ថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា
ចូរបង្ហាញឲ្យឃើញថាអ្នករាល់គ្នាស្រឡាញ់ពួកគាត់។—២កូ. ៨:២៤
យើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរបស់យើង ដោយទទួលស្វាគមន៍ពួកគេឲ្យចូលក្នុងក្រុមមិត្តភក្តិរបស់យើង។ (២កូ. ៦:១១-១៣) ក្នុងក្រុមជំនុំរបស់យើងជាច្រើននាក់មានបងប្អូនដែលមានប្រវត្តិខុសពីយើង និងដែលមានបុគ្គលិកលក្ខណៈផ្សេងៗ។ យើងអាចពង្រឹងសេចក្ដីស្រឡាញ់របស់យើងចំពោះពួកគេទាំងអស់គ្នា ដោយផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិរបស់ពួកគេ។ ពេលយើងរៀនឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះអ្នកឯទៀត យើងបង្ហាញថាយើងស្រឡាញ់ពួកគេ។ សេចក្ដីស្រឡាញ់នឹងសំខាន់ចាំបាច់ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ ពេលគ្រាទុក្ខវេទនានោះចាប់ផ្ដើម តើយើងនឹងទទួលការការពារនៅឯណា? សូមគិតអំពីអ្វីដែលព្រះយេហូវ៉ាបានណែនាំរាស្ត្រលោកឲ្យធ្វើ ពេលបាប៊ីឡូននៅសម័យបុរាណបានវាយប្រហារពួកគេ គឺថា៖ «ឱរាស្ត្រខ្ញុំអើយ! ចូរចូលទៅបន្ទប់ខាងក្នុង ហើយបិទទ្វារឲ្យជិតទៅ។ ចូរលាក់ខ្លួនមួយរយៈរហូតដល់កំហឹងខ្ញុំកន្លងផុតទៅ»។ (អេ. ២៦:២០) តាមមើលទៅយើងប្រហែលជានឹងត្រូវធ្វើតាមការណែនាំនេះក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ w២៣.០៧ ទំ.៦-៧ វ.១៤-១៦
ថ្ងៃសុក្រ ទី១២ ខែកញ្ញា
ស្ថានភាពពិភពលោកនេះកំពុងប្រែប្រួល។—១កូ. ៧:៣១
ចូរមានកេរ្តិ៍ឈ្មោះជាមនុស្សសមហេតុសមផល។ សូមសួរខ្លួនឯងថា ‹តើអ្នកឯទៀតគិតថាខ្ញុំជាមនុស្សសមហេតុសមផល ចេះសម្របតាម និងឆាប់ទទួលយកឬទេ? ឬតើពួកគេមើលមកខ្ញុំថាជាមនុស្សតឹងរ៉ឹង ដាច់អហង្ការ ឬក្បាលរឹង? តើខ្ញុំស្ដាប់អ្នកឯទៀតនិងសម្របតាមទស្សនៈរបស់ពួកគេពេលដែលសមរម្យឬ?›។ កាលដែលយើងកាន់តែបង្ហាញភាពសមហេតុសមផល យើងយកតម្រាប់ព្រះយេហូវ៉ានិងលោកយេស៊ូកាន់តែច្រើន។ យើងត្រូវចេះបត់បែនពេលស្ថានភាពរបស់យើងផ្លាស់ប្ដូរ។ ការផ្លាស់ប្ដូរបែបនេះប្រហែលជាអាចនាំឲ្យយើងមានបញ្ហាដែលយើងនឹកស្មានមិនដល់។ យើងប្រហែលជាស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់។ ឬការផ្លាស់ប្ដូរមួយរំពេចខាងសេដ្ឋកិច្ចឬរដ្ឋាភិបាលនៅកន្លែងដែលយើងរស់នៅ អាចធ្វើឲ្យជីវិតយើងយ៉ាប់យ៉ឺន។ (អទ. ៩:១១) សូម្បីតែការផ្លាស់ប្ដូរភារកិច្ចក្នុងអង្គការព្រះ ក៏អាចពិបាកសម្រាប់យើង។ យើងអាចសម្របខ្លួនទៅតាមស្ថានភាពថ្មីបានបើយើងធ្វើតាមជំហានទាំងបួននេះគឺ៖ (១) ព្រមទទួលស្គាល់ការពិត (២) សម្លឹងមើលទៅថ្ងៃអនាគត (៣) ផ្ដោតអារម្មណ៍ទៅលើអ្វីល្អៗ និង (៤) ធ្វើអ្វីផ្សេងៗដើម្បីអ្នកឯទៀត។ w២៣.០៧ ទំ.២២ វ.៧-៨
ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា
អ្នកជាបុគ្គលដ៏មានតម្លៃខ្លាំងណាស់។—ដាន. ៩:២៣
អ្នកប្រកាសទំនាយដានីយ៉ែលជាបុរសវ័យក្មេងពេលដែលជនជាតិបាប៊ីឡូនបានចាប់គាត់ធ្វើជាឈ្លើយសឹក ហើយយកទៅបាប៊ីឡូនដែលឆ្ងាយពីក្រុងយេរូសាឡិម។ ប៉ុន្តែទោះជាគាត់នៅវ័យក្មេងក្ដី មន្ត្រីជនជាតិបាប៊ីឡូនកត់សម្គាល់ដានីយ៉ែល។ ពួកគេបានមើល«សម្បកក្រៅ»ថាគាត់«មានរូបរាងល្អឥតខ្ចោះ» ហើយថាគាត់មកពីវង្សត្រកូលខ្ពស់។ (១សាំ. ១៦:៧) ហេតុនេះ ពួកបាប៊ីឡូនបានបង្ហាត់បង្រៀនគាត់ឲ្យបម្រើនៅក្នុងវិមានស្ដេច។ (ដាន. ១:៣, ៤, ៦) ព្រះយេហូវ៉ាស្រឡាញ់ដានីយ៉ែលដែលជាបុរសវ័យក្មេងដោយសារគាត់សម្រេចចិត្តមានភក្ដីភាពចំពោះលោក។ តាមពិត ដានីយ៉ែលប្រហែលជាមានអាយុខ្ទង់២០ឆ្នាំប៉ុណ្ណោះ ពេលដែលព្រះយេហូវ៉ាបានលើកឈ្មោះគាត់ជាមួយណូអេនិងយ៉ូប ដែលជាបុរសចំណាយពេលច្រើនទសវត្សរ៍ក្នុងការសាងឈ្មោះល្អចំពោះព្រះ។ (ដក. ៥:៣២; ៦:៩, ១០; យ៉ូប ៤២:១៦, ១៧; អេគ. ១៤:១៤) ម្យ៉ាងទៀត ព្រះយេហូវ៉ាបានបន្ដស្រឡាញ់ដានីយ៉ែលពេញមួយជីវិតដ៏យូរអង្វែងនិងគួរឲ្យចាប់អារម្មណ៍របស់គាត់។—ដាន. ១០:១១, ១៩ w២៣.០៨ ទំ.២ វ.១-២