-
ប្រវត្តិហេតុទី២ ១៨:១៨-២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ រួចមីកាយ៉ាបាននិយាយថា៖ «ដូច្នេះ សូមស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា។ ខ្ញុំបានឃើញព្រះយេហូវ៉ាអង្គុយលើបល្ល័ង្ករបស់លោក+ ដោយមានបណ្ដាកងទ័ពទាំងអស់នៅស្ថានសួគ៌+ឈរនៅខាងឆ្វេងនិងខាងស្ដាំលោក។+ ១៩ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹តើអ្នកណានឹងទៅបញ្ឆោតអាហាប់ឲ្យឡើងទៅច្បាំងនៅឯរ៉ាម៉ូតគីលាត ដើម្បីឲ្យគាត់ស្លាប់នៅទីនោះ?›។ មានទេវតាមួយឆ្លើយយ៉ាងនេះ ទេវតាមួយឆ្លើយយ៉ាងនោះ។ ២០ រួចមក មានទេវតាមួយរូប+ចេញមកឈរនៅចំពោះព្រះយេហូវ៉ា ហើយនិយាយថា៖ ‹ខ្ញុំនឹងទៅបញ្ឆោតគាត់›។ ព្រះយេហូវ៉ាបានសួរគាត់វិញថា៖ ‹តើអ្នកនឹងបញ្ឆោតគាត់ដូចម្ដេច?›។ ២១ គាត់បានឆ្លើយថា៖ ‹ខ្ញុំនឹងទៅដាក់ពាក្យបញ្ឆោតនៅក្នុងមាត់របស់ពួកអ្នកប្រកាសទំនាយទាំងអស់›។ ដូច្នេះ ព្រះបានមានប្រសាសន៍ថា៖ ‹ចូរទៅធ្វើដូច្នោះចុះ អ្នកនឹងធ្វើបានសម្រេចមែន›។ ២២ ហេតុនេះហើយបានជាព្រះយេហូវ៉ាអនុញ្ញាតឲ្យបុគ្គលវិញ្ញាណនោះ ទៅធ្វើឲ្យពួកអ្នកប្រកាសទំនាយប្រាប់ពាក្យកុហកដល់លោក។+ ប៉ុន្តែ ព្រះយេហូវ៉ាបានប្រកាសថាលោកនឹងជួបអន្តរាយមិនខាន»។
-
-
ដានីយ៉ែល ៧:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ «ខ្ញុំបន្តសម្លឹងមើល រហូតដល់ឃើញបល្ល័ង្កនានាត្រូវតាំងឡើង ហើយខ្ញុំឃើញព្រះដែលមានជីវិតតាំងពីបុរាណ+អង្គុយលើបល្ល័ង្កលោក។+ សម្លៀកបំពាក់លោកពណ៌សស្គុសដូចព្រិល+ ហើយសក់របស់លោកសស្អាតដូចរោមចៀម។ បល្ល័ង្កលោកជាអណ្ដាតភ្លើង ហើយកង់បល្ល័ង្កនោះជាភ្លើងឆេះសន្ធោសន្ធៅ។+ ១០ រួចខ្ញុំឃើញភ្លើងហូរចេញពីលោកមក+ ហើយមានទេវតា១.០០០រូបគុណនឹង១.០០០រូប កំពុងបម្រើលោក ថែមទាំងមានទេវតា១០.០០០រូបគុណនឹង១០.០០០រូប កំពុងឈរនៅចំពោះលោក។+ ពេលនោះ មានការបើកសវនាការ+ ហើយសៀវភៅផ្សេងៗក៏បានត្រូវបើកឡើង។
-