ហេប្រឺ
១២ ដូច្នេះ ដោយសារមានសាក្សីមួយក្រុមធំ* យ៉ាងនេះនៅជុំវិញយើង ចូរយើងចោលអ្វីៗគ្រប់យ៉ាងដែលធ្ងន់ និងការខុសឆ្គងដែលទាក់យើងយ៉ាងងាយនោះ ហើយរត់ដោយស៊ូទ្រាំក្នុងទីប្រណាំងដែលបានត្រូវកំណត់ឲ្យយើង ២ ពេលដែលយើងសម្លឹងមើលទៅលោកយេស៊ូ ជាមេដឹកនាំដែលធ្វើឲ្យយើងមានជំនឿហើយធ្វើឲ្យជំនឿរបស់យើងបានពេញលក្ខណៈ។ ដោយសារអំណរដែលនៅខាងមុខលោក លោកបានស៊ូទ្រាំលើបង្គោលទារុណកម្ម* ក៏បានមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាស ហើយឥឡូវបានអង្គុយនៅខាងស្ដាំបល្ល័ង្កនៃព្រះ។ ៣ ចូរពិចារណាឲ្យបានដិតដល់អំពីលោកដែលបានស៊ូទ្រាំនឹងសម្ដីប្រឆាំងជាច្រើនពីពួកអ្នកប្រព្រឹត្តអំពើខុសឆ្គង ដែលផ្ដន្ទាទោសខ្លួនគេដោយសម្ដីនោះ។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមិនល្វើយនិងអស់កម្លាំងចិត្ត។
៤ ក្នុងការតស៊ូនឹងការខុសឆ្គងនោះ អ្នករាល់គ្នាមិនទាន់តស៊ូរហូតដល់ហូរឈាមទេ ៥ ម្យ៉ាងទៀត អ្នករាល់គ្នាបានភ្លេចទាំងស្រុងនូវពាក្យបំផុសទឹកចិត្តដែលនិយាយទៅកាន់អ្នករាល់គ្នាដូចជាឪពុកនិយាយទៅកូនថា៖ «កូនអើយ កុំមើលងាយការប្រដៅពីព្រះយេហូវ៉ាឡើយ ហើយកុំអស់កម្លាំងចិត្តពេលដែលលោកកែតម្រង់អ្នក ៦ ព្រោះព្រះយេហូវ៉ាប្រដៅអស់អ្នកដែលលោកស្រឡាញ់ តាមការពិត អស់អ្នកដែលលោកទទួលជាកូន លោកវាយនឹងរំពាត់»។*
៧ អ្នករាល់គ្នាកំពុងស៊ូទ្រាំដែលទុកជាការប្រដៅ។ ព្រះកំពុងប្រព្រឹត្តនឹងអ្នករាល់គ្នាដូចកូន។ ព្រោះតើមានកូនណាដែលឪពុកមិនប្រដៅឬទេ? ៨ ក៏ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនទទួលការប្រដៅដែលទាំងអស់គ្នាបានទទួល នោះអ្នករាល់គ្នាជាកូនឥតស្របច្បាប់ មិនមែនជាកូនពិតទេ។ ៩ ម្យ៉ាងទៀត យើងមានឪពុកជាសាច់ឈាមដូចយើង ដែលធ្លាប់ប្រដៅយើង ហើយយើងបានគោរពពួកគាត់។ ទម្រាំតែបិតាដែលផ្ដល់កំណើតឲ្យយើងដោយសកម្មពល* យើងក៏ត្រូវចុះចូលនឹងលោកជាងនោះទៅទៀត ដើម្បីទទួលជីវិត មែនទេ? ១០ ព្រោះអស់មួយរយៈពេលខ្លី ពួកគាត់ធ្លាប់ប្រដៅយើងតាមតែពួកគាត់គិតថាល្អ ប៉ុន្តែលោកប្រដៅយើងជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងរួមចំណែកក្នុងសេចក្ដីបរិសុទ្ធរបស់លោក។ ១១ ពិតមែនតែគ្មានការប្រដៅណាដែលធ្វើឲ្យមានអំណរ ខណៈដែលទទួលការប្រដៅនោះ តែធ្វើឲ្យកើតទុក្ខវិញ ប៉ុន្តែក្រោយមក អ្នកដែលបានត្រូវអប់រំដោយការប្រដៅនោះនឹងទទួលផលដែលធ្វើឲ្យមានសេចក្ដីសុខសាន្ត ពោលគឺរបៀបរស់នៅដ៏សុចរិត។
១២ ដូច្នេះ ចូរធ្វើឲ្យអ្នកដែលស្រយុតដៃនិងអ្នកដែលទន់ជង្គង់មាំមួនឡើង ១៣ ហើយចូរបន្តធ្វើផ្លូវត្រង់សម្រាប់ជើងអ្នករាល់គ្នា ដើម្បីកុំឲ្យអវយវៈដែលរបួសនោះភ្លាត់ឆ្អឹង តែដើម្បីឲ្យជាឡើងវិញ។ ១៤ ចូរខំប្រឹងឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់ ហើយខំប្រឹងឲ្យមានសេចក្ដីបរិសុទ្ធ ព្រោះអ្នកណាដែលគ្មានសេចក្ដីបរិសុទ្ធ អ្នកនោះនឹងមិនឃើញលោកម្ចាស់ទេ ១៥ ដោយប្រុងប្រយ័ត្នកុំឲ្យអ្នកណាបាត់បង់គុណដ៏វិសេសលើសលប់របស់ព្រះ ដើម្បីកុំឲ្យឫសពោរពេញទៅដោយពិសពុលដុះឡើងបង្កើតបញ្ហា ព្រមទាំងធ្វើឲ្យមនុស្សជាច្រើនសៅហ្មង ១៦ ហើយដើម្បីកុំឲ្យមានអ្នកណាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ឬអ្នកណាដែលមិនឲ្យតម្លៃទៅលើអ្វីដែលពិសិដ្ឋ ដូចអេសាវដែលបានប្រគល់សិទ្ធិជាកូនច្បងដើម្បីប្ដូរយកអាហារតែមួយពេល។ ១៧ ពីព្រោះអ្នករាល់គ្នាដឹងថា ក្រោយមក ពេលដែលគាត់ចង់ទទួលពរនោះជាមត៌ក គាត់បានត្រូវបដិសេធ ព្រោះថា ទោះជាគាត់ស្រក់ទឹកភ្នែក ហើយខំប្រឹងអស់ពីចិត្តដើម្បីធ្វើឲ្យឪពុកដូរគំនិតក៏ដោយ ការនោះមិនបានសម្រេចទេ។
១៨ ព្រោះអ្នករាល់គ្នាមិនបានចូលទៅជិតភ្នំមួយដែលអ្នករាល់គ្នាអាចពាល់បាន ហើយដែលបានត្រូវធ្វើឲ្យមានភ្លើងឆេះ ថែមទាំងមានពពកខ្មៅ ភាពងងឹតសូន្យសុង និងព្យុះនៅជុំវិញ ១៩ សូរត្រែបន្លឺឡើង និងមានសំឡេងមួយបន្លឺទៅកាន់ពួកគេ ជាសំឡេងដែលបណ្ដាជនបានឮរួចអង្វរសូមកុំឲ្យមានប្រសាសន៍ទៅកាន់ពួកគេទៀត។ ២០ ព្រោះពួកគេខ្លាចបញ្ញត្ដិដែលថា៖ «ហើយប្រសិនបើមានសត្វណាប៉ះភ្នំនេះ ត្រូវគប់ដុំថ្មសម្លាប់សត្វនោះចោល»។ ២១ ម្យ៉ាងទៀត ការសម្ដែងនោះគួរឲ្យខ្លាចដល់ម្ល៉េះបានជាម៉ូសេនិយាយថា៖ «ខ្ញុំភ័យខ្លាច ក៏កំពុងញ័ររន្ធត់ផង»។ ២២ ប៉ុន្តែអ្នករាល់គ្នាបានចូលទៅជិតភ្នំស៊ីយ៉ូន ក្រុងរបស់ព្រះដែលមានជីវិតរស់នៅ និងក្រុងយេរូសាឡិមនាស្ថានសួគ៌ ព្រមទាំងទេវតាជាច្រើនអនេក ២៣ ដែលនៅជុំគ្នា និងក្រុមជំនុំរបស់បុត្រច្បងដែលមានឈ្មោះកត់ទុកនៅស្ថានសួគ៌ ព្រមទាំងព្រះដែលជាចៅក្រមរបស់មនុស្សទាំងអស់ និងមនុស្សសុចរិតដែលបានកើតពីសកម្មពល ហើយដែលបានត្រូវធ្វើឲ្យល្អឥតខ្ចោះ ២៤ និងលោកយេស៊ូជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងថ្មីមួយ ព្រមទាំងឈាមដែលលោកបានប្រោះមកលើយើង ជាឈាមដែលនិយាយប្រសើរជាងឈាមរបស់អេបិល។
២៥ ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នារកលេសមិនស្ដាប់បង្គាប់លោកដែលកំពុងមានប្រសាសន៍ឡើយ។ ព្រោះប្រសិនបើអស់អ្នកដែលបានរកលេសមិនស្ដាប់បង្គាប់អ្នកដែលប្រាប់សេចក្ដីព្រមានរបស់ព្រះនៅផែនដីមិនអាចគេចពីទោសនៅពេលនោះ ទម្រាំតែយើងវិញ យើងច្បាស់ជាមិនអាចគេចពីទោសបានឡើយ ប្រសិនបើយើងបែរចេញពីលោកដែលមានប្រសាសន៍ចេញពីស្ថានសួគ៌។ ២៦ នៅពេលនោះ សំឡេងរបស់លោកបានធ្វើឲ្យផែនដីរញ្ជួយ ប៉ុន្តែឥឡូវលោកបានសន្យាថា៖ «ខ្ញុំនឹងធ្វើឲ្យផែនដីនិងមេឃរញ្ជួយម្ដងទៀត»។ ២៧ ពាក្យថា«ម្ដងទៀត» បញ្ជាក់ថាអ្វីដែលនឹងត្រូវធ្វើឲ្យរញ្ជួយហើយដកចេញ ជាអ្វីដែលបានត្រូវបង្កើត ដើម្បីឲ្យអ្វីដែលនឹងមិនត្រូវធ្វើឲ្យរញ្ជួយនៅស្ថិតស្ថេរ។ ២៨ ដូច្នេះ ដោយឃើញថាយើងនឹងទទួលរាជាណាចក្រដែលមិនអាចត្រូវធ្វើឲ្យរញ្ជួយឡើយ ចូរយើងបន្តទទួលគុណដ៏វិសេសលើសលប់ជានិច្ច ដែលតាមរយៈគុណដ៏វិសេសលើសលប់នោះ យើងអាចបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះតាមរបៀបដែលលោកពេញចិត្ត ដោយកោតខ្លាចនិងមានចិត្តស្ញែង។ ២៩ ព្រោះព្រះរបស់យើងក៏ជាភ្លើងដែលបំផ្លិចបំផ្លាញដែរ។