-
ដំណើរចាកចេញ ២៥:៣១-៣៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ «អ្នកត្រូវយកមាសសុទ្ធមួយដុំមកដំធ្វើជាជើងចង្កៀង។+ ជើងចង្កៀងនោះត្រូវមានតួ ព្រមទាំងមែកបែកចេញពីតួនោះ។ ឯមែកនីមួយៗមានក្បាច់ផ្កាដែលក្ដោប ក្រពុំ និងរីក។ អ្នកមិនត្រូវធ្វើផ្នែកនីមួយៗដោយឡែកពីគ្នាទេ។+ ៣២ ជើងចង្កៀងនោះមានមែក៦ គឺម្ខាងមានមែក៣ ហើយម្ខាងទៀតក៏មានមែក៣ដែរ។ ៣៣ មែកទាំង៦ដែលបែកចេញពីតួចង្កៀង មានក្បាច់ផ្កាដែលក្ដោប ក្រពុំ និងរីក ក្បាច់ទាំងបីនោះឆ្លាស់គ្នា។ ក្នុងមួយមែកៗមានក្បាច់ផ្ការីកបី ហើយមានរាងដូចផ្កាអល់ម៉ុន។ ៣៤ ឯនៅលើតួចង្កៀងវិញ មានក្បាច់ផ្កាដែលក្ដោប ក្រពុំ និងរីក ឆ្លាស់គ្នាបួនដង។ ក្បាច់ផ្ការីកនេះក៏មានរាងដូចផ្កាអល់ម៉ុនដែរ។ ៣៥ ក្រោមមែកទាំង៦ដែលបែកចេញពីតួចង្កៀងមានផ្កាក្ដោប គឺក្រោមមែកមួយគូមានផ្កាក្ដោបមួយ ក្រោមមែកមួយគូទៀតមានផ្កាក្ដោបមួយ ហើយក្រោមមែកមួយគូចុងក្រោយក៏មានផ្កាក្ដោបមួយដែរ។ ៣៦ ទាំងមែក ទាំងផ្កាក្ដោប និងជើងចង្កៀងទាំងមូល ត្រូវដំធ្វើពីមាសសុទ្ធមួយដុំ។+ ៣៧ អ្នកត្រូវធ្វើចង្កៀង៧ដាក់នៅលើជើងចង្កៀងនោះ ដើម្បីកាលណាអ្នកអុជចង្កៀងទៅ ពន្លឺពីចង្កៀងនឹងជះទៅខាងមុខ។+ ៣៨ ឯប្រដាប់ពន្លត់ប្រឆេះនិងប្រដាប់ដាក់រងើកភ្លើង គឺត្រូវធ្វើពីមាសសុទ្ធទាំងអស់។+ ៣៩ អ្នកត្រូវយកមាសសុទ្ធមួយថាលិន*មកធ្វើជើងចង្កៀងនិងប្រដាប់ប្រដាទាំងនេះ។
-