សំបុត្រទីបីរបស់យ៉ូហាន
១ ពីខ្ញុំ ជាបុរសចាស់ទុំ ជូនចំពោះកៃយុសជាទីស្រឡាញ់ ដែលខ្ញុំស្រឡាញ់យ៉ាងស្មោះ។
២ មិត្តជាទីស្រឡាញ់អើយ! ខ្ញុំអធិដ្ឋានសុំឲ្យអ្នកបានប្រកបដោយសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ប្រការ ដូចអ្នកកំពុងមានឥឡូវនេះ ៣ ពីព្រោះខ្ញុំបានត្រេកអរខ្លាំងណាស់ ពេលដែលមានបងប្អូនមកទីនេះ ហើយបញ្ជាក់ថាអ្នកបានកាន់ខ្ជាប់តាមសេចក្ដីពិត ដូចអ្នកកំពុងកាន់តាម* ឥឡូវនេះដែរ។ ៤ គ្មានអ្វីធ្វើឲ្យខ្ញុំអរសប្បាយជាងការទទួលដំណឹងថា កូនៗរបស់ខ្ញុំកំពុងកាន់ខ្ជាប់តាមសេចក្ដីពិតនោះឡើយ។
៥ មិត្តជាទីស្រឡាញ់អើយ! ពេលណាក៏ដោយដែលអ្នកជួយបងប្អូន ជាពិសេសបងប្អូនដែលអ្នកមិនធ្លាប់ស្គាល់ នោះអ្នកកំពុងបង្ហាញសេចក្ដីស្មោះត្រង់ហើយ។ ៦ បងប្អូនទាំងនោះបានលើកបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់អ្នកនៅមុខក្រុមជំនុំ។ កាលណាពួកគាត់ចេញដំណើរទៅ សូមផ្គត់ផ្គង់ពួកគាត់ឲ្យសមត្រឹមត្រូវតាមទស្សនៈរបស់ព្រះ។ ៧ ពីព្រោះពួកគាត់បានចេញទៅដើម្បីនាមរបស់ព្រះ ដោយមិនទទួលយកអ្វីពីអ្នកដទៃ* ឡើយ។ ៨ ហេតុដូច្នេះហើយ យើងមានភារកិច្ចទទួលស្វាគមន៍បងប្អូនទាំងនោះយ៉ាងរាក់ទាក់ ដើម្បីធ្វើជាអ្នករួមការងារជាមួយនឹងពួកគាត់ក្នុងសេចក្ដីពិត។
៩ ពីមុនខ្ញុំបានសរសេរទៅកាន់ក្រុមជំនុំ ប៉ុន្តែឌីអូត្រែបដែលចូលចិត្តធ្វើជាអ្នកធំជាងគេក្នុងក្រុមជំនុំ មិនព្រមទទួលអ្វីពីយើងដោយសេចក្ដីគោរពទេ។ ១០ ម្ល៉ោះហើយ បើខ្ញុំទៅទីនោះ ខ្ញុំនឹងនឹកឃើញអំពីអ្វីដែលគាត់កំពុងធ្វើ គឺគាត់ចេះតែនិយាយអាក្រក់អំពីយើង។ ប៉ុណ្ណឹងហើយ មិនគ្រប់គ្រាន់ទៀត គាត់ថែមទាំងមិនព្រមទទួលបងប្អូនដោយសេចក្ដីគោរព ហើយបើមានអ្នកណាចង់ទទួលស្វាគមន៍បងប្អូនទាំងនោះ គាត់ខំរារាំងហើយបណ្ដេញអ្នកនោះចេញពីក្រុមជំនុំទៀតផង។
១១ មិត្តជាទីស្រឡាញ់អើយ! ចូរយកតម្រាប់តាមគំរូល្អ មិនមែនតាមគំរូអាក្រក់ឡើយ។ អ្នកណាដែលប្រព្រឹត្តអំពើល្អ អ្នកនោះមកពីព្រះ។ តែអ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ អ្នកនោះមិនបានឃើញព្រះទេ។ ១២ បងប្អូនទាំងនោះបានធ្វើការបញ្ជាក់អំពីដេមេទ្រាសហើយ។ របៀបគាត់ប្រព្រឹត្តតាមសេចក្ដីពិតក៏បានបញ្ជាក់អំពីខ្លួនគាត់ដែរ។ តាមពិត យើងក៏ធ្វើការបញ្ជាក់អំពីគាត់ ហើយអ្នកដឹងថាសេចក្ដីបញ្ជាក់របស់យើងគឺជាការពិត។
១៣ មានរឿងជាច្រើនទៀតដែលខ្ញុំចង់រៀបរាប់ប្រាប់អ្នក។ ប៉ុន្តែខ្ញុំមិនចង់សរសេរនៅក្នុងសំបុត្រទេ ១៤ ព្រោះខ្ញុំសង្ឃឹមថានឹងជួបអ្នកឆាប់ៗខាងមុខនេះ ហើយយើងអាចនិយាយផ្ទាល់មាត់ជាមួយគ្នា។
សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខចុះ!
មិត្តទាំងឡាយនៅទីនេះបានផ្ដាំសួរសុខទុក្ខហើយខ្ញុំក៏សូមសួរសុខទុក្ខមិត្តម្នាក់ៗនៅទីនោះដែរ។
[កំណត់សម្គាល់]
ន័យត្រង់«កំពុងដើរក្នុងសេចក្ដីពិត»
ន័យត្រង់«ជនជាតិដទៃ»។ ទំនងជាសំដៅទៅអស់អ្នកដែលមិនមែនជាជនជាតិយូដា ហើយមិនជឿលើគ្រិស្ត