បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt អូបាឌា ១-២១
  • អូបាឌា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អូបាឌា
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អូបាឌា

អូបាឌា

១ អូបាឌា*បាន​ទទួល​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ដូច​ត​ទៅ​៖

នេះ​ជា​ដំណឹង​ដែល​អូបាឌា​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ស្ដី​អំពី​ស្រុក​អេដំ​ថា​៖+

​«​យើង​បាន​ឮ​ដំណឹង​មួយ​ពី​ព្រះ​យេហូវ៉ា

ហើយ​លោក​បាន​ចាត់​ទូត​ម្នាក់​ទៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​ឲ្យ​ប្រាប់​ដំណឹង​នោះ​ថា​៖

‹ចូរ​ក្រោក​ឡើង! ចូរ​យើង​ត្រៀម​ប្រយុទ្ធ​ជា​មួយ​នឹង​ស្រុក​អេដំ›​»។+

 ២ ​«​មើល! ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​លែង​មាន​តម្លៃ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា

ហើយ​អ្នក​រង​ការ​មើល​ងាយ​យ៉ាង​ខ្លាំង។+

 ៣ ឱ​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទាំង​ថ្ម​ធំ​ៗ និង​អាស្រ័យ​នៅ​លើ​ទី​ខ្ពស់​អើយ!

ចិត្ត​អំណួត​របស់​អ្នក​បាន​បញ្ឆោត​អ្នក​ហើយ+ ព្រោះ​អ្នក​គិត​ក្នុង​ចិត្ត​ថា​៖

‹តើ​មាន​អ្នក​ណា​អាច​ទម្លាក់​ខ្ញុំ​ចុះ​មក​ដី​បាន?›។

 ៤ ប៉ុន្តែ ទោះ​ជា​អ្នក​ធ្វើ​ទី​អាស្រ័យ​នៅ​លើ​កន្លែង​ដ៏​ខ្ពស់*ដូច​សត្វ​ឥន្ទ្រី

ឬ​ធ្វើ​លំនៅ​ក្នុង​កណ្ដាល​កញ្ចុំ​ផ្កាយ​ក៏​ដោយ

ក៏​ខ្ញុំ​នឹង​ទម្លាក់​អ្នក​ចុះ​ពី​ទី​នោះ​មក​ដែរ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

 ៥ ​«​បើ​ចោរ​ប្លន់​មក​ឯ​អ្នក​នៅ​ពេល​យប់

អ្នក​ច្បាស់​ជា​ត្រូវ​បំផ្លាញ​ទាំង​ស្រុង​ហើយ!*

តើ​ពួក​ចោរ​មិន​លួច​តែ​អ្វី​ដែល​ពួក​គេ​ចង់​បាន​ទេ​ឬ?

ចុះ​បើ​កម្មករ​មក​ប្រមូល​ផ្លែ​ទំពាំង​បាយ​ជូរ​ឲ្យ​អ្នក

តើ​ពួក​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​នៅ​សល់​ទេ​ឬ?+

 ៦ មើល! អ្វី​ៗ​ទាំង​អស់​ដែល​ជា​របស់​អេសាវ ត្រូវ​គេ​យក​អស់​គ្មាន​សល់!

ទោះ​ជា​គាត់​លាក់​ទ្រព្យ​នៅ​កន្លុក​កន្លៀត​ណា​ក្ដី ក៏​គេ​រក​ឃើញ​ដែរ!

 ៧ គេ​បាន​បណ្ដេញ​អ្នក​ទៅ​ដល់​ព្រំ​ប្រទល់​ទឹក​ដី។

សម្ព័ន្ធមិត្ត*ទាំង​អស់​របស់​អ្នក បាន​បោក​បញ្ឆោត​អ្នក។

ពួក​បុរស​ដែល​មាន​សន្តិភាព​ជា​មួយ​នឹង​អ្នក មាន​ប្រៀប​លើ​អ្នក​ហើយ។

ពួក​អ្នក​ដែល​បរិភោគ​ជា​មួយ​អ្នក នឹង​ដាក់​អន្ទាក់​ចាប់​អ្នក

តែ​អ្នក​មិន​ដឹង​ខ្លួន​ទេ។

 ៨ នៅ​គ្រា​នោះ តើ​ខ្ញុំ​នឹង​មិន​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពី​ស្រុក​អេដំ+

ហើយ​ធ្វើ​ឲ្យ​លែង​មាន​ពួក​អ្នក​ចេះ​ដឹង​នៅ​តំបន់​ភ្នំ​របស់​អេសាវ​ទេ​ឬ?​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

 ៩ ​«​ឱ​ថេម៉ាន​អើយ!+ ទ័ព​ដ៏​ខ្លាំង​ពូកែ​របស់​អ្នក​នឹង​ភ័យ​តក់​ស្លុត+

ព្រោះ​ពួក​អ្នក​ដែល​នៅ​តំបន់​ភ្នំ​របស់​អេសាវ​នឹង​ត្រូវ​គេ​កាប់​សម្លាប់។+

១០ ដោយ​សារ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ទៅ​លើ​យ៉ាកុប​ជា​ប្អូន​ប្រុស​ខ្លួន+

នោះ​អ្នក​នឹង​រង​សេចក្ដី​អាម៉ាស់+

ហើយ​អ្នក​នឹង​វិនាស​សាប​សូន្យ​ជា​រៀង​រហូត។+

១១ នៅ​ថ្ងៃ​ដែល​ជន​បរទេស​មក​ចាប់​ទ័ព​របស់​គាត់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ+

នៅ​ថ្ងៃ​ដែល​ជន​ជាតិ​ដទៃ​ចូល​តាម​ខ្លោង​ទ្វារ​របស់​គាត់ ហើយ​ចាប់​ឆ្នោត+យក​អ្វី​ដែល​នៅ​ក្នុង​ក្រុង​យេរូសាឡិម

អ្នក​មិន​គ្រាន់​តែ​ឈរ​មើល​ទេ តែ​ថែម​ទាំង​ប្រព្រឹត្ត​ដូច​ពួក​អ្នក​ទាំង​នោះ​ដែរ។

១២ អ្នក​មិន​ត្រូវ​រីករាយ នៅ​ថ្ងៃ​ដែល​ប្អូន​ប្រុស​របស់​អ្នក​ជួប​អន្តរាយ​ទេ+

អ្នក​មិន​ត្រូវ​អរ​សប្បាយ នៅ​ថ្ងៃ​ដែល​បណ្ដា​ជន​យូដា​វិនាស​ឡើយ+

ហើយ​អ្នក​ក៏​មិន​ត្រូវ​និយាយ​អួតអាង នៅ​ថ្ងៃ​ដែល​ពួក​គេ​កើត​ទុក្ខ​ដែរ។

១៣ អ្នក​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុង*របស់​រាស្ត្រ​ខ្ញុំ នៅ​ថ្ងៃ​ដែល​ពួក​គេ​ហិន​វិនាស​ទេ+

ហើយ​អ្នក​ក៏​មិន​ត្រូវ​រីករាយ នៅ​ថ្ងៃ​ដែល​គាត់​ជួប​អន្តរាយ​ដែរ។

អ្នក​មិន​ត្រូវ​លូក​ដៃ​ទៅ​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់ នៅ​ថ្ងៃ​ដែល​គាត់​វិនាស​អន្តរាយ​ឡើយ។+

១៤ អ្នក​មិន​ត្រូវ​ឈរ​នៅ​ផ្លូវ​បំបែក ដើម្បី​ប្រហារ​ពួក​អ្នក​ដែល​រត់​រួច​ឡើយ+

ហើយ​អ្នក​ក៏​មិន​ត្រូវ​ប្រគល់​អ្នក​ដែល​រួច​ជីវិត ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ​នៅ​ថ្ងៃ​វេទនា​ដែរ។+

១៥ ព្រោះ​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​កាត់​ទោស​ប្រជា​ជាតិ​នា​នា គឺ​ជិត​មក​ដល់​ហើយ។+

ដូច្នេះ អ្នក​ប្រព្រឹត្ត​យ៉ាង​ណា នោះ​អ្នក​នឹង​ទទួល​យ៉ាង​នោះ​ដែរ។+

ការ​ប្រព្រឹត្ត​របស់​អ្នក​ទៅ​លើ​អ្នក​ឯ​ទៀត នឹង​ធ្លាក់​មក​លើ​អ្នក​វិញ។

១៦ ព្រោះ​អ្នក​ផឹក​ស្រា​នៅ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ​យ៉ាង​ណា

ប្រជា​ជាតិ​នា​នា​នឹង​ផឹក​ឥត​ឈប់​យ៉ាង​នោះ​ដែរ។+

ពួក​គេ​នឹង​ផឹក​អស់​រលីង

ហើយ​ពួក​គេ​នឹង​បាត់​សូន្យ​ទៅ​ដូច​ជា​មិន​ដែល​មាន​ពួក​គេ​ឡើយ។

១៧ ប៉ុន្តែ នៅ​លើ​ភ្នំ​ស៊ីយ៉ូន​នឹង​មាន​ពួក​អ្នក​ដែល​រត់​រួច+

ហើយ​ទី​នោះ​នឹង​ទៅ​ជា​បរិសុទ្ធ។+

ពូជ​ពង្ស​យ៉ាកុប​នឹង​បាន​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ​មក​វិញ។+

១៨ ពូជ​ពង្ស​យ៉ាកុប​នឹង​បាន​ដូច​ជា​ភ្លើង

ពូជ​ពង្ស​យ៉ូសែប​នឹង​បាន​ដូច​ជា​អណ្ដាត​ភ្លើង

តែ​ពូជ​ពង្ស​អេសាវ​នឹង​បាន​ដូច​ជា​ចំបើង​វិញ។

ពួក​គេ​នឹង​ឆាប​ឆេះ​ពូជ​ពង្ស​អេសាវ​អស់

ហើយ​គ្មាន​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ។+

ព្រោះ​ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​មាន​ប្រសាសន៍​ហើយ។

១៩ ពួក​គេ​នឹង​យក​បាន​ទឹក​ដី​នៅ​តំបន់​ណេកេប និង​តំបន់​ភ្នំ​របស់​អេសាវ+

ព្រម​ទាំង​តំបន់​សេភីឡា និង​ស្រុក​ភីលីស្ទីន​ដែរ។+

ពួក​គេ​នឹង​យក​បាន​តំបន់​វាល​របស់​អេប្រាអ៊ីម និង​តំបន់​វាល​នៅ​សាម៉ារី​ផង។+

ចំណែក​បេនយ៉ាមីន​វិញ គាត់​នឹង​យក​បាន​ទឹក​ដី​គីលាត។

២០ ចំពោះ​ជន​និរទេស​ដែល​មក​ពី​បន្ទាយ​នេះ+

គឺ​បណ្ដា​ជន​អ៊ីស្រាអែល ពួក​គេ​នឹង​ទទួល​បាន​ទឹក​ដី​របស់​ជន​ជាតិ​កាណាន​រហូត​ដល់​សេរ៉ាផាត+

ហើយ​ជន​និរទេស​ពី​ក្រុង​យេរូសាឡិម​ដែល​រស់​នៅ​សេផារ៉ាត​នឹង​ទទួល​បាន​បណ្ដា​ក្រុង​នៅ​តំបន់​ណេកេប។+

២១ ពួក​អ្នក​សង្គ្រោះ​នឹង​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូន

ដើម្បី​វិនិច្ឆ័យ​តំបន់​ភ្នំ​របស់​អេសាវ+

ហើយ​អំណាច​គ្រប់​គ្រង នឹង​បាន​ទៅ​ជា​របស់​ព្រះ​យេហូវ៉ា​»។+

មាន​ន័យ​ថា​«​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ហោះហើរ​យ៉ាង​ខ្ពស់​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​តើ​ពួក​គេ​នឹង​បំផ្លាញ​ច្រើន​យ៉ាង​ណា?​»​

ឬ​«​ពួក​អ្នក​ដែល​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​»​

ន័យ​ត្រង់​«​ខ្លោង​ទ្វារ​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក