បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 យូដាស ១-២៥
  • យូដាស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យូដាស
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
យូដាស

សំបុត្រ​របស់​យូដាស

១ ពី​ខ្ញុំ យូដាស ជា​ខ្ញុំ​បម្រើ​របស់​លោក​យេស៊ូ​គ្រិស្ត* ហើយ​ជា​ប្អូន​របស់​យ៉ាកុប ជូន​ចំពោះ​អស់​អ្នក​ដែល​បាន​ត្រូវ​ហៅ​និង​បាន​ត្រូវ​រក្សា​ទុក​សម្រាប់​លោក​យេស៊ូ​គ្រិស្ត គឺ​អ្នក​ដែល​ជា​ទី​ស្រឡាញ់​របស់​ព្រះ​ជា​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌។

២ សូម​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​នូវ​សេចក្ដី​មេត្ដា​ករុណា សេចក្ដី​សុខសាន្ត និង​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ឡើង​ពី​ព្រះ។

៣ អ្នក​រាល់​គ្នា​ជា​ទី​ស្រឡាញ់​អើយ! ទោះ​ជា​ខ្ញុំ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា​អំពី​សេចក្ដី​សង្គ្រោះ​ដែល​យើង​នឹង​ទទួល​ក៏​ដោយ តែ​ឥឡូវ​ខ្ញុំ​យល់​ថា ជា​ការ​ចាំ​បាច់​ត្រូវ​តែ​សរសេរ​ដាស់​តឿន​អ្នក​រាល់​គ្នា ឲ្យ​តស៊ូ​ដើម្បី​ការពារ​ជំនឿ ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​អ្នក​បរិសុទ្ធ​ទាំង​ឡាយ​មួយ​ដង​ជា​ការ​ស្រេច។ ៤ ខ្ញុំ​ត្រូវ​សរសេរ​ពីព្រោះ​មាន​បុរស​ខ្លះ​បាន​លួច​បន្លំ​ចូល​មក​ក្នុង​ចំណោម​យើង ហើយ​បុរស​ទាំង​នោះ​ដែល​មិន​គោរព​ព្រះ បាន​យក​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ជា​លេស ដើម្បី​បណ្ដោយ​ខ្លួន​ទៅ​តាម​សីលធម៌​ធូរ​រលុង។* ពួក​គេ​ក៏​បាន​ក្បត់​ម្ចាស់​តែ​មួយ​របស់​យើង​គឺ​លោក​យេស៊ូ​គ្រិស្ត ដែល​បាន​ទិញ​យើង​មក។ ទោស​ដែល​បុរស​ទាំង​នេះ​ត្រូវ​ទទួល បាន​ត្រូវ​កំណត់​ទុក​តាំង​ពី​យូរ​យារ​មក​ហើយ​ក្នុង​បទ​គម្ពីរ។

៥ ថ្វី​បើ​អ្នក​រាល់​គ្នា​ដឹង​ទាំង​អស់​រួច​ហើយ​ក្ដី ក៏​ខ្ញុំ​ចង់​រំលឹក​អ្នក​ថា ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ប្រជាជាតិ​មួយ​ឲ្យ​ចេញ​ពី​ស្រុក​អេស៊ីប​ក៏​ដោយ តែ​ក្រោយ​មក លោក​បាន​បំផ្លាញ​ចោល​អ្នក​ដែល​មិន​ជឿ​ក្នុង​ចំណោម​ពួក​គេ។ ៦ ចំណែក​បណ្ដា​ទេវតា​ដែល​បាន​បោះបង់​ចោល​សភាព​ដើម និង​ស្ថាន​ដែល​ខ្លួន​ត្រូវ​នៅ​នោះ ព្រះក៏​បាន​ឃុំ​ទេវតា​ទាំង​នោះ​ក្នុង​ភាព​ងងឹត​សូន្យសុង​ទាំង​ជាប់​ចំណង​ជា​និច្ច ដើម្បី​ទទួល​ការ​វិនិច្ឆ័យ​ទោស​នៅ​ថ្ងៃ​ដ៏​ធំ។ ៧ ស្រ​ដៀង​គ្នា​នឹង​ទេវតា​ទាំង​នោះ​ដែរ មនុស្ស​នៅ​ក្រុង​សូដុម​និង​កូម៉ូរ៉ា ព្រម​ទាំង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ បាន​ឈ្លក់​វង្វេង​នឹង​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* ក៏​បាន​ស្វះ​ស្វែងរក​បំពេញ​កាម​តណ្ហា​ខុស​ពី​ធម្មជាតិ ហើយ​ពួក​គេ​បាន​ទទួល​ការ​វិនិច្ឆ័យ​ទោស ជា​ភ្លើង​ដែល​ឆេះ​ជា​រៀង​រហូត។ អ្វី​ដែល​បាន​កើត​ឡើង​ដល់​មនុស្ស​ទាំង​នោះ ត្រូវ​ទុក​ជា​ការ​ព្រមាន​ដល់​យើង។

៨ ដូច​គ្នា​ដែរ បុរស​ទាំង​នេះ ដែល​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​ការ​ស្រមើ​ស្រមៃ កំពុង​បង្ខូច​ខ្លួន​ឯង​និង​អ្នក​ឯ​ទៀត ព្រម​ទាំង​មើល​ងាយ​អ្នក​ដែល​មាន​អំណាច​លើ​ពួក​គេ និង​និយាយ​ប្រមាថ​អ្នក​ដែល​ព្រះ​បាន​ផ្ដល់​កិត្ដិយស​ឲ្យ​ផង។ ៩ ក៏​ប៉ុន្តែ ពេល​ដែល​មហា​ទេវតា​មីកែល​មាន​ទំនាស់​ជា​មួយ​នឹង​មេកំណាច* ហើយ​ជំទាស់​អំពី​សព​របស់​ម៉ូសេ នោះ​លោក​មិន​ហ៊ាន​ផ្ដន្ទា​ទោស​ដោយ​ពាក្យ​ប្រមាថ​ទេ។ តែ​លោក​មាន​ប្រសាសន៍​ថា៖ «សូម​ព្រះ​យេហូវ៉ា​ស្តីបន្ទោស​អ្នក​ចុះ!»។ ១០ រីឯ​បុរស​ទាំង​នោះ ពួក​គេ​និយាយ​ប្រមាថ​អំពី​អ្វីៗ​ដែល​តាម​ពិត ពួក​គេ​មិន​យល់​សោះ តែ​អ្វីៗ​ដែល​ពួក​គេ​ដឹង​គឺ​តាម​លក្ខណៈ​ធម្មជាតិ ដូច​សត្វ​ដែល​គ្មាន​វិចារណញ្ញាណ គឺ​ពួក​គេ​ចេះ​តែ​បង្ខូច​ខ្លួន​ទៅ​តាម​អ្វីៗ​ទាំង​នោះ។

១១ គួរ​ឲ្យ​ស្ដាយ​ណាស់! ពីព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​ដូច​កាអ៊ីន ហើយ​បាន​ស្ទុះ​ទៅ​ធ្វើ​អំពើ​ខុស​ឆ្គង​ដូច​បាឡាម​ដើម្បី​បាន​ប្រាក់​ឈ្នួល ព្រម​ទាំង​បាន​វិនាស​ដោយ​សារ​ការ​បំបះបំបោរ​របស់​កូរ៉ា។ ១២ ពួក​គេ​គឺ​ដូច​ជា​ផ្ទាំង​ថ្ម​នៅ​ក្រោម​ផ្ទៃ​ទឹក ពេល​ដែល​គេ​ជប់​លៀង​សំណេះសំណាល​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក៏​ជា​គង្វាល​ដែល​គិតតែ​ពី​ក្រពះ​ខ្លួន ដោយ​ឥត​អៀន​ខ្មាស ថែម​ទាំង​ប្រៀប​ដូច​ជា​ពពក​ឥត​ភ្លៀង​ដែល​រសាត់​ទៅ​តាម​ខ្យល់ ហើយ​ក៏​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មិន​បង្កើត​ផល​តាម​រដូវ​កាល រួច​ត្រូវ​គេ​រំលើង​ចោល ពីព្រោះ​បាន​ងាប់​ពីរ​ដង។ ១៣ ពួក​គេ​ដូច​ជា​រលក​សមុទ្រ​ដែល​បក់​បោក​បែក​ពពុះ​ចេញ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​គេ ហើយ​ក៏​ដូច​ជា​ផ្កាយ​វង្វេង​ទិស ដែលត្រូវ​បម្រុង​ទុក​ឲ្យ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ជា​រៀង​រហូត។

១៤ អេណុក ដែល​ជា​តំណ​ទី​ប្រាំពីរ​ពី​អាដាម​មក បាន​ប្រកាស​ទំនាយ​អំពី​អ្នក​ទាំង​នោះ​ថា៖ «មើល! ព្រះ​យេហូវ៉ា​បាន​មក​ជា​មួយ​នឹង​ទេវតា​បរិសុទ្ធ​រាប់​ម៉ឺន​របស់​លោក ១៥ ដើម្បី​ដាក់​ទោស​មនុស្ស​ទុច្ចរិត* ហើយ​បញ្ជាក់​នូវ​ទោស​កំហុស​របស់​ពួក​គេ​ក្នុង​អំពើ​ទុច្ចរិត​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​យ៉ាង​ទុច្ចរិត ហើយ​ស្តី​អំពី​សម្ដី​ដ៏​គួរ​ខ្ពើម​រអើម​ដែល​មនុស្ស​ទុច្ចរិត​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បាន​ពោល​ប្រឆាំង​លោក»។

១៦ បុរស​ទាំង​នេះ​ចេះ​តែ​ត្អូញត្អែរ រអ៊ូ​រទាំ​អំពី​ជីវភាព​របស់​ខ្លួន ហើយ​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់។ ពួក​គេ​និយាយ​អួត​ខ្លួន ព្រម​ទាំង​រក​ផ្គាប់ផ្គុន​អ្នក​ដទៃ​ដើម្បី​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន។

១៧ ចំណែក​អ្នក​រាល់​គ្នា​ជា​ទី​ស្រឡាញ់​អើយ! ចូរ​នឹក​ដល់​សម្ដី​របស់​បណ្ដា​សាវ័ក​នៃ​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​យើង ដែល​ពួក​គាត់​បាន​និយាយ​ប្រាប់​កាលពីមុន។ ១៨ ពួក​គាត់​ធ្លាប់​ប្រាប់​អ្នក​រាល់​គ្នា​ថា៖ «នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​ពួក​អ្នក​ចំអក ដែល​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​អំពើ​ទុច្ចរិត»។ ១៩ គឺ​បុរស​ទាំង​នេះ​ដែល​ធ្វើ​ឲ្យ​បែកបាក់​គ្នា ថែម​ទាំង​ជា​អ្នក​ប្រព្រឹត្ត​ដូច​សត្វ​ធាតុ ហើយ​ក៏​គ្មាន​សកម្មពល* របស់​ព្រះ​ដែរ។ ២០ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ទី​ស្រឡាញ់​អើយ! ដោយ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​មាំ​មួន​ឡើង​ដោយ​ផ្អែក​លើ​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក ព្រម​ទាំង​អធិដ្ឋាន​ដោយ​នូវ​សកម្មពល​របស់​ព្រះ ២១ ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ កាល​ដែល​អ្នក​ទន្ទឹង​រង់​ចាំ​ទទួល​នូវ​សេចក្ដី​មេត្ដា​ករុណា​ពី​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​យើង ដើម្បី​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ២២ បន្ថែម​ទៅ​ទៀត ចូរ​មាន​ចិត្ត​មេត្ដា​ត​ទៅ​ទៀត​ចំពោះ​អ្នក​ខ្លះ​ដែល​មាន​ការ​សង្ស័យ ២៣ ហើយ​សង្គ្រោះ​ពួក​គេ ដោយ​កន្ដ្រាក់​ពួក​គេ​ចេញ​ពី​ភ្លើង។ ប៉ុន្តែ ចំពោះ​អ្នក​ឯ​ទៀត​វិញ ចូរ​មាន​ចិត្ត​មេត្ដា​ត​ទៅ​ទៀត ថែម​ទាំង​ប្រុង​ប្រយ័ត្ន​ផង កាល​ដែល​អ្នក​រាល់​គ្នា​ស្អប់​ទាំង​សម្លៀក​បំពាក់​ក្នុង ដែល​ប្រឡាក់​ដោយ​សារ​រូប​កាយ។

២៤ ចំពោះ​ព្រះ​ដែល​អាច​ការពារ​អ្នក​រាល់​គ្នា កុំ​ឲ្យ​ជំពប់​ដួល* ហើយ​ដែល​អាច​ទុក​អ្នក​រាល់​គ្នា​ឲ្យ​ឥត​សៅហ្មង​នៅ​មុខ​សិរី​រុងរឿង​របស់​លោក​ដោយ​មាន​អំណរ​ក្រៃ​លែង ២៥ សូម​លោក​ដែល​ជា​ព្រះ​តែ​មួយ និង​អ្នក​សង្គ្រោះ​យើង តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​យើង មាន​សិរី​រុងរឿង ភាព​ឧត្តុង្គឧត្តម ឫទ្ធានុភាព និង​អំណាច​ស្ថិតស្ថេរ​ជា​និច្ចកាល​ត​រៀង​មក​ដល់​ឥឡូវ​នេះ និង​ជា​រៀង​រហូត​ត​ទៅ។ អាមេន។

[កំណត់​សម្គាល់]

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

មើល​កំណត់​សម្គាល់​កា​ឡ ៥:១៩

មើល​កំណត់​សម្គាល់​ម៉ាថ ៥:៣២

ភាសា​ក្រិច​«ឌីអាបូ​ឡូស»។ មាន​ន័យ​ថា​«អ្នក​បង្កាច់​បង្ខូច»

ឬ​«វិនិច្ឆ័យ​មនុស្ស​ទាំង​អស់»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ៥:២៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក