តើយើងអាចធ្វើអ្វីពេលអ្វីៗទាំងអស់ឡើងថ្លៃ?
មានក្ដីសង្ឃឹម
នៅប្រទេសរបស់អ្នក តើការចំណាយក្នុងជីវិតប្រចាំថ្ងៃ លើសពីចំណូលរបស់អ្នកឬទេ? តើអ្នកព្រួយបារម្ភអំពីការផ្គត់ផ្គង់ខ្លួនអ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នកឬទេ? បើដូច្នេះមែន អ្នកប្រហែលជាខ្វល់ខ្វាយអំពីអនាគត។ ប៉ុន្តែ ទោះជាជួបកាលៈទេសៈពិបាកបែបនេះក៏ដោយ ការមានក្ដីសង្ឃឹមពិតជាអាចជួយអ្នកបាន។
ហេតុអ្វីនេះសំខាន់
មនុស្សដែលមានក្ដីសង្ឃឹមមិនគ្រាន់តែប៉ងប្រាថ្នាចង់ឲ្យរឿងល្អៗកើតឡើងប៉ុណ្ណោះទេ។ ប៉ុន្តែសេចក្ដីសង្ឃឹមជំរុញពួកគេឲ្យចាត់វិធានការ ហើយខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យស្ថានភាពរបស់ពួកគេកាន់តែល្អប្រសើរជាង។ ជាឧទាហរណ៍ ការសិក្សាមួយចំនួនបង្ហាញថាមនុស្សដែលមានក្ដីសង្ឃឹម . . .
ទំនងជារឹងមាំហើយមិនងាយចុះចាញ់
ចេះសម្របខ្លួនល្អជាង
ធ្វើការសម្រេចចិត្តដែលនាំឲ្យមានជីវភាពនិងសុខភាពល្អជាង
អ្វីដែលអ្នកអាចធ្វើ
ដំបូងសូមពិចារណាអំពីរបៀបដែលគម្ពីរអាចជួយអ្នកនៅសព្វថ្ងៃនេះ។ គម្ពីរមានយោបល់ល្អៗដែលអាចជួយអ្នកឲ្យស៊ូទ្រាំពេលអ្វីៗទាំងអស់ឡើងថ្លៃ។ យោបល់ទាំងនេះមិនគ្រាន់តែជួយអ្នកមិនឲ្យអស់សង្ឃឹម និងមិនគ្រាន់តែជាអ្វីដែលអ្នកអាចអនុវត្តនៅពេលឥឡូវនេះប៉ុណ្ណោះទេ តែក៏នឹងជួយអ្នកឲ្យត្រៀមខ្លួនសម្រាប់ថ្ងៃអនាគតពេលប្រឈមមុខនឹងបញ្ហាដែរ។
បន្ទាប់មកសូមពិចារណាអំពីអ្វីដែលគម្ពីរប្រាប់អំពីអនាគត។ ពេលអ្នកចាប់ផ្ដើមឲ្យតម្លៃប្រាជ្ញាក្នុងគម្ពីរ អ្នកប្រហែលជាចង់ពិនិត្យមើលថែមទៀតអំពីអ្វីដែលសៀវភៅនេះចែងអំពីអនាគត។ ជាឧទាហរណ៍ អ្នកនឹងរៀនថាព្រះមិនគ្រាន់តែចង់ឲ្យអ្នកមាន«សេចក្ដីសង្ឃឹមនិងអនាគតល្អប្រសើរ»ប៉ុណ្ណោះទេ តែលោកក៏បានផ្ដល់មូលដ្ឋានរឹងមាំដែលអ្នកអាចជឿលើសេចក្ដីសង្ឃឹមនោះដែរ។ (យេរេមា ២៩:១១) មូលដ្ឋាននោះគឺ រាជាណាចក្ររបស់ព្រះ។
តើរាជាណាចក្ររបស់ព្រះជាអ្វីហើយនឹងសម្រេចអ្វីខ្លះ?
រាជាណាចក្ររបស់ព្រះជារដ្ឋាភិបាលមួយដែលនឹងគ្រប់គ្រងមកលើផែនដីទាំងមូល។ (ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:១០) ដោយគ្រប់គ្រងពីស្ថានសួគ៌ រដ្ឋាភិបាលនេះនឹងបំបាត់ទុក្ខវេទនានិងភាពក្រីក្រ ហើយមនុស្សទាំងឡាយនឹងរស់នៅដោយសន្តិភាពនិងមានអ្វីៗជាបរិបូរ ដូចបានចែងក្នុងបទគម្ពីរទាំងនេះ។
មនុស្សរាប់លាននាក់ទុកចិត្តសេចក្ដីសន្យាទាំងនោះ ហើយជឿជាក់ថាព្រះ«មិនអាចកុហកឡើយ»។ (ទីតុស ១:២) ដូច្នេះ យើងសូមលើកទឹកចិត្តអ្នកឲ្យពិនិត្យមើលគម្ពីរដោយខ្លួនអ្នកផ្ទាល់។ សេចក្ដីសង្ឃឹមនោះអាចជួយអ្នកឲ្យស៊ូទ្រាំនឹងបញ្ហាសេដ្ឋកិច្ច ហើយមានទំនុកចិត្តថាអនាគតនឹងល្អប្រសើរជាង។