ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម
១ ពីខ្ញុំ ប៉ូល ជាខ្ញុំបម្រើរបស់គ្រិស្តយេស៊ូ។ ខ្ញុំបានត្រូវហៅឲ្យធ្វើជាសាវ័ក* ដើម្បីប្រកាស*ដំណឹងល្អរបស់ព្រះ+ ២ ដែលលោកបានសន្យាទុកជាមុនក្នុងបទគម្ពីរបរិសុទ្ធ តាមរយៈពួកអ្នកប្រកាសទំនាយរបស់លោក ៣ ពោលគឺដំណឹងល្អអំពីបុត្ររបស់លោក ដែលកើតមកជាមនុស្សពីកូនចៅ*របស់ដាវីឌ។+ ៤ ប៉ុន្តែ តាមរយៈឫទ្ធានុភាពបរិសុទ្ធ បុត្រនោះបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ+ ហើយនេះបង្ហាញថាលោកជាបុត្ររបស់ព្រះ។+ បុត្រនោះគឺលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។ ៥ តាមរយៈលោក យើងបានទទួលគុណដ៏វិសេសលើសលប់ និងមុខងារជាសាវ័ក+ ដើម្បីឲ្យប្រជាជាតិនានា+បង្ហាញជំនឿ ហើយធ្វើតាមលោក និងលើកតម្កើងនាមរបស់លោក។ ៦ ក្នុងចំណោមប្រជាជាតិទាំងនោះ អ្នករាល់គ្នាក៏បានត្រូវហៅឲ្យធ្វើជាអ្នកកាន់តាមលោកយេស៊ូគ្រិស្តដែរ។ ៧ ជូនចំពោះអស់អ្នកជាទីស្រឡាញ់របស់ព្រះនៅក្រុងរ៉ូម ដែលបានត្រូវហៅឲ្យធ្វើជាអ្នកបរិសុទ្ធ៖
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់ និងសេចក្ដីសុខសាន្តពីព្រះជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៨ ជាបឋម តាមរយៈលោកយេស៊ូគ្រិស្ត ខ្ញុំសូមអរគុណព្រះអំពីអ្នករាល់គ្នា ពីព្រោះគេតែងតែនិយាយអំពីជំនឿរបស់អ្នករាល់គ្នាពេញពិភពលោកទាំងមូល។ ៩ ខ្ញុំកំពុងបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះយ៉ាងអស់ពីដួងចិត្ត ដោយប្រកាសដំណឹងល្អអំពីបុត្ររបស់លោក។ ព្រះជាសាក្សីថា ខ្ញុំតែងអធិដ្ឋានអំពីអ្នករាល់គ្នាជានិច្ច។+ ១០ ខ្ញុំអធិដ្ឋានអង្វរសុំឲ្យខ្ញុំមានឱកាសទៅឯអ្នករាល់គ្នា ប្រសិនបើសមស្របតាមបំណងប្រាថ្នារបស់ព្រះ។ ១១ ព្រោះខ្ញុំចង់ជួបអ្នករាល់គ្នាខ្លាំងណាស់ ដើម្បីខ្ញុំអាចឲ្យពរពីព្រះដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាបានរឹងមាំ ១២ ឬដើម្បីយើងម្នាក់ៗអាចលើកទឹកចិត្តគ្នាទៅវិញទៅមក+ ដោយជំនឿរបស់យើង គឺជំនឿរបស់អ្នករាល់គ្នា និងជំនឿរបស់ខ្ញុំ។
១៣ ប៉ុន្តែ ខ្ញុំចង់ឲ្យបងប្អូនដឹងច្បាស់ថា ខ្ញុំមានបំណងទៅឯអ្នករាល់គ្នាជាច្រើនដងហើយ តែរហូតមកដល់ពេលនេះ មានអ្វីដែលបានរារាំងខ្ញុំមិនឲ្យទៅ។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំមានបំណងទៅឯអ្នករាល់គ្នា ដើម្បីខ្ញុំអាចទទួលផលខ្លះក្នុងចំណោមអ្នករាល់គ្នា ដូចផលដែលខ្ញុំបានទទួលក្នុងចំណោមប្រជាជាតិឯទៀតដែរ។ ១៤ ខ្ញុំជំពាក់ទាំងពួកក្រិច ទាំងពួកជនបរទេស* ទាំងពួកអ្នកប្រាជ្ញ ទាំងពួកអ្នកអវិជ្ជា។ ១៥ ហេតុនេះ ខ្ញុំក៏ចង់ប្រកាសដំណឹងល្អយ៉ាងខ្លាំងដល់អ្នករាល់គ្នានៅក្រុងរ៉ូមដែរ។+ ១៦ ព្រោះខ្ញុំមិនអៀនខ្មាសក្នុងការប្រកាសដំណឹងល្អឡើយ+ តាមការពិតនោះជាឫទ្ធានុភាពរបស់ព្រះដើម្បីសង្គ្រោះអស់អ្នកដែលមានជំនឿ+ មុនដំបូងពួកយូដា+ រួចមកពួកក្រិច។+ ១៧ ព្រោះដំណឹងល្អបានធ្វើឲ្យអស់អ្នកដែលមានជំនឿឃើញភាពសុចរិត*របស់ព្រះ ហើយនេះពង្រឹងជំនឿរបស់ពួកគេ+ ដូចបទគម្ពីរចែងថា៖ «ប៉ុន្តែ អ្នកដែលសុចរិតនឹងរស់នៅ ដោយសារមានជំនឿ»។+
១៨ ព្រោះព្រះនៅស្ថានសួគ៌កំពុងបង្ហាញឲ្យឃើញកំហឹងរបស់លោក+ ទាស់នឹងអស់អ្នកដែលមិនគោរពកោតខ្លាចលោក និងអស់អ្នកដែលមិនសុចរិត។ ពួកគេប្រព្រឹត្តអំពើមិនសុចរិត ដើម្បីរារាំងមនុស្សឯទៀតមិនឲ្យស្គាល់សេចក្ដីពិត។+ ១៩ ពួកគេគួរតែស្គាល់ព្រះ ពីព្រោះលោកបានបង្ហាញឲ្យពួកគេឃើញអ្វីៗជាច្រើនយ៉ាងជាក់ស្ដែង។+ ២០ ទោះជាមនុស្សមើលមិនឃើញព្រះក៏ដោយ តែពេលពួកគេពិចារណាមើលអ្វីៗដែលលោកបានបង្កើត នោះពួកគេឃើញច្បាស់នូវគុណសម្បត្តិរបស់លោក+ តាំងពីពេលដែលលោកបានបង្កើតពិភពលោកមកម្ល៉េះ ពោលគឺឫទ្ធានុភាពដែលស្ថិតស្ថេរជារៀងរហូត+និងឋានៈរបស់លោកជាព្រះ។+ ដូច្នេះ ពួកគេមិនអាចដោះសាបានឡើយ។ ២១ ទោះជាពួកគេស្គាល់ព្រះក៏ដោយ ពួកគេមិនបានលើកតម្កើងលោកជាព្រះទេ ហើយក៏មិនបានអរគុណលោកដែរ។ ប៉ុន្តែ ពួកគេបែរជាមានគំនិតអសារឥតការ ហើយចិត្តគំនិតរបស់ពួកគេដែលគ្មានការយល់ដឹងបានទៅជាងងឹត។+ ២២ ទោះជាពួកគេអះអាងថាខ្លួនមានប្រាជ្ញាក៏ដោយ ពួកគេបែរជាល្ងង់ខ្លៅវិញ។ ២៣ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានយករូបមនុស្សដែលរមែងខូចទៅ និងរូបសត្វស្លាប និងរូបសត្វជើងបួន និងរូបសត្វលូនវារ មកធ្វើជាតំណាងសិរីរុងរឿងនៃព្រះដែលមិនអាចខូចទៅ។+
២៤ ម្ល៉ោះហើយ ព្រះបានទុកឲ្យពួកគេប្រព្រឹត្តអំពើស្មោកគ្រោកតាមចិត្តប៉ងប្រាថ្នារបស់ពួកគេ។ យ៉ាងនេះ ពួកគេបន្ថោករូបកាយរបស់ខ្លួន។ ២៥ ពួកគេបានប្ដូរសេចក្ដីពិតអំពីព្រះយកសេចក្ដីភូតភរ ក៏បានគោរពបូជានិងបំពេញកិច្ចបម្រើពិសិដ្ឋជូនដល់អ្វីៗដែលបានត្រូវបង្កើតមក ជាជាងជូនដល់ព្រះដែលបានបង្កើតអ្វីៗទាំងនោះ ជាព្រះដែលសមនឹងទទួលការសរសើរតម្កើងជារៀងរហូត។ អាមេន។ ២៦ ហេតុនេះហើយបានជាព្រះទុកឲ្យពួកគេបំពេញចំណង់ដ៏គួរស្អប់ខ្ពើមខាងផ្លូវភេទ+ ព្រោះពួកស្រីៗក្នុងចំណោមពួកគេបានលះបង់ការរួមភេទតាមធម្មជាតិ ទៅប្រព្រឹត្តផ្ទុយពីធម្មជាតិវិញ។+ ២៧ ស្រដៀងគ្នាដែរ ពួកប្រុសៗបានលះបង់ការរួមភេទតាមធម្មជាតិជាមួយនឹងស្រី ហើយក៏មានភ្លើងតណ្ហាក្ដៅគគុកជាមួយនឹងប្រុសឯទៀត គឺប្រុសនិងប្រុស+ប្រព្រឹត្តអំពើអាសអាភាស ហើយពួកគេនឹងទទួលទោស*យ៉ាងពេញលេញសមនឹងអំពើខុសឆ្គងរបស់ពួកគេ។+
២៨ ដោយសារពួកគេមិនចង់មានចំណេះត្រឹមត្រូវអំពីព្រះ នោះព្រះបានទុកឲ្យពួកគេមានរបៀបគិតគូរដែលលោកមិនពេញចិត្ត និងទុកឲ្យពួកគេប្រព្រឹត្តអ្វីដែលមិនសមរម្យ។+ ២៩ ពួកគេពោរពេញទៅដោយភាពមិនសុចរិត+ ភាពទុច្ចរិត ភាពលោភលន់*+ និងភាពអាក្រក់សព្វបែបយ៉ាង ក៏ពេញទៅដោយការច្រណែន+ ការធ្វើឃាតកម្ម+ ការឈ្លោះប្រកែកគ្នា ការបោកបញ្ឆោត+ ការគិតធ្វើអាក្រក់+ ការនិយាយដើមគេ ៣០ បង្កាច់បង្ខូច+ ស្អប់ព្រះ គ្មានការគោរព ក្រអឺតក្រទម អួតអាង គ្រោងធ្វើអាក្រក់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ+ ៣១ គ្មានសមត្ថភាពយល់ដឹង+ ក្បត់សន្យា គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស និងគ្មានមេត្តា។ ៣២ ទោះជាអ្នកទាំងនេះស្គាល់យ៉ាងច្បាស់អំពីច្បាប់ដ៏សុចរិតយុត្តិធម៌របស់ព្រះដែលថា អស់អ្នកដែលប្រព្រឹត្តអំពើបែបនេះ*គួរតែស្លាប់ក៏ដោយ+ ពួកគេនៅតែបន្តប្រព្រឹត្តអំពើទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ពេញចិត្តពួកអ្នកដែលប្រព្រឹត្តអំពើទាំងនោះដែរ។
២ ដូច្នេះ បងប្អូនអើយ ទោះបីអ្នកជានរណាក៏ដោយ+ ប្រសិនបើអ្នកវិនិច្ឆ័យគេ អ្នកមិនអាចដោះសាបានឡើយ។ ព្រោះពេលអ្នកវិនិច្ឆ័យគេអំពីរឿងណា អ្នកក៏ផ្ដន្ទាទោសខ្លួនអំពីរឿងនោះដែរ ដោយហេតុថាអ្នកវិនិច្ឆ័យគេ តែខ្លួនអ្នកប្រព្រឹត្តអំពើនោះដូចគ្នា។+ ២ យើងដឹងថាព្រះវិនិច្ឆ័យទោសពួកអ្នកដែលប្រព្រឹត្តអំពើបែបនោះស្របតាមសេចក្ដីពិត។
៣ ប៉ុន្តែ បងប្អូនអើយ ពេលអ្នកវិនិច្ឆ័យអ្នកដែលប្រព្រឹត្តអំពើបែបនោះ តែខ្លួនអ្នកក៏ប្រព្រឹត្តអំពើបែបនោះដែរ តើអ្នកគិតថាខ្លួននឹងរួចពីការវិនិច្ឆ័យរបស់ព្រះឬ? ៤ តើអ្នកមើលងាយចិត្តសប្បុរស+ ចិត្តអធ្យាស្រ័យ*+ និងចិត្តអត់ធ្មត់+ដ៏បរិបូររបស់លោកឬ? តើអ្នកមិនដឹងទេឬ ថាសេចក្ដីសប្បុរសរបស់ព្រះកំពុងព្យាយាមជំរុញអ្នកឲ្យប្រែចិត្ត?+ ៥ ប៉ុន្តែ ដោយសារអ្នកជាមនុស្សរឹងរូស ហើយមិនព្រមប្រែចិត្ត នោះអ្នកកំពុងប្រមូលកំហឹងរបស់ព្រះទុកសម្រាប់ខ្លួនហើយ។ ព្រះនឹងបង្ហាញកំហឹងនោះនៅថ្ងៃវិនិច្ឆ័យដ៏សុចរិតយុត្តិធម៌របស់លោក។+ ៦ លោកនឹងសងដល់មនុស្សម្នាក់ៗស្របតាមការប្រព្រឹត្តរបស់គេរៀងខ្លួន+ ៧ គឺលោកនឹងឲ្យជីវិតដែលគ្មានទីបញ្ចប់ដល់អស់អ្នកដែលកំពុងស្វែងរកសិរីរុងរឿង កិត្តិយស និងរូបកាយដែលមិនអាចខូចទៅ+ ដោយសារពួកគេកាន់ខ្ជាប់អំពើល្អ។ ៨ ក៏ប៉ុន្តែ ចំពោះអស់អ្នកដែលចេះតែបង្កជម្លោះ ហើយមិនធ្វើតាមសេចក្ដីពិត តែធ្វើតាមសេចក្ដីមិនសុចរិត អ្នកទាំងនោះនឹងបានសេចក្ដីក្រោធនិងកំហឹងវិញ។+ ៩ សេចក្ដីវេទនានិងទុក្ខកង្វល់នឹងកើតមានដល់មនុស្សគ្រប់រូបដែលធ្វើអំពើអាក្រក់ មុនដំបូងដល់ពួកយូដា រួចមកពួកក្រិច។ ១០ ប៉ុន្តែ សិរីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ត នឹងកើតមានដល់អស់អ្នកដែលធ្វើអំពើល្អ មុនដំបូងដល់ពួកយូដា+ រួចមកពួកក្រិច។+ ១១ ពីព្រោះព្រះមិនរើសមុខឡើយ។+
១២ អស់អ្នកណាដែលមិននៅក្រោមច្បាប់ តែធ្វើខុស អ្នកទាំងនោះនឹងស្លាប់ ទោះជាមិននៅក្រោមច្បាប់ក៏ដោយ។+ ប៉ុន្តែ អស់អ្នកដែលធ្វើខុស ពេលនៅក្រោមច្បាប់ អ្នកទាំងនោះនឹងត្រូវវិនិច្ឆ័យស្របតាមច្បាប់នោះ។+ ១៣ ព្រោះចំពោះព្រះ ពួកអ្នកដែលសុចរិត មិនមែនជាអ្នកដែលឮច្បាប់ទេ តែជាអ្នកដែលធ្វើតាមច្បាប់វិញ។ ដូច្នេះ ពួកគេជាអ្នកដែលព្រះប្រកាសថាជាមនុស្សសុចរិត។+ ១៤ ទោះជាជនជាតិដទៃមិនស្គាល់ច្បាប់របស់ព្រះក៏ដោយ+ ពួកគេនៅតែធ្វើអ្វីៗតាមច្បាប់ទាំងនោះ។ នេះបង្ហាញថាពួកគេមានច្បាប់ទាំងនោះនៅក្នុងចិត្តរបស់ពួកគេពីធម្មជាតិ។ ១៥ ការប្រព្រឹត្តរបស់ពួកគេសឲ្យឃើញថាខ្លឹមសារនៃច្បាប់បានត្រូវចារទុកក្នុងចិត្តរបស់ពួកគេ ហើយសមត្ថភាពវិនិច្ឆ័យរបស់ពួកគេរួមធ្វើជាសាក្សីបញ្ជាក់ថា ការប្រព្រឹត្តរបស់ពួកគេគឺខុសឬត្រូវ រួចគំនិតរបស់ពួកគេប្រកាន់ទោសពួកគេ ឬថាពួកគេគ្មានទោសទេ។ ១៦ ការនេះនឹងកើតឡើងនៅថ្ងៃដែលព្រះវិនិច្ឆ័យរឿងអាថ៌កំបាំងរបស់មនុស្សជាតិ តាមរយៈគ្រិស្តយេស៊ូ+ ស្របទៅតាមដំណឹងល្អដែលខ្ញុំប្រកាស។
១៧ ប្រសិនបើអ្នកមានឈ្មោះថាជាជនជាតិយូដា+ ហើយកំពុងពឹងផ្អែកលើច្បាប់ និងមានមោទនភាពដោយសារព្រះ ១៨ ហើយអ្នកស្គាល់បំណងប្រាថ្នារបស់លោក ក៏ចេះសម្គាល់អ្វីៗដែលល្អប្រសើរ ពីព្រោះអ្នកបានត្រូវអប់រំ*អំពីច្បាប់+ ១៩ ហើយអ្នកជឿជាក់ថាខ្លួនជាអ្នកនាំផ្លូវមនុស្សងងឹតភ្នែក និងជាពន្លឺសម្រាប់មនុស្សដែលនៅក្នុងភាពងងឹត ២០ ក៏ជាអ្នកកែតម្រង់មនុស្សឥតវិចារណញ្ញាណ និងជាអ្នកបង្រៀនក្មេងតូចៗ ថែមទាំងជាអ្នកដែលយល់លក្ខណៈសំខាន់ៗនៃចំណេះនិងសេចក្ដីពិតក្នុងច្បាប់ ២១ ដូច្នេះ បើអ្នកបង្រៀនអ្នកឯទៀត តើអ្នកមិនបង្រៀនខ្លួនអ្នកទេឬ?+ បើអ្នកផ្សព្វផ្សាយថា៖ «កុំលួច»+ តើខ្លួនអ្នកលួចឬ? ២២ បើអ្នកប្រាប់ថា៖ «កុំផិតក្បត់»+ តើខ្លួនអ្នកផិតក្បត់ឬ? បើអ្នកស្អប់ខ្ពើមរូបព្រះ តើខ្លួនអ្នកប្លន់វិហារឬ? ២៣ បើអ្នកមានមោទនភាពដោយសារច្បាប់ តើខ្លួនអ្នកបង្ខូចកិត្តិយសព្រះដោយប្រព្រឹត្តរំលងច្បាប់ឬ? ២៤ ពីព្រោះ«ក្នុងប្រជាជាតិនានាគេកំពុងប្រមាថនាមរបស់ព្រះ ដោយសារតែអ្នករាល់គ្នា» ដូចបទគម្ពីរបានចែង។+
២៥ តាមពិត ការកាត់ចុងស្បែក*+មានប្រយោជន៍ លុះត្រាតែអ្នកប្រព្រឹត្តតាមច្បាប់។+ ក៏ប៉ុន្តែ ប្រសិនបើអ្នកប្រព្រឹត្តរំលងច្បាប់ ការដែលអ្នកបានទទួលការកាត់ចុងស្បែក គឺដូចជាអ្នកមិនបានទទួលការកាត់ចុងស្បែកវិញ។ ២៦ ដូច្នេះ ប្រសិនបើអ្នកណាម្នាក់ដែលមិនទាន់ទទួលការកាត់ចុងស្បែក+ តែកាន់តាមតម្រូវការដ៏សុចរិតរបស់ច្បាប់ អ្នកនោះនឹងត្រូវចាត់ទុកដូចជាអ្នកដែលបានទទួលការកាត់ចុងស្បែកហើយ មែនទេ?+ ២៧ ពេលអ្នកណាម្នាក់ដែលមិនកាត់ចុងស្បែក តែប្រព្រឹត្តតាមច្បាប់ អ្នកនោះបង្ហាញថាអ្នកធ្វើខុសច្បាប់ ទោះជាអ្នកមានច្បាប់ជាលាយលក្ខណ៍អក្សរ និងកាត់ចុងស្បែកហើយក៏ដោយ។ ២៨ ព្រោះមិនមែនសម្បកក្រៅទេ ដែលធ្វើឲ្យអ្នកណាម្នាក់ជាជនជាតិយូដាពិតប្រាកដ+ ហើយការកាត់ចុងស្បែករបស់អ្នកនោះ ក៏មិនមែននៅលើរូបកាយរបស់គាត់ដែរ។+ ២៩ ប៉ុន្តែ គឺអ្វីដែលនៅក្នុងចិត្តវិញ ដែលធ្វើឲ្យអ្នកនោះជាជនជាតិយូដាពិតប្រាកដ+ ហើយការកាត់ចុងស្បែករបស់អ្នកនោះ គឺនៅលើចិត្ត+របស់គាត់ដោយឫទ្ធានុភាពរបស់ព្រះ មិនមែនដោយក្បួនច្បាប់ជាលាយលក្ខណ៍អក្សរទេ។+ អ្នកនោះទទួលសេចក្ដីសរសើរពីព្រះ មិនមែនពីមនុស្សឡើយ។+
៣ បើដូច្នេះ តើជនជាតិយូដាប្រសើរជាងអ្នកឯទៀតត្រង់ណា? ឬតើការកាត់ចុងស្បែក*មានប្រយោជន៍អ្វី? ២ គឺមានប្រយោជន៍ច្រើនលើសលប់ក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ មុនដំបូង ប្រសាសន៍ដ៏ពិសិដ្ឋរបស់ព្រះបានត្រូវផ្ញើទុកនឹងពួកគេ។+ ៣ ចុះប្រសិនបើពួកគេគ្មានជំនឿ តើរឿងនេះទៅជាយ៉ាងណាវិញ? តើការដែលពួកគេគ្មានជំនឿធ្វើឲ្យសេចក្ដីស្មោះត្រង់របស់ព្រះមិនកើតការឬ? ៤ ច្បាស់ជាមិនមែនទេ! ទោះជាមនុស្សទាំងអស់ជាអ្នកភូតភរក៏ដោយ+ តែព្រះពិតត្រង់ជានិច្ច+ ដូចបទគម្ពីរចែងថា៖ «ប្រសាសន៍របស់លោកសឲ្យឃើញថាលោកគឺសុចរិត ហើយពេលត្រូវគេវិនិច្ឆ័យ លោកនឹងឈ្នះក្ដី»។+ ៥ ក៏ប៉ុន្តែ ប្រសិនបើភាពមិនសុចរិតរបស់យើងធ្វើឲ្យសេចក្ដីសុចរិតរបស់ព្រះលេចធ្លោ តើយើងត្រូវនិយាយយ៉ាងណា? តើព្រះអយុត្តិធម៌ឬ ពេលលោកដាក់ទោសយើង? (ខ្ញុំកំពុងនិយាយដូចមនុស្សទូទៅ)។ ៦ មិនអាចទៅរួចទេ! បើព្រះអយុត្តិធម៌ តើព្រះអាចវិនិច្ឆ័យពិភពលោកយ៉ាងដូចម្ដេចបាន?+
៧ ប៉ុន្តែ បើពាក្យកុហករបស់ខ្ញុំបានធ្វើឲ្យសេចក្ដីពិតរបស់ព្រះលេចធ្លោជាងមុន ដើម្បីឲ្យលោកទទួលការលើកតម្កើង ចុះហេតុអ្វីបានជាខ្ញុំត្រូវគេវិនិច្ឆ័យថាជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង? ៨ ចុះម្ដេចក៏មិននិយាយថា៖ «ចូរយើងនាំគ្នាប្រព្រឹត្តការអាក្រក់ទៅ ដើម្បីឲ្យកើតការល្អ» ដូចដែលអ្នកខ្លះចោទប្រកាន់មិនពិតថាយើងបាននិយាយដូច្នោះ? អ្នកទាំងនោះនឹងត្រូវផ្ដន្ទាទោសស្របទៅតាមយុត្តិធម៌។+
៩ បើដូច្នេះ តើស្ថានភាពរបស់យើងប្រសើរជាងពួកគេឬទេ? គឺមិនដូច្នោះទេ! ព្រោះដូចដែលយើងបានលើកបញ្ជាក់រួចហើយថា ទាំងពួកយូដា ទាំងពួកក្រិចនៅក្រោមអំណាចនៃភាពខុសឆ្គង+ ១០ ដូចបទគម្ពីរចែងថា៖ «គ្មានមនុស្សណាម្នាក់សុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង។+ ១១ គ្មានអ្នកណាមានសមត្ថភាពយល់ធ្លុះជ្រៅទេ ហើយក៏គ្មានអ្នកណាស្វែងរកព្រះដែរ។ ១២ មនុស្សទាំងអស់បានបែរចេញ ពួកគេទាំងអស់គ្នាបានទៅជាឥតប្រយោជន៍ គ្មានអ្នកណាបង្ហាញសេចក្ដីសប្បុរសទេ សូម្បីតែម្នាក់ក៏គ្មានផង»។+ ១៣ «បំពង់ករបស់ពួកគេគឺដូចជាផ្នូរដែលនៅចំហ។ អណ្ដាតរបស់ពួកគេពោលពាក្យបោកបញ្ឆោត»។+ «ក្នុងមាត់របស់ពួកគេ មានសុទ្ធតែពិសរបស់ពស់វែក»។+ ១៤ «ហើយមាត់របស់ពួកគេពោរពេញទៅដោយពាក្យជេរប្រមាថ និងសម្ដីជូរចត់»។+ ១៥ «ជើងរបស់ពួកគេរហ័សទៅសម្លាប់អ្នកឯទៀត»។*+ ១៦ «គ្រប់ទាំងផ្លូវរបស់ពួកគេពេញទៅដោយអន្តរាយនិងទុក្ខលំបាក ១៧ ហើយពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីសុខសាន្តទេ»។+ ១៨ «ពួកគេមិនកោតខ្លាចព្រះសោះ»។+
១៩ យើងដឹងហើយថា អ្វីៗទាំងអស់ដែលច្បាប់ចែង នោះគឺចែងសម្រាប់ពួកអ្នកដែលនៅក្រោមច្បាប់ ដើម្បីបំបិទមាត់ទាំងអស់ និងដើម្បីឲ្យពិភពលោកទាំងមូលសមនឹងទទួលទោសពីព្រះ។+ ២០ ដូច្នេះ គ្មានអ្នកណាអាចត្រូវលោកប្រកាសថាជាមនុស្សសុចរិត ដោយអាងលើការប្រព្រឹត្តតាមច្បាប់ឡើយ+ ព្រោះច្បាប់ធ្វើឲ្យយើងយល់ច្បាស់អំពីភាពខុសឆ្គង។+
២១ ប៉ុន្តែ ឥឡូវដោយមិនអាងលើច្បាប់ ខ្នាតតម្រារបស់ព្រះស្ដីអំពីអ្វីដែលសុចរិតបានត្រូវបង្ហាញឲ្យឃើញ+ ដូចដែលច្បាប់និងពួកអ្នកប្រកាសទំនាយបានធ្វើជាសាក្សីបញ្ជាក់។+ ២២ ព្រះប្រកាសថាអ្នកណាម្នាក់គឺជាមនុស្សសុចរិត ដោយសារជំនឿរបស់អ្នកនោះលើលោកយេស៊ូគ្រិស្ត ហើយនេះគឺសម្រាប់អស់អ្នកដែលមានជំនឿ។ ព្រោះមនុស្សទាំងអស់មិនខុសពីគ្នាឡើយ+ ២៣ ដោយសារគ្រប់គ្នាធ្លាប់ធ្វើខុស ហើយមិនដល់កម្រិតកំណត់នៃសិរីរុងរឿងរបស់ព្រះទេ។+ ២៤ ប៉ុន្តែ ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ+ លោកបានធ្វើអំណោយទាន+ដោយប្រកាសថាពួកគេគឺជាមនុស្សសុចរិត តាមរយៈការរំដោះដោយថ្លៃលោះដែលគ្រិស្តយេស៊ូបានបង់។+ ២៥ ព្រះបានឲ្យគ្រិស្តជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងមនុស្សនិងលោក+ តាមរយៈជំនឿលើឈាមរបស់គ្រិស្ត។+ ព្រះបានធ្វើដូច្នេះ ដើម្បីបង្ហាញពីសេចក្ដីសុចរិតរបស់លោក ពីព្រោះលោកទ្រាំសង្កត់ចិត្ត ហើយបានអភ័យទោសចំពោះការខុសឆ្គងដែលកើតមាននៅអតីតកាល។ ២៦ នេះក៏ដើម្បីបង្ហាញសេចក្ដីសុចរិតរបស់លោក+នៅគ្រានេះដែរ ដើម្បីឲ្យលោកសុចរិត សូម្បីតែពេលដែលលោកប្រកាសថា អ្នកដែលមានជំនឿលើលោកយេស៊ូគឺជាមនុស្សសុចរិត។+
២៧ បើដូច្នេះ តើមានហេតុឲ្យអួតអាងឬទេ? គ្មានទាល់តែសោះ។ តើច្បាប់អ្វីដែលរារាំងមិនឲ្យអួតអាង? តើដោយសារច្បាប់នៃការប្រព្រឹត្តឬ?+ មិនមែនទេ គឺដោយសារច្បាប់នៃជំនឿ។ ២៨ ព្រោះយើងយល់ឃើញថាមនុស្សម្នាក់នឹងត្រូវប្រកាសថាសុចរិតដោយសារជំនឿ មិនមែនដោយអាងលើច្បាប់ទេ។+ ២៩ ឬតើលោកជាព្រះរបស់ជនជាតិយូដាតែប៉ុណ្ណោះឬ?+ តើលោកមិនមែនជាព្រះរបស់ជនជាតិដទៃដែរទេឬ?+ លោកក៏ជាព្រះរបស់ជនជាតិដទៃដែរ។+ ៣០ ដោយសារព្រះពិតមានតែមួយ+ លោកនឹងប្រកាសថាមនុស្សដែលបានទទួលការកាត់ចុងស្បែក គឺជាមនុស្សសុចរិត+ដោយសារជំនឿរបស់ពួកគេ ហើយក៏ប្រកាសថាមនុស្សដែលមិនបានទទួលការកាត់ចុងស្បែក គឺជាមនុស្សសុចរិត+ដោយសារជំនឿរបស់ពួកគេដែរ។ ៣១ បើដូច្នេះ តើយើងលុបច្បាប់ចោលតាមរយៈជំនឿរបស់យើងឬ? មិនអាចទៅរួចទេ! ផ្ទុយទៅវិញ យើងពង្រឹងច្បាប់។+
៤ បើដូច្នេះ តើយើងអាចនិយាយយ៉ាងណាអំពីអាប្រាហាំដែលជាបុព្វបុរសរបស់យើង? ២ ជាឧទាហរណ៍ ប្រសិនបើអាប្រាហាំបានត្រូវប្រកាសថាជាមនុស្សសុចរិតដោយសារការប្រព្រឹត្ត នោះគាត់មានហេតុអួតអាង។ ប៉ុន្តែ គាត់មិនអាចអួតអាងនៅចំពោះព្រះបានទេ។ ៣ ព្រោះតើបទគម្ពីរចែងយ៉ាងណា? បទគម្ពីរចែងថា៖ «អាប្រាហាំបានជឿព្រះយេហូវ៉ា* ហើយគាត់បានត្រូវចាត់ទុកជាមនុស្សសុចរិត»។+ ៤ ចំណែកអ្នកណាដែលធ្វើការងារ អ្នកនោះមិនចាត់ទុកប្រាក់ដែលគាត់បានទទួលជាអំណោយ*ទេ តែចាត់ទុកជាប្រាក់ដែលគេជំពាក់គាត់។ ៥ រីឯអ្នកណាដែលមិនអាងលើអ្វីដែលខ្លួនធ្វើ តែមានជំនឿលើព្រះ នោះលោកចាត់ទុកគាត់ថាជាមនុស្សសុចរិតដោយសារជំនឿ។ ព្រះអាចចាត់ទុកមនុស្សដែលមានភាពខុសឆ្គងថាជាមនុស្សសុចរិត។+ ៦ ដូចដាវីឌក៏បាននិយាយដែរអំពីសុភមង្គលរបស់អ្នកដែលព្រះចាត់ទុកថាជាមនុស្សសុចរិត ដោយមិនអាងលើអ្វីដែលអ្នកនោះធ្វើ។ គាត់និយាយថា៖ ៧ «អ្នកណាដែលបានត្រូវលើកលែងទោសចំពោះការប្រព្រឹត្តអាក្រក់ ហើយការខុសឆ្គងរបស់ខ្លួនបានត្រូវគ្របបាំង* អ្នកនោះមានសុភមង្គលហើយ។ ៨ អ្នកណាដែលព្រះយេហូវ៉ា*មិនកត់ទុកការខុសឆ្គងរបស់គាត់ អ្នកនោះមានសុភមង្គលហើយ»។+
៩ ដូច្នេះ តើមានតែមនុស្សដែលបានទទួលការកាត់ចុងស្បែក*ប៉ុណ្ណោះឬ ដែលមានសុភមង្គលបែបនេះ? ឬក៏តើមនុស្សដែលមិនបានទទួលការកាត់ចុងស្បែកមានសុភមង្គលបែបនេះដែរ?+ ព្រោះយើងបាននិយាយហើយថា៖ «ព្រះបានចាត់ទុកអាប្រាហាំជាមនុស្សសុចរិត ដោយសារជំនឿរបស់គាត់»។+ ១០ ដូច្នេះ តើនៅពេលណាដែលព្រះចាត់ទុកគាត់ជាមនុស្សសុចរិត? តើពេលដែលគាត់បានទទួលការកាត់ចុងស្បែករួចហើយ ឬពេលដែលមិនទាន់ទទួល? មិនមែនពេលដែលគាត់ទទួលការកាត់ចុងស្បែកហើយនោះទេ តែគឺពេលដែលគាត់មិនទាន់ទទួលការកាត់ចុងស្បែកវិញ។ ១១ គាត់បានទទួលសញ្ញាសម្គាល់មួយ+ ពោលគឺការកាត់ចុងស្បែក ដើម្បីបញ្ជាក់*ថាគាត់សុចរិតតាមរយៈជំនឿដែលគាត់មាន កាលដែលមិនទាន់ទទួលការកាត់ចុងស្បែក ដើម្បីឲ្យគាត់បានទៅជាឪពុករបស់អស់អ្នកដែលមានជំនឿ+ កាលដែលមិនទាន់ទទួលការកាត់ចុងស្បែកនៅឡើយ ដើម្បីឲ្យព្រះអាចចាត់ទុកពួកគេជាមនុស្សសុចរិតដែរ។ ១២ អាប្រាហាំក៏បានទៅជាឪពុករបស់អ្នកដែលទទួលការកាត់ចុងស្បែកដែរ មិនគ្រាន់តែអ្នកដែលកាន់ខ្ជាប់តាមការកាត់ចុងស្បែកប៉ុណ្ណោះទេ តែរួមទាំងអ្នកដែលដើរតាមលំអានដាននៃជំនឿដែលអាប្រាហាំជាឪពុកយើង+ធ្លាប់មាន កាលដែលមិនទាន់ទទួលការកាត់ចុងស្បែកនៅឡើយ។
១៣ ព្រោះអាប្រាហាំឬកូនចៅ*របស់គាត់បានទទួលសេចក្ដីសន្យាថា នឹងទទួលពិភពលោកមួយជាមត៌ក+ មិនមែនតាមរយៈច្បាប់ទេ តែគឺតាមរយៈសេចក្ដីសុចរិតដែលគាត់មានដោយសារជំនឿវិញ។+ ១៤ ព្រោះប្រសិនបើពួកអ្នកដែលកាន់ខ្ជាប់តាមច្បាប់ជាអ្នកទទួលមត៌ក នោះជំនឿបានទៅជាឥតប្រយោជន៍ ហើយសេចក្ដីសន្យានោះទៅជាអសារឥតការ។ ១៥ តាមការពិត ច្បាប់នាំឲ្យមានសេចក្ដីក្រោធពីព្រះ+ ប៉ុន្តែកាលដែលគ្មានច្បាប់ ក៏គ្មានការរំលងដែរ។+
១៦ ហេតុនេះ អាប្រាហាំបានទទួលសេចក្ដីសន្យាដោយសារជំនឿរបស់គាត់ ហើយនេះមានមូលដ្ឋានលើគុណដ៏វិសេសលើសលប់របស់ព្រះ+ ដើម្បីឲ្យកូនចៅ*ទាំងអស់របស់គាត់បានទទួលសេចក្ដីសន្យានោះយ៉ាងពិតប្រាកដ+ មិនគ្រាន់តែពួកអ្នកដែលកាន់ខ្ជាប់តាមច្បាប់ប៉ុណ្ណោះទេ តែរួមទាំងពួកអ្នកដែលកាន់ខ្ជាប់តាមជំនឿរបស់អាប្រាហាំជាឪពុករបស់យើងរាល់គ្នាដែរ+ ១៧ (ដូចបទគម្ពីរចែងថា៖ «ខ្ញុំបានតែងតាំងអ្នកឲ្យទៅជាឪពុករបស់ប្រជាជាតិជាច្រើន»)។+ នេះបានកើតឡើងនៅចំពោះមុខព្រះ ជាព្រះដែលអាប្រាហាំបានជឿ គឺព្រះដែលធ្វើឲ្យមនុស្សស្លាប់មានជីវិតឡើងវិញ ហើយបានមានប្រសាសន៍អំពីអ្វីដែលមិនទាន់មាន ទុកដូចជាមានហើយ។ ១៨ គាត់បានជឿជាក់ថាគាត់នឹងទៅជាឪពុករបស់ប្រជាជាតិជាច្រើន ទោះជាមើលទៅមិនអាចកើតឡើងក៏ដោយ។ គាត់មានជំនឿលើអ្វីដែលព្រះបានមានប្រសាសន៍មកគាត់ថា៖ «អ្នកនឹងមានកូនចៅ*ច្រើនដូច្នេះដែរ»។+ ១៩ ទោះជាជំនឿរបស់គាត់មិនបានទៅជាខ្សោយក៏ដោយ គាត់បានគិតអំពីរូបកាយរបស់គាត់ ដែលចាត់ទុកដូចជាស្លាប់នៅពេលនោះ (ព្រោះគាត់មានអាយុប្រហែល១០០ឆ្នាំហើយ)។+ គាត់ក៏បានគិតអំពីផ្ទៃរបស់សារ៉ា ដែលចាត់ទុកដូចជាស្លាប់ដែរ។+ ២០ ប៉ុន្តែ ដោយសារសេចក្ដីសន្យារបស់ព្រះ គាត់គ្មានការសង្ស័យទាល់តែសោះ។ ផ្ទុយទៅវិញ គាត់មានកម្លាំងខ្លាំងក្លាដោយសារជំនឿរបស់គាត់ ក៏បានលើកតម្កើងព្រះ ២១ ហើយជឿជាក់ទាំងស្រុងថា លោកពិតជាអាចធ្វើតាមសេចក្ដីសន្យារបស់លោក។+ ២២ ដូច្នេះ «គាត់បានត្រូវចាត់ទុកជាមនុស្សសុចរិត»។+
២៣ ប៉ុន្តែ ពាក្យក្នុងបទគម្ពីរដែលថា៖ «គាត់បានត្រូវចាត់ទុកជាមនុស្សសុចរិត» គឺមិនមែនសម្រាប់តែគាត់ប៉ុណ្ណោះទេ+ ២៤ តែក៏សម្រាប់យើងដែរ ជាអ្នកដែលព្រះនឹងកំណត់ថាត្រូវចាត់ទុកជាមនុស្សសុចរិត ពីព្រោះយើងបានជឿលោកដែលបានប្រោសលោកយេស៊ូជាម្ចាស់របស់យើង ឲ្យរស់ពីស្លាប់ឡើងវិញ។+ ២៥ លោកយេស៊ូបានត្រូវប្រគល់ទៅឲ្យគេសម្លាប់ ដើម្បីការខុសឆ្គងរបស់យើង+ ហើយបានត្រូវប្រោសឲ្យរស់ឡើងវិញ ដើម្បីឲ្យព្រះប្រកាសថា យើងជាមនុស្សសុចរិត។+
៥ ឥឡូវនេះ ព្រះបានប្រកាសថាយើងជាមនុស្សសុចរិតដោយសារជំនឿ+ ដូច្នេះចូរយើងរក្សាសន្តិភាព*ជាមួយនឹងព្រះ តាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង+ ២ និងតាមរយៈជំនឿដែលយើងមានលើលោក នោះបានបើកផ្លូវឲ្យយើងទទួលគុណដ៏វិសេសលើសលប់ដែលយើងកំពុងទទួលនៅឥឡូវនេះ។+ ម្យ៉ាងទៀត ដោយមានសេចក្ដីសង្ឃឹមទទួលសិរីរុងរឿងពីព្រះ ចូរយើងត្រេកអរ។ ៣ មិនត្រឹមតែប៉ុណ្ណោះ ចូរយើងត្រេកអរកាលដែលមានទុក្ខវេទនា+ ដោយសារយើងដឹងថាទុក្ខវេទនានាំឲ្យចេះស៊ូទ្រាំ+ ៤ ឯការស៊ូទ្រាំនាំឲ្យព្រះពេញចិត្ត+ រីឯការពេញចិត្តពីព្រះនាំឲ្យមានសេចក្ដីសង្ឃឹម+ ៥ ហើយសេចក្ដីសង្ឃឹមនោះមិននាំឲ្យខកចិត្តឡើយ+ ពីព្រោះសេចក្ដីស្រឡាញ់ពីព្រះបានត្រូវចាក់មកក្នុងចិត្តរបស់យើងតាមរយៈឫទ្ធានុភាពបរិសុទ្ធ ដែលលោកបានឲ្យដល់យើង។+
៦ ព្រោះកាលដែលយើងនៅខ្សោយនៅឡើយ+ គ្រិស្តបានស្លាប់នៅពេលកំណត់ ដើម្បីមនុស្សដែលមិនគោរពកោតខ្លាចព្រះ។ ៧ ពីព្រោះកម្រណាស់ដែលមានអ្នកណាសុខចិត្តស្លាប់ដើម្បីមនុស្សសុចរិត តែដើម្បីមនុស្សល្អ ប្រហែលជាមានអ្នកដែលហ៊ានស្លាប់។ ៨ ប៉ុន្តែ ព្រះបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះយើង ដោយឲ្យគ្រិស្តស្លាប់ដើម្បីយើង កាលដែលយើងនៅជាអ្នកធ្វើខុសនៅឡើយ។+ ៩ ដូច្នេះ យើងកាន់តែប្រាកដក្នុងចិត្តថា យើងនឹងត្រូវសង្គ្រោះតាមរយៈលោក ឲ្យរួចពីសេចក្ដីក្រោធរបស់ព្រះ+ ដោយសារយើងបានត្រូវប្រកាសថាជាមនុស្សសុចរិតតាមរយៈឈាមរបស់លោក។+ ១០ ព្រោះកាលដែលយើងនៅជាសត្រូវនៅឡើយ យើងបានត្រូវផ្សះផ្សាជាមួយនឹងព្រះ តាមរយៈសេចក្ដីស្លាប់នៃបុត្ររបស់លោក។+ ដូច្នេះ ឥឡូវនេះ ក្រោយពីយើងបានត្រូវផ្សះផ្សាហើយ យើងកាន់តែប្រាកដក្នុងចិត្តថា យើងនឹងត្រូវសង្គ្រោះតាមរយៈជីវិតរបស់បុត្រលោក។ ១១ មិនត្រឹមតែប៉ុណ្ណោះ យើងត្រេកអរដោយសារយើងមានចំណងមិត្តភាពជាមួយនឹងព្រះ តាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង គឺតាមរយៈលោក ដែលយើងបានត្រូវផ្សះផ្សាជាមួយនឹងព្រះ។+
១២ ម្ល៉ោះហើយ ភាពខុសឆ្គង*បានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលមកតាមរយៈភាពខុសឆ្គង+ នោះសេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស។+ ១៣ ព្រោះមានការខុសឆ្គងក្នុងពិភពលោក មុនមានច្បាប់* ហើយកាលដែលគ្មានច្បាប់ ការខុសឆ្គងមិនបានត្រូវយកមកគិតឡើយ។+ ១៤ ទោះជាយ៉ាងនោះក៏ដោយ សេចក្ដីស្លាប់បានគ្រប់គ្រងជាស្ដេចលើមនុស្សទាំងអស់ ចាប់តាំងពីសម័យអាដាមរហូតដល់សម័យម៉ូសេ ទោះជាពួកគេមិនបានធ្វើខុសដូចអាដាមក៏ដោយ។ អាដាមជាអ្នកដែលមានភាពស្រដៀងនឹងលោកដែលត្រូវមក។+
១៥ ប៉ុន្តែ អំណោយនោះនិងកំហុសនោះ មានលទ្ធផលខុសគ្នា។ ព្រោះកំហុសរបស់បុរសម្នាក់បាននាំឲ្យមនុស្សជាច្រើនស្លាប់ តែគុណដ៏វិសេសលើសលប់របស់ព្រះនិងអំណោយរបស់លោក បាននាំឲ្យមនុស្សជាច្រើនទទួលប្រយោជន៍ដែលគ្មានអ្វីប្រៀបផ្ទឹមបាន!+ អំណោយនោះបានត្រូវផ្ដល់ឲ្យព្រមគ្នានឹងគុណដ៏វិសេសលើសលប់ ដែលមកតាមរយៈបុរសតែម្នាក់+ គឺលោកយេស៊ូគ្រិស្ត។ ១៦ ម្យ៉ាងទៀត លទ្ធផលដែលមកពីអំណោយនោះ និងលទ្ធផលដែលមកពីបុរសម្នាក់នោះបានធ្វើខុស គឺមិនដូចគ្នាទេ។+ ព្រោះការរំលងតែមួយបាននាំឲ្យមនុស្សទាំងអស់ទទួលការផ្ដន្ទាទោស+ ប៉ុន្តែអំណោយនោះបាននាំឲ្យមនុស្សជាច្រើនបានត្រូវប្រកាសថាជាមនុស្សសុចរិត ទោះជាពួកគេបានប្រព្រឹត្តការរំលងជាច្រើនក៏ដោយ។+ ១៧ ព្រោះប្រសិនបើសេចក្ដីស្លាប់បានគ្រប់គ្រងជាស្ដេច ដោយសារការរំលងរបស់មនុស្សម្នាក់នោះ+ យើងកាន់តែប្រាកដក្នុងចិត្តថាពួកអ្នកដែលទទួលគុណដ៏វិសេសលើសលប់និងអំណោយជាភាពសុចរិតដ៏បរិបូរ+ នឹងរស់ហើយគ្រប់គ្រងជាស្ដេច+ដោយសារមនុស្សម្នាក់នេះ គឺលោកយេស៊ូគ្រិស្ត!+
១៨ ដូច្នេះ ដូចការរំលងតែមួយបាននាំឲ្យមនុស្សគ្រប់ប្រភេទទទួលការផ្ដន្ទាទោស+ នោះការដ៏សុចរិតតែមួយបាននាំឲ្យមនុស្សគ្រប់ប្រភេទ+បានត្រូវប្រកាសថាជាមនុស្សសុចរិត ហើយនាំឲ្យបានជីវិត។+ ១៩ ព្រោះដូចមនុស្សជាច្រើនបានទៅជាមនុស្សមានភាពខុសឆ្គង ដោយសារបុរសម្នាក់នោះមិនបានស្ដាប់បង្គាប់+ នោះមនុស្សជាច្រើននឹងទៅជាមនុស្សសុចរិត ដោយសារមនុស្សម្នាក់នេះបានស្ដាប់បង្គាប់។+ ២០ ឯច្បាប់បានត្រូវបង្កើតឡើង ដើម្បីឲ្យមនុស្សដឹងថាពួកគេបានប្រព្រឹត្តការរំលងជាច្រើន។+ ប៉ុន្តែ នៅកន្លែងណាដែលមានភាពខុសឆ្គងកាន់តែច្រើន នៅកន្លែងនោះមានគុណដ៏វិសេសលើសលប់កាន់តែច្រើនជាងនោះទៅទៀត។ ២១ តើដើម្បីអ្វី? ដូចភាពខុសឆ្គងបានគ្រប់គ្រងជាស្ដេចជាមួយនឹងសេចក្ដីស្លាប់+ នោះគុណដ៏វិសេសលើសលប់របស់ព្រះក៏គ្រប់គ្រងជាស្ដេចតាមរយៈសេចក្ដីសុចរិតដែរ ហើយនេះនាំឲ្យមានជីវិតដែលគ្មានទីបញ្ចប់ តាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។+
៦ បើដូច្នេះ តើយើងគួរនិយាយយ៉ាងណាវិញ? តើយើងគួរបន្តធ្វើខុស ដើម្បីឲ្យគុណដ៏វិសេសលើសលប់មានកាន់តែច្រើនឡើងឬ? ២ មិនមែនទេ! បើគិតអំពីភាពខុសឆ្គង យើងបានស្លាប់ហើយ+ ដូច្នេះតើយើងអាចរស់នៅដោយបន្តធ្វើអំពើខុសឆ្គងដូចម្ដេចបាន?+ ៣ ឬតើអ្នករាល់គ្នាមិនដឹងទេថា យើងទាំងអស់គ្នាដែលបានទទួលការជ្រមុជក្នុងគ្រិស្តយេស៊ូ+ គឺបានទទួលការជ្រមុជក្នុងសេចក្ដីស្លាប់របស់លោក?+ ៤ ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងលោក ដោយសារយើងបានទទួលការជ្រមុជក្នុងសេចក្ដីស្លាប់របស់លោក+ ដើម្បីឲ្យយើងមានរបៀបរស់នៅថ្មី ដូចគ្រិស្តបានត្រូវប្រោសឲ្យរស់ឡើងវិញ តាមរយៈសិរីរុងរឿងរបស់បិតាលោក។+ ៥ ព្រោះប្រសិនបើយើងស្លាប់ដូចលោក+ យើងប្រាកដជានឹងត្រូវប្រោសឲ្យរស់ឡើងវិញដូចលោកដែរ ហើយយ៉ាងនេះ យើងនឹងមានឯកភាពជាមួយនឹងលោក។+ ៦ ពីព្រោះយើងដឹងថាបុគ្គលិកលក្ខណៈចាស់របស់យើងបានត្រូវព្យួរនឹងបង្គោលឈើ*ជាមួយនឹងលោក+ ដើម្បីធ្វើឲ្យរូបកាយរបស់យើងដែលពោរពេញទៅដោយភាពខុសឆ្គង លែងមានអំណាចលើយើងទៀត+ ដើម្បីឲ្យយើងឈប់ធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គងតទៅទៀត។+ ៧ ព្រោះអ្នកដែលស្លាប់ ព្រះចាត់ទុកថាបានទូទាត់ឲ្យជ្រះស្រឡះពី*ភាពខុសឆ្គងរបស់ខ្លួនហើយ។
៨ ម្យ៉ាងទៀត ប្រសិនបើយើងស្លាប់ជាមួយនឹងគ្រិស្ត យើងជឿថាយើងក៏នឹងរស់ជាមួយនឹងលោកដែរ។ ៩ ព្រោះយើងដឹងថា ក្រោយពីគ្រិស្តបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ+ លោកមិនស្លាប់ទៀតឡើយ+ ហើយសេចក្ដីស្លាប់ក៏លែងធ្វើជាម្ចាស់របស់លោកទៀតដែរ។ ១០ ព្រោះលោកបានស្លាប់មួយដងជាការស្រេច+ ដើម្បីដកភាពខុសឆ្គងចេញ ប៉ុន្តែលោករស់ដើម្បីព្រះ។ ១១ អ្នករាល់គ្នាក៏ដូច្នោះដែរ បើគិតអំពីភាពខុសឆ្គង ចូរចាត់ទុកថាខ្លួនបានស្លាប់ហើយ តែតាមរយៈគ្រិស្តយេស៊ូ ចូរចាត់ទុកថាខ្លួនកំពុងរស់នៅដើម្បីព្រះ។+
១២ ដូច្នេះ កុំឲ្យភាពខុសឆ្គងបន្តគ្រប់គ្រងលើរូបកាយ*របស់អ្នករាល់គ្នា+ ដើម្បីនាំឲ្យអ្នករាល់គ្នាធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់វាឡើយ ១៣ ហើយឈប់ប្រគល់អវយវៈរបស់អ្នករាល់គ្នាទៅភាពខុសឆ្គងដើម្បីធ្វើជាអាវុធសម្រាប់ការមិនសុចរិតទៀត។ ប៉ុន្តែ ចូរប្រគល់ខ្លួនទៅព្រះ ទុកជាអ្នកដែលបានរស់ពីស្លាប់ឡើងវិញ ថែមទាំងប្រគល់អវយវៈរបស់អ្នករាល់គ្នាទៅព្រះឲ្យធ្វើជាអាវុធសម្រាប់ការសុចរិតវិញ។+ ១៤ ភាពខុសឆ្គងមិនត្រូវធ្វើជាម្ចាស់របស់អ្នករាល់គ្នាទៀតឡើយ ព្រោះអ្នករាល់គ្នាមិននៅក្រោមច្បាប់ទេ+ តែនៅក្រោមគុណដ៏វិសេសលើសលប់។+
១៥ តើត្រូវធ្វើដូចម្ដេចវិញ? តើគប្បីឲ្យយើងធ្វើខុសដោយសារយើងមិននៅក្រោមច្បាប់ តែនៅក្រោមគុណដ៏វិសេសលើសលប់ឬ?+ ប្រាកដជាមិនមែនទេ! ១៦ តើអ្នករាល់គ្នាមិនដឹងទេឬ ប្រសិនបើអ្នករាល់គ្នាប្រគល់ខ្លួនធ្វើជាខ្ញុំបម្រើដោយធ្វើតាមបង្គាប់របស់អ្នកណា អ្នករាល់គ្នាជាខ្ញុំបម្រើរបស់អ្នកនោះ?+ ដូច្នេះ បើអ្នករាល់គ្នាជាខ្ញុំបម្រើនៃភាពខុសឆ្គង+ អ្នករាល់គ្នានឹងបានសេចក្ដីស្លាប់+ តែបើអ្នករាល់គ្នាជាខ្ញុំបម្រើនៃការស្ដាប់បង្គាប់ អ្នករាល់គ្នានឹងបានសេចក្ដីសុចរិត។ ១៧ ប៉ុន្តែ ខ្ញុំអរគុណព្រះ ដោយសារអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គង តែឥឡូវអ្នករាល់គ្នាស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្តតាមសេចក្ដីបង្រៀនដែលអ្នករាល់គ្នាបានទទួល។ ១៨ ដោយសារអ្នករាល់គ្នាបានត្រូវរំដោះឲ្យរួចពីភាពខុសឆ្គង+ នោះអ្នករាល់គ្នាបានទៅជាខ្ញុំបម្រើនៃសេចក្ដីសុចរិត។+ ១៩ ខ្ញុំកំពុងនិយាយដោយប្រើពាក្យដែលមនុស្សទូទៅយល់ ព្រោះអ្នករាល់គ្នាមានភាពទន់ខ្សោយ។ ដូច្នេះ ឥឡូវចូរប្រគល់អវយវៈរបស់អ្នករាល់គ្នាឲ្យធ្វើជាខ្ញុំបម្រើនៃសេចក្ដីសុចរិត ដែលនាំឲ្យមានការប្រព្រឹត្តដែលព្រះពេញចិត្ត* ដូចអ្នករាល់គ្នាធ្លាប់ប្រគល់អវយវៈខ្លួនឲ្យធ្វើជាខ្ញុំបម្រើនៃសេចក្ដីស្មោកគ្រោកនិងការប្រឆាំងច្បាប់ ដែលនាំឲ្យមានការប្រព្រឹត្តប្រឆាំងច្បាប់។+ ២០ ព្រោះកាលអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គង នោះសេចក្ដីសុចរិតមិនមែនជាម្ចាស់របស់អ្នករាល់គ្នាឡើយ។
២១ ដូច្នេះ តើទង្វើរបស់អ្នករាល់គ្នានាំឲ្យមានផលអ្វីនៅពេលនោះ? ផលនោះជាការទាំងប៉ុន្មានដែលឥឡូវធ្វើឲ្យអ្នករាល់គ្នាអាម៉ាស់មុខ។ ព្រោះនៅទីបំផុត ការទាំងនោះនាំឲ្យស្លាប់។+ ២២ ក៏ប៉ុន្តែ ឥឡូវនេះដោយសារអ្នករាល់គ្នាបានត្រូវរំដោះឲ្យរួចពីភាពខុសឆ្គង ហើយបានទៅជាខ្ញុំបម្រើរបស់ព្រះ នោះអ្នករាល់គ្នាមានផលជាសេចក្ដីបរិសុទ្ធ+ ហើយនៅទីបំផុត ផលនេះនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់។+ ២៣ ព្រោះប្រាក់ឈ្នួលដែលភាពខុសឆ្គងបើកឲ្យ គឺជាសេចក្ដីស្លាប់+ តែអំណោយដែលព្រះផ្ដល់ឲ្យ គឺជាជីវិតដែលគ្មានទីបញ្ចប់+ ដោយគ្រិស្តយេស៊ូជាម្ចាស់របស់យើង។+
៧ បងប្អូនអើយ តើមិនដឹងទេឬ (ព្រោះខ្ញុំកំពុងនិយាយទៅកាន់អ្នកដែលស្គាល់ច្បាប់*ហើយ) ថាច្បាប់គឺជាម្ចាស់លើមនុស្សដរាបណាដែលគេនៅរស់? ២ ជាឧទាហរណ៍ ច្បាប់ចែងថា ស្ត្រីដែលរៀបការហើយ ត្រូវនៅជាប់នឹងប្ដីដរាបណាដែលប្ដីនៅរស់ ប៉ុន្តែប្រសិនបើប្ដីស្លាប់ទៅ នាងរួចផុតពីច្បាប់របស់ប្ដីហើយ។+ ៣ ម្ល៉ោះហើយ ប្រសិនបើនាងរៀបការជាមួយនឹងបុរសផ្សេងទៀតកាលដែលប្ដីនាងនៅរស់ នោះគេនឹងចាត់ទុកនាងជាស្ត្រីផិតក្បត់។+ ប៉ុន្តែ ប្រសិនបើប្ដីនាងស្លាប់ហើយ នាងរួចពីច្បាប់របស់ប្ដី ហើយបើនាងរៀបការជាមួយនឹងបុរសផ្សេងទៀត នាងមិនមែនជាស្ត្រីផិតក្បត់ឡើយ។+
៤ ដូច្នេះ បងប្អូនខ្ញុំអើយ តាមរយៈរូបកាយរបស់គ្រិស្ត អ្នករាល់គ្នាបានរួចផុតពីច្បាប់* ហើយទៅជារបស់អ្នកផ្សេង+ ពោលគឺទៅជារបស់លោកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ+ ដើម្បីឲ្យយើងបង្កើតផលជូនព្រះ។+ ៥ ព្រោះពីមុន ពេលដែលយើងនៅធ្វើតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយនៅឡើយ សេចក្ដីប៉ងប្រាថ្នាខុសទាំងប៉ុន្មានដែលបានត្រូវសឲ្យឃើញតាមរយៈច្បាប់ បានបញ្ចេញឥទ្ធិពលមកលើរូបកាយរបស់យើង ដើម្បីឲ្យយើងបង្កើតផលដែលនាំឲ្យស្លាប់។+ ៦ ប៉ុន្តែ ឥឡូវនេះយើងបានរួចផុតពីចំណងនៃច្បាប់*ហើយ+ ព្រោះយើងប្រៀបដូចជាស្លាប់ចំពោះអ្វីដែលធ្លាប់ឃុំឃាំងយើង។ ដូច្នេះ យើងអាចទៅជាខ្ញុំបម្រើតាមរបៀបថ្មី គឺធ្វើតាមការណែនាំពីឫទ្ធានុភាពរបស់ព្រះ+ មិនមែនតាមរបៀបចាស់ ដោយធ្វើតាមក្បួនច្បាប់ជាលាយលក្ខណ៍អក្សរទេ។+
៧ តើយើងត្រូវនិយាយយ៉ាងណាវិញ? តើច្បាប់ចែងខុសឬ?* ច្បាស់ជាមិនអាចទេ! តាមការពិត ប្រសិនបើគ្មានច្បាប់ នោះខ្ញុំមិនដឹងថាការខុសឆ្គងជាអ្វីទេ។+ ជាឧទាហរណ៍ ប្រសិនបើច្បាប់មិនបានចែងថា៖ «អ្នកមិនត្រូវប៉ងប្រាថ្នាចង់បានរបស់អ្នកដទៃ» នោះខ្ញុំមិនបានដឹងថាការប៉ងប្រាថ្នាចង់បានរបស់អ្នកដទៃគឺខុសឡើយ។+ ៨ ប៉ុន្តែ ភាពខុសឆ្គងបានឆ្លៀតឱកាសតាមរយៈបញ្ញត្ដិនោះ ហើយបណ្ដាលឲ្យខ្ញុំប៉ងប្រាថ្នាចង់បានរបស់សព្វបែបយ៉ាង ដែលជារបស់អ្នកដទៃ ព្រោះពេលគ្មានច្បាប់ ភាពខុសឆ្គងប្រៀបដូចជាស្លាប់ហើយ។+ ៩ តាមការពិត កាលដែលមិនទាន់មានច្បាប់ ខ្ញុំមានជីវិត។ ប៉ុន្តែ ក្រោយពីបញ្ញត្ដិបានមកដល់ហើយ ភាពខុសឆ្គងបានរស់ឡើងវិញ តែខ្ញុំបានស្លាប់។+ ១០ បញ្ញត្ដិនោះដែលគួរនាំទៅដល់ជីវិត+ បែរជានាំខ្ញុំទៅដល់សេចក្ដីស្លាប់វិញ។ ១១ ដោយសារបញ្ញត្ដិនោះ ភាពខុសឆ្គងបានឆ្លៀតឱកាសល្បួងលួងលោមខ្ញុំ ហើយបានសម្លាប់ខ្ញុំតាមរយៈបញ្ញត្ដិនោះ។ ១២ ចំណែកឯច្បាប់វិញ នោះបរិសុទ្ធ ហើយបញ្ញត្ដិគឺបរិសុទ្ធ សុចរិតយុត្តិធម៌ និងល្អ។+
១៣ ដូច្នេះ តើអ្វីដែលល្អបាននាំឲ្យខ្ញុំស្លាប់ឬ? មិនអាចទៅរួចទេ! ប៉ុន្តែគឺភាពខុសឆ្គងវិញ ដែលបាននាំឲ្យខ្ញុំស្លាប់។ នេះបង្ហាញថាភាពខុសឆ្គងបាននាំឲ្យខ្ញុំស្លាប់តាមរយៈអ្វីដែលល្អនោះ+ ដើម្បីសឲ្យឃើញថាភាពខុសឆ្គងជាអ្វី។ ដូច្នេះ តាមរយៈបញ្ញត្ដិនោះបង្ហាញឲ្យឃើញថាភាពខុសឆ្គងពិតជាអាក្រក់ខ្លាំងណាស់។+ ១៤ ព្រោះយើងដឹងថាច្បាប់មកពីព្រះ* ប៉ុន្តែខ្ញុំជាសាច់ឈាម*ដែលបានត្រូវលក់ជាខ្ញុំបម្រើនៃភាពខុសឆ្គង។+ ១៥ ព្រោះខ្ញុំមិនយល់ថាខ្ញុំកំពុងធ្វើអ្វីទេ។ ព្រោះអ្វីដែលខ្ញុំចង់*ធ្វើ ខ្ញុំមិនធ្វើទេ តែខ្ញុំបែរជាធ្វើអ្វីដែលខ្ញុំស្អប់ទៅវិញ។ ១៦ ខ្ញុំយល់ស្របថាច្បាប់គឺល្អប្រសើរ តែខ្ញុំនៅតែធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ។ ១៧ ប៉ុន្តែ មិនមែនខ្ញុំទេដែលធ្វើការនោះ តែគឺជាភាពខុសឆ្គងដែលនៅក្នុងខ្លួនខ្ញុំវិញ។+ ១៨ ព្រោះខ្ញុំដឹងថាក្នុងខ្លួនខ្ញុំ ពោលគឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អសោះ ព្រោះខ្ញុំចង់ធ្វើអ្វីដែលល្អប្រសើរ តែខ្ញុំគ្មានសមត្ថភាពធ្វើការនោះឡើយ។+ ១៩ ព្រោះការល្អដែលខ្ញុំចង់ធ្វើ ខ្ញុំមិនធ្វើទេ ប៉ុន្តែខ្ញុំមានទម្លាប់ធ្វើការអាក្រក់ដែលខ្ញុំមិនចង់ធ្វើវិញ។ ២០ ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំមិនមែនជាអ្នកធ្វើទេ តែគឺជាភាពខុសឆ្គងដែលនៅក្នុងខ្លួនខ្ញុំវិញ។
២១ ដូច្នេះ ក្នុងករណីរបស់ខ្ញុំ ខ្ញុំឃើញថាមានច្បាប់មួយនេះ៖ ពេលខ្ញុំចង់ធ្វើអ្វីដែលត្រឹមត្រូវ នោះអ្វីដែលអាក្រក់នៅជាប់ជាមួយនឹងខ្ញុំ។+ ២២ ក្នុងចិត្តខ្ញុំ ខ្ញុំពិតជាត្រេកអរនឹងច្បាប់របស់ព្រះ+ ២៣ ប៉ុន្តែ ខ្ញុំសង្កេតឃើញថាមានច្បាប់មួយទៀតក្នុងរូបកាយ*របស់ខ្ញុំ ដែលកំពុងច្បាំងនឹងច្បាប់ដែលនៅក្នុងគំនិតរបស់ខ្ញុំ+ ហើយកំពុងនាំខ្ញុំទៅជាឈ្លើយក្រោមអំណាចច្បាប់នៃភាពខុសឆ្គង+ ដែលនៅក្នុងរូបកាយ*របស់ខ្ញុំ។ ២៤ ពិបាកចិត្តណាស់ខ្ញុំ! តើអ្នកណានឹងសង្គ្រោះខ្ញុំពីរូបកាយដែលកំពុងនាំឲ្យខ្ញុំស្លាប់របៀបនេះ? ២៥ ខ្ញុំអរគុណព្រះតាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង! ដូច្នេះ គំនិតរបស់ខ្ញុំជាខ្ញុំបម្រើច្បាប់របស់ព្រះ ប៉ុន្តែរូបកាយរបស់ខ្ញុំជាខ្ញុំបម្រើច្បាប់របស់ភាពខុសឆ្គង។+
៨ ដូច្នេះ គ្មានការផ្ដន្ទាទោសចំពោះពួកអ្នកដែលរួបរួមជាមួយនឹងគ្រិស្តយេស៊ូឡើយ។ ២ តាមការពិត ច្បាប់នៃឫទ្ធានុភាពបរិសុទ្ធបានផ្ដល់ជីវិតឲ្យអ្នក ដើម្បីអ្នកអាចរស់ក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ ហើយច្បាប់នោះបានរំដោះអ្នកឲ្យរួច+ពីច្បាប់នៃភាពខុសឆ្គងនិងសេចក្ដីស្លាប់។ ៣ ព្រោះអ្វីដែលច្បាប់*សម្រេចមិនបាន+ ដោយសារភាពទន់ខ្សោយ+របស់មនុស្ស* នោះព្រះបានធ្វើឲ្យសម្រេចវិញ ដោយចាត់បុត្ររបស់លោកផ្ទាល់+ឲ្យមក មានសណ្ឋានដូចមនុស្សដែលមានភាពខុសឆ្គង+ ដើម្បីបំបាត់ភាពខុសឆ្គង។ យ៉ាងនោះ លោកបានផ្ដន្ទាទោសភាពខុសឆ្គងរបស់មនុស្ស* ៤ ដើម្បីឲ្យយើងបំពេញតម្រូវការដ៏សុចរិតយុត្តិធម៌នៃច្បាប់+ ដោយរស់នៅស្របតាមឫទ្ធានុភាពរបស់ព្រះ មិនមែនរស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយទេ។+ ៥ ព្រោះអ្នកដែលរស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ ផ្ដោតគំនិតទៅលើអ្វីៗដែលពាក់ព័ន្ធនឹងសេចក្ដីប៉ងប្រាថ្នានៃរូបកាយ+ ប៉ុន្តែអ្នកដែលរស់នៅស្របតាមឫទ្ធានុភាពរបស់ព្រះ ផ្ដោតគំនិតទៅលើអ្វីៗដែលពាក់ព័ន្ធនឹងឫទ្ធានុភាពរបស់ព្រះ។+ ៦ ការផ្ដោតគំនិតទៅលើសេចក្ដីប៉ងប្រាថ្នានៃរូបកាយនាំឲ្យស្លាប់+ តែការផ្ដោតគំនិតទៅលើឫទ្ធានុភាពរបស់ព្រះនាំឲ្យបានជីវិតនិងសេចក្ដីសុខសាន្ត+ ៧ ពីព្រោះការផ្ដោតគំនិតទៅលើសេចក្ដីប៉ងប្រាថ្នានៃរូបកាយនាំឲ្យទៅជាសត្រូវរបស់ព្រះ+ ព្រោះសេចក្ដីប៉ងប្រាថ្នានៃរូបកាយ មិនចុះចូលនឹងច្បាប់របស់ព្រះទេ ហើយតាមការពិតក៏មិនអាចចុះចូលដែរ។ ៨ ដូច្នេះ អ្នកដែលរស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ មិនអាចធ្វើឲ្យព្រះពេញចិត្តបានឡើយ។
៩ ក៏ប៉ុន្តែ ប្រសិនបើឫទ្ធានុភាពរបស់ព្រះពិតជាស្ថិតនៅក្នុងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នារស់នៅស្របតាមឫទ្ធានុភាពរបស់ព្រះ+ មិនមែនតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយទេ។ ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់គ្មានចិត្តគំនិតរបស់គ្រិស្ត អ្នកនោះមិនមែនជារបស់លោកឡើយ។ ១០ ប៉ុន្តែ ប្រសិនបើគ្រិស្តកំពុងរួបរួមជាមួយនឹងអ្នករាល់គ្នា+ ទោះជារូបកាយរបស់អ្នកស្លាប់ដោយសារភាពខុសឆ្គងក៏ដោយ ក៏ឫទ្ធានុភាពរបស់ព្រះផ្ដល់ជីវិតតាមរយៈសេចក្ដីសុចរិតវិញ។ ១១ ប្រសិនបើឫទ្ធានុភាពរបស់ព្រះដែលបានប្រោសលោកយេស៊ូឲ្យរស់ពីស្លាប់ឡើងវិញ ស្ថិតនៅក្នុងអ្នករាល់គ្នា នោះព្រះដែលបានប្រោសគ្រិស្តយេស៊ូឲ្យរស់ពីស្លាប់ឡើងវិញ+ ក៏នឹងធ្វើឲ្យរូបកាយរបស់អ្នករាល់គ្នាដែលអាចស្លាប់ មានជីវិតឡើងវិញ+តាមរយៈឫទ្ធានុភាពរបស់លោកដែលស្ថិតនៅក្នុងអ្នករាល់គ្នាដែរ។
១២ ដូច្នេះ បងប្អូនអើយ យើងមានកាតព្វកិច្ច តែមិនមែនជាកាតព្វកិច្ចចំពោះរូបកាយ ដើម្បីរស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយទេ+ ១៣ ព្រោះប្រសិនបើអ្នករាល់គ្នារស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ អ្នករាល់គ្នាប្រាកដជានឹងស្លាប់។ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាលះចោលឲ្យជ្រះស្រឡះនូវអំពើរបស់រូបកាយ+ ដោយមានជំនួយពីឫទ្ធានុភាពរបស់ព្រះ នោះអ្នករាល់គ្នានឹងរស់។+ ១៤ ព្រោះអស់អ្នកណាដែលបានត្រូវដឹកនាំដោយឫទ្ធានុភាពរបស់ព្រះ អ្នកទាំងនោះគឺជាកូនព្រះ។+ ១៥ ព្រោះឫទ្ធានុភាពរបស់ព្រះមិនធ្វើឲ្យយើងទៅជាខ្ញុំបម្រើ និងនាំឲ្យយើងភ័យខ្លាចម្ដងទៀតទេ តែដោយឫទ្ធានុភាពនោះ យើងបានត្រូវទទួលជាកូន ហើយឫទ្ធានុភាពនោះជំរុញឲ្យយើងស្រែកឡើងថា៖ «អប្បា!* បិតាអើយ!»។+ ១៦ ឫទ្ធានុភាពរបស់ព្រះធ្វើជាសាក្សីបញ្ជាក់ជាមួយនឹងចិត្តគំនិតរបស់យើង+ថា យើងជាកូនព្រះ។+ ១៧ ដូច្នេះ ប្រសិនបើយើងជាកូន យើងក៏ជាអ្នកទទួលមត៌កដែរ ពោលគឺទទួលមត៌កពីព្រះ។ យើងអាចទទួលមត៌ករួម+ជាមួយនឹងគ្រិស្តបាន លុះត្រាតែយើងរងទុក្ខជាមួយនឹងលោក+ ដើម្បីឲ្យយើងទទួលសិរីរុងរឿងជាមួយនឹងលោក។+
១៨ ម្ល៉ោះហើយ ខ្ញុំយល់ឃើញថា ទុក្ខលំបាកដែលយើងមាននៅគ្រានេះ មិនជាអ្វីសោះ បើប្រៀបនឹងសិរីរុងរឿងដែលនឹងត្រូវបង្ហាញតាមរយៈយើង។+ ១៩ ព្រោះអ្វីៗដែលព្រះបានបង្កើតកំពុងទន្ទឹងរង់ចាំដោយចិត្តរំភើបនូវគ្រាដែលកូនព្រះនឹងត្រូវបើកបង្ហាញ។+ ២០ ព្រោះអ្វីដែលព្រះបានបង្កើតនោះស្ថិតក្នុងសភាពអសារឥតការ+ មិនមែនដោយបំណងប្រាថ្នារបស់ពួកគេឡើយ តែដោយបំណងប្រាថ្នារបស់ព្រះវិញ ហើយលោកផ្ដល់សេចក្ដីសង្ឃឹមថា ២១ អ្វីៗដែលព្រះបានបង្កើតនឹងត្រូវរំដោះឲ្យរួច+ពីចំណងនៃការខូចរលួយ ដើម្បីមានសេរីភាពដ៏រុងរឿងជាកូនព្រះ។ ២២ ព្រោះយើងដឹងថា អ្វីៗទាំងឡាយដែលព្រះបានបង្កើត ក៏ថ្ងូរនិងឈឺចាប់ជាមួយគ្នាឥតឈប់ រហូតដល់ឥឡូវនេះ។ ២៣ មិនត្រឹមតែប៉ុណ្ណោះទេ យើងដែលបានទទួលផលដំបូងរួចហើយ ពោលគឺឫទ្ធានុភាពរបស់ព្រះ យើងក៏ថ្ងូរក្នុងចិត្ត+ កាលដែលទន្ទឹងចាំព្រះទទួលយកយើងជាកូន+ ដោយរំដោះយើងពីរូបកាយរបស់យើងតាមរយៈថ្លៃលោះ។ ២៤ ព្រោះយើងបានត្រូវសង្គ្រោះកាលដែលមានសេចក្ដីសង្ឃឹមនេះ ប៉ុន្តែពេលយើងទទួលបានដូចដែលសង្ឃឹមហើយ នោះយើងលែងហៅថាសេចក្ដីសង្ឃឹមទៀត ព្រោះប្រសិនបើមនុស្សម្នាក់ទទួលអ្វីដែលគាត់សង្ឃឹមថានឹងទទួល តើគាត់នៅតែសង្ឃឹមទទួលទៀតឬ? ២៥ ប៉ុន្តែ ប្រសិនបើយើងសង្ឃឹម+ទទួលបានអ្វីដែលយើងមិនទាន់ឃើញ+ នោះយើងបន្តរង់ចាំទទួលដោយចិត្តស៊ូទ្រាំ។+
២៦ ស្រដៀងគ្នាដែរ ឫទ្ធានុភាពរបស់ព្រះក៏ជួយត្រង់ចំណុចខ្សោយរបស់យើងដែរ។+ ព្រោះពេលដែលយើងអធិដ្ឋាន យើងមិនដឹងថាគួរអធិដ្ឋានអំពីអ្វីទេ តែឫទ្ធានុភាពអង្វរជំនួសយើងដែលកំពុងថ្ងូរក្នុងចិត្ត។ ២៧ ប៉ុន្តែ ព្រះដែលស្ទង់មើលចិត្ត+ យល់អំពីអត្ថន័យនៃឫទ្ធានុភាព ពីព្រោះឫទ្ធានុភាពអង្វរស្របតាមបំណងប្រាថ្នារបស់លោក ដើម្បីពួកអ្នកបរិសុទ្ធ។
២៨ យើងដឹងថា ព្រះធ្វើឲ្យគ្រប់ការទាំងអស់របស់លោកសហការគ្នា ដើម្បីឲ្យអ្នកដែលស្រឡាញ់ព្រះទទួលប្រយោជន៍ ពោលគឺអ្នកដែលបានត្រូវហៅស្របតាមគោលបំណងរបស់លោក+ ២៩ ពីព្រោះអ្នកដែលលោកបានប្រមូលអារម្មណ៍ទៅលើមុនគេ លោកក៏បានកំណត់ទុកជាមុនឲ្យមានលក្ខណៈតាមគំរូរបស់បុត្រលោកដែរ+ ដើម្បីឲ្យបុត្ររបស់លោកបានទៅជាបុត្រច្បង+ក្នុងចំណោមបងប្អូនជាច្រើននាក់។+ ៣០ ម្យ៉ាងទៀត អ្នកដែលលោកបានកំណត់ទុកជាមុន+ គឺជាអ្នកដែលលោកបានហៅ+ ហើយអ្នកដែលលោកបានហៅ ក៏ជាអ្នកដែលលោកបានប្រកាសថាជាមនុស្សសុចរិតដែរ។+ រីឯអ្នកដែលលោកបានប្រកាសថាជាមនុស្សសុចរិត គឺជាអ្នកដែលលោកបានតម្កើងឲ្យមានសិរីរុងរឿង។+
៣១ ដូច្នេះ តើយើងត្រូវនិយាយយ៉ាងណាអំពីការទាំងនេះ? ប្រសិនបើព្រះគាំទ្រយើង តើអ្នកណានឹងប្រឆាំងយើងបាន?+ ៣២ ដោយសារលោកមិនទាំងបានរារាំងកុំឲ្យបុត្ររបស់លោកផ្ទាល់រងទុក្ខ តែបានប្រគល់បុត្រលោកដើម្បីយើងទាំងអស់គ្នា+ ដូច្នេះតើលោកនឹងមិនមេត្តាផ្ដល់អ្វីៗទាំងអស់ឯទៀតឲ្យយើងព្រមជាមួយនឹងបុត្ររបស់លោកទេឬ? ៣៣ តើអ្នកណានឹងចោទប្រកាន់អ្នកដែលព្រះបានជ្រើសរើស?+ ព្រះជាអ្នកដែលប្រកាសថាអ្នកទាំងនោះជាមនុស្សសុចរិត។+ ៣៤ តើអ្នកណានឹងផ្ដន្ទាទោសអ្នកទាំងនោះ? គ្មានអ្នកណាសោះ ពីព្រោះគ្រិស្តយេស៊ូបានស្លាប់ ហើយបានត្រូវប្រោសឲ្យរស់ឡើងវិញ រួចលោកនៅខាងស្ដាំព្រះ+ ហើយលោកក៏ជាអ្នកដែលអង្វរឲ្យយើងដែរ។+
៣៥ តើមានអ្វីដែលអាចធ្វើឲ្យគ្រិស្តឈប់ស្រឡាញ់យើងឬទេ?+ ទោះជាយើងជួបសេចក្ដីវេទនា ទុក្ខលំបាក ការបៀតបៀន ការស្រេកឃ្លាន គ្រោះថ្នាក់ ដាវ ឬការខ្វះសម្លៀកបំពាក់ តើអ្វីទាំងនោះអាចធ្វើឲ្យលោកឈប់ស្រឡាញ់យើងឬ?+ ៣៦ ដូចបទគម្ពីរចែងថា៖ «យើងប្រឈមមុខនឹងសេចក្ដីស្លាប់ជារៀងរាល់ថ្ងៃ ដោយសារយើងបម្រើលោក គេចាត់ទុកយើងដូចជាចៀមដែលយកទៅសម្លាប់»។+ ៣៧ ផ្ទុយទៅវិញ យើងកំពុងឈ្នះក្នុងការទាំងអស់នេះ+ ដោយសារលោកដែលបានស្រឡាញ់យើង។ ៣៨ ព្រោះខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ ជីវិត ទេវតា ពួកអ្នកគ្រប់គ្រង អ្វីៗនៅគ្រាឥឡូវនេះ អ្វីៗនៅគ្រាខាងមុខ កម្លាំង+ ៣៩ កម្ពស់ ជម្រៅ ឬអ្វីផ្សេងទៀតដែលលោកបានបង្កើតក៏ដោយ ក៏មិនអាចធ្វើឲ្យយើងឃ្លាតចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលត្រូវបង្ហាញតាមរយៈគ្រិស្តយេស៊ូជាម្ចាស់របស់យើងឡើយ។
៩ ខ្ញុំកំពុងនិយាយសេចក្ដីពិតក្នុងនាមជាអ្នកកាន់តាមគ្រិស្ត ខ្ញុំមិនកុហកទេ ព្រោះស្របតាមឫទ្ធានុភាពបរិសុទ្ធ សមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំរួមធ្វើជាសាក្សីជាមួយនឹងខ្ញុំថា ២ ខ្ញុំកើតទុក្ខយ៉ាងខ្លាំង ហើយឈឺចាប់ក្នុងចិត្តជានិច្ច។ ៣ ព្រោះប្រសិនបើខ្ញុំអាចធ្វើទៅបាន ខ្ញុំសុខចិត្តនៅឆ្ងាយពីគ្រិស្ត ដូចជាអ្នកដែលត្រូវបណ្ដាសាជំនួសបងប្អូនរបស់ខ្ញុំ ជាសាច់ញាតិរបស់ខ្ញុំ ៤ ពោលគឺជនជាតិអ៊ីស្រាអែល ជាអ្នកដែលព្រះបានទទួលយកជាកូន+ និងជាអ្នកដែលលោកបានផ្ដល់សិរីរុងរឿង កិច្ចព្រមព្រៀង+ ច្បាប់+ សេចក្ដីសន្យាទាំងប៉ុន្មាន+ ព្រមទាំងផ្ដល់ឯកសិទ្ធិឲ្យបំពេញកិច្ចបម្រើពិសិដ្ឋ+ទៀតផង។ ៥ ពួកគេក៏ជាពូជពង្សរបស់បុព្វបុរស+ ដែលជាបុព្វបុរសរបស់គ្រិស្តដែរ។+ ចូរសរសើរព្រះ ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ ជារៀងរហូតតទៅ។ អាមេន។
៦ ក៏ប៉ុន្តែ នោះមិនមានន័យថាប្រសាសន៍របស់ព្រះមិនបានសម្រេចទេ។ ព្រោះមិនមែនអស់អ្នកដែលជាកូនរបស់អ៊ីស្រាអែល គឺពិតជា«ជនជាតិអ៊ីស្រាអែល»នោះឡើយ។+ ៧ ក៏មិនមែនអស់អ្នកដែលជាកូនចៅ*អាប្រាហាំ គឺពិតជាកូនរបស់គាត់ដែរ+ តែបទគម្ពីរចែងថា៖ «អ្នកដែលនឹងត្រូវហៅថាកូនចៅ*របស់អ្នក នឹងកើតពីអ៊ីសាក»។+ ៨ ដូច្នេះ មិនមែនកូនទាំងអស់របស់អាប្រាហាំដែលកើតមកតាមសាច់ឈាម ជាកូនពិតប្រាកដរបស់ព្រះទេ+ តែជាកូនដែលកើតពីសេចក្ដីសន្យារបស់ព្រះ+ ទើបរាប់ជាកូនចៅ*របស់អាប្រាហាំ។ ៩ ព្រោះសេចក្ដីសន្យានោះគឺដូចតទៅនេះ៖ «នៅពេលកំណត់ ខ្ញុំនឹងមក ហើយសារ៉ានឹងមានកូនប្រុសមួយ»។+ ១០ ប៉ុន្តែ ក៏មានករណីមួយទៀតដែរ គឺពេលដែលរេបិកាមានផ្ទៃពោះជាកូនភ្លោះ ជាមួយនឹងអ៊ីសាកដែលជាបុព្វបុរសរបស់យើង។+ ១១ ព្រោះកាលដែលកូនទាំងនោះមិនទាន់កើតនៅឡើយ ក៏មិនទាន់ធ្វើការល្អឬការអាក្រក់សោះ នោះព្រះបានមានប្រសាសន៍ទុកជាមុនហើយ អំពីអ្នកដែលលោកនឹងជ្រើសរើស។ ពីព្រោះព្រះជ្រើសរើសអ្នកដែលលោកចង់ជ្រើសរើស មិនមែនអាស្រ័យទៅលើការដែលអ្នកនោះធ្វើឡើយ។ ១២ ហេតុនេះហើយបានជាព្រះមានប្រសាសន៍ទៅនាងថា៖ «កូនច្បងនឹងទៅជាខ្ញុំបម្រើរបស់ប្អូនវិញ»។+ ១៣ ដូចបទគម្ពីរចែងថា៖ «ខ្ញុំស្រឡាញ់យ៉ាកុប តែខ្ញុំស្អប់អេសាវវិញ»។+
១៤ ដូច្នេះ តើយើងត្រូវនិយាយយ៉ាងណាវិញ? តើព្រះអយុត្ដិធម៌ឬ? មិនអាចទេ!+ ១៥ ព្រោះលោកមានប្រសាសន៍ទៅម៉ូសេថា៖ «ខ្ញុំនឹងបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នកណាដែលខ្ញុំចង់បង្ហាញសេចក្ដីមេត្តាករុណា ហើយខ្ញុំនឹងអាណិតអាសូរអ្នកណាដែលខ្ញុំអាណិតអាសូរ»។+ ១៦ ដូច្នេះ មិនមែនអាស្រ័យទៅលើអ្នកដែលចង់បាន ឬអ្នកដែលកំពុងខំព្យាយាមទេ តែអាស្រ័យទៅលើព្រះ ដែលបង្ហាញសេចក្ដីមេត្តាករុណា។+ ១៧ ព្រោះបទគម្ពីរចែងអំពីផារ៉ូថា៖ «ខ្ញុំបានទុកឲ្យអ្នករស់ដើម្បីការនេះឯង គឺដើម្បីឲ្យខ្ញុំបង្ហាញឫទ្ធានុភាពរបស់ខ្ញុំដោយសារអ្នក និងដើម្បីឲ្យឈ្មោះរបស់ខ្ញុំត្រូវប្រកាសពាសពេញផែនដីទាំងមូល»។+ ១៨ ម្ល៉ោះហើយ អ្នកណាដែលលោកសម្រេចចិត្តបង្ហាញសេចក្ដីមេត្តាករុណា លោកបង្ហាញដល់អ្នកនោះ តែអ្នកណាដែលលោកអនុញ្ញាតឲ្យរឹងចចេស លោកទុកឲ្យអ្នកនោះរឹងចចេសទៅ។+
១៩ ដូច្នេះ អ្នកនឹងនិយាយមកខ្ញុំថា៖ «ហេតុអ្វីព្រះនៅតែចាប់កំហុសមនុស្ស? ព្រោះតើអ្នកណាអាចទទឹងនឹងបំណងប្រាថ្នារបស់លោកបាន?»។ ២០ ឱមនុស្សអើយ តើអ្នកជាអ្វីបានជាហ៊ានតវ៉ានឹងព្រះ?+ តើរបស់ដែលគេសូនអាចនិយាយទៅអ្នកដែលសូនវាថា៖ «ហេតុអ្វីអ្នកសូនខ្ញុំឲ្យមានរូបរាងបែបនេះ?»។+ ២១ ចុះតើជាងស្មូនមិនមានសិទ្ធិអំណាចលើដីឥដ្ឋមួយដុំនោះ+ ដើម្បីយកធ្វើជាភាជនៈពីរ មួយសម្រាប់ប្រើក្នុងការថ្លៃថ្នូរ ហើយមួយសម្រាប់ប្រើក្នុងការមិនថ្លៃថ្នូរទេឬ? ២២ ចុះបើព្រះត្រាប្រណីដោយចិត្តអត់ធ្មត់ក្រៃលែងចំពោះភាជនៈដែលបានត្រូវបម្រុងទុកដើម្បីបំផ្លាញចោល ទោះជាលោកមានបំណងប្រាថ្នាបង្ហាញសេចក្ដីក្រោធរបស់លោក ហើយក៏មានបំណងប្រាថ្នាឲ្យស្គាល់ឫទ្ធានុភាពរបស់លោកក្ដី? ២៣ ហើយចុះបើលោកបានធ្វើដូច្នេះ ដើម្បីឲ្យភាជនៈដែលលោកនឹងបង្ហាញសេចក្ដីមេត្តាករុណាបានស្គាល់សិរីរុងរឿងដ៏អស្ចារ្យរបស់លោក+ ជាភាជនៈដែលលោកបានបម្រុងទុកដើម្បីឲ្យមានសិរីរុងរឿង ២៤ ពោលគឺពួកយើង ដែលលោកបានហៅ មិនត្រឹមតែហៅមកពីចំណោមជនជាតិយូដាប៉ុណ្ណោះទេ តែពីចំណោមជនជាតិដទៃដែរ+ នោះស្រេចលើលោក មែនទេ? ២៥ គឺដូចលោកក៏មានប្រសាសន៍ក្នុងសៀវភៅហូសេដែរថា៖ «អ្នកដែលមិនមែនជារាស្ត្ររបស់ខ្ញុំ+ ខ្ញុំនឹងហៅថា‹រាស្ដ្ររបស់ខ្ញុំ› ហើយនាងដែលខ្ញុំមិនបានស្រឡាញ់ ខ្ញុំនឹងហៅថា‹ជាទីស្រឡាញ់›វិញ+ ២៦ ហើយនៅកន្លែងណាដែលខ្ញុំនិយាយទៅពួកគេថា៖ ‹អ្នករាល់គ្នាមិនមែនជារាស្ដ្ររបស់ខ្ញុំទេ› នៅកន្លែងនោះពួកគេនឹងត្រូវហៅថា‹កូនរបស់ព្រះដែលមានជីវិតរស់នៅ›»។+
២៧ ម្យ៉ាងទៀត អេសាយបានស្រែកឡើងប្រាប់អំពីអ៊ីស្រាអែលថា៖ «ទោះជាកូនអ៊ីស្រាអែលមានចំនួនច្រើនដូចខ្សាច់ក្នុងសមុទ្រក៏ដោយ មានតែពួកគេមួយចំនួន*ប៉ុណ្ណោះដែលនឹងត្រូវសង្គ្រោះ។+ ២៨ ព្រោះព្រះយេហូវ៉ា*នឹងវិនិច្ឆ័យពួកអ្នកដែលរស់នៅផែនដី ហើយលោកនឹងបង្ហើយការនោះយ៉ាងលឿន»។+ ២៩ អេសាយក៏ថ្លែងទុកជាមុនដែរថា៖ «ប្រសិនបើព្រះយេហូវ៉ា*នៃបណ្ដាកងទ័ពស្ថានសួគ៌មិនបានទុកកូនចៅ*ឲ្យយើងទេ នោះយើងមុខជាដូចក្រុងសូដុម និងក្រុងកូម៉ូរ៉ាមិនខាន»។+
៣០ បើដូច្នេះ តើយើងត្រូវនិយាយយ៉ាងណា? ទោះជាជនជាតិដទៃមិនបានស្វះស្វែងរកសេចក្ដីសុចរិតក៏ដោយ ពួកគេបានសេចក្ដីសុចរិត+ ពោលគឺសេចក្ដីសុចរិតដែលមកពីជំនឿ។+ ៣១ ប៉ុន្តែ ទោះជាជនជាតិអ៊ីស្រាអែលបានខំប្រឹងធ្វើតាមច្បាប់នៃសេចក្ដីសុចរិតក៏ដោយ ក៏ពួកគេមិនបានកាន់ខ្ជាប់តាមច្បាប់នោះដែរ។ ៣២ ហេតុអ្វី? ពីព្រោះពួកគេខំឲ្យបានសេចក្ដីសុចរិតតាមរយៈការដែលពួកគេធ្វើ មិនមែនតាមរយៈជំនឿទេ។ ពួកគេបានជំពប់ដួល*នឹង«ថ្មមួយដែលនាំឲ្យជំពប់ដួល»+ ៣៣ ដូចបទគម្ពីរចែងថា៖ «មើល! នៅស៊ីយ៉ូនខ្ញុំនឹងដាក់ថ្មមួយ+ដែលនាំឲ្យជំពប់ដួល និងផ្ទាំងថ្មមួយដែលនាំឲ្យប្រព្រឹត្តល្មើស ប៉ុន្តែអ្នកណាដែលបង្ហាញជំនឿលើលោកនឹងមិនខកចិត្តឡើយ»។+
១០ បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាក្នុងចិត្ត ក៏អង្វរសុំព្រះឲ្យពួកគេទទួលសេចក្ដីសង្គ្រោះ។+ ២ ព្រោះខ្ញុំជាសាក្សីបញ្ជាក់ថា ពួកគេមានចិត្តខ្នះខ្នែងក្នុងការបម្រើព្រះ+ តែគ្មានចំណេះត្រឹមត្រូវ។ ៣ ព្រោះដោយសារពួកគេមិនស្គាល់សេចក្ដីសុចរិតរបស់ព្រះ+ តែខំប្រឹងបញ្ជាក់ថាខ្លួនជាអ្នកសុចរិត+ នោះពួកគេមិនបានចុះចូលនឹងសេចក្ដីសុចរិតរបស់ព្រះទេ។+ ៤ ព្រោះគ្រិស្តជាទីបញ្ចប់នៃច្បាប់*+ ដើម្បីឲ្យអស់អ្នកណាដែលបង្ហាញជំនឿមានសេចក្ដីសុចរិត។+
៥ ព្រោះម៉ូសេបានសរសេរអំពីសេចក្ដីសុចរិតយុត្តិធម៌នៃច្បាប់ថា៖ «អ្នកណាដែលធ្វើតាមតម្រូវការទាំងនេះ អ្នកនោះនឹងបានជីវិតដោយសារបញ្ញត្តិនិងក្រឹត្យក្រមទាំងនោះ»។+ ៦ ក៏ប៉ុន្តែ ស្ដីអំពីសេចក្ដីសុចរិតដែលមកពីជំនឿ បទគម្ពីរចែងថា៖ «កុំនិយាយក្នុងចិត្ត+ថា៖ ‹តើអ្នកណានឹងឡើងទៅស្ថានសួគ៌?›+ ពោលគឺដើម្បីនាំគ្រិស្តចុះមក ៧ ឬ‹តើអ្នកណានឹងចុះទៅក្នុងទីជ្រៅបំផុត?›+ ពោលគឺដើម្បីនាំគ្រិស្តឡើងពីចំណោមមនុស្សស្លាប់»។ ៨ ប៉ុន្តែ តើបទគម្ពីរចែងយ៉ាងណា? បទគម្ពីរចែងថា៖ «បណ្ដាំនោះនៅជិតអ្នក គឺនៅក្នុងមាត់របស់អ្នក និងនៅក្នុងចិត្តរបស់អ្នក»+ ពោលគឺ«បណ្ដាំ»ដែលបានត្រូវទទួលដោយសារជំនឿ ជាបណ្ដាំដែលយើងកំពុងផ្សព្វផ្សាយ។ ៩ ប្រសិនបើមាត់របស់អ្នកប្រកាសជាសាធារណៈថាលោកយេស៊ូជាម្ចាស់+ ហើយអ្នកមានជំនឿក្នុងចិត្តថាព្រះបានប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងត្រូវសង្គ្រោះ។ ១០ ព្រោះការមានចិត្តជឿ នាំឲ្យបានសេចក្ដីសុចរិត ប៉ុន្តែតាមរយៈមាត់ដែលប្រកាសជាសាធារណៈអំពីជំនឿនោះ+ នាំឲ្យបានសេចក្ដីសង្គ្រោះ។
១១ ព្រោះបទគម្ពីរចែងថា៖ «អ្នកណាដែលបង្ហាញជំនឿលើលោក អ្នកនោះនឹងមិនខកចិត្តឡើយ»។+ ១២ ព្រោះពួកយូដានិងពួកក្រិចគឺមិនខុសពីគ្នាទេ+ ដោយសារមានម្ចាស់តែមួយលើពួកគេទាំងអស់គ្នា លោកជាអ្នកដែលផ្ដល់អ្វីៗជាបរិបូរ*ដល់អស់អ្នកណាដែលហៅរកលោក។ ១៣ ព្រោះ«អស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ា*នឹងត្រូវសង្គ្រោះ»។+ ១៤ ក៏ប៉ុន្តែ តើពួកគេនឹងហៅរកនាមរបស់លោកយ៉ាងដូចម្ដេច ប្រសិនបើមិនមានជំនឿលើលោក? ហើយតើពួកគេនឹងមានជំនឿលើលោកយ៉ាងដូចម្ដេច ប្រសិនបើមិនបានឮអំពីលោក? ហើយតើពួកគេនឹងឮយ៉ាងដូចម្ដេច ប្រសិនបើគ្មានអ្នកណាផ្សព្វផ្សាយ? ១៥ ហើយតើពួកគេនឹងផ្សព្វផ្សាយយ៉ាងដូចម្ដេច ប្រសិនបើពួកគេមិនបានត្រូវចាត់ឲ្យទៅ?+ ដូចបទគម្ពីរចែងថា៖ «ជើងរបស់អ្នកដែលប្រកាសដំណឹងល្អអំពីអ្វីដ៏ប្រសើរ គឺស្អាតណាស់ហ្ន៎!»។+
១៦ ទោះជាយ៉ាងនោះក៏ដោយ មិនមែនពួកគេទាំងអស់គ្នាបានធ្វើតាមដំណឹងល្អឡើយ។ ព្រោះអេសាយនិយាយថា៖ «ព្រះយេហូវ៉ា* តើអ្នកណាបានជឿអ្វីដែលឮពីយើង?»។+ ១៧ ដូច្នេះ ក្រោយពីឮបណ្ដាំ ទើបមានជំនឿ+ ហើយគេបានឮបណ្ដាំ ដោយសារមានអ្នកណាម្នាក់និយាយអំពីគ្រិស្ត។ ១៨ ក៏ប៉ុន្តែ ខ្ញុំសូមសួរថា មិនមែនពួកគេមិនបានឮទេ មែនទេ? តាមការពិត«សំឡេងនៃអ្វីទាំងនោះលាន់ឮពេញផែនដី ហើយក៏ផ្សាយដល់គ្រប់ទីអាស្រ័យនៅ»។+ ១៩ ប៉ុន្តែ ខ្ញុំសូមសួរថា មិនមែនអ៊ីស្រាអែលមិនបានយល់ទេ មែនទេ?+ មុនបង្អស់ ម៉ូសេនិយាយថា៖ «ខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែន តាមរយៈបណ្ដាជនដែលមិនមែនជាប្រជាជាតិមួយ ហើយខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាមានកំហឹងក្រៃលែងតាមរយៈប្រជាជាតិល្ងង់ខ្លៅមួយ»។+ ២០ ប៉ុន្តែ អេសាយនិយាយដោយក្លាហានថា៖ «ពួកអ្នកដែលមិនស្វែងរកខ្ញុំ បែរជារកឃើញខ្ញុំ។+ ខ្ញុំបានបង្ហាញខ្លួនដល់ពួកអ្នកដែលមិនបានសួររកខ្ញុំ»។+ ២១ ប៉ុន្តែ គាត់និយាយអំពីអ៊ីស្រាអែលថា៖ «ពេញមួយថ្ងៃ ខ្ញុំបានលាដៃទៅរកបណ្ដាជនមួយដែលមិនស្ដាប់បង្គាប់ ហើយរឹងចចេស»។+
១១ ដូច្នេះ ខ្ញុំសូមសួរថា តើព្រះបានបដិសេធរាស្ដ្ររបស់លោកឬ?+ ច្បាស់ជាមិនអាចទេ! ព្រោះខ្ញុំក៏ជាជនជាតិអ៊ីស្រាអែលដែរ គឺជាកូនចៅ*អាប្រាហាំ ហើយមកពីកុលសម្ព័ន្ធបេនយ៉ាមីន។ ២ ព្រះមិនបានបដិសេធរាស្ត្ររបស់លោក ដែលលោកបានជ្រើសរើសមុនគេឡើយ។+ តើអ្នកមិនស្គាល់បទគម្ពីរដែលចែងអំពីអេលីយ៉ា ពេលគាត់អង្វរព្រះទាស់នឹងអ៊ីស្រាអែលទេឬ? ៣ បទគម្ពីរចែងថា៖ «ព្រះយេហូវ៉ា ពួកគេបានសម្លាប់ពួកអ្នកប្រកាសទំនាយរបស់លោក ហើយបានរំលំទីបូជាទាំងប៉ុន្មានរបស់លោក។ ពេលនេះនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយឥឡូវពួកគេកំពុងតាមសម្លាប់ខ្ញុំទៀត»។+ ៤ ប៉ុន្តែ តើព្រះតបទៅគាត់យ៉ាងណា? ព្រះតបទៅគាត់ថា៖ «ខ្ញុំនៅមានមនុស្ស៧.០០០នាក់ទៀត ដែលមិនបានលុតជង្គង់ក្រាបគោរពរូបព្រះបាល»។+ ៥ ដូច្នេះ នៅគ្រានេះក៏ដូចគ្នាដែរ នៅមានមនុស្សមួយចំនួនដែលនៅសល់+ គឺពួកអ្នកដែលបានត្រូវជ្រើសរើសដោយសារគុណដ៏វិសេសលើសលប់។ ៦ ប្រសិនបើការជ្រើសរើសគឺដោយសារគុណដ៏វិសេសលើសលប់+ ការជ្រើសរើសនោះមិនផ្អែកលើការប្រព្រឹត្តតទៅទៀតឡើយ+ ព្រោះបើផ្អែកលើការប្រព្រឹត្ត គុណដ៏វិសេសលើសលប់នោះ មិនមែនជាគុណដ៏វិសេសលើសលប់ទៀតទេ។
៧ បើដូច្នេះ តើយើងត្រូវនិយាយយ៉ាងណាវិញ? អ្វីដែលអ៊ីស្រាអែលកំពុងព្យាយាមរក ពួកគេមិនបានទទួលឡើយ។ ប៉ុន្តែ ពួកអ្នកដែលបានត្រូវជ្រើសរើស ពួកគេបានទទួលវិញ។+ ចំណែកអ្នកឯទៀត ពួកគេបានទៅជាមនុស្សរឹងរូស+ ៨ ដូចបទគម្ពីរចែងថា៖ «ព្រះបានធ្វើឲ្យពួកគេដេកលក់ស៊ប់*+ ក៏ឲ្យមានភ្នែកមើលមិនឃើញ និងឲ្យមានត្រចៀកស្ដាប់មិនឮ រហូតដល់សព្វថ្ងៃនេះ»។+ ៩ ម្យ៉ាងទៀត ដាវីឌនិយាយថា៖ «សូមឲ្យតុរបស់ពួកគេទៅជាអន្ទាក់ និងជាឧបសគ្គដែលនាំឲ្យជំពប់ដួល ហើយជាហេតុដែលនាំឲ្យពួកគេទទួលទោស។ ១០ សូមឲ្យភ្នែករបស់ពួកគេទៅជាងងឹត ហើយធ្វើឲ្យខ្នងរបស់ពួកគេកោងរហូតតទៅ»។+
១១ ដូច្នេះ ខ្ញុំសូមសួរថា តើពួកគេបានជំពប់ដួលងើបលែងរួចឬ? មិនមែនទេ! ប៉ុន្តែ ដោយសារពួកគេបានធ្វើខុស* នោះជនជាតិដទៃមានឱកាសទទួលសេចក្ដីសង្គ្រោះ ដើម្បីធ្វើឲ្យពួកគេច្រណែន។+ ១២ ប្រសិនបើការធ្វើខុស*របស់ពួកគេនាំឲ្យពិភពលោកទទួលពរ ហើយការថយចុះរបស់ពួកគេនាំឲ្យជនជាតិដទៃទទួលពរ+ ទម្រាំតែពួកគេមានគ្រប់ចំនួនវិញ នោះនឹងមានពរកាន់តែច្រើនជាងនោះទៅទៀត!
១៣ ពេលនេះ ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាដែលជាជនជាតិដទៃ។ ព្រោះខ្ញុំជាសាវ័កសម្រាប់ជនជាតិដទៃ+ ខ្ញុំលើកតម្កើងកិច្ចបម្រើរបស់ខ្ញុំ+ ១៤ ដើម្បីខ្ញុំអាចធ្វើឲ្យជនរួមជាតិរបស់ខ្ញុំច្រណែនជនជាតិដទៃ។ យ៉ាងនេះ ខ្ញុំប្រហែលជាអាចសង្គ្រោះជនរួមជាតិរបស់ខ្ញុំបានខ្លះ។ ១៥ ព្រោះប្រសិនបើការបោះបង់ពួកគេចោល+នាំឲ្យពិភពលោកផ្សះផ្សាទំនាក់ទំនងជាមួយនឹងព្រះ នោះការទទួលពួកគេ ប្រាកដជានឹងនាំឲ្យអ្នកទាំងនោះរស់ពីស្លាប់ឡើងវិញ។ ១៦ ម្យ៉ាងទៀត ប្រសិនបើចំណែកនៃដុំម្សៅដែលបានត្រូវយកជាផលដំបូងគឺបរិសុទ្ធ នោះដុំម្សៅទាំងមូលក៏បរិសុទ្ធដែរ ហើយប្រសិនបើឫសគឺបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ។
១៧ ក៏ប៉ុន្តែ ប្រសិនបើមែកដើមអូលីវខ្លះបានត្រូវកាច់ចោល តែអ្នកបានត្រូវផ្សាំក្នុងចំណោមមែកដែលនៅសល់ ក៏ស្រូបជីជាតិដ៏បរិបូរពីឫសនៃដើមអូលីវ រួមជាមួយនឹងមែកឯទៀតដែរ ទោះជាអ្នកជាមែកអូលីវព្រៃក៏ដោយ ១៨ កុំមើលងាយមែកដែលបានត្រូវកាច់ចោលឡើយ។ ប៉ុន្តែ បើអ្នកមើលងាយមែកទាំងនោះ+ ចូរចាំថា មិនមែនអ្នកទេដែលចិញ្ចឹមឫស តែគឺឫសទេដែលចិញ្ចឹមអ្នក។ ១៩ អ្នកនឹងនិយាយថា៖ «មែកខ្លះបានត្រូវកាច់ចោល ដើម្បីខ្ញុំអាចត្រូវផ្សាំវិញ»។+ ២០ ត្រូវហើយ! ពួកគេបានត្រូវកាច់ចោលដោយសារគ្មានជំនឿ+ តែអ្នកកំពុងឈរដោយសារមានជំនឿ។+ កុំអួតខ្លួនឡើយ តែចូរមានចិត្តកោតខ្លាចវិញ។ ២១ ព្រោះប្រសិនបើព្រះមិនបានត្រាប្រណីដល់មែកពីកំណើត នោះលោកក៏នឹងមិនត្រាប្រណីដល់អ្នកដែរ។ ២២ ដូច្នេះ ចូរពិចារណាចុះ ព្រះសប្បុរស+ ហើយម៉ឺងម៉ាត់។ លោកប្រព្រឹត្តយ៉ាងម៉ឺងម៉ាត់ចំពោះពួកអ្នកដែលបានដួល+ តែលោកប្រព្រឹត្តយ៉ាងសប្បុរសចំពោះអ្នករាល់គ្នា ឲ្យតែអ្នករាល់គ្នាបន្តធ្វើជាអ្នកដែលសមនឹងទទួលសេចក្ដីសប្បុរសពីលោក។ ពុំនោះសោត អ្នករាល់គ្នាក៏នឹងត្រូវកាត់ចោលដែរ។ ២៣ ប្រសិនបើពួកគេចាប់ផ្ដើមមានជំនឿ នោះពួកគេក៏នឹងត្រូវផ្សាំដែរ+ ព្រោះព្រះអាចផ្សាំពួកគេវិញបាន។ ២៤ ព្រោះប្រសិនបើអ្នកបានត្រូវកាត់ចេញពីដើមអូលីវដែលជាពូជព្រៃ រួចអាចផ្សាំខុសពីធម្មជាតិជាប់នឹងដើមអូលីវស្រុកបានទៅហើយ ចុះទម្រាំតែអ្នកទាំងនេះដែលជាមែកពីកំណើត ពួកគេច្បាស់ជានឹងត្រូវផ្សាំជាប់នឹងដើមរបស់ពួកគេវិញជាងនោះទៀត!
២៥ បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាមានចំណេះអំពីអាថ៌កំបាំងដ៏ពិសិដ្ឋ+ ដើម្បីកុំឲ្យអ្នករាល់គ្នាចាត់ទុកខ្លួនជាអ្នកមានប្រាជ្ញា។ អាថ៌កំបាំងដ៏ពិសិដ្ឋនោះគឺ ជនជាតិអ៊ីស្រាអែលមួយផ្នែកបានទៅជារឹងចចេស រហូតដល់ជនជាតិដទៃបានចូលមកគ្រប់ចំនួន។ ២៦ តាមរបៀបនេះ អ៊ីស្រាអែល+នឹងត្រូវសង្គ្រោះ។ ដូចបទគម្ពីរចែងថា៖ «អ្នកសង្គ្រោះនឹងចេញមកពីស៊ីយ៉ូន+ រួចធ្វើឲ្យកូនចៅយ៉ាកុបជៀសចេញពីអំពើទុច្ចរិត*របស់ពួកគេ។ ២៧ នេះហើយជាកិច្ចព្រមព្រៀងរបស់ខ្ញុំជាមួយនឹងពួកគេ+ ពេលដែលខ្ញុំដកការខុសឆ្គងរបស់ពួកគេចេញ»។+ ២៨ ពិតមែន បើនិយាយអំពីដំណឹងល្អ ពួកគេជាសត្រូវរបស់ព្រះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។ ប៉ុន្តែ បើនិយាយអំពីការជ្រើសរើសវិញ ពួកគេជាទីស្រឡាញ់របស់ព្រះ ដើម្បីជាប្រយោជន៍ដល់ពួកបុព្វបុរសរបស់ពួកគេ។+ ២៩ ព្រោះព្រះនឹងមិនស្ដាយអំណោយរបស់លោក និងអ្នកដែលលោកបានហៅទេ។ ៣០ ពីមុនអ្នករាល់គ្នាមិនស្ដាប់បង្គាប់ព្រះ+ តែឥឡូវអ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាករុណា+ ដោយសារពួកគេមិនស្ដាប់បង្គាប់វិញ។+ ៣១ ការដែលពួកគេមិនស្ដាប់បង្គាប់ ធ្វើឲ្យព្រះផ្ដល់សេចក្ដីមេត្តាករុណាដល់អ្នករាល់គ្នា។ ដូច្នេះ ឥឡូវព្រះក៏ផ្ដល់សេចក្ដីមេត្តាករុណាដល់ពួកគេដែរ។ ៣២ ពីព្រោះព្រះបានឃុំពួកគេគ្រប់គ្នាទុកឲ្យនៅក្នុងការមិនស្ដាប់បង្គាប់+ ដើម្បីលោកអាចបង្ហាញសេចក្ដីមេត្តាករុណាដល់ពួកគេទាំងអស់គ្នា។+
៣៣ ពរ ប្រាជ្ញា និងចំណេះរបស់ព្រះ គឺបរិបូរណាស់ហ្ន៎! ការវិនិច្ឆ័យរបស់លោកគ្មានអ្នកណាអាចស្វែងយល់បានទេ ហើយផ្លូវរបស់លោកគ្មានអ្នកណាអាចវាស់ស្ទង់បានឡើយ! ៣៤ ព្រោះ«តើអ្នកណាស្គាល់គំនិតរបស់ព្រះយេហូវ៉ា? ឬតើអ្នកណាអាចធ្វើជាទីប្រឹក្សារបស់លោកបាន?»+ ៣៥ ឬ«តើអ្នកណាបានជូនអ្វីមួយទៅលោកមុន ដើម្បីឲ្យលោកត្រូវសងអ្នកនោះវិញ?»។+ ៣៦ ពីព្រោះអ្វីៗទាំងអស់កើតមកពីលោក ក៏មាននៅដោយសារលោក ហើយគឺសម្រាប់លោក។ សូមឲ្យលោកមានសិរីរុងរឿងជារៀងរហូតតទៅ។ អាមេន។
១២ បងប្អូនអើយ ហេតុនេះ ខ្ញុំសូមអង្វរអ្នករាល់គ្នាដោយសេចក្ដីមេត្តាករុណារបស់ព្រះ ឲ្យប្រគល់រូបកាយរបស់ខ្លួន+ជាគ្រឿងបូជាដែលមានជីវិត ក៏បរិសុទ្ធ+ ហើយគាប់ចិត្តព្រះ។ យ៉ាងនេះ អ្នករាល់គ្នានឹងបំពេញកិច្ចបម្រើពិសិដ្ឋដោយប្រើសមត្ថភាពរិះគិត។+ ២ ចូរឈប់យកតម្រាប់របៀបរបបពិភពលោក*នេះ តែចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នា+ ដើម្បីឲ្យអ្នករាល់គ្នាពិសោធមើលដោយខ្លួនអ្នក+ឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ។
៣ ព្រោះតាមរយៈគុណដ៏វិសេសលើសលប់ដែលខ្ញុំបានទទួល ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នានៅទីនោះថា កុំគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត+ តែចូរមានគំនិតសមហេតុសមផល តាមដែលព្រះបានផ្ដល់ជំនឿមួយកម្រិតដល់អ្នករាល់គ្នាម្នាក់ៗ។+ ៤ ដូចរូបកាយមួយដែលមានអវយវៈជាច្រើន+ ហើយអវយវៈនីមួយៗមានមុខងារខុសៗគ្នា ៥ នោះយើងក៏ជារូបកាយតែមួយរួមជាមួយនឹងគ្រិស្តដែរ ទោះជាយើងមានគ្នាច្រើនក៏ដោយ យើងជាអវយវៈដែលត្រូវការគ្នាទៅវិញទៅមក។+ ៦ ដោយសារយើងបានអំណោយ*ផ្សេងៗពីគ្នា ស្របទៅតាមគុណដ៏វិសេសលើសលប់ដែលបានត្រូវផ្ដល់ឲ្យយើង+ ដូច្នេះប្រសិនបើយើងបានអំណោយជាការប្រកាសទំនាយ ចូរបន្តប្រកាសទំនាយ ស្របទៅតាមកម្រិតនៃជំនឿរបស់យើង ៧ ឬបើយើងបានអំណោយក្នុងការបម្រើអ្នកឯទៀត* ចូរបន្តបម្រើតទៅទៀត។ ម្យ៉ាងទៀត បើអ្នកណាបានអំណោយជាអ្នកបង្រៀន ចូរឲ្យអ្នកនោះបន្តបង្រៀនចុះ+ ៨ ឬបើអ្នកណាបានអំណោយខាងការបំផុសទឹកចិត្ត* ចូរឲ្យអ្នកនោះបន្តបំផុសទឹកចិត្តទៅ+ ឯអ្នកណាបានអំណោយខាងការចែកចាយ ចូរឲ្យអ្នកនោះចែកចាយដោយចិត្តទូលាយ+ ហើយអ្នកណាបានអំណោយខាងការដឹកនាំ ចូរឲ្យអ្នកនោះដឹកនាំយ៉ាងខ្នះខ្នែង*+ ឯអ្នកណាបានអំណោយខាងការបង្ហាញសេចក្ដីមេត្តាករុណា ចូរឲ្យអ្នកនោះបង្ហាញសេចក្ដីមេត្តាករុណាដោយចិត្តរីករាយចុះ។+
៩ ចូរបង្ហាញសេចក្ដីស្រឡាញ់ដោយគ្មានពុតត្បុត។+ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់+ ហើយកាន់ខ្ជាប់អ្វីៗដែលល្អ។ ១០ ចូរស្រឡាញ់គ្នាជាបងប្អូនដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ ក្នុងការលើកកិត្តិយសគ្នាទៅវិញទៅមក ចូរលើកកិត្តិយសគេមុន។+ ១១ ចូរមានចិត្តឧស្សាហ៍ក្នុងកិច្ចការរបស់អ្នក កុំខ្ជិលឡើយ។+ ចូរមានចិត្តពុះកញ្ជ្រោលដោយឫទ្ធានុភាពរបស់ព្រះ។+ ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា។*+ ១២ ចូរអរសប្បាយនឹងសេចក្ដីសង្ឃឹម។ ចូរស៊ូទ្រាំនឹងសេចក្ដីវេទនា។+ ចូរតស៊ូក្នុងការអធិដ្ឋាន។+ ១៣ ចូរចែកឲ្យពួកអ្នកបរិសុទ្ធតាមសេចក្ដីត្រូវការរបស់ពួកគាត់។+ ចូរមានទម្លាប់ទទួលអ្នកឯទៀតដោយរាក់ទាក់។+ ១៤ ចូរឲ្យពរអ្នកដែលបៀតបៀន។+ ចូរឲ្យពរ ហើយកុំដាក់បណ្ដាសាឡើយ។+ ១៥ ចូរអរសប្បាយជាមួយនឹងអ្នកដែលកំពុងអរសប្បាយ។ ចូរយំជាមួយនឹងអ្នកដែលកំពុងយំ។ ១៦ ចូរមានទស្សនៈចំពោះអ្នកឯទៀត ដូចទស្សនៈដែលអ្នកមានចំពោះខ្លួនឯង។ កុំមានគំនិតអួតខ្លួន តែចូរឲ្យគំនិតរាបទាបដឹកនាំអ្នកវិញ។+ កុំគិតថាខ្លួនមានប្រាជ្ញាឡើយ។+
១៧ កុំតបស្នងការអាក្រក់ដល់អ្នកណាដែលធ្វើអាក្រក់ចំពោះអ្នក។+ ចូរធ្វើអ្វីដែលមនុស្សទាំងអស់ចាត់ទុកជាការល្អប្រសើរ។ ១៨ ចូរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្តិភាពជាមួយនឹងមនុស្សទាំងអស់ ប្រសិនបើអាចធ្វើទៅបាន។+ ១៩ បងប្អូនជាទីស្រឡាញ់ កុំសងសឹកដោយខ្លួនអ្នកឡើយ តែចូរទុកឲ្យព្រះបង្ហាញសេចក្ដីក្រោធរបស់លោកចំពោះអំពើខុសឆ្គង+ ព្រោះបទគម្ពីរចែងថា៖ «ព្រះយេហូវ៉ា*មានប្រសាសន៍ថា៖ ‹ការសងសឹកជារបស់ខ្ញុំ ខ្ញុំនឹងសងគេវិញ›»។+ ២០ ប៉ុន្តែ «ប្រសិនបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យអាហារគាត់បរិភោគ ហើយប្រសិនបើគាត់ស្រេក ចូរឲ្យគាត់ផឹកចុះ ព្រោះបើធ្វើដូច្នេះ អ្នកនឹងគររងើកភ្លើងនៅលើក្បាលគាត់»។*+ ២១ កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ តែចូរបន្តឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អវិញ។+
១៣ ចូរឲ្យមនុស្សទាំងអស់ចុះចូលនឹងពួកអាជ្ញាធរ+ ព្រោះគ្រប់ទាំងអំណាចគឺមកពីព្រះ។+ ព្រះជាអ្នកតែងតាំងពួកអាជ្ញាធរឲ្យមានអំណាចតាមថ្នាក់របស់ពួកគេរៀងៗខ្លួន។+ ២ ដូច្នេះ អ្នកណាដែលប្រឆាំងអំណាចនោះ អ្នកនោះកំពុងតតាំងនឹងការរៀបចំរបស់ព្រះ។ ពួកអ្នកដែលតតាំងនឹងការរៀបចំនោះនឹងធ្វើឲ្យខ្លួនទទួលការផ្ដន្ទាទោស។ ៣ ព្រោះអ្នកដែលធ្វើល្អមិនភ័យខ្លាចចំពោះអំណាចរបស់អ្នកគ្រប់គ្រងទេ តែអ្នកដែលធ្វើអាក្រក់ទើបភ័យខ្លាច។+ ដូច្នេះ បើអ្នកមិនចង់ភ័យខ្លាចអំណាចរបស់ពួកគេទេ ចូរបន្តធ្វើល្អចុះ+ ហើយអ្នកនឹងទទួលសេចក្ដីសរសើរពីពួកគេ ៤ ព្រោះពួកគេជាអ្នកបម្រើរបស់ព្រះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើអំពើអាក្រក់ ចូរភ័យខ្លាចចុះ ព្រោះពួកគេមិនមែនស្ពាយដាវឥតអំពើទេ។ ពួកគេជាអ្នកបម្រើរបស់ព្រះ និងជាអ្នកសងសឹកដែលបញ្ចេញសេចក្ដីក្រោធរបស់លោកទៅលើអ្នកដែលប្រព្រឹត្តអំពើអាក្រក់។*
៥ ម្ល៉ោះហើយ អ្នករាល់គ្នាត្រូវចុះចូលជាចាំបាច់ មិនគ្រាន់តែដោយសារសេចក្ដីក្រោធប៉ុណ្ណោះទេ តែដើម្បីកុំឲ្យចិត្តរបស់អ្នករាល់គ្នាវិនិច្ឆ័យថាខ្លួនជាអ្នកមានទោស។+ ៦ នោះក៏ជាមូលហេតុដែលអ្នករាល់គ្នាបង់ពន្ធដែរ ព្រោះពួកអ្នកគ្រប់គ្រងជាអ្នកបម្រើ*របស់ព្រះ ដែលបំពេញតួនាទីនោះជានិច្ច។ ៧ ចូរជូនពួកគេទាំងអស់គ្នានូវអ្វីដែលពួកគេគួរទទួល គឺបង់ពន្ធទៅអ្នកណាដែលតម្រូវឲ្យបង់ពន្ធ+ ជូនសួយអាករទៅអ្នកណាដែលតម្រូវឲ្យជូនសួយអាករ ចូរបង្ហាញការកោតខ្លាចតាមដែលគេតម្រូវឲ្យកោតខ្លាច+ ចូរលើកកិត្តិយសតាមដែលគេតម្រូវឲ្យលើកកិត្តិយស។+
៨ អ្នករាល់គ្នាមិនត្រូវជំពាក់អ្វីអ្នកណាឡើយ ក្រៅពីការបង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក+ ព្រោះអ្នកណាដែលស្រឡាញ់អ្នកឯទៀត អ្នកនោះបានបំពេញតាមច្បាប់យ៉ាងត្រឹមត្រូវហើយ។+ ៩ ព្រោះច្បាប់ចែងថា៖ «អ្នកមិនត្រូវផិតក្បត់+ អ្នកមិនត្រូវធ្វើឃាតកម្ម+ អ្នកមិនត្រូវលួច+ អ្នកមិនត្រូវប៉ងប្រាថ្នាចង់បានរបស់អ្នកដទៃ»+ ហើយបញ្ញត្ដិផ្សេងទៀតបានត្រូវសង្ខេបក្នុងពាក្យថា៖ «អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។+ ១០ អ្នកដែលមានសេចក្ដីស្រឡាញ់មិនធ្វើអំពើអាក្រក់ទៅលើអ្នកជិតខាងរបស់ខ្លួនឡើយ+ ដូច្នេះសេចក្ដីស្រឡាញ់ធ្វើឲ្យច្បាប់សម្រេចគ្រប់ជំពូក។+
១១ ចូរធ្វើយ៉ាងនោះដែរ ដោយសារអ្នករាល់គ្នាដឹងថាគ្រានេះជាគ្រាណាហើយ គឺជាម៉ោងដែលអ្នករាល់គ្នាត្រូវភ្ញាក់ពីការដេកលក់+ ព្រោះឥឡូវនេះ សេចក្ដីសង្គ្រោះរបស់យើង កាន់តែជិតមកដល់ជាងពេលដែលយើងទើបនឹងទៅជាអ្នកជឿ។ ១២ យប់ជ្រៅណាស់ហើយ ថ្ងៃនោះក៏ជិតដល់ដែរ។ ចូរយើងលះចោលការប្រព្រឹត្តខាងភាពងងឹត+ រួចចូរយើងបំពាក់ខ្លួនដោយអាវុធខាងពន្លឺវិញ។+ ១៣ ចូរយើងមានរបៀបរស់នៅសមរម្យ+ ដូចរស់នៅក្នុងពេលថ្ងៃ មិនមែនដោយជប់លៀងសប្បាយឥតបើគិត ឬដោយផឹកស្រាស្រវឹង មិនមែនដោយប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ឬប្រព្រឹត្តដោយឥតកោតក្រែង*+ មិនមែនដោយឈ្លោះប្រកែកគ្នា ឬច្រណែនគ្នាឡើយ។+ ១៤ ប៉ុន្តែ ចូរបំពាក់ខ្លួនដោយលោកម្ចាស់យេស៊ូគ្រិស្ត+ ហើយកុំមានគម្រោងដើម្បីបំពេញសេចក្ដីប៉ងប្រាថ្នាខុសឆ្គងឡើយ។+
១៤ ចូរទទួលស្វាគមន៍អ្នកដែលមានចំណុចខ្សោយក្នុងជំនឿរបស់គាត់+ តែកុំវិនិច្ឆ័យអំពីរបៀបគិតគូររបស់គាត់ឡើយ។* ២ អ្នកដែលមានជំនឿ បរិភោគអ្វីទាំងអស់ ប៉ុន្តែអ្នកដែលខ្សោយ បរិភោគតែបន្លែប៉ុណ្ណោះ។ ៣ អ្នកដែលបរិភោគ មិនត្រូវមើលងាយអ្នកដែលមិនបរិភោគឡើយ ឯអ្នកដែលមិនបរិភោគ ក៏មិនត្រូវវិនិច្ឆ័យអ្នកដែលបរិភោគដែរ+ ព្រោះព្រះបានទទួលស្វាគមន៍អ្នកនោះ។ ៤ តើអ្នកជាអ្នកណាបានជាវិនិច្ឆ័យអ្នកបម្រើក្នុងផ្ទះអ្នកដទៃ?+ ម្ចាស់របស់អ្នកបម្រើនោះជាអ្នកសម្រេចថា គាត់ត្រូវឈរ ឬត្រូវដួល។+ គាត់ប្រាកដជានឹងឈរមែន ព្រោះព្រះយេហូវ៉ា*អាចធ្វើឲ្យគាត់ឈរ។
៥ មនុស្សម្នាក់វិនិច្ឆ័យថាថ្ងៃមួយគឺសំខាន់ជាងថ្ងៃមួយទៀត+ ឯមនុស្សម្នាក់ទៀតវិនិច្ឆ័យថាថ្ងៃទាំងអស់គឺដូចគ្នា។+ ចូរឲ្យមនុស្សម្នាក់ៗជឿប្រាកដក្នុងគំនិតរបស់ខ្លួន។ ៦ អ្នកណាដែលកាន់ថ្ងៃណាមួយ គឺកាន់ថ្ងៃនោះដោយគិតដល់ព្រះយេហូវ៉ា* ហើយអ្នកណាដែលបរិភោគ ក៏បរិភោគដោយគិតដល់ព្រះយេហូវ៉ា*ដែរ ព្រោះគាត់អរគុណព្រះ។+ ឯអ្នកដែលមិនបរិភោគ ក៏គិតដល់ព្រះយេហូវ៉ា*ដែរ ព្រោះគាត់នៅតែអរគុណព្រះ។+ ៧ តាមការពិត ក្នុងចំណោមយើងគ្មានអ្នកណាម្នាក់រស់ដើម្បីតែខ្លួនឯងប៉ុណ្ណោះទេ+ ក៏គ្មានអ្នកណាម្នាក់ស្លាប់ដើម្បីតែខ្លួនឯងប៉ុណ្ណោះដែរ។ ៨ ព្រោះប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះយេហូវ៉ា*+ ហើយបើយើងស្លាប់ យើងស្លាប់ដើម្បីព្រះយេហូវ៉ា។* ដូច្នេះ ទោះជាយើងរស់ឬស្លាប់ក៏ដោយ យើងជារបស់ព្រះយេហូវ៉ា។*+ ៩ ព្រោះនេះជាមូលហេតុដែលគ្រិស្តបានស្លាប់ ហើយរស់ឡើងវិញ គឺដើម្បីឲ្យលោកទៅជាម្ចាស់លើមនុស្សស្លាប់និងលើមនុស្សរស់។+
១០ ប៉ុន្តែ ហេតុអ្វីបានជាអ្នកវិនិច្ឆ័យបងប្អូនរបស់អ្នក?+ ឬហេតុអ្វីអ្នកមើលងាយបងប្អូនរបស់អ្នក? ព្រោះយើងទាំងអស់គ្នានឹងឈរនៅមុខកន្លែងកាត់ក្ដីរបស់ព្រះ។+ ១១ ព្រោះបទគម្ពីរចែងថា៖ «ព្រះយេហូវ៉ា*មានប្រសាសន៍ថា៖ ‹ខ្ញុំស្បថដោយនូវនាមខ្ញុំជាព្រះដែលមានជីវិតរស់នៅ+ថា មនុស្សទាំងអស់នឹងលុតជង្គង់ ហើយមនុស្សជាតិគ្រប់រូបនឹងប្រកាសទទួលស្គាល់ជាចំហថាខ្ញុំជាព្រះ›»។+ ១២ ដូច្នេះ ព្រះនឹងវិនិច្ឆ័យយើងម្នាក់ៗតាមការប្រព្រឹត្តរបស់យើង។+
១៣ ម្ល៉ោះហើយ ចូរយើងឈប់វិនិច្ឆ័យគ្នាតទៅទៀត។+ ផ្ទុយទៅវិញ ចូរអ្នករាល់គ្នាតាំងចិត្តថានឹងមិនដាក់ឧបសគ្គដែលនាំឲ្យបងប្អូនជំពប់ដួល ឬដែលនាំឲ្យវង្វេងចេញពីជំនឿឡើយ។+ ១៤ ក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់យេស៊ូ ខ្ញុំដឹងហើយក៏ជឿជាក់ថា គ្មានអ្វីដែលមិនស្អាតបរិសុទ្ធឡើយ+ ទាល់តែមានអ្នកណាម្នាក់ចាត់ទុករបស់ណាមួយថាមិនស្អាតបរិសុទ្ធ ទើបរបស់នោះមិនស្អាតបរិសុទ្ធចំពោះអ្នកនោះ។ ១៥ ព្រោះប្រសិនបើបងប្អូនរបស់អ្នកទើសចិត្តដោយសារអាហាររបស់អ្នក នោះអ្នកលែងប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ទៀតហើយ។+ កុំបំផ្លាញ*បងប្អូនដោយអាហាររបស់អ្នក ព្រោះគ្រិស្តបានស្លាប់ដើម្បីបងប្អូននោះរួចហើយ។+ ១៦ ដូច្នេះ កុំឲ្យគេនិយាយអាក្រក់អំពីការល្អដែលអ្នករាល់គ្នាធ្វើ។ ១៧ ព្រោះរាជាណាចក្ររបស់ព្រះមិនមែនទាក់ទងនឹងការបរិភោគនិងការផឹកនោះទេ+ តែទាក់ទងនឹងសេចក្ដីសុចរិត សន្តិភាព និងអំណរដែលមកពីឫទ្ធានុភាពបរិសុទ្ធវិញ។ ១៨ ព្រោះអ្នកណាដែលធ្វើការដូចជាខ្ញុំបម្រើដើម្បីគ្រិស្តក្នុងរឿងនេះ អ្នកនោះនឹងទទួលការពេញចិត្តពីព្រះនិងពីមនុស្ស។
១៩ ដូច្នេះ ចូរយើងខំព្យាយាមធ្វើអ្វីដែលនាំឲ្យមានសន្តិភាព+ និងធ្វើអ្វីដែលជួយគ្នាឲ្យរឹងមាំ។+ ២០ ឈប់បំផ្លាញស្នាដៃរបស់ព្រះព្រោះតែអាហារ។+ ពិតមែនតែអ្វីៗទាំងអស់ស្អាតបរិសុទ្ធ ប៉ុន្តែបើអ្នកណាម្នាក់បរិភោគ ហើយបណ្ដាលឲ្យគេជំពប់ដួល នោះជាការអាក្រក់វិញ។+ ២១ ជាការល្អបំផុត ប្រសិនបើមិនបរិភោគសាច់ ឬផឹកស្រា ឬធ្វើអ្វីក៏ដោយដែលបណ្ដាលឲ្យបងប្អូនរបស់អ្នកជំពប់ដួល។+ ២២ ជំនឿដែលអ្នកមាន ចូរទុកជារឿងរវាងអ្នកនិងព្រះ។ អ្នកណាដែលមិនផ្ដន្ទាទោសខ្លួនចំពោះអ្វីដែលខ្លួនសម្រេចចិត្តធ្វើ អ្នកនោះមានសុភមង្គលហើយ។ ២៣ ប៉ុន្តែ បើអ្នកនោះសង្ស័យ ហើយបរិភោគ នោះគាត់មានទោសហើយ ព្រោះគាត់មិនមែនបរិភោគដោយមានជំនឿទេ។ អ្វីៗទាំងអស់ដែលមិនមកពីជំនឿ គឺជាការខុសឆ្គង។
១៥ ក៏ប៉ុន្តែ យើងដែលជាអ្នកមានជំនឿខ្លាំង គួរទ្រាំទ្រពួកអ្នកដែលមានជំនឿខ្សោយ+ ហើយយើងមិនត្រូវរកបំពេញចិត្តខ្លួនយើងឡើយ។+ ២ ចូរយើងម្នាក់ៗបំពេញចិត្តអ្នកជិតខាង ដោយការប្រព្រឹត្តល្អដែលពង្រឹងជំនឿរបស់គេ។+ ៣ ព្រោះសូម្បីតែគ្រិស្តមិនបានរកបំពេញចិត្តខ្លួនលោកទេ+ ប៉ុន្តែដូចបទគម្ពីរចែងថា៖ «ពាក្យជេរប្រមាថរបស់ពួកអ្នកដែលកំពុងជេរប្រមាថលោក បានធ្លាក់មកលើខ្ញុំវិញ»។+ ៤ ព្រោះអ្វីៗទាំងអស់ដែលបានត្រូវសរសេរទុកជាមុន បានត្រូវសរសេរទុកដើម្បីណែនាំយើង+ ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹម+ តាមរយៈការស៊ូទ្រាំរបស់យើង+ និងការសម្រាលទុក្ខពីបទគម្ពីរ។ ៥ សូមព្រះដែលផ្ដល់សមត្ថភាពស៊ូទ្រាំនិងការសម្រាលទុក្ខ ជួយអ្នកទាំងអស់គ្នាឲ្យមានចិត្តគំនិតដូចគ្រិស្តយេស៊ូ ៦ ដើម្បីឲ្យអ្នករាល់គ្នាមានចិត្តព្រមព្រៀងគ្នា+ដោយសំឡេងតែមួយ សរសើរតម្កើងលោកដែលជាព្រះ និងជាបិតារបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។
៧ ដូច្នេះ ចូរទទួលស្វាគមន៍គ្នាទៅវិញទៅមក+ ដូចគ្រិស្តបានទទួលស្វាគមន៍អ្នករាល់គ្នា+ ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង។ ៨ ព្រោះខ្ញុំសូមប្រាប់ថា គ្រិស្តបានទៅជាអ្នកបម្រើរបស់ពួកអ្នកដែលបានទទួលការកាត់ចុងស្បែក*+ ដើម្បីសឲ្យឃើញថាព្រះគឺពិតត្រង់ និងដើម្បីបញ្ជាក់សេចក្ដីសន្យាទាំងប៉ុន្មានរបស់ព្រះចំពោះពួកបុព្វបុរសរបស់ពួកគេ+ ៩ និងដើម្បីឲ្យប្រជាជាតិនានាសរសើរតម្កើងព្រះ ដោយសារសេចក្ដីមេត្តាករុណារបស់លោក។+ ដូចបទគម្ពីរចែងថា៖ «ហេតុនេះហើយបានជាខ្ញុំនឹងប្រកាសទទួលស្គាល់លោកជាចំហនៅក្នុងចំណោមប្រជាជាតិនានា ហើយខ្ញុំនឹងច្រៀងសរសើរដល់នាមរបស់លោក»។+ ១០ បទគម្ពីរចែងទៀតថា៖ «ប្រជាជាតិទាំងឡាយអើយ ចូរអរសប្បាយជាមួយនឹងរាស្ដ្រលោកចុះ»។+ ១១ បទគម្ពីរមួយទៀតចែងថា៖ «ប្រជាជាតិទាំងឡាយអើយ ចូរសរសើរព្រះយេហូវ៉ា* ហើយចូរឲ្យជនជាតិទាំងឡាយសរសើរលោកចុះ»។+ ១២ ម្យ៉ាងទៀត អេសាយនិយាយថា៖ «ឫសរបស់អ៊ីសាយ+នឹងលេចមក គឺនឹងមានលោកម្នាក់មកដល់ដើម្បីគ្រប់គ្រងប្រជាជាតិនានា+ ហើយពួកគេនឹងសង្ឃឹមលើលោក»។+ ១៣ សូមព្រះដែលផ្ដល់សេចក្ដីសង្ឃឹម ធ្វើឲ្យអ្នករាល់គ្នាពោរពេញទៅដោយអំណរនិងសេចក្ដីសុខសាន្តគ្រប់ប្រការ ដោយសារអ្នករាល់គ្នាទុកចិត្តលោក ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមដ៏បរិបូរតាមរយៈកម្លាំងនៃឫទ្ធានុភាពបរិសុទ្ធរបស់លោក។+
១៤ បងប្អូនខ្ញុំអើយ ខ្ញុំជឿជាក់ថាអ្នករាល់គ្នាពោរពេញទៅដោយគុណធម៌ ក៏ពោរពេញទៅដោយចំណេះសព្វគ្រប់ដែរ ហើយថាអ្នករាល់គ្នាអាចដាស់តឿន*គ្នាទៅវិញទៅមកទៀតផង។ ១៥ ក៏ប៉ុន្តែ ខ្ញុំសរសេរមកអ្នករាល់គ្នាយ៉ាងត្រង់ៗអំពីចំណុចខ្លះ ទុកជាការរំលឹកដល់អ្នករាល់គ្នាម្ដងទៀត ដោយសារខ្ញុំបានទទួលគុណដ៏វិសេសលើសលប់ពីព្រះ។ ១៦ ម្យ៉ាងទៀត ព្រះបានជ្រើសរើសខ្ញុំឲ្យធ្វើជាអ្នកបម្រើ*របស់គ្រិស្តយេស៊ូ ដើម្បីខ្ញុំអាចផ្សព្វផ្សាយដំណឹងល្អរបស់ព្រះដល់ប្រជាជាតិនានា។+ ខ្ញុំកំពុងចូលរួមក្នុងកិច្ចការដ៏បរិសុទ្ធនេះ+ ដើម្បីឲ្យប្រជាជាតិនានាអាចទៅជាគ្រឿងបូជា ដែលល្អគួរទទួលយក និងដែលបានត្រូវញែកជាបរិសុទ្ធដោយឫទ្ធានុភាពរបស់ព្រះ។
១៧ ដូច្នេះ បើគិតពីកិច្ចបម្រើព្រះ ខ្ញុំមានហេតុត្រេកអរក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ។ ១៨ ខ្ញុំមិនហ៊ានប្រាប់អ្វីសោះ លើកលែងតែអ្វីដែលគ្រិស្តបានធ្វើតាមរយៈខ្ញុំដើម្បីឲ្យប្រជាជាតិនានាស្ដាប់បង្គាប់ ដោយពាក្យនិងការប្រព្រឹត្តរបស់ខ្ញុំ ១៩ ដោយសញ្ញាសម្គាល់និងការអស្ចារ្យ+ ព្រមទាំងដោយឫទ្ធានុភាពបរិសុទ្ធ។ ជាលទ្ធផល ខ្ញុំបានផ្សាយដំណឹងល្អអំពីគ្រិស្តយ៉ាងសព្វគ្រប់ តាំងពីក្រុងយេរូសាឡិមរហូតដល់អ៊ីលីរីកុម។+ ២០ យ៉ាងនេះ ខ្ញុំបានតាំងចិត្តមិនប្រកាសដំណឹងល្អនៅកន្លែងដែលគេបានឮនាមរបស់គ្រិស្តទេ ដើម្បីកុំឲ្យខ្ញុំសង់លើគ្រឹះដែលអ្នកផ្សេងទៀតបានចាក់រួចហើយ ២១ ដូចបទគម្ពីរចែងថា៖ «ពួកអ្នកដែលមិនបានទទួលដំណឹងអំពីលោកនឹងឃើញលោក ហើយពួកអ្នកដែលមិនបានឮនឹងយល់»។+
២២ ហេតុនេះ ខ្ញុំបានត្រូវរារាំងជាច្រើនដង មិនឲ្យទៅឯអ្នករាល់គ្នា។ ២៣ ប៉ុន្តែ ពេលនេះ ខ្ញុំបានផ្សព្វផ្សាយយ៉ាងសព្វគ្រប់ក្នុងតំបន់ទាំងនេះ ហើយអស់ជាច្រើនឆ្នាំ*ខ្ញុំចង់ទៅជួបអ្នករាល់គ្នាយ៉ាងខ្លាំង។ ២៤ ដូច្នេះ ខ្ញុំសង្ឃឹមថាអាចជួបអ្នករាល់គ្នា ពេលដែលខ្ញុំធ្វើដំណើរទៅស្រុកអេស្ប៉ាញ ហើយក៏សង្ឃឹមថាក្រោយពីខ្ញុំបានចំណាយពេលមួយរយៈជាមួយនឹងអ្នករាល់គ្នា ខ្ញុំសុំអ្នករាល់គ្នាជូនដំណើរខ្ញុំមួយកំណាត់ផ្លូវទៅស្រុកនោះ។ ២៥ ប៉ុន្តែ ឥឡូវនេះខ្ញុំហៀបនឹងចេញដំណើរទៅក្រុងយេរូសាឡិមដើម្បីបម្រើពួកអ្នកបរិសុទ្ធ។+ ២៦ ព្រោះអស់អ្នកដែលនៅតំបន់ម៉ាសេដូននិងខេត្តអាខេយ៉ា បានជួយផ្ដល់វិភាគទានដោយអំណរសម្រាប់ពួកអ្នកបរិសុទ្ធដែលក្រីក្រនៅក្រុងយេរូសាឡិម។+ ២៧ ពិតមែន ពួកគាត់ពេញចិត្តធ្វើដូច្នេះ ហើយពួកគាត់ដឹងច្បាស់ថាពួកគាត់ជំពាក់ពួកអ្នកបរិសុទ្ធនៅក្រុងយេរូសាឡិម ព្រោះប្រសិនបើប្រជាជាតិនានាបានរួមចំណែកក្នុងអ្វីៗពីព្រះ ដែលពួកគាត់បានទទួលពីពួកអ្នកបរិសុទ្ធ នោះពួកគាត់ក៏មានភារកិច្ចជួយបំពេញសេចក្ដីត្រូវការរបស់ពួកអ្នកបរិសុទ្ធដែរ។+ ២៨ ដូច្នេះ បន្ទាប់ពីខ្ញុំបានសម្រេចកិច្ចការនេះ ហើយបានប្រគល់វិភាគទាននេះដល់ដៃពួកគាត់ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស្ប៉ាញ ហើយនៅតាមផ្លូវ ខ្ញុំនឹងទៅជួបអ្នករាល់គ្នា។ ២៩ ម្យ៉ាងទៀត ខ្ញុំដឹងថាពេលខ្ញុំទៅជួបអ្នករាល់គ្នា ខ្ញុំនឹងនាំយកពរដ៏បរិបូរពីគ្រិស្តទៅជាមួយដែរ។
៣០ បងប្អូនអើយ ឥឡូវខ្ញុំសូមជំរុញចិត្តអ្នករាល់គ្នាតាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង និងតាមរយៈសេចក្ដីស្រឡាញ់ពីឫទ្ធានុភាពរបស់ព្រះ ឲ្យអធិដ្ឋានអង្វរព្រះឥតឈប់ដើម្បីខ្ញុំ ដូចខ្ញុំកំពុងធ្វើដែរ។+ ៣១ យ៉ាងនោះ ខ្ញុំអាចរួច+ពីពួកអ្នកមិនជឿនៅតំបន់យូឌា ហើយដើម្បីឲ្យពួកអ្នកបរិសុទ្ធក្នុងក្រុងយេរូសាឡិម ពេញចិត្តទទួលជំនួយដែលខ្ញុំនាំយកទៅ។+ ៣២ ជាលទ្ធផល តាមរយៈបំណងប្រាថ្នារបស់ព្រះ ខ្ញុំនឹងទៅជួបអ្នករាល់គ្នាដោយអំណរ ហើយយើងនឹងទទួលកម្លាំងចិត្តពីគ្នាទៅវិញទៅមក។ ៣៣ សូមព្រះដែលផ្ដល់សេចក្ដីសុខសាន្តនៅជាមួយនឹងអ្នកទាំងអស់គ្នា។+ អាមេន។
១៦ ខ្ញុំសូមណែនាំឲ្យអ្នករាល់គ្នាស្គាល់ភីបេ ជាបងស្រីរបស់យើង ដែលជាអ្នកបម្រើក្នុងក្រុមជំនុំនៅក្រុងសង់គ្រា+ ២ ដើម្បីឲ្យអ្នករាល់គ្នាទទួលស្វាគមន៍នាងក្នុងលោកម្ចាស់ តាមរបៀបដែលសមនឹងពួកអ្នកបរិសុទ្ធ ហើយដើម្បីឲ្យអ្នករាល់គ្នាជួយនាងក្នុងរឿងអ្វីក៏ដោយដែលនាងត្រូវការ+ ព្រោះនាងធ្លាប់ជួយការពារបងប្អូនជាច្រើននាក់ រួមទាំងខ្ញុំផ្ទាល់ផង។
៣ ខ្ញុំផ្ដាំសួរសុខទុក្ខព្រីស្កានិងអាគីឡា+ ជាអ្នករួមធ្វើការជាមួយនឹងខ្ញុំក្នុងគ្រិស្តយេស៊ូ។ ៤ ពួកគាត់បានប្រថុយជីវិតដើម្បីសង្គ្រោះខ្ញុំ+ ហើយមិនគ្រាន់តែខ្ញុំប៉ុណ្ណោះទេដែលអរគុណពួកគាត់ តែក្រុមជំនុំទាំងអស់របស់ប្រជាជាតិនានាក៏អរគុណពួកគាត់ដែរ។ ៥ ខ្ញុំក៏ផ្ដាំសួរសុខទុក្ខក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះរបស់ពួកគាត់ដែរ។+ ខ្ញុំផ្ដាំសួរសុខទុក្ខអេប៉ាយណេតជាទីស្រឡាញ់ ដែលជាផលដំបូង*សម្រាប់គ្រិស្តនៅខេត្តអាស៊ី។* ៦ ខ្ញុំផ្ដាំសួរសុខទុក្ខម៉ារៀ ដែលបានធ្វើការយ៉ាងនឿយហត់ដើម្បីអ្នករាល់គ្នា។ ៧ ខ្ញុំផ្ដាំសួរសុខទុក្ខអាន់ត្រូនីកនិងយូនាស ជាសាច់ញាតិរបស់ខ្ញុំ+និងជាអ្នកដែលធ្លាប់ជាប់គុកជាមួយនឹងខ្ញុំ។ បុរសទាំងនោះបានទទួលការពេញចិត្តពីពួកសាវ័ក ហើយបានកាន់តាមគ្រិស្តយូរជាងខ្ញុំ។
៨ ខ្ញុំផ្ដាំសួរសុខទុក្ខអាំភ្លីអេទូសជាទីស្រឡាញ់របស់ខ្ញុំក្នុងលោកម្ចាស់។ ៩ ខ្ញុំផ្ដាំសួរសុខទុក្ខអ៊ូបាន់ ជាអ្នករួមការងារជាមួយនឹងយើងក្នុងគ្រិស្ត ហើយខ្ញុំផ្ដាំសួរសុខទុក្ខស្ដាគីសជាទីស្រឡាញ់របស់ខ្ញុំ។ ១០ ខ្ញុំផ្ដាំសួរសុខទុក្ខអាពើលេស ជាអ្នកស្មោះត្រង់ក្នុងគ្រិស្ត ហើយផ្ដាំសួរសុខទុក្ខពួកអ្នកផ្ទះអារីស្តូប៊ូល។ ១១ ខ្ញុំផ្ដាំសួរសុខទុក្ខហេរ៉ូឌាន ជាសាច់ញាតិរបស់ខ្ញុំ ហើយផ្ដាំសួរសុខទុក្ខពួកអ្នកផ្ទះរបស់ណាគីសដែលជាអ្នកកាន់តាមលោកម្ចាស់។ ១២ ខ្ញុំផ្ដាំសួរសុខទុក្ខទ្រីភេននិងទ្រីផូស ជាពួកស្ត្រីដែលកំពុងធ្វើការយ៉ាងនឿយហត់ក្នុងកិច្ចការលោកម្ចាស់។ ខ្ញុំផ្ដាំសួរសុខទុក្ខពើស៊ីសជាទីស្រឡាញ់របស់យើង ព្រោះនាងបានធ្វើការយ៉ាងនឿយហត់ក្នុងកិច្ចការលោកម្ចាស់។ ១៣ ខ្ញុំផ្ដាំសួរសុខទុក្ខរូហ្វូស ជាអ្នកបម្រើល្អឆ្នើមម្នាក់របស់លោកម្ចាស់ ហើយខ្ញុំផ្ដាំសួរសុខទុក្ខម្ដាយរបស់គាត់ ដែលខ្ញុំក៏ចាត់ទុកជាម្ដាយរបស់ខ្ញុំដែរ។ ១៤ ខ្ញុំផ្ដាំសួរសុខទុក្ខអាស៊ីងគ្រីត ផ្លេកូន ហឺមេស ប៉ាត្រូបាស ហឺម៉ាស និងបងប្អូនទាំងប៉ុន្មានដែលនៅជាមួយនឹងពួកគាត់។ ១៥ ខ្ញុំផ្ដាំសួរសុខទុក្ខភីឡូឡូកុសនិងយូលាស នេរូសនិងប្អូនស្រី*របស់គាត់ ព្រមទាំងអូលីមប៉ាសនិងពួកអ្នកបរិសុទ្ធទាំងអស់ដែលនៅជាមួយនឹងពួកគាត់។ ១៦ ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបជាបងប្អូន។* ក្រុមជំនុំទាំងអស់របស់គ្រិស្តផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
១៧ បងប្អូនអើយ ខ្ញុំសូមជំរុញចិត្តអ្នករាល់គ្នាឲ្យចំណាំមើលពួកអ្នកដែលបណ្ដាលឲ្យបែកបាក់គ្នានិងនាំឲ្យជំពប់ដួល ព្រោះការទាំងនេះផ្ទុយពីសេចក្ដីបង្រៀនដែលអ្នករាល់គ្នាបានទទួល។ ចូរជៀសចេញពីអ្នកទាំងនោះ។+ ១៨ ព្រោះមនុស្សបែបនោះមិនមែនជាខ្ញុំបម្រើរបស់គ្រិស្តជាម្ចាស់យើងទេ តែជាខ្ញុំបម្រើក្រពះរបស់ពួកគេវិញ។ ពួកគេល្បួងលួងលោមចិត្តរបស់មនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះនិងសម្ដីបញ្ជោរ។ ១៩ មនុស្សទាំងអស់បានកត់សម្គាល់ថាអ្នករាល់គ្នាស្ដាប់បង្គាប់។ នេះធ្វើឲ្យខ្ញុំអរសប្បាយដោយសារអ្នករាល់គ្នា។ ប៉ុន្តែ ខ្ញុំក៏ចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងអ្វីដែលល្អ តែមិនចង់ឲ្យអ្នករាល់គ្នាមានបទពិសោធន៍ខាងអ្វីដែលអាក្រក់ទេ។+ ២០ បន្តិចទៀត ព្រះដែលផ្ដល់សេចក្ដីសុខសាន្តនឹងឲ្យអ្នករាល់គ្នាមានអំណាចកិនកម្ទេចសាថាន។*+ សូមគុណដ៏វិសេសលើសលប់របស់លោកយេស៊ូជាម្ចាស់របស់យើងនៅជាមួយនឹងអ្នករាល់គ្នា។
២១ ធីម៉ូថេ ជាអ្នករួមការងារជាមួយនឹងខ្ញុំផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា ហើយលូសៀស យេសុន និងសូស៊ីប៉ាទែរ ដែលជាសាច់ញាតិរបស់ខ្ញុំក៏សួរសុខទុក្ខអ្នករាល់គ្នាដែរ។+
២២ ខ្ញុំ ទើទាស ដែលជាអ្នកសរសេរសំបុត្រនេះ សូមសួរសុខទុក្ខអ្នករាល់គ្នាក្នុងលោកម្ចាស់។
២៣ កៃយុស+ ជាអ្នកទទួលខ្ញុំនិងជាអ្នកទទួលក្រុមជំនុំទាំងមូល ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។ អេរ៉ាធូស ជាមេឃ្លាំងប្រាក់*របស់ក្រុង និងគ័រទូសជាបងប្អូនប្រុសរបស់គាត់ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ ២៤ *——
២៥ ព្រះអាចធ្វើឲ្យអ្នករាល់គ្នារឹងមាំ ស្របទៅតាមដំណឹងល្អដែលខ្ញុំប្រកាស និងស្របទៅតាមការផ្សព្វផ្សាយអំពីលោកយេស៊ូគ្រិស្ត តាមការបើកបង្ហាញនូវអាថ៌កំបាំងដ៏ពិសិដ្ឋ+ដែលបានត្រូវទុកជារឿងសម្ងាត់អស់កាលយូរលង់ ២៦ តែឥឡូវបានត្រូវបើកបង្ហាញឲ្យឃើញវិញ។ តាមរយៈទំនាយក្នុងបទគម្ពីរ ប្រជាជាតិទាំងអស់បានដឹងអំពីអាថ៌កំបាំងដ៏ពិសិដ្ឋនេះ។ នេះស្របតាមបង្គាប់របស់ព្រះដែលមានជីវិតជារៀងរហូត ដោយសារលោកមានបំណងប្រាថ្នាឲ្យប្រជាជាតិទាំងអស់មានជំនឿលើលោក ហើយស្ដាប់បង្គាប់លោក។ ២៧ សូមឲ្យព្រះបានប្រកបដោយសិរីរុងរឿងតាមរយៈលោកយេស៊ូគ្រិស្តជារៀងរហូត។ មានតែព្រះប៉ុណ្ណោះដែលមានប្រាជ្ញាពិតប្រាកដ។+ អាមេន។
ភាសាក្រិច«អាប៉ូស្តូឡូស»មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
ន័យត្រង់«ញែកទុកដើម្បីប្រកាស»
ន័យត្រង់«ពូជ»
ឬ«អ្នកដែលមិនមែនជាពួកក្រិច»។ ន័យត្រង់«បាបារាន»
ឬ«ខ្នាតតម្រាសុចរិត»
ឬ«ទទួលរង្វាន់»
ឬ«ចិត្តច្រណែនចង់បានរបស់អ្នកដទៃ»
សំដៅលើការប្រព្រឹត្តជាទម្លាប់
ឬ«ចិត្តស៊ូទ្រាំ»
នេះសំដៅលើការបង្រៀនដោយមាត់ទទេ
មើលនិយមន័យពាក្យ«ការកាត់ចុងស្បែក»
មើលនិយមន័យពាក្យ«ការកាត់ចុងស្បែក»
ន័យត្រង់«បង្ហូរឈាម»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«ជាគុណដ៏វិសេសលើសលប់»
ឬ«បានត្រូវអភ័យទោសឲ្យ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលនិយមន័យពាក្យ«ការកាត់ចុងស្បែក»
ន័យត្រង់«បោះត្រា»
ន័យត្រង់«ពូជ»
ន័យត្រង់«ពូជ»
ន័យត្រង់«ពូជ»
ឬប្រហែលជាមានន័យថា«យើងមានសេចក្ដីសុខសាន្ត»
សំដៅលើអ្វីក៏ដោយដែលមិនសមស្របតាមបុគ្គលិកលក្ខណៈ ខ្នាតតម្រា ការប្រព្រឹត្ត ឬបំណងប្រាថ្នារបស់ព្រះ ហើយអ្វីក៏ដោយដែលធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងជាមួយនឹងព្រះ
នេះសំដៅលើច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែលតាមរយៈម៉ូសេ
ឬ«បោះដែកគោលភ្ជាប់នឹងបង្គោលឈើ»
ឬ«ព្រះបានអភ័យទោសចំពោះ»
ឬ«រូបកាយដែលអាចស្លាប់»
ឬ«ការប្រព្រឹត្តបរិសុទ្ធ»
នេះសំដៅលើច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែលតាមរយៈម៉ូសេ
ន័យត្រង់«អ្នករាល់គ្នាបានស្លាប់ចំពោះច្បាប់»
នេះសំដៅលើច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែលតាមរយៈម៉ូសេ
ន័យត្រង់«តើច្បាប់ជាភាពខុសឆ្គងឬ?»
ន័យត្រង់«វិញ្ញាណ»
សំដៅលើការមានភាពខុសឆ្គង
នេះសំដៅលើការប៉ងប្រាថ្នាធ្វើអ្វីមួយ
ន័យត្រង់«អវយវៈ»
ន័យត្រង់«អវយវៈ»
នេះសំដៅលើច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែលតាមរយៈម៉ូសេ
ន័យត្រង់«សាច់ឈាម»
ន័យត្រង់«សាច់ឈាម»
ភាសាអេរ៉ាម មានន័យថា«ឱលោកឪពុកអើយ!»
ន័យត្រង់«ពូជ»
ន័យត្រង់«ពូជ»
ន័យត្រង់«ពូជ»
ន័យត្រង់«ពួកអ្នកដែលនៅសល់»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ន័យត្រង់«ពូជ»
សំដៅលើការភ្លាត់ធ្វើខុស ឬការជួបប្រទះឧបសគ្គចំពោះជំនឿ
នេះសំដៅលើច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែលតាមរយៈម៉ូសេ
ឬ«ផ្ដល់អ្វីៗដោយចិត្តទូលាយ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ន័យត្រង់«ពូជ»
នេះសំដៅលើការមិនទទួលស្គាល់គោលបំណងរបស់ព្រះ
ន័យត្រង់«បោះជំហានខុស»
ន័យត្រង់«បោះជំហានខុស»
ឬ«ការប្រព្រឹត្តដែលមិនកោតខ្លាចព្រះ»
ឬ«យុគសម័យ»។ មើលនិយមន័យពាក្យ«របៀបរបបពិភពលោក»
ឬ«សមត្ថភាព»
ន័យត្រង់«ក្នុងកិច្ចបម្រើ»
ឬ«ការដាស់តឿន»
ឬ«យ៉ាងអស់ពីចិត្ត»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
គឺធ្វើឲ្យគាត់ទន់ចិត្ត ហើយបន្ថយចិត្តរឹងទទឹងរបស់គាត់
ឬ«ជាអ្នកដាក់ទោសអ្នកដែលប្រព្រឹត្តអំពើអាក្រក់»
ឬ«អ្នកបម្រើសាធារណជន»
ឬ«ប្រព្រឹត្តដោយឥតអៀនខ្មាស»។ ភាសាក្រិច«អាសិលគា»។ មើលនិយមន័យពាក្យ«ប្រព្រឹត្តដោយឥតកោតក្រែង»
ឬប្រហែលជាមានន័យថា«កុំវិនិច្ឆ័យទៅលើសំណួរដែលគាត់មានក្នុងចិត្តឡើយ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
សំដៅលើការបំផ្លាញឬបង្ខូចជំនឿរបស់ពួកគេ ឬបំផ្លាញលទ្ធភាពបានជីវិតដែលគ្មានទីបញ្ចប់នៅអនាគត
មើលនិយមន័យពាក្យ«ការកាត់ចុងស្បែក»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«ណែនាំ»
ឬ«អ្នកបម្រើសាធារណជន»
ឬប្រហែលជាមានន័យថា«អស់ប៉ុន្មានឆ្នាំ»
គាត់នៅក្នុងចំណោមពួកអ្នកកាន់តាមដំបូងរបស់គ្រិស្តនៅអាស៊ី
មើលនិយមន័យពាក្យ«អាស៊ី»
ឬ«បងស្រី»
គ្រិស្តសាសនិកធ្លាប់សួរសុខទុក្ខគ្នាដោយការថើបពេលជួបគ្នា
ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
ឬ«ជាអ្នកចាត់ចែងប្រាក់»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៣