បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt បណ្ដាស្ដេចទី២ ១:១-២៥:៣០
  • បណ្ដាស្ដេចទី២

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បណ្ដាស្ដេចទី២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី២

បណ្ដា​ស្ដេច​ទី​២

១ ក្រោយ​ពី​អាហាប់​បាន​ស្លាប់ ជន​ជាតិ​ម៉ូអាប់+បាន​បះ​បោរ​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។

២ នៅ​គ្រា​នោះ មាន​ថ្ងៃ​មួយ​អាហាស៊ីយ៉ា​នៅ​បន្ទប់​លើ​ដំបូល​វិមាន​នា​ក្រុង​សាម៉ារី។ លើ​ដំបូល​នោះ​មាន​ប្រហោង​ដែល​មាន​ចម្រឹង​ឈើ​គ្រប​លើ​សម្រាប់​ឲ្យ​ខ្យល់​ចេញ​ចូល។ គាប់​ជួន​គាត់​ជាន់​ចម្រឹង​នោះ ហើយ​ធ្លាក់​ទៅ​ក្រោម បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់។ ដូច្នេះ គាត់​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ដោយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​សួរ​ព្រះ​បាលសេប៊ូល​ជា​ព្រះ​នៃ​ក្រុង​អេក្រុន+ ដើម្បី​ឲ្យ​ដឹង​ថា​របួស​ខ្ញុំ​នឹង​ជា​ឬ​ក៏​មិន​ជា​»។+ ៣ នៅ​ពេល​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​និយាយ​ទៅ​កាន់​អេលីយ៉ា*+ជា​អ្នក​ភូមិ​ធេសប៊ី​ថា​៖ ​«​ចូរ​ក្រោក​ឡើង​ទៅ​ជួប​ពួក​អ្នក​នាំ​សារ​របស់​ស្ដេច​ក្រុង​សាម៉ារី ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ‹តើ​ក្នុង​ស្រុក​អ៊ីស្រាអែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​ទៅ​សួរ​ព្រះ​បាលសេប៊ូល​ជា​ព្រះ​នៃ​ក្រុង​អេក្រុន​ដូច្នេះ?+ ៤ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​នឹង​ក្រោក​ពី​គ្រែ​មិន​រួច​ទេ ព្រោះ​អ្នក​នឹង​ស្លាប់​ជា​មិន​ខាន​»​›​»។ ក្រោយ​ប្រាប់​រួច អេលីយ៉ា​ក៏​ចាក​ចេញ​ទៅ។

៥ ពួក​អ្នក​នាំ​សារ​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ឯ​អាហាស៊ីយ៉ា​វិញ ពេល​នោះ​គាត់​ក៏​បាន​សួរ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​ក៏​អ្នក​រាល់​គ្នា​ត្រឡប់​មក​វិញ​ដូច្នេះ?​»។ ៦ ពួក​គេ​បាន​ឆ្លើយ​តប​ទៅ​គាត់​ថា​៖ ​«​មាន​បុរស​ម្នាក់​មក​ជួប​ពួក​ខ្ញុំ ហើយ​គាត់​បាន​ប្រាប់​ថា​៖ ‹ចូរ​ត្រឡប់​ទៅ​ឯ​ស្ដេច ហើយ​ប្រាប់​លោក​វិញ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹តើ​ក្នុង​ស្រុក​អ៊ីស្រាអែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​ទៅ​សួរ​ព្រះ​បាលសេប៊ូល​ជា​ព្រះ​នៃ​ក្រុង​អេក្រុន​ដូច្នេះ? ហេតុ​នេះ អ្នក​នឹង​ក្រោក​ពី​គ្រែ​មិន​រួច​ទេ ព្រោះ​អ្នក​នឹង​ស្លាប់​ជា​មិន​ខាន›​»​›​»។+ ៧ ឮ​ដូច្នេះ គាត់​សួរ​ពួក​គេ​ថា​៖ ​«​តើ​បុរស​ដែល​បាន​មក​ជួប​អ្នក ហើយ​ប្រាប់​ពាក្យ​ទាំង​នេះ​មាន​រូប​រាង​បែប​ណា?​»។ ៨ ពួក​គេ​ក៏​ប្រាប់​គាត់​ថា​៖ ​«​បុរស​នោះ​ពាក់​អាវ​ធ្វើ​ពី​រោម​សត្វ+ ហើយ​ចង​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ​»។+ អាហាស៊ីយ៉ា​ក៏​និយាយ​ភ្លាម​ថា​៖ ​«​នោះ​គឺ​ជា​អេលីយ៉ា​ជា​អ្នក​ភូមិ​ធេសប៊ី​»។

៩ បន្ទាប់​មក ស្ដេច​បាន​ចាត់​មេ​កង​លើ​ពួក​បុរស​៥០​នាក់​ឲ្យ​នាំ​កូន​ចៅ​គាត់ ទៅ​ជួប​អេលីយ៉ា។ ពេល​ទៅ​ដល់ គាត់​ឃើញ​អេលីយ៉ា​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ។ មេ​កង​នោះ​បាន​និយាយ​ទៅ​កាន់​អេលីយ៉ា​ថា​៖ ​«​តំណាង​ព្រះ​ពិត​អើយ!+ ស្ដេច​បាន​បង្គាប់​ថា​៖ ‹ចូរ​ចុះ​មក›​»។ ១០ ប៉ុន្តែ អេលីយ៉ា​បាន​ឆ្លើយ​តប​ទៅ​មេ​កង​នោះ​ថា​៖ ​«​បើ​ខ្ញុំ​ជា​តំណាង​ព្រះ​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ+មក​ឆាប​ឆេះ​អ្នក​និង​ពួក​បុរស​៥០​នាក់​នេះ​ទៅ​»។ ភ្លាម​នោះ ភ្លើង​ក៏​បាន​ធ្លាក់​ពី​លើ​មេឃ​មក​ឆាប​ឆេះ​មេ​កង​និង​ពួក​បុរស​៥០​នាក់​នោះ​មែន។

១១ ដូច្នេះ ស្ដេច​ក៏​ចាត់​មេ​កង​ម្នាក់​ទៀត​ឲ្យ​នាំ​ពួក​បុរស​៥០​នាក់​ដែល​នៅ​ក្រោម​បង្គាប់​គាត់ ទៅ​ជួប​អេលីយ៉ា។ ពេល​ទៅ​ដល់ មេ​កង​នោះ​បាន​និយាយ​ទៅ​កាន់​អេលីយ៉ា​ថា​៖ ​«​តំណាង​ព្រះ​ពិត​អើយ ស្ដេច​បាន​បង្គាប់​ថា​៖ ‹ចូរ​ចុះ​មក​ជា​ប្រញាប់›​»។ ១២ ប៉ុន្តែ អេលីយ៉ា​បាន​តប​ថា​៖ ​«​បើ​ខ្ញុំ​ជា​តំណាង​ព្រះ​ពិត​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ឆាប​ឆេះ​អ្នក​និង​ពួក​បុរស​៥០​នាក់​នេះ​ទៅ​»។ រំពេច​នោះ ភ្លើង​ពី​ព្រះ​ក៏​បាន​ធ្លាក់​ពី​លើ​មេឃ​មក​ឆាប​ឆេះ​មេ​កង​និង​ពួក​បុរស​៥០​នាក់​នោះ​មែន។

១៣ ក្រោយ​មក ស្ដេច​ក៏​ចាត់​មេ​កង​ម្នាក់​ទៀត​ឲ្យ​នាំ​ពួក​បុរស​៥០​នាក់​ដែល​នៅ​ក្រោម​បង្គាប់​គាត់ ទៅ​ជួប​អេលីយ៉ា។ ប៉ុន្តែ ពេល​មេ​កង​នោះ​ទៅ​ដល់ គាត់​បាន​លុត​ជង្គង់​ក្រាប​គោរព​នៅ​មុខ​អេលីយ៉ា ហើយ​អង្វរ​សុំ​ក្ដី​មេត្តា​ថា​៖ ​«​ឱ​តំណាង​ព្រះ​ពិត​អើយ សូម​ប្រណី​ជីវិត​ខ្ញុំ​និង​ជីវិត​បុរស​៥០​នាក់​នេះ​ដែល​ជា​អ្នក​បម្រើ​លោក​ផង។ ១៤ ភ្លើង​បាន​ធ្លាក់​ពី​លើ​មេឃ​មក​ឆាប​ឆេះ​មេ​កង​មុន​ៗ​និង​ពួក​បុរស​៥០​នាក់​របស់​ពួក​គាត់​អស់​ហើយ។ ប៉ុន្តែ លើក​នេះ​សូម​ប្រណី​ជីវិត​ខ្ញុំ​ផង​»។

១៥ ពេល​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេលីយ៉ា​ថា​៖ ​«​ចូរ​ចុះ​ទៅ​តាម​គាត់​ចុះ កុំ​ខ្លាច​គាត់​ឡើយ​»។ ដូច្នេះ អេលីយ៉ា​បាន​ក្រោក​ឡើង ហើយ​ចុះ​ទៅ​ជួប​ស្ដេច​ជា​មួយ​នឹង​គាត់។ ១៦ ពេល​ទៅ​ដល់ អេលីយ៉ា​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹អ្នក​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​សួរ​ព្រះ​បាលសេប៊ូល​ជា​ព្រះ​នៃ​ក្រុង​អេក្រុន។+ តើ​ដោយ​សារ​តែ​គ្មាន​ព្រះ​ក្នុង​ស្រុក​អ៊ីស្រាអែល​ឬ?+ ហេតុ​អ្វី​ក៏​អ្នក​មិន​សួរ​រក​ប្រសាសន៍​របស់​លោក​វិញ? ហេតុ​នេះ អ្នក​នឹង​ក្រោក​ពី​គ្រែ​មិន​រួច​ទេ ព្រោះ​អ្នក​នឹង​ស្លាប់​ជា​មិន​ខាន›​»។ ១៧ ដូច្នេះ អាហាស៊ីយ៉ា​បាន​ស្លាប់ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​អេលីយ៉ា។ អាហាស៊ីយ៉ា​គ្មាន​កូន​ប្រុស​ទេ ហេតុ​នេះ​យេហូរ៉ាម+ជា​ប្អូន​ប្រុស​គាត់​បាន​ក្លាយ​ជា​ស្ដេច​បន្ទាប់​ពី​គាត់ គឺ​នៅ​ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​យេហូរ៉ាម+កូន​យេហូសាផាត ជា​ស្ដេច​ស្រុក​យូដា។

១៨ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អាហាស៊ីយ៉ា+បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។

២ កាល​ដែល​ព្រះ​យេហូវ៉ា​ហៀបនឹង​លើក​អេលីយ៉ា+ឡើង​ទៅ​លើ​មេឃ​ដោយ​ខ្យល់​ព្យុះ+ អេលីយ៉ា​និង​អេលីសេ+បាន​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​គីលកាល។+ ២ អេលីយ៉ា​បាន​និយាយ​ទៅ​កាន់​អេលីសេ​ថា​៖ ​«​សូម​ចាំ​នៅ​ទី​នេះ​សិន ព្រោះ​ព្រះ​យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​បេតអែល​»។ រួច​អេលីសេ​បាន​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ និង​ស្បថ​ចំពោះ​លោក​ម្ចាស់​ថា ខ្ញុំ​នឹង​មិន​ចាក​ចេញ​ពី​លោក​ឡើយ​»។ ដូច្នេះ ពួក​គាត់​ក៏​ចុះ​ទៅ​ក្រុង​បេតអែល។+ ៣ រួច​មក កូន​ចៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ*នៅ​បេតអែល​បាន​មក​ជួប​អេលីសេ ហើយ​ប្រាប់​ថា​៖ ​«​តើ​អ្នក​ដឹង​ទេ ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​នឹង​យក​លោក​ម្ចាស់​ដែល​ជា​ប្រមុខ​របស់​អ្នក​ទៅ​ហើយ?​»។+ អេលីសេ​ក៏​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ដឹង​ហើយ។ មិន​បាច់​និយាយ​ទៀត​ទេ​»។

៤ បន្ទាប់​មក អេលីយ៉ា​បាន​និយាយ​ទៅ​កាន់​អេលីសេ​ថា​៖ ​«​សូម​ចាំ​នៅ​ទី​នេះ​សិន ព្រោះ​ព្រះ​យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរីខូ​»។+ រួច​អេលីសេ​បាន​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ និង​ស្បថ​ចំពោះ​លោក​ម្ចាស់​ថា ខ្ញុំ​នឹង​មិន​ចាក​ចេញ​ពី​លោក​ម្ចាស់​ឡើយ​»។ ដូច្នេះ ពួក​គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរីខូ។ ៥ ពេល​នោះ កូន​ចៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​នៅ​ក្រុង​យេរីខូ​ក៏​បាន​មក​ជួប​អេលីសេ ហើយ​ប្រាប់​ថា​៖ ​«​តើ​អ្នក​ដឹង​ទេ ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​នឹង​យក​លោក​ម្ចាស់​ដែល​ជា​ប្រមុខ​របស់​អ្នក​ទៅ​ហើយ?​»។ អេលីសេ​ក៏​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ដឹង​ហើយ។ មិន​បាច់​និយាយ​ទៀត​ទេ​»។

៦ ក្រោយ​មក អេលីយ៉ា​បាន​និយាយ​ទៅ​កាន់​អេលីសេ​ថា​៖ ​«​សូម​ចាំ​នៅ​ទី​នេះ​សិន ព្រោះ​ព្រះ​យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទន្លេយ៉ូដាន់​»។ រួច​អេលីសេ​បាន​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ និង​ស្បថ​ចំពោះ​លោក​ម្ចាស់​ថា ខ្ញុំ​នឹង​មិន​ចាក​ចេញ​ពី​លោក​ម្ចាស់​ឡើយ​»។ ដូច្នេះ ពួក​គាត់​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ។ ៧ ឯ​កូន​ចៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ចំនួន​៥០​នាក់​ក៏​បាន​ទៅ​ដែរ ហើយ​ពួក​គេ​បាន​ឈរ​មើល​ពួក​គាត់​ពី​ចម្ងាយ កាល​ដែល​ពួក​គាត់​ឈរ​នៅ​ជិត​ទន្លេយ៉ូដាន់។ ៨ បន្ទាប់​មក អេលីយ៉ា​ក៏​បាន​ដោះ​អាវ*របស់​គាត់+យក​មក​មូរ រួច​វាយ​ទឹក​ទន្លេ​នោះ។ រំពេច​នោះ ទឹក​ទន្លេ​ក៏​ញែក​ចេញ​ពី​គ្នា ដើម្បី​ពួក​គាត់​ទាំង​ពីរ​អាច​ដើរ​ឆ្លង​តាម​បាត​ទន្លេ។+

៩ កាល​ដែល​ពួក​គាត់​ដើរ​ឆ្លង​ផុត​ហើយ អេលីយ៉ា​បាន​និយាយ​ទៅ​កាន់​អេលីសេ​ថា​៖ ​«​មុន​នឹង​ខ្ញុំ​ត្រូវ​នាំ​យក​ទៅ តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?​»។ ដូច្នេះ អេលីសេ​បាន​និយាយ​ថា​៖ ​«​សូម​ឲ្យ​ឫទ្ធានុភាព*ពី​ព្រះ+ដល់​ខ្ញុំ មួយ​ជា​ពីរ​ផង​»។+ ១០ អេលីយ៉ា​បាន​ឆ្លើយ​ថា​៖ ​«​សំណូម​ពរ​របស់​អ្នក​ពិបាក​ណាស់។ ប៉ុន្តែ បើ​អ្នក​ឃើញ​ខ្ញុំ កាល​ដែល​ខ្ញុំ​ត្រូវ​នាំ​យក​ទៅ អ្នក​នឹង​ទទួល​មែន តែ​បើ​អ្នក​មិន​ឃើញ​ទេ នោះ​អ្នក​នឹង​មិន​ទទួល​ឡើយ​»។

១១ កាល​ដែល​អេលីយ៉ា​និង​អេលីសេ​ដើរ​បណ្ដើរ​និយាយ​គ្នា​បណ្ដើរ ស្រាប់​តែ​ឃើញ​មាន​រទេះ​ចម្បាំង​ជា​ភ្លើង​ដែល​ទឹម​ដោយ​សេះ​ភ្លើង+លេច​មក ញែក​ពួក​គាត់​ទាំង​ពីរ​ចេញ​ពី​គ្នា។ ពេល​នោះ ខ្យល់​ព្យុះ​បាន​យក​អេលីយ៉ា​ឡើង​ទៅ​លើ​មេឃ។+ ១២ អេលីសេ​ក៏​សម្លឹង​ទៅ​គាត់ ហើយ​ស្រែក​ឡើង​ថា​៖ ​«​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ! នុ៎ះ​ន៏! រទេះ​ចម្បាំង​នៃ​អ៊ីស្រាអែល និង​ពល​សេះ!​»។+ ក្រោយ​មក អេលីសេ​ក៏​លែង​ឃើញ​អេលីយ៉ា​ទៀត ហើយ​គាត់​បាន​ចាប់​ហែក​សម្លៀក​បំពាក់​របស់​គាត់​ជា​ពីរ​ចំណែក។+ ១៣ ក្រោយ​ពី​នោះ​គាត់​បាន​យក​អាវ*+របស់​អេលីយ៉ា​ដែល​បាន​ជ្រុះ​មក ហើយ​ក៏​ត្រឡប់​ទៅ​ឈរ​ក្បែរ​ច្រាំង​ទន្លេយ៉ូដាន់​វិញ។ ១៤ បន្ទាប់​មក អេលីសេ​បាន​យក​អាវ​នោះ ទៅ​វាយ​ទឹក​ទន្លេ រួច​និយាយ​ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អេលីយ៉ា​នៅ​ឯ​ណា?​»។ ពេល​គាត់​វាយ​ទឹក​ទន្លេ នោះ​ទន្លេ​ក៏​ញែក​ចេញ​ពី​គ្នា រួច​គាត់​ក៏​ដើរ​ឆ្លង​ទៅ។+

១៥ ពេល​នោះ កូន​ចៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​នៅ​ក្រុង​យេរីខូ បាន​ឃើញ​អេលីសេ​ពី​ចម្ងាយ រួច​ពួក​គេ​បាន​និយាយ​ថា​៖ ​«​ឫទ្ធានុភាព*ដែល​ព្រះ​បាន​ឲ្យ​ដល់​អេលីយ៉ា​បាន​ស្ថិត​លើ​អេលីសេ​ហើយ​»។+ ដូច្នេះ ពួក​គេ​បាន​ទៅ​ជួប​អេលីសេ ហើយ​ក៏​ក្រាប​គោរព​នៅ​ចំពោះ​គាត់។ ១៦ ពួក​គេ​ក៏​និយាយ​ទៅ​កាន់​អេលីសេ​ថា​៖ ​«​ពួក​យើង​ខ្ញុំ​មាន​បុរស​ពេញ​កម្លាំង​ចំនួន​៥០​នាក់ សូម​លោក​ឲ្យ​ពួក​គេ​ទៅ​ស្វែង​រក​ម្ចាស់​របស់​លោក​ទៅ។ ប្រហែល​ជា​ខ្យល់​ពី​ព្រះ​យេហូវ៉ា​បាន​យក​គាត់​ទៅ​ភ្នំ​ឬ​ជ្រលង​ណា​មួយ​ហើយ​»។+ ប៉ុន្តែ អេលីសេ​បាន​ប្រាប់​ថា​៖ ​«​មិន​ចាំ​បាច់​ចាត់​ពួក​គេ​ទេ​»។ ១៧ ទោះ​ជា​ប្រាប់​ដូច្នោះ​ក្ដី ពួក​គេ​នៅ​តែ​ទទូច​សុំ​ដដែល រហូត​ដល់​អេលីសេ​មាន​អារម្មណ៍​ខ្មាស ហើយ​យល់​ព្រម​នឹង​ពួក​គេ។ ម្ល៉ោះ​ហើយ គាត់​បាន​និយាយ​ថា​៖ ​«​ចូរ​ចាត់​ពួក​គេ​ចុះ​»។ ដូច្នេះ ពួក​គេ​បាន​ចាត់​បុរស​៥០​នាក់​នោះ​ឲ្យ​ទៅ​រក​អស់​បី​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។ ១៨ បន្ទាប់​មក ពួក​គេ​ក៏​ត្រឡប់​មក​ជួប​អេលីសេ​នៅ​ក្រុង​យេរីខូ​វិញ។+ ពេល​ឃើញ​ពួក​គេ អេលីសេ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ប្រាប់​ហើយ​ថា​កុំ​ទៅ មែន​ទេ?​»។

១៩ ក្រោយ​មក ពួក​បុរស​ក្នុង​ក្រុង​បាន​មក​ជួប​អេលីសេ ហើយ​និយាយ​ថា​៖ ​«​ដូច​លោក​ម្ចាស់​ឃើញ​ហើយ​ថា​ក្រុង​នេះ​មាន​ទី​តាំង​ល្អ+ តែ​ទឹក​មិន​ល្អ​សោះ ហើយ​ដី​ក៏​មិន​អំណោយ​ផល​ដែរ​»។ ២០ អេលីសេ​ក៏​តប​ទៅ​វិញ​ថា​៖ ​«​សូម​យក​អំបិល​ដាក់​ក្នុង​កូន​ចាន​ថ្មី​មក​ឲ្យ​ខ្ញុំ​»។ ពួក​គេ​ក៏​យក​មក​ឲ្យ​គាត់។ ២១ បន្ទាប់​មក អេលីសេ​ក៏​ធ្វើ​ដំណើរ​ទៅ​ប្រភព​ទឹក រួច​បាច​អំបិល​ទៅ​ក្នុង​នោះ+ ហើយ​គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​បាន​ធ្វើ​ឲ្យ​ទឹក​នេះ​ស្អាត​ហើយ។ ចាប់​ពី​ពេល​នេះ​ទៅ ទឹក​នេះ​នឹង​ធ្វើ​ឲ្យ​ដំណាំ​មាន​ផល​ផ្លែ* ហើយ​មិន​បណ្ដាល​ឲ្យ​ស្លាប់​ទៀត​ទេ›​»។ ២២ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ទឹក​នោះ​ក៏​បាន​ប្រែ​ជា​ល្អ ដូច​ព្រះ​បាន​មាន​ប្រសាសន៍​តាម​រយៈ​អេលីសេ​មែន។

២៣ ក្រោយ​មក អេលីសេ​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​បេតអែល គាប់​ជួន​នៅ​តាម​ផ្លូវ គាត់​ជួប​ក្មេង​ប្រុស​មួយ​ក្រុម​មក​ពី​ក្រុង​នោះ។ កាល​ពួក​គេ​ឃើញ​គាត់ ពួក​គេ​ក៏​តាំង​ស្រែក​មើល​ងាយ​គាត់+ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​ឡើង​ទៅ អា​តម្ពែក! ឡើង​ទៅ អា​តម្ពែក!​»។ ២៤ ក្រោយ​មក គាត់​ក៏​បែរ​ទៅ​ពួក​គេ ហើយ​ដាក់​បណ្ដាសា​ពួក​គេ​ក្នុង​នាម​ព្រះ​យេហូវ៉ា។ រួច​មក មាន​ខ្លា​ឃ្មុំ​ពីរ​ក្បាល+ចេញ​ពី​ព្រៃ​មក​ហែក​សម្លាប់​ក្មេង​ទាំង​នោះ​អស់​៤២​នាក់។+ ២៥ ក្រោយ​នោះ គាត់​បន្ត​ដំណើរ​ទៅ​ភ្នំ​កើមែល+ ហើយ​ពី​ទី​នោះ​គាត់​ក៏​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

៣ នៅ​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា យេហូរ៉ាម+ជា​កូន​អាហាប់​បាន​គ្រប់​គ្រង​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី។ គាត់​បាន​គ្រប់​គ្រង​អស់​រយៈ​ពេល​១២​ឆ្នាំ។ ២ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តែ​មិន​ដល់​ឪពុក​ម្ដាយ​របស់​គាត់​ទេ។ ព្រោះ​គាត់​បាន​ផ្ដួល​រំលំ​បង្គោល​ថ្ម ដែល​ឪ​ពុក​គាត់​បាន​ធ្វើ​សម្រាប់​គោរព​បូជា​ដល់​ព្រះ​បាល។+ ៣ ទោះ​ជា​យ៉ាង​នោះ​ក្ដី គាត់​នៅ​តែ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដូច​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​នាំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ខុស។+

៤ រីឯ​មេសា​ជា​ស្ដេច​ស្រុក​ម៉ូអាប់ គាត់​ចិញ្ចឹម​ចៀម​ជា​ច្រើន។ គាត់​ធ្លាប់​ជូន​សួយ​អាករ​ដល់​ស្ដេច​ស្រុក​អ៊ីស្រាអែល នូវ​ចៀម​ចំនួន​១០០.០០០​ក្បាល និង​ចៀម​ឈ្មោល​ដែល​មិន​ទាន់​កាត់​រោម​ចំនួន​១០០.០០០​ក្បាល​ដែរ។ ៥ ប៉ុន្តែ មិន​យូរ​ក្រោយ​ពី​អាហាប់​បាន​ស្លាប់+ ស្ដេច​ស្រុក​ម៉ូអាប់​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​អ៊ីស្រាអែល។+ ៦ ដូច្នេះ ស្ដេច​យេហូរ៉ាម​ក៏​ចេញ​ពី​ក្រុង​សាម៉ារី​ទៅ​ប្រមូល​ទ័ព​អ៊ីស្រាអែល​ទាំង​អស់។ ៧ បន្ថែម​ទៅ​ទៀត គាត់​បាន​ផ្ញើ​សារ​ទៅ​យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា​ថា​៖ ​«​ស្ដេច​ស្រុក​ម៉ូអាប់​បាន​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ​ហើយ។ ដូច្នេះ ខ្ញុំ​នឹង​ទៅ​ច្បាំង​នឹង​ស្ដេច​ស្រុក​ម៉ូអាប់ តើ​លោក​ចង់​ទៅ​ជា​មួយ​ខ្ញុំ​ទេ?​»។ ស្ដេច​យេហូសាផាត​បាន​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​ចង់​ទៅ+ ព្រោះ​ខ្ញុំ​ក៏​ដូច​ជា​លោក ហើយ​រាស្ត្រ​ខ្ញុំ​ក៏​ដូច​ជា​រាស្ត្រ​របស់​លោក។ ឯ​សេះ​របស់​ខ្ញុំ​ក៏​ដូច​ជា​សេះ​របស់​លោក​ដែរ​»។+ ៨ រួច​គាត់*ក៏​សួរ​ថា​៖ ​«​តើ​យើង​គួរ​ទៅ​តាម​ផ្លូវ​ណា?​»។ គាត់*ក៏​ឆ្លើយ​តប​ថា​៖ ​«​តាម​តំបន់​ស្ងាត់​ជ្រងំ​ក្នុង​ស្រុក​អេដំ​»។

៩ ក្រោយ​ពី​សម្រេច​គ្នា​រួច ស្ដេច​ស្រុក​អ៊ីស្រាអែល ស្ដេច​ស្រុក​យូ​ដា និង​ស្ដេច​ស្រុក​អេ​ដំ+ ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ​ជា​មួយ​គ្នា។ លុះ​ធ្វើ​ដំណើរ​អស់​៧​ថ្ងៃ ពួក​គេ​ខ្វះ​ទឹក​សម្រាប់​កង​ទ័ព​និង​ហ្វូង​សត្វ​ដែល​មក​ជា​មួយ។ ១០ ស្ដេច​អ៊ីស្រាអែល​បាន​និយាយ​ថា​៖ ​«​មិន​គួរ​ណា​ព្រះ​យេហូវ៉ា​នាំ​ស្ដេច​ទាំង​បី​រូប​មក​ប្រគល់​ក្នុង​កណ្ដាប់​ដៃ​ជន​ជាតិ​ម៉ូអាប់​សោះ!​»។ ១១ យេហូសាផាត​បាន​សួរ​ថា​៖ ​«​តើ​នៅ​ទី​នេះ​មាន​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? សូម​ឲ្យ​យើង​ទៅ​សួរ​គាត់​ដើម្បី​បាន​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​»។+ ពេល​នោះ អ្នក​បម្រើ​ម្នាក់​របស់​ស្ដេច​អ៊ីស្រាអែល​បាន​ឆ្លើយ​ថា​៖ ​«​គឺ​មាន​ម្នាក់ ឈ្មោះ​អេលីសេ+ជា​កូន​សាផាត គាត់​ធ្លាប់​បម្រើ​អេលីយ៉ា​»។*+ ១២ រួច​មក យេហូសាផាត​បាន​និយាយ​ថា​៖ ​«​គាត់​អាច​ប្រាប់​យើង​នូវ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​»។ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​និង​យេហូសាផាត ព្រម​ទាំង​ស្ដេច​ស្រុក​អេដំ បាន​ធ្វើ​ដំណើរ​ទៅ​ជួប​អេលីសេ។

១៣ ពេល​ពួក​គេ​ទៅ​ដល់ អេលីសេ​ក៏​សួរ​ស្ដេច​អ៊ីស្រាអែល​ថា​៖ ​«​ហេតុ​អ្វី​មក​សួរ​ខ្ញុំ?*+ ម្ដេច​ក៏​មិន​ទៅ​សួរ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ឪពុក​ម្ដាយ​លោក​វិញ​ទៅ?​»។+ ប៉ុន្តែ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ឆ្លើយ​តប​ថា​៖ ​«​ទេ! ព្រោះ​ព្រះ​យេហូវ៉ា​ជា​អ្នក​នាំ​យើង​មក​ប្រគល់​ក្នុង​កណ្ដាប់​ដៃ​ជន​ជាតិ​ម៉ូអាប់​»។ ១៤ អេលីសេ​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ និង​ជា​ព្រះ​ដែល​ខ្ញុំ​កំពុង​បម្រើ​ថា កុំ​តែ​ខ្ញុំ​យល់​ដល់​យេហូសាផាត+ជា​ស្ដេច​ស្រុក​យូដា​ទេ ម្ល៉េះ​ខ្ញុំ​នឹង​មិន​មើល​មុខ​អ្នក​ឡើយ។+ ១៥ យ៉ាង​ណា​ក្ដី សូម​នាំ​អ្នក​លេង​ពិណ​ម្នាក់​មក​ឯ​ខ្ញុំ​»។+ ពេល​អ្នក​លេង​ពិណ​ចាប់​ផ្ដើម​ដេញ អេលីសេ​ក៏​ទទួល​ឫទ្ធានុភាព​ពី​ព្រះ​យេហូវ៉ា។+ ១៦ រួច​គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ជីក​ប្រឡាយ​ឲ្យ​ច្រើន​តាម​ជ្រលង​ភ្នំ​នេះ ១៧ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ថា​៖ ​«​បើ​ទោះ​ជា​អ្នក​មិន​ឮ​សូរ​ខ្យល់​និង​មិន​ឃើញ​ភ្លៀង​ក្ដី ក៏​ជ្រលង​ភ្នំ​នេះ​នឹង​មាន​ទឹក​សម្បូរ​ហូរហៀរ​ដែរ។+ អ្នក​រាល់​គ្នា​នឹង​មាន​ទឹក​ផឹក ហើយ​ហ្វូង​សត្វ​និង​សត្វ​ឯ​ទៀត​របស់​អ្នក​ក៏​មាន​ទឹក​ផឹក​ដែរ​»​›។ ១៨ នេះ​ជា​រឿង​ងាយ​ទេ​ចំពោះ​ព្រះ​យេហូវ៉ា+ ប៉ុន្តែ​លោក​នឹង​ធ្វើ​លើស​ពី​នេះ​ទៅ​ទៀត គឺ​លោក​នឹង​ប្រគល់​ជន​ជាតិ​ម៉ូអាប់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។+ ១៩ ដូច្នេះ អ្នក​ត្រូវ​បំផ្លាញ​ក្រុង​ទាំង​អស់​ដែល​មាន​កំពែង​រឹង​មាំ+ រួម​ទាំង​ក្រុង​សំខាន់​ៗ។ អ្នក​ក៏​ត្រូវ​កាប់​រំលំ​ដើម​ឈើ​ល្អ​ៗ ព្រម​ទាំង​ចាក់​លុប​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​ដែរ។ ចំណែក​ដី​ល្អ​ៗ​វិញ អ្នក​ត្រូវ​យក​ថ្ម​ទៅ​ចាក់​បង្ខូច​លើ​ដី​ទាំង​នោះ​»។+

២០ លុះ​ព្រឹក​ឡើង នៅ​វេលា​ដែល​គេ​ជូន​គ្រឿង​បូជា​ពី​ស្រូវ+ ស្រាប់​តែ​មាន​ទឹក​ហូរ​មក​ពី​ទិស​ខាង​ស្រុក​អេដំ ចូល​ពេញ​ជ្រលង​ភ្នំ។

២១ នៅ​ពេល​ពួក​ម៉ូអាប់​បាន​ឮ​ថា​ស្ដេច​ទាំង​បី​បាន​លើក​គ្នា​មក​ច្បាំង ពួក​គេ​ក៏​បាន​ប្រមូល​ពួក​បុរស​ដែល​អាច​ចូល​ច្បាំង​ទាំង​ក្មេង​ទាំង​ចាស់ ហើយ​ចាត់​ឲ្យ​ទៅ​ការពារ​តាម​ព្រំ​ដែន។ ២២ លុះ​ថ្ងៃ​រះ​ឡើង ពន្លឺ​ថ្ងៃ​ជះ​ទៅ​លើ​ផ្ទៃ​ទឹក។ ពេល​ពួក​ម៉ូអាប់​ក្រោក​ឡើង​ពី​ព្រលឹម ពួក​គេ​មើល​ទៅ​លើ​ផ្ទៃ​ទឹក​ដែល​នៅ​ខាង​មុខ ឃើញ​ពណ៌​ក្រហម​ដូច​ជា​ឈាម។ ២៣ ពេល​នោះ ពួក​គេ​និយាយ​ថា​៖ ​«​នោះ​គឺ​ជា​ឈាម! ស្ដេច​ទាំង​នោះ​ច្បាស់​ជា​សម្លាប់​គ្នា​ឯង​ហើយ។ ចូរ​យើង​ទៅ​ប្រមូល​យក​របស់​របរ​ពួក​គេ​ទៅ!​»។+ ២៤ ក៏​ប៉ុន្តែ ពេល​ពួក​ម៉ូអាប់​ចូល​ទៅ​ក្នុង​ជំរំ​អ៊ីស្រាអែល ទ័ព​អ៊ីស្រាអែល​ក៏​ក្រោក​ឡើង​វាយ​ប្រហារ​ពួក​គេ ឲ្យ​បាក់​ទ័ព​ខ្ចាត់​ខ្ចាយ​អស់​ទៅ។+ រួច​មក ទ័ព​អ៊ីស្រាអែល​ដេញ​តាម​ប្រហារ​ពួក​ម៉ូអាប់ រហូត​ដល់​ក្នុង​ស្រុក​របស់​ពួក​គេ។ ២៥ ពួក​អ៊ីស្រាអែល​បាន​រំលំ​ក្រុង​នា​នា ហើយ​ពួក​គេ​ម្នាក់​ៗ​នាំ​គ្នា​យក​ថ្ម​ទៅ​ចោល​លើ​ដី​ស្រែ​ចម្ការ​ល្អ​ៗ​ពេញ​ទាំង​អស់។ រួច​ពួក​គេ​ចាក់​លុប​ប្រភព​ទឹក​ទាំង​ប៉ុន្មាន+ ព្រម​ទាំង​កាប់​រំលំ​ដើម​ឈើ​ល្អ​ៗ​ផង​ដែរ។+ នៅ​ទី​បំផុត មាន​តែ​ក្រុង​កៀហារ៉ាសែត​ទេ+ ដែល​នៅ​សល់​កំពែង​ព័ទ្ធ​ជុំវិញ។ ប៉ុន្តែ ទ័ព​ខ្សែ​ដង្ហក់​បាន​ឡោម​ព័ទ្ធ ហើយ​វាយ​ប្រហារ​ទៅ​លើ​ក្រុង​នោះ។

២៦ ពេល​ដែល​ស្ដេច​ស្រុក​ម៉ូអាប់​ឃើញ​ថា​ខ្លួន​ចាញ់​ចម្បាំង​ហើយ គាត់​ក៏​បាន​នាំ​ទ័ព​៧០០​នាក់​ប្រដាប់​ដោយ​ដាវ សម្រុក​ចូល​ទៅ​វាយ​ស្ដេច​ស្រុក​អេដំ+ តែ​គាត់​មិន​អាច​ចូល​ទៅ​វាយ​បាន​ទេ។ ២៧ ដូច្នេះ ស្ដេច​ម៉ូអាប់​ក៏​យក​កូន​ប្រុស​ច្បង​របស់​ខ្លួន​ដែល​នឹង​ត្រូវ​ស្នង​រាជ្យ ជូន​ជា​គ្រឿង​បូជា​ដុត+នៅ​លើ​កំពែង​ក្រុង ហើយ​ក៏​កើត​មាន​កំហឹង​នឹង​ពួក​អ៊ីស្រាអែល​យ៉ាង​ខ្លាំង។ ហេតុ​នេះ ពួក​អ៊ីស្រាអែល​បាន​ដក​ទ័ព​ថយ​ចេញ​ពី​ស្ដេច​ម៉ូអាប់ ហើយ​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។

៤ គ្រា​នោះ មាន​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​របស់​កូន​ចៅ​អ្នក​ប្រកាស​ទំនាយ+មក​ប្រាប់​អេលីសេ​ថា​៖ ​«​ដូច​លោក​ដឹង​ស្រាប់​ហើយ​ថា ប្ដី​ខ្ញុំ​ជា​អ្នក​កោត​ខ្លាច​ព្រះ​យេហូវ៉ា+ ឥឡូវ​គាត់​បាន​ស្លាប់​ហើយ។ ឯ​ម្ចាស់​បំណុល​ក៏​មក​ទាម​ទារ​យក​កូន​ទាំង​ពីរ​របស់​ខ្ញុំ​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ទៀត​»។ ២ ពេល​នោះ អេលីសេ​សួរ​នាង​ថា​៖ ​«​តើ​ខ្ញុំ​អាច​ជួយ​អ្វី​ដល់​នាង? តើ​ក្នុង​ផ្ទះ​នាង​មាន​អ្វី​ខ្លះ?​»។ នាង​ក៏​ឆ្លើយ​តប​ថា​៖ ​«​ក្នុង​ផ្ទះ​ខ្ញុំ​មាន​សល់​តែ​ប្រេង​មួយ​ថូ​ប៉ុណ្ណោះ​»។+ ៣ រួច​អេលីសេ​បាន​និយាយ​ថា​៖ ​«​ចូរ​នាង​ទៅ​ខ្ចី​ថូ​ពី​អ្នក​ជិត​ខាង​មក កុំ​ខ្ចី​តែ​ពីរ​បី​ឡើយ តែ​ខ្ចី​ឲ្យ​បាន​ច្រើន។ ៤ រួច​ចូរ​នាង​និង​កូន​ចូល​ទៅ​ក្នុង​ផ្ទះ​បិទ​ទ្វារ។ បន្ទាប់​មក ចូរ​ចាក់​ប្រេង​ក្នុង​ថូ​ទាំង​នោះ ថូ​ណា​ដែល​ពេញ យក​ទុក​មួយ​ឡែក​»។ ៥ ក្រោយ​ពី​ស្ដាប់​រួច នាង​ក៏​ទៅ​ខ្ចី​ថូ​ពី​អ្នក​ជិត​ខាង។

បន្ទាប់​មក នាង​និង​កូន​ចូល​ទៅ​ក្នុង​ផ្ទះ​បិទ​ទ្វារ។ រួច​កូន​ៗ​ហុច​ថូ​ឲ្យ​នាង​ចាក់​ប្រេង។+ ៦ ពេល​ថូ​ទាំង​នោះ​ពេញ​ហើយ នាង​ក៏​និយាយ​ទៅ​កូន​ម្នាក់​ថា​៖ ​«​ហុច​ថូ​មួយ​ទៀត​កូន​»។+ ប៉ុន្តែ កូន​នោះ​ឆ្លើយ​ថា​៖ ​«​អស់​ថូ​ហើយ​ម៉ែ​»។ ភ្លាម​នោះ ប្រេង​ក៏​ឈប់​ហូរ។+ ៧ បន្ទាប់​មក នាង​ក៏​ទៅ​ប្រាប់​អេលីសេ​ជា​តំណាង​ព្រះ​ពិត។ អេលីសេ​ក៏​បាន​និយាយ​ថា​៖ ​«​ចូរ​យក​ប្រេង​ទាំង​នោះ​ទៅ​លក់ ហើយ​សង​បំណុល​គេ​ទៅ។ ឯ​ប្រាក់​ដែល​នៅ​សល់ ចូរ​នាង​ទុក​ចិញ្ចឹម​ជីវិត​និង​កូន​ៗ​ចុះ​»។

៨ ថ្ងៃ​មួយ អេលីសេ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ស៊ូណែម។+ នៅ​ក្រុង​នោះ មាន​ស្ត្រី​ម្នាក់​ជា​អ្នក​មាន​មុខ​មាត់។ នាង​បាន​អញ្ជើញ​អេលីសេ​ឲ្យ​មក​បរិភោគ​នៅ​ផ្ទះ​នាង។+ រៀង​រាល់​ដង​ដែល​អេលីសេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្រុង​នោះ គាត់​តែង​តែ​ទៅ​បរិភោគ​នៅ​ផ្ទះ​របស់​នាង។ ៩ ដូច្នេះ នាង​បាន​និយាយ​ទៅ​កាន់​ប្ដី​ថា​៖ ​«​ខ្ញុំ​ដឹង​ថា បុរស​ដែល​តែង​តែ​ធ្វើ​ដំណើរ​កាត់​មុខ​ផ្ទះ​យើង គាត់​ជា​អ្នក​បម្រើ​ពិសេស​របស់​ព្រះ។ ១០ សូម​ឲ្យ​យើង​ធ្វើ​បន្ទប់​តូច​មួយ​នៅ​លើ​ដំបូល+ រួច​ដាក់​គ្រែ តុ​កៅអី និង​ចង្កៀង។ បើ​កាល​ណា​គាត់​ធ្វើ​ដំណើរ​មក​លេង​យើង គាត់​អាច​ស្នាក់​នៅ​ក្នុង​បន្ទប់​នោះ​បាន​»។+

១១ ក្រោយ​មក អេលីសេ​បាន​ទៅ​ដល់​ក្រុង​ស៊ូណែម ហើយ​ក៏​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ដែល​នាង​បាន​រៀបចំ​ឲ្យ។ ១២ អេលីសេ​បាន​និយាយ​ទៅ​កាន់​កេហាស៊ី+ជា​អ្នក​បម្រើ​គាត់​ថា​៖ ​«​ចូរ​ទៅ​ហៅ​ស្ត្រី​ម្ចាស់​ផ្ទះ​មក​»។ ដូច្នេះ គាត់​ក៏​ទៅ​ហៅ​នាង​មក។ ១៣ រួច​អេលីសេ​និយាយ​ទៅ​កាន់​កេហាស៊ី​ថា​៖ ​«​សូម​ប្រាប់​នាង​ថា​៖ ‹កន្លង​មក នាង​បាន​ធ្វើ​ល្អ​ដល់​យើង​ច្រើន​ណាស់។+ តើ​យើង​អាច​តប​ស្នង​អ្វី​ដល់​នាង​វិញ?+ តើ​នាង​ចង់​ឲ្យ​ខ្ញុំ​ជម្រាប​ស្ដេច​ឬ​មេ​ទ័ព​ឲ្យ​នាង​ទេ?›​»។+ ប៉ុន្តែ នាង​បាន​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​មិន​ចង់​បាន​អ្វី​ទេ ព្រោះ​ខ្ញុំ​រស់​នៅ​ដោយ​សុខ​សាន្ត​ហើយ​»។ ១៤ ក្រោយ​មក អេលីសេ​សួរ​កេហាស៊ី​ថា​៖ ​«​បើ​ដូច្នេះ តើ​យើង​អាច​សង​គុណ​នាង​យ៉ាង​ណា?​»។ កេហាស៊ី​ឆ្លើយ​ថា​៖ ​«​នាង​គ្មាន​កូន​ទេ+ ហើយ​ឥឡូវ​ប្ដី​នាង​ក៏​ចាស់​ណាស់​ដែរ​»។ ១៥ អេលីសេ​ក៏​ប្រាប់​ថា​៖ ​«​ទៅ​ហៅ​នាង​មក​»​ គាត់​ក៏​ទៅ​ហៅ។ រួច​នាង​មក​ឈរ​នៅ​មាត់​ទ្វារ។ ១៦ បន្ទាប់​មក អេលីសេ​បាន​និយាយ​ថា​៖ ​«​ដល់​ឆ្នាំ​ក្រោយ​ពេល​នេះ នាង​នឹង​សម្រាល​បាន​កូន​ប្រុស​មួយ​»។+ ប៉ុន្តែ នាង​និយាយ​ថា​៖ ​«​ឱ​លោក​ម្ចាស់​ជា​តំណាង​ព្រះ​ពិត​អើយ! សូម​កុំ​និយាយ​កុហក​ខ្ញុំ​អី​»។

១៧ ឆ្នាំ​ក្រោយ ស្ត្រី​នោះ​ក៏​មាន​ផ្ទៃ​ពោះ ហើយ​នាង​បាន​សម្រាល​កូន ដូច​ដែល​អេលីសេ​បាន​ប្រាប់​មែន។ ១៨ កន្លង​ក្រោយ​មក កូន​នោះ​ចម្រើន​វ័យ​ធំ​ឡើង។ ថ្ងៃ​មួយ កូន​នោះ​ទៅ​លេង​ឪពុក កាល​ដែល​ឪពុក​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ច្រូត។ ១៩ រួច​កូន​នោះ​ចេះ​តែ​និយាយ​ទៅ​ឪពុក​ថា​៖ ​«​ខ្ញុំ​ឈឺ​ក្បាល​ណាស់!​»។ ឪពុក​នោះ​ក៏​ប្រាប់​អ្នក​បម្រើ​ថា​៖ ​«​ចូរ​បី​គាត់​ទៅ​ម្ដាយ​វិញ​ឆាប់​ឡើង​»។ ២០ ដូច្នេះ អ្នក​បម្រើ​ក៏​បី​កូន​នោះ​ទៅ​ឲ្យ​ម្ដាយ​វិញ។ ម្ដាយ​ក៏​ដាក់​កូន​ឲ្យ​អង្គុយ​លើ​ភ្លៅ​គាត់​រហូត​ដល់​ថ្ងៃ​ត្រង់ រួច​មក​កូន​នោះ​ក៏​ស្លាប់​ទៅ។+ ២១ ភ្លាម​នោះ នាង​ក៏​បី​កូន​យក​ទៅ​ដាក់​លើ​គ្រែ​ក្នុង​បន្ទប់​របស់​តំណាង​ព្រះ​ពិត+ រួច​បិទ​ទ្វារ ហើយ​ចេញ​ទៅ។ ២២ បន្ទាប់​មក នាង​និយាយ​ទៅ​ប្ដី​ថា​៖ ​«​សូម​ឲ្យ​សត្វ​លា​មួយ​មក​ខ្ញុំ ហើយ​ឲ្យ​អ្នក​បម្រើ​ម្នាក់​ទៅ​ជា​មួយ​នឹង​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​ទៅ​ជួប​តំណាង​ព្រះ ហើយ​ខ្ញុំ​នឹង​ប្រញាប់​ត្រឡប់​មក​វិញ​»។ ២៣ ប៉ុន្តែ ប្ដី​ក៏​សួរ​ថា​៖ ​«​ថ្ងៃ​នេះ​មិន​មែន​ជា​ថ្ងៃ​ចូល​ខែ+ ឬ​ជា​ថ្ងៃ​ឈប់​សម្រាក​ទេ។ ហេតុ​អ្វី​ក៏​ចង់​ទៅ​ជួប​គាត់​នៅ​ថ្ងៃ​នេះ?​»។ នាង​ក៏​ឆ្លើយ​ថា​៖ ​«​អត់​អី​ទេ កុំ​បារម្ភ​អី​»។ ២៤ ដូច្នេះ នាង​ក៏​ចង​កែប​លា រួច​បង្គាប់​អ្នក​បម្រើ​ថា​៖ ​«​ទៅ​ឲ្យ​លឿន! បើ​ខ្ញុំ​មិន​ប្រាប់ កុំ​បង្អង់​ឡើយ​»។

២៥ ដូច្នេះ នាង​បាន​ធ្វើ​ដំណើរ​ទៅ​ភ្នំ​កើមែល​ទៅ​ជួប​តំណាង​ព្រះ​ពិត។ ពេល​ទៅ​ជិត​ដល់ តំណាង​ព្រះ​ពិត​បាន​ឃើញ​នាង រួច​គាត់​ក៏​និយាយ​ទៅ​កាន់​កេហាស៊ី​ជា​អ្នក​បម្រើ​របស់​គាត់​ថា​៖ ​«​នុ៎ះ​ន៏! ស្ត្រី​ក្រុង​ស៊ូណែម​កំពុង​មក​ហើយ។ ២៦ សូម​រត់​ទៅ​ជួប​នាង ហើយ​សួរ​ថា​៖ ‹តើ​នាង​និង​ប្ដី​នាង ព្រម​ទាំង​កូន​សុខ​សប្បាយ​ជា​ទេ?›​»។ នាង​ក៏​ឆ្លើយ​តប​ថា​៖ ​«​ចាស សុខ​សប្បាយ​»។ ២៧ កាល​នាង​បាន​ជួប​តំណាង​ព្រះ​ភ្លាម នាង​ក៏​ឱប​ជើង​គាត់។+ ពេល​នោះ កេហាស៊ី​ចូល​ទៅ​ច្រាន​នាង​ចេញ តែ​តំណាង​ព្រះ​បាន​និយាយ​ថា​៖ ​«​កុំ​ច្រាន​នាង​អី មើល​ទៅ​នាង​មាន​ទុក្ខ​ធ្ងន់​ណាស់ ហើយ​ព្រះ​យេហូវ៉ា​បាន​លាក់​មិន​ឲ្យ​ខ្ញុំ​ដឹង​អំពី​ទុក្ខ​របស់​នាង​»។ ២៨ នាង​បាន​និយាយ​ថា​៖ ​«​លោក​ម្ចាស់ ខ្ញុំ​មិន​បាន​សុំ​កូន​ទេ ហើយ​ខ្ញុំ​ក៏​បាន​ជម្រាប​លោក​ដែរ​ថា​៖ ‹កុំ​នាំ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ឡើយ› មែន​ទេ?​»។+

២៩ ភ្លាម​នោះ គាត់​ក៏​ប្រាប់​កេហាស៊ី​ថា​៖ ​«​ចូរ​ក្រវាត់​អាវ​នៅ​ចង្កេះ+ ហើយ​យក​ដំបង​ខ្ញុំ រួច​ចេញ​ដំណើរ​ទៅ។ បើ​អ្នក​ជួប​អ្នក​ណា​ម្នាក់ មិន​បាច់​សួរ​សុខ​ទុក្ខ​គាត់​ទេ ហើយ​បើ​អ្នក​ណា​ម្នាក់​សួរ​សុខ​ទុក្ខ​អ្នក កុំ​ឆ្លើយ​តប​ឲ្យ​សោះ។ ចូរ​ទៅ​ដាក់​ដំបង​របស់​ខ្ញុំ​លើ​មុខ​កូន​ប្រុស​នោះ​ចុះ​»។ ៣០ ប៉ុន្តែ នាង​ក៏​និយាយ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ហើយ​ស្បថ​ចំពោះ​លោក​ថា ខ្ញុំ​មិន​ព្រម​ទៅ​ទេ លុះ​ត្រា​តែ​លោក​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ​»។+ ដូច្នេះ គាត់​ក៏​ក្រោក​ឡើង​ទៅ​ជា​មួយ​នឹង​នាង។ ៣១ កេហាស៊ី​បាន​ទៅ​មុន​ពួក​គាត់ ហើយ​បាន​ដាក់​ដំបង​នៅ​លើ​មុខ​កូន​នោះ តែ​កូន​នោះ​មិន​កម្រើក​សោះ។+ កេហាស៊ី​ក៏​ត្រឡប់​ទៅ​ជួប​អេលីសេ ហើយ​ប្រាប់​គាត់​ថា​៖ ​«​កូន​នោះ​មិន​ភ្ញាក់​ទេ​»។

៣២ ពេល​អេលីសេ​ចូល​ទៅ​ក្នុង​ផ្ទះ គាត់​ឃើញ​កូន​នោះ​ដេក​ស្លាប់​លើ​គ្រែ​គាត់។+ ៣៣ គាត់​បាន​ចូល​ក្នុង​បន្ទប់​នោះ រួច​បិទ​ទ្វារ ហើយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។+ ៣៤ បន្ទាប់​មក គាត់​បាន​ទ្រោប​លើ​កូន​នោះ ដាក់​មាត់​ទល់​នឹង​មាត់ ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​ដាក់​លើ​ដៃ។ គាត់​ក៏​សន្ធឹង​ខ្លួន​លើ​កូន​នោះ រួច​កូន​នោះ​ចាប់​មាន​កម្ដៅឡើង​វិញ។+ ៣៥ អេលីសេ​បាន​ដើរ​ទៅ​ដើរ​មក​ក្នុង​ផ្ទះ ហើយ​ក៏​ទៅ​ទ្រោប​លើ​កូន​នោះ​ម្ដង​ទៀត។ បន្ទាប់​មក កូន​នោះ​កណ្ដាស់​៧​ដង រួច​បើក​ភ្នែក។+ ៣៦ ពេល​នោះ អេលីសេ​បាន​ហៅ​កេហាស៊ី រួច​ប្រាប់​ថា​៖ ​«​ចូរ​ហៅ​ស្ត្រី​ក្រុង​ស៊ូណែម​មក​»។ កេហាស៊ី​ក៏​ហៅ​នាង រួច​អេលីសេ​បាន​ប្រាប់​នាង​ថា​៖ ​«​ចូរ​លើក​បី​កូន​អ្នក​ទៅ​»។+ ៣៧ ខណៈ​នោះ នាង​ក៏​ចូល​ទៅ​ក្រាប​គោរព​នៅ​ទៀប​ជើង​គាត់ រួច​លើក​បី​កូន​ចេញ​ទៅ។

៣៨ ក្រោយ​មក អេលីសេ​បាន​ត្រឡប់​ទៅ​ក្រុង​គីលកាល​វិញ។ គ្រា​នោះ មាន​ការ​អត់​ឃ្លាន​ពេញ​ក្នុង​ស្រុក។+ ពេល​នោះ មាន​កូន​ចៅ​អ្នក​ប្រកាស​ទំនាយ+ចូល​ទៅ​ជួប​អេលីសេ រួច​អេលីសេ​បាន​បង្គាប់​អ្នក​បម្រើ​គាត់​ថា​៖+ ​«​ចូរ​ស្ល​សម្ល​មួយ​ឆ្នាំង​ធំ​ឲ្យ​កូន​ចៅ​អ្នក​ប្រកាស​ទំនាយ​ទាំង​នេះ​បរិភោគ​ទៅ​»។ ៣៩ ដូច្នេះ អ្នក​បម្រើ​ម្នាក់​បាន​ចេញ​ទៅ​ឯ​វាល​រក​បន្លែ។ គាត់​ក៏​ឃើញ​វល្លិ​ព្រៃ ហើយ​បេះ​ផ្លែ​ពី​វល្លិ​នោះ ដាក់​ពេញ​ថ្នក់​អាវ​ដោយ​មិន​ដឹង​ថា​ផ្លែ​នោះ​ជា​ផ្លែ​អ្វី​ទេ។ គាត់​ក៏​ត្រឡប់​មក​វិញ ហើយ​កាត់​ផ្លែ​នោះ​ដាក់​ក្នុង​ឆ្នាំង ស្ល​ទៅ។ ៤០ រួច​គេ​ដួស​សម្ល​នោះ​ចែក​ឲ្យ​កូន​ចៅ​អ្នក​ប្រកាស​ទំនាយ​បរិភោគ។ ប៉ុន្តែ ពេល​ពួក​គេ​បរិភោគ​សម្ល​នោះ​ភ្លាម ពួក​គេ​ក៏​ស្រែក​ថា​៖ ​«​ឱ​តំណាង​ព្រះ​ពិត​អើយ! សម្ល​នេះ​ពុល​ទេ​»។ ដូច្នេះ ពួក​គេ​ពុំ​អាច​បរិភោគ​សម្ល​នោះ​បាន​ទេ។ ៤១ អេលីសេ​ក៏​និយាយ​ថា​៖ ​«​ចូរ​យក​ម្សៅ​ខ្លះ​មក​»។ គេ​ក៏​យក​ឲ្យ​គាត់ រួច​គាត់​បង់​ចូល​ក្នុង​ឆ្នាំង។ បន្ទាប់​មក គាត់​ប្រាប់​ថា​៖ ​«​ចូរ​ដួស​ឲ្យ​ពួក​គេ​បរិភោគ​ទៅ​»។ ក្នុង​សម្ល​នោះ​ក៏​លែង​មាន​ជាតិ​ពុល​ទៀត។+

៤២ ថ្ងៃ​មួយ មាន​បុរស​ម្នាក់​មក​ពី​បាលសាលីសា។+ គាត់​បាន​យក​នំ​ប៉័ង​២០​ដុំ​ដែល​ធ្វើ​ពី​ម្សៅ​ស្រូវ​បាលី+និង​ស្រូវ​ថ្មី​មួយ​ថង់ មក​ជូន​អេលីសេ​ជា​តំណាង​ព្រះ​ពិត។+ រួច​អេលីសេ​ប្រាប់​ថា​៖ ​«​ចូរ​ចែក​អ្វី​ទាំង​នេះ​ដល់​បណ្ដា​ជន​បរិភោគ​ទៅ​»។ ៤៣ ប៉ុន្តែ អ្នក​បម្រើ​អេលីសេ​ប្រាប់​ថា​៖ ​«​តើ​អាហារ​តែ​ប៉ុណ្ណេះ ល្មម​គ្រប់គ្រាន់​សម្រាប់​មនុស្ស​១០០​នាក់​ឬ?​»។+ អេលីសេ​ក៏​តប​វិញ​ថា​៖ ​«​ចូរ​ចែក​ឲ្យ​ពួក​គេ​បរិភោគ​ទៅ ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ពួក​គេ​នឹង​បរិភោគ​ឆ្អែត ហើយ​មាន​នៅ​សល់​ទៀត​ផង›​»។+ ៤៤ បន្ទាប់​មក អ្នក​បម្រើ​នោះ​ក៏​ចែក​ឲ្យ​ពួក​គេ​បរិភោគ។ ពួក​គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា ហើយ​ក៏​មាន​នៅ​សល់+ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មែន។

៥ នៅ​ស្រុក​ស៊ីរី​មាន​បុរស​ម្នាក់​ឈ្មោះ​ណាម៉ាន គាត់​ជា​មេ​ទ័ព​ដ៏​អង់អាច ហើយ​មាន​មុខ​មាត់។ ស្ដេច​ស្រុក​ស៊ីរី​ស្រឡាញ់​ពេញ​ចិត្ត​គាត់​ណាស់ ព្រោះ​ណាម៉ាន​បាន​សង្គ្រោះ​ពួក​ស៊ីរី​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ គាត់​មាន​ជំងឺ​ឃ្លង់។ ២ នៅ​ថ្ងៃ​មួយ ទ័ព​ស៊ីរី​បាន​ទៅ​វាយលុក​ទឹក​ដី​អ៊ីស្រាអែល ហើយ​ក៏​ចាប់​បាន​ក្មេង​ស្រី​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់។ ក្មេង​ស្រី​នោះ​ក៏​បាន​ទៅ​ជា​អ្នក​បម្រើ​របស់​ប្រពន្ធ​ណាម៉ាន។ ៣ នៅ​ពេល​មួយ នាង​និយាយ​ទៅ​កាន់​ចៅហ្វាយ​ស្រី​ថា​៖ ​«​នៅ​ស្រុក​សាម៉ារី​មាន​អ្នក​ប្រកាស​ទំនាយ​ម្នាក់+ បើ​លោក​ម្ចាស់​ទៅ​ជួប​គាត់ គាត់​នឹង​ធ្វើ​ឲ្យ​លោក​ម្ចាស់​ជា​សះ​ស្បើយ​ពី​ជំងឺ​ឃ្លង់​ពុំ​ខាន​»។+ ៤ ដូច្នេះ គាត់*ក៏​ទៅ​ជម្រាប​ស្ដេច​ស្រុក​ស៊ីរី​អំពី​អ្វី​ដែល​ក្មេង​ស្រី​ជន​ជាតិ​អ៊ីស្រាអែល​នោះ​បាន​ប្រាប់។

៥ រួច​មក ស្ដេច​ស្រុក​ស៊ីរី​បាន​និយាយ​ថា​៖ ​«​ចូរ​ទៅ​ចុះ! ខ្ញុំ​នឹង​ផ្ញើ​សំបុត្រ​មួយ​ឲ្យ​ស្ដេច​ស្រុក​អ៊ីស្រាអែល​»។ ដូច្នេះ ណាម៉ាន​ក៏​ធ្វើ​ដំណើរ​ទៅ ទាំង​នាំ​យក​ប្រាក់​១០​ថាលិន* មាស​៦.០០០​ដុំ និង​សម្លៀក​បំពាក់​១០​បន្លាស់​ទៅ​ជា​មួយ។ ៦ ពេល​ទៅ​ដល់ ណាម៉ាន​ក៏​ជូន​សំបុត្រ​នោះ​ដល់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ​៖ ​«​អ្នក​ដែល​យក​សំបុត្រ​នេះ​មក​ប្រគល់​ឲ្យ​អ្នក គឺ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ឈ្មោះ​ណាម៉ាន។ ខ្ញុំ​បាន​ចាត់​គាត់​ទៅ ដើម្បី​ឲ្យ​អ្នក​ព្យាបាល​គាត់​ឲ្យ​ជា​សះ​ស្បើយ​ពី​ជំងឺ​ឃ្លង់​»។ ៧ ក្រោយ​ពី​ស្ដេច​ស្រុក​អ៊ីស្រាអែល​អាន​សំបុត្រ​ចប់​ភ្លាម គាត់​ក៏​ចាប់​ហែក​អាវ ហើយ​និយាយ​ថា​៖ ​«​តើ​ខ្ញុំ​ជា​អ្វី? ខ្ញុំ​មិន​មែន​ជា​ព្រះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ឬ​រស់​បាន​ទេ។+ មើល! ស្ដេច​នេះ​បាន​ចាត់​បុរស​កើត​ឃ្លង់​នេះ មក​ឲ្យ​ខ្ញុំ​ព្យាបាល! ដូច​អស់​លោក​ឃើញ​ស្រាប់​ហើយ គាត់​ចង់​រក​រឿង​នឹង​ខ្ញុំ​ច្បាស់​ណាស់​»។

៨ ឯ​អេលីសេ​ជា​តំណាង​ព្រះ​ពិត ក៏​បាន​ឮ​ដំណឹង​នោះ​ដែរ។ ពេល​នោះ គាត់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្ដេច​ថា​៖ ​«​ហេតុ​អ្វី​ក៏​ស្ដេច​ហែក​អាវ​ដូច្នេះ? សូម​ចាត់​បុរស​នោះ​មក​ឯ​ខ្ញុំ ដើម្បី​ឲ្យ​គាត់​ដឹង​ថា​នៅ​ស្រុក​អ៊ីស្រាអែល​មាន​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ពិត​មែន​»។+ ៩ ដូច្នេះ ណាម៉ាន​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​អេលីសេ អម​ដោយ​ទ័ព​សេះ​និង​ទ័ព​រទេះ​ចម្បាំង​របស់​គាត់។ ពេល​ទៅ​ដល់ ពួក​គេ​បាន​ឈរ​នៅ​មុខ​ផ្ទះ​អេលីសេ។ ១០ ខណៈ​នោះ អេលីសេ​ក៏​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រាប់​ណាម៉ាន​ថា​៖ ​«​ចូរ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ៉ូដាន់+ឲ្យ​បាន​៧​ដង​ទៅ+ នោះ​ស្បែក​របស់​អ្នក​នឹង​ជា​ស្អាត​ឡើង​វិញ​»។ ១១ ពេល​ឮ​ដូច្នោះ ណាម៉ាន​ក៏​ខឹង​យ៉ាង​ខ្លាំង ហើយ​បម្រុង​នឹង​ចាក​ចេញ​ភ្លាម។ ប៉ុន្តែ មុន​ចាក​ចេញ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​គិត​ស្មានថា​គាត់​នឹង​ចេញ​មក​ជួប​ខ្ញុំ ហើយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់។ រួច​រា​ដៃ​ពី​លើ​ដំបៅ​របស់​ខ្ញុំ ឲ្យ​រោគ​ឃ្លង់​បាន​ជា​សះ​ស្បើយ។ ១២ តើ​ទន្លេ​អាបាណា​និង​ទន្លេផាផា​នៅ​ក្រុង​ដាម៉ាស់+មិន​ល្អ​ជាង​ទន្លេ​ទាំង​ឡាយ​នៅ​ស្រុក​អ៊ីស្រាអែល​ទេ​ឬ? បើ​ខ្ញុំ​ទៅ​មុជ​ក្នុង​ទន្លេ​ទាំង​នោះ តើ​មិន​បាន​ជា​ស្អាត​ទេ​ឬ?​»។ រួច​គាត់​ក៏​ចេញ​ទៅ​ទាំង​មាន​កំហឹង​យ៉ាង​ខ្លាំង។

១៣ ឯ​ពួក​អ្នក​បម្រើ​របស់​ណាម៉ាន​ក៏​ចូល​ទៅ​ជិត​គាត់ ហើយ​ជម្រាប​ថា​៖ ​«​លោក​ម្ចាស់* បើ​អ្នក​ប្រកាស​ទំនាយ​នោះ​ប្រាប់​លោក​ឲ្យ​ធ្វើ​អ្វី​ពិបាក លោក​មុខ​ជា​ធ្វើ​តាម មែន​ទេ? គាត់​គ្រាន់​តែ​ឲ្យ​លោក​ទៅ​‹មុជ​ទឹក​ដើម្បី​ជា​ស្អាត›​ទេ​តើ ម្ដេច​ក៏​លោក​មិន​ព្រម​ធ្វើ​តាម​ទៅ​វិញ?​»។ ១៤ ដូច្នេះ ណាម៉ាន​ក៏​ព្រម​ចុះ​ទៅ​មុជ​ទឹក​នៅ​ទន្លេយ៉ូដាន់​អស់​៧​ដង តាម​បង្គាប់​របស់​តំណាង​ព្រះ​ពិត។+ ក្រោយ​ពី​មុជ​រួច ស្បែក​គាត់​ប្រែ​ជា​ស្អាត​ឡើង​វិញ+ ដូច​ស្បែក​របស់​កូន​ក្មេង។+

១៥ ក្រោយ​នោះ ណាម៉ាន​និង​ក្រុម​របស់​គាត់​ក៏​ត្រឡប់​ទៅ​ជួប​អេលីសេ​ជា​តំណាង​ព្រះ​ពិត។+ ណាម៉ាន​ក៏​ឈរ​នៅ​មុខ​អេលីសេ ហើយ​និយាយ​ថា​៖ ​«​ឥឡូវ ខ្ញុំ​ដឹង​ថា​នៅ​លើ​ផែនដី​គ្មាន​ព្រះ​ណា​ទៀត ក្រៅ​ពី​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។+ សូម​លោក​មេត្តា​ទទួល​អំណោយ​ពី​ខ្ញុំ​ផង​ចុះ​»។ ១៦ ប៉ុន្តែ អេលីសេ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ និង​ជា​ព្រះ​ដែល​ខ្ញុំ​កំពុង​បម្រើ​ថា ខ្ញុំ​មិន​ព្រម​ទទួល​អំណោយ​របស់​អ្នក​ទេ​»។+ យ៉ាង​ណា​ក្ដី ណាម៉ាន​ចេះ​តែ​ទទូច​ឲ្យ​គាត់​ទទួល​អំណោយ​នោះ តែ​គាត់​មិន​ព្រម​ទទួល​ឡើយ។ ១៧ នៅ​ទី​បំផុត ណាម៉ាន​បាន​និយាយ​ថា​៖ ​«​បើ​លោក​មិន​ព្រម​ទទួល​ទេ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​យក​ដី​ខ្លះ ដាក់​លើ​ខ្នង​លា​ពីរ​ដឹក​ទៅ​វិញ​ផង ព្រោះ​ខ្ញុំ​នឹង​មិន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ណា​ទៀត ក្រៅ​ពី​ព្រះ​យេហូវ៉ា​ឡើយ។ ១៨ ប៉ុន្តែ សូម​ព្រះ​យេហូវ៉ា​មេត្តា​អនុគ្រោះ​ឲ្យ​ខ្ញុំ​រឿង​មួយ គឺ​ពេល​ស្ដេច​របស់​ខ្ញុំ​ចូល​ទៅ​វិហារ គោរព​បូជា​ដល់​ព្រះ​រីម៉ូន ខ្ញុំ​ជា​អ្នក​ជួយ​ទប់​គាត់ ហើយ​ក៏​ត្រូវ​លំឱន​កាយ​នៅ​វិហារ​ព្រះ​នោះ​ដែរ។ ពេល​ខ្ញុំ​ធ្វើ​ដូច្នោះ សូម​ព្រះ​យេហូវ៉ា​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង​»។ ១៩ ក្រោយ​ពី​ឮ​ដូច្នេះ អេលីសេ​ក៏​និយាយ​ទៅ​ណាម៉ាន​ថា​៖ ​«​ចូរ​ត្រឡប់​ទៅ​វិញ​ដោយ​សុខ​សាន្ត​ចុះ​»។ រួច​គាត់​ក៏​ចាក​ចេញ​ទៅ។ លុះ​គាត់​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​បន្តិច ២០ កេហាស៊ី+ជា​អ្នក​បម្រើ​អេលីសេ​ដែល​ជា​តំណាង​ព្រះ​ពិត+ បាន​គិត​ក្នុង​ចិត្ត​ថា​៖ ‹លោក​ម្ចាស់​ខ្ញុំ​ឲ្យ​ណាម៉ាន​ជា​ជន​ជាតិ​ស៊ីរី+ត្រឡប់​ទៅ​វិញ ដោយ​មិន​ព្រម​ទទួល​អំណោយ​ពី​គាត់​សោះ។ ដូច្នេះ ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ថា ខ្ញុំ​នឹង​រត់​ទៅ​តាម​គាត់ ហើយ​សុំ​អំណោយ​ខ្លះ›។ ២១ បន្ទាប់​មក កេហាស៊ី​ក៏​រត់​ទៅ​តាម​ណាម៉ាន។ ឯ​ណាម៉ាន គាត់​ឃើញ​ថា​មាន​មនុស្ស​ម្នាក់​រត់​តាម​ក្រោយ​គាត់។ ពេល​នោះ គាត់​ក៏​ចុះ​ពី​លើ​រទេះ​ទៅ​ជួប​កេហាស៊ី រួច​សួរ​ថា​៖ ​«​តើ​មាន​រឿង​អ្វី?​»។ ២២ គាត់​ក៏​ឆ្លើយ​តប​ថា​៖ ​«​គ្មាន​រឿង​អ្វី​ទេ គ្រាន់​តែ​លោក​ម្ចាស់​ខ្ញុំ​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រាប់​លោក​ថា​៖ ‹មាន​កូន​ចៅ​ពួក​អ្នក​ប្រកាស​ទំនាយ​ពីរ​នាក់​ទើប​តែ​មក​ជួប​ខ្ញុំ ពី​តំបន់​ភ្នំ​អេប្រាអ៊ីម។ សូម​លោក​ឲ្យ​ប្រាក់​ពួក​គេ​មួយ​ថាលិន និង​សម្លៀក​បំពាក់​ពីរ​បន្លាស់​ផង›​»។+ ២៣ ណាម៉ាន​បាន​និយាយ​ថា​៖ ​«​យក​ពីរ​ថាលិន​ចុះ​»​ ហើយ​គាត់​ក៏​បង្ខំ​កេហាស៊ី​ឲ្យ​យក។+ ណាម៉ាន​បាន​ច្រក​សម្លៀក​បំពាក់​ពីរ​បន្លាស់​និង​ប្រាក់​ពីរ​ថាលិន​ក្នុង​បាវ​ពីរ រួច​បង្គាប់​អ្នក​បម្រើ​ពីរ​នាក់​ឲ្យ​លី​បាវ​នោះ​ទៅ​ជា​មួយ​កេហាស៊ី។

២៤ ពេល​កេហាស៊ី​ទៅ​ដល់​អូផែល* គាត់​ក៏​យក​បាវ​ពី​អ្នក​បម្រើ​ពីរ​នាក់​នោះ ទៅ​ដាក់​ក្នុង​ផ្ទះ​គាត់ រួច​ប្រាប់​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​វិញ។ ក្រោយ​ពី​ពួក​គេ​ចាក​ចេញ​ទៅ ២៥ គាត់​ក៏​ចូល​ទៅ​ឯ​អេលីសេ។ ពេល​នោះ អេលីសេ​សួរ​គាត់​ថា​៖ ​«​កេហាស៊ី តើ​អ្នក​ទើប​មក​ពី​ណា?​»។ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​បាន​ទៅ​ណា​ទេ លោក​ម្ចាស់​»។+ ២៦ រួច​អេលីសេ​បាន​និយាយ​ថា​៖ ​«​តើ​អ្នក​ស្មានថា​ខ្ញុំ​មិន​ដឹង​ថា​អ្នក​រត់​ទៅ​តាម​បុរស​នោះ ហើយ​គាត់​បាន​ចុះ​ពី​រទេះ​មក​ទទួល​អ្នក​ទេ​ឬ? ពេល​នេះ មិន​មែន​ជា​ពេល​ដែល​ត្រូវ​ទទួល​យក​ប្រាក់ សម្លៀក​បំពាក់ ឬ​ចម្ការ​អូលីវ ចម្ការ​ទំពាំង​បាយ​ជូរ គោ ចៀម ឬ​អ្នក​បម្រើ​ប្រុស​ស្រី​ទេ។+ ២៧ ដូច្នេះ ជំងឺ​ឃ្លង់​របស់​ណាម៉ាន+នឹង​ធ្លាក់​មក​លើ​អ្នក​វិញ ហើយ​មក​លើ​កូន​ចៅ​របស់​អ្នក​ជា​រៀង​ដរាប​ត​ទៅ​»។ រំពេច​នោះ ស្បែក​គាត់​ក៏​ស​ស្គុស* ហើយ​គាត់​ចេញ​ទៅ​ទាំង​កើត​ជំងឺ​ឃ្លង់។+

៦ នៅ​គ្រា​មួយ កូន​ចៅ​អ្នក​ប្រកាស​ទំនាយ+បាន​និយាយ​ទៅ​កាន់​អេលីសេ​ថា​៖ ​«​កន្លែង​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​នឹង​លោក​ម្ចាស់ ចង្អៀត​ណាស់។ ២ សូម​ឲ្យ​យើង​ទៅ​តំបន់​ទន្លេយ៉ូដាន់ ហើយ​កាប់​ឈើ​ដើម្បី​សង់​ទី​លំនៅ នៅ​ឯ​ទី​នោះ​ទៅ​»។ អេលីសេ​ក៏​ឆ្លើយ​ថា​៖ ​«​ចូរ​ទៅ​ចុះ​»។ ៣ កូន​ចៅ​អ្នក​ប្រកាស​ទំនាយ​ម្នាក់​បាន​និយាយ​ថា​៖ ​«​សូម​លោក​ម្ចាស់​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ដែរ​»។ គាត់​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ​»។ ៤ ដូច្នេះ អេលីសេ​ក៏​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​នឹង​ពួក​គេ។ ពេល​ទៅ​ដល់​ក្បែរ​ទន្លេយ៉ូដាន់ ពួក​គេ​ក៏​កាប់​ឈើ​នៅ​ទី​នោះ។ ៥ ពេល​ពួក​គេ​កំពុង​កាប់​ឈើ ផ្លែ​ពូថៅ​របស់​បុរស​ម្នាក់ បាន​របូត​ធ្លាក់​ទៅ​ក្នុង​ទឹក។ បុរស​នោះ​ក៏​ស្រែក​ឡើង​ថា​៖ ​«​លោក​ម្ចាស់​អើយ! ពូថៅ​នេះ ខ្ញុំ​ខ្ចី​ពី​គេ​ទេ!​»។ ៦ អេលីសេ​ជា​តំណាង​ព្រះ​ពិត​ក៏​សួរ​ថា​៖ ​«​តើ​ធ្លាក់​នៅ​ត្រង់​ណា?​»។ បុរស​នោះ​ក៏​បង្ហាញ​កន្លែង​ធ្លាក់។ រួច​អេលីសេ​កាត់​មែក​ឈើ​មួយ បោះ​ទៅ​ទី​នោះ ស្រាប់​តែ​ផ្លែ​ពូថៅ​ក៏​អណ្ដែត​ឡើង។ ៧ អេលីសេ​ក៏​ប្រាប់​ថា​៖ ​«​ចូរ​យក​វា​មក​»។ ដូច្នេះ បុរស​នោះ​ក៏​លូក​ដៃ​ទៅ​ចាប់​យក​ផ្លែ​ពូថៅ​នោះ។

៨ លុះ​ក្រោយ​មក ស្ដេច​ស្រុក​ស៊ីរី​ចង់​ទៅ​ច្បាំង​នឹង​ស្ដេច​ស្រុក​អ៊ីស្រាអែល។+ ស្ដេច​ស្រុក​ស៊ីរី​ក៏​ប្រឹក្សា​ជា​មួយ​នឹង​ពួក​អ្នក​បម្រើ​គាត់ ហើយ​ប្រាប់​អំពី​ទី​តាំង​ដែល​ពួក​គេ​ត្រូវ​បោះ​ជំរំ។ ៩ ឯ​តំណាង​ព្រះ​ពិត+ក៏​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្ដេច​ស្រុក​អ៊ីស្រាអែល​ថា​៖ ​«​សូម​លោក​កុំ​ឆ្លង​កាត់​តំបន់​មួយ​នោះ​ឲ្យ​សោះ ព្រោះ​ពួក​ស៊ីរី​កំពុង​ចុះ​មក​តាម​នោះ​ហើយ​»។ ១០ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ចាត់​គេ​ឲ្យ​ទៅ​ព្រមាន​បណ្ដា​ជន​ដែល​រស់​នៅ​តំបន់​ដែល​អេលីសេ​បាន​ប្រាប់។ តំបន់​ណា​ដែល​អេលីសេ​បាន​ព្រមាន​ស្ដេច ស្ដេច​ក៏​បាន​ជៀស​វាង​ពី​តំបន់​នោះ។+

១១ ការ​នេះ​នាំ​ឲ្យ​ស្ដេច​ស្រុក​ស៊ីរី​ខឹង​យ៉ាង​ខ្លាំង។ ដូច្នេះ គាត់​បាន​ហៅ​ពួក​អ្នក​បម្រើ​ឲ្យ​មក ហើយ​សួរ​ថា​៖ ​«​ប្រាប់​មក! តើ​អ្នក​ណា​ចូល​ដៃ​ជា​មួយ​នឹង​ស្ដេចស្រុក​អ៊ីស្រាអែល?​»។ ១២ រួច​អ្នក​បម្រើ​ម្នាក់​បាន​និយាយ​ថា​៖ ​«​គ្មាន​អ្នក​ណា​ក្បត់​នឹង​ស្ដេច​ជា​ម្ចាស់​ទេ! គឺ​អេលីសេ​ជា​អ្នក​ប្រកាស​ទំនាយ​នៅ​ស្រុក​អ៊ីស្រាអែល​ជា​អ្នក​ប្រាប់​ស្ដេច​ស្រុក​នោះ ពី​អ្វី​ដែល​លោក​បាន​និយាយ​ក្នុង​បន្ទប់​»។+ ១៣ ស្ដេច​ក៏​និយាយ​ថា​៖ ​«​ចូរ​ទៅ​ស៊ើប​មើល​ឲ្យ​ដឹង​ថា​គាត់​នៅ​ឯ​ណា ដើម្បី​ខ្ញុំ​ចាត់​ទ័ព​ទៅ​ចាប់​គាត់​»។ ក្រោយ​មក មាន​គេ​មក​រាយ​ការណ៍​ប្រាប់​ស្ដេច​ថា​៖ ​«​អេលីសេ​នៅ​ក្រុង​ដូថាន់​»។+ ១៤ ពេល​ឮ​ដូច្នោះ ស្ដេច​ក៏​បញ្ជា​ទ័ព​មួយ​កង​ធំ រួម​ទាំង​ទ័ព​សេះ​និង​ទ័ព​រទេះ​ចម្បាំង ឲ្យ​ទៅ​ឡោម​ព័ទ្ធ​ក្រុង​នោះ​ទាំង​យប់។

១៥ លុះ​ព្រឹក​ឡើង អ្នក​បម្រើ​របស់​តំណាង​ព្រះ​ពិត បាន​ក្រោក​ពី​ដេក រួច​ចេញ​ទៅ​ក្រៅ។ ពេល​នោះ​គាត់​មើល​ឃើញ​ពល​ទ័ព រួម​ទាំង​ទ័ព​សេះ​និង​ទ័ព​រទេះ​ចម្បាំង កំពុង​ឡោម​ព័ទ្ធ​ក្រុង។ គាត់​ក៏​ស្រែក​ឡើង​ថា​៖ ​«​វរ​ហើយ​លោក​ម្ចាស់! តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ?​»។ ១៦ ប៉ុន្តែ អេលីសេ​ប្រាប់​ថា​៖ ​«​កុំ​ខ្លាច​ឡើយ!+ ព្រោះ​ខាង​យើង​មាន​គ្នា​ច្រើន​ជាង​ខាង​គេ​ទៅ​ទៀត​»។+ ១៧ រួច​អេលីសេ​ក៏​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​បើក​ភ្នែក​គាត់​ឲ្យ​មើល​ឃើញ​ផង​»។+ រំពេច​នោះ ព្រះ​យេហូវ៉ា​ក៏​បើក​ភ្នែក​អ្នក​បម្រើ​នោះ ហើយ​គាត់​ក៏​ឃើញ​នៅ​តំបន់​ភ្នំ​មាន​ពេញ​ទៅ​ដោយ​ទ័ព​សេះ​ភ្លើង​និង​ទ័ព​រទេះ​ចម្បាំង​ភ្លើង+នៅ​ជុំវិញ​អេលីសេ។+

១៨ ពេល​នោះ ទ័ព​ស៊ីរី​ក៏​ចុះ​សំដៅ​មក​រក​អេលីសេ។ ឃើញ​ដូច្នោះ អេលីសេ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​លោក​ធ្វើ​ឲ្យ​ពួក​គេ​ងងឹត​ភ្នែក​ទៅ​»។+ ដូច្នេះ ព្រះ​ក៏​ធ្វើ​ឲ្យ​ពួក​គេ​ងងឹត​ភ្នែក។ ១៩ បន្ទាប់​មក អេលីសេ​ក៏​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​មិន​មែន​ផ្លូវ​នេះ​ទេ ក៏​មិន​មែន​ក្រុង​នេះ​ដែរ។ សូម​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ជួប​បុរស​ដែល​អ្នក​រាល់​គ្នា​កំពុង​រក​»។ ពេល​នោះ គាត់​បាន​នាំ​ពួក​គេ​ទៅ​ក្រុង​សាម៉ារី។+

២០ ពេល​ទៅ​ដល់ អេលីសេ​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​បើក​ភ្នែក​ពួក​គេ​ឲ្យ​មើល​ឃើញ​វិញ​ផង​»។ ដូច្នេះ ព្រះ​យេហូវ៉ា​ក៏​បើក​ភ្នែក​ពួក​គេ ហើយ​ពួក​គេ​ឃើញ​ថា​ខ្លួន​កំពុង​នៅ​កណ្ដាល​ក្រុង​សាម៉ារី។ ២១ ពេល​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ឃើញ​ពួក​គេ គាត់​ក៏​សួរ​អេលីសេ​ថា​៖ ​«​លោក​ឪពុក! តើ​ត្រូវ​សម្លាប់​ពួក​គេ​ទេ? តើ​ខ្ញុំ​គួរ​តែ​សម្លាប់​ពួក​គេ​ឬ?​»។ ២២ ប៉ុន្តែ អេលីសេ​ប្រាប់​ថា​៖ ​«​អ្នក​មិន​ត្រូវ​សម្លាប់​ពួក​គេ​ទេ។ តើ​អ្នក​គួរ​សម្លាប់​ឈ្លើយ​សឹក​ឬ? សូម​រៀបចំ​នំ​ប៉័ង​និង​ទឹក​ឲ្យ​ពួក​គេ​បរិភោគ​ទៅ+ ដើម្បី​ពួក​គេ​មាន​កម្លាំង​ត្រឡប់​ទៅ​ឯ​ម្ចាស់​ពួក​គេ​វិញ​»។ ២៣ ដូច្នេះ ស្ដេច​បាន​រៀបចំ​ពិធី​ភោជនាហារ​ឲ្យ​ពួក​គេ។ ក្រោយ​ពី​បរិភោគ​រួច ស្ដេច​ក៏​ដោះ​លែង​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​ម្ចាស់​វិញ។ តាំង​ពី​ពេល​នោះ ទ័ព​ស៊ីរី+ក៏​លែង​មក​ឈ្លានពាន​ទឹក​ដី​អ៊ីស្រាអែល​ទៀត។

២៤ កន្លង​ក្រោយ​មក បេនហាដាត​ជា​ស្ដេច​ស្រុក​ស៊ីរី​បាន​ប្រមូល​ទ័ព​របស់​គាត់​ទាំង​អស់ ហើយ​ឡើង​ទៅ​ឡោម​ព័ទ្ធ​ក្រុង​សាម៉ារី។+ ២៥ ដោយ​ព្រោះ​ការ​នោះ ក្រុង​សាម៉ារី​មាន​ការ​អត់​ឃ្លាន​ជា​ខ្លាំង+ រហូត​ដល់​ក្បាល​លា​មួយ+ថ្លៃ​៨០​កាក់​ធ្វើ​ពី​ប្រាក់ និង​អាចម៍​ព្រាប​ពីរ​ក្ដាប់*ថ្លៃ​៥​កាក់​ធ្វើ​ពី​ប្រាក់។ ២៦ គ្រា​នោះ កាល​ដែល​ស្ដេច​ស្រុក​អ៊ីស្រាអែល​ដើរ​លើ​កំពែង​ក្រុង មាន​ស្ត្រី​ម្នាក់​ស្រែក​អង្វរ​គាត់​ថា​៖ ​«​ឱ​ស្ដេច​ជា​ម្ចាស់​អើយ! សូម​ជួយ​យើង​ផង​»។ ២៧ ស្ដេច​ក៏​តប​ទៅ​វិញ​ថា​៖ ​«​បើ​ព្រះ​យេហូវ៉ា​មិន​ជួយ​អ្នក​ផង ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ជួយ​អ្នក​បាន​ទៅ? ស្រូវ​ក៏​ខ្ញុំ​គ្មាន ស្រា​ទំពាំង​បាយ​ជូរ និង​ប្រេង​ក៏​ខ្ញុំ​គ្មាន​ដែរ​»។ ២៨ ស្ដេច​ក៏​សួរ​នាង​ថា​៖ ​«​តើ​នាង​មាន​រឿង​អ្វី?​»។ នាង​ឆ្លើយ​ថា​៖ ​«​ស្ត្រី​នេះ​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា​៖ ‹ថ្ងៃ​នេះ​យើង​នឹង​បរិភោគ​កូន​អ្នក ហើយ​ថ្ងៃ​ស្អែក​យើង​នឹង​បរិភោគ​កូន​ខ្ញុំ​វិញ›។+ ២៩ ដូច្នេះ ខ្ញុំ​ក៏​ស្ងោរ​កូន​ខ្ញុំ ហើយ​បរិភោគ​ជា​មួយ​គ្នា​ទៅ។+ នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​និយាយ​ទៅ​នាង​ថា​៖ ‹ចូរ​យក​កូន​អ្នក​មក ដើម្បី​យើង​ចែក​គ្នា​បរិភោគ›។ ប៉ុន្តែ នាង​បាន​យក​កូន​នោះ​ទៅ​លាក់​ទុក​»។

៣០ ក្រោយ​ពី​ស្ដាប់​រួច ស្ដេច​ក៏​ចាប់​ហែក​អាវ​របស់​ខ្លួន។+ ខណៈ​ពេល​ស្ដេច​កំពុង​ដើរ​លើ​កំពែង បណ្ដា​ជន​បាន​ឃើញ​ថា​គាត់​ស្លៀក​បាវ ទោះ​ជា​គាត់​ពាក់​សម្លៀក​បំពាក់​ស្ដេច​ពី​លើ​ក៏​ដោយ។ ៣១ បន្ទាប់​មក ស្ដេច​ក៏​និយាយ​ថា​៖ ​«​នៅ​ថ្ងៃ​នេះ បើ​ខ្ញុំ​មិន​បាន​កាត់​ក្បាល​អេលីសេ​ជា​កូន​សាផាត​ទេ នោះ​សូម​ឲ្យ​ព្រះ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ទៅ​ចុះ!​»។+

៣២ ពេល​នោះ អេលីសេ​កំពុង​អង្គុយ​ជា​មួយ​នឹង​ពួក​បុរស​ចាស់​ទុំ​នៅ​ក្នុង​ផ្ទះ​របស់​គាត់។ ស្ដេច​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​រត់​ទៅ​មុន​គាត់។ ប៉ុន្តែ មុន​អ្នក​នាំ​សារ​ទៅ​ដល់ អេលីសេ​បាន​ប្រាប់​ពួក​បុរស​ចាស់​ទុំ​ថា​៖ ​«​កូន​ឃាតករ+បាន​ចាត់​គេ​ឲ្យ​មក​កាត់​ក្បាល​ខ្ញុំ​ហើយ។ សូម​ចាំ​មើល បើ​អ្នក​នាំ​សារ​មក​ដល់ សូម​បិទ​ទ្វារ​ឲ្យ​ជិត កុំ​ឲ្យ​គាត់​ចូល​ឲ្យ​សោះ។ ម្ចាស់​របស់​គាត់​ក៏​កំពុង​មក​តាម​ក្រោយ​ដែរ​»។ ៣៣ កាល​អេលីសេ​កំពុង​និយាយ​ជា​មួយ​នឹង​ពួក​បុរស​ចាស់​ទុំ​នៅ​ឡើយ អ្នក​នាំ​សារ​និង​ស្ដេច​ក៏​បាន​មក​ដល់។ ពេល​នោះ ស្ដេច​បាន​និយាយ​ថា​៖ ​«​សេចក្ដី​វេទនា​នេះ​គឺ​មក​ពី​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី​ខ្ញុំ​គួរ​រង់​ចាំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ទៀត?​»។

៧ អេលីសេ​ក៏​និយាយ​ថា​៖ ​«​ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ថ្ងៃ​ស្អែក​ថ្មើរ​នេះ នៅ​ផ្សារ* ម្សៅ​ម៉ដ្ឋ​មួយ​រង្វាល់*នឹង​មាន​តម្លៃ​តែ​មួយ​ហ្សេគិល* ហើយ​ស្រូវ*ពីរ​រង្វាល់​ក៏​មាន​តម្លៃ​មួយ​ហ្សេគិល​ដែរ›​»។+ ២ ពេល​ឮ​ដូច្នេះ នាយ​ទាហាន​ជំនិត​ម្នាក់​របស់​ស្ដេច បាន​និយាយ​ទៅ​កាន់​អេលីសេ​ជា​តំណាង​ព្រះ​ពិត​ថា​៖ ​«​បើ​ទោះ​ជា​ព្រះ​យេហូវ៉ា​បើក​ទ្វារ​ទំនប់​នៅ​លើ​មេឃ​ក្ដី ក៏​រឿង​នេះ​មិន​អាច​ទៅ​រួច​ដែរ​»។+ អេលីសេ​ក៏​ឆ្លើយ​ទៅ​វិញ​ថា​៖ ​«​អ្នក​នឹង​ឃើញ​រឿង​នេះ​ដោយ​ផ្ទាល់​ភ្នែក+ តែ​អ្នក​នឹង​មិន​បាន​បរិភោគ​ទេ​»។+

៣ នៅ​ពេល​នោះ មាន​អ្នក​កើត​ជំងឺ​ឃ្លង់​បួន​នាក់​អង្គុយ​នៅ​ខ្លោង​ទ្វារ​ក្រុង។+ ពួក​គេ​ក៏​និយាយ​គ្នា​ថា​៖ ​«​ហេតុ​អ្វី​ក៏​យើង​អង្គុយ​រង់​ចាំ​ស្លាប់​នៅ​ទី​នេះ​ដូច្នេះ? ៤ បើ​យើង​អង្គុយ​នៅ​ទី​នេះ​យើង​ក៏​ស្លាប់ ហើយ​បើ​យើង​ចូល​ក្នុង​ក្រុង+ យើង​ក៏​ស្លាប់​ដោយ​ការ​អត់​ឃ្លាន​ដែរ។ ដូច្នេះ ចូរ​យើង​ទៅ​ជំរំ​ទ័ព​ស៊ីរី​ទៅ ក្រែង​លោ​ពួក​គេ​ទុក​ជីវិត​ឲ្យ​យើង តែ​បើ​ពួក​គេ​សម្លាប់​យើង ស្លាប់​ក៏​ស្លាប់​ទៅ​ចុះ​»។ ៥ លុះ​ពេល​ព្រលប់ ពួក​គេ​ក៏​ចូល​ទៅ​ជំរំ​ទ័ព​ស៊ីរី។ ប៉ុន្តែ ពេល​ទៅ​ដល់​ជំរំ ពួក​គេ​មិន​ឃើញ​មាន​អ្នក​ណា​ម្នាក់​សោះ។

៦ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​ស៊ីរី ឮ​សូរ​សន្ធឹក​កង​ទ័ព​សេះ​និង​ទ័ព​រទេះ​ចម្បាំង​ដ៏​ធំ។+ ដូច្នេះ ពួក​គេ​ក៏​និយាយ​គ្នា​ថា​៖ ​«​វរ​ហើយ! ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ទៅ​ពឹង*ពួក​ស្ដេច​ជន​ជាតិ​ហេត និង​ពួក​ស្ដេច​នៅ​ស្រុក​អេហ្ស៊ីប ឲ្យ​មក​ច្បាំង​នឹង​យើង​ហើយ!​»។ ៧ ភ្លាម​នោះ ពួក​គេ​រត់​ទៅ​ទាំង​យប់​យក​តែ​រួច​ខ្លួន​ប៉ុណ្ណោះ ដោយ​ទុក​ចោល​ត្រសាល សេះ លា និង​របស់​របរ​ទាំង​អស់​នៅ​ក្នុង​ជំរំ។

៨ ពេល​បុរស​កើត​ឃ្លង់​ទាំង​នោះ​ទៅ​ដល់​ជំរំ​ទ័ព ពួក​គេ​ក៏​ចូល​ទៅ​ត្រសាល​មួយ ហើយ​បរិភោគ​អាហារ​ទៅ។ បន្ទាប់​មក ពួក​គេ​យក​មាស​ប្រាក់​និង​សម្លៀក​បំពាក់​ពី​ត្រសាល​នោះ​ទៅ​លាក់​ទុក។ រួច​ពួក​គេ​មក​វិញ ហើយ​ចូល​ទៅ​ត្រសាល​មួយ​ទៀត ក៏​ប្រមូល​របស់​របរ​ពី​ក្នុង​នោះ​ទៅ​លាក់​ទុក​ដែរ។

៩ ក្រោយ​មក ពួក​គេ​បាន​និយាយ​គ្នា​ថា​៖ ​«​យើង​ធ្វើ​ដូច្នេះ​មិន​ត្រូវ​ទេ ព្រោះ​ថ្ងៃ​នេះ​យើង​ដឹង​ដំណឹង​ល្អ! បើ​យើង​នៅ​បង្អែ​បង្អង់​ចាំ​រហូត​ដល់​ភ្លឺ យើង​នឹង​ទទួល​ទោស​មិន​ខាន។ ឥឡូវ ចូរ​យើង​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ពួក​អ្នក​បម្រើ​ស្ដេច​»។ ១០ ដូច្នេះ ពួក​គេ​ក៏​ត្រឡប់​ទៅ​ក្រុង​វិញ។ ពេល​ទៅ​ដល់ ពួក​គេ​ស្រែក​ប្រាប់​ពួក​អ្នក​យាម​ទ្វារ​ក្រុង​ថា​៖ ​«​យើង​បាន​ចូល​ទៅ​ក្នុង​ជំរំ​ទ័ព​ស៊ីរី តែ​មិន​ឃើញ​អ្នក​ណា​នៅ​ទី​នោះ​ឡើយ ហើយ​ក៏​មិន​ឮ​សំឡេង​អ្នក​ណា​ដែរ។ យើង​ឃើញ​សល់​តែ​ត្រសាល សេះ​និង​លា​ដែល​ពួក​គេ​ចង​ទុក​ចោល​ប៉ុណ្ណោះ​»។ ១១ ពេល​ឮ​ដូច្នេះ ពួក​អ្នក​យាម​ក៏​ស្រែក​ប្រាប់​បន្ត ហើយ​គេ​ក៏​នាំ​ដំណឹង​នោះ​ទៅ​ជម្រាប​ស្ដេច។

១២ ពេល​ឮ​ដំណឹង​នោះ​ភ្លាម ស្ដេច​ក្រោក​ឡើង​ទាំង​យប់ ហើយ​ប្រាប់​ពួក​អ្នក​បម្រើ​គាត់​ថា​៖ ​«​នេះ​ច្បាស់​ជា​កលល្បិច​របស់​ពួក​ស៊ីរី​ហើយ។ ពួក​គេ​ដឹង​ថា​យើង​កំពុង​អត់​ឃ្លាន+ ដូច្នេះ​ពួក​គេ​ក៏​ចេញ​ពី​ជំរំ ហើយ​ទៅ​ពួន​ខ្លួន​នៅ​ឯ​វាល ដោយ​និយាយ​គ្នា​ថា​៖ ‹ពួក​អ៊ីស្រាអែល​មុខ​ជា​ចេញ​ពី​ក្រុង​មិន​ខាន។ នៅ​ពេល​នោះ យើង​នឹង​ចាប់​ពួក​គេ​ទាំង​រស់ រួច​វាយ​យក​ក្រុង​របស់​ពួក​គេ›​»។+ ១៣ អ្នក​បម្រើ​ម្នាក់​ក៏​និយាយ​ថា​៖ ​«​សូម​លោក​ម្ចាស់​ចាត់​បុរស​ខ្លះ​ឲ្យ​យក​សេះ​ប្រាំ ពី​ចំណោម​សេះ​ដែល​នៅ​សល់​ក្នុង​ក្រុង រួច​ជិះ​ទៅ​ពិនិត្យ​មើល។ បើ​ពួក​គេ​មិន​ទៅ ក៏​ពួក​គេ​នឹង​ស្លាប់​ដូច​បណ្ដា​ជន​អ៊ីស្រាអែល​ឯ​ទៀត​ដែរ​»។ ១៤ ដូច្នេះ ស្ដេច​ក៏​ចាត់​ពួក​គេ​ឲ្យ​ទៅ​ជំរំ​ទ័ព​ស៊ីរី ដោយ​និយាយ​ថា​៖ ​«​ចូរ​ទៅ​ពិនិត្យ​មើល​ចុះ​»។ រួច​ពួក​គេ​ទឹម​រទេះ​ចម្បាំង​ពីរ ហើយ​ក៏​ចេញ​ទៅ។ ១៥ ដូច្នេះ ពួក​គេ​ក៏​ទៅ​តាម​បុរស​កើត​ឃ្លង់​ទាំង​នោះ​រហូត​ដល់​តំបន់​ទន្លេយ៉ូដាន់។ នៅ​តាម​ផ្លូវ ពួក​គេ​ឃើញ​សុទ្ធតែ​សម្លៀក​បំពាក់​និង​របស់​របរ​ដែល​ពួក​ស៊ីរី​បាន​បោះ​ចោល​ក្នុង​កាល​ដែល​រត់​គេច​ខ្លួន។ ក្រោយ​មក ពួក​អ្នក​នាំ​សារ​ក៏​ត្រឡប់​ទៅ​រាយ​ការណ៍​ប្រាប់​ស្ដេច​វិញ។

១៦ ចំណែក​បណ្ដា​ជន​ក៏​បាន​ឮ​ដំណឹង​នោះ​ដែរ ហើយ​ពួក​គេ​បាន​ចេញ​ទៅ​ប្រមូល​យក​របស់​របរ​ពី​ជំរំ​ទ័ព​ស៊ីរី។ ហេតុ​នេះ ម្សៅ​ម៉ដ្ឋ​មួយ​រង្វាល់​មាន​តម្លៃ​តែ​មួយ​ហ្សេគិល ហើយ​ស្រូវ​ពីរ​រង្វាល់​មាន​តម្លៃ​មួយ​ហ្សេគិល ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មែន។+ ១៧ ឯ​នាយ​ទាហាន​ជំនិត​ដែល​ស្ដេច​បាន​ចាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​នៅ​ខ្លោង​ទ្វារ​ក្រុង បាន​ត្រូវ​បណ្ដា​ជន​ជាន់​ស្លាប់​នៅ​ទី​នោះ​ទៅ។ នេះ​បាន​កើត​ឡើង​ស្រប​តាម​ពាក្យ​ដែល​តំណាង​ព្រះ​ពិត​បាន​ប្រាប់​ស្ដេច កាល​ដែល​ស្ដេច​បាន​ទៅ​ជួប​គាត់។ ១៨ រឿង​នេះ​បាន​កើត​ឡើង​ដូច​តំណាង​ព្រះ​ពិត​បាន​ប្រាប់​ស្ដេច​ថា​៖ ​«​ថ្ងៃ​ស្អែក​ថ្មើរ​នេះ នៅ​ផ្សារ​ម្សៅ​ម៉ដ្ឋ​មួយ​រង្វាល់​នឹង​មាន​តម្លៃ​តែ​មួយ​ហ្សេគិល ហើយ​ស្រូវ​ពីរ​រង្វាល់​ក៏​មាន​តម្លៃ​មួយ​ហ្សេគិល​ដែរ​»។+ ១៩ ពេល​នោះ នាយ​ទាហាន​ជំនិត​របស់​ស្ដេច​ក៏​និយាយ​ទៅ​កាន់​តំណាង​ព្រះ​ពិត​ថា​៖ ​«​ទោះ​ជា​ព្រះ​យេហូវ៉ា​បើក​ទ្វារ​ទំនប់​នៅ​លើ​មេឃ​ក្ដី ក៏​រឿង​នេះ​មិន​អាច​ទៅ​រួច​ដែរ​»។ អេលីសេ​ក៏​ឆ្លើយ​ទៅ​វិញ​ថា​៖ ​«​អ្នក​នឹង​ឃើញ​រឿង​នេះ​ដោយ​ផ្ទាល់​ភ្នែក តែ​អ្នក​នឹង​មិន​បាន​បរិភោគ​ទេ​»។ ២០ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​មែន ព្រោះ​បណ្ដា​ជន​បាន​ជាន់​គាត់​ស្លាប់​នៅ​ខ្លោង​ទ្វារ​ក្រុង។

៨ ថ្ងៃ​មួយ អេលីសេ​បាន​និយាយ​ទៅ​កាន់​ស្ត្រី​ដែល​គាត់​បាន​ប្រោស​កូន​នាង​ឲ្យ​រស់​ឡើង​វិញ​ថា​៖+ ​«​ចូរ​នាំ​ក្រុម​គ្រួសារ​នាង​ទៅ​រស់​នៅ​ស្រុក​ផ្សេង ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​នៅ​ស្រុក​នេះ​នឹង​មាន​ការ​អត់​ឃ្លាន+អស់​៧​ឆ្នាំ​»។ ២ ដូច្នេះ នាង​ក៏​ធ្វើ​តាម​បង្គាប់​របស់​តំណាង​ព្រះ​ពិត ដោយ​នាំ​ក្រុម​គ្រួសារ​ទៅ​រស់​នៅ​ស្រុក​ភីលីស្ទីន+អស់​រយៈ​ពេល​៧​ឆ្នាំ។

៣ លុះ​៧​ឆ្នាំ​កន្លង​ផុត​ហើយ នាង​ក៏​នាំ​ក្រុម​គ្រួសារ​ត្រឡប់​មក​ស្រុក​អ៊ីស្រាអែល​វិញ។ បន្ទាប់​មក នាង​ក៏​ទៅ​អង្វរ​ស្ដេច​សុំ​ស្រែ​ចម្ការ​និង​ផ្ទះ​របស់​នាង​មក​វិញ។ ៤ គ្រា​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​សួរ​កេហាស៊ី​ជា​អ្នក​បម្រើ​របស់​អេលីសេ​ដែល​ជា​តំណាង​ព្រះ​ពិត​ថា​៖ ​«​សូម​រៀប​រាប់​ប្រាប់​ខ្ញុំ​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​អេលីសេ​បាន​ធ្វើ​»។+ ៥ កេហាស៊ី​ក៏​បាន​រៀប​រាប់​ប្រាប់​ស្ដេច​អំពី​អេលីសេ​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។+ ដំណាល​គ្នា​នោះ ស្ត្រី​ដែល​អេលីសេ​បាន​ប្រោស​កូន​នាង​ឲ្យ​រស់​ឡើង​វិញ ក៏​ចូល​មក​ជួប​ស្ដេច​ដើម្បី​សុំ​ស្រែ​ចម្ការ​និង​ផ្ទះ​របស់​នាង​វិញ។+ ភ្លាម​នោះ កេហាស៊ី​ក៏​និយាយ​ថា​៖ ​«​ស្ដេច​ជា​ម្ចាស់ នាង​ជា​ស្ត្រី​នោះ​ហើយ ហើយ​នោះ​ជា​កូន​ប្រុស​ដែល​អេលីសេ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ ៦ រួច​មក ស្ដេច​ក៏​បាន​សួរ​នាង​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ លុះ​ស្ដាប់​រួច ស្ដេច​ក៏​បង្គាប់​មន្ត្រី​ម្នាក់​ថា​៖ ​«​ចូរ​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ឲ្យ​នាង​វិញ ព្រម​ទាំង​ភោគ​ផល​ពី​ដី​នោះ​តាំង​ពី​ពេល​ដែល​នាង​ចាក​ចេញ​ពី​ស្រុក​រហូត​មក​ដល់​ឥឡូវ​នេះ​»។

៧ នៅ​ពេល​មួយ អេលីសេ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស់។+ ពេល​នោះ បេនហាដាត+ជា​ស្ដេច​ស្រុក​ស៊ីរី​បាន​ធ្លាក់​ខ្លួន​ឈឺ។ មាន​គេ​មក​រាយ​ការណ៍​ប្រាប់​ស្ដេច​ថា​៖ ​«​តំណាង​ព្រះ​ពិត+បាន​មក​ទី​នេះ​ហើយ​»។ ៨ ពេល​ឮ​ដូច្នេះ ស្ដេច​ក៏​បង្គាប់​ហាសេអែល​ថា​៖+ ​«​ចូរ​ទៅ​ជួប​តំណាង​ព្រះ​ពិត+ ហើយ​នាំ​យក​អំណោយ​ទៅ​ជា​មួយ​ផង។ សូម​សួរ​ព្រះ​យេហូវ៉ា​តាម​រយៈ​គាត់​ថា​៖ ‹តើ​ខ្ញុំ​នឹង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ឬ​ទេ?›​»។ ៩ ដូច្នេះ ហាសេអែល​ក៏​រៀបចំ​អំណោយ​ជា​របស់​ល្អ​ៗ​ពី​ក្រុង​ដាម៉ាស់​ដាក់​លើ​ខ្នង​អូដ្ឋ​៤០​ក្បាល ហើយ​ក៏​ធ្វើ​ដំណើរ​ទៅ​ជួប​អេលីសេ។ ពេល​ទៅ​ដល់ គាត់​ក៏​និយាយ​ទៅ​កាន់​អេលីសេ​ថា​៖ ​«​លោក​ម្ចាស់! បេនហាដាត​ជា​ស្ដេច​ស្រុក​ស៊ីរី​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​លោក​ម្ចាស់។ គាត់​សួរ​ថា​៖ ‹តើ​ខ្ញុំ​នឹង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ឬ​ទេ?›​»។ ១០ អេលីសេ​ក៏​តប​ទៅ​វិញ​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​គាត់​ថា​៖ ‹លោក​នឹង​បាន​ជា​សះ​ស្បើយ​ពិត​មែន›។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា គាត់​នឹង​ស្លាប់​ជា​មិន​ខាន​»។+ ១១ បន្ទាប់​មក អេលីសេ​ក៏​សម្លឹង​មើល​មុខ​ហាសេអែល​រហូត​ដល់​គាត់​ខ្មាស។ រួច​អេលីសេ​ចាប់​ផ្ដើម​យំ។ ១២ ហាសេអែល​ក៏​សួរ​ថា​៖ ​«​ហេតុ​អ្វី​ក៏​លោក​ម្ចាស់​យំ​ដូច្នេះ?​»។ អេលីសេ​ឆ្លើយ​ថា​៖ ​«​ពី​ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ឃោរ​ឃៅ​ទៅ​លើ​បណ្ដា​ជន​អ៊ីស្រាអែល។+ អ្នក​នឹង​ដុត​បំផ្លាញ​បន្ទាយ​មាំ​មួន ហើយ​សម្លាប់​ទាហាន​ខ្លាំង​ពូកែ​របស់​ពួក​គេ។ អ្នក​ក៏​បោក​សម្លាប់​កូន​ក្មេង ព្រម​ទាំង​វះ​ពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទៀត​ផង​»។+ ១៣ ហាសេអែល​បាន​និយាយ​ថា​៖ ​«​តើ​ខ្ញុំ​អាច​ធ្វើ​ដូច្នោះ​ម្ដេច​បាន? ព្រោះ​ខ្ញុំ​បាទ​គ្រាន់​តែ​ជា​ឆ្កែ​មួយ​ក្បាល​ប៉ុណ្ណោះ​»។ ប៉ុន្តែ អេលីសេ​បាន​តប​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា​អ្នក​នឹង​ទៅ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី​»។+

១៤ លុះ​ស្ដាប់​រួច ហាសេអែល​ក៏​ត្រឡប់​ទៅ​ជួប​បេនហាដាត​ជា​ម្ចាស់​របស់​គាត់​វិញ។ ពេល​នោះ បេនហាដាត​បាន​សួរ​ថា​៖ ​«​តើ​អេលីសេ​ប្រាប់​អ្នក​យ៉ាង​ណា?​»។ ហាសេអែល​ក៏​ឆ្លើយ​ថា​៖ ​«​គាត់​ប្រាប់​ខ្ញុំ​ថា​លោក​នឹង​ជា​សះ​ស្បើយ​ជា​មិន​ខាន​»។+ ១៥ ប៉ុន្តែ ស្អែក​ឡើង​ហាសេអែល​បាន​យក​ផួយ​ទៅ​ជ្រលក់​ទឹក រួច​យក​ទៅ​ខ្ទប់​មុខ​បេនហាដាត​រហូត​ដល់​គាត់​ថប់​ដង្ហើម​ស្លាប់​ទៅ។+ បន្ទាប់​មក ហាសេអែល​ក៏​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ជំនួស​បេនហាដាត។+

១៦ នៅ​ឆ្នាំ​ទី​៥​នៃ​រាជ្យ​យេហូរ៉ាម+ជា​កូន​អាហាប់​ស្ដេច​ស្រុក​អ៊ីស្រាអែល យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា​បាន​ផ្ទេរ​រាជ្យ​ដល់​យេហូរ៉ាម+ជា​កូន​របស់​គាត់។ ១៧ យេហូរ៉ាម​បាន​គ្រង​រាជ្យ​ពេល​គាត់​មាន​អាយុ​៣២​ឆ្នាំ ហើយ​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម*អស់​រយៈ​ពេល​៨​ឆ្នាំ។ ១៨ គាត់​បាន​ដើរ​តាម​គន្លង​នៃ​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល+ ដូច​ពូជ​ពង្ស​របស់​អាហាប់​ដែរ+ ព្រោះ​គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់​អាហាប់។+ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។+ ១៩ ប៉ុន្តែ ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​លោក+ ព្រះ​យេហូវ៉ា​មិន​ចង់​បំផ្លាញ​ពួក​យូដា​ឲ្យ​សាប​សូន្យ​ទេ ព្រោះ​លោក​បាន​សន្យា​នឹង​ដាវីឌ​ថា ពូជ​ពង្ស*របស់​គាត់​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត។+

២០ ក្នុង​រាជ្យ​យេហូរ៉ាម ពួក​អេដំ​បាន​បះ​បោរ​ប្រឆាំង​នឹង​ពួក​យូដា+ ហើយ​ពួក​គេ​បាន​តែង​តាំង​ស្ដេច​ឲ្យ​គ្រប់​គ្រង​លើ​ពួក​គេ។+ ២១ ដូច្នេះ យេហូរ៉ាម​បាន​ប្រមូល​ទ័ព​រទេះ​ចម្បាំង​ទាំង​អស់​ទៅ​តំបន់​សាអៀ។ រួច​គាត់​បាន​ក្រោក​ឡើង​ទាំង​យប់ ទៅ​វាយ​ប្រហារ​ពួក​អេដំ​ដែល​មក​ឡោម​ព័ទ្ធ​គាត់​និង​ពួក​មេ​ទ័ព​រទេះ​ចម្បាំង។ គាត់​បាន​វាយ​ឈ្នះ​ពួក​គេ ហើយ​ពួក​គេ​បាន​រត់​ទៅ​ជំរំ​ទ័ព​របស់​ខ្លួន។ ២២ ប៉ុន្តែ ពួក​អេដំ​នៅ​តែ​បះ​បោរ​ប្រឆាំង​នឹង​ពួក​យូដា​រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លិបណា+ក៏​បាន​បះ​បោរ​ប្រឆាំង​ដែរ។

២៣ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូរ៉ាម​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​នៅ​ស្រុក​យូដា។ ២៤ យេហូរ៉ាម​ក៏​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់​នៅ​ក្រុង​ដាវីឌ។+ ក្រោយ​មក អាហាស៊ីយ៉ា+ជា​កូន​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

២៥ នៅ​ឆ្នាំ​ទី​១២​ក្នុង​រាជ្យ​យេហូរ៉ាម​ជា​កូន​អាហាប់​ស្ដេច​ស្រុក​អ៊ីស្រាអែល អាហាស៊ីយ៉ា​ជា​កូន​យេហូរ៉ាម​ស្ដេច​ស្រុក​យូដា បាន​គ្រប់​គ្រង​ជា​ស្ដេច។+ ២៦ ពេល​នោះ គាត់​មាន​អាយុ​២២​ឆ្នាំ ហើយ​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​មួយ​ឆ្នាំ។ ម្ដាយ​គាត់​ឈ្មោះ​អាថាលៀ+ ត្រូវ​ជា​ចៅ​របស់​អំរី+ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២៧ គាត់​បាន​ដើរ​តាម​គន្លង​របស់​ពូជ​ពង្ស​អាហាប់+ ហើយ​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដូច​ពូជ​ពង្ស​របស់​អាហាប់​ដែរ ព្រោះ​គាត់​ជា​សាច់​ញាតិ​អាហាប់។+ ២៨ ដូច្នេះ អាហាស៊ីយ៉ា​បាន​រួម​ដៃ​ជា​មួយ​នឹង​យេហូរ៉ាម​ជា​កូន​អាហាប់ ទៅ​ច្បាំង​នឹង​ហាសេអែល​ជា​ស្ដេច​ស្រុក​ស៊ីរី​នៅ​ក្រុង​រ៉ាម៉ូតគីលាត។+ ប៉ុន្តែ យេហូរ៉ាម​បាន​រង​របួស​ដោយ​សារ​ពួក​ស៊ីរី។+ ២៩ ដូច្នេះ ស្ដេច​យេហូរ៉ាម​បាន​ត្រឡប់​ទៅ​ក្រុង​យេសរៀល​វិញ+ ដើម្បី​ព្យាបាល​របួស​របស់​គាត់។ គាត់​បាន​រង​របួស​ពេល​ដែល​ច្បាំង​នឹង​ហាសេអែល​ជា​ស្ដេច​ស្រុក​ស៊ីរី​នៅ​ក្រុង​រ៉ាម៉ា។*+ ឯ​អាហាស៊ីយ៉ា​ជា​កូន​យេហូរ៉ាម​ស្ដេច​ស្រុក​យូដា​បាន​ចុះ​ទៅ​ក្រុង​យេសរៀល ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​យេហូរ៉ាម​ជា​កូន​អាហាប់។

៩ ក្រោយ​មក អេលីសេ​បាន​ហៅ​កូន​ចៅ​អ្នក​ប្រកាស​ទំនាយ​ម្នាក់​មក​ប្រាប់​ថា​៖ ​«​ចូរ​ក្រវាត់​អាវ​នៅ​ចង្កេះ ហើយ​យក​ប្រេង​មួយ​ដប​ទៅ​ក្រុង​រ៉ាម៉ូតគីលាត​ជា​ប្រញាប់។+ ២ ពេល​ទៅ​ដល់ ចូរ​រក​យេហ៊ូ+ជា​កូន​យេហូសាផាត ដែល​ត្រូវ​ជា​កូន​នីមសាយ។ ពេល​ឃើញ​គាត់ ចូរ​ហៅ​គាត់​ចេញ​ពី​ចំណោម​ពួក​មេ​ទ័ព ហើយ​នាំ​ចូល​ទៅ​បន្ទប់​ខាង​ក្នុង។ ៣ រួច​យក​ប្រេង​ចាក់​លើ​ក្បាល​គាត់ ហើយ​ប្រាប់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ខ្ញុំ​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល​»​›។+ បន្ទាប់​មក ចូរ​បើក​ទ្វារ​ហើយ​ចាក​ចេញ​ពី​ទី​នោះ​ជា​ប្រញាប់​»។

៤ ដូច្នេះ កូន​ចៅ​អ្នក​ប្រកាស​ទំនាយ​នោះ​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រុង​រ៉ាម៉ូតគីលាត។ ៥ ពេល​ទៅ​ដល់ គាត់​ក៏​ឃើញ​ពួក​មេ​ទ័ព​កំពុង​អង្គុយ​ជុំ​គ្នា​នៅ​ទី​នោះ។ រួច​គាត់​ក៏​និយាយ​ថា​៖ ​«​លោក​មេ​ទ័ព​អើយ! ខ្ញុំ​មាន​ដំណឹង​មក​ជម្រាប​លោក​»។ យេហ៊ូ​ក៏​សួរ​ថា​៖ ​«​ជម្រាប​មេ​ទ័ព​មួយ​ណា?​»។ អ្នក​នោះ​ឆ្លើយ​ថា​៖ ​«​គឺ​លោក​ហ្នឹង​ហើយ​»។ ៦ ដូច្នេះ យេហ៊ូ​ក៏​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​អ្នក​នោះ។ រួច​អ្នក​នោះ​យក​ប្រេង​ចាក់​លើ​ក្បាល​យេហ៊ូ ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ។+ ៧ អ្នក​ត្រូវ​ប្រហារ​កូន​ចៅ​ទាំង​អស់​របស់​អាហាប់​ជា​ម្ចាស់​អ្នក។ ខ្ញុំ​នឹង​សង​សឹក​ឲ្យ​ពួក​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា ទាំង​អ្នក​ប្រកាស​ទំនាយ ទាំង​អ្នក​បម្រើ​ឯ​ទៀត​របស់​លោក ដែល​យេសិបិល​បាន​សម្លាប់។+ ៨ ខ្ញុំ​នឹង​បំផ្លាញ​ពូជ​ពង្ស​អាហាប់​ឲ្យ​អស់​គ្មាន​សល់ ពោល​គឺ​កូន​ប្រុស​ៗ​ទាំង​អស់​របស់​គាត់ រួម​ទាំង​អ្នក​តូច​ទាប​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង​ដែរ។+ ៩ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​អាហាប់​ដូច​ពូជ​ពង្ស​យេរ៉ូបោម+ជា​កូន​ណេបាត និង​ដូច​ពូជ​ពង្ស​បាអាសា+ជា​កូន​អាហាយ៉ា។ ១០ ចំណែក​ឯ​យេសិបិល​វិញ ឆ្កែ​នឹង​ហែក​ស៊ី​នាង​នៅ​ទី​វាល​ក្នុង​ក្រុង​យេសរៀល+ ហើយ​គ្មាន​អ្នក​ណា​បញ្ចុះ​សព​នាង​ឡើយ›​»។ ក្រោយ​ប្រាប់​រួច​ហើយ អ្នក​នោះ​ក៏​បើក​ទ្វារ ហើយ​ចាក​ចេញ​ទៅ​ជា​ប្រញាប់។+

១១ រួច​យេហ៊ូ​ទៅ​ជួប​ពួក​មេ​ទ័ព​វិញ ហើយ​ពួក​គេ​ក៏​សួរ​គាត់​ថា​៖ ​«​តើ​មាន​រឿង​អ្វី? ហេតុ​អ្វី​ក៏​មនុស្ស​ឆ្កួត​នោះ​មក​ជួប​អ្នក?​»។ យេហ៊ូ​ឆ្លើយ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​មនុស្ស​ដូច​គាត់ សម្ដី​យក​ជា​ការ​មិន​បាន​ទេ​»។ ១២ ប៉ុន្តែ មេ​ទ័ព​ទាំង​នោះ​បាន​និយាយ​ថា​៖ ​«​យើង​មិន​ជឿ​ទេ! សូម​ប្រាប់​ការ​ពិត​មក​»។ ហេតុ​នេះ យេហ៊ូ​ក៏​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​អ្នក​នោះ​និយាយ។ យេហ៊ូ​ក៏​ស្រដី​ថា​៖ ​«​អ្នក​នោះ​ប្រាប់​ខ្ញុំ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ខ្ញុំ​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល​»​›​»។+ ១៣ ក្រោយ​ពី​ឮ​ភ្លាម ពួក​គេ​ក៏​ដោះ​សម្លៀក​បំពាក់​ក្រៅ​យក​មក​ក្រាល​លើ​ជណ្ដើរ​ឲ្យ​យេហ៊ូ​ដើរ​លើ+ ហើយ​ក៏​ផ្លុំ​ស្នែង រួច​ស្រែក​ថា​៖ ​«​យេហ៊ូ​ក្លាយ​ជា​ស្ដេច​ហើយ!​»។+ ១៤ ក្រោយ​មក យេហ៊ូ+ជា​កូន​យេហូសាផាត ដែល​ត្រូវ​ជា​កូន​នីមសាយ បាន​រៀប​ផែន​ការណ៍​ក្បត់​នឹង​យេហូរ៉ាម។

រីឯ​យេហូរ៉ាម​និង​ទ័ព​អ៊ីស្រាអែល ពួក​គេ​បាន​នៅ​ការពារ​ក្រុង​រ៉ាម៉ូតគីលាត+ ពី​ការ​វាយ​ប្រហារ​ពី​ហាសេអែល+ជា​ស្ដេច​ស្រុក​ស៊ីរី។ ១៥ កាល​ដែល​យេហូរ៉ាម​ច្បាំង​នឹង​ហាសេអែល+ គាត់​បាន​ត្រូវ​របួស ហើយ​ក៏​ត្រឡប់​ទៅ​ក្រុង​យេសរៀល+វិញ​ដើម្បី​ព្យាបាល​របួស​គាត់។

ឯ​យេហ៊ូ​វិញ គាត់​និយាយ​ទៅ​កាន់​ពួក​មេ​ទ័ព​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​នៅ​ខាង​ខ្ញុំ សូម​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ចេញ​ពី​ក្រុង នាំ​ដំណឹង​ទៅ​ក្រុង​យេសរៀល​ឲ្យ​សោះ​»។ ១៦ បន្ទាប់​មក យេហ៊ូ​ក៏​ឡើង​ជិះ​រទេះ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេសរៀល។ នៅ​ទី​នោះ យេហូរ៉ាម​កំពុង​ដេក​ឈឺ ហើយ​អាហាស៊ីយ៉ា​ជា​ស្ដេច​ស្រុក​យូដា​បាន​មក​សួរ​សុខ​ទុក្ខ​គាត់។ ១៧ ពេល​យេហ៊ូ​និង​ពល​ទាហាន​គាត់​កំពុង​ធ្វើ​ដំណើរ​សំដៅ​មក​ក្រុង​យេសរៀល អ្នក​ឈរ​យាម​នៅ​លើ​ប៉ម​ក៏​បាន​ឃើញ ហើយ​ស្រែក​ឡើង​ថា​៖ ​«​ខ្ញុំ​ឃើញ​ទាហាន​មួយ​ក្រុម​»។ ឮ​ដូច្នេះ យេហូរ៉ាម​បាន​និយាយ​ថា​៖ ​«​ចូរ​ចាត់​ទាហាន​សេះ​ម្នាក់​ឲ្យ​ទៅ​ជួប​ពួក​គេ ហើយ​សួរ​ថា​៖ ‹តើ​អ្នក​មក​ក្នុង​បំណង​ល្អ​ឬ?›​»។ ១៨ ដូច្នេះ ទាហាន​សេះ​នោះ​ក៏​ចេញ​ទៅ​ជួប​យេហ៊ូ។ ពេល​ជួប​ហើយ គាត់​ក៏​និយាយ​ថា​៖ ​«​ស្ដេច​បាន​សួរ​ដូច្នេះ​ថា​៖ ‹តើ​អ្នក​មក​ក្នុង​បំណង​ល្អ​ឬ?›​»។ ប៉ុន្តែ យេហ៊ូ​បាន​តប​ទៅ​វិញ​ថា​៖ ​«​នេះ​មិន​មែន​ជា​រឿង​របស់​អ្នក​ទេ។ ចូរ​មក​ខាង​ក្រោយ​ខ្ញុំ​ចុះ!​»។

ពេល​នោះ អ្នក​យាម​ក៏​ស្រែក​ប្រាប់​ថា​៖ ​«​ទាហាន​សេះ​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​បាន​ត្រឡប់​មក​វិញ​ទេ​»។ ១៩ ដូច្នេះ ស្ដេច​ក៏​ចាត់​ទាហាន​សេះ​ម្នាក់​ទៀត​ឲ្យ​ចេញ​ទៅ​ជួប​យេហ៊ូ។ ពេល​ទៅ​ដល់ ទាហាន​នោះ​និយាយ​ថា​៖ ​«​ស្ដេច​បាន​សួរ​ដូច្នេះ​ថា​៖ ‹តើ​អ្នក​មក​ក្នុង​បំណង​ល្អ​ឬ?›​»។ ប៉ុន្តែ យេហ៊ូ​បាន​តប​ទៅ​វិញ​ថា​៖ ​«​នេះ​មិន​មែន​ជា​រឿង​របស់​អ្នក​ទេ។ ចូរ​មក​ខាង​ក្រោយ​ខ្ញុំ​ចុះ!​»។

២០ ក្រោយ​មក អ្នក​យាម​នោះ​បាន​ស្រែក​ប្រាប់​ទៀត​ថា​៖ ​«​ទាហាន​សេះ​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​បាន​ត្រឡប់​មក​វិញ​ទេ។ រីឯ​អ្នក​ដែល​បរ​រទេះ​នោះ មើល​ទៅ​ដូច​ជា​យេហ៊ូ​ជា​ចៅ​នីមសាយ ព្រោះ​គាត់​បរ​រទេះ​លឿន​ដូច​ព្យុះ​»។ ២១ ពេល​ឮដូច្នេះ យេហូរ៉ាម​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​បញ្ជា​អ្នក​បម្រើ​គាត់​ថា​៖ ​«​ចូរ​ទឹម​រទេះ​ឲ្យ​ខ្ញុំ!​»។ ដូច្នេះ គេ​ទឹម​រទេះ​ចម្បាំង​ឲ្យ​គាត់ ហើយ​គាត់​ក៏​ឡើង​ជិះ​ចេញ​ដំណើរ​ទៅ។ ខណៈ​នោះ អាហាស៊ីយ៉ា+ជា​ស្ដេច​ស្រុក​យូដា​ក៏​ឡើង​ជិះ​រទេះ​ចម្បាំង​របស់​ខ្លួន​ដែរ។ ស្ដេច​ទាំង​ពីរ​ធ្វើ​ដំណើរ​ចេញ​ទៅ​ជួប​យេហ៊ូ ហើយ​ក៏​បាន​ជួប​គាត់​នៅ​ត្រង់ដី​ចម្ការ​របស់​ណាបោត+ជា​អ្នក​ក្រុង​យេសរៀល។

២២ ពេល​យេហូរ៉ាម​ជួប​យេហ៊ូ​ភ្លាម គាត់​សួរ​ថា​៖ ​«​យេហ៊ូ តើ​អ្នក​មក​ក្នុង​បំណង​ល្អ​ឬ?​»។ ប៉ុន្តែ យេហ៊ូ​ឆ្លើយ​តប​ថា​៖ ​«​តើ​បំណង​ល្អ​ម្ដេច​បាន បើ​យេសិបិល+ម្ដាយ​អ្នក​នៅ​តែ​ប្រព្រឹត្ត​អំពើ​ធ្មប់​និង​អំពើ​ពេស្យាចារ​ដូច្នេះ?​»។+ ២៣ ឮ​ដូច្នេះ យេហូរ៉ាម​ក៏​បក​ក្រោយ​ភ្លាម ហើយ​ស្រែក​ប្រាប់​អាហាស៊ីយ៉ា​ថា​៖ ​«​អាហាស៊ីយ៉ា​អើយ! ពួក​គេ​ក្បត់​ហើយ!​»។ ២៤ ពេល​នោះ យេហ៊ូ​ក៏​យឹត​ធ្នូ​បាញ់​ធ្លុះ​ខ្នង​យេហូរ៉ាម​ចំ​បេះដូង ហើយ​ផ្លែ​ព្រួញ​ធ្លាយ​ចេញ​មក​ក្រៅ។ គាត់​ក៏​ដួល​ស្លាប់​ក្នុង​រទេះ​ចម្បាំង​ទៅ។ ២៥ បន្ទាប់​មក យេហ៊ូ​ប្រាប់​ប៊ីតកា​ជា​នាយ​ទាហាន​ម្នាក់​ថា​៖ ​«​ចូរ​លើក​សព​គាត់​បោះ​ទៅ​ក្នុង​ដី​ចម្ការ​របស់​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល+ទៅ។ តើ​អ្នក​នៅ​ចាំ​ទេ? អ្នក​និង​ខ្ញុំ​ធ្លាប់​បរ​រទេះ​ពី​ក្រោយ​អាហាប់​ឪពុក​គាត់។ កាល​នោះ​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ផ្ដន្ទា​ទោស​អាហាប់​ថា​៖+ ២៦ ‹ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​កាល​ពី​ម្សិលមិញ ខ្ញុំ​បាន​ឃើញ​ឈាម​ណាបោត+ និង​ឈាម​កូន​គាត់​»។ រួច​ព្រះ​យេហូវ៉ា​ប្រកាស​ទៀត​ថា​៖ ​«​ដូច្នេះ នៅ​ដី​ចម្ការ​នេះ ខ្ញុំ​នឹង​សង​សឹក+អ្នក​ជា​មិន​ខាន​»​›។ ហេតុ​នេះ ចូរ​លើក​សព​គាត់​បោះ​ទៅ​ក្នុង​ដី​ចម្ការ​នោះ តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​»។+

២៧ ពេល​អាហាស៊ីយ៉ា+ជា​ស្ដេច​ស្រុក​យូដា​បាន​ឃើញ​ដូច​នោះ គាត់​ក៏​រត់​តាម​ផ្លូវ​ទៅ​សួន​ធំ​មួយ។* (​ក្រោយ​មក យេហ៊ូ​បាន​ដេញ​តាម ហើយ​និយាយ​ថា​៖ ​«​ចូរ​សម្លាប់​គាត់​ដែរ​ទៅ!​»។ ដូច្នេះ ពួក​គេ​ក៏​វាយ​ប្រហារ​គាត់​នៅ​ក្នុង​រទេះ​នៅ​តាម​ផ្លូវ​ទៅ​គើ ដែល​នៅ​ជិត​ក្រុង​អ៊ីបលាម។+ អាហាស៊ីយ៉ា​បាន​រង​របួស​ជា​ទម្ងន់ តែ​គាត់​រត់​ទៅ​មុខ​ទៀត​រហូត​ដល់​តំបន់​មេគីដោ ហើយ​ក៏​បាន​ស្លាប់​នៅ​ទី​នោះ​ទៅ។ ២៨ បន្ទាប់​មក ពួក​អ្នក​បម្រើ​របស់​គាត់​ក៏​ដឹក​សព​គាត់​ទៅ​ក្រុង​យេរូសាឡិម​វិញ រួច​ពួក​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្នុង​ផ្នូរ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់​នៅ​ក្រុង​ដាវីឌ។+ ២៩ នៅ​ឆ្នាំ​ទី​១១​ក្នុង​រាជ្យ​យេហូរ៉ាម​ជា​កូន​អាហាប់ នោះ​អាហាស៊ីយ៉ា+ចាប់​ផ្ដើម​គ្រប់​គ្រង​ជាស្ដេច​លើ​ស្រុក​យូដា​)។

៣០ ឯ​យេសិបិល+ក៏​ឮ​ដំណឹង​ថា យេហ៊ូ​មក​ដល់​ក្រុង​យេសរៀល។+ នាង​ក៏​គូរ​ភ្នែក​ឲ្យ​ខ្មៅ ហើយ​តុបតែង​សក់ រួច​អើត​មើល​តាម​បង្អួច។ ៣១ ពេល​យេហ៊ូ​ចូល​ដល់​ខ្លោង​ទ្វារ​វិមាន នាង​ក៏​និយាយ​ថា​៖ ​«​តើ​ស៊ីមរីដែល​សម្លាប់​ម្ចាស់​ខ្លួន បាន​រួច​ខ្លួន​ឬ?​»។+ ៣២ យេហ៊ូ​ក៏​ងើយ​មើល​ទៅ​បង្អួច ហើយ​និយាយ​ថា​៖ ​«​តើ​អ្នក​ណា​នៅ​ខាង​ខ្ញុំ?​»។+ ភ្លាម​នោះ មាន​មន្ត្រី​ពីរ​បី​នាក់​អើត​មើល​ទៅ​គាត់។ ៣៣ យេហ៊ូ​ក៏​បង្គាប់​ថា​៖ ​«​ចូរ​បោះ​នាង​ចុះ​មក!​»។ ដូច្នេះ ពួក​គេ​ក៏​បោះ​នាង​ចុះ​ទៅ ហើយ​ឈាម​របស់​នាង​បាន​ខ្ទាត​ទៅ​លើ​ជញ្ជាំង​និង​លើ​សេះ។ រួច​យេហ៊ូ​បាន​បំបោល​សេះ​តន្ត្រំ​លើ​នាង​ទៅ។ ៣៤ ក្រោយ​មក យេហ៊ូ​ក៏​ចូល​ទៅ​បរិភោគ​អាហារ។ រួច​គាត់​បាន​និយាយ​ថា​៖ ​«​ចូរ​យក​សព​ស្ត្រី​ដែល​ត្រូវ​បណ្ដាសា​នេះ​ទៅ​កប់​ចុះ។ ព្រោះ​នាង​ក៏​ជា​កូន​ស្ដេច​ដែរ​»។+ ៣៥ ពេល​ពួក​គេ​ចេញ​ទៅ​កប់​សព​របស់​នាង ពួក​គេ​ឃើញ​តែ​លលាដ៍​ក្បាល​និង​ប្រអប់​ដៃ​ប្រអប់​ជើង​របស់​នាង​ប៉ុណ្ណោះ។+ ៣៦ ដូច្នេះ ពួក​គេ​ក៏​ទៅ​ប្រាប់​អំពី​រឿង​នោះ​ដល់​យេហ៊ូ​វិញ។ ពេល​នោះ យេហ៊ូ​និយាយ​ថា​៖ ​«​នេះ​កើត​ឡើង​ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍+តាម​រយៈ​អេលីយ៉ា​ជា​អ្នក​ភូមិ​ធេសប៊ី​ថា​៖ ‹ឆ្កែ​នឹង​ហែក​ស៊ី​សាច់​យេសិបិល​នៅ​ទី​វាល​ក្នុង​ក្រុង​យេសរៀល។+ ៣៧ សព​របស់​យេសិបិល​នឹង​ក្លាយ​ទៅ​ជា​ជី​នៅ​ទី​វាល​ក្នុង​ក្រុង​យេសរៀល។ ហេតុ​នេះ គ្មាន​អ្នក​ណា​នឹង​ស្គាល់​ថា​ជាស​ព​របស់​នាង​ឡើយ›​»។

១០ អាហាប់+មាន​កូន​៧០​នាក់​នៅ​ក្រុង​សាម៉ារី។ ដូច្នេះ យេហ៊ូ​ក៏​បាន​ផ្ញើ​សារ​ទៅ​ក្រុង​សាម៉ារី ដល់​ពួក​អ្នក​គ្រប់​គ្រង​ក្រុង​យេសរៀល និង​បុរស​ចាស់​ទុំ+ ព្រម​ទាំង​អ្នក​ដែល​បី​បាច់​រក្សា​កូន​ចៅ​របស់​អាហាប់។ សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ​៖ ២ ​«​ឥឡូវ​នេះ អស់​លោក​ស្ថិត​នៅ​ក្រុង​រឹង​មាំ មាន​ទាំង​កូន​ស្ដេច រទេះ​ចម្បាំង សេះ និង​គ្រឿង​ចម្បាំង នៅ​ជា​មួយ​ស្រាប់​ហើយ។ ដូច្នេះ ពេល​អស់​លោក​ទទួល​សំបុត្រ​នេះ ៣ ចូរ​តែង​តាំង​កូន​ស្ដេច​ម្នាក់​ដែល​ប្រសើរ​ជាង​គេ ឲ្យ​គ្រប់​គ្រង​ជំនួស​ឪពុក​គាត់។ បន្ទាប់​មក ចូរ​ច្បាំង​ការពារ​ពូជ​ពង្ស​របស់​ម្ចាស់​អ្នក​ចុះ​»។

៤ ឮ​ដូច្នេះ ពួក​គេ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ហើយ​និយាយ​គ្នា​ថា​៖ ​«​សូម្បី​តែ​ស្ដេច​ពីរ​រូប​ក៏​មិន​អាច​ឈ្នះ​គាត់​ទៅ​ហើយ+ ចុះ​ទម្រាំ​តែ​យើង តើ​នឹង​ឈ្នះ​ម្ដេច​បាន?​»។ ៥ ដូច្នេះ អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន និង​អភិបាល​ក្រុង ពួក​បុរស​ចាស់​ទុំ រួម​ទាំង​ពួក​អ្នក​បី​បាច់​ថែ​រក្សា​កូន​ស្ដេច បាន​ផ្ញើ​សារ​ទៅ​យេហ៊ូ​វិញ​ថា​៖ ​«​យើង​នឹង​មិន​តែង​តាំង​អ្នក​ណា​ម្នាក់​ជា​ស្ដេច​ឡើយ។ យើង​ទាំង​អស់​គ្នា​ជា​អ្នក​បម្រើ​របស់​លោក ព្រម​ធ្វើ​តាម​បង្គាប់​លោក​ទាំង​អស់។ អ្វី​ដែល​លោក​យល់​ថា​ល្អ សូម​ធ្វើ​ចុះ​»។

៦ បន្ទាប់​មក យេហ៊ូ​បាន​ផ្ញើ​សារ​មួយ​ទៀត​ទៅ​ពួក​គេ​ថា​៖ ​«​បើ​អស់​លោក​ពិត​ជា​នៅ​ខាង​ខ្ញុំ ហើយ​ព្រម​ធ្វើ​តាម​បង្គាប់​របស់​ខ្ញុំ​មែន ចូរ​កាត់​ក្បាល​កូន​ស្ដេច​ទាំង​អស់ ហើយ​នៅ​ថ្ងៃ​ស្អែក​ថ្មើរ​នេះ ចូរ​យក​មក​ឲ្យ​ខ្ញុំ​នៅ​ក្រុង​យេសរៀល​»។

ឯ​កូន​ស្ដេច​ទាំង​៧០​នាក់​នោះ ពួក​គេ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ធំ​ដែល​បី​បាច់​ថែ​រក្សា​ពួក​គេ។ ៧ ក្រោយ​ពី​ទទួល​និង​អាន​សំបុត្រ​នោះ​រួច ពួក​គេ​ក៏​យក​កូន​ស្ដេច​ទាំង​៧០​នាក់+ទៅ​កាត់​ក្បាល ហើយ​ដាក់​ក្បាល​ទាំង​នោះ​នៅ​ក្នុង​កញ្ឆេ ផ្ញើ​ទៅ​ឲ្យ​យេហ៊ូ​នៅ​ក្រុង​យេសរៀល។ ៨ ឯ​អ្នក​នាំ​សារ​ក៏​ចូល​ទៅ​ជម្រាប​យេហ៊ូ​ថា​៖ ​«​ពួក​គេ​បាន​យក​ក្បាល​របស់​កូន​ស្ដេច​មក​ហើយ​»។ ដូច្នេះ យេហ៊ូ​ក៏​បង្គាប់​ថា​៖ ​«​ចូរ​យក​ក្បាល​ទាំង​នោះ ទៅ​គរ​ជា​ពីរ​គំនរ​នៅ​ខ្លោង​ទ្វារ​ក្រុង រហូត​ដល់​ព្រឹក​ទៅ​»។ ៩ លុះ​ព្រឹក​ឡើង យេហ៊ូ​ក៏​ចេញ​ទៅ​ឈរ​នៅ​មុខ​បណ្ដា​ជន​ទាំង​អស់ ហើយ​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​គ្មាន​ទោស​ទេ។ គឺ​ខ្ញុំ​ទេ​ដែល​ក្បត់​ម្ចាស់​ខ្ញុំ ហើយ​សម្លាប់​គាត់។+ រីឯ​អ្នក​ទាំង​នេះ តើ​អ្នក​ណា​បាន​សម្លាប់​ពួក​គេ? ១០ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា គ្រប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដែល​ព្រះ​យេហូវ៉ា​បាន​ពោល​ទាស់​នឹង​ពូជ​ពង្ស​អាហាប់ សុទ្ធតែ​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត។+ ពាក្យ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​អេលីយ៉ា លោក​បាន​ធ្វើ​ឲ្យ​កើត​ឡើង​មែន​»។+ ១១ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យេហ៊ូ​បាន​សម្លាប់​អស់​អ្នក​ដែល​នៅ​សេស​សល់​ពី​ពូជ​ពង្ស​អាហាប់​ក្នុង​ក្រុង​យេសរៀល រួម​ទាំង​អ្នក​ធំ មិត្ត​សម្លាញ់​របស់​អាហាប់ និង​ពួក​សង្ឃ​ទាំង​អស់។+ ដូច្នេះ គ្មាន​នៅ​សល់​អ្នក​ណា​ម្នាក់​នៅ​ខាង​អាហាប់​ឡើយ។+

១២ បន្ទាប់​មក យេហ៊ូ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​សាម៉ារី ហើយ​បាន​ឆ្លង​កាត់​កន្លែង​កាត់​រោម​ចៀម។ ១៣ នៅ​កន្លែង​នោះ យេហ៊ូ​ក៏​បាន​ជួប​បង​ប្អូន​ប្រុស​របស់​អាហាស៊ីយ៉ា+ជា​ស្ដេច​ស្រុក​យូដា។ យេហ៊ូ​ក៏​សួរ​ពួក​គេ​ថា​៖ ​«​តើ​ពួក​អ្នក​ជា​អ្នក​ណា?​»។ ពួក​គេ​ក៏​ឆ្លើយ​ថា​៖ ​«​យើង​ជា​បង​ប្អូន​របស់​អាហាស៊ីយ៉ា ហើយ​យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​កូន​ស្ដេច និង​កូន​របស់​មាតា​ស្ដេច​»។ ១៤ ភ្លាម​នោះ យេហ៊ូ​ក៏​បង្គាប់​ថា​៖ ​«​ចូរ​ចាប់​ពួក​គេ​ទាំង​រស់!​»។ ដូច្នេះ ពួក​បុរស​របស់​យេហ៊ូ​ក៏​ចាប់​ពួក​គេ​ទាំង​៤២​នាក់* ហើយ​យក​ទៅ​សម្លាប់​នៅ​ត្រង់​អណ្ដូង​ក្បែរ​កន្លែង​កាត់​រោម​ចៀម។ យេហ៊ូ​មិន​បាន​ទុក​ជីវិត​ឲ្យ​អ្នក​ណា​ម្នាក់​ឡើយ។+

១៥ លុះ​យេហ៊ូ​ចេញ​ពី​ទី​នោះ គាត់​ក៏​ជួប​យេហូណាដាប+ជា​កូន​រេកាប+ ដែល​កំពុង​ធ្វើ​ដំណើរ​មក​ជួប​គាត់។ យេហ៊ូ​ក៏​ជូន​ពរ​យេហូណាដាប រួច​និយាយ​ថា​៖ ​«​តើ​អ្នក​មាន​ចិត្ត​ស្មោះ​នឹង​ខ្ញុំ ដូច​ខ្ញុំ​ស្មោះ​នឹង​អ្នក​ឬ​ទេ?​»។

យេហូណាដាប​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មាន​ចិត្ត​ស្មោះ​មែន​»។

យេហ៊ូ​ក៏​និយាយ​ថា​៖ ​«​បើ​ដូច្នេះ ចូរ​ហុច​ដៃ​មក​»។

ពេល​នោះ គាត់​ក៏​ហុច​ដៃ រួច​យេហ៊ូ​ក៏​ទាញ​គាត់​ឡើង​ជិះ​រទេះ​ជា​មួយ​ទៅ។ ១៦ បន្ទាប់​មក យេហ៊ូ​និយាយ​ថា​៖ ​«​ចូរ​មក​ជា​មួយ​ខ្ញុំ ដើម្បី​មើល​ថា​ខ្ញុំ​មិន​ត្រា​ប្រណីនឹង​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ឡើយ​»។*+ ដូច្នេះ ពួក​គេ​ក៏​បរ​រទេះ​ទៅ​ជា​មួយ​គ្នា។ ១៧ ពេល​យេហ៊ូ​ទៅ​ដល់​ក្រុង​សាម៉ារី គាត់​បាន​សម្លាប់​ពូជ​ពង្ស​អាហាប់​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន​ឲ្យ​សាប​សូន្យ+ ដូច​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​អេលីយ៉ា។+

១៨ ក្រោយ​មក យេហ៊ូ​បាន​ប្រមូល​បណ្ដា​ជន​ទាំង​អស់​ឲ្យ​មក​ជួប​ជុំ​គ្នា ហើយ​ប្រកាស​ថា​៖ ​«​អាហាប់​បាន​គោរព​បូជា​ព្រះ​បាល​ល្មម​ៗ​ទេ។+ ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​គោរព​បូជា​ព្រះ​បាល​លើស​គាត់​ទៅ​ទៀត។ ១៩ ដូច្នេះ ចូរ​ទៅ​ប្រមូល​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់​របស់​ព្រះ​បាល+ឲ្យ​មក​ឯ​ខ្ញុំ ទាំង​អ្នក​គោរព​បូជា​ព្រះ​បាល និង​សង្ឃ​របស់​ព្រះ​បាល​ដែរ។+ ត្រូវ​ឲ្យ​ពួក​គេ​មក​ទាំង​អស់​គ្នា កុំ​ឲ្យ​មាន​អ្នក​ណា​ម្នាក់​ខាន​ឡើយ ព្រោះ​ខ្ញុំ​នឹង​ជូន​គ្រឿង​បូជា​ដ៏​ធំ​ដល់​ព្រះ​បាល។ បើ​អ្នក​ណា​ម្នាក់​មិន​មក​ទេ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»។ ប៉ុន្តែ តាម​ពិត​នេះ​ជា​កលល្បិច​របស់​យេហ៊ូ​ទេ ដើម្បី​បំផ្លាញ​ចោល​អស់​អ្នក​ដែល​គោរព​បូជា​ព្រះ​បាល។

២០ យេហ៊ូ​ក៏​បន្ត​ថា​៖ ​«​ចូរ​រៀបចំ​ពិធី​បុណ្យ​ពិសេស​មួយ​ជូន​ព្រះ​បាល​»។ ដូច្នេះ ពួក​គេ​ក៏​រៀបចំ​តាម​បង្គាប់​គាត់។ ២១ ក្រោយ​នោះ យេហ៊ូ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​នៅ​ទូ​ទាំង​ស្រុក​អ៊ីស្រាអែល។ ដូច្នេះ អ្នក​គោរព​បូជា​ព្រះ​បាល​ទាំង​អស់​បាន​មក គ្មាន​ខាន​អ្នក​ណា​ម្នាក់​ឡើយ។ ពួក​គេ​បាន​ចូល​ក្នុង​វិហារ​ព្រះ​បាល+ពេញ​ណែន​តាន់តាប់។ ២២ យេហ៊ូ​បាន​បង្គាប់​អ្នក​មើល​ខុស​ត្រូវ​ខាង​សម្លៀក​បំពាក់​ថា​៖ ​«​ចូរ​ចែក​សម្លៀក​បំពាក់​ឲ្យ​ដល់​អ្នក​គោរព​បូជា​ទាំង​អស់​របស់​ព្រះ​បាល​ទៅ​»។ ដូច្នេះ អ្នក​នោះ​ក៏​ចែក​ឲ្យ​ពួក​គេ។ ២៣ បន្ទាប់​មក យេហ៊ូ​និង​យេហូណាដាប+ជា​កូន​រេកាប បាន​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​បាល។ ខណៈ​នោះ យេហ៊ូ​ក៏​និយាយ​ទៅ​កាន់​ពួក​អ្នក​គោរព​បូជា​ព្រះ​បាល​ថា​៖ ​«​ចូរ​រក​មើល កុំ​ឲ្យ​មាន​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​ទី​នេះ​ឲ្យ​សោះ គឺ​ទុក​ឲ្យ​មាន​តែ​អ្នក​គោរព​បូជា​ព្រះ​បាល​បាន​ហើយ​»។ ២៤ រួច​មក ពួក​គេ​ក៏​ចាប់​ផ្ដើម​ជូន​គ្រឿង​បូជា​និង​គ្រឿង​បូជា​ដុត​ដល់​ព្រះ​បាល។ នៅ​ខាង​ក្រៅ​វិហារ យេហ៊ូ​បាន​ដាក់​ទាហាន​របស់​គាត់​៨០​នាក់ ដោយ​បង្គាប់​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​ឲ្យ​អ្នក​ណា​ម្នាក់​ចេញ​ពី​វិហារ​នេះ​រត់​រួច អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ជំនួស​វិញ​»។

២៥ ក្រោយ​ពី​ជូន​គ្រឿង​បូជា​ដុត​រួច យេហ៊ូ​ក៏​បញ្ជា​ពួក​អ្នក​យាម​និង​ពួក​នាយ​ទាហាន​របស់​គាត់​ថា​៖ ​«​ចូរ​សម្លាប់​ពួក​គេ​ចោល​ទៅ! កុំ​ឲ្យ​អ្នក​ណា​ម្នាក់​រួច​ខ្លួន​ឡើយ!​»។+ ដូច្នេះ ពួក​អ្នក​យាម​និង​ពួក​មេ​ទ័ព​បាន​ហូត​ដាវ​ប្រហារ​ពួក​គេ​ទៅ ហើយ​បោះ​សព​ពួក​គេ​ចេញ​ទៅ​ក្រៅ។ ពួក​គេ​បន្ត​សម្លាប់​រហូត​ដល់​បន្ទប់​ខាង​ក្នុង​នៃ​វិហារ​ព្រះ​បាល។ ២៦ រួច​ពួក​គេ​ក៏​យក​បង្គោល​ឈើ​ពិសិដ្ឋ*+ចេញ​ពី​វិហារ​ព្រះ​បាល មក​ដុត​បំផ្លាញ​ចោល។+ ២៧ បន្ទាប់​មក ពួក​គេ​បំផ្លាញ​បង្គោល​ថ្ម​ពិសិដ្ឋ+សម្រាប់​គោរព​បូជា​ព្រះ​បាល ហើយ​ក៏​រំលំ​វិហារ​ព្រះ​បាល​ចោល​ដែរ។+ រួច​ពួក​គេ​យក​ទី​នោះ​ធ្វើ​ជា​កន្លែង​បន្ទោបង់ រហូត​ដល់​សព្វ​ថ្ងៃ។

២៨ ដោយ​ហេតុ​នោះ យេហ៊ូ​បាន​បំបាត់​ចោល​ការ​គោរព​បូជា​ព្រះ​បាល​ចេញ​អស់​ពី​ស្រុក​អ៊ីស្រាអែល។ ២៩ ក៏​ប៉ុន្តែ យេហ៊ូ​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​ខុស​ឆ្គង​ឡើយ ព្រោះ​យេហ៊ូ​បាន​អនុញ្ញាត​ឲ្យ​នៅ​មាន​ការ​គោរព​បូជា​ដល់​រូប​កូនគោមាស​នៅ​ក្រុង​បេតអែល​និង​ក្រុង​ដាន់​ដដែល។+ ៣០ ព្រះ​យេហូវ៉ា​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​យេហ៊ូ​ថា​៖ ​«​អ្នក​បាន​ធ្វើ​ល្អ និង​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ​នៅ​ចំពោះ​ភ្នែក​របស់​ខ្ញុំ ដោយ​បំផ្លាញ​ពូជ​ពង្ស​អាហាប់​ស្រប​តាម​បំណង​ចិត្ត​របស់​ខ្ញុំ។+ ដូច្នេះ កូន​ចៅ​អ្នក​នឹង​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល ដល់​ទៅ​បួន​ជំនាន់​»។+ ៣១ ប៉ុន្តែ យេហ៊ូ​មិន​បាន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល យ៉ាង​អស់​ពី​ចិត្ត​ទេ។+ គាត់​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឡើយ។+

៣២ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​គេ​ដណ្ដើម​យក​ទឹក​ដី​អ៊ីស្រាអែល​ម្ដង​បន្តិច​ៗ។ ហេតុ​នេះ ហាសេអែល​ចេះ​តែ​មក​ឈ្លានពាន​ទឹក​ដី​អ៊ីស្រាអែល​ជា​និច្ច+ ៣៣ គឺ​ចាប់​ពី​ភាគ​ខាង​កើត​ទន្លេ​យ៉ូដាន់ ជា​ទឹក​ដី​គីលាត​ទាំង​មូល ដែល​មាន​កុលសម្ព័ន្ធ​កាដ កុលសម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​ម៉ាណាសេ​រស់​នៅ+ ហើយ​ចាប់​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ជ្រលង​អើណូន ទៅ​ដល់​តំបន់​គីលាត​និង​តំបន់បាសាន។+

៣៤ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហ៊ូ​បាន​ធ្វើ​និង​ភាព​ខ្លាំង​ពូកែ​របស់​គាត់ សុទ្ធ​តែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​នៅ​ស្រុក​អ៊ីស្រាអែល។ ៣៥ ក្រោយ​មក យេហ៊ូ​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​សាម៉ារី​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់។ បន្ទាប់​មក យេហូអាហាស+ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។ ៣៦ យេហ៊ូ​បាន​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​២៨​ឆ្នាំ។

១១ គ្រា​នោះ អាថាលៀ+បាន​ដឹង​ថា​ស្ដេច​អាហាស៊ីយ៉ា​ជា​កូន​បាន​ស្លាប់​ហើយ+ ដូច្នេះ​នាង​ក៏​ចាត់​វិធានការ​សម្លាប់​កូន​ស្ដេច​ទាំង​អស់។+ ២ ឯ​យេហូសេបា នាង​ជា​កូន​ស្ដេច​យេហូរ៉ាម ហើយ​ត្រូវ​ជា​បង​ស្រី​របស់​អាហាស៊ីយ៉ា។ ពេល​នាង​បាន​ឮ​ដំណឹង​ថា​គេ​នឹង​សម្លាប់​កូន​ប្រុស​ទាំង​អស់​របស់​អាហាស៊ីយ៉ា នាង​ក៏​លួច​យក​យេហូអាស+ពី​ចំណោម​កូន​ទាំង​នោះ ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ខាង​ក្នុង​មួយ​ជា​មួយ​នឹង​មេ​ដោះ។ ឯ​អាថាលៀ​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ ដូច្នេះ​យេហូអាស​ក៏​បាន​រួច​ជីវិត។ ៣ យេហូអាស​បាន​ត្រូវ​លាក់​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​អស់​រយៈ​ពេល​៦​ឆ្នាំ កាល​ដែល​អាថាលៀ​គ្រប់​គ្រង​លើ​ស្រុក​យូដា។

៤ លុះ​ដល់​ឆ្នាំ​ទី​៧ យេហូយ៉ាដា​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​ពួក​មេ​លើ​១០០​នាក់​នៃ​អង្គរក្ស​ស្ដេច* និង​ពួក​មេ​លើ​១០០​នាក់​នៃ​ក្រុម​អ្នក​យាម​វិមាន+ ឲ្យ​មក​ជួប​គាត់​នៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា។ គាត់​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ស្បថ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក គាត់​ក៏​នាំ​យេហូអាស​ជា​កូន​ស្ដេច​មក​បង្ហាញ​ពួក​គេ។+ ៥ យេហូយ៉ាដា​បាន​បញ្ជា​ពួក​គេ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ត​ទៅ​៖ ចំពោះ​ក្រុម​អ្នក​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ចូរ​ចែក​ជា​បី​កង។ ចូរ​ឲ្យ​កង​មួយ​យាម​នៅ​វិមាន​ស្ដេច+ ៦ កង​មួយ​យាម​នៅ​ខ្លោង​ទ្វារគ្រឹះ ហើយ​កង​មួយ​ទៀត​យាម​នៅ​ខ្លោង​ទ្វារ​ខាង​ក្រោយ​អ្នក​យាម​វិមាន។ អ្នក​រាល់​គ្នា​ត្រូវ​ប្ដូរ​វេន​គ្នា​យាម​នៅ​វិហារ​របស់​ព្រះ។ ៧ ឯ​ពីរ​ក្រុម​ទៀត​ដែល​មិន​ត្រូវ​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ចូរ​ឲ្យ​ពួក​គេ​ទៅ​យាម​នៅ​វិហារ​ព្រះ​យេហូវ៉ា​ដើម្បី​ការពារ​ស្ដេច។ ៨ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ជុំវិញ​ស្ដេច ទាំង​កាន់​អាវុធ​ការពារ បើ​មាន​អ្នក​ណា​ចូល​មក​ជិត ចូរ​សម្លាប់​អ្នក​នោះ​ចោល ហើយ​អ្នក​ត្រូវ​នៅ​ជាប់​ជា​មួយ​នឹង​ស្ដេច​ជា​និច្ច​»។

៩ ពួក​មេ​លើ​១០០​នាក់+ក៏​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​យេហូយ៉ាដា​ជា​សង្ឃ។ ដូច្នេះ ពួក​មេ​ទាំង​នោះ​បាន​ប្រមូល​កូន​ចៅ​ទាំង​អស់​របស់​ពួក​គេ ទៅ​ជួប​យេហូយ៉ាដា​ជា​សង្ឃ គឺ​ទាំង​អ្នក​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ទាំង​អ្នក​យាម​នៅ​ថ្ងៃ​ផ្សេង។+ ១០ ពេល​ទៅ​ដល់ យេហូយ៉ាដា​បាន​យក​ខែល​និង​លំពែង​របស់​ដាវីឌ​ពី​វិហារ​ព្រះ​យេហូវ៉ា ទៅ​ចែក​ឲ្យ​ពួក​មេ​លើ​១០០​នាក់។ ១១ ឯ​ពួក​អ្នក​យាម​វិមាន+ ពួក​គេ​ក៏​កាន់​អាវុធ​ទៅ​ឈរ​យាម​ជុំវិញ​វិហារ ចាប់​ពី​ខាង​ឆ្វេង​រហូត​ដល់​ខាង​ស្ដាំ​វិហារ នៅ​ក្បែរ​ទី​បូជា+ និង​ក្បែរ​វិហារ ដើម្បី​ការពារ​ស្ដេច។ ១២ បន្ទាប់​មក យេហូយ៉ាដា​បាន​នាំ​យេហូអាស​ជា​កូន​ស្ដេច+ចេញ​មក ហើយ​បំពាក់​មកុដ​ឲ្យ​គាត់ រួច​ក៏​យក​រមូរ​ច្បាប់​ព្រះ+មក​ដាក់​លើ​ក្បាល​គាត់​ដែរ។ ពួក​គេ​ក៏​ចាក់​ប្រេង​តែង​តាំង​គាត់​ជា​ស្ដេច។ ពេល​នោះ ពួក​គេ​ទះ​ដៃ​អបអរ ហើយ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​មាន​អាយុ​វែង!​»។+

១៣ ឯ​អាថាលៀ​វិញ ពេល​នាង​ឮ​សំឡេង​បណ្ដា​ជន​រត់​ឈូឆរ នាង​ក៏​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​មើល​ថា​មាន​អ្វី​កើត​ឡើង​នៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា។+ ១៤ ពេល​ទៅ​ដល់ នាង​ក៏​ឃើញ​ស្ដេច​កំពុង​ឈរ​នៅ​ក្បែរ​សសរ​វិហារ​តាម​ទំនៀម​ទម្លាប់+ ព្រម​ទាំង​មាន​ពួក​អ្នក​ដឹក​នាំ​និង​ពួក​អ្នក​ផ្លុំ​ត្រែ+កំពុង​ឈរ​អម​ផង​ដែរ។ បណ្ដា​ជន​ទាំង​អស់​អរ​សប្បាយ ហើយ​ផ្លុំ​ត្រែ។ រំពេច​នោះ នាង​ក៏​ហែក​អាវ ហើយ​ស្រែក​ឡើង​ថា​៖ ​«​នេះ​ជា​ការ​ក្បត់! នេះ​ជា​ការ​ក្បត់​ហើយ!​»។ ១៥ ពេល​នោះ យេហូយ៉ាដា​ជា​សង្ឃ​បាន​បញ្ជា​ពួក​មេ​លើ​១០០​នាក់+ដែល​ត្រួត​ត្រា​ក្រុម​ទាហាន​ថា​៖ ​«​ចូរ​ចាប់​យក​នាង​ចេញ​ពី​ទី​នេះ។ បើ​អ្នក​ណា​តាម​នាង ត្រូវ​សម្លាប់​អ្នក​នោះ​ចោល​ដែរ!​»។ ព្រោះ​យេហូយ៉ាដា​ធ្លាប់​ប្រាប់​ថា​៖ ​«​កុំ​សម្លាប់​នាង​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ឡើយ​»។ ១៦ ដូច្នេះ ពួក​គេ​ក៏​ចាប់​នាង ពេល​ពួក​គេ​នាំ​នាង​ទៅ​ដល់​ផ្លូវ​សេះ​ចូល​វិមាន+ ពួក​គេ​ក៏​សម្លាប់​នាង​ចោល​ទៅ។

១៧ យេហូយ៉ាដា​បាន​រៀបចំ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​រវាង​ព្រះ​យេហូវ៉ា​និង​ស្ដេច​រួម​ទាំង​បណ្ដា​ជន+ គឺ​ថា​ពួក​គេ​នឹង​បន្ត​ធ្វើ​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ បន្ថែម​ទៅ​ទៀត គាត់​ក៏​បាន​រៀបចំ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​រវាង​ស្ដេច​និង​បណ្ដា​ជន​ដែរ។+ ១៨ ក្រោយ​មក បណ្ដា​ជន​ទាំង​អស់​ចូល​ទៅ​វិហារ​ព្រះ​បាល ហើយ​បំបាក់​បំបែក​ទី​បូជា​នា​នា+ ថែម​ទាំង​បំផ្លាញ​រូប​សំណាក​ទាំង​ឡាយ​របស់​ព្រះ​បាល។+ ពួក​គេ​ក៏​បាន​សម្លាប់​ម៉ាថាន​ជា​សង្ឃ​របស់​ព្រះ​បាល+ នៅ​មុខ​ទី​បូជា​ទាំង​នោះ​ដែរ។

បន្ទាប់​មក យេហូយ៉ាដា​បាន​តែង​តាំង​ពួក​អ្នក​ត្រួត​ពិនិត្យ ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​វិហារ​ព្រះ​យេហូវ៉ា។+ ១៩ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​បង្គាប់​ពួក​មេ​លើ​១០០​នាក់+ ពួក​អង្គរក្ស​ស្ដេច និង​ពួក​អ្នក​យាម​វិមាន+ ព្រម​ទាំង​បណ្ដា​ជន​ទាំង​អស់​ឲ្យ​ទៅ​នាំ​ស្ដេច​ពី​វិហារ​ព្រះ​យេហូវ៉ា​ដង្ហែ​មក​វិមាន។ ក្បួន​ដង្ហែ​នោះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខ្លោង​ទ្វារ​អ្នក​យាម​វិមាន។ ពេល​មក​ដល់​វិមាន ស្ដេច​ក៏​ឡើង​អង្គុយ​លើ​បល្ល័ង្ក។+ ២០ ដូច្នេះ បណ្ដា​ជន​ទាំង​អស់​បាន​អរ​សប្បាយ​ក្រៃ​លែង។ ក្នុង​ក្រុង​ក៏​មាន​សេចក្ដី​សុខ​សាន្ត ព្រោះ​អាថាលៀ​បាន​ស្លាប់​ហើយ។ នាង​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ​នៅ​ឯ​វិមាន​ស្ដេច។

២១ កាល​យេហូអាស+បាន​គ្រង​រាជ្យ គាត់​មាន​អាយុ​៧​ឆ្នាំ។+

១២ នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​យេហ៊ូ+ យេហូអាស+បាន​ឡើង​គ្រង​រាជ្យ ហើយ​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៤០​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​ស៊ីបបៀ​ជា​អ្នក​មក​ពី​ក្រុង​បៀរសេបា។+ ២ យេហូអាស​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត កាល​ដែល​មាន​យេហូយ៉ាដា​ជា​សង្ឃ​នៅ​បង្ហាត់​បង្រៀន​គាត់។ ៣ ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ចោល​ទី​ខ្ពស់​ពិសិដ្ឋ​ទេ+ ហើយ​បណ្ដា​ជន​នៅ​តែ​ជូន​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​ដដែល។

៤ នៅ​ថ្ងៃ​មួយ យេហូអាស​និយាយ​ទៅ​កាន់​ពួក​សង្ឃ​ថា​៖ ​«​ចូរ​ប្រមូល​ប្រាក់​ទាំង​អស់​ដែល​បណ្ដា​ជន​បាន​យក​មក​ប្រគល់​ដល់​វិហារ​ព្រះ​យេហូវ៉ា​ជា​វិភាគទាន​បរិសុទ្ធ+ គឺ​ប្រាក់​ដែល​បណ្ដា​ជន​ត្រូវ​បង់​ជា​ពន្ធ​វិហារ+ ប្រាក់​ដែល​ទទួល​ពី​អ្នក​ដែល​បាន​ស្បថ និង​ប្រាក់​ដែល​បណ្ដា​ជន​ជូន​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​វិហារ​ព្រះ​យេហូវ៉ា។+ ៥ ចូរ​អ្នក​រាល់​គ្នា​ទទួល​ប្រាក់​ទាំង​នោះ​ដោយ​ផ្ទាល់​ពី​អ្នក​ដែល​ជូន ដើម្បី​ទុក​សម្រាប់​ជួស​ជុល​វិហារ​របស់​ព្រះ​»។+

៦ លុះ​ដល់​ឆ្នាំ​ទី​២៣​ក្នុង​រាជ្យ​យេហូអាស ពួក​សង្ឃ​នៅ​តែ​មិន​ទាន់​ជួស​ជុល​វិហារ​របស់​ព្រះ​នៅ​ឡើយ។+ ៧ ដូច្នេះ ស្ដេច​យេហូអាស​បាន​ហៅ​យេហូយ៉ាដា+ជា​សង្ឃ​និង​ពួក​សង្ឃ​ឯ​ទៀត​មក​សួរ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ទាន់​ជួស​ជុល​វិហារ​ដូច្នេះ? ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​ពី​គេ​ទៀត​ទេ លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ប្រើ​ប្រាក់​ទាំង​នោះ​ដើម្បី​ជួស​ជុល​វិហារ​»។+ ៨ ក្រោយ​ពី​ស្ដាប់​រួច ពួក​សង្ឃ​បាន​យល់​ព្រម​ឈប់​ទទួល​ប្រាក់​ពី​បណ្ដា​ជន​ទៀត ហើយ​ពួក​គេ​ក៏​លែង​ទទួល​បន្ទុក​ខាង​ការ​ជួស​ជុល​វិហារ​របស់​ព្រះ​ទៀត​ដែរ។

៩ បន្ទាប់​មក យេហូយ៉ាដា​ជា​សង្ឃ​បាន​យក​ហឹប​មួយ+ ហើយ​ចោះ​ប្រហោង​នៅ​លើ​គម្រប រួច​ដាក់​នៅ​ក្បែរ​ទី​បូជា។ ពេល​ចូល​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា ហឹប​នោះ​នៅ​ខាង​ស្ដាំ​ដៃ។ ឯ​ពួក​សង្ឃ​ដែល​ឈរ​យាម​ទ្វារ ពួក​គេ​ទទួល​ប្រាក់​ពី​ដៃ​បណ្ដា​ជន​ដែល​យក​មក​ជូន​វិហារ​ព្រះ​យេហូវ៉ា រួច​ពួក​គេ​ក៏​យក​ប្រាក់​ទាំង​នោះ​ទៅ​ដាក់​ក្នុង​ហឹប។+ ១០ ពេល​ឃើញ​ថា​មាន​ប្រាក់​ពេញ​ហឹប​ហើយ ពួក​គេ​ក៏​ជម្រាប​លេខាធិការ​ស្ដេច​និង​សម្ដេច​សង្ឃ​ឲ្យ​ដឹង។ រួច​ពួក​គាត់​ក៏​ចូល​មក​ប្រមូល​ប្រាក់​ដែល​បណ្ដា​ជន​យក​មក​ជូន​វិហារ​ព្រះ​យេហូវ៉ា ហើយ​រាប់​ចំនួន​ប្រាក់​ទាំង​នោះ។+ ១១ ក្រោយ​ពី​រាប់​ហើយ ពួក​គាត់​ក៏​ប្រគល់​ប្រាក់​ឲ្យ​ដល់​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក អ្នក​ទាំង​នោះ​ក៏​បង់​ប្រាក់​ឲ្យ​ដល់​ជាង​ឈើ​និង​អ្នក​សាង​សង់​ដែល​ធ្វើ​ការ​ជួស​ជុល​នៅ​វិហារ​ព្រះ​យេហូវ៉ា+ ១២ រួម​ទាំង​ជាង​កំបោរ និង​ជាង​កាត់​ថ្ម។ បន្ថែម​ទៅ​ទៀត ពួក​គេ​ក៏​បាន​ទិញ​ឈើ​និង​ថ្ម​ដាប់​សម្រាប់​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​ប្រើ​ប្រាក់​ទាំង​នោះ​សម្រាប់​ការ​ចំណាយ​ទាំង​អស់​ក្នុង​ការ​ជួស​ជុល​វិហារ​ព្រះ។

១៣ ប៉ុន្តែ គេ​មិន​បាន​យក​ប្រាក់​ដែល​បណ្ដា​ជន​ប្រគល់​ដល់​វិហារ​ព្រះ​យេហូវ៉ា ទៅ​ធ្វើ​ចាន​ក្លាំ​ពី​ប្រាក់ ប្រដាប់​ពន្លត់​ប្រឆេះ ចាន​គោម ឬ​ត្រែ​ទេ។+ ពួក​គេ​ក៏​មិន​បាន​យក​ប្រាក់​ទាំង​នោះ​ទៅ​ធ្វើ​ប្រដាប់​ប្រដា​ពី​មាស​ឬ​ពី​ប្រាក់​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា​ដែរ។+ ១៤ ពួក​គេ​បាន​ឲ្យ​ប្រាក់​ទាំង​នោះ​ទៅ​ពួក​ជាង ហើយ​ពួក​ជាង​បាន​ប្រើ​ប្រាក់​ទាំង​នោះ​សម្រាប់​ជួស​ជុល​វិហារ​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ ១៥ ពួក​គេ​មិន​បាន​សួរ​នាំ​ពួក​បុរស​ដែល​ទទួល​ភារកិច្ច​កាន់​ប្រាក់​សម្រាប់​បង់​ឲ្យ​ពួក​ជាង​ទេ ដោយ​សារ​បុរស​ទាំង​នោះ​គួរ​ឲ្យ​ទុក​ចិត្ត។+ ១៦ ចំណែក​ឯ​ប្រាក់​សម្រាប់​គ្រឿង​បូជា​លោះ​អំពើ​ខុស​ឆ្គង+និង​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង នោះ​មិន​បាន​ត្រូវ​ប្រគល់​ដល់​វិហារ​របស់​ព្រះ​យេហូវ៉ា​ទេ។ ប្រាក់​ទាំង​នោះ​ត្រូវ​បាន​ជា​ចំណែក​របស់​ពួក​សង្ឃ​វិញ។+

១៧ នៅ​គ្រា​នោះ ហាសេអែល+ជា​ស្ដេច​ស្រុក​ស៊ីរី​បាន​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​កាថ+ ហើយ​ក៏​ដណ្ដើម​ក្រុង​នោះ​បាន។ ក្រោយ​មក គាត់​ក៏​ទៅ​វាយ​ប្រហារ​ក្រុង​យេរូសាឡិម​ទៀត។+ ១៨ ពេល​នោះ យេហូអាស​ជា​ស្ដេច​ស្រុក​យូដា​បាន​ប្រមូល​យក​គ្រឿង​បូជា​បរិសុទ្ធ​ទាំង​អស់ ផ្ញើ​ទៅ​ឲ្យ​ហាសេអែល។ គ្រឿង​បូជា​ទាំង​នោះ​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ដោយ​អាហាស៊ីយ៉ា​ជា​ឪពុក​របស់​គាត់ និង​ដោយ​យេហូរ៉ាម ព្រម​ទាំង​យេហូសាផាត​ជា​បុព្វ​បុរស​របស់​គាត់។ ដំណាល​គ្នា​នោះ គាត់​ក៏​យក​គ្រឿង​បូជា​បរិសុទ្ធ​របស់​គាត់​ទាំង​អស់ រួម​ទាំង​មាស​ពី​ឃ្លាំង​វិហារ​ព្រះ​យេហូវ៉ា​និង​ឃ្លាំង​វិមាន ទៅ​ប្រគល់​ឲ្យ​ហាសេអែល​ជា​ស្ដេច​ស្រុក​ស៊ីរី​ដែរ។+ ដូច្នេះ ហាសេអែល​ក៏​ព្រម​ដក​ថយ​ពី​ក្រុង​យេរូសាឡិម​ទៅ។

១៩ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូអាស​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​នៅ​ស្រុក​យូដា។ ២០ ឯ​ពួក​អ្នក​បម្រើ​គាត់​បាន​រួម​គ្នា​ក្បត់+ ហើយ​បាន​សម្លាប់​គាត់​នៅ​ឯ​បេតមិឡូ+ នៅ​តាម​ផ្លូវ​ចុះ​ទៅ​ឯ​ស៊ីលឡា។ ២១ អ្នក​បម្រើ​ទាំង​នោះ​គឺ​យ៉ូសាកា​ជា​កូន​ស៊ីមៀត និង​យេហូសាបាត​ជា​កូន​សូមឺ។ ពួក​គេ​ហើយ​ដែល​បាន​សម្លាប់​យេហូអាស។+ ក្រោយ​មក គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់។ បន្ទាប់​មក អាម៉ាស៊ា​ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។+

១៣ នៅ​ឆ្នាំ​ទី​២៣​ក្នុង​រាជ្យ​យេហូអាស+ជា​កូន​អាហាស៊ីយ៉ា+ស្ដេច​ស្រុក​យូដា យេហូអាហាស​ជា​កូន​យេហ៊ូ+បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល។ យេហូអាហាស​បាន​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​១៧​ឆ្នាំ។ ២ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែរ។+ គាត់​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង​នោះ​ឡើយ។ ៣ ហេតុ​នេះ ព្រះ​យេហូវ៉ា​ខឹង+ជា​ខ្លាំង​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល។+ ម្ល៉ោះ​ហើយ នៅ​គ្រា​នោះ​លោក​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ហាសេអែល+ជា​ស្ដេច​ស្រុក​ស៊ីរី និង​ក្នុង​កណ្ដាប់​ដៃ​បេនហាដាត+ជា​កូន​គាត់។

៤ លុះ​ក្រោយ​មក យេហូអាហាស​បាន​អង្វរ​សុំ​សេចក្ដី​មេត្តា​ពី​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​បាន​ស្ដាប់​តាម​ការ​អង្វរ​សុំ​របស់​គាត់ ព្រោះ​លោក​បាន​ឃើញ​ថា​ស្ដេច​ស្រុក​ស៊ីរី​បាន​ជិះ​ជាន់​សង្កត់​សង្កិន​ជន​ជាតិ​អ៊ីស្រាអែល។+ ៥ ព្រះ​យេហូវ៉ា​ក៏​ឲ្យ​មាន​អ្នក​សង្គ្រោះ​ម្នាក់+ដើម្បី​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​កណ្ដាប់​ដៃ​ពួក​ស៊ីរី។ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​រស់​នៅ​ដោយ​សុខ​សាន្ត​ដូច​គ្រា​មុន។ ៦ (​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ពួក​គេ​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង​នោះ​ឡើយ។ ឯ​ក្រុង​សាម៉ារី​នៅ​តែ​មាន​បង្គោល​ឈើ​ពិសិដ្ឋ*+ដដែល​)។ ៧ នៅ​គ្រា​នោះ យេហូអាហាស​នៅ​សល់​តែ​រទេះ​ចម្បាំង​ចំនួន​១០​គ្រឿង ទាហាន​សេះ​៥០​នាក់ និង​ទាហាន​ថ្មើរ​ជើង​១០.០០០​នាក់​ប៉ុណ្ណោះ ពី​ព្រោះ​ស្ដេច​ស្រុក​ស៊ីរី​បាន​វាយ​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​ស្ទើរតែ​គ្មាន​សល់+ ហើយ​ធ្វើ​ឲ្យ​គេ​ដូច​ជា​លម្អង​ធូលី​នៅ​ទី​លាន​បញ្ជាន់​ស្រូវ។+

៨ រី​ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូអាហាស​បាន​ធ្វើ និង​ភាព​ខ្លាំង​ពូកែ​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៩ ក្រោយ​មក យេហូអាហាស​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​សាម៉ារី+ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់។ រួច​មក យេហូអាស​ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

១០ នៅ​ឆ្នាំ​ទី​៣៧​ក្នុង​រាជ្យ​យេហូអាស​ស្ដេច​ស្រុក​យូដា យេហូអាស+ជា​កូន​យេហូអាហាស​បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល។ យេហូអាស​បាន​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​១៦​ឆ្នាំ។ ១១ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែរ។+ គាត់​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង​ទាំង​នោះ​ឡើយ។

១២ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូអាស​បាន​ធ្វើ​និង​ភាព​ខ្លាំង​ពូកែ​របស់​គាត់ ថែម​ទាំង​ការ​ធ្វើ​ចម្បាំង​នឹង​អាម៉ាស៊ា​ជា​ស្ដេច​ស្រុក​យូដា+ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​នៅ​ស្រុក​អ៊ីស្រាអែល។ ១៣ ក្រោយ​មក យេហូអាស​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​សាម៉ារី​ជា​មួយ​នឹង​បុព្វបុរស​របស់​គាត់។+ រួច​មក យេរ៉ូបោម*+ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

១៤ ឯ​អេលីសេ​វិញ+ គាត់​មាន​ជំងឺ​ជា​ទម្ងន់​ហៀបនឹង​ស្លាប់។ នៅ​ពេល​នោះ យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ទៅ​ជួប​អេលីសេ។ គាត់​ក៏​បាន​យំ​ស្រណោះ​អេលីសេ រួច​និយាយ​ថា​៖ ​«​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ! យើង​ត្រូវ​ការ​រទេះ​ចម្បាំង និង​ពល​សេះ​របស់​អ៊ីស្រាអែល!​»។*+ ១៥ អេលីសេ​បង្គាប់​គាត់​ថា​៖ ​«​សូម​យក​ធ្នូ​និង​ព្រួញ​មក​»។ ដូច្នេះ ស្ដេច​ក៏​យក​ធ្នូ​និង​ព្រួញ​មក។ ១៦ រួច​មក អេលីសេ​ប្រាប់​ស្ដេច​អ៊ីស្រាអែល​ថា​៖ ​«​សូម​លើក​ធ្នូ​ឡើង​»។ ដូច្នេះ ស្ដេច​ក៏​ធ្វើ​តាម រួច​អេលីសេ​ក៏​ដាក់​ដៃ​គាត់​លើ​ដៃ​ស្ដេច។ ១៧ បន្ទាប់​មក អេលីសេ​ប្រាប់​ថា​៖ ​«​សូម​បើក​បង្អួច​ដែល​បែរ​ទៅ​ទិស​ខាង​កើត​»​ គាត់​ក៏​បើក។ អេលីសេ​ក៏​និយាយ​ទៀត​ថា​៖ ​«​សូម​បាញ់​ទៅ!​»​ គាត់​ក៏​បាញ់។ ពេល​នោះ អេលីសេ​ប្រាប់​ថា​៖ ​«​នេះ​ជា​ព្រួញ​ជ័យ​ជម្នះ​មក​ពី​ព្រះ​យេហូវ៉ា ជា​ព្រួញ​ជ័យ​ជម្នះ​លើ​ពួក​ស៊ីរី! អ្នក​នឹង​ប្រហារ​ពួក​ស៊ីរី​នៅ​ក្រុង​អាផែក+ រហូត​ដល់​ពួក​គេ​វិនាស​សាប​សូន្យ​ទៅ​»។

១៨ អេលីសេ​ក៏​និយាយ​ទៀត​ថា​៖ ​«​សូម​យក​ព្រួញ​មក​»។ ដូច្នេះ ស្ដេច​ក៏​យក​មក។ អេលីសេ​ក៏​ប្រាប់​ស្ដេច​ថា​៖ ​«​សូម​វាយ​លើ​ដី​»។ ដូច្នេះ គាត់​បាន​វាយ​លើ​ដី​បី​ដង រួច​ក៏​ឈប់​វាយ​ទៅ។ ១៩ ភ្លាម​នោះ អេលីសេ​ជា​តំណាង​ព្រះ​បាន​ខឹង​យ៉ាង​ខ្លាំង ហើយ​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​អ្នក​គួរ​តែ​វាយ​ឲ្យ​បាន​៥​ឬ​៦​ដង! យ៉ាង​នោះ អ្នក​នឹង​ប្រហារ​ពួក​ស៊ីរី​ទាល់​តែ​សាប​សូន្យ​ទៅ។ ប៉ុន្តែ អ្នក​បែរ​ជា​វាយ​តែ​បី​ដង​វិញ ដូច្នេះ​អ្នក​នឹង​វាយ​ឈ្នះ​ពួក​ស៊ីរី​បាន​តែ​បី​ដង​ទេ​»។+

២០ ក្រោយ​មក អេលីសេ​បាន​ស្លាប់ ហើយ​គេ​ក៏​យក​សព​គាត់​ទៅ​បញ្ចុះ។ រៀង​រាល់​ដើម​ឆ្នាំ​ក្រុម​ចោរ​ប្លន់​ជន​ជាតិ​ម៉ូអាប់+ តែង​តែ​ចូល​មក​លុក​លុយ​ក្នុង​ស្រុក។ ២១ ថ្ងៃ​មួយ មាន​មនុស្ស​មួយ​ក្រុម​កំពុង​បញ្ចុះ​សព​បុរស​ម្នាក់ ស្រាប់​តែ​ពួក​គេ​ឃើញ​ក្រុម​ចោរ​ប្លន់​មក។ ពេល​នោះ ពួក​គេ​ប្រញាប់​ប្រញាល់​បោះ​សព​បុរស​នោះ​ចូល​ទៅ​ក្នុង​ទី​បញ្ចុះ​សព​របស់​អេលីសេ ហើយ​ក៏​រត់​គេច​ខ្លួន​ទៅ។ ពេល​សព​បុរស​នោះ​ប៉ះ​ឆ្អឹង​របស់​អេលីសេ បុរស​នោះ​ក៏​មាន​ជីវិត​ឡើង​វិញ+ ហើយ​ក្រោក​ឈរ​ឡើង។

២២ នៅ​គ្រា​យេហូអាហាស+ ហាសេអែល​ជា​ស្ដេច​ស្រុក​ស៊ីរី​បាន​ជិះ​ជាន់​ជន​ជាតិ​អ៊ីស្រាអែល+យ៉ាង​ខ្លាំង។ ២៣ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ត​សប្បុរស សេចក្ដី​មេត្តា និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ+ ដោយ​សារ​លោក​យល់​ដល់​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ+ អ៊ីសាក+ និង​យ៉ាកុប។+ លោក​មិន​បាន​ឲ្យ​ពួក​គេ​វិនាស​សាប​សូន្យ​ទៅ​ទេ។ រហូត​មក​ដល់​សព្វ​ថ្ងៃ លោក​ក៏​មិន​បាន​បោះ​បង់​ចោល​ពួក​គេ​ដែរ។ ២៤ លុះ​ក្រោយ​មក ហាសេអែល​ជា​ស្ដេច​ស្រុក​ស៊ីរី​បាន​ស្លាប់ ហើយ​បេនហាដាត​ជា​កូន ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។ ២៥ ឯ​យេហូអាស​ជា​កូន​យេហូអាហាស គាត់​បាន​ដណ្ដើម​យក​ក្រុង​នា​នា​ពី​បេនហាដាត​ជា​កូន​ហាសេអែល​មក​វិញ គឺ​ជា​ក្រុង​ដែល​ហាសេអែល​បាន​ចាប់​យក​ពី​ពួក​អ៊ីស្រាអែល ពេល​ច្បាំង​ឈ្នះ​យេហូអាហាស​ជា​ឪពុក​គាត់។ យេហូអាស​បាន​វាយ​ឈ្នះ​បេនហាដាត​អស់​បី​ដង+ ហើយ​ក៏​ដណ្ដើម​យក​ក្រុង​ទាំង​នោះ​មក​វិញ។

១៤ នៅ​ឆ្នាំ​ទី​២​ក្នុង​រាជ្យ​យេហូអាស+ជា​កូន​យេហូអាហាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល អាម៉ាស៊ា​ជា​កូន​យេហូអាស​ជា​ស្ដេច​ស្រុក​យូដា បាន​គ្រប់​គ្រង​ជា​ស្ដេច។ ២ ពេល​នោះ គាត់​មាន​អាយុ​២៥​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​២៩​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​យេហូអាឌីន​ជា​អ្នក​ក្រុង​យេរូសាឡិម។+ ៣ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត តែ​មិន​បាន​ដូច​ដាវីឌ+ជា​បុព្វ​បុរស​របស់​គាត់​ទេ។ គាត់​បាន​ដើរ​តាម​គន្លង​របស់​យេហូអាស​ជា​ឪពុក​របស់​គាត់។+ ៤ ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ចោល​ទី​ខ្ពស់​ពិសិដ្ឋ​ទេ+ ហើយ​បណ្ដា​ជន​នៅ​តែ​ជូន​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​ដដែល។+ ៥ កាល​ដែល​រាជាណាចក្រ​របស់​គាត់​បាន​រឹង​មាំ​ហើយ គាត់​បាន​ប្រហារ​ជីវិត​ពួក​អ្នក​បម្រើ ដែល​បាន​សម្លាប់​ឪពុក​គាត់។+ ៦ ក៏​ប៉ុន្តែ គាត់​មិន​បាន​សម្លាប់​កូន​ៗ​របស់​ឃាតករ​ទាំង​នោះ​ទេ ព្រោះ​គាត់​ធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ច្បាប់​របស់​ម៉ូសេ ដែល​ថា​៖ ​«​ឪពុក​មិន​គួរ​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​កូន​ទេ ហើយ​កូន​ក៏​មិន​គួរ​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​ឪពុក​ដែរ។ ប៉ុន្តែ បុគ្គល​ម្នាក់​ៗ​ត្រូវ​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​វិញ​»។+ ៧ អាម៉ាស៊ា​បាន​ច្បាំង​ឈ្នះ​ជន​ជាតិ​អេដំ+នៅ​ជ្រលង​អំបិល+ ហើយ​គាត់​បាន​សម្លាប់​ពួក​គេ​អស់​១០.០០០​នាក់ រួច​ចាប់​យក​ក្រុង​សេឡា។+ ក្រោយ​មក គេ​ក៏​ហៅ​ក្រុង​នោះ​ថា​ក្រុង​យ៉ុកធាល​រហូត​ដល់​សព្វ​ថ្ងៃ។

៨ បន្ទាប់​មក អាម៉ាស៊ា​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ស្ដេច​ស្រុក​អ៊ីស្រាអែល គឺ​យេហូអាស​ជា​កូន​យេហូអាហាស ហើយ​ត្រូវ​ជា​ចៅ​របស់​យេហ៊ូ។ ពួក​គេ​នាំ​ពាក្យ​ថា​៖ ​«​ចូរ​ចេញ​មក​ប្រយុទ្ធ​គ្នា​»។+ ៩ ក្រោយ​ពី​ស្ដាប់​រួច យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ក៏​បាន​ផ្ញើ​សារ​ត្រឡប់​ទៅ​អាម៉ាស៊ា​ជា​ស្ដេច​ស្រុក​យូដា​វិញ​ថា​៖ ​«​គុម្ព​បន្លា​នៅ​តំបន់​ភ្នំ​លីបង់​បាន​ផ្ញើ​សារ​ទៅ​ដើម​ស៊ីដារ​នៅ​តំបន់​ភ្នំ​លីបង់​ថា​៖ ‹ចូរ​លើក​កូន​ស្រី​អ្នក​ឲ្យ​កូន​ប្រុស​ខ្ញុំ›។ ប៉ុន្តែ សត្វ​ព្រៃ​មួយ​ក្បាល​នៅ​តំបន់​ភ្នំ​លីបង់​បាន​ដើរ​កាត់ ហើយ​ជាន់​គុម្ព​បន្លា​នោះ​ឲ្យ​ខ្ទេច​ខ្ទី​អស់។ ១០ អ្នក​បាន​វាយ​ឈ្នះ​ពួក​អេដំ+ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​អំណួត។ ចូរ​អរ​សប្បាយ​នឹង​ជ័យ​ជម្នះ​របស់​អ្នក​ទៅ ហើយ​នៅ​ក្នុង​វិមាន​របស់​ខ្លួន​ចុះ។ ហេតុ​អ្វី​ក៏​អ្នក​ចង់​នាំ​ឲ្យ​ស្រុក​យូដា​មាន​ក្ដី​អន្តរាយ​ជា​មួយ​នឹង​អ្នក​ដូច្នេះ?​»។ ១១ ប៉ុន្តែ អាម៉ាស៊ា​មិន​ព្រម​ស្ដាប់​តាម​ទេ។+

ដូច្នេះ យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​ឡើង​ទៅ​ច្បាំង​នឹង​អាម៉ាស៊ា​ជា​ស្ដេច​ស្រុក​យូដា​នៅ​ក្រុង​បេតសេមែស+ ដែល​ជា​ទឹក​ដី​ស្រុក​យូដា។+ ១២ ក្នុង​ចម្បាំង​នោះ ពួក​យូដា​បាន​ចាញ់​ពួក​អ៊ីស្រាអែល ហើយ​ពួក​គេ​បាន​រត់​ទៅ​លំនៅ​របស់​គេ​រៀង​ខ្លួន។ ១៣ នៅ​ក្រុង​បេតសេមែស យេហូអាស​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​ចាប់​អាម៉ាស៊ា​ស្ដេច​ស្រុក​យូដា ជា​កូន​យេហូអាស ហើយ​ត្រូវ​ជា​ចៅ​អាហាស៊ីយ៉ា។ បន្ទាប់​មក ពួក​គេ​បាន​ទៅ​ក្រុង​យេរូសាឡិម ហើយ​យេហូអាស​បាន​រំលំ​កំពែង​ក្រុង​យេរូសាឡិម ចាប់​ពី​ទ្វារអេប្រាអ៊ីម+ទៅ​ដល់​ទ្វារជ្រុងកំពែង+ អស់​ប្រវែង​៤០០​ហត្ថ។* ១៤ រួច​យេហូអាស​បាន​ប្រមូល​យក​មាស​ប្រាក់​និង​ប្រដាប់​ប្រដា​ទាំង​អស់​ពី​វិហារ​ព្រះ​យេហូវ៉ា ថែម​ទាំង​ពី​ឃ្លាំង​វិមាន​ស្ដេច​ផង​ដែរ។ គាត់​ក៏​ចាប់​បណ្ដា​ជន​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។ បន្ទាប់​មក គាត់​ក៏​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

១៥ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូអាស​បាន​ធ្វើ និង​ភាព​ខ្លាំង​ពូកែ​របស់​គាត់ ថែម​ទាំង​ការ​ធ្វើ​ចម្បាំង​នឹង​អាម៉ាស៊ា​ស្ដេច​ស្រុក​យូដា សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ១៦ ក្រោយ​មក យេហូអាស​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី។+ រួច​មក យេរ៉ូបោម*+ជា​កូន​របស់​គាត់ ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

១៧ ក្រោយ​ពី​យេហូអាស+ជា​កូន​យេហូអាហាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល+បាន​ស្លាប់ អាម៉ាស៊ា+ជា​កូន​យេហូអាស​ស្ដេច​ស្រុក​យូដា​បាន​រស់​នៅ​អស់​រយៈ​ពេល​១៥​ឆ្នាំ​ទៀត។ ១៨ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អាម៉ាស៊ា​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ១៩ ក្រោយ​មក មាន​គេ​ឃុប​ឃិត​គ្នា​ក្បត់​នឹង​គាត់+នៅ​ក្រុង​យេរូសាឡិម។ ហេតុ​នោះ គាត់​ក៏​រត់​ទៅ​ក្រុង​ឡាគីស។ ប៉ុន្តែ​គេ​បាន​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​តាម​គាត់​នៅ​ក្រុង​នោះ ហើយ​សម្លាប់​គាត់​ចោល​ទៅ។ ២០ ដូច្នេះ គេ​បាន​ដាក់​សព​គាត់​លើ​រទេះ​សេះ ហើយ​នាំ​យក​មក​បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់ ក្នុង​ក្រុង​យេរូសាឡិម។+ ២១ បន្ទាប់​មក បណ្ដា​ជន​យូដា​ទាំង​អស់​បាន​តែង​តាំង​អាសារៀ*+ជា​កូន​អាម៉ាស៊ា ឲ្យ​ធ្វើ​ជា​ស្ដេច​បន្ទាប់​ពី​ឪពុក។+ ពេល​នោះ អាសារៀ​មាន​អាយុ​១៦​ឆ្នាំ។+ ២២ ក្រោយ​ពី​អាម៉ាស៊ា​បាន​ស្លាប់ ហើយ​បាន​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​គាត់ អាសារៀ​បាន​សង់​ក្រុង​អេឡាត+ឡើង​វិញ ហើយ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្រុក​យូដា។+

២៣ នៅ​ឆ្នាំ​ទី​១៥​ក្នុង​រាជ្យ​អាម៉ាស៊ា​ជា​កូន​យេហូអាស​ស្ដេច​ស្រុក​យូដា យេរ៉ូបោម+ជា​កូន​យេហូអាស​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​គ្រប់​គ្រង​ជា​ស្ដេច​នៅ​ក្រុង​សាម៉ារី។ គាត់​បាន​គ្រប់​គ្រង​អស់​រយៈ​ពេល​៤១​ឆ្នាំ។ ២៤ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ គាត់​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង ដែល​យេរ៉ូបោម​ជា​កូន​ណេបាត​បាន​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​តាម​នោះ​ទេ។+ ២៥ គាត់​បាន​ដណ្ដើម​យក​ទឹក​ដី​ស្រុក​អ៊ីស្រាអែល​មក​វិញ ចាប់​ពី​លេបូហាម៉ាត+ទៅ​ដល់​សមុទ្រ​អារ៉ាបា*+ ស្រប​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​អ្នក​បម្រើ​របស់​លោក​ឈ្មោះ​យ៉ូណាស+ ជា​កូន​អាមីតថាយ ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដែល​មក​ពី​ក្រុង​កាថហេផឺ។+ ២៦ ព្រះ​យេហូវ៉ា​បាន​ឃើញ​ថា​ជន​ជាតិ​អ៊ីស្រាអែល​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង+ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​នៅ​សល់​ដើម្បី​ជួយ​ពួក​គេ​ឡើយ សូម្បី​តែ​អ្នក​តូច​ទាប​ក៏​គ្មាន​ដែរ។ ២៧ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​នឹង​មិន​លុប​ឈ្មោះ​អ៊ីស្រាអែល​ចេញ​ពី​ផែនដី​ឡើយ។+ ដូច្នេះ លោក​បាន​សង្គ្រោះ​ពួក​គេ​តាម​រយៈ​យេរ៉ូបោម​ជា​កូន​យេហូអាស។+

២៨ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេរ៉ូបោម​បាន​ធ្វើ និង​ភាព​ខ្លាំង​ពូកែ​របស់​គាត់ ព្រម​ទាំង​ការ​ធ្វើ​ចម្បាំង និង​ការ​ដែល​គាត់​យក​ក្រុង​ដាម៉ាស់+និង​ក្រុង​ហាម៉ាត+ធ្វើ​ជា​ចំណុះ​របស់​ស្រុក​យូដា​និង​ស្រុក​អ៊ីស្រាអែល សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២៩ ក្រោយ​មក យេរ៉ូបោម​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បណ្ដា​ស្ដេច​អ៊ីស្រាអែល។ រួច​មក សាការី+ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

១៥ នៅ​ឆ្នាំ​ទី​២៧​ក្នុង​រាជ្យ​យេរ៉ូបោម*ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល អាសារៀ*+ជា​កូន​អាម៉ាស៊ា+ស្ដេច​ស្រុក​យូដា បាន​គ្រប់​គ្រង​ជា​ស្ដេច។+ ២ ពេល​នោះ គាត់​មាន​អាយុ​១៦​ឆ្នាំ ហើយ​គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៥២​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​យេកូលា ជា​អ្នក​ក្រុង​យេរូសាឡិម។ ៣ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដូច​អាម៉ាស៊ា​ជា​ឪពុក​គាត់។+ ៤ ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ចោល​ទី​ខ្ពស់​ពិសិដ្ឋ​ទេ+ ហើយ​បណ្ដា​ជន​នៅ​តែ​ជូន​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​ដដែល។+ ៥ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​អាសារៀ​មាន​ជំងឺ​ឃ្លង់+រហូត​ដល់​ថ្ងៃ​ស្លាប់។ ដូច្នេះ គាត់​ក៏​ស្នាក់​នៅ​ក្នុង​ផ្ទះ​មួយ​ដាច់​ដោយ​ឡែក​ពី​គេ។+ ពេល​នោះ យ៉ូថាម+ជា​កូន​គាត់​បាន​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ក្នុង​វិមាន​ស្ដេច ហើយ​សម្រេច​ក្ដី​ឲ្យ​បណ្ដា​ជន។+ ៦ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អាសារៀ+បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ៧ ក្រោយ​មក អាសារៀ​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់+នៅ​ក្រុង​ដាវីឌ។ រួច​មក យ៉ូថាម​ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

៨ នៅ​ឆ្នាំ​ទី​៣៨​ក្នុង​រាជ្យ​អាសារៀ+ជា​ស្ដេច​ស្រុក​យូដា សាការី+ជា​កូន​យេរ៉ូបោម​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​គ្រប់​គ្រង​ជា​ស្ដេច។ សាការី​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​បាន​៦​ខែ។ ៩ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដូច​បុព្វបុរស​របស់​គាត់​ដែរ។ គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ១០ នៅ​ថ្ងៃ​មួយ សាលូម​ជា​កូន​យ៉ាបេស​បាន​រួម​គំនិត​ក្បត់​នឹង​សាការី ហើយ​ក៏​សម្លាប់​គាត់+នៅ​ក្រុង​អ៊ីបលាម​ទៅ។+ បន្ទាប់​មក សាលូម​បាន​ឡើង​គ្រប់​គ្រង​ជា​ស្ដេច​ជំនួស​វិញ។ ១១ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​សាការី​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ១២ រឿង​នេះ​បាន​កើត​ឡើង​ដូច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​យេហ៊ូ ដែល​ថា​៖ ​«​កូន​ចៅ​អ្នក​នឹង​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល ដល់​ទៅ​បួន​ជំនាន់​»។+ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ពិត​ប្រាកដ​មែន។

១៣ នៅ​ឆ្នាំ​ទី​៣៩​ក្នុង​រាជ្យ​អូសៀស+ជា​ស្ដេច​ស្រុក​យូដា សាលូម​ជា​កូន​យ៉ាបេស​បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​បាន​មួយ​ខែ។ ១៤ ក្រោយ​មក មេណាហិម​ជា​កូន​កាដាយ​បាន​ចេញ​ពី​ក្រុង​ធើសា+មក​ក្រុង​សាម៉ារី រួច​សម្លាប់​សាលូម+ជា​កូន​យ៉ាបេស។ ក្រោយ​សាលូម​ស្លាប់ មេណាហិម​ក៏​បាន​ឡើង​គ្រប់​គ្រង​ជា​ស្ដេច​ជំនួស​វិញ។ ១៥ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​សាលូម​បាន​ធ្វើ និង​ការ​រៀប​គម្រោង​ក្បត់​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ១៦ ក្រោយ​មក មេណាហិម​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​ធើសា ទៅ​វាយ​ប្រហារ​លើ​ក្រុង​ធីបសា។ គាត់​បាន​សម្លាប់​បណ្ដា​ជន​ទាំង​អស់​នៅ​ក្នុង​ក្រុង​នោះ និង​នៅ​តំបន់​ជុំវិញ ដោយ​សារ​ពួក​គេ​មិន​បាន​បើក​ទ្វារ​ក្រុង​ទទួល​គាត់។ ឯ​ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​មាន​ផ្ទៃ​ពោះ គាត់​ក៏​វះ​ពោះ​សម្លាប់​ចោល​ដែរ។

១៧ នៅ​ឆ្នាំ​ទី​៣៩​ក្នុង​រាជ្យ​អាសារៀ​ជា​ស្ដេច​ស្រុក​យូដា មេណាហិម​ជា​កូន​កាដាយ​បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​១០​ឆ្នាំ។ ១៨ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ អស់​មួយ​ជីវិត គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ១៩ នៅ​គ្រា​មួយ ផូល+ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​មក​ច្បាំង​នឹង​ស្រុក​អ៊ីស្រាអែល។ ពេល​នោះ មេណាហិម​បាន​ជូន​ប្រាក់​ចំនួន​១.០០០​ថាលិន*ដល់​ស្ដេច​ផូល ដើម្បី​ឲ្យ​ស្ដេច​នោះ​ជួយ​ពង្រឹង​អំណាច​គ្រប់​គ្រង​របស់​គាត់។+ ២០ ដូច្នេះ មេណាហិម​តម្រូវ​ឲ្យ​អ្នក​មាន​ស្តុកស្តម្ភ​ដែល​មាន​មុខ​មាត់​ក្នុង​ស្រុក​អ៊ីស្រាអែល+ គឺ​បុរស​ម្នាក់​ៗ​បង់​ប្រាក់​៥០​ហ្សេគិល។* រួច​មក គាត់​យក​ប្រាក់​ទាំង​នោះ​ទៅ​ប្រគល់​ឲ្យ​ដល់​ស្ដេច​ស្រុក​អាស៊ីរី។ ដោយ​ហេតុ​នោះ ស្ដេច​ស្រុក​អាស៊ីរី​ក៏​បាន​ដក​ថយ​ចេញ​ពី​ស្រុក​អ៊ីស្រាអែល​ទៅ។ ២១ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​មេណាហិម+បានធ្វើ សុទ្ធ​តែបាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២២ ក្រោយ​មក មេណាហិម​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វបុរស​គាត់។ រួច​មក ភេកាហ៊ា​ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

២៣ នៅ​ឆ្នាំ​ទី​៥០​ក្នុង​រាជ្យ​អាសារៀ​ជា​ស្ដេច​ស្រុក​យូដា ភេកាហ៊ា​ជា​កូន​មេណាហិម​បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល។ ភេកាហ៊ា​បាន​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។ ២៤ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ២៥ នៅ​ថ្ងៃ​មួយ នាយ​ទាហាន​របស់​គាត់​ម្នាក់​ឈ្មោះ​ភេកា+ ជា​កូន​រេម៉ាលៀ បាន​ឃុប​ឃិត​គ្នា​ក្បត់​គាត់។ ភេកា​បាន​នាំ​ទាហាន​៥០​នាក់​ជា​អ្នក​មក​ពី​គីលាត ទៅ​សម្លាប់​ស្ដេច​នៅ​ក្នុង​ប៉ម​មួយ​ក្នុង​វិមាន​ស្ដេច ជា​មួយ​អាកុប​និង​អារ៉ាយអា។ បន្ទាប់​មក ភេកា​បាន​ឡើង​គ្រប់​គ្រង​ជា​ស្ដេច​ជំនួស​វិញ។ ២៦ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ភេកាហ៊ា​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។

២៧ នៅ​ឆ្នាំ​ទី​៥២​ក្នុង​រាជ្យ​អាសារៀ​ជា​ស្ដេច​ស្រុក​យូដា ភេកា+ជា​កូន​រេម៉ាលៀ​បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល។ ភេកា​បាន​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​២០​ឆ្នាំ។ ២៨ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ២៩ ក្នុង​រាជ្យ​ភេកា​ស្ដេច​ស្រុក​អ៊ីស្រាអែល ធីឡាតភីលីសឺ+ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​មក​ឈ្លានពាន​ទឹក​ដី​អ៊ីស្រាអែល។ គាត់​ដណ្ដើម​យក​ទឹក​ដី​ទាំង​អស់​របស់​កុលសម្ព័ន្ធ​ណែបថាលី+ ពោល​គឺ​ក្រុង​អ៊ីយ៉ូន ក្រុង​អេបិលបេតម៉ាអាកា+ ក្រុង​យ៉ាណូអា និង​ក្រុង​កេដេស+ ក្រុង​ហាសោ តំបន់​គីលាត+ និង​តំបន់​កាលីឡេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ក៏​បាន​ចាប់​បណ្ដា​ជន​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អាស៊ីរី​ទៀត​ផង។+ ៣០ ពេល​មួយ ហូស៊ា+ជា​កូន​អេឡា​បាន​ឃុប​ឃិត​គ្នា​ក្បត់​នឹង​ភេកា​ជា​កូន​រេម៉ាលៀ ហើយ​ក៏​បាន​សម្លាប់​គាត់​ចោល​ទៅ។ បន្ទាប់​មក ហូស៊ា​បាន​ឡើង​គ្រប់​គ្រង​ជា​ស្ដេច​ជំនួស​វិញ គឺ​នៅ​ឆ្នាំ​ទី​២០​ក្នុង​រាជ្យ​យ៉ូថាម+ជា​កូន​អូសៀស។ ៣១ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ភេកា​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។

៣២ នៅ​ឆ្នាំ​ទី​២​ក្នុង​រាជ្យ​ភេកា ជា​កូន​រេម៉ាលៀ​ស្ដេច​ស្រុក​អ៊ីស្រាអែល យ៉ូថាម+ជា​កូន​អូសៀស+បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​យូដា។ ៣៣ ពេល​នោះ យ៉ូថាម​មាន​អាយុ​២៥​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១៦​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​យេ​រ៉ូសា ជា​កូន​សេដុក។+ ៣៤ យ៉ូថាម​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដូច​អូសៀស​ជា​ឪពុក​គាត់​ដែរ។+ ៣៥ ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ចោល​ទី​ខ្ពស់​ពិសិដ្ឋ​ទេ ហើយ​បណ្ដា​ជន​នៅ​តែ​ជូន​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​ដដែល។+ គាត់​គឺ​ជា​អ្នក​ដែល​បាន​សាង​សង់​ខ្លោង​ទ្វារ​ខាង​លើ​នៃ​វិហារ​ព្រះ​យេហូវ៉ា។+ ៣៦ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យ៉ូថាម​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ៣៧ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​រេសិន​ជា​ស្ដេច​ស្រុក​ស៊ីរី និង​ភេកា+ជា​កូន​រេម៉ាលៀ​ស្ដេច​ស្រុក​អ៊ីស្រាអែល ចេញ​ទៅ​ច្បាំង​នឹង​ស្រុក​យូដា។+ ៣៨ ក្រោយ​មក យ៉ូថាម​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វបុរស​គាត់​នៅ​ក្រុង​ដាវីឌ។ រួច​មក អេហាស​ជា​កូន​របស់​គាត់ ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

១៦ នៅ​ឆ្នាំ​ទី​១៧​ក្នុង​រាជ្យ​ភេកា​ជា​កូន​រេម៉ាលៀ អេហាស+ជា​កូន​យ៉ូថាម​បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​យូដា។ ២ ពេល​នោះ គាត់​មាន​អាយុ​២០​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១៦​ឆ្នាំ។ គាត់​មិន​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដូច​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់​ទេ។+ ៣ ផ្ទុយ​ទៅ​វិញ គាត់​បាន​ដើរ​តាម​គន្លង​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល+ ហើយ​ថែម​ទាំង​ដុត​កូន​របស់​ខ្លួន​ជូន​ជា​គ្រឿង​បូជា*ទៀត​ផង។+ គាត់​បាន​ធ្វើ​តាម​ទង្វើ​ដ៏​គួរ​ឲ្យស្អប់​ខ្ពើម​របស់​ប្រជា​ជាតិ​នា​នា+ ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។ ៤ បន្ថែម​ទៅ​ទៀត គាត់​ក៏​បាន​ជូន​គ្រឿង​បូជា និង​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ+ នៅ​ទី​ទួល និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី។+

៥ នៅ​គ្រា​នោះ រេសិន​ជា​ស្ដេច​ស្រុក​ស៊ីរី និង​ភេកា​កូន​រេម៉ាលៀ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​រួម​គ្នា​ឡើង​ទៅ​ច្បាំង​នឹង​អេហាស។+ ពួក​គេ​បាន​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម តែ​មិន​អាច​ដណ្ដើម​យក​ក្រុង​នោះ​បាន​ទេ។ ៦ ពេល​នោះ រេសិន​ជា​ស្ដេច​ស្រុក​ស៊ីរី​បាន​ដណ្ដើម​យក​ក្រុង​អេឡាត+ ហើយ​គាត់​ក៏​ប្រគល់​ឲ្យ​ជន​ជាតិ​អេដំ​វិញ។ គាត់​បាន​បណ្ដេញ​ជន​ជាតិ​យូដា​ចេញ​ពី​ក្រុង​អេឡាត ហើយ​ឲ្យ​ជន​ជាតិ​អេដំ​ចូល​ទៅ​រស់​នៅ​ក្នុង​ក្រុង​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។ ៧ ដូច្នេះ អេហាស​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ធីឡាតភីលីសឺ+ជា​ស្ដេច​ស្រុក​អាស៊ីរី​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​បម្រើ​និង​ជា​កូន​ចៅ​របស់​លោក។ ស្ដេច​ស្រុក​ស៊ីរី​និង​ស្ដេច​ស្រុក​អ៊ីស្រាអែល​កំពុង​រួម​ដៃ​គ្នា​ប្រយុទ្ធ​នឹង​ខ្ញុំ សូម​លោក​ឡើង​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ផង​»។ ៨ រួច​មក អេហាស​បាន​ប្រមូល​មាស​ប្រាក់​ទាំង​អស់​ពី​វិហារ​ព្រះ​យេហូវ៉ា​និង​ពី​ឃ្លាំង​វិមាន​ស្ដេច យក​ទៅ​ប្រគល់​ឲ្យ​ស្ដេច​ស្រុក​អាស៊ីរី​ជា​ជំនូន។+ ៩ ស្ដេច​អាស៊ីរី​ក៏​ធ្វើ​តាម​សំណូម​ពរ​របស់​អេហាស។ គាត់​ក៏​ទៅ​ច្បាំង​នឹង​ក្រុង​ដាម៉ាស់ ហើយ​ដណ្ដើម​យក​បាន​ក្រុង​នោះ។ គាត់​បាន​និរទេស​បណ្ដា​ជន​ក្នុង​ក្រុង​នោះ​ទៅ​តំបន់​គា។+ នៅ​ពេល​នោះ គាត់​ក៏​បាន​សម្លាប់​រេសិន​ដែរ។+

១០ បន្ទាប់​មក ស្ដេច​អេហាស​បាន​ទៅ​ក្រុង​ដាម៉ាស់ ដើម្បី​ជួប​ធីឡាតភីលីសឺ​ជា​ស្ដេច​ស្រុក​អាស៊ីរី។ នៅ​ទី​នោះ​អេហាស​បាន​ឃើញ​ទី​បូជា​ធំ​មួយ។ ដូច្នេះ គាត់​ក៏​ផ្ញើ​គំរូ​និង​ទ្រង់​ទ្រាយ​នៃ​ទី​បូជា​នោះ​ទៅ​ឲ្យ​យូរ៉ាយ៉ា​ជា​សង្ឃ។+ ១១ យូរ៉ាយ៉ា+ក៏​សង់​ទី​បូជា​មួយ+ តាម​ការ​ណែនាំ​ទាំង​អស់​ដែល​ស្ដេច​អេហាស​បាន​ផ្ញើ​ពី​ក្រុង​ដាម៉ាស់។ យូរ៉ាយ៉ា​បាន​សង់​ទី​បូជា​នោះ​រួច​រាល់ មុន​នឹង​ស្ដេច​អេហាស​ត្រឡប់​ពី​ក្រុង​ដាម៉ាស់​វិញ។ ១២ កាល​ស្ដេច​អេហាស​បាន​មក​ដល់ គាត់​ឃើញ​ទី​បូជា​នោះ ហើយ​ក៏​ចូល​ទៅ​ជូន​គ្រឿង​បូជា​នៅ​លើ​នោះ​ទៅ។+ ១៣ បន្ថែម​ទៅ​ទៀត គាត់​ក៏​ជូន​គ្រឿង​បូជា​ដុត និង​គ្រឿង​បូជា​ពី​ស្រូវ​ឲ្យ​ផ្សែង​ហុយ​ឡើង ព្រម​ជា​មួយ​នឹង​គ្រឿង​បូជា​ជា​ស្រា​ផង​ដែរ។ គាត់​ថែម​ទាំង​បាន​ប្រោះ​ឈាម​នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ទៅ​លើ​ទី​បូជា​នោះ​ផង​ដែរ។ ១៤ រីឯ​ទី​បូជា​ធ្វើ​ពី​ស្ពាន់+ ដែល​ស្ថិត​នៅ​ខាង​មុខ​វិហារ​ព្រះ​យេហូវ៉ា ស្ដេច​ឲ្យ​គេ​លើក​ចេញ​ពី​កន្លែង​ដើម​ដែល​ស្ថិត​នៅ​ចន្លោះ​វិហារ​ព្រះ​យេហូវ៉ា​និង​ទី​បូជា​របស់​គាត់ ហើយ​យក​ទៅ​ដាក់​នៅ​ប៉ែក​ខាង​ជើង​ទី​បូជា​របស់​គាត់​វិញ។ ១៥ ស្ដេច​អេហាស​បាន​បង្គាប់​យូរ៉ាយ៉ា+ជា​សង្ឃ​ថា​៖ ​«​ចូរ​ជូន​គ្រឿង​បូជា​ដុត​នៅ​ពេល​ព្រឹក និង​គ្រឿង​បូជា​ពី​ស្រូវ​នៅ​ពេល​ល្ងាច+ ព្រម​ទាំង​ជូន​គ្រឿង​បូជា​ដុត និង​គ្រឿង​បូជា​ពី​ស្រូវ​របស់​ស្ដេច​លើ​ទី​បូជា​ដ៏​ធំ​នេះ ឲ្យ​ផ្សែង​ហុយ​ឡើង។+ អ្នក​ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​របស់​បណ្ដា​ជន​ទាំង​អស់​ដែរ។ បន្ថែម​ទៅ​ទៀត អ្នក​ត្រូវ​ប្រោះ​ឈាម​នៃ​គ្រឿង​បូជា​ដុត និង​ឈាម​នៃ​គ្រឿង​បូជា​ឯ​ទៀត​ទៅ​លើ​ទី​បូជា​ដ៏​ធំ​នោះ។ ឯ​ទី​បូជា​ធ្វើ​ពី​ស្ពាន់​វិញ ចាំ​ខ្ញុំ​គិត​សិន​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​»។ ១៦ ក្រោយ​ពី​ស្ដាប់​រួច យូរ៉ាយ៉ា​ជា​សង្ឃ​ក៏​ធ្វើ​តាម​បង្គាប់​របស់​ស្ដេច​អេហាស​គ្រប់​ជំពូក។+

១៧ លើស​ពី​នោះ​ទៅ​ទៀត អេហាស​បាន​កាត់​បន្ទះ​ជុំវិញ​រទេះ​ទឹក+ទៅ​ជា​បំណែក​ៗ ហើយ​ដក​ចាន​ក្លាំ​ចេញ​ពី​រទេះ​ទាំង​នោះ។+ គាត់​ក៏​បាន​យក​អាង​ធំ*ចេញ​ពី​លើ​គោ​ស្ពាន់+ ទៅ​ដាក់​នៅ​លើ​កម្រាល​ថ្ម​វិញ។+ ១៨ គាត់​បាន​បំបាត់​ចោល​រោង​សម្រាប់​ប្រើ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ដែល​គេ​បាន​សង់​នៅ​វិហារ និង​បិទ​ច្រក​ចូល​ដែល​ស្ដេច​ធ្វើ​ដំណើរ​ទៅ​វិហារ​ព្រះ​យេហូវ៉ា។ គាត់​ធ្វើ​ដូច្នោះ ដើម្បី​ផ្គាប់​ចិត្ត​ស្ដេច​ស្រុក​អាស៊ីរី។

១៩ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អេហាស​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។+ ២០ ក្រោយ​មក អេហាស​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​ដាវីឌ។ រួច​មក ហេសេគា*+ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

១៧ នៅ​ឆ្នាំ​ទី​១២​ក្នុង​រាជ្យ​អេហាស​ជា​ស្ដេច​ស្រុក​យូដា ហូស៊ា+ជា​កូន​អេឡា​បាន​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល ហើយ​គាត់​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​៩​ឆ្នាំ។ ២ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តែ​មិន​ដល់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ដែល​នៅ​មុន​ៗ​គាត់​ទេ។ ៣ នៅ​គ្រា​នោះ សាលម៉ាននីសឺ​ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​មក​ច្បាំង​នឹង​ហូស៊ា។+ ហូស៊ា​បាន​ចុះ​ចាញ់ ហើយ​សុខ​ចិត្ត​បម្រើ​ស្ដេច​ស្រុក​អាស៊ីរី ថែម​ទាំង​យល់​ព្រម​បង់​សួយ​អាករ​ដល់​គាត់​ទៀត​ផង។+ ៤ ប៉ុន្តែ​ក្រោយ​មក ហូស៊ា​បាន​ក្បត់​នឹង​ស្ដេច​ស្រុក​អាស៊ីរី ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​សូ ជា​ស្ដេច​ស្រុក​អេហ្ស៊ីប+ ហើយ​លែង​បង់​សួយ​អាករ​ដល់​ស្ដេច​ស្រុក​អាស៊ីរី​ទៀត។ ពេល​ស្ដេច​ស្រុក​អាស៊ីរី​ដឹង​អំពី​រឿង​នោះ គាត់​ក៏​ចាប់​ហូស៊ា​ដាក់​ច្រវាក់ យក​ទៅ​ឃុំ​ឃាំង​ក្នុង​គុក។

៥ គ្រា​នោះ ស្ដេច​ស្រុក​អាស៊ីរី​បាន​ចូល​មក​ឈ្លានពាន​ទឹក​ដី​អ៊ីស្រាអែល​ទាំង​មូល ហើយ​ទៅ​ឡោម​ព័ទ្ធ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​បី​ឆ្នាំ។ ៦ នៅ​ឆ្នាំ​ទី​៩​ក្នុង​រាជ្យ​ហូស៊ា ស្ដេច​ស្រុក​អាស៊ីរី​ដណ្ដើម​យក​បាន​ក្រុង​សាម៉ារី។+ បន្ទាប់​មក គាត់​បាន​និរទេស​ជន​ជាតិ​អ៊ីស្រាអែល+ទៅ​ស្រុក​អាស៊ីរី ហើយ​បាន​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ហាឡា និង​តំបន់​ហាបោ​ជិត​ទន្លេ​កូសាន+ រួម​ទាំង​ក្រុង​ផ្សេង​ៗ​របស់​ពួក​មេឌី។+

៧ រឿង​នេះ​បាន​កើត​ឡើង​ដោយ​សារ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​រំដោះ​ពួក​គេ​ចេញ​ពី​កណ្ដាប់​ដៃ​ផារ៉ូ​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប។+ ពួក​គេ​បាន​គោរព​បូជា*ដល់​ព្រះ​ឯ​ទៀត។+ ៨ ពួក​គេ​ក៏បាន​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ប្រជា​ជាតិ​នា​នា ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ពួក​គេ។ បន្ថែម​ទៅ​ទៀត ពួក​គេ​ក៏​ធ្វើ​តាម​ទម្លាប់​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ដែរ។

៩ ជន​ជាតិ​អ៊ីស្រាអែល​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ ពួក​គេ​ចេះ​តែ​ធ្វើ​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​ក្រុង​ទាំង​ឡាយ+ គឺ​ចាប់​ពី​ប៉ម​ចាំ​យាម​រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ។* ១០ ម្យ៉ាង​ទៀត ពួក​គេ​តែង​តែ​បញ្ឈរ​បង្គោល​ថ្ម​និង​បង្គោល​ឈើ​ពិសិដ្ឋ*+ នៅ​លើ​ទី​ទួល​និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី។+ ១១ ឯ​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​វិញ ពួក​គេ​តែង​តែ​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង តាម​ទំនៀម​ទម្លាប់​របស់​ប្រជា​ជាតិ​នា​នា ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ពួក​គេ។+ ពួក​គេ​បាន​ប្រព្រឹត្ត​អ្វី​ដែល​អាក្រក់​ជា​និច្ច ហើយ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​នឹង​ពួក​គេ។

១២ ពួក​គេ​បន្ត​គោរព​បម្រើ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។+ ស្ដី​អំពី​រឿង​នេះ ព្រះ​យេហូវ៉ា​ធ្លាប់​ហាម​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ដូច្នេះ​ឡើយ!​»។+ ១៣ តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ពួក​អ្នក​មើល​ធ្លុះ ព្រះ​យេហូវ៉ា​តែង​តែ​ព្រមាន​បណ្ដា​ជន​អ៊ីស្រាអែល​និង​បណ្ដា​ជន​យូដា+ថា​៖ ​«​ចូរ​លះ​ចោល​ផ្លូវ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទៅ+ ហើយ​ធ្វើ​តាម​បង្គាប់​និង​បញ្ញត្តិ​របស់​ខ្ញុំ គឺ​ច្បាប់​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ច្បាប់​ដែល​ខ្ញុំ​ឲ្យ​ដល់​អ្នក​រាល់​គ្នា តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​»។ ១៤ ប៉ុន្តែ ពួក​គេ​មិន​បាន​ស្ដាប់​លោក​ទេ។ ពួក​គេ​នៅ​តែ​រឹង​ចចេស​ដូច​បុព្វ​បុរស​ពួក​គេ គឺ​ជា​អ្នក​ដែល​មិន​បាន​បង្ហាញ​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន។+ ១៥ ពួក​គេ​មិន​បាន​កាន់​តាម​ច្បាប់​របស់​ព្រះ ហើយ​ក៏​មិន​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង+ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​ពួក​គេ​ដែរ។ ឯ​សេចក្ដី​រំលឹក​របស់​លោក​វិញ ពួក​គេ​មិន​បាន​ធ្វើ​តាម​សោះ។+ ពួក​គេ​ចេះ​តែ​គោរព​បូជា​រូប​ព្រះ​ដែល​ឥត​បាន​ការ+ ហេតុ​នេះ​ពួក​គេ​ក៏​ទៅ​ជា​មនុស្ស​ដែល​ឥត​បាន​ការ​ដែរ។+ ពួក​គេ​ធ្វើ​តាម​ប្រជា​ជាតិ​ដែល​នៅ​ជុំវិញ គឺ​ប្រជា​ជាតិ​ដែល​ព្រះ​យេហូវ៉ា​បាន​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​តាម​ឡើយ។+

១៦ ជន​ជាតិ​អ៊ីស្រាអែល​ចេះ​តែ​លះ​ចោល​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន។ ពួក​គេ​បាន​ធ្វើ​រូប​កូន​គោ​ពីរ​ពី​លោហៈ+ និង​បង្គោល​ឈើ​ពិសិដ្ឋ*+ ថែម​ទាំង​ក្រាប​គោរព​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ+ ហើយ​គោរព​បម្រើ​ព្រះ​បាល​ផង​ដែរ។+ ១៧ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ដុត​កូន​ប្រុស​កូន​ស្រី​ខ្លួន​ជា​គ្រឿង​បូជា+ ហើយ​មើល​ប្រផ្នូល ព្រម​ទាំង​ទស្សន៍​ទាយ​ទៀត​ផង។+ ពួក​គេ​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ប្រព្រឹត្ត​អ្វី​ដែល​អាក្រក់​ជា​និច្ច ហើយ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង។

១៨ ដូច្នេះ ព្រះ​យេហូវ៉ា​ខឹង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ជា​ខ្លាំង។ ម្ល៉ោះ​ហើយ លោក​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​លោក​ទៅ+ ដោយ​មិន​ទុក​ឲ្យ​សល់​កុលសម្ព័ន្ធ​ណា​មួយ​ឡើយ លើក​លែង​តែ​កុលសម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។

១៩ ក្រោយ​មក សូម្បី​តែ​កុលសម្ព័ន្ធ​យូដា​ក៏​មិន​បាន​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន​ដែរ។+ ផ្ទុយ​ទៅ​វិញ ពួក​គេ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​បណ្ដា​ជន​អ៊ីស្រាអែល។+ ២០ ព្រះ​យេហូវ៉ា​ឈប់​ទទួល​ស្គាល់​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់។ លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់​មុខ ដោយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ រហូត​ដល់​ពួក​គេ​បាត់​ចេញ​ពី​មុខ​លោក​ទៅ។ ២១ ព្រះ​យេហូវ៉ា​បាន​ផ្ដាច់​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ពូជ​ពង្ស​របស់​ដាវីឌ។ ពួក​គេ​ក៏​បាន​តែង​តាំង​យេរ៉ូបោម​ជា​កូន​ណេបាត​ឲ្យ​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ពួក​គេ​វិញ។+ ប៉ុន្តែ យេរ៉ូបោម​បាន​នាំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​បែរ​ចេញ​ពី​លោក ព្រម​ទាំង​នាំ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​ទៀត​ផង។ ២២ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​តែង​តែ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម+ ហើយ​ក៏​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង​ទាំង​នោះ​ឡើយ។ ២៣ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​មុខ​លោក ដូច​ដែល​លោក​បាន​មាន​ប្រសាសន៍​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​អ្នក​បម្រើ​លោក។+ ម្ល៉ោះ​ហើយ ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​និរទេស​ទៅ​ទឹក​ដី​អាស៊ីរី+ ហើយ​ពួក​គេ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

២៤ គ្រា​នោះ ស្ដេច​ស្រុក​អាស៊ីរី​បាន​នាំ​ជន​ជាតិ​ដទៃ​ពី​ក្រុង​បាប៊ីឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត និង​ក្រុង​សេផាវែម+ ឲ្យ​ទៅ​រស់​នៅ​តាម​បណ្ដា​ក្រុង​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន​ជាតិ​អ៊ីស្រាអែល​វិញ។ ហេតុ​នេះ ជន​ជាតិ​ដទៃ​ក៏​បាន​រស់​នៅ​ពេញ​ក្នុង​ស្រុក​សាម៉ារី។ ២៥ ពេល​ពួក​គេ​មក​រស់​នៅ​ដំបូង ពួក​គេ​មិន​បាន​កោត​ខ្លាច*ព្រះ​យេហូវ៉ា​ទេ។ ដូច្នេះ ព្រះ​យេហូវ៉ា​ប្រើ​សត្វ​តោ​ឲ្យ​ទៅ​ប្រហារ​ពួក​គេ​អស់​មួយ​ចំនួន​ទៅ។+ ២៦ ក្រោយ​មក មាន​គេ​ទៅ​ជម្រាប​ស្ដេច​ស្រុក​អាស៊ីរី​ថា​៖ ​«​ជន​ជាតិ​ដទៃ​ដែល​លោក​បាន​ឲ្យ​ទៅ​រស់​នៅ​តាម​បណ្ដា​ក្រុង​ក្នុង​ស្រុក​សាម៉ារី​នោះ ពួក​គេ​មិន​ស្គាល់​ទំនៀម​ទម្លាប់​សាសនា និង​ព្រះ​នៃ​ស្រុក​នោះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​នៃ​ស្រុក​នោះ​ប្រើ​សត្វ​តោ​ឲ្យ​ទៅ​ប្រហារ​ពួក​គេ​»។

២៧ លំដាប់​នោះ ស្ដេច​ស្រុក​អាស៊ីរី​ក៏​បញ្ជា​ថា​៖ ​«​ចូរ​បញ្ជូន​សង្ឃ​ម្នាក់​ដែល​អ្នក​បាន​ចាប់​ពី​ទី​នោះ ឲ្យ​ត្រឡប់​ទៅ​វិញ ដើម្បី​ឲ្យ​គាត់​បង្រៀន​អំពី​ទំនៀម​ទម្លាប់​សាសនា និង​ព្រះ​នៃ​ស្រុក​នោះ​»។ ២៨ ដូច្នេះ គេ​ក៏​បញ្ជូន​សង្ឃ​ម្នាក់ ឲ្យត្រឡប់​ទៅរស់​នៅ​ក្នុង​ក្រុង​បេតអែល+នៅ​ស្រុក​សាម៉ារី​វិញ។ សង្ឃ​នោះ​ក៏​ចាប់​ផ្ដើម​បង្រៀន​បណ្ដា​ជន​នៅ​ទី​នោះ​ឲ្យ​ចេះ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។+

២៩ ក៏​ប៉ុន្តែ ជន​ជាតិ​ដទៃ​ទាំង​នោះ​បាន​ធ្វើ​រូប​ព្រះ​សម្រាប់​ពួក​គេ​រៀង​ៗ​ខ្លួន ហើយ​ក៏​យក​ទៅ​តម្កល់​ក្នុង​វិហារ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​ដែល​ពួក​សាម៉ារី​បាន​សង់​ពី​មុន។ ជន​ជាតិ​ទាំង​នោះ​បាន​ធ្វើ​ដូច្នេះ​នៅ​តាម​ក្រុង​នា​នា​ដែល​ពួក​គេ​រស់​នៅ។ ៣០ អ្នក​មក​ពី​ក្រុង​បាប៊ីឡូន​បាន​ធ្វើ​រូប​ព្រះសិកូតបេណូត។ ឯ​អ្នក​មក​ពី​ក្រុង​គូថា​ធ្វើ​រូប​ព្រះ​នើកាល។ ចំណែក​អ្នក​មក​ពី​ក្រុង​ហាម៉ាត+ធ្វើ​រូប​ព្រះ​អាស៊ីម៉ា ៣១ ហើយ​អ្នក​មក​ពី​ក្រុង​អាវ៉ា​ធ្វើ​រូប​ព្រះ​នីបហាស​និង​ថើថាក។ រីឯ​អ្នក​មក​ពី​ក្រុង​សេផាវែម​បាន​ដុត​កូន​របស់​ពួក​គេ ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​អាត្រាម៉ាលេក​និង​ព្រះ​អាណែម៉ាលេក ជា​ព្រះ​របស់​ខ្លួន។+ ៣២ ប៉ុន្តែ ជន​ជាតិ​ទាំង​នោះ​ក៏​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​បាន​តែង​តាំង​បណ្ដា​ជន​ធម្មតា​ឲ្យ​ធ្វើ​ជា​សង្ឃ ហើយ​ឲ្យ​ពួក​គេ​បម្រើ​នៅ​កន្លែង​គោរព​បូជា​លើ​ទី​ខ្ពស់​ពិសិដ្ឋ។+ ៣៣ ថ្វី​ដ្បិត​តែ​ពួក​គេ​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ក៏​ពិត​មែន តែ​ពួក​គេ​នៅ​តែ​គោរព​បូជា​ដល់​ព្រះ​របស់​ពួក​គេ​រៀង​ខ្លួន តាម​ទំនៀម​ទម្លាប់​សាសនា​ដើម​របស់​ពួក​គេ​ដដែល។+

៣៤ ពួក​គេ​នៅ​តែ​កាន់​តាម​ទំនៀម​ទម្លាប់​សាសនា​របស់​ពួក​គេ​រហូត​ដល់​សព្វ​ថ្ងៃ ហើយ​គ្មាន​នរណា​ម្នាក់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឡើយ។ ពួក​គេ​ក៏​មិន​បាន​កាន់​តាម​ច្បាប់ បញ្ញត្តិ និង​ការ​វិនិច្ឆ័យ ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​កូន​ចៅ​យ៉ាកុប​ដែរ។ យ៉ាកុប​ជា​អ្នក​ដែល​ព្រះ​បាន​ឲ្យ​ឈ្មោះ​ថា​អ៊ីស្រាអែល។+ ៣៥ ពេល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល+ លោក​បាន​បង្គាប់​ពួក​គេ​ថា​៖ ​«​អ្នក​មិន​ត្រូវ​កោត​ខ្លាច​ព្រះ​ណា​ទៀត​ឡើយ ហើយ​ក៏​មិន​ត្រូវ​ក្រាប​គោរព​ចំពោះ​ព្រះ​ទាំង​នោះ​ដែរ។ អ្នក​មិន​ត្រូវ​បម្រើ​ឬ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ទាំង​នោះ​ឲ្យ​សោះ។+ ៣៦ ប៉ុន្តែ អ្នក​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​វិញ+ ជា​ព្រះ​ដែល​បាន​សង្គ្រោះ​អ្នក​ពី​ស្រុក​អេហ្ស៊ីប ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា។+ អ្នក​ត្រូវ​ក្រាប​គោរព​និង​ជូន​គ្រឿង​បូជា​ដល់​លោក​តែ​មួយ​ប៉ុណ្ណោះ។ ៣៧ ឯ​ច្បាប់ ការ​វិនិច្ឆ័យ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ឲ្យ​នោះ អ្នក​ត្រូវ​ធ្វើ​តាម​ឲ្យ​បាន​ដិត​ដល់។+ អ្នក​មិន​ត្រូវ​កោត​ខ្លាច​ព្រះ​ណា​ទៀត​ឡើយ។ ៣៨ អ្នក​មិន​ត្រូវ​ភ្លេច​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​អ្នក​ទេ+ ហើយ​អ្នក​មិន​ត្រូវ​កោត​ខ្លាច​ព្រះ​ណា​ទៀត​ឡើយ។ ៣៩ ប៉ុន្តែ អ្នក​ត្រូវ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ ព្រោះ​លោក​ជា​អ្នក​ដែល​នឹង​សង្គ្រោះ​អ្នក​ពី​កណ្ដាប់​ដៃ​ពួក​ខ្មាំង​សត្រូវ​»។

៤០ ពួក​គេ​មិន​បាន​ស្ដាប់​បង្គាប់​លោក​ទេ តែ​បែរ​ជា​កាន់​តាម​ទំនៀម​ទម្លាប់​សាសនា​ពី​មុន​ទៅ​វិញ។+ ៤១ ជន​ជាតិ​ដទៃ​ទាំង​នោះ​ចាប់​ផ្ដើម​កោត​ខ្លាច​ព្រះ​យេហូវ៉ា+ តែ​ពួក​គេ​នៅ​គោរព​បម្រើ​រូប​ព្រះ​របស់​ពួក​គេ​ដដែល។ កូន​ចៅ​របស់​ពួក​គេ​បន្ត​ធ្វើ​តាម​បុព្វ​បុរស​របស់​ខ្លួន ដរាប​ដល់​សព្វ​ថ្ងៃ។

១៨ នៅ​ឆ្នាំ​ទី​៣​ក្នុង​រាជ្យ​ហូស៊ា+ជា​កូន​អេឡា​ស្ដេច​ស្រុក​អ៊ីស្រាអែល ហេសេគា+ជា​កូន​អេហាស+ បាន​គ្រង​រាជ្យ​លើ​ស្រុក​យូដា។ ២ ពេល​នោះ គាត់​មាន​អាយុ​២៥​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​២៩​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​អាប៊ីយ៉ា​ជា​កូន​សាការី។+ ៣ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត+ ដូច​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់​ដែរ។+ ៤ គាត់​ជា​អ្នក​បំបាត់​ចោល​ទី​ខ្ពស់​ពិសិដ្ឋ+ ហើយ​កម្ទេច​បង្គោល​ថ្ម និង​កាប់​បំបាក់​បង្គោល​ឈើ​ពិសិដ្ឋ។*+ មួយ​ទៀត គាត់​ក៏​បំបាក់​បំបែក​រូប​ពស់​ស្ពាន់​ដែល​ម៉ូសេ​បាន​ធ្វើ​ដែរ។+ រហូត​មក​ដល់​គ្រា​នោះ បណ្ដា​ជន​អ៊ីស្រាអែល​បាន​ជូន​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ចំពោះ​រូប​នោះ ហើយ​គេ​ធ្លាប់​ហៅ​រូប​នោះ​ថា​នេហ៊ូសេថាន់។ ៥ គាត់​បាន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា+ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​គ្មាន​ស្ដេច​យូដា​ណា​ដូច​គាត់​ឡើយ ទោះ​ជា​មុន​ឬ​ក្រោយ​គាត់​ក្ដី។ ៦ គាត់​បាន​កាន់​តាម​ព្រះ​យេហូវ៉ា​ជា​និច្ច+ ឥត​បែរ​ចេញ​ពី​លោក​ឡើយ។ គាត់​តែង​តែ​កាន់​តាម​អស់​ទាំង​បញ្ញត្តិ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​ម៉ូសេ។ ៧ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​គាត់។ ឯ​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​គាត់​សុទ្ធតែ​ប្រកប​ដោយ​ប្រាជ្ញា។ ម្យ៉ាង​ទៀត ហេសេគា​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​អាស៊ីរី ហើយ​មិន​ព្រម​បម្រើ​ស្ដេច​នោះ​ទេ។+ ៨ គាត់​ថែម​ទាំង​បាន​វាយ​ឈ្នះ​ពួក​ភីលីស្ទីន+ រហូត​ដល់​ក្រុង​កាសា​និង​តំបន់​ជុំវិញ គឺ​ចាប់​ពី​ប៉ម​ចាំ​យាម​រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ។*

៩ នៅ​ឆ្នាំ​ទី​៤​ក្នុង​រាជ្យ​ហេសេគា ត្រូវ​នឹង​ឆ្នាំ​ទី​៧​នៃ​រាជ្យ​ហូស៊ា+ជា​កូន​អេឡា​ស្ដេច​ស្រុក​អ៊ីស្រាអែល សាលម៉ាននីសឺ​ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​ឡើង​ទៅ​ឡោម​ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី។+ ១០ លុះ​បី​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​ទី​៦​ក្នុង​រាជ្យ​ហេសេគា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​៩​នៃ​រាជ្យ​ហូស៊ា​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ពួក​អាស៊ីរី​ដណ្ដើម​យក​បាន​ក្រុង​សាម៉ារី។+ ១១ រួច​មក ស្ដេច​ស្រុក​អាស៊ីរី​បាន​និរទេស​ជន​ជាតិ​អ៊ីស្រាអែល+ទៅ​ស្រុក​អាស៊ីរី ហើយ​បាន​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ហាឡា និង​តំបន់​ហាបោ​ជិត​ទន្លេ​កូសាន រួម​ទាំង​ក្នុង​បណ្ដា​ក្រុង​របស់​ពួក​មេឌី។+ ១២ នេះ​គឺ​ដោយ​សារ​ពួក​គេ​មិន​បាន​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ។ ពួក​គេ​តែង​តែ​បំពាន​កិច្ច​ព្រម​ព្រៀង​របស់​លោក ដោយ​មិន​ធ្វើ​តាម​បង្គាប់​របស់​ម៉ូសេ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា។+ ពួក​គេ​មិន​បាន​ស្ដាប់​ឬ​ធ្វើ​តាម​ឡើយ។

១៣ នៅ​ឆ្នាំ​ទី​១៤​នៃ​រាជ្យ​ហេសេគា សានហេរីប​ស្ដេច​ស្រុក​អាស៊ីរី+ឡើង​ទៅ​ច្បាំង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​អស់​ដែល​មាន​កំពែង​រឹង​មាំ ក្នុង​ស្រុក​យូដា។+ ១៤ ដូច្នេះ ហេសេគា​ជា​ស្ដេច​ស្រុក​យូដា​បាន​ផ្ញើ​សារ​ទៅ​ស្ដេច​ស្រុក​អាស៊ីរី​នៅ​ក្រុង​ឡាគីស​ថា​៖ ​«​ខ្ញុំ​ធ្វើ​ខុស​ហើយ។ សូម​ដក​ថយ​ចេញ​ពី​ខ្ញុំ​ទៅ។ អ្វី​ដែល​លោក​ចង់​បាន ខ្ញុំ​ព្រម​ឲ្យ​»។ ស្ដេច​ស្រុក​អាស៊ីរី​ក៏​បង្គាប់​ស្ដេច​ហេសេគា ឲ្យ​បង់​ប្រាក់​៣០០​ថាលិន* និង​មាស​៣០​ថាលិន។ ១៥ ហេតុ​នេះ ហេសេគា​ក៏​ប្រមូល​ប្រាក់​ទាំង​អស់​ពី​ក្នុង​វិហារ​ព្រះ​យេហូវ៉ា និង​ពី​ក្នុង​ឃ្លាំង​វិមាន​ស្ដេច។+ ១៦ ហេសេគា​ក៏​បាន​ដក​យក*ទ្វារ​និង​បង្គោល​ទ្វារ​ពី​វិហារ+ព្រះ​យេហូវ៉ា ដែល​គាត់​បាន​ស្រោប​ដោយ​មាស+ យក​ទៅ​ប្រគល់​ឲ្យ​ស្ដេច​ស្រុក​អាស៊ីរី។

១៧ បន្ទាប់​មក ស្ដេច​ស្រុក​អាស៊ីរី​ក៏​បាន​ចាត់​ថើថាន* រ៉ាបសារី* និង​រ៉ាបសាកេ* ឲ្យ​នាំ​ទ័ព​យ៉ាង​ច្រើន​ពី​ក្រុង​ឡាគីស+ ទៅ​ជួប​ស្ដេច​ហេសេគា​នៅ​ក្រុង​យេរូសាឡិម។+ ពេល​ទៅ​ដល់ ពួក​គេ​ឈរ​នៅ​ក្បែរ​ប្រឡាយ​ចេញ​ពី​អាង​ទឹក​ខាង​លើ ដែល​នៅ​តាម​ផ្លូវ​ទៅ​វាល​អ្នក​បោក​គក់។+ ១៨ រួច​មក ពួក​គេ​បាន​ស្រែក​ហៅ​ឲ្យ​ស្ដេច​ចេញ​មក។ ខណៈ​នោះ មន្ត្រី​បី​នាក់​បាន​ចេញ​មក​ជួប​ពួក​គេ គឺ​អេលាគីម+ជា​កូន​ហ៊ីលគីយ៉ា​ដែល​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច សេបណា+ជា​លេខាធិការ និង​យ៉ូអា​ជា​កូន​អេសាភ​ជា​អ្នក​កត់​ត្រា។

១៩ ដូច្នេះ រ៉ាបសាកេ​ក៏​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​ហេសេគា​ថា​៖ ‹ស្ដេច​ស្រុក​អាស៊ីរី​ជា​ស្ដេច​ដ៏​ខ្លាំង​ក្លា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​តើ​អ្នក​ឯង​អាង​លើ​អ្វី?+ ២០ អ្នក​ឯង​និយាយ​ថា​៖ ‹ខ្ញុំ​មាន​យុទ្ធសាស្ត្រ​និង​កម្លាំង​ទ័ព​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ចម្បាំង›។ ប៉ុន្តែ ពាក្យ​ទាំង​នេះ​សុទ្ធតែ​ឥត​បាន​ការ​ទេ។ តើ​អ្នក​ឯង​ទុក​ចិត្ត​លើ​អ្នក​ណា បាន​ជា​ហ៊ាន​បះ​បោរ​ប្រឆាំង​ដូច្នេះ?+ ២១ តើ​អ្នក​ឯង​ទុក​ចិត្ត​លើ​ស្រុក​អេហ្ស៊ីប​ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​បាក់​ឬ?+ អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប គឺ​ដូច​ជា​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ ដែល​នាំ​ឲ្យ​ធ្លុះ​ដៃ​ប៉ុណ្ណោះ។ ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប​គឺ​ដូច​នេះ​ឯង​ដល់​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​គាត់។ ២២ បើ​អ្នក​រាល់​គ្នា​និយាយ​មក​កាន់​ខ្ញុំ​ថា​៖ ‹យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង›+ តើ​ឲ្យ​ទុក​ចិត្ត​ម្ដេច​បាន? ព្រោះ​ហេសេគា​បាន​បំផ្លាញ​ទី​បូជា​និង​ទី​ខ្ពស់​ពិសិដ្ឋ​របស់​ព្រះ+ រួច​និយាយ​ទៅ​កាន់​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​មក​ក្រាប​គោរព​នៅ​ចំពោះ​ទី​បូជា​នេះ នៅ​ក្រុង​យេរូសាឡិម​វិញ›​»​›។+ ២៣ ឥឡូវ​សាកល្បង​ភ្នាល់​នឹង​ស្ដេច​ស្រុក​អាស៊ីរី​ជា​ម្ចាស់​របស់​ខ្ញុំ​មើល ខ្ញុំ​នឹង​ឲ្យ​សេះ​២.០០០​ក្បាល​ដល់​អ្នក​ឯង ចាំ​មើល​ថា​អ្នក​ឯង​អាច​រក​អ្នក​ជិះ​បាន​ឬ​យ៉ាង​ណា។+ ២៤ ទោះ​ជា​អ្នក​ឯង​ពឹង​ទ័ព​សេះ​និង​ទ័ព​រទេះ​ចម្បាំង​របស់​ពួក​អេហ្ស៊ីប​ក្ដី តើ​អ្នក​ឯង​អាច​ច្បាំង​ឈ្នះ​អភិបាល​តូច​តាច​បំផុត​របស់​ម្ចាស់​ខ្ញុំ​បាន​ទេ? ២៥ គឺ​ព្រះ​យេហូវ៉ា​ទេ​តើ ដែល​បាន​បង្គាប់​ខ្ញុំ​ឲ្យ​មក​ច្បាំង​បំផ្លាញ​ក្រុង​នេះ។ ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា​៖ ‹ចូរ​ឡើង​ទៅ​ច្បាំង​ហើយ​បំផ្លាញ​ក្រុង​នោះ​ចោល​ទៅ›​»។

២៦ ខណៈ​នោះ អេលាគីម​ជា​កូន​ហ៊ីលគីយ៉ា សេបណា+ និង​យ៉ូអា ក៏​និយាយ​ទៅ​កាន់​រ៉ាបសាកេ+ថា​៖ ​«​សូម​លោក​និយាយ​មក​កាន់​យើង​ខ្ញុំ​ជា​ភាសា​អេរ៉ាម*ចុះ+ ព្រោះ​យើង​ខ្ញុំ​អាច​យល់​បាន។ សូម​កុំ​និយាយ​ជា​ភាសា​របស់​ពួក​យើង*អី ក្រែង​បណ្ដា​ជន​នៅ​លើ​កំពែង​ក្រុង​ស្ដាប់​បាន​»។+ ២៧ ប៉ុន្តែ រ៉ាបសាកេ​តប​ទៅ​វិញ​ថា​៖ ​«​តើ​ម្ចាស់​ខ្ញុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​តែ​ជា​មួយ​នឹង​ម្ចាស់​ឯង​និង​ពួក​ឯង​ប៉ុណ្ណោះ​ឬ? គឺ​ឲ្យ​ពួក​អ្នក​នៅ​លើ​កំពែង​ក្រុង​ស្ដាប់​ឮ​ដែរ​ទេ​តើ។ ពួក​គេ​ក៏​នឹង​ស៊ី​លាមក ហើយ​ផឹក​ទឹក​នោម​របស់​ខ្លួន​ជា​មួយ​នឹង​ពួក​ឯង​ដែរ​»។

២៨ បន្ទាប់​មក រ៉ាបសាកេ​ក៏​ឈរ​បន្លឺ​សំឡេង​ខ្លាំង​ៗ​ជា​ភាសា​របស់​ជន​ជាតិ​យូដា​ថា​៖ ​«​ចូរ​ស្ដាប់​ប្រសាសន៍​របស់​ស្ដេច​ស្រុក​អាស៊ីរី​ជា​ស្ដេច​ដ៏​ខ្លាំង​ក្លា។+ ២៩ លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹កុំ​ចាញ់​បញ្ឆោត​របស់​ហេសេគា​ឲ្យ​សោះ ព្រោះ​គាត់​មិន​អាច​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​ខ្ញុំ​បាន​ឡើយ។+ ៣០ កុំ​ជឿ​តាម​ហេសេគា ទៅ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ដោយ​សារ​តែ​គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ច្បាស់​ជា​សង្គ្រោះ​យើង​មិន​ខាន ហើយ​ក្រុង​នេះ​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី​នោះ​ទេ​»។+ ៣១ កុំ​ស្ដាប់​ហេសេគា​ឲ្យ​សោះ ព្រោះ​ស្ដេច​ស្រុក​អាស៊ីរី​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ចូរ​ព្រម​ចុះ​ចូល​នឹង​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំង​បាយ​ជូរ​និង​ផ្លែ​ល្វា​ពី​ចម្ការ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​នឹង​ផឹក​ទឹក​ពី​អណ្ដូង​របស់​ខ្លួន ៣២ រហូត​ដល់​ខ្ញុំ​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​ស្រុក​មួយ​ដូច​ស្រុក​អ្នក​រាល់​គ្នា​ដែរ+ គឺ​ស្រុក​ដែល​ពោរ​ពេញ​ទៅ​ដោយ​ស្រូវ ស្រា​ថ្មី* នំ​ប៉័ង និង​ចម្ការ​ទំពាំងបាយជូរ ផ្លែអូលីវ និង​ទឹក​ឃ្មុំ។ អ្នក​រាល់​គ្នា​អាច​រស់​រាន ឥត​ស្លាប់​ឡើយ។ កុំ​ស្ដាប់​ហេសេគា​ឲ្យ​សោះ ព្រោះ​គាត់​បញ្ឆោត​អ្នក​រាល់​គ្នា​ទេ ដោយ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ានឹងសង្គ្រោះ​យើង​រាល់​គ្នា›។ ៣៣ ក្នុង​ចំណោម​ព្រះ​របស់​ប្រជា​ជាតិ​ទាំង​ឡាយ គ្មាន​ព្រះ​ណា​អាច​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី​បាន​ទេ។ ៣៤ សូម្បី​តែ​ព្រះ​នៃ​ក្រុង​ហាម៉ាត+និង​ក្រុង​អើផាត ព្រះ​នៃ​ក្រុង​សេផាវែម+ ក្រុង​ហេណា​និង​ក្រុង​អ៊ីវ៉ា ក៏​មិន​អាច​សង្គ្រោះ​ស្រុក​សាម៉ារី​ពី​កណ្ដាប់​ដៃ​របស់​ខ្ញុំ​បាន​ដែរ។+ ៣៥ បើ​បណ្ដា​ព្រះ​ទាំង​នោះ​មិន​អាច​សង្គ្រោះ​ទឹក​ដី​របស់​ពួក​គេ​ពី​កណ្ដាប់​ដៃ​ខ្ញុំ​បាន​ទៅ​ហើយ ចុះ​ទម្រាំ​ព្រះ​យេហូវ៉ា តើ​នឹង​អាច​សង្គ្រោះ​ក្រុង​យេរូសាឡិម​ពី​កណ្ដាប់​ដៃ​ខ្ញុំ​ម្ដេច​បាន?​»​›​»។+

៣៦ ប៉ុន្តែ បណ្ដា​ជន​បាន​នៅ​ស្ងៀម មិន​និយាយ​អ្វី​សោះ ព្រោះ​ស្ដេច​បាន​បង្គាប់​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​តប​ឆ្លើយ​ឡើយ​»។+ ៣៧ ឯ​អេលាគីម​ជា​កូន​ហ៊ីលគីយ៉ា​ដែល​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច សេបណា​ជា​លេខាធិការ និង​យ៉ូអា​ជា​កូន​អេសាភ​ជា​អ្នក​កត់​ត្រា បាន​ចូល​ទៅ​ជួប​ហេសេគា ទាំង​អាវ​រហែក ហើយ​ជម្រាប​គាត់​តាម​ពាក្យ​សម្ដី​ទាំង​អស់​របស់​រ៉ាបសាកេ។

១៩ ក្រោយ​ពី​ស្ដេច​ហេសេគា​បាន​ឮ​ដំណឹង​នោះ​ភ្លាម គាត់​ក៏​ចាប់​ហែក​អាវ ហើយ​ស្លៀក​បាវ រួច​ចូល​ទៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា។+ ២ បន្ទាប់​មក គាត់​បង្គាប់​អេលាគីម​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច សេបណា​ជា​លេខាធិការ និង​ពួក​បុរស​ចាស់​ទុំ​ពី​ចំណោម​ពួក​សង្ឃ ឲ្យ​ស្លៀក​បាវ ហើយ​ឲ្យ​ទៅ​ជួប​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ+ ដែល​ត្រូវ​ជា​កូន​អាម៉ុស។ ៣ ពួក​គេ​បាន​ប្រាប់​អេសាយ​ថា​៖ ​«​ស្ដេច​ហេសេគា​បាន​និយាយ​ដូច្នេះ​ថា​៖ ‹ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ទុក្ខ ជា​ថ្ងៃ​រង​ការ​អាម៉ាស់ និង​ត្រូវ​គេ​មើល​ងាយ គឺ​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​ហៀបនឹង​សម្រាល​កូន តែ​គ្មាន​កម្លាំង​នឹង​សម្រាល​ទេ។+ ៤ ស្ដេច​ស្រុក​អាស៊ីរី​បាន​ចាត់​រ៉ាបសាកេ​ឲ្យ​មក​ចំអក​មើល​ងាយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ។+ ប្រហែល​ជា​ព្រះ​យេហូវ៉ា​នឹង​ឮ​ពាក្យ​ប្រមាថ​មើល​ងាយ​ទាំង​នោះ ហើយ​លោក​នឹង​ដាក់​ទោស​គាត់។ ដូច្នេះ សូម​ជួយ​អធិដ្ឋាន+ឲ្យ​យើង​ទាំង​អស់​គ្នា​ដែល​នៅ​សល់​ក្នុង​ក្រុង​នេះ​ផង›​»។

៥ ដូច្នេះ ពួក​អ្នក​បម្រើ​របស់​ស្ដេច​ហេសេគា​ក៏​បាន​ចូល​ទៅ​ជួប​អេសាយ ដើម្បី​ជម្រាប​ពាក្យ​ទាំង​នោះ។+ ៦ ក្រោយ​ពី​អេសាយ​ស្ដាប់​រួច គាត់​ក៏​ប្រាប់​ពួក​គេ​ថា​៖ ​«​សូម​ទៅ​ជម្រាប​ម្ចាស់​របស់​អ្នក​វិញ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​កុំ​ខ្លាច+ដោយ​សារ​ពាក្យ​ដែល​អ្នក​បាន​ឮ​ឡើយ គឺ​ជា​ពាក្យ​ដែល​ពួក​អ្នក​បម្រើ​ស្ដេច​ស្រុក​អាស៊ីរី​បាន​ប្រមាថ​មើល​ងាយ​ខ្ញុំ។+ ៧ ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​ចិត្ត​គាត់​ធ្វើ​តាម​គំនិត​ខ្ញុំ។ គាត់​នឹង​ឮ​ដំណឹង​មួយ ហើយ​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គាត់​ស្លាប់​នៅ​ក្នុង​ស្រុក​របស់​គាត់​»​›​»។+

៨ ក្រោយ​មក រ៉ាបសាកេ​បាន​ឮ​ដំណឹង​ថា​ស្ដេច​ស្រុក​អាស៊ីរី​បាន​ដក​ថយ​ចេញ​ពី​ក្រុង​ឡាគីស។+ គាត់​ក៏​ត្រឡប់​ទៅ​ជួប​ស្ដេច​របស់​គាត់​វិញ ហើយ​ឃើញ​ស្ដេច​កំពុង​ច្បាំង​នឹង​ក្រុង​លិបណា។+ ៩ លំដាប់​នោះ មាន​គេ​នាំ​ដំណឹង​មក​ប្រាប់​ស្ដេច​ស្រុក​អាស៊ីរី​ថា​៖ ​«​ទៀហាកា​ជា​ស្ដេច​ស្រុក​អេត្យូពី​បាន​មក​ច្បាំង​នឹង​លោក​ហើយ​»។ ដូច្នេះ គាត់​ក៏​ចាត់​ពួក​អ្នក​នាំ​សារ+ឲ្យ​ទៅ​ជួប​ហេសេគា​ម្ដង​ទៀត ហើយ​ប្រាប់​គាត់​ថា​៖ ១០ ​«​អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា​ថា​៖ ‹កុំ​ឲ្យ​ព្រះ​របស់​អ្នក ដែល​អ្នក​ទុក​ចិត្ត បញ្ឆោត​អ្នក ដោយ​ធានា​ថា​៖ ​«​ក្រុង​យេរូសាឡិម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី​ឡើយ​»។+ ១១ មើល! អ្នក​បាន​ដឹង​ថា​បណ្ដា​ស្ដេច​ស្រុក​អាស៊ីរី​បាន​បំផ្លាញ​ស្រុក​ទាំង​ប៉ុន្មាន​រួច​ទៅ​ហើយ។+ តើ​អ្នក​ស្មានថា​អ្នក​នឹង​រួច​ខ្លួន​ឬ? ១២ ឯ​ប្រជា​ជាតិ​នា​នា​ដែល​បុព្វ​បុរស​ខ្ញុំ​បាន​បំផ្លាញ​ចោល​នោះ តើ​ព្រះ​របស់​ពួក​គេ​អាច​សង្គ្រោះ​ពួក​គេ​បាន​ឬ? ចុះ​ពួក​កូសាន ពួក​ហារ៉ាន+ និង​ពួក​រេសែភ តើ​ឥឡូវ​នៅ​ឯ​ណា? ឯ​ពួក​អេដែន​ដែល​រស់​នៅ​តំបន់​ថេលអាសសា​វិញ តើ​ពួក​គេ​នៅ​ឯ​ណា? ១៣ តើ​ស្ដេច​នៃ​ក្រុង​ហាម៉ាត ក្រុង​អើផាត និង​ក្រុង​សេផាវែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា នៅ​ឯ​ណា?›​»។+

១៤ ហេសេគា​ក៏​ទទួល​សំបុត្រ​ពី​ដៃ​របស់​ពួក​អ្នក​នាំ​សារ រួច​យក​មក​អាន។ រួច​មក ហេសេគា​បាន​ឡើង​ទៅ​វិហារ​ព្រះ​យេហូវ៉ា ហើយ​លា​សំបុត្រ​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ១៥ បន្ទាប់​មក ហេសេគា​ក៏​អធិដ្ឋាន+នៅ​មុខ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ លោក​ជា​ព្រះ​ដែល​អង្គុយ​លើ​បល្ល័ង្ក​លើ*បណ្ដា​ចេរូប៊ីន+ គឺ​លោក​តែ​មួយ​ប៉ុណ្ណោះ ជា​ព្រះ​ពិត​លើ​រាជាណាចក្រ​ទាំង​អស់​នៅ​ផែនដី។+ លោក​បាន​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី។ ១៦ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​មើល​ផង។+ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ផង។+ សូម​ស្ដាប់​ពាក្យ​ប្រមាថ​របស់​សានហេរីប ជា​ពាក្យ​មើល​ងាយ​ដល់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ។ ១៧ ឱ​ព្រះ​យេហូវ៉ា​អើយ! បណ្ដា​ស្ដេច​ស្រុក​អាស៊ីរី​ពិត​ជា​បាន​បំផ្លាញ​ប្រជាជាតិ​នា​នា​និង​ទឹក​ដី​របស់​ពួក​គេ​មែន។+ ១៨ ពួក​គេ​ក៏​បាន​ដុត​បំផ្លាញ​ព្រះ​របស់​ប្រជាជាតិ​ទាំង​នោះ​ដែរ ព្រោះ​ព្រះ​ទាំង​នោះ គឺ​ធ្វើ​ពី​ឈើ​ពី​ថ្ម ជា​ស្នា​ដៃ​របស់​មនុស្ស+ មិន​មែន​ជា​ព្រះ​ពិត​ទេ។+ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​អាច​បំផ្លាញ​ចោល​បាន។ ១៩ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ពី​កណ្ដាប់​ដៃ​របស់​សានហេរីប​ផង ដើម្បី​ឲ្យ​គ្រប់​ប្រជា​ជាតិ​នៅ​ផែនដី​បាន​ដឹង​ថា​មាន​តែ​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ ជា​ព្រះ​ពិត​»។+

២០ បន្ទាប់​មក អេសាយ​ជា​កូន​អាម៉ុស​បាន​ឲ្យ​គេ​នាំ​ពាក្យ​ទៅ​ប្រាប់​ហេសេគា​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក+អំពី​សានហេរីប​ជា​ស្ដេច​ស្រុក​អាស៊ីរី​ហើយ។+ ២១ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទាស់​នឹង​សានហេរីប​ថា​៖

​«​កូន​ក្រមុំ​បរិសុទ្ធ​នៃ​ស៊ីយ៉ូន*ស្អប់ខ្ពើម​អ្នក ហើយ​ប្រមាថ​មើល​ងាយ​អ្នក។

ឯ​កូន​ស្រី​ក្រុង​យេរូសាឡិម​ក៏​គ្រវី​ក្បាល​ចំអក​ឲ្យ​អ្នក​ដែរ។

២២ តើ​អ្នក​បាន​ប្រមាថ​មើល​ងាយ​អ្នក​ណា?+

តើ​អ្នក​បាន​ដំឡើង​សំឡេង​ដាក់​អ្នក​ណា?+

តើ​អ្នក​កំពុង​ក្រអឺត​ដាក់​អ្នក​ណា?

អ្នក​កំពុង​ប្រឆាំង​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​ហើយ!+

២៣ អ្នក​បាន​ចាត់​ពួក​អ្នក​នាំ​សារ+ឲ្យ​មក​ចំអក​មើល​ងាយ​ព្រះ​យេហូវ៉ា+ ហើយ​ក៏​និយាយ​ថា​៖

‹ដោយ​សារ​មាន​រទេះ​ចម្បាំង​ដ៏​ច្រើន

ខ្ញុំ​នឹង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​នា​នា

ខ្ញុំ​នឹង​ចូល​ព្រៃ​ជ្រៅ​នៃ​តំបន់​ភ្នំ​លីបង់។

ខ្ញុំ​នឹង​កាប់​រំលំ​ដើម​ស៊ីដារ​ខ្ពស់​ៗ​និង​ដើម​យូនីពើ​ប្រណីត​ៗ។

ខ្ញុំ​នឹង​ចូល​ជ្រៅ​បំផុត​ក្នុង​ព្រៃ​ឧទ្យាន​ដ៏​ស្រស់បំព្រង។

២៤ ខ្ញុំ​នឹង​ជីក​អណ្ដូង​នៅ​ស្រុក​ដទៃ ហើយ​ផឹក​ទឹក​នៅ​ទី​នោះ

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ផ្លូវ​ទឹក​ទាំង​អស់*នៅ​ស្រុក​អេហ្ស៊ីប​រីង​ស្ងួត​ទៅ​ដោយ​បាត​ជើង​របស់​ខ្ញុំ›។

២៥ តើ​អ្នក​មិន​បាន​ឮ​ទេ​ឬ? តាំង​ពី​យូរ​លង់​មក​ហើយ ខ្ញុំ​បាន​កំណត់​ទុក។+

តាំង​ពី​យូរ​មក​ហើយ ខ្ញុំ​បាន​ត្រៀម​ទុក។+

ឥឡូវ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រឿង​នោះ​កើត​ឡើង។+

អ្នក​នឹង​បំផ្លាញ​បណ្ដា​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ​ឲ្យ​ទៅ​ជា​គំនរ​បាក់​បែក។+

២៦ អ្នក​ក្រុង​ទាំង​នោះ​នឹង​គ្មាន​កម្លាំង​ត​ទល់​ទេ

ពួក​គេ​នឹង​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខ។

ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ស្មៅ​នៅ​ឯ​វាល ឬ​រុក្ខជាតិ​នៅ​តាម​ចម្ការ+

ហើយ​ប្រៀប​ដូច​ជា​ស្មៅ​នៅ​លើ​ដំបូល​ដែល​ក្រៀម​ស្វិត​ទៅ​ដោយ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត។

២៧ ចំណែក​អ្នក​វិញ ខ្ញុំ​ដឹង​គ្រប់​សកម្មភាព​របស់​អ្នក ទាំង​ពេល​អង្គុយ​ទាំង​ពេល​ចេញ​ទៅ ទាំង​ពេល​មក​វិញ។+

ខ្ញុំ​ក៏​ដឹង​ដែរ​ពេល​ណា​អ្នក​ខឹង​នឹង​ខ្ញុំ។+

២៨ ខ្ញុំ​បាន​ឮ​សម្រែក​កំហឹង​របស់​អ្នក​ហើយ+

ដូច្នេះ ខ្ញុំ​នឹង​ដាក់​កន្លុះ​នៅ​ច្រមុះ​អ្នក ព្រម​ទាំង​ដាក់​បង្ហៀរ+នៅ​មាត់​អ្នក

ហើយ​ខ្ញុំ​នឹង​ដឹក​អ្នក​ត្រឡប់​ទៅ​តាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក​»។+

២៩ ​«​‹នេះ​ជា​សញ្ញា​សម្គាល់​សម្រាប់​អ្នក* គឺ​នៅ​ឆ្នាំ​នេះ​អ្នក​នឹង​បរិភោគ​ផល​ដែល​ដុះ​ឯកឯង ហើយ​នៅ​ឆ្នាំ​បន្ទាប់​អ្នក​ក៏​នឹង​បរិភោគ​ស្រូវ​ដែល​ដុះ​ឯង​ដែរ។+ ប៉ុន្តែ នៅ​ឆ្នាំ​ទី​៣​អ្នក​នឹង​សាប​ព្រោះ ហើយ​ប្រមូល​ផល ព្រម​ទាំង​ដាំ​ដើម​ទំពាំង​បាយ​ជូរ ហើយ​បរិភោគ​ផល​ដែរ។+ ៣០ ចំណែក​ឯ​ពូជ​ពង្ស​យូដា​ដែល​រួច​ជីវិត​និង​នៅ​សេស​សល់+ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ចាក់​ឫស​ជ្រៅ ហើយ​បង្កើត​ផល។ ៣១ ព្រោះ​អ្នក​ដែល​នៅ​សេស​សល់ ពួក​គេ​នឹង​ចេញ​មក​ពី​ក្រុង​យេរូសាឡិម ហើយ​អ្នក​ដែល​រួច​ជីវិត​នឹង​ចេញ​ពី​ភ្នំ​ស៊ីយ៉ូន​មក។ ដោយ​ចិត្ត​ខ្នះ​ខ្នែង ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​នៅ​ស្ថាន​សួគ៌ នឹង​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង​មែន។+

៣២ ​«​‹ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អំពី​ស្ដេច​ស្រុក​អាស៊ីរី​ថា​៖+

​«​គាត់​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ទេ+

ហើយ​ក៏​មិន​បាញ់​ព្រួញ​ចូល​មក​ដែរ។

គាត់​នឹង​មិន​ប្រើ​ខែល

ឬ​លើក​ដី​ឡើង​កំពែង​ដើម្បី​ចូល​មក​វាយលុក​ក្រុង​នេះ​ឡើយ។+

៣៣ គាត់​នឹង​ត្រឡប់​ទៅ​វិញ​តាម​ផ្លូវ​ដែល​គាត់​មក

គាត់​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ទេ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

៣៤ ​«​ខ្ញុំ​នឹង​ការពារ​ហើយ​សង្គ្រោះ​ក្រុង​នេះ+ដោយ​យល់​ដល់​នាម​របស់​ខ្ញុំ+

ហើយ​ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​»​›​»។+

៣៥ នៅ​យប់​នោះ ទេវតា​មួយ​រូប​របស់​ព្រះ​យេហូវ៉ា​បាន​ចេញ​ទៅ​សម្លាប់​ទ័ព​អាស៊ីរី​ក្នុង​ជំរំ​អស់​ចំនួន​១៨៥.០០០​នាក់។+ លុះ​ព្រលឹម​ឡើង គេ​ឃើញ​មាន​សុទ្ធតែ​សាក​សព​ទាំង​អស់។+ ៣៦ ដូច្នេះ សានហេរីប​ជា​ស្ដេច​ស្រុក​អាស៊ីរី​ក៏​ត្រឡប់​ទៅ​ក្រុង​នីនីវេ​វិញ។+ ៣៧ នៅ​ថ្ងៃ​មួយ កាល​គាត់​កំពុង​ក្រាប​គោរព​ព្រះ​នីសរ៉ូក​ក្នុង​វិហារ កូន​របស់​គាត់​ឈ្មោះ​អាត្រាម៉ាលេក​និង​សារេសឺ បាន​នាំ​គ្នា​សម្លាប់​គាត់​ទៅ។+ រួច​មក ពួក​គេ​បាន​រត់​គេច​ទៅ​ទឹក​ដី​អារ៉ារ៉ាត។+ ក្រោយ​មក អេសាហាដិន+ជា​កូន​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

២០ នៅ​គ្រា​នោះ ហេសេគា​បាន​ធ្លាក់​ខ្លួន​ឈឺ​ហៀបនឹង​ស្លាប់។+ អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ ត្រូវ​ជា​កូន​អាម៉ុស​បាន​មក​ជួប​គាត់ ហើយ​ប្រាប់​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ផ្ដាំ​ផ្ញើ​ពួក​អ្នក​ផ្ទះ​អ្នក​ចុះ ព្រោះ​អ្នក​នឹង​មិន​ជា​ទេ អ្នក​នឹង​ស្លាប់​ជា​មិន​ខាន›​»។+ ២ ឮ​ដូច្នេះ ហេសេគា​បាន​បែរ​មុខ​ទៅ​ជញ្ជាំង ហើយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ៣ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ខ្ញុំ​សូម​អង្វរ​លោក សូម​លោក​ចាំ​ពី​ការ​ដែល​ខ្ញុំ​បាន​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់​និង​យ៉ាង​អស់​ពី​ចិត្ត ហើយ​ខ្ញុំ​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​លោក​ពេញ​ចិត្ត​ជា​និច្ច​»។+ រួច​ហេសេគា​បាន​យំ​យ៉ាង​ខ្លាំង។

៤ កាល​អេសាយ​ចេញ​ទៅ​មិន​ទាន់​ដល់​ទី​ធ្លា​កណ្ដាល​ផង ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​គាត់​ថា​៖+ ៥ ​«​ចូរ​ត្រឡប់​ទៅ​ប្រាប់​ហេសេគា​ជា​អ្នក​ដឹក​នាំ​រាស្ត្រ​របស់​ខ្ញុំ​ថា​៖ ‹ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​អ្នក បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ហើយ ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។+ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ។+ នៅ​ថ្ងៃ​ទី​៣ អ្នក​នឹង​ឡើង​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ៦ ខ្ញុំ​នឹង​បន្ថែម​អាយុ​អ្នក​១៥​ឆ្នាំ​ទៀត ហើយ​ខ្ញុំ​នឹង​សង្គ្រោះ​អ្នក​និង​ក្រុង​នេះ​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី។+ ខ្ញុំ​នឹង​ការពារ​ក្រុង​នេះ​ដោយ​យល់​ដល់​នាម​ខ្ញុំ និង​ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​»​›​»។+

៧ បន្ទាប់​មក អេសាយ​បាន​និយាយ​ថា​៖ ​«​ចូរ​យក​នំ​ល្វា​ក្រៀម​មួយ​មក​»។ ដូច្នេះ គេ​ក៏​យក​មក រួច​បិទ​លើ​ដំបៅ​របស់​ហេសេគា។ គាត់​ក៏​បាន​ជា​សះ​ស្បើយ​បន្តិច​ម្ដង​ៗ។+

៨ មុន​ពេល​នោះ ហេសេគា​បាន​សួរ​អេសាយ​ថា​៖ ​«​តើ​មាន​សញ្ញា​សម្គាល់+អ្វី​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ជា​សះ​ស្បើយ​មែន? តើ​មាន​សញ្ញា​សម្គាល់​អ្វី​ដែល​បញ្ជាក់​ថា​ខ្ញុំ​អាច​ឡើង​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​ទី​៣​បាន?​»។ ៩ អេសាយ​ក៏​តប​វិញ​ថា​៖ ​«​នេះ​ជា​សញ្ញា​សម្គាល់​ពី​ព្រះ​យេហូវ៉ា​ដើម្បី​បង្ហាញ​អ្នក​ថា ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​មែន។ តើ​អ្នក​ចង់​ឲ្យ​ស្រមោល​ថ្ងៃ​ដែល​ជះ​លើ​កាំ​ជណ្ដើរ* ទៅ​មុខ​១០​កាំ ឬ​ថយ​ក្រោយ​១០​កាំ?​»។+ ១០ ហេសេគា​ប្រាប់​ថា​៖ ​«​ការ​ឲ្យ​ស្រមោល​ថ្ងៃ​ទៅ​មុខ​១០​កាំ​ជា​ការ​ងាយ​ទេ តែ​ការ​ឲ្យ​ស្រមោល​ថ្ងៃ​ថយ​ក្រោយ​១០​កាំ​វិញ​ទើប​ពិបាក​»។ ១១ ដូច្នេះ អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ​ក៏​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ពេល​នោះ ព្រះ​បាន​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ​ដែល​ជះ​លើ​កាំ​ជណ្ដើរ​អេហាស ជ្រេ​ថយ​ក្រោយ​១០​កាំ​វិញ។+

១២ គ្រា​នោះ បេរ៉ូដាកបាឡាដាន់​ជា​ស្ដេច​ស្រុក​បាប៊ីឡូន ដែល​ត្រូវ​ជា​កូន​បាឡាដាន បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​យក​សំបុត្រ​និង​អំណោយ​ទៅ​ជូន​ហេសេគា ព្រោះ​គាត់​បាន​ឮ​ថា​ហេសេគា​ឈឺ។+ ១៣ ហេសេគា​បាន​ទទួល​ស្វាគមន៍​ពួក​គេ រួច​បាន​បង្ហាញ​ពួក​គេ​នូវ​ទ្រព្យ​ទាំង​អស់​របស់​គាត់+ គឺ​មាស​ប្រាក់ ប្រេង​ក្រអូប* និង​ប្រេង​មាន​តម្លៃ គ្រឿង​សស្ដ្រាវុធ និង​អ្វី​គ្រប់​យ៉ាង​ដែល​មាន​ក្នុង​ឃ្លាំង។ ហេសេគា​ក៏​បាន​ឲ្យ​ពួក​គេ​មើល​សព្វ​គ្រប់​ក្នុង​វិមាន​គាត់ និង​របស់​សព្វសារពើ​ក្នុង​រាជាណាចក្រ​ទាំង​មូល។

១៤ ក្រោយ​មក អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ចូល​ទៅ​ជួប​ស្ដេច​ហេសេគា ហើយ​សួរ​ថា​៖ ​«​តើ​បុរស​ទាំង​នេះ​បាន​និយាយ​អ្វី​ខ្លះ ហើយ​ពួក​គេ​មក​ពី​ណា?​»។ ដូច្នេះ ហេសេគា​ក៏​ឆ្លើយ​ថា​៖ ​«​ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ គឺ​ពី​ស្រុក​បាប៊ីឡូន​»។+ ១៥ រួច​អេសាយ​សួរ​ថា​៖ ​«​តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​ក្នុង​វិមាន​របស់​អ្នក?​»។ ហេសេគា​ឆ្លើយ​ថា​៖ ​«​ពួក​គេ​បាន​ឃើញ​អ្វី​ៗ​ទាំង​អស់​ក្នុង​វិមាន​ខ្ញុំ ហើយ​ក៏​ឃើញ​អ្វី​គ្រប់​យ៉ាង​ក្នុង​ឃ្លាំង​ទ្រព្យ​របស់​ខ្ញុំ​ដែរ​»។

១៦ ខណៈ​នោះ អេសាយ​ក៏​និយាយ​ទៅ​កាន់​ហេសេគា​ថា​៖ ​«​សូម​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។+ ១៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​របស់​ទ្រព្យ​ទាំង​អស់​ក្នុង​វិមាន​អ្នក និង​របស់​របរ​ដែល​បុព្វបុរស​របស់​អ្នក​បាន​សន្សំ​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ នឹង​ត្រូវ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ីឡូន​ទាំង​អស់+ គ្មាន​នៅ​សេស​សល់​អ្វី​ឡើយ›។ ១៨ លោក​ក៏​មាន​ប្រសាសន៍​ទៀត​ថា​៖ ‹កូន​ចៅ​របស់​អ្នក​ដែល​នឹង​កើត​មក ពួក​គេ​នឹង​ត្រូវ​នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន ហើយ​នឹង​ក្លាយ​ទៅ​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​វិមាន​ស្ដេច​ស្រុក​នោះ›​»។+

១៩ ឮ​ដូច្នេះ ហេសេគា​និយាយ​ទៅ​កាន់​អេសាយ​ថា​៖ ​«​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា គឺ​យុត្តិធម៌​ណាស់​»។+ គាត់​ក៏​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​មាន​អំណរ​គុណ​ណាស់ ដែល​គ្រា​ខ្ញុំ​គ្រប់​គ្រង​មាន​សន្តិភាព​និង​សេចក្ដី​សុខសាន្តត្រាណ​»។+

២០ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ហេសេគា​បាន​ធ្វើ និង​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​គាត់ រួម​ទាំង​ការ​ធ្វើ​អាង+ និង​ការ​ជីក​ប្រឡាយ​បង្ហូរ​ទឹក​ចូល​ក្នុង​ក្រុង+ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ២១ ក្រោយ​មក ហេស​គា​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់។+ រួច​មក ម៉ាណាសេ+ជា​កូន​បាន​គ្រ​ង​រាជ្យ​បន្ទាប់​ពី​គាត់។

២១ ពេល​ម៉ាណាសេ+បាន​គ្រង​រាជ្យ គាត់​មាន​អាយុ​១២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៥៥​ឆ្នាំ។+ ម្ដាយ​របស់​គាត់​ឈ្មោះ​ហេបស៊ីបា។ ២ គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត គឺ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម តាម​ប្រជា​ជាតិ​នា​នា+ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។+ ៣ គាត់​បាន​សង់​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​កន្លែង​ផ្សេង​ៗ​ឡើង​វិញ គឺ​ជា​ទី​ខ្ពស់​ដែល​ហេសេគា​ឪពុក​គាត់​បាន​បំផ្លាញ​ចោល។+ គាត់​ក៏​បាន​សង់​ទី​បូជា​សម្រាប់​ព្រះ​បាល ហើយ​ធ្វើ​បង្គោល​ឈើ​ពិសិដ្ឋ*+ ដូច​អាហាប់​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ធ្វើ​ដែរ។+ គាត់​ថែម​ទាំង​បាន​ក្រាប​គោរព​ចំពោះ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​ទៀត​ផង។+ ៤ គាត់​ក៏​បាន​សង់​ទី​បូជា​ផ្សេង​ៗ​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា+ ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ធ្លាប់​មាន​ប្រសាសន៍​ថា​៖ ​«​ក្រុង​យេរូសាឡិម​ជា​តំណាង​នាម​ខ្ញុំ​»។+ ៥ លើស​ពី​នេះ​ទៅ​ទៀត គាត់​បាន​សង់​ទី​បូជា​ផ្សេង​ៗ​សម្រាប់​គោរព​បូជា​ដល់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ+ ក្នុង​ទី​ធ្លា​ទាំង​ពីរ​នៃ​វិហារ​ព្រះ​យេហូវ៉ា។+ ៦ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​ដុត​កូន​ជូន​ជា​គ្រឿង​បូជា ថែម​ទាំង​ប្រើ​វេទមន្ត មើល​ប្រផ្នូល+ ហើយ​តែង​តាំង​គ្រូ​ខាប​និង​គ្រូ​ទាយ​ទៀត​ផង។+ គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន​ក្រៃ​លែង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ខឹង​ជា​ខ្លាំង។

៧ គាត់​បាន​ឆ្លាក់​រូប​ព្រះ​នៅ​លើ​បង្គោល​ឈើ​ពិសិដ្ឋ*+ ហើយ​ក៏​យក​ទៅ​ដាក់​ក្នុង​វិហារ​ព្រះ ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ដាវីឌ​និង​សាឡូម៉ូន​ថា​៖ ​«​ខ្ញុំ​បាន​ញែក​វិហារ​នេះ​និង​ក្រុង​យេរូសាឡិម ទុក​ជា​បរិសុទ្ធ​សម្រាប់​នាម​របស់​ខ្ញុំ​រហូត​ត​ទៅ។ កន្លែង​នេះ​ខ្ញុំ​បាន​ជ្រើស​រើស​ពី​ចំណោម​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រាអែល។+ ៨ បើ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​យ៉ាង​ដិត​ដល់+ ហើយ​កាន់​តាម​គ្រប់​ទាំង​ច្បាប់​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​ខ្ញុំ​ឲ្យ​ពួក​គេ នោះ​ខ្ញុំ​នឹង​មិន​ឲ្យ​ពួក​គេ​ខ្ចាត់​ព្រាត់​ម្ដង​ទៀត ពី​ទឹក​ដី​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ​ឡើយ​»។+ ៩ ប៉ុន្តែ ពួក​គេ​មិន​បាន​ស្ដាប់​ទេ ហើយ​ម៉ាណាសេ​ចេះ​តែ​នាំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្រៃ​លែង​លើស​ប្រជា​ជាតិ​នា​នា ដែល​ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​អ៊ីស្រាអែល​ទៅ​ទៀត។+

១០ ព្រះ​យេហូវ៉ា​តែង​តែ​មាន​ប្រសាសន៍​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​អ្នក​បម្រើ​លោក+ថា​៖ ១១ ​«​ម៉ាណាសេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម និង​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​លើស​ជន​ជាតិ​អាម៉ូរី+ទៅ​ទៀត។+ គាត់​ក៏​បាន​នាំ​ឲ្យ​បណ្ដា​ជន​យូដា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែរ ដោយ​សារ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម​ដែល​គាត់​បាន​ធ្វើ​នោះ។ ១២ ដូច្នេះ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​មាន​អន្តរាយ​មក​លើ​ក្រុង​យេរូសាឡិម+និង​ស្រុក​យូដា។ ពួក​អ្នក​ដែល​ឮ​អំពី​រឿង​នោះ​នឹង​ភ័យ​តក់​ស្លុត។*+ ១៣ ខ្ញុំ​នឹង​វាស់​ក្រុង​យេរូសាឡិម​ដោយ​ខ្សែ​វាស់+ដែល​ខ្ញុំ​បាន​ប្រើ​សម្រាប់​វាស់​ក្រុង​សាម៉ារី+ ហើយ​ដូច​ដែល​ខ្ញុំ​បាន​ប្រើ​ខ្សែ​ប្រយោល*ដើម្បី​វាស់​ពូជ​ពង្ស​អាហាប់។+ ខ្ញុំ​នឹង​សម្អាត​ក្រុង​យេរូសាឡិម ដូច​ជា​បុគ្គល​ម្នាក់​លាង​ចាន​ឲ្យ​ស្អាត ហើយ​ផ្កាប់​ទុក។+ ១៤ ខ្ញុំ​នឹង​បោះ​បង់​ចោល​រាស្ត្រ​ជា​មត៌ក​របស់​ខ្ញុំ​ដែល​នៅ​សេស​សល់+ ហើយ​ខ្ញុំ​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​របស់​ពួក​គេ។ ពួក​សត្រូវ​នឹង​ចាប់​ពួក​គេ​ទៅ​ធ្វើ​ជា​ឈ្លើយ ព្រម​ទាំង​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ដែរ។+ ១៥ នេះ​គឺ​ដោយ​សារ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ខ្ញុំ​មិន​ពេញ​ចិត្ត ហើយ​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​ក្រោធ តាំង​ពី​ពេល​ដែល​បុព្វ​បុរស​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប រហូត​មក​ដល់​សព្វ​ថ្ងៃ›​»។+

១៦ ម៉ាណាសេ​បាន​នាំ​ឲ្យ​បណ្ដា​ជន​យូដា​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ លើស​ពី​នោះ​ទៅ​ទៀត គាត់​ក៏​បាន​សម្លាប់​មនុស្ស​ដែល​គ្មាន​ទោស​យ៉ាង​ច្រើន​សន្ធឹក ដែល​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​ពេញ​ទៅ​ដោយ​ឈាម។+ ១៧ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ម៉ាណាសេ​បាន​ធ្វើ និង​អំពើ​ខុស​ឆ្គង​ទាំង​ប៉ុន្មាន​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ១៨ ក្រោយ​មក ម៉ាណាសេ​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​សួន​វិមាន​ស្ដេច គឺ​ក្នុង​សួន​អឺសា។+ រួច​មក អេម៉ុន​ជា​កូន​បាន​គ្រ​ង​រាជ្យ​បន្ទាប់​ពី​គាត់។

១៩ ពេល​អេម៉ុន+គ្រង​រាជ្យ គាត់​មាន​អាយុ​២២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។+ ម្ដាយ​របស់​គាត់​ឈ្មោះ​មេសូលេមេត​ជា​កូន​ហារូស ជា​អ្នក​មក​ពី​តំបន់​យ៉ុតបា។ ២០ អេម៉ុន​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដូច​ម៉ាណាសេ​ឪពុក​គាត់​ដែរ។+ ២១ គាត់​បាន​ដើរ​តាម​គន្លង​របស់​ឪពុក​គាត់ ដោយ​គោរព​បម្រើ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម។+ ២២ ដូច្នេះ គាត់​បាន​លះ​ចោល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​បុព្វ​បុរស​គាត់ ហើយ​មិន​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ឡើយ។+ ២៣ ក្រោយ​មក ពួក​អ្នក​បម្រើ​របស់​អេម៉ុន​បាន​ឃុប​ឃិត​គ្នា​ក្បត់​នឹង​គាត់ ហើយ​ក៏​សម្លាប់​គាត់​នៅ​ក្នុង​វិមាន​ទៅ។ ២៤ ប៉ុន្តែ បណ្ដា​ជន​បាន​សម្លាប់​ពួក​អ្នក​ក្បត់​ទាំង​នោះ​ចោល។ រួច​មក ពួក​គេ​ក៏​បាន​តែង​តាំង​យ៉ូសៀស​ជា​កូន​ឲ្យ​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។+ ២៥ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អេម៉ុន​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ២៦ ដូច្នេះ គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្នុង​សួន​អឺសា។+ បន្ទាប់​មក យ៉ូសៀស+ជា​កូន​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

២២ ពេល​យ៉ូសៀស+បាន​គ្រង​រាជ្យ គាត់​មាន​អាយុ​៨​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៣១​ឆ្នាំ។+ ម្ដាយ​របស់​គាត់​ឈ្មោះ​យេដាយដា​ជា​កូន​អាដាយ៉ា​ជា​អ្នក​មក​ពី​ក្រុង​បូសកាត។+ ២ គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​ដើរ​តាម​គន្លង​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់។+ គាត់​បាន​កាន់​តាម​បញ្ញត្តិ​ទាំង​អស់​របស់​ព្រះ​យ៉ាង​ដិត​ដល់។*

៣ នៅ​ឆ្នាំ​ទី​១៨​ក្នុង​រាជ្យ​យ៉ូសៀស ស្ដេច​បាន​ចាត់​លេខាធិការ​ម្នាក់​ឈ្មោះ​សាផាន ដែល​ត្រូវ​ជា​កូន​អាសាលៀ និង​ជា​ចៅ​មេស៊ូឡាម ឲ្យ​ទៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា+ ដោយ​បង្គាប់​ថា​៖ ៤ ​«​ចូរ​ឡើង​ទៅ​ជួប​ហ៊ីលគីយ៉ា+ជា​សម្ដេច​សង្ឃ ហើយ​ប្រាប់​គាត់​ឲ្យ​ប្រមូល​ប្រាក់​ពី​វិហារ​ព្រះ​យេហូវ៉ា+ គឺ​ជា​ប្រាក់​ដែល​ពួក​អ្នក​យាម​ទ្វារ​បាន​ទទួល​ពី​បណ្ដា​ជន ដែល​បាន​យក​មក​ជូន​ព្រះ។+ ៥ រួច​ចូរ​ប្រគល់​ប្រាក់​ឲ្យ​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក អ្នក​ទាំង​នោះ​នឹង​ចាត់​ចែង​បង់​ប្រាក់​ឲ្យ​ជាង​ដែល​ធ្វើ​ការ​ជួស​ជុល​នៅ​វិហារ​ព្រះ​យេហូវ៉ា+ ៦ គឺ​ជាង​ឈើ ជាង​ថ្ម និង​ជាង​សំណង់។ ពួក​គេ​ត្រូវ​ប្រើ​ប្រាក់​នោះ​សម្រាប់​ទិញ​ឈើ​និង​ថ្ម​ដាប់ ដើម្បី​ជួស​ជុល​វិហារ។+ ៧ ប៉ុន្តែ មិន​ចាំ​បាច់​សួរ​នាំ​ពួក​បុរស​ដែល​ទទួល​ភារកិច្ច​កាន់​ប្រាក់​នោះ​ទេ ព្រោះ​ពួក​គេ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​»។+

៨ ក្រោយ​មក ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ​បាន​ប្រាប់​សាផាន​ជា​លេខាធិការ​ថា​៖+ ​«​ខ្ញុំ​បាន​រក​ឃើញ​សៀវភៅ​ច្បាប់+នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​»។ ដូច្នេះ ហ៊ីលគីយ៉ា​បាន​ប្រគល់​សៀវភៅ​នោះ​ទៅ​ឲ្យ​សាផាន រួច​សាផាន​ក៏​យក​មក​អាន។+ ៩ បន្ទាប់​មក សាផាន​បាន​ចូល​ទៅ​ជួប​ស្ដេច ហើយ​ជម្រាប​ថា​៖ ​«​គេ​បាន​ប្រមូល​ប្រាក់​ពី​វិហារ​ព្រះ រួច​ប្រគល់​ដល់​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា​ហើយ​»។+ ១០ ខណៈ​នោះ សាផាន​ក៏​ជម្រាប​ស្ដេច​ដែរ​ថា​៖ ​«​ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ​បាន​រក​ឃើញ​សៀវភៅ​មួយ+ ហើយ​គាត់​ក៏​ប្រគល់​ឲ្យ​ខ្ញុំ​»។ រួច​មក សាផាន​អាន​សៀវភៅ​នោះ​ឲ្យ​ស្ដេច​ស្ដាប់។

១១ ពេល​ដែល​ស្ដេច​បាន​ឮ​ពាក្យ​ក្នុង​សៀវភៅ​នោះ​ភ្លាម គាត់​ក៏​ចាប់​ហែក​អាវ។+ ១២ ពេល​នោះ ស្ដេច​បាន​ហៅ​ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ អាហាយខាម+ជា​កូន​សាផាន និង​អាកបូរ​ជា​កូន​មីកាយ៉ា សាផាន​ជា​លេខាធិការ​និង​អាសាយ៉ា​ជា​អ្នក​បម្រើ ឲ្យ​មក​ជួប​គាត់ ហើយ​បង្គាប់​ពួក​គេ​ថា​៖ ១៣ ​«​សូម​អស់​លោក​ទៅ​សួរ​ព្រះ​យេហូវ៉ា តាង​នាម​ខ្ញុំ​និង​បណ្ដា​ជន​យូដា​ទាំង​អស់ អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​សៀវភៅ​ដែល​ទើប​តែ​រក​ឃើញ​នោះ​ផង។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង​ហើយ+ ព្រោះ​បុព្វ​បុរស​របស់​យើង​មិន​បាន​ធ្វើ​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នោះ​ទេ​»។

១៤ ដូច្នេះ ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ អាហាយខាម អាកបូរ សាផាន និង​អាសាយ៉ា បាន​ទៅ​ជួប​ហ៊ូលដា​ជា​ស្ត្រី​ប្រកាស​ទំនាយ។+ ហ៊ូលដា​គឺ​ជា​ប្រពន្ធ​សាលូម​ជា​អ្នក​មើល​ខុស​ត្រូវ​ខាង​សម្លៀក​បំពាក់។* សាលូម​ជា​កូន​ធីកវ៉ា ត្រូវ​ជា​ចៅ​ហាហាក់។ ហ៊ូលដា​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​ក្នុង​ក្រុង​យេរូសាឡិម។ កាល​ទៅ​ដល់​ហើយ ពួក​គេ​សួរ​នាង​តាម​ពាក្យ​ដែល​ស្ដេច​បង្គាប់។+ ១៥ នាង​ក៏​ឆ្លើយ​តប​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ប្រាប់​អ្នក​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​ឯ​ខ្ញុំ​វិញ​ថា​៖ ១៦ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​អន្តរាយ​មក​លើ​ក្រុង​នេះ រួម​ទាំង​បណ្ដា​ជន​ក្នុង​ក្រុង​នេះ ស្រប​តាម​ពាក្យ​ក្នុង​សៀវភៅ​ដែល​ស្ដេច​ស្រុក​យូដា​បាន​អាន។+ ១៧ ព្រោះ​ពួក​គេ​បាន​លះ​ចោល​ខ្ញុំ ហើយ​បាន​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ជូន​ព្រះ​ឯ​ទៀត។+ ស្នា​ដៃ​របស់​ពួក​គេ​បាន​បណ្ដាល​ឲ្យ​ខ្ញុំ​ខឹង​ជា​ខ្លាំង។+ ដូច្នេះ ខ្ញុំ​នឹង​បំផ្លាញ​ក្រុង​នេះ​ឲ្យ​សាប​សូន្យ ប្រៀប​ដូច​ជា​ភ្លើង​ឆាប​ឆេះ​ដែល​ពន្លត់​មិន​បាន​ឡើយ›​»។+ ១៨ ចំណែក​ឯ​ស្ដេច​ស្រុក​យូដា​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​សួរ​ព្រះ​យេហូវ៉ា សូម​ទៅ​ប្រាប់​គាត់​វិញ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​បាន​ឮ​ពាក្យ​ក្នុង​សៀវភៅ​នោះ​ហើយ។ ១៩ អ្នក​បាន​បង្ហាញ​ចិត្ត​ស្លូត​បូត​និង​ចិត្ត​រាប​ទាប+នៅ​ចំពោះ​ព្រះ​យេហូវ៉ា កាល​ដែល​អ្នក​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ទាស់​នឹង​ក្រុង​នេះ និង​បណ្ដា​ជន​ក្នុង​ក្រុង​នេះ​ដែរ។ ម្យ៉ាង​ទៀត ក្រោយ​ពី​អ្នក​បាន​ឮ​ថា​បណ្ដា​ជន​យូដា​នឹង​ត្រូវ​រង​បណ្ដាសា ហើយ​នឹង​ត្រូវ​បំផ្លាញ​ចោល អ្នក​បាន​ហែក​អាវ+ហើយ​យំ​នៅ​ចំពោះ​ខ្ញុំ។ ខ្ញុំ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ហើយ។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ២០ ហេតុ​នេះ អ្នក​នឹង​មិន​ឃើញ​អន្តរាយ​ដែល​ខ្ញុំ​នឹង​នាំ​មក​លើ​ក្រុង​នេះ​ឡើយ។ អ្នក​នឹង​ស្លាប់​ដោយ​សុខ​សាន្ត ហើយ​នឹង​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​អ្នក›​»​›​»។ ក្រោយ​ពី​ស្ដាប់​រួច ពួក​គេ​ក៏​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ជម្រាប​ស្ដេច​វិញ។

២៣ ស្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​បុរស​ចាស់​ទុំ​ទាំង​អស់​នៅ​ក្រុង​យេរូសាឡិម និង​នៅ​ស្រុក​យូដា​ទាំង​មូល ឲ្យ​មក​ជួប​គាត់។+ ២ ក្រោយ​មក ស្ដេច​បាន​ឡើង​ទៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ពួក​អ្នក​ស្រុក​យូដា រួម​ទាំង​អ្នក​ដែល​រស់​នៅ​ក្រុង​យេរូសាឡិម ពួក​សង្ឃ និង​ពួក​អ្នក​ប្រកាស​ទំនាយ ពោល​គឺ​បណ្ដា​ជន​ទាំង​អស់ ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។ រួច​មក ស្ដេច​បាន​អាន​សៀវភៅ+នៃ​កិច្ច​ព្រម​ព្រៀង+ ដែល​គេ​បាន​រក​ឃើញ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា ឲ្យ​ពួក​គេ​ស្ដាប់។+ ៣ ស្ដេច​ឈរ​នៅ​ក្បែរ​សសរ​វិហារ។ បន្ទាប់​មក គាត់​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា+ ដោយ​សន្យា​ថា​គាត់​នឹង​ដើរ​តាម​ព្រះ​យេហូវ៉ា ហើយ​កាន់​តាម​ច្បាប់ បញ្ញត្តិ និង​សេចក្ដី​រំលឹក​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាង​អស់​ពី​កម្លាំង​កាយ​ចិត្ត និង​ដោយ​ខំ​ព្យាយាម​ធ្វើ​តាម​ពាក្យ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នេះ។ រីឯ​បណ្ដា​ជន​ទាំង​អស់ ពួក​គេ​ក៏​យល់​ព្រម​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​នោះ​ដែរ។+

៤ ក្រោយ​មក ស្ដេច​បាន​បង្គាប់​ហ៊ីលគីយ៉ា+ជា​សម្ដេច​សង្ឃ សង្ឃ​ថ្នាក់​បន្ទាប់ និង​ពួក​អ្នក​យាម​ទ្វារ ឲ្យ​យក​ប្រដាប់​ប្រដា​សម្រាប់​គោរព​បូជា​ដល់​ព្រះ​បាល​ចេញ​ពី​វិហារ​ព្រះ​យេហូវ៉ា។ ស្ដេច​ក៏​ឲ្យ​គេ​យក​ប្រដាប់​ប្រដា​សម្រាប់​គោរព​បូជា​ដល់​បង្គោល​ឈើ​ពិសិដ្ឋ*+ និង​ផ្កាយ​ទាំង​ឡាយ ចេញ​ពី​វិហារ​ដែរ។ រួច​មក គាត់​ដុត​ប្រដាប់​ប្រដា​ទាំង​នោះ​នៅ​ជ្រលង​គីដ្រុន ខាង​ក្រៅ​ក្រុង​យេរូសាឡិម ហើយ​គាត់​ក៏​យក​ផេះ​ទៅ​ក្រុង​បេតអែល។+ ៥ គាត់​បាន​បណ្ដេញ​ពួក​សង្ឃ​នៃ​ព្រះ​មិន​ពិត​ចេញ ហើយ​មិន​ឲ្យ​បម្រើ​នៅ​ទី​នោះ​ទៀត គឺ​ពួក​សង្ឃ​ដែល​បណ្ដា​ស្ដេច​ស្រុក​យូដា​បាន​តែង​តាំង​ឲ្យ​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​ទី​ខ្ពស់​ពិសិដ្ឋ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា និង​តំបន់​ជុំវិញ​ក្រុង​យេរូសាឡិម។ គាត់​ក៏​បណ្ដេញ​ពួក​សង្ឃ​ដែល​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ជូន​ព្រះ​បាល ព្រះ​អាទិត្យ ព្រះ​ចន្ទ កញ្ចុំ​ផ្កាយ និង​ផ្កាយ​ទាំង​ឡាយ​ផង​ដែរ។+ ៦ ស្ដេច​បាន​យក​បង្គោល​ឈើ​ពិសិដ្ឋ*+ចេញ​ពី​វិហារ​ព្រះ​យេហូវ៉ា ហើយ​យក​ទៅ​ដុត​ចោល+នៅ​ជ្រលង​គីដ្រុន ខាង​ក្រៅ​ក្រុង​យេរូសាឡិម។ បន្ទាប់​មក គាត់​ក៏​យក​ទៅ​កិន​ឲ្យ​ហ្មត់ រួច​យក​ទៅ​បាច​លើ​ផ្នូរ​របស់​បណ្ដា​ជន។+ ៧ ម្យ៉ាង​ទៀត គាត់​បាន​បំផ្លាញ​កន្លែង​រស់​នៅ​របស់​ពួក​បុរស​ដែល​បម្រើ​បុរស​ឯ​ទៀត​ខាង​ផ្លូវ​ភេទ+ ចេញ​អស់​ពី​វិហារ​ព្រះ​យេហូវ៉ា។ កន្លែង​ទាំង​នោះ​ក៏​ជា​កន្លែង​ដែល​ពួក​ស្ត្រី​ត្បាញ​ក្រណាត់​ធ្វើ​ខ្ទម​តូច​ៗ​សម្រាប់​គោរព​បូជា​ដល់​បង្គោល​ឈើ​ពិសិដ្ឋ។*

៨ បន្ទាប់​មក ស្ដេច​បាន​កោះ​ហៅ​សង្ឃ​ទាំង​អស់​ពី​ក្រុង​នា​នា​ក្នុង​ស្រុក​យូដា។ គាត់​បាន​បន្ទាប​បន្ថោក​ទី​ខ្ពស់​ពិសិដ្ឋ​របស់​ពួក​គេ ជា​កន្លែង​ដែល​ពួក​សង្ឃ​ធ្លាប់​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង គឺ​ចាប់​ពី​ក្រុង​កេបា+រហូត​ដល់​បៀរសេបា។+ ដូច្នេះ គេ​មិន​អាច​គោរព​បូជា​នៅ​ទី​នោះ​ទៀត​បាន​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​បំផ្លាញ​ទី​ខ្ពស់​ពិសិដ្ឋ​ដែល​នៅ​ខ្លោង​ទ្វារ​របស់​យ៉ូស្វេ​ជា​ចៅហ្វាយ​ក្រុង (​ពេល​ចូល​ខ្លោង​ទ្វារ ឃើញ​ទី​ខ្ពស់​នោះ​នៅ​ខាង​ឆ្វេង​ដៃ​)។ ៩ រីឯ​ពួក​សង្ឃ​ដែល​ធ្លាប់​បម្រើ​នៅ​ទី​ខ្ពស់​ពិសិដ្ឋ​វិញ ពួក​គេ​មិន​បាន​បម្រើ​នៅ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ក្នុង​ក្រុង​យេរូសាឡិម​ឡើយ។+ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​អាច​បរិភោគ​នំ​ប៉័ង​ឥត​ដំបែ​ជា​មួយ​នឹង​សង្ឃ​ឯ​ទៀត​បាន។ ១០ បន្ថែម​ទៅ​ទៀត ស្ដេច​បាន​បន្ទាប​បន្ថោក​តូផែត+ ដែល​ជា​កន្លែង​គោរព​បូជា​នៅ​ជ្រលង​ហ៊ីណំ*+ ដើម្បី​កុំ​ឲ្យ​គេ​អាច​ដុត​កូន​ប្រុស​កូន​ស្រី​ខ្លួន​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​ម៉ូឡេក​ទៀត។+ ១១ ចំណែក​ឯ​សេះ​ដែល​បណ្ដា​ស្ដេច​ស្រុក​យូដា​ធ្លាប់​ប្រើ​សម្រាប់​គោរព​បូជា​ដល់​ព្រះ​អាទិត្យ គាត់​បាន​ហាម​មិន​ឲ្យ​គេ​ដឹក​ចូល​ក្នុង​វិហារ​ព្រះ​យេហូវ៉ា ដោយ​កាត់​តាម​ល្វែង​វិហារ​ឆ្លង​កាត់​បន្ទប់*ណាថានមេលេក​ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់។ ពេល​នោះ គាត់​ក៏​បាន​ដុត​បំផ្លាញ​រទេះ​សម្រាប់​គោរព​បូជា​ដល់​ព្រះ​អាទិត្យ​ដែរ។+ ១២ ម្យ៉ាង​ទៀត ស្ដេច​បាន​បំផ្លាញ​ទី​បូជា​ផ្សេង​ៗ​ដែល​បណ្ដា​ស្ដេច​ស្រុក​យូដា​បាន​សង់​លើ​ដំបូល+បន្ទប់​ខាង​លើ​របស់​អេហាស។ គាត់​ក៏​បាន​បំផ្លាញ​ទី​បូជា​ដែល​ម៉ាណាសេ​បាន​សង់​នៅ​ទី​ធ្លា​ទាំង​ពីរ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ដែរ។+ គាត់​បំផ្លាញ​ទី​បូជា​ទាំង​នោះ​ឲ្យ​ខ្ទេច​ខ្ទី ហើយ​យក​កម្ទេច​ទៅ​បោះ​ចោល​នៅ​ជ្រលង​គីដ្រុន។ ១៣ គាត់​ក៏​បាន​បន្ទាប​បន្ថោក​ទី​ខ្ពស់​ពិសិដ្ឋ​ដែល​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូសាឡិម​ដែរ។ ទី​ខ្ពស់​ទាំង​នោះ​នៅ​ប៉ែក​ខាង​ត្បូង​ភ្នំ​ដើម​អូលីវ គឺ​ជា​ទី​ខ្ពស់​ពិសិដ្ឋ​ដែល​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​សង់​ជូន​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម គឺ​ព្រះ​នាង​អាសថារ៉ូត​របស់​ជន​ជាតិ​ស៊ីដូន ព្រះ​កេម៉ូស​របស់​ជន​ជាតិ​ម៉ូអាប់ និង​ព្រះ​មីលខម+របស់​ជន​ជាតិ​អាំម៉ូន។+ ១៤ គាត់​ក៏​បាន​បំបាក់​បំបែក​បង្គោល​ឈើ​ពិសិដ្ឋ*+និង​បង្គោល​ថ្ម​ពិសិដ្ឋ ហើយ​យក​ឆ្អឹង​មនុស្ស​ទៅ​ដាក់​ពេញ​នៅ​ទី​នោះ។ ១៥ លើស​ពី​នោះ គាត់​បាន​ផ្ដួល​រំលំ​ទី​បូជា​នៅ​ក្រុង​បេតអែល ហើយ​បំផ្លាញ​ទី​ខ្ពស់​ពិសិដ្ឋ​ដែល​យេរ៉ូបោម​ជា​កូន​ណេបាត​បាន​សង់ ជា​អ្វី​ដែល​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ រួច​មក គាត់​បាន​ដុត​បំផ្លាញ​ទី​ខ្ពស់​ពិសិដ្ឋ​និង​បង្គោល​ឈើ​ពិសិដ្ឋ* ឲ្យ​ទៅ​ជា​ផេះ។+

១៦ នៅ​ពេល​នោះ យ៉ូសៀស​បាន​បែរ​ទៅ​ឃើញ​កន្លែង​បញ្ចុះ​សព​នៅ​លើ​ភ្នំ ដូច្នេះ​គាត់​ក៏​បង្គាប់​គេ​ឲ្យ​យក​ឆ្អឹង​ខ្មោច​ពី​ទី​នោះ​ទៅ​ដុត​លើ​ទី​បូជា។ ហេតុ​នេះ ទី​បូជា​នោះ​លែង​ពិសិដ្ឋ​សម្រាប់​ការ​គោរព​បូជា​ត​ទៅ​ទៀត។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង ដូច​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន តាម​រយៈ​តំណាង​លោក។+ ១៧ ពេល​នោះ ស្ដេច​បាន​សួរ​ពួក​អ្នក​ក្រុង​ថា​៖ ​«​តើ​នោះ​ជា​ផ្នូរ​របស់​អ្នក​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​នោះ​ជា​ផ្នូរ​របស់​បុរស​តំណាង​ព្រះ​ពិត​ដែល​មក​ពី​ស្រុក​យូដា+ ជា​អ្នក​ប្រកាស​ទុក​ជា​មុន អំពី​អ្វី​ដែល​លោក​បាន​ធ្វើ​ចំពោះ​ទី​បូជា​នៅ​ក្រុង​បេតអែល​នេះ​»។ ១៨ ដូច្នេះ គាត់​និយាយ​ថា​៖ ​«​ចូរ​ទុក​ផ្នូរ​នេះ​ចុះ កុំ​ប៉ះ​ពាល់​ឆ្អឹង​គាត់​ឡើយ​»។ ហេតុ​នេះ ពួក​គេ​មិន​បាន​ប៉ះ​ពាល់​ឆ្អឹង​គាត់​ទេ ព្រម​ទាំង​ឆ្អឹង​របស់​អ្នក​ប្រកាស​ទំនាយ​ដែល​មក​ពី​ស្រុក​សាម៉ារី។+

១៩ បន្ថែម​ទៅ​ទៀត ដូច​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​ក្រុង​បេតអែល គាត់​ក៏​បាន​ធ្វើ​នៅ​ក្រុង​ទាំង​ឡាយ​ក្នុង​ស្រុក​សាម៉ារី​ដែរ+ គឺ​គាត់​បាន​បំផ្លាញ​វិហារ​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​នា​នា ជា​កន្លែង​ដែល​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​សង់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង។+ ២០ ឯ​ពួក​សង្ឃ​ដែល​បម្រើ​នៅ​ទី​ខ្ពស់​ពិសិដ្ឋ គាត់​បាន​សម្លាប់​ពួក​គេ​នៅ​លើ​ទី​បូជា​ទាំង​នោះ​ទៅ។ គាត់​ក៏​ដុត​ឆ្អឹង​មនុស្ស​នៅ​លើ​ទី​បូជា​ទាំង​នោះ​ដែរ។+ ក្រោយ​មក គាត់​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។

២១ បន្ទាប់​មក ស្ដេច​បាន​បង្គាប់​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​ចូរ​ធ្វើ​បុណ្យ​រំលង+ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​»។+ ២២ តាំង​ពី​គ្រា​ពួក​អ្នក​សម្រេច​ក្ដី​លើ​ស្រុក​អ៊ីស្រាអែល រហូត​ដល់​គ្រា​ស្ដេច​ស្រុក​អ៊ីស្រាអែល​និង​គ្រា​ស្ដេច​ស្រុក​យូដា មិន​ដែល​មាន​បុណ្យ​រំលង​ណា​ដូច​បុណ្យ​រំលង​នេះ​ឡើយ។+ ២៣ នៅ​ឆ្នាំ​ទី​១៨​ក្នុង​រាជ្យ​យ៉ូសៀស គេ​បាន​ធ្វើ​បុណ្យ​រំលង​ជូន​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម។

២៤ យ៉ូសៀស​បាន​បណ្ដេញ​គ្រូ​ខាប​និង​គ្រូ​ទាយ+ទាំង​អស់​ចេញ​ពី​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា។ បន្ថែម​ទៅ​ទៀត គាត់​ក៏​បាន​បំផ្លាញ​រូប​សំណាក​ធេរ៉ាភីម+ រូប​ព្រះ​គួរ​ឲ្យ​ខ្ពើម​រអើម និង​អ្វី​ៗ​ផ្សេង​ទៀត​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែរ។ គាត់​ធ្វើ​ដូច្នេះ​ឲ្យ​ស្រប​តាម​អ្វី​ដែល​បាន​ចែង​ទុក​ក្នុង​ច្បាប់​ម៉ូសេ+ ក្នុង​សៀវភៅ​ដែល​ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ​បាន​រក​ឃើញ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា។+ ២៥ មុន​នោះ គ្មាន​ស្ដេច​ណា​ដូច​យ៉ូសៀស ដែល​បាន​បែរ​មក​រក​ព្រះ​យេហូវ៉ា ដោយ​អស់​ពី​កម្លាំង​កាយ​ចិត្ត+ តាម​គ្រប់​ទាំង​ច្បាប់​របស់​ម៉ូសេ​ឡើយ ហើយ​ក្រោយ​គាត់​ក៏​គ្មាន​ដែរ។

២៦ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​នៅ​តែ​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង​ចំពោះ​បណ្ដា​ជន​យូដា ដោយ​សារ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ម៉ាណាសេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​លោក។+ ២៧ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ដក​យូដា​ចេញ​ពី​មុខ​ខ្ញុំ+ ដូច​ខ្ញុំ​បាន​ដក​អ៊ីស្រាអែល​ដែរ។+ ខ្ញុំ​នឹង​លែង​ទទួល​ស្គាល់​ក្រុង​យេរូសាឡិម​ជា​ក្រុង​ដែល​ខ្ញុំ​បាន​ជ្រើស​រើស ព្រម​ទាំង​វិហារ​ដែល​ខ្ញុំ​ធ្លាប់​និយាយ​ថា​៖ ‹ទី​នោះ​ជា​តំណាង​នាម​របស់​ខ្ញុំ›​»។+

២៨ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យ៉ូសៀស​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ២៩ ក្នុង​រាជ្យ​យ៉ូសៀស ផារ៉ូណេកូ​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​ចេញ​ទៅ​ជួយ​ស្ដេច​ស្រុក​អាស៊ីរី​នៅ​ក្បែរ​ទន្លេ​អឺប្រាត។ ពេល​នោះ ស្ដេច​យ៉ូសៀស​បាន​ចេញ​ទៅ​ច្បាំង​នឹង​ផារ៉ូ​ណេកូ។ ពេល​ផារ៉ូ​ណេកូ​ឃើញ​យ៉ូសៀស គាត់​ក៏​សម្លាប់​យ៉ូសៀស​នៅ​មេគីដោ​ទៅ។+ ៣០ ក្រោយ​មក ពួក​អ្នក​បម្រើ​យ៉ូសៀស​បាន​ដឹក​សព​គាត់​ពី​មេគីដោ​ទៅ​ក្រុង​យេរូសាឡិម ហើយ​បញ្ចុះ​សព​គាត់​នៅ​កន្លែង​បញ្ចុះ​សព។ រួច​មក បណ្ដា​ជន​បាន​ចាក់​ប្រេង​តែង​តាំង យេហូអាហាស​ជា​កូន​ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច​បន្ទាប់​ពី​ឪពុក​គាត់។+

៣១ ពេល​យេហូអាហាស+គ្រង​រាជ្យ គាត់​មាន​អាយុ​២៣​ឆ្នាំ។ គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​បាន​បី​ខែ។ ម្ដាយ​របស់​គាត់​ឈ្មោះ​ហាមូថល+ជា​កូន​យេរេមា​ជា​អ្នក​ក្រុង​លិបណា។ ៣២ យេហូអាហាស​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តាម​គន្លង​របស់​បុព្វ​បុរស​គាត់។+ ៣៣ ក្រោយ​មក ផារ៉ូ​ណេកូ+បាន​ចាប់​គាត់​យក​ទៅ​ដាក់​គុក​នៅ​ក្រុង​រីបឡា+ក្នុង​ទឹក​ដី​ហាម៉ាត ដើម្បី​កុំ​ឲ្យ​គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​ទៀត។ ពេល​នោះ ផារ៉ូ​ណេកូ​បាន​តម្រូវ​ឲ្យ​បណ្ដា​ជន​ស្រុក​យូដា​បង់​សួយ​អាករ​ជា​ប្រាក់​ចំនួន​១០០​ថាលិន* និង​មាស​ចំនួន​មួយ​ថាលិន។+ ៣៤ រួច​មក ផារ៉ូ​ណេកូ​តែង​តាំង​អេលាគីម​ជា​កូន​យ៉ូសៀស​ឲ្យ​ធ្វើ​ជា​ស្ដេច​ជំនួស​វិញ ហើយ​ក៏​ប្ដូរ​ឈ្មោះ​អេលាគីម​ទៅ​ជា​យេហូយ៉ាគីម។ ចំណែក​ឯ​យេហូអាហាស​វិញ ផារ៉ូណេកូ​បាន​នាំ​យក​ទៅ​ស្រុក​អេហ្ស៊ីប។+ ក្រោយ​មក យេហូអាហាស​បាន​ស្លាប់​នៅ​ទី​នោះ។+ ៣៥ យេហូយ៉ាគីម​បាន​បង់​សួយ​អាករ​ជា​មាស​ប្រាក់​ដល់​ផារ៉ូ​តាម​ការ​ទាម​ទារ​របស់​គាត់។ ដើម្បី​បាន​ប្រាក់​គ្រប់​គ្រាន់​បង់​ឲ្យ​ផារ៉ូ​ណេកូ យេហូយ៉ាគីម​បាន​បង្ខំ​បណ្ដា​ជន​ឲ្យ​បង់​ពន្ធ​តាម​តម្លៃ​ដី​របស់​ពួក​គេ​រៀង​ខ្លួន។

៣៦ ពេល​យេហូយ៉ាគីម+បាន​គ្រង​រាជ្យ គាត់​មាន​អាយុ​២៥​ឆ្នាំ។ គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១១​ឆ្នាំ។+ ម្ដាយ​របស់​គាត់​ឈ្មោះ​សេបាយដា​ជា​កូន​ភេដាយ៉ា​ជា​អ្នក​ក្រុង​រូម៉ា។ ៣៧ យេហូយ៉ាគីម​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត+ តាម​គន្លង​របស់​បុព្វ​បុរស​គាត់។+

២៤ ក្នុង​រាជ្យ​យេហូយ៉ាគីម នេប៊ូក្នេសា+ជា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​មក​ច្បាំង​នឹង​គាត់។ យេហូយ៉ាគីម​ក៏​ចុះ​ចូល ហើយ​ព្រម​បម្រើ​ស្ដេច​នេប៊ូក្នេសា។ ប៉ុន្តែ បី​ឆ្នាំ​ក្រោយ​មក គាត់​បាន​បះ​បោរ​ប្រឆាំង​នឹង​នេប៊ូក្នេសា​វិញ។ ២ គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ទ័ព​ខាល់ដេ+ ទ័ព​ស៊ីរី ទ័ព​ម៉ូអាប់ និង​ទ័ព​អាំម៉ូន​ចូល​វាយលុក​ស្រុក​យូដា។ ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ ដើម្បី​បំផ្លាញ​ពួក​យូដា គឺ​ដូច​លោក​បាន​មាន​ប្រសាសន៍+តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក។ ៣ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ចំពោះ​ពួក​យូដា តាម​បង្គាប់​ព្រះ​យេហូវ៉ា គឺ​ដើម្បី​ដក​ពួក​គេ​ចេញ​ពី​មុខ​លោក+ ដោយ​សារ​អំពើ​ខុស​ឆ្គង​ទាំង​ប៉ុន្មាន​ដែល​ម៉ាណាសេ​បាន​ប្រព្រឹត្ត+ ៤ និង​ព្រោះ​តែ​ម៉ាណាសេ​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​ពេញ​ទៅ​ដោយ​ឈាម ដោយ​សម្លាប់​មនុស្ស​ដែល​គ្មាន​ទោស+យ៉ាង​ច្រើន​សន្ធឹក។ ព្រះ​យេហូវ៉ា​មិន​ព្រម​អភ័យ​ទោស​ឲ្យ​ឡើយ។+

៥ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូយ៉ាគីម​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។+ ៦ ក្រោយ​មក យេហូយ៉ាគីម​បាន​ស្លាប់ ហើយ​បាន​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់។+ យេហូយ៉ាគីន​ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

៧ ឯ​ស្ដេច​ស្រុក​អេហ្ស៊ីប​វិញ គាត់​មិន​ហ៊ាន​ចេញ​ពី​ស្រុក​ទេ ដោយ​សារ​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ដណ្ដើម​យក​ទឹក​ដី​ស្រុក​អេហ្ស៊ីប+ ចាប់​ពី​ជ្រលង​អេហ្ស៊ីប+ រហូត​ដល់​ទន្លេ​អឺប្រាត។+

៨ ពេល​យេហូយ៉ាគីន+គ្រង​រាជ្យ គាត់​មាន​អាយុ​១៨​ឆ្នាំ។ គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​បាន​បី​ខែ។+ ម្ដាយ​របស់​គាត់​ឈ្មោះ​នេហូសថា​ជា​កូន​អេលណាថាន ជា​អ្នក​ក្រុង​យេរូសាឡិម។ ៩ យេហូយ៉ាគីន​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តាម​គន្លង​ឪពុក​របស់​គាត់។ ១០ ក្នុង​អំឡុង​គ្រា​នោះ ពល​ទ័ព​របស់​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ឡើង​ទៅ​ឡោម​ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូសាឡិម។+ ១១ ក្រោយ​មក នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ទៅ​ក្រុង​យេរូសាឡិម កាល​ដែល​ពល​ទ័ព​របស់​គាត់​កំពុង​ឡោម​ព័ទ្ធ​ក្រុង​នោះ។

១២ ខណៈ​នោះ យេហូយ៉ាគីន​ជា​ស្ដេច​ស្រុក​យូដា រួម​ទាំង​ម្ដាយ ពួក​អ្នក​បម្រើ ពួក​អ្នក​គ្រប់​គ្រង និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គាត់+ បាន​ចេញ​ទៅ​សុំ​ចុះ​ចាញ់​ស្ដេច​ស្រុក​បាប៊ីឡូន។+ បន្ទាប់​មក ស្ដេច​ស្រុក​បាប៊ីឡូន​ចាប់​គាត់​ធ្វើ​ជា​ឈ្លើយ។ នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​ទី​៨​ក្នុង​រាជ្យ​នេប៊ូក្នេសា។+ ១៣ រួច​មក នេប៊ូក្នេសា​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ពី​វិហារ​ព្រះ​យេហូវ៉ា​និង​វិមាន​ស្ដេច។+ គាត់​បាន​កាត់​គ្រឿង​មាស​ទាំង​អស់​ជា​បំណែក​ៗ គឺ​គ្រឿង​មាស​ដែល​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ធ្វើ​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា។+ នេះ​បាន​កើត​ឡើង​ដូច​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​មែន។ ១៤ គាត់​បាន​ចាប់​យក​អ្នក​ក្រុង​យេរូសាឡិម​ទៅ​ធ្វើ​ជា​ឈ្លើយ គឺ​ពួក​អ្នក​គ្រប់​គ្រង+ ទាហាន​ដ៏​អង់អាច ពួក​សិប្បករ និង​ជាង​ដែក។+ សរុប​ចំនួន​គឺ​១០.០០០​នាក់។ គាត់​ទុក​ឲ្យ​នៅ​សល់​តែ​បណ្ដា​ជន​ក្រី​ក្រ​ប៉ុណ្ណោះ។+ ១៥ គាត់​បាន​ចាប់​ស្ដេច​យេហូយ៉ាគីន+ រួម​ទាំង​ម្ដាយ​របស់​ស្ដេច បណ្ដា​ប្រពន្ធ​របស់​ស្ដេច មន្ត្រី​ជាន់​ខ្ពស់ និង​ពួក​អ្នក​ធំ រួច​នាំ​ចេញ​ពី​ក្រុង​យេរូសាឡិម​ធ្វើ​ដំណើរ​ទៅ​ស្រុក​បាប៊ីឡូន។+ ១៦ ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ចាប់​ទាហាន​ដ៏​អង់អាច​ចំនួន​៧.០០០​នាក់ យក​ទៅ​ធ្វើ​ជា​ឈ្លើយ រួម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ចំនួន​១.០០០​នាក់។ ពួក​គេ​ទាំង​អស់​នោះ​ជា​ទាហាន​ដ៏​ខ្លាំង​ក្លា​ដែល​បាន​ហ្វឹកហាត់​សម្រាប់​ចម្បាំង។ ១៧ ស្ដេច​ស្រុក​បាប៊ីឡូនបាន​តែង​តាំង​ម៉ាថានៀ​ជា​ឪពុកមា​របស់​យេហូយ៉ាគីន+ ឲ្យ​ធ្វើ​ជា​ស្ដេច​ជំនួស​វិញ ហើយ​ក៏​ប្ដូរ​ឈ្មោះ​ម៉ាថានៀ​ទៅ​ជា​សេដេគា។+

១៨ ពេល​សេដេគា​បាន​គ្រង​រាជ្យ គាត់​មាន​អាយុ​២១​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១១​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​ហាមូថល+ជា​កូន​យេរេមា ជា​អ្នក​ក្រុង​លិបណា។ ១៩ សេដេគា​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តាម​គន្លង​យេហូយ៉ាគីម​ដែរ។+ ២០ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ចំពោះ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ក្រោធ​នឹង​ពួក​គេ។ លោក​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​លោក​ទៅ។+ ក្រោយ​មក សេដេគា​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន។+

២៥ នៅ​ថ្ងៃ​ទី​១០ ខែ​ទី​១០ ក្នុង​ឆ្នាំ​ទី​៩​នៃ​រាជ្យ​សេដេគា នេប៊ូក្នេសា+ជា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​នាំ​កង​ទ័ព​គាត់​ទាំង​អស់ ទៅ​ច្បាំង​នឹង​ក្រុង​យេរូសាឡិម។+ គាត់​បាន​បោះ​ទ័ព​ទល់​មុខ​ក្រុង​យេរូសាឡិម ហើយ​បាន​លើក​ដី​ឡើង​នៅ​ជុំវិញ​កំពែង​ក្រុង។+ ២ គាត់​បាន​ឡោម​ព័ទ្ធ​ក្រុង​នោះ រហូត​ដល់​ឆ្នាំ​ទី​១១​នៃ​រាជ្យ​សេដេគា។ ៣ នៅ​ថ្ងៃ​ទី​៩ ក្នុង​ខែ​ទី​៤ នៅ​ក្រុង​យេរូសាឡិម​មាន​ការ​អត់​ឃ្លាន​ជា​ខ្លាំង+ ព្រោះ​គ្មាន​អាហារ​សម្រាប់​បណ្ដា​ជន​បរិភោគ​ឡើយ។+ ៤ នៅ​ថ្ងៃ​នោះ ទ័ព​ខាល់ដេ​បាន​ទម្លាយ​កំពែង​ក្រុង។+ កាល​ដែល​ទ័ព​ខាល់ដេ​កំពុង​ឡោម​ព័ទ្ធ​ក្រុង ស្ដេច​យូដា​និង​ទ័ព​យូដា​ទាំង​អស់​បាន​រត់​ចេញ​ទាំង​យប់ តាម​ខ្លោង​ទ្វារ​ដែល​មាន​កំពែង​ពីរ​ជាន់ ជិត​សួន​ច្បារ​ស្ដេច ទៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។+ ៥ ប៉ុន្តែ ទ័ព​ខាល់ដេ​បាន​ដេញ​តាម​ស្ដេច​យូដា​ទាន់​នៅ​ត្រង់​វាល​ក្រុង​យេរីខូ រួច​កង​ទ័ព​របស់​គាត់​ក៏​រត់​ខ្ចាត់​ខ្ចាយ​អស់​ទៅ។ ៦ បន្ទាប់​មក ពួក​គេ​បាន​ចាប់​ស្ដេច​យូដា+ ហើយ​នាំ​គាត់​ទៅ​ជួប​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​ក្រុង​រីបឡា រួច​បាន​កាត់​ទោស​គាត់​នៅ​ទី​នោះ។ ៧ ពួក​គេ​បាន​សម្លាប់​កូន​ៗ​របស់​គាត់​នៅ​ចំពោះ​មុខ​គាត់។ បន្ទាប់​មក ស្ដេច​នេប៊ូក្នេសា​បាន​ចាក់​ភ្នែក​គាត់​ឲ្យ​ខ្វាក់ រួច​ដាក់​ខ្នោះ​ស្ពាន់ ហើយ​ក៏​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន។+

៨ នៅ​ថ្ងៃ​ទី​៧ ខែ​ទី​៥ ក្នុង​ឆ្នាំ​ទី​១៩​នៃ​រាជ្យ​នេប៊ូក្នេសា នេប៊ូសារ៉ាដាន+ជា​មេ​អង្គរក្ស​និង​ជា​អ្នក​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន បាន​ទៅ​ក្រុង​យេរូសាឡិម។+ ៩ គាត់​បាន​ដុត​វិហារ​ព្រះ​យេហូវ៉ា+ វិមាន​ស្ដេច+ និង​ផ្ទះ​ទាំង​អស់​នៅ​ក្រុង​យេរូសាឡិម។+ គាត់​ក៏​ដុត​ផ្ទះ​របស់​ពួក​អ្នក​មាន​មុខ​មាត់​ផង​ដែរ។+ ១០ ទ័ព​ខាល់ដេ​ទាំង​អស់​ដែល​ទៅ​ជា​មួយ​នឹង​មេ​អង្គរក្ស បាន​ផ្ដួល​រំលំ​កំពែង​ជុំវិញ​ក្រុង​យេរូសាឡិម។+ ១១ ចំណែក​បណ្ដា​ជន​ក្នុង​ក្រុង​ដែល​នៅ​សេស​សល់ និង​បណ្ដា​ជន​ឯ​ទៀត​ក្នុង​ស្រុក ព្រម​ទាំង​អ្នក​ដែល​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​នេប៊ូក្នេសា ត្រូវ​នេប៊ូសារ៉ាដាន​ជា​មេ​អង្គរក្ស​និរទេស​ទៅ​ស្រុក​បាប៊ីឡូន។+ ១២ ប៉ុន្តែ មេ​អង្គរក្ស​បាន​ទុក​ជន​ខ្លះ​ដែល​ក្រី​ក្រ​បំផុត​ឲ្យ​នៅ​ក្នុង​ស្រុក ដើម្បី​មើល​ថែ​ចម្ការ​ទំពាំង​បាយ​ជូរ និង​ធ្វើ​ស្រែ​ចម្ការ។+ ១៣ ពួក​ខាល់ដេ​បាន​កាត់​សសរ​ស្ពាន់+និង​រទេះ​ទឹក+ដែល​នៅ​វិហារ​ព្រះ​យេហូវ៉ា ទៅ​ជា​បំណែក​ៗ រួម​ទាំង​អាង​ធំ*ធ្វើ​ពី​ស្ពាន់+ដែល​នៅ​វិហារ​ព្រះ​យេហូវ៉ា ហើយ​ដឹក​ស្ពាន់​ទាំង​នោះ​ទៅ​ស្រុក​បាប៊ីឡូន។+ ១៤ ពួក​គេ​ក៏​យក​ធុង​សម្រាប់​ដាក់​ផេះ ប៉ែល ប្រដាប់​ពន្លត់​ប្រឆេះ​ចង្កៀង ពែង និង​គ្រឿង​ស្ពាន់​ទាំង​អស់ ដែល​ប្រើ​ក្នុង​វិហារ​ព្រះ​ដែរ។ ១៥ មេ​អង្គរក្ស​បាន​យក​ប្រដាប់​ដាក់​រងើក​ភ្លើង ព្រម​ទាំង​ចាន​គោម​ដែល​ធ្វើ​ពី​មាស+និង​ប្រាក់​សុទ្ធ+ផង​ដែរ។ ១៦ ឯ​សសរ​ពីរ អាង​ធំ រទេះ​ទឹក និង​គ្រឿង​ស្ពាន់​ឯ​ទៀត ដែល​សាឡូម៉ូន​បាន​ធ្វើ​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា គ្មាន​អ្នក​ណា​ដឹង​ទម្ងន់​ស្ពាន់​ទាំង​នោះ​ទេ ព្រោះ​ច្រើន​ក្រៃ​លែង។+ ១៧ សសរ​មួយ​មាន​កម្ពស់​១៨​ហត្ថ*+ និង​ក្បាល​សសរ​ធ្វើ​ពី​ស្ពាន់​មាន​កម្ពស់​៣​ហត្ថ។ ក្បាច់​ក្រឡា​អួន​និង​ផ្លែ​ទទឹម​នៅ​ជុំវិញ​ក្បាល​សសរ​ទាំង​ពីរ​ក៏​ធ្វើ​ពី​ស្ពាន់​ដែរ។+

១៨ មេ​អង្គរក្ស​ក៏​ចាប់​សេរ៉ាយ៉ា+ជា​សង្ឃនាយក សេផានា+ជា​សង្ឃ​ថ្នាក់​បន្ទាប់ និង​អ្នក​យាម​ទ្វារ​បី​នាក់។+ ១៩ បន្ថែម​ទៅ​ទៀត គាត់​ក៏​ចាប់​យក​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់ ដែល​ត្រួត​ត្រា​លើ​ពួក​ទាហាន អ្នក​ជំនិត​ស្ដេច​ប្រាំ​នាក់ រួម​ទាំង​លេខាធិការ​របស់​មេ​ទ័ព ដែល​មាន​ភារកិច្ច​កែន​ទាហាន។ គាត់​ក៏​ចាប់​ពួក​បុរស​៦០​នាក់​ដែល​ជា​ជន​សាមញ្ញ​ដែល​នៅ​ក្នុង​ក្រុង​ទៅ​ដែរ។ ២០ នេប៊ូសារ៉ាដាន+ជា​មេ​អង្គរក្ស បាន​យក​ពួក​គេ​ទៅ​ប្រគល់​ឲ្យ​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​ក្រុង​រីបឡា។+ ២១ ស្ដេច​ស្រុក​បាប៊ីឡូន​ក៏​សម្លាប់​ពួក​គេ​នៅ​ក្រុង​រីបឡា​ក្នុង​ទឹក​ដី​ហាម៉ាត។+ យ៉ាង​នេះ ពួក​យូដា​បាន​ត្រូវ​និរទេស​ចេញ​ពី​ស្រុក​របស់​ខ្លួន។+

២២ ក្រោយ​មក នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​តែង​តាំង​កេដាលៀ+ជា​កូន​អាហាយខាម+ ហើយ​ត្រូវ​ជា​ចៅ​សាផាន+ ឲ្យ​គ្រប់​គ្រង​លើ​បណ្ដា​ជន​ដែល​នៅ​សល់​ក្នុង​ស្រុក​យូដា។+ ២៣ ឯ​ពួក​មេ​ទ័ព​យូដា​និង​ទាហាន​របស់​ពួក​គេ​ក៏​បាន​ឮ​ថា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​តែង​តាំង​កេដាលៀ​ឲ្យ​គ្រប់​គ្រង។ ដូច្នេះ ពួក​គេ​ក៏​មក​ជួបកេដាលៀ​នៅ​ក្រុង​មីសប៉ា។ មេ​ទ័ព​ទាំង​នោះ​រួម​មាន​៖ អ៊ីសម៉ាអែល​ជា​កូន​នេថានៀ យ៉ូហាណាន​ជា​កូន​ការៀ សេរ៉ាយ៉ា​ជា​កូន​តានហ៊ូម៉ាត​ជា​អ្នក​ភូមិណេថូផា និង​យ៉ាអាសានៀ​ជា​ជន​ជាតិ​ម៉ាអាកាត។+ ២៤ ពេល​នោះ កេដាលៀ​ក៏​ស្បថ​នឹង​ពួក​មេ​ទ័ព​និង​ទាហាន​របស់​ពួក​គេ។ បន្ទាប់​មក គាត់​ប្រាប់​ពួក​គេ​ថា​៖ ​«​កុំ​ខ្លាច​ចុះ​ចូល​នឹង​ពួក​ខាល់ដេ​អី។ ចូរ​រស់​នៅ​ក្នុង​ស្រុក​នេះ ហើយ​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន​ចុះ។ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ដោយ​សុខ​សាន្ត​»។+

២៥ ប៉ុន្តែ នៅ​ខែ​ទី​៧ អ៊ីសម៉ាអែល+ជា​កូន​នេថានៀ ត្រូវ​ជា​ចៅ​អេលីសាម៉ា​ដែល​ជា​ពូជ​ពង្ស​ស្ដេច គាត់​បាន​នាំ​បុរស​១០​នាក់​ទៅ​សម្លាប់​កេដាលៀ​ចោល រួមទាំង​ពួក​យូដា​និង​ពួក​ខាល់ដេ​ដែល​នៅ​ជា​មួយ​នឹង​គាត់​នៅ​ក្រុង​មីសប៉ា​ដែរ។+ ២៦ ក្រោយ​មក បណ្ដា​ជន​ទាំង​អស់ ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ និង​ពួក​មេ​ទ័ព បាន​រត់​គេច​ខ្លួន​ទៅ​ស្រុក​អេហ្ស៊ីប+ ព្រោះ​ពួក​គេ​ខ្លាច​ពួក​ខាល់ដេ។+

២៧ នៅ​ឆ្នាំ​ទី​៣៧​នៃ​គ្រា​ដែល​យេហូយ៉ាគីន+ជា​ស្ដេច​ស្រុក​យូដា​បាន​ជាប់​ជា​ឈ្លើយ អេវីលមេរ៉ូដាក​បាន​គ្រប់​គ្រង​ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ នៅ​ថ្ងៃ​ទី​២៧ ខែ​ទី​១២ ក្នុង​ឆ្នាំ​ដដែល​នោះ គាត់​បាន​ដោះ​លែង​យេហូយ៉ាគីន​ជា​ស្ដេច​ស្រុក​យូដា​ចេញ​ពី​គុក។+ ២៨ ស្ដេច​អេវីលមេរ៉ូដាក​និយាយ​ដោយ​សប្បុរស​ទៅ​កាន់​យេហូយ៉ាគីន ហើយ​លើក​កិត្តិយស​គាត់​ជាង​ស្ដេច​ឯ​ទៀត*ដែល​នៅ​ជា​មួយ​គាត់​ក្នុង​ស្រុក​បាប៊ីឡូន។ ២៩ ដូច្នេះ យេហូយ៉ាគីន​ក៏​ផ្លាស់​សម្លៀក​បំពាក់​អ្នក​ទោស​ចេញ ហើយ​គាត់​បរិភោគ​អាហារ​ជា​មួយ​ស្ដេច​ស្រុក​បាប៊ីឡូន​អស់​មួយ​ជីវិត។ ៣០ ស្ដេច​បាន​ផ្គត់​ផ្គង់​អាហារ​ដល់​គាត់​ជា​រៀង​រាល់​ថ្ងៃ ដរាប​ដល់​គាត់​ស្លាប់។

មាន​ន័យ​ថា​«​ព្រះ​របស់​ខ្ញុំ​គឺ​យេហូវ៉ា​»​

​«​កូន​ចៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​»​ តាម​មើល​ទៅ​នេះ​សំដៅ​លើ​សាលា​មួយ​ដែល​បង្រៀន​ពួក​អ្នក​ប្រកាស​ទំនាយ ឬ​សំដៅ​លើ​ក្រុម​របស់​អ្នក​ប្រកាស​ទំនាយ

ឬ​«​អាវ​សម្រាប់​អ្នក​ប្រកាស​ទំនាយ​»​

នេះ​ក៏​អាច​សំដៅ​លើ​ចិត្ត​ក្លាហាន​និង​ចិត្ត​ខ្នះ​ខ្នែង​របស់​អេលីយ៉ា​ដែរ

ឬ​«​អាវ​សម្រាប់​អ្នក​ប្រកាស​ទំនាយ​»​

នេះ​ក៏​អាច​សំដៅ​លើ​ចិត្ត​ក្លាហាន​និង​ចិត្ត​ខ្នះ​ខ្នែង​របស់​អេលីយ៉ា​ដែរ

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទឹក​នេះ​នឹង​លែង​បណ្ដាល​ឲ្យ​មាន​ការ​រលូត​»​

តាម​មើល​ទៅ​ជា​យេហូសាផាត

តាម​មើល​ទៅ​ជា​យេហូរ៉ាម

ឬ​«​ធ្លាប់​ចាក់​ទឹក​លាង​ដៃ​អេលីយ៉ា​»​

ឬ​«​តើ​អ្នក​មក​រំខាន​ខ្ញុំ​ធ្វើ​អ្វី?​»​

ប្រហែល​ជា​សំដៅ​លើ​ណាម៉ាន

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​លោក​ឪពុក​»​

មាន​ទី​តាំង​នៅ​ក្រុង​សាម៉ារី។ កន្លែង​នោះ​ប្រហែល​ជា​បន្ទាយ​ឬ​ភ្នំ​តូច​មួយ

ន័យ​ត្រង់​«​ស​ដូច​ព្រិល​»​

ឬ​«​១​ភាគ​៤​កាប​»​ ប្រហែលជា​ស្មើ​នឹង​៣០០​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ទ្វារ​ក្រុង​សាម៉ារី​»​

ន័យ​ត្រង់​«​សៀ​»។ មួយ​សៀ​ស្មើ​នឹង​៧,៣៣​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ភាសា​ហេប្រឺ​«​ស៊ីអូរ៉ា​»​ ស្រូវ​ម្យ៉ាង​ដែល​ថោក​ជាង​ស្រូវ​សាលី ហើយ​ច្រើន​តែ​ជា​អាហារ​របស់​មនុស្ស​ក្រី​ក្រ

ន័យ​ត្រង់​«​ជួល​»​

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

ន័យ​ត្រង់​«​ចង្កៀង​»​

ឬ​«​ក្រុង​រ៉ាម៉ូតគីលាត​»​

ន័យ​ត្រង់​«​សួន​ច្បារ​វិមាន​»​

ឬ​«​ពួក​បុរស​ទាំង​៤២​នាក់​»​

ឬ​«​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​យ៉ាង​ណា​ចំពោះ​ព្រះ​យេហូវ៉ា​»​

ឬ​«​បង្គោល​ថ្ម​ពិសិដ្ឋ​»​

ន័យ​ត្រង់​«​ពួក​កេរីន​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

នេះ​សំដៅ​លើ​យេរ៉ូបោម​ទី​២

នេះ​ប្រហែល​ជា​ទាក់​ទង​នឹង​ការ​សុំ​ជំនួយ​ពី​ព្រះ ឬ​ពី​តំណាង​លោក

ប្រហែល​ជា​ប្រវែង​១៧៨​ម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

នេះ​សំដៅ​លើ​យេរ៉ូបោម​ទី​២

មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​បាន​ជួយ​»។ គាត់​ក៏​មាន​ឈ្មោះ​ថា​អូសៀស នៅ​២បស ១៥:១៣; ២ប្រ ២៦:១​-​២៣; អេ ៦:១; សាក ១៤:៥

នេះ​សំដៅ​លើ​សមុទ្រ​អំបិល​ឬ​សមុទ្រ​ស្លាប់

នេះ​សំដៅ​លើ​យេរ៉ូបោម​ទី​២

មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​បាន​ជួយ​»។ គាត់​ក៏​មាន​ឈ្មោះ​ថា​អូសៀស នៅ​២បស ១៥:១៣; ២ប្រ ២៦:១​-​២៣; អេ ៦:១; សាក ១៤:៥

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មួយហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​គាត់​ធ្វើ​ឲ្យ​កូន​គាត់​ឆ្លង​កាត់​ភ្លើង​»​

ន័យ​ត្រង់​«​សមុទ្រ​»​

មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​»​

ន័យ​ត្រង់​«​កោត​ខ្លាច​»​

នេះ​សំដៅ​លើ​គ្រប់​ទី​កន្លែង ទោះ​ជា​មាន​មនុស្ស​តិច​ឬ​ច្រើន​ក្ដី

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឬ​«​គោរព​ប្រណិប័តន៍​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

នេះ​សំដៅ​លើ​គ្រប់​ទី​កន្លែង ទោះ​ជា​មាន​មនុស្ស​តិច​ឬ​ច្រើន​ក្ដី

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​កាត់​»​

ឬ​«​មេ​បញ្ជាការ​»​

ឬ​«​មេ​លើ​មន្ត្រី​ជាន់​ខ្ពស់​»​

ឬ​«​មេ​លើ​អ្នក​កាន់​ពែង​ស្ដេច​»​

ឬ​«​ភាសា​ស៊ីរី​»​

ន័យ​ត្រង់​«​ភាសា​របស់​ជន​ជាតិ​យូដា​»​

ឬ​«​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រវាង​»​

នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

ឬ​«​ធ្វើឲ្យព្រែក​ទន្លេ​នីល​»​

នេះ​សំដៅ​លើ​ហេសេគា

ប្រហែល​ជាគេ​ប្រើ​ជណ្ដើរ​នេះ​ដើម្បី​មើល​ម៉ោង​តាម​ស្រមោល​ថ្ងៃ

ឬ​«​ប្រេង​បាលសាម​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ន័យ​ត្រង់​«​នឹង​ហ៊ឹង​ត្រចៀក​»​

ជា​ខ្សែ​ដែល​ចង​ដុំ​អ្វី​មួយ​សម្រាប់​សំយុង​ស្ទង់​ជំហរ

ន័យ​ត្រង់​«​ឥត​បែរ​ទៅ​ខាង​ឆ្វេង​ឬ​ខាង​ស្ដាំ​ឡើយ​»​

ប្រហែល​ជា​សម្លៀក​បំពាក់​របស់​ស្ដេច​ឬ​សង្ឃ

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

ឬ​«​បន្ទប់​ពិសា​អាហារ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​សមុទ្រ​»​

មួយហត្ថ​ស្មើនឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​តាំង​បល្ល័ង្ក​គាត់​ឲ្យ​ខ្ពស់​ជាង​បល្ល័ង្ក​ស្ដេច​ឯ​ទៀត​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក