅណាមួយ ដោយសារយើងដឹងថាវាល្អ ហើយជាអ្វីដែលយើងគួរធ្វើ។ ប៉ុន្តែ យើងប្រហែលជាមិនសូវមានបំណងប្រាថ្នាឲ្យសម្រេចគោលដៅនោះទេ។ សូមរំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើសម្រាប់អ្នក។ (ចសព. ១៤៣:៥) សាវ័កប៉ូលបានរំពឹងគិតអំពីគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ាចំពោះគាត់ផ្ទាល់ ហើយនេះបានជំរុញចិត្តគាត់ឲ្យខំប្រឹងដើម្បីលោក។ (១កូ. ១៥:៩, ១០; ១ធី. ១:១២-១៤) ស្រដៀងគ្នាដែរ កាលដែលអ្នករំពឹងគិតកាន់តែច្រើនអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើសម្រាប់អ្នក នោះអ្នកនឹងមានបំណងចិត្តកាន់តែខ្លាំងដើម្បីសម្រេចគោលដៅរបស់អ្នក។—ចសព. ១១៦:១២ w២៣.០៥ ទំ.២៦-២៧ វ.៣-៥
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា
ចូរសរសើរដល់នាមព្រះយេហូវ៉ា។—ចសព. ១១៣:១
យើងធ្វើឲ្យបិតារបស់យើងនៅស្ថានសួគ៌ពេញចិត្តពេលយើងសរសើរដល់នាមរបស់លោក។ (ចសព. ១១៩:១០៨) ប៉ុន្តែ តើនេះមានន័យថាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត គឺដូចមនុស្សមិនល្អឥតខ្ចោះដែលចង់បានការសរសើរ ដោយសារត្រូវការការលើកទឹកចិត្តឬ? មិនមែនទេ។ ពេលយើងសរសើរបិតារបស់យើងនៅស្ថានសួគ៌ យើងជួយបង្ហាញថាការកុហកដែលជាប់ទាក់ទងនឹងយើងផ្ទាល់គឺមិនពិត។ សាថានអះអាងថាគ្មានមនុស្សជាតិណានឹងការពារនាមរបស់ព្រះយ៉ាងស្មោះភក្ដីទេ។ តាមទស្សនៈរបស់វា គ្មានយើងណាម្នាក់រក្សាចិត្តស្មោះឥតងាករេឡើយ។ វានិយាយថាយើងទាំងអស់គ្នានឹងបោះបង់ចោលព្រះ បើយើងគិតថាយើងនឹងទទួលប្រយោជន៍។ (យ៉ូប ១:៩-១១; ២:៤) ប៉ុន្តែ យ៉ូបបានរក្សាភាពស្មោះត្រង់ ហើយបានបង្ហាញថាសាថានជាអ្នកភូតភរ។ ចុះយ៉ាងណាអ្នកវិញ? យើងម្នាក់ៗមានឯកសិទ្ធិការពារនាមរបស់បិតាយើងយ៉ាងស្មោះភក្ដី ហើយធ្វើឲ្យលោកពេញចិត្តដោយបម្រើលោកយ៉ាងស្មោះត្រង់។ (សុភ. ២៧:១១) គឺពិតជាកិត្តិយសឲ្យធ្វើដូច្នេះមែន។ w២៤.០២ ទំ.៨-៩ វ.៣-៥
ថ្ងៃសុក្រ ទី២៧ ខែមិថុនា
ចូរមានជំនឿលើពួកអ្នកប្រកាសទំនាយរបស់លោកចុះ ហើយការអ្វីដែលអ្នករាល់គ្នាធ្វើនឹងសម្រេចទាំងអស់។—២ប្រ. ២០:២០
ក្រោយពីសម័យម៉ូសេនិងយ៉ូស្វេ ព្រះយេហូវ៉ាបានតែងតាំងអ្នកសម្រេចក្ដីឲ្យណែនាំរាស្ត្រលោក។ ក្រោយមក ក្នុងអំឡុងសម័យរបស់ពួកស្ដេច ព្រះយេហូវ៉ាបានតែងតាំងអ្នកប្រកាសទំនាយឲ្យណែនាំរាស្ត្រលោក។ ស្ដេចដ៏ស្មោះត្រង់បានធ្វើតាមយោបល់ពីពួកអ្នកប្រកាសទំនាយ។ ជាឧទាហរណ៍ ស្ដេចដាវីឌបានព្រមទទួលការកែតម្រង់ដោយចិត្តរាបទាបពីអ្នកប្រកាសទំនាយណាថាន់។ (២សាំ. ១២:៧, ១៣; ១ប្រ. ១៧:៣, ៤) ស្ដេចយេហូសាផាតបានពឹងផ្អែកលើការណែនាំពីអ្នកប្រកាសទំនាយយ៉ាហេសែល ហើយលើកទឹកចិត្តបណ្ដាជននៃស្រុកយូដាឲ្យ«មានជំនឿលើពួកអ្នកប្រកាសទំនាយរបស់[ព្រះ]»។ (២ប្រ. ២០:១៤, ១៥) ពេលមានទុក្ខលំបាក ស្ដេចហេសេគាបានសុំជំនួយពីអ្នកប្រកាសទំនាយអេសាយ។ (អេ. ៣៧:១-៦) រាល់ដងដែលស្ដេចធ្វើតាមការណែនាំពីព្រះយេហូវ៉ា ពួកគេបានទទួលពរ ហើយប្រជាជាតិបានទទួលការការពារ។ (២ប្រ. ២០:២៩, ៣០; ៣២:២២) គឺច្បាស់ហើយថា ព្រះយេហូវ៉ាកំពុងប្រើអ្នកប្រកាសទំនាយរបស់លោកឲ្យណែនាំរាស្ត្រលោក។ w២៤.០២ ទំ.២២ វ.៨
ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា
កុំរួមចំណែកជាមួយនឹងពួកគេ។—អេភ. ៥:៧
សាថានចង់ឲ្យយើងសេពគប់ជាមួយមនុស្សដែលធ្វើឲ្យយើងពិបាកកាន់តាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។ សព្វថ្ងៃនេះយើងមិនគ្រាន់តែអាចចំណាយពេលសេពគប់ដោយផ្ទាល់ជាមួយមនុស្សឯទៀតប៉ុណ្ណោះ ប៉ុន្តែក៏អាចសេពគប់តាមបណ្ដាញសង្គមទាក់ទងគ្នាដែរ។ យើងត្រូវប្រឆាំងនឹងទស្សនៈពិភពលោកនេះដែលថាអំពើប្រាសចាកសីលធម៌គឺទទួលយកបាន។ យើងដឹងថាអំពើនោះគឺខុស។ (អេភ. ៤:១៩, ២០) ប៉ុន្តែ គឺជាការល្អឲ្យយើងសួរខ្លួនថា ‹តើខ្ញុំជៀសវាងពីការសេពគប់ដែលមិនចាំបាច់ជាមួយអ្នករួមការងារ សិស្សរួមថ្នាក់ ឬអ្នកឯទៀតដែលមិនគោរពតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ាឬទេ? តើខ្ញុំមានចិត្តក្លាហានកាន់ខ្ជាប់តាមខ្នាតតម្រារបស់ព្រះយេហូវ៉ា ទោះជាអ្នកខ្លះប្រហែលជាចាត់ទុកខ្ញុំជាមនុស្សចង្អៀតចង្អល់ឬទេ?›។ ដូចបានបញ្ជាក់នៅធីម៉ូថេទី២ ២:២០-២២ យើងក៏ប្រហែលជាត្រូវប្រុងប្រយ័ត្នពេលជ្រើសរើសមិត្តភក្ដិក្នុងក្រុមជំនុំគ្រិស្តសាសនិកដែរ។ យើងចាំថាអ្នកខ្លះប្រហែលជាមិនជួយយើងឲ្យរក្សាភាពស្មោះត្រង់ក្នុងកិច្ចបម្រើព្រះយេហូវ៉ាទេ។ w២៤.០៣ ទំ.២២-២៣ វ.១១-១២
ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា
ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។—យ៉ា. ៥:១១
តើអ្នកធ្លាប់ព្យាយាមស្រមៃគិតថាព្រះយេហូវ៉ាគឺបែបណាឬទេ? ទោះជាយើងមិនអាចមើលឃើញព្រះយេហូវ៉ាក្ដី គម្ពីររៀបរាប់អំពីលោកតាមរបៀបផ្សេងៗ។ ព្រះយេហូវ៉ាបានត្រូវហៅថា«ជាដួងអាទិត្យនិងជាខែល»និងជា«ភ្លើងឆេះសន្ធោសន្ធៅ»។ (ចសព. ៨៤:១១; ហេ. ១២:២៩) អ្នកសរសេរគម្ពីរម្នាក់បានរៀបរាប់អំពីព្រះយេហូវ៉ាក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិតមួយថាលោកស្រដៀងនឹងត្បូងកណ្ដៀង លោហៈភ្លឺត្រចះ និងឥន្ទធនូភ្លឺចិញ្ចាចចិញ្ចែង។ (អេគ. ១:២៦-២៨) ដោយសារយើងមិនអាចឃើញព្រះយេហូវ៉ា យើងប្រហែលជាពិបាកជឿថាលោកស្រឡាញ់យើង។ អ្នកខ្លះគិតថាព្រះយេហូវ៉ាមិនអាចស្រឡាញ់ពួកគេបានទេ ដោយសាររឿងផ្សេងៗរបស់ពួកគេនៅអតីតកាល។ ព្រះយេហូវ៉ាយល់អំពីអារម្មណ៍បែបនេះ និងរបៀបដែលនោះប៉ះពាល់ដល់ផ្លូវចិត្តរបស់យើង។ ដើម្បីជួយយើងឲ្យយកឈ្នះបញ្ហានេះ លោកឲ្យយើងដឹងតាមរយៈគម្ពីរថាលោកជាព្រះដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។ ពាក្យមួយដែលរៀបរាប់យ៉ាងល្អបំផុតអំពីព្រះយេហូវ៉ាគឺសេចក្ដីស្រឡាញ់។ គម្ពីរចែងថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (១យ៉ូន. ៤:៨) គ្រប់អ្វីទាំងអស់ដែលលោកធ្វើគឺផុសចេញពីសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់របស់ព្រះគឺកក់ក្ដៅណាស់និងខ្លាំងក្លាដល់ម្ល៉េះ បានជាលោកស្រឡាញ់សូម្បីតែពួកអ្នកដែលមិនស្រឡាញ់លោក។—ម៉ាថ. ៥:៤៤, ៤៥ w២៤.០១ ទំ.២៦ វ.១-៣
ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា
លោកមានប្រសាសន៍ទៅកាន់ពួកគេពីបង្គោលពពក។—ចសព. ៩៩:៧
ព្រះយេហូវ៉ាបានតែងតាំងម៉ូសេឲ្យនាំមុខជនជាតិអ៊ីស្រាអែលក្នុងការចាកចេញពីស្រុកអេហ្ស៊ីបហើយជាភ័ស្តុតាង លោកបានផ្ដល់បង្គោលពពកនៅពេលថ្ងៃ និងបង្គោលភ្លើងនៅពេលយប់។ (ដច. ១៣:២១) ម៉ូសេដើរតាមបង្គោលដែលនាំគាត់និងជនជាតិអ៊ីស្រាអែលទៅដល់សមុទ្រក្រហម។ បណ្ដាជនបានភ័យស្លន់ស្លោពេលពួកគេគិតថាពួកគេទាល់ច្រក ដោយសារខាងមុខមានសមុទ្រ ហើយខាងក្រោយមានកងទ័ពអេហ្ស៊ីបដែលកំពុងដេញតាម។ ប៉ុន្តែ នោះមិនមែនជាការខុសទេ ដោយសារព្រះយេហូវ៉ាបានប្រើម៉ូសេឲ្យនាំមុខរាស្ត្ររបស់លោកទៅទីនោះ។ (ដច. ១៤:២) បន្ទាប់មក ព្រះបានសង្គ្រោះពួកគេតាមរបៀបដ៏អស្ចារ្យមួយ។ (ដច. ១៤:២៦-២៨) អស់រយៈពេល៤០ឆ្នាំក្រោយមក ម៉ូសេបន្តមានទំនុកចិត្តថាព្រះយេហូវ៉ាកំពុងប្រើបង្គោលពពកដើម្បីណែនាំរាស្ត្ររបស់លោកឲ្យឆ្លងកាត់តំបន់ស្ងាត់ជ្រងំ។ (ដច. ៣៣:៧, ៩, ១០) ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេពីបង្គោលនោះ ហើយក្រោយមកម៉ូសេបានប្រាប់បណ្ដាជនអំពីអ្វីដែលព្រះយេហូវ៉ាបានប្រាប់គាត់។ ជនជាតិអ៊ីស្រាអែលអាចឃើញយ៉ាងច្បាស់ថាព្រះយេហូវ៉ាកំពុងប្រើម៉ូសេឲ្យណែនាំពួកគេ។ w២៤.០២ ទំ.២១ វ.៤-៥