អត្ថបទអំពីក្របទស្សនាវដ្ដី | វិធីបង្ការកុំឲ្យឆ្លងជំងឺ
ការពារខ្លួនពីការឆ្លងជំងឺ
នៅសម័យបុរាណ ក្រុងជាច្រើនមានកំពែងការពារព័ទ្ធជុំវិញ។ បើសត្រូវវាយទម្លុះកំពែងណាមួយតែបន្តិច នោះក្រុងទាំងមូលអាចប្រឈមនឹងគ្រោះថ្នាក់។ រូបកាយរបស់អ្នកក៏ស្រដៀងនឹងក្រុងដែលមានកំពែងការពារដែរ។ បើអ្នកឆ្លងមេរោគតែបន្តិច នោះអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ តើតាមរបៀបណាអ្នកអាចការពារខ្លួនកុំឲ្យឆ្លងជំងឺ? សូមពិចារណាកត្តាប្រាំយ៉ាងដែលអាចបណ្ដាលឲ្យអ្នកឆ្លងជំងឺ ហើយស្វែងយល់អំពីវិធីបង្ការកុំឲ្យឆ្លង។
១ ទឹក
គ្រោះថ្នាក់៖ មេរោគអាចវាយលុកចូលរូបកាយរបស់យើងបានយ៉ាងងាយតាមរយៈទឹកមិនស្អាត។
វិធីបង្ការ៖ វិធីល្អបំផុតគឺរក្សាការពារទឹកកុំឲ្យឆ្លងមេរោគ។ បើអ្នកដឹងថាទឹកដែលអ្នកប្រើប្រាស់មានមេរោគឬអ្នកសង្ស័យថាមានមេរោគ អ្នកត្រូវចាត់វិធានការធ្វើយ៉ាងណាឲ្យទឹកនោះមានសុវត្ថិភាព។a សូមរក្សាទឹកនៅក្នុងធុងឬឧបករណ៍ស្ដុកទឹកដែលស្អាតនិងបិទជិត ហើយបើឧបករណ៍នោះមានរ៉ូមីនេ សូមសម្អាតរ៉ូមីនេនោះដែរ។ ប៉ុន្តែ បើគ្មានរ៉ូមីនេទេ សូមប្រើបោយដងទឹកដែលស្អាតនិងមានអនាម័យ។ សូមកុំលូកដៃចូលក្នុងទឹកស្អាតឡើយ។ បើអាចធ្វើបាន សូមរស់នៅតំបន់ដែលមានបង្គន់ត្រឹមត្រូវ ដើម្បីកុំឲ្យមេរោគឆ្លងចូលប្រភពទឹក។
២ អាហារ
គ្រោះថ្នាក់៖ មេរោគអាចមាននៅក្នុងអាហារឬលើអាហាររបស់អ្នក។
វិធីបង្ការ៖ អាហារខ្លះប្រហែលជាមើលទៅស្រស់និងមានជីវជាតិ តែតាមពិតមានមេរោគ។ ដូច្នេះ សូមមានទម្លាប់លាងសម្អាតបន្លែផ្លែឈើទាំងអស់ដែលអ្នកបានទិញពីផ្សារ។ សូមប្រាកដថាសម្ភារៈចម្អិនម្ហូបនិងផ្ទះបាយរបស់អ្នកស្អាតបាតនិងមានអនាម័យ។ មុនអ្នកចម្អិនឬលើកអាហារ សូមប្រាកដថាដៃអ្នកបានលាងសម្អាតហើយ។ សូមចាំថាម្ហូបអាហារខ្លះត្រូវចម្អិនក្នុងសីតុណ្ហភាពកំណត់មួយដើម្បីសម្លាប់មេរោគ។ សូមប្រយ័ត្នអាហារណាដែលឡើងពណ៌ មានក្លិនមិនល្អ ឬមានរសជាតិប្លែក។ ព្រោះនោះជាសញ្ញាដែលបញ្ជាក់ថាអាហារនោះមានមេរោគ។ ក្រោយពីបរិភោគ បើមានអាហារនៅសល់ សូមទុកក្នុងទូទឹកកកឲ្យបានឆាប់បំផុត។ បើអ្នកកំពុងឈឺ សូមកុំចម្អិនអាហារឲ្យអ្នកឯទៀតឡើយ។b
៣ សត្វល្អិត
គ្រោះថ្នាក់៖ សត្វល្អិតខ្លះអាចចម្លងមេរោគដែលមានក្នុងខ្លួនវាដល់អ្នក។
វិធីបង្ការ៖ បើនៅរដូវសម្បូរសត្វល្អិតចម្លងមេរោគ សូមនៅក្នុងផ្ទះ។ ប៉ុន្តែ បើត្រូវចេញក្រៅ សូមពាក់ខោអាវជិតៗ ដូចជាអាវដៃវែងខោជើងវែងជាដើម ដើម្បីការពារកុំឲ្យសត្វល្អិតទាំងនោះខាំ។ សូមគេងក្នុងមុងឬលាបថ្នាំការពារកុំឲ្យសត្វល្អិតចូលជិត។ សូមបំផ្លាញចោលអ្វីដែលដក់ទឹក ដើម្បីបំបាត់ជម្រកមូស និងការពារកុំឲ្យវាពង។c
៤ សត្វចិញ្ចឹម
គ្រោះថ្នាក់៖ ពពួកមីក្រុបដែលរស់នៅក្នុងខ្លួនសត្វ អាចបង្ខូចសុខភាពរបស់អ្នក។ បើអ្នកត្រូវសត្វចិញ្ចឹមខាំឬខ្វាច អ្នកអាចមានគ្រោះថ្នាក់បាន។ ម្យ៉ាងទៀត បើកម្អួតឬលាមករបស់វា ខ្ទាតមកត្រូវអ្នក អ្នកក៏អាចមានគ្រោះថ្នាក់ដែរ។
វិធីបង្ការ៖ អ្នកខ្លះសម្រេចចិត្តមិនទុកសត្វរបស់ខ្លួននៅក្នុងផ្ទះទេដើម្បីកុំឲ្យជិតស្និទ្ធជាមួយវាពេក។ សូមលាងដៃក្រោយពីប៉ះសត្វស្រុក ហើយសូមជៀសវាងកុំនៅក្បែរសត្វព្រៃដែរ។ បើអ្នកត្រូវវាខាំឬខ្វាច សូមលាងរបួសឲ្យបានស្អាតល្អ ហើយទៅជួបគ្រូពេទ្យ។d
៥ មនុស្ស
គ្រោះថ្នាក់៖ មេរោគខ្លះអាចវាយលុកចូលរាងកាយរបស់អ្នក ពេលបុគ្គលម្នាក់ក្អកឬកណ្ដាស់។ មេរោគនោះអាចឆ្លងបានតាមស្បែកពេលយើងប៉ះគ្នា ដូចជាពេលឱបឬចាប់ដៃជាដើម។ មិនត្រឹមតែប៉ុណ្ណោះ មេរោគអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈឧបករណ៍មួយចំនួន ដូចជាដៃទ្វារ ទូរសព្ទ តេឡេបញ្ជា អេក្រង់កុំព្យូទ័រ និងក្ដារចុចកុំព្យូទ័រជាដើម។
វិធីបង្ការ៖ សូមកុំឲ្យអ្នកឯទៀតប្រើរបស់ផ្ទាល់ខ្លួនរបស់អ្នក ដូចជាឡាមកោរពុកមាត់ ច្រាសដុសធ្មេញ ឬកន្សែងជូតខ្លួនជាដើម។ សូមកុំប៉ះធាតុរាវដែលចេញពីមនុស្សឬសត្វ រួមមានឈាមនិងប្រដាប់ប្រដាដែលប្រឡាក់ឈាម។ ការលាងដៃឲ្យបានស្អាតនិងញឹកញាប់ គឺមានប្រយោជន៍ខ្លាំងណាស់។ ការធ្វើដូច្នោះប្រហែលជាវិធីដែលមានប្រសិទ្ធភាពបំផុតដែលអ្នកអាចបញ្ឈប់ការចម្លងមេរោគ។
បើអាចធ្វើបាន សូមនៅផ្ទះពេលអ្នកឈឺ។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងនៅសហរដ្ឋអាម៉េរិក បានបញ្ជាក់ថាយើងគួរក្អកឬកណ្ដាស់ដោយខ្ទប់ជាមួយក្រដាសឬដៃអាវរបស់ខ្លួន មិនមែនយកដៃផ្ទាល់ទៅខ្ទប់ទេ។
សុភាសិតបុរាណមួយចែងថា៖«មនុស្សឈ្លាសវៃឃើញអន្តរាយមកក៏ពួនខ្លួន»។ (សុភាសិត ២២:៣) ពាក្យសម្ដីនេះគឺត្រឹមត្រូវមែន ជាពិសេសយើងកំពុងរស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយជំងឺឆ្លង! ដូច្នេះ សូមការពារខ្លួនពីការឆ្លងជំងឺដោយពិភាក្សាជាមួយគ្រូពេទ្យ ហើយសូមពួនខ្លួនពីគ្រោះថ្នាក់ដោយរក្សាអនាម័យ។ បើអ្នកការពារខ្លួនកាន់តែខ្លាំង នោះអ្នកមិនងាយឆ្លងជំងឺទេ។
a អង្គការសុខភាពពិភពលោកលើកឡើងអំពីវិធីសាស្ត្រមួយចំនួនដើម្បីសម្អាតទឹកដែលយើងប្រើប្រាស់នៅក្នុងផ្ទះ រួមមាន ការដាក់ខ្ល័រម្យ៉ាងដើម្បីសម្លាប់មេរោគ ការដាក់ទឹកក្នុងដបកែវហាលថ្ងៃ ការចម្រុះទឹក និងការដាំទឹកជាដើម។
b ដើម្បីទទួលព័ត៌មានថែមទៀតអំពីសុវត្ថិភាពចំណីអាហារ សូមមើលទស្សនាវដ្ដីភ្ញាក់រឭក!ជាភាសាអង់គ្លេស ខែមិថុនា ឆ្នាំ២០១២ ទំព័រ៣-៩។
c ដើម្បីទទួលព័ត៌មានថែមទៀតអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ សូមមើលទស្សនាវដ្ដីភ្ញាក់រឭក!ជាភាសាអង់គ្លេស ខែកក្កដា ឆ្នាំ២០១៥ ទំព័រ១៤-១៥។
d បើត្រូវរបួសដោយសារសត្វមានពិស សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។