ថ្ងៃសុក្រ ទី១២ ខែកញ្ញា
ស្ថានភាពពិភពលោកនេះកំពុងប្រែប្រួល។—១កូ. ៧:៣១
ចូរមានកេរ្តិ៍ឈ្មោះជាមនុស្សសមហេតុសមផល។ សូមសួរខ្លួនឯងថា ‹តើអ្នកឯទៀតគិតថាខ្ញុំជាមនុស្សសមហេតុសមផល ចេះសម្របតាម និងឆាប់ទទួលយកឬទេ? ឬតើពួកគេមើលមកខ្ញុំថាជាមនុស្សតឹងរ៉ឹង ដាច់អហង្ការ ឬក្បាលរឹង? តើខ្ញុំស្ដាប់អ្នកឯទៀតនិងសម្របតាមទស្សនៈរបស់ពួកគេពេលដែលសមរម្យឬ?›។ កាលដែលយើងកាន់តែបង្ហាញភាពសមហេតុសមផល យើងយកតម្រាប់ព្រះយេហូវ៉ានិងលោកយេស៊ូកាន់តែច្រើន។ យើងត្រូវចេះបត់បែនពេលស្ថានភាពរបស់យើងផ្លាស់ប្ដូរ។ ការផ្លាស់ប្ដូរបែបនេះប្រហែលជាអាចនាំឲ្យយើងមានបញ្ហាដែលយើងនឹកស្មានមិនដល់។ យើងប្រហែលជាស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់។ ឬការផ្លាស់ប្ដូរមួយរំពេចខាងសេដ្ឋកិច្ចឬរដ្ឋាភិបាលនៅកន្លែងដែលយើងរស់នៅ អាចធ្វើឲ្យជីវិតយើងយ៉ាប់យ៉ឺន។ (អទ. ៩:១១) សូម្បីតែការផ្លាស់ប្ដូរភារកិច្ចក្នុងអង្គការព្រះ ក៏អាចពិបាកសម្រាប់យើង។ យើងអាចសម្របខ្លួនទៅតាមស្ថានភាពថ្មីបានបើយើងធ្វើតាមជំហានទាំងបួននេះគឺ៖ (១) ព្រមទទួលស្គាល់ការពិត (២) សម្លឹងមើលទៅថ្ងៃអនាគត (៣) ផ្ដោតអារម្មណ៍ទៅលើអ្វីល្អៗ និង (៤) ធ្វើអ្វីផ្សេងៗដើម្បីអ្នកឯទៀត។ w២៣.០៧ ទំ.២២ វ.៧-៨
ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា
អ្នកជាបុគ្គលដ៏មានតម្លៃខ្លាំងណាស់។—ដាន. ៩:២៣
អ្នកប្រកាសទំនាយដានីយ៉ែលជាបុរសវ័យក្មេងពេលដែលជនជាតិបាប៊ីឡូនបានចាប់គាត់ធ្វើជាឈ្លើយសឹក ហើយយកទៅបាប៊ីឡូនដែលឆ្ងាយពីក្រុងយេរូសាឡិម។ ប៉ុន្តែទោះជាគាត់នៅវ័យក្មេងក្ដី មន្ត្រីជនជាតិបាប៊ីឡូនកត់សម្គាល់ដានីយ៉ែល។ ពួកគេបានមើល«សម្បកក្រៅ»ថាគាត់«មានរូបរាងល្អឥតខ្ចោះ» ហើយថាគាត់មកពីវង្សត្រកូលខ្ពស់។ (១សាំ. ១៦:៧) ហេតុនេះ ពួកបាប៊ីឡូនបានបង្ហាត់បង្រៀនគាត់ឲ្យបម្រើនៅក្នុងវិមានស្ដេច។ (ដាន. ១:៣, ៤, ៦) ព្រះយេហូវ៉ាស្រឡាញ់ដានីយ៉ែលដែលជាបុរសវ័យក្មេងដោយសារគាត់សម្រេចចិត្តមានភក្ដីភាពចំពោះលោក។ តាមពិត ដានីយ៉ែលប្រហែលជាមានអាយុខ្ទង់២០ឆ្នាំប៉ុណ្ណោះ ពេលដែលព្រះយេហូវ៉ាបានលើកឈ្មោះគាត់ជាមួយណូអេនិងយ៉ូប ដែលជាបុរសចំណាយពេលច្រើនទសវត្សរ៍ក្នុងការសាងឈ្មោះល្អចំពោះព្រះ។ (ដក. ៥:៣២; ៦:៩, ១០; យ៉ូប ៤២:១៦, ១៧; អេគ. ១៤:១៤) ម្យ៉ាងទៀត ព្រះយេហូវ៉ាបានបន្ដស្រឡាញ់ដានីយ៉ែលពេញមួយជីវិតដ៏យូរអង្វែងនិងគួរឲ្យចាប់អារម្មណ៍របស់គាត់។—ដាន. ១០:១១, ១៩ w២៣.០៨ ទំ.២ វ.១-២
ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា
[ចូរ]យល់ច្បាស់ . . . អំពីទទឹង បណ្ដោយ កម្ពស់ និងជម្រៅនៃសេចក្ដីពិត។—អេភ. ៣:១៨
ពេលកំពុងគិតពិចារណាថាតើអ្នកគួរទិញផ្ទះមួយឬយ៉ាងណា អ្នកចង់ពិនិត្យមើលអនាគតផ្ទះរបស់អ្នកគ្រប់ជ្រុងជ្រោយដោយផ្ទាល់ភ្នែក។ យើងអាចធ្វើអ្វីស្រដៀងនឹងនោះពេលយើងអាននិងសិក្សាគម្ពីរ។ បើអ្នកអានគម្ពីរយ៉ាងលឿន អ្នកប្រហែលជាដឹងតែព័ត៌មានបឋមៗ ពោលគឺ«បឋមសេចក្ដីនៃប្រសាសន៍ដ៏ពិសិដ្ឋរបស់ព្រះ»។ (ហេ. ៥:១២) ប៉ុន្តែ ដូចអ្នកត្រូវចូលខាងក្នុងផ្ទះណាមួយដើម្បីដឹងព័ត៌មានច្រើនជាងអំពីផ្ទះនោះ អ្នកត្រូវសិក្សាយ៉ាងយកចិត្តទុកដាក់ដើម្បីយល់គម្ពីរច្បាស់ជាង។ របៀបល្អប្រសើរមួយដើម្បីសិក្សាគម្ពីរ គឺដោយមើលរបៀបដែលផ្នែកផ្សេងៗនៃដំណឹងក្នុងគម្ពីរជាប់ទាក់ទងគ្នា។ សូមព្យាយាមយល់មិនគ្រាន់តែសេចក្ដីបង្រៀនដែលអ្នកជឿប៉ុណ្ណោះទេ តែក៏មូលហេតុដែលអ្នកជឿលើសេចក្ដីបង្រៀនទាំងនោះដែរ។ ដើម្បីយល់បណ្ដាំព្រះយ៉ាងច្បាស់ យើងត្រូវរៀនសេចក្ដីបង្រៀនដ៏ជ្រាលជ្រៅក្នុងគម្ពីរ។ សាវ័កប៉ូលបានលើកទឹកចិត្តបងប្អូនគ្រិស្តសាសនិកឲ្យសិក្សាបណ្ដាំព្រះយ៉ាងយកចិត្តទុកដាក់ ដើម្បីពួកគេអាច«យល់ច្បាស់ . . . អំពីទទឹង បណ្ដោយ កម្ពស់ និងជម្រៅនៃសេចក្ដីពិត»។ យ៉ាងនេះ ពួកគេនឹងកាន់តែ«ចាក់ឫស ហើយបានតាំងឡើង»ក្នុងជំនឿរបស់ពួកគេ។ (អេភ. ៣:១៤-១៩) យើងត្រូវធ្វើដូច្នេះដែរ។ w២៣.១០ ទំ.១៨ វ.១-៣